ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ១៧ ៖ « ដ្បិត​យើង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ពួកអ្នក​រាល់គ្នា »


« នីហ្វៃទី ៣ ១៧ ៖ ‹ ដ្បិត​យើង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ពួកអ្នក​រាល់គ្នា › » ព្រះគម្ពីរមរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ៣ ១៧

« ដ្បិត​យើង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ពួកអ្នក​រាល់គ្នា »

រូបភាព
ព្រះគ្រីស្ទ​កំពុង​ព្យាបាល​ស្ត្រីម្នាក់

ទ្រង់​បាន​ចំណាយពេល​ពេញ​មួយថ្ងៃ​នៅ​ជាមួយ​នឹង​ពួក​សាសន៍​នីហ្វៃ នៅពេល​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រកាស​ថា វា​ដល់​ពេល​ដែល​ទ្រង់​ត្រូវ​យាងចេញ​ទៅហើយ ។ ប៉ុន្តែ​ទឹកភ្នែក និង​ការចង់​បាន​របស់​ប្រជាជន​ជាច្រើន ដែល​ចង់​ឲ្យ​ទ្រង់​គង់​នៅ​យូរ​បន្តិច​ទៀត បាន​ធ្វើ​ឲ្យ​ជ្រោតជ្រាប​ដល់​ព្រះហឫទ័យ​របស់ទ្រង់ ។ ដោយ​ការបង្ហាញ​ព្រះទ័យ​អាណិតអាសូរ​ដ៏​អស្ចារ្យ ទ្រង់​បាន​ព្យាបាល​ពួកគេ អធិស្ឋាន​ជាមួយ​នឹង​ពួកគេ ហើយ​បាន​ប្រទាន​ពរជ័យ​ដល់​កូនៗ​របស់​ពួកគេ​ម្តងម្នាក់ៗ ។ មេរៀន​នេះ​អាច​ជួយ​អ្នកឲ្យ​ទទួល​អារម្មណ៍​ពី​ចិត្ត​អាណិតអាសូរ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​អ្នក ។

ការយល់ឃើញ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ស្រមៃ​ថា​អ្នក​ទើបតែ បាន​ចំណាយ​ពេល​មួយថ្ងៃ​ជាមួយនឹង​ព្រះអង្គសង្គ្រោះ ហើយ ទ្រង់​បាន​ប្រកាសថា វា​ដល់ពេល​សម្រាប់​ទ្រង់​ត្រូវយាង​ចេញ​ទៅហើយ ។

សូម​ពិចារណា​មើល « Jesus Christ and Angels Minister with Compassion » ចាប់ពី​នាទី ទី ០:១២ ដល់​នាទី​ទី ១:៣០ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​បែបណា​នៅក្នុង​ស្ថានភាព​នេះ ?

នៅក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ អ្នកបាន​សិក្សា​អំពី​សកម្មភាព និង​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ នៅពេល​ដែល​ទ្រង់​បាន​បង្ហាញ​ព្រះកាយ​ចំពោះ​ពួកគេ​ជា​លើកដំបូង​នៅក្នុង នីហ្វៃទី ៣ ១១–១៦ ។ សូម​គិត​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ដើម្បី​បង្ហាញ​អំពី​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។ ការរំឭកឡើង​វិញ​នូវអ្វី​ដែល​អ្នក​បាន​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​នៅក្រោម « ការសិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង នីហ្វៃ​ទី ៣ » អាច​ជួយ​ឲ្យ​អ្នក​មាន​ការចងចាំ ។

  • តើ​សកម្មភាព​របស់​ព្រះអង្គសង្គ្រោះ​បង្ហាញពី​សេចក្តីស្រឡាញ់​របស់ទ្រង់​ចំពោះ​ពួក​សាសន៍នីហ្វៃ​ដោយ​របៀបណា ?

នៅ​ថ្ងៃ​នេះ​អ្នកនឹង​អាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ បាន​បង្ហាញ​អំពី​សេចក្តីមេត្តា​ដោយ​សេក្តីស្រឡាញ់​របស់ទ្រង់​នៅក្នុង​ចំណោម​ពួក​សាសន៍នីហ្វៃ ។ នៅពេល​ដែល​អ្នកសិក្សា សូម​គិត​ថាតើ​សកម្មភាព​មួយ​ណា​របស់​ទ្រង់​ដែល​បង្រៀន​អំពី​បុគ្គលិកលក្ខណៈ​របស់​ទ្រង់ ។ សូម​យកចិត្តទុក​ដាក់​ទៅលើ​អារម្មណ៍​របស់អ្នក​ដែលមាន​ចំពោះ​ទ្រង់ ។

វា​អាចជា​ប្រយោជន៍​ដើម្បី​ដឹងថា ព្រឹត្តិការណ៍​ទាំងអស់​ដែល​បាន​កត់ត្រា​នៅក្នុង នីហ្វៃទី ៣ ១១–១៧ បាន​កើតឡើង​នៅក្នុង​រយៈពេល​មួយថ្ងៃ ។

សូម​អាន នីហ្វៃទី ៣ ១៧:១–៦ ដោយ​រកមើល​នូវ​អ្វី​ដែល​អ្នក​អាច​សិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ចេញពី​ព្រះបន្ទូល និង​សកម្មភាព​របស់ទ្រង់ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

អ្នក​ប្រហែល​ជាបាន​​រកឃើញ​សេចក្តីពិត​មួយ​ដែល​ស្រដៀងគ្នា​ទៅនឹង​សេចក្ដីពិត​ខាងក្រោមនេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ពោរពេញ​ដោយ​ចិត្ត​អាណិតអាសូរ​ចំពោះ​រូបខ្ញុំ ។ សូម​ពិចារណា​កត់ត្រា​សេចក្ដីពិត​នេះ​នៅជិត ខទី ៦ ។

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់​បានបង្រៀន ៖

វា​មាន​ប្រយោជន៍​ក្នុង​ការសង្កេត​ថា ការប្រព្រឹត្ត​ដោយ​ចិត្ត​អាណិតអាសូរ​របស់​ព្រះយេស៊ូវ មិនមែន​ជា​ការបង្ហាញ​ឡើង​ម្តងម្កាល ឬ​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បំពេញ​ដោយ​ផ្អែក​លើ​បញ្ជី​នៃ​កិច្ចការ​ដែល​ត្រូវតែ​ធ្វើ​ឲ្យ​ចប់​នោះ​ទេ ប៉ុន្តែ​វា​ជា​ការបង្ហាញ​ជា​រៀងរាល់​ថ្ងៃ អំពី​ការពិត​នៃ​សេចក្តីស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ចំពោះ​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ រួម​ទាំង​ព្រះរាជ​បំណង​ដ៏​យូរ​អង្វែង​របស់​ទ្រង់​ក្នុង​ការជួយ​ដល់​ពួក​គេ ។ ( អូលីសេស សូរ៉េស « The Savior’s Abiding Compassion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១៤ )

  • តាមគំនិត​យល់ឃើញ​របស់អ្នក តើ អែលឌើរ សូរ៉េស បង្រៀន អ្វីខ្លះ​អំពី​សេចក្តីអាណិតអាសូរ​ដ៏អង្វែង​របស់​ព្រះអង្គសង្គ្រោះ ?

សេចក្តី​អាណិត​អាសូរ​របស់​ព្រះអង្គ​សង្គ្រោះ

ផ្នែក​ដែលនៅ​សេសសល់​នៅក្នុងគម្ពីរ នីហ្វៃទី ៣ ១៧ បង្ហាញ​អំពី​លក្ខណៈ​នៃ​សេចក្តីអាណិត​អាសូរ​របស់​ព្រះអង្គសង្គ្រោះ ។ សូម​ចងចាំ​អំពីអ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​នៅក្នុង នីហ្វៃទី ៣ ១៧ ដែលបាន​កើតឡើង​ដោយសារ​ទ្រង់​បាន​ស្វែង​យល់ឃើញ​អំពី​សេចក្តីប្រាថ្នា​ដ៏សុចរិត​របស់​ពួក​សាសន៍នីហ្វៃ ហើយ​ទ្រង់​ពិត​ជា​ចង់​គង់នៅ​ជាមួយ​ពួកគេ និង​ប្រទានពរ​ដល់​ពួកគេ​ផងដែរ ។

សូម​សិក្សា​វគ្គ​បទគម្ពីរ​នីមួយៗ​ខាងក្រោមនេះ​ដោយ​ប្រុងប្រយ័ត្ន ហើយ​ស្រមៃមើល​ថា ប្រសិនបើ​អ្នក​នៅ​ទីនោះ តើ​វានឹង​មាន​លក្ខណៈ​យ៉ាងណាដែរ ។ សូម​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​ដល់​អ្នក នៅពេល​ដែល​អ្នក​អាន និង​សញ្ជឹងគិត°។ សូម​សរសេរ​គំនិត និង​អារម្មណ៍​របស់​អ្នក​ទុក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក​នៅក្រោម « ការសិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង នីហ្វៃ​ទី ៣ » ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​មើលឃើញ និង​ទទួល​បាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​អំពី​អ្វីដែល​ពួកគេ​បានសិក្សា​នៅក្នុង នីហ្វៃទី ៣ ១៧ សូម​ពិចារណា​បង្ហាញ​វីដេអូ « Jesus Christ and Angels Minister with Compassion » ចាប់ពី​នាទី ១:៣០ ដល់​នាទី​ទី ១១:៤៥ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​អំពី​អ្វីខ្លះ ដែល​អ្នកបាន​សិក្សា​នៅក្នុង នីហ្វៃទី ៣ ១៧ នោះ​អ្នកអាច​នឹង​ចង់​មើល​វីដេអូ « Jesus Christ and Angels Minister with Compassion » ចាប់ពី​នាទី ទី ១:៣០ ដល់​នាទី​ទី ១១:៤៥ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​យ៉ាងហោចណាស់​ឲ្យ​បានពីរ ៖

    • ប្រសិនបើ​អ្នក​បាន​មាន​វត្តមាន​នៅ​ទីនោះ តើ​បទពិសោធន៍​នេះ​មាន​ឥទ្ធិពល​ចំពោះ​ទំនាក់ទំនង​របស់អ្នក ជាមួយនឹង​ព្រះយេស៊ូវ​គ្រីស្ទជា​ព្រះអង្គសង្គ្រោះ​ដោយ​របៀបណា ?

    • តើ​អ្នក​គិតថា ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​នូវ​ចិត្ត​អាណិតអាសូរ​ចំពោះ​យើង​នៅថ្ងៃនេះ​ដោយ​របៀបណា ?

    • តើ​អ្នក​ទទួល​បាន​អារម្មណ៍​ជំរុញ​ទឹកចិត្ត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​បង្ហាញ​អំពី​សេចក្ដីស្រឡាញ់​របស់អ្នក​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ?