ថ្នាក់​សិក្ខាសាលា
ហេលេមិន⁠ ៥:១៤–៥២ ៖ « ពពក​នៃ​សេចក្ដី​ងងឹត​នោះ​នឹង​បាន​បក់​ចេញ​ទៅ »


« ហេលេមិន ៥:១៤–៥២ ៖ ‹ ពពក​នៃ​សេចក្ដី​ងងឹត​នោះ​នឹង​បាន​បក់​ចេញ​ទៅ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ៥:១៤–៥២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ៥:១៤–៥២

« ពពក​នៃ​សេចក្ដី​ងងឹត​នោះ​នឹង​បាន​បក់​ចេញ​ទៅ »

រូបភាព
នីហ្វៃ និង​លីហៃ នៅក្នុង​គុក​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​ភ្លើង

នៅពេល​យើង​នៅក្នុង​បន្ទប់​ងងឹត យើង​អាច​បើក​ភ្លើង​បំភ្លឺ​បាន ។ ប៉ុន្តែ​តើ​យើង​អាច​ធ្វើអ្វី​បានខ្លះ​នៅពេល​ដែល​យើង​ស្ថិត​នៅក្នុង​ភាព​ងងឹត​ខាងវិញ្ញាណ ? នៅពេល​ដែល​ភាពងងឹត​គ្របដណ្តប់​លើ​ក្រុម​សាសន៍​លេមិន​ដ៏​ទុច្ចរិត ពួកគេ​ទទួល​បានការ​បង្រៀន​ឲ្យ​ប្រែចិត្ត និង​មាន​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​លុបបំបាត់​ចោល​អារម្មណ៍​ភ័យ​ខ្លាច និង​ភាព​ងងឹត ហើយ​ជំនួស​វា​មកវិញ​ដោយ​អំណរ សេចក្ដី​សុខសាន្ត និង​ពន្លឺ​របស់​ទ្រង់ ។

ភាពងងឹត និង​ពន្លឺ

សូម​គិត​អំពី​គ្រា​មួយ​នៅពេល​អ្នក​នៅ​កន្លែង​មួយ​ងងឹត​ដែល​មាន​ពន្លឺ​តិច ឬ​គ្មាន​ពន្លឺ​ទាល់​តែសោះ ។ តើ​អ្នក​អាច​ចាំ​បាន​ទេ​ថា តើ​មាន​ឧបសគ្គ​អ្វីខ្លះ​អំពី​ការមើល​មិន​បាន​ច្បាស់ ?

  • ក្រៅពី​ស្ថិត​នៅក្នុង​បន្ទប់​ងងឹត តើ​មាន​វិធី​អ្វី​ផ្សេង​ទៀត​ដែល​យើង​អាច​ជួបប្រទះ​នូវ​ភាពងងឹត​នៅក្នុង​ជីវិត​របស់​យើង ? តើ​អារម្មណ៍​បែប​ណា​ខ្លះ​ដែល​អ្នក​អាច​ភ្ជាប់​ជាមួយនឹង​ភាព​ងងឹត ?

សូម​គិត​អំពី​ជីវិត​អ្នក និង​ភាពងងឹត​ណាមួយ​ដែល​អ្នក​អាច​នឹង​ជួបប្រទះ ។ នៅពេល​អ្នក​សិក្សា​នៅថ្ងៃនេះ សូម​រកមើល​អ្វីដែល​អ្នក​អាច​ធ្វើបាន ដើម្បី​បំពេញ​ជីវិត​របស់​អ្នក​ដោយ​ពន្លឺ​ដែល​នឹង​ជួយ​លុបបំបាត់​ភាពងងឹត​បាន ។

ការងារ​បម្រើ​របស់​នីហ្វៃ និង​លីហៃ

ពួក​កូនប្រុស​របស់​ហេលេមិន នីហ្វៃ និង​លីហៃ បាន​ផ្សព្វផ្សាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​បាន​បង្រៀន​ពួក​សាសន៍​នីហ្វៃ​ជាច្រើន​ដែល​បាន​បែកបាក់​គ្នា ហើយ​បាន​ចូលរួម​ជាមួយ​ពួក​សាសន៍​លេមិន ។ ពួក​សាសន៍​នីហ្វៃ​ទាំងនេះ​បាន​ប្រែចិត្ត ហើយ​ព្យាយាម​ជួសជុល​ការខូចខាត​នានា​ដែល​ពួកគេ​បានធ្វើ ។ នីហ្វៃ និង​លីហៃ​បាន​ផ្សព្វផ្សាយ​ដោយ​មាន​អំណាចដ៏​អស្ចារ្យ ហើយ​ពួកសាសន៍​លេមិន​ចំនួន ៨,០០០ នាក់​បាន​ជ្រើសរើស​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក ( សូមមើល ហេលេមិន ៤:៤; ៥:១៤–១៩ ) ។

សូម​អាន ហេលេមិន⁠ ៥:២០–២២ ដោយ​ការរកមើល​ពី​របៀប​ដែល​ភាពជោគជ័យ​របស់​ពួកគេ​ត្រូវ​បាន​រំខាន ។

នៅពេល​ណា​ដែល​យើង​ប្រឈមមុខ​នឹង​ការប្រឆាំង ឬ​ការសាកល្បង យើង​អាច​ចាត់ទុក​វា​ថា​ជា​ពេល​ងងឹត​នៅក្នុង​ជីវិត​របស់​យើង ។ យើង​អាច​នឹង​សួរ​ថា​ហេតុអ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​រឿង​ទាំងនេះ​កើត​មាន​ឡើង ។ ប៉ុន្តែ បើ​យើង​យក​ចិត្តទុកដាក់​យ៉ាងខ្លាំង នោះ​យើង​ក៏​នឹង​សង្កេតឃើញ​ថា ព្រះ​តែងតែ​ធ្វើការ​នៅក្នុង​ជីវិត​របស់​យើង​ដែរ ហើយ​ទ្រង់​ថែម​ទាំង​ចង់​ប្រទាន​ពរជ័យ​ដល់​យើង​ថែមទៀត​ផង ។

សូម​អាន ហេលេមិន ⁠៥:២៣–៣៣ ដោយ​ការរកមើល​អ្វី​ដែល​ព្រះ​បានធ្វើ និង​បាន​មាន​បន្ទូល ។ បើ​មាន ហេលេមិន ៥ ជា​ឯកសារ​សំឡេង អ្នក​អាច​ស្តាប់ ហើយ​អាន​តាម ។ ត្រូវ​ប្រាកដ​ថា​អាច​ផ្អាក និង​ខារឡើងវិញ​តាម​តម្រូវការ​បាន ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​អ្នក​មាន​អារម្មណ៍​បែបណា​ខ្លះ​ចំពោះ​ទ្រង់​ដោយសារ​អ្វី​ដែល​អ្នក​បានរៀន ?

  • តើ​ការអញ្ជើញ​របស់​ព្រះ​នៅក្នុង ខ​ទី ២៩ និង ៣២ អាច​ជួយ​អ្នក​ឲ្យ​មើលឃើញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​មនុស្ស​គ្រប់គ្នា​ដោយ​របៀបណា ?

អ្នក​អាច​គូសបន្ទាត់​ពី​ក្រោម​ពាក្យ​នៅក្នុង ហេលេមិន ៥:២៩, ៣២ ដែល​មាន​ជាអាទិ៍⁠ ការអញ្ជើញ​មកពី​ព្រះ ។

អស់អ្នក​ទាំងឡាយ​ដែលនៅ​ក្នុង​គុក​ត្រូវ​បានគេ​បិទ​ដោយ​ភាពងងឹត ។ ពួកគេ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ ហើយ​ដោយសារ​ភាពភ័យខ្លាច នោះ​ពួកគេ​មិន​អាច​រើ​ខ្លួន​បាន​ឡើយ ( សូមមើល ហេលេមិន ៥:៣៤,⁠៤០ ) ។

សូម​អាន ហេលេមិន ៥: ៣៥-៤១ ដើម្បី​ដឹង​ពី​របៀប​ដែល​បុរស​ម្នាក់​ឈ្មោះ អ័មីណាដាប់ បានជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ដកយក​ភាពងងឹត​ចេញ ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​មកពី​អ្វី​ដែល អ័មីណាដាប់ បាន​និយាយ​នៅក្នុង ខទី ៤១ ?

គោល​ការណ៍​មួយ​ដែល​យើង​អាច​រៀន គឺថា ព្រះយេស៊ូវ​គ្រីស្ទ អាច​ដក​ភាពងងឹត​ចេញ​ពី​ជីវិត​របស់​យើង​បាន នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​ទៅលើ​ទ្រង់ ហើយ​ប្រែចិត្ត ។

  • តើ​អ្នក​គិតថា​ការមាន​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការប្រែចិត្ត អាច​ជួយ​យក​ភាពងងឹត​ចេញ​បាន​យ៉ាងដូចម្ដេច ?

អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ បាន​ចែកចាយ​វិធី​ជាក់លាក់​ដែល​យើង​អាច​អញ្ជើញ​ពន្លឺ​របស់​ព្រះអម្ចាស់​ឲ្យ​មក​ស្ថិត​នៅក្នុង​ជីវិត​របស់​យើង​បាន ។

ពន្លឺ​របស់ [ ព្រះយេស៊ូវ​គ្រីស្ទ ] នឹង​បង្កើត​ជា​របាំង​ការពារ​រវាង​អ្នក និង​ភាពងងឹត​របស់​សត្រូវ នៅពេល​អ្នក​រស់នៅ​ឲ្យ​ស័ក្តិសម​ទៅនឹង​ការទទួល​ពន្លឺ​នេះ ។ អ្នក​ត្រូវការ​ពន្លឺ​នោះ ។ យើង​ត្រូវការ​ពន្លឺ​នោះ ។ សូម​សិក្សា​ព្រះគម្ពីរ​ដោយ​យកចិត្ត​ទុកដាក់ ⁠និង [ កូនសៀវភៅ ] ដើម្បី​កម្លាំង​នៃ​យុវជន ហើយ​ស្តាប់​ការបង្រៀន​របស់​ឪពុកម្តាយ និង​ថ្នាក់ដឹក​នាំ​របស់​អ្នក ។ បន្ទាប់មក តាមរយៈ​ការគោរព​ប្រតិបត្តិ​តាម​ដំបូន្មាន​ដ៏​ឈ្លាសវៃ សូម​រៀន​ទទួល​យក​ពន្លឺ​ការពារ​នៃ​ដំណឹងល្អ​ធ្វើ​ជា​របស់​អ្នក​ផ្ទាល់ ។

អ្នក​អាច​នឹង​ឆ្ងល់ថា « តើ​ខ្ញុំ​អាច​ធ្វើបាន​ដោយ​របៀបណា ? » មាន​វិធី​តែ​មួយគត់ ៖ គឺ​អ្នក​ត្រូវ​រៀន​បង្កើត​ពន្លឺ​នោះ​ជា​រៀង​រាល់ថ្ងៃ ដោយ​មាន​សេចក្ដីជឿ ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោរពតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ( រ៉ូបឺត ឌី ហែល « Out of Darkness into His Marvelous Light » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៧០ )

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ជួយ​អ្នក​ឲ្យ​យល់​ថា ទ្រង់​អាច​ការពារ​យើង​ពី​ភាពងងឹត ឬ​យក​ភាពងងឹត​ចេញពី​ជីវិត​របស់​យើង​បាន ?

សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ជា​ចំណងជើង​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ពរជ័យ​មកពី​ការអនុវត្ត​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការប្រែចិត្ត

សូម​អាន ហេលេមិន ៥:៤២–៤៩ ហើយ​សូម​រាយបញ្ជី​ពរជ័យ​ដែល​មនុស្ស​បាន​ដកពិសោធន៍ នៅពេល​ដែល​ពួកគេ​បាន​ប្រែចិត្ត ហើយ​បាន​អនុវត្ត​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​គូស​ចំណាំ​លើ​ពរជ័យ​ទាំងឡាយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​មនុស្ស​នៅ​ពេលបច្ចុប្បន្ន​ត្រូវការ​បំផុត ។

  1. សូម​បំពេញ​ការបំផុស​គំនិត​ខាងក្រោម​យ៉ាងហោច​ណាស់​ឲ្យ​បាន​មួយ ៖

    សូម​ជ្រើសរើស​ពរជ័យ​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា⁠​មាន​សារៈសំខាន់ ហើយ​ប្រើ​វា​ដើម្បី​ពន្យល់​សង្ខេបៗ​ពី​មូលហេតុ​ដែល​អ្នក​អាច​នឹង​លើក​ទឹកចិត្ត​នរណា​ម្នាក់​ឲ្យ​អនុវត្ត​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

    សូម​ជ្រើសរើស​ពរជ័យ​មួយ​ដែល​អ្នក​មាន អារម្មណ៍​ថា អ្នក​បាន​ទទួល​ដោយសារ​ការអនុវត្ត​សេចក្តីជំនឿ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​ពន្យល់​ដោយ​សង្ខេប​អំពី​មូលហេតុ​ដែល​វា​មាន​អត្ថន័យ​ចំពោះ​អ្នក ។

    ចេញពី​អ្វី​ដែល​អ្នក​បាន​រៀន និង​មាន​អារម្មណ៍​នៅថ្ងៃ​នេះ សូម​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ពឹងផ្អែក​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ទទួល​បាន​ពរជ័យ​របស់​ទ្រង់ ។ សូម​ធ្វើ​ការ​ប្តេជ្ញាចិត្ត ហើយ​ពិចារណា​ពី​ការដាក់ ឬ​កែតម្រូវ​គោលដៅ​មួយ​ដើម្បី ជួយ​អ្នក​រក្សា​ការប្តេជ្ញាចិត្ត​នោះ ។