ថ្នាក់​សិក្ខាសាលា
ហេលេមិន ៥:១–១៣ ៖ « សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង »


« ហេលេមិន ៥:១–១៣ ៖ ‹ សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ៥:១–១៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ៥:១–១៣

« សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង »

រូបភាព
ព្រះអង្គសង្រ្គោះ​គង់​បង្រៀន​នៅ​លើ​ថ្ម

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថាឥទ្ធិពល​អវិជ្ជមាន ឬ​ការល្បួង​របស់​អារក្ស​ហ៊ុំព័ទ្ធ​អ្នក​ដែរ ឬ​ទេ ? ព្យាការី​ហេលេមិន​បាន​ប្រដូច​ការ​វាយប្រហារ​របស់​សាតាំង​ទៅ​នឹង​ព្យុះ​ដែល​មាន​ខ្យល់​បក់​ខ្លាំង និង​ព្រិល​ធ្លាក់​មក​លើ​យើង ។ លោក​ក៏​បាន​ប្រកាស​ថា​អ្នក​ដែល​សង់​គ្រឹះ​នៃ​ជីវិត​របស់​ខ្លួន « នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង » ( ហេលេមិន ៥:១២ ) នឹង​មាន​អំណាច​ដើម្បី​ទប់ទល់​នឹង​អំពើ​អាក្រក់ ហើយ​បន្ត​ស្មោះត្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​តទល់​នឹង​អារក្ស ហើយ​សង់​គ្រឹះ​របស់​អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

គ្រឹះ​ខាងវិញ្ញាណ​របស់អ្នក

សូម​ពិចារណា​សំណួរ​ខាងក្រោម​នៅពេល​អ្នក​ចាប់ផ្តើម​ការសិក្សា​របស់​អ្នក ៖

  • តើ​មាន​ឧបសគ្គ ឬ​បញ្ហា​អ្វី​ខ្លះ​ដែល​អាច​អង្រួន​សេចក្តី​ជំនឿ ឬ​គ្រឹះ​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់​បាន ? សូម​ពិចារណា​រាយ​បញ្ជី​វា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

នោក្នុង​អំឡុងពេល​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០២១ ប្រធាន រ័សុល អិម ណិលសុន បាន​ពិភាក្សា​អំពី​តម្រូវការ​ដើម្បី​ជួសជុល​គ្រឹះ​ចាស់​នៃ​ព្រះវិហារ​បរិសុទ្ធ​សលត៍​លេក ។ បន្ទាប់​មក លោក​បាន​អញ្ជើញ​សមាជិក​សាសនាចក្រ​ឲ្យ​ពិចារណា​អំពី​គ្រឹះ​ខាង​វិញ្ញាណ​របស់​ពួកគេ​ផ្ទាល់ ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ហើយ​សង្កេតមើល​អំពី​របៀប​ដែល​ប្រធាន ណិលសុន ប្រៀបធៀប​ការជួសជុល​ព្រះវិហារ​បរិសុទ្ធ​ទៅនឹង​ជីវិត​ផ្ទាល់ខ្លួន​របស់យើង ។

ដូចគ្នា​នេះ​ដែរ ឥឡូវនេះ​វា​ដល់​ពេល​ដែល​យើង​ម្នាក់ៗ​ត្រូវ​អនុវត្ត​នូវ​វិធានការ​ដ៏​អស្ចារ្យ—ប្រហែល​ជា​វិធានការ​ដែល​យើង​មិនដែល​ធ្វើ​ពីមុន​មក—គឺ​ត្រូវ​ពង្រឹង​គ្រឹះ ខាងវិញ្ញាណ​ផ្ទាល់ខ្លួន របស់​យើង ។ យើង​ត្រូវ​ប្រើ​វិធីសាស្រ្ត​ថ្មីៗ​ដើម្បី​ដោះស្រាយ​ការលំបាក​សម័យ​ថ្មី ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់ សម័យ​នេះ គឺជា សម័យ​ចុងក្រោយ​ហើយ ។ បើសិន​បងប្អូន និង​ខ្ញុំ​ត្រូវ​យកឈ្នះ​លើ​គ្រោះថ្នាក់ និង​សម្ពាធ​នានា ក្នុង​ពេល​ខាងមុខ នោះ​វា​ចាំបាច់​ណាស់​ដែល​យើង​ម្នាក់ៗ​ត្រូវមាន​គ្រឹះ ដ៏រឹងមាំ ខាង​វិញ្ញាណ ដែល​សង់​នៅលើ​គ្រឹះ​នៃ​ព្រះអង្គសង្រ្គោះ ដែល​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង ។

ដូច្នេះ ខ្ញុំ​សូម​សួរ​ទៅ​កាន់​បងប្អូន​ម្នាក់ៗ​ថា « តើ​គ្រឹះ របស់​បងប្អូន រឹងមាំ​ប៉ុណ្ណា​ដែរ ? តើ​ត្រូវការ​ការពង្រឹង​ទីបន្ទាល់​ឡើងវិញ និង​ការយល់ដឹង​ពី​ដំណឹងល្អ​អ្វីខ្លះ ? » ( រ័សុល អិម ណិលសុន « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ ២០២១, ៩៣ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​មកពី​សេចក្ដីថ្លែង​ការណ៍​របស់​ប្រធាន ណិលសុន ?

សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​អ្នក​អាច​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ប្រធាន ណិលសុន ដែល​ទាក់ទង​ទៅនឹង​គ្រឹះ​ខាង​វិញ្ញាណ​របស់​អ្នក ។ សូម​ស្វែងរក​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​សរសេរ​ចម្លើយ​របស់​អ្នក ។

ហេលេមិន​បាន​លើក​ទឹកចិត្ត​កូនប្រុស​របស់​លោក​ឲ្យ​ចងចាំ

នៅក្នុង​កំឡុង​ឆ្នាំ​ទី ៥៤ នៃ​រជ្ជកាល​នៃ​ពួកចៅក្រម សាសន៍​នីហ្វៃ​ជាច្រើន​បាន​ប្រែ​ទៅជា​ពុករលួយ ហើយ​ជ្រើសរើស​ធ្វើ​អំពើ​អាក្រក់​ជំនួស​ឲ្យ​អំពើល្អ ។ ជា​លទ្ធផល នីហ្វៃ​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​មេ​ចៅក្រម ហើយ​បាន​ចូលរួម​ជាមួយ​នឹង​បងប្រុស​របស់​គាត់ លីហៃ នៅក្នុង​ការ​ប្រកាស​ព្រះបន្ទូល​នៃ​ព្រះ​ទៅដល់​ប្រជាជន ( សូមមើល ហេលេមិន ៥:១–៤ ), ដូចជា​ជីតាទួត​របស់​គាត់ , អាលម៉ា​ជាកូន បាន​ធ្វើ​កាលពី ៦០ ឆ្នាំ​មុន ( អាលម៉ា ៤:១៥–២០20 ) ។ លីហៃ និង នីហ្វៃ អាច​រក្សា​ភាពស្មោះត្រង់​បាន ដោយសារ​ពួកគេ​ចងចាំ​ការបង្រៀន​របស់​ឪពុក​របស់​ពួកគេ ហេលេមិន ។

រូបភាព
រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ
  1. សូម​អាន ហេលេមិន ៥:៥–១១ ហើយ​ធ្វើ​បញ្ជី​អំពី​អ្វី​ដែល ហេលេមិន ចង់​ឲ្យ​កូន​ប្រុស​របស់​គាត់​ចងចាំ ។ ជ្រើសរើស​យ៉ាង​ហោចណាស់​រឿង​ពីរ​ដែល​លោក​ចង់​ឲ្យ​ពួកគេ​ចងចាំ​ដែល​អ្នក​យល់ថា​មាន​ន័យ ។ សូម​ពន្យល់​យ៉ាងខ្លី​អំពី​របៀប​ដែល​ការចងចាំ​រឿងទាំងនោះ​អាច​ជួយ​អ្នក​កសាង​គ្រឹះ​របស់​អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

គ្រឺះ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង

សូម​អាន ហេលេមិន ៥:១២, ស្វែងរក​ការពិត​បន្ថែម ដែល ហេលេមិន​ចង់​ឲ្យ​កូនប្រុស​របស់​គាត់​ចងចាំ ។

ហេលេមិន ៥:១២ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់ ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ទៅនឹង​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​សេចក្តីពិត​អ្វីខ្លះ​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង ហេលេមិន ៥:១២ ?

សេចក្តីពិត​សំខាន់​ពីរ​ដែល​មាន​នៅក្នុង ហេលេមិន ៥:១២ គឺ ព្រះ​យេស៊ូវ គ្រីស្ទ​គឺជា​គ្រឹះ​របស់​យើង និង បើ​យើង​សង់​គ្រឹះ​របស់​យើង​នៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​អារក្ស​នឹង​គ្មាន​អំណាច​នៅលើ​យើង​ឡើយ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដូចជា​ថ្មដា និង​ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ​សម្រាប់​ជីវិត​របស់​យើង​ដោយ​របៀបណា ?

  • តើ​ការវាយប្រហារ​របស់​អារក្ស​មកលើ​ជំនឿ​របស់​អ្នក​មាន​អារម្មណ៍​ថា​ដូចជា​ព្យុះ ឬ​ខ្យល់កួច​ដោយ​របៀបណា ?

ប្រសិនបើ​មាន សូមមើល​វីដេអូ « ខ្យល់គួច​ខាង​វិញ្ញាណ » ( ២:២៤ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​រៀន​អំពី​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់​អំពី​របៀប​ដើម្បី​យកឈ្នះ​លើ​ខ្យល់កួច​របស់​អារក្ស ។

រូបភាព
រូបតំណាង កំណត់ត្រា
  1.  ចូរ​ឆ្លើយ​សំណួរ​ខាង​ក្រោម ៖

    • តើ​មាន​របៀប​អ្វី​ខ្លះ​ដែល​យើង​អាច​សង់​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​នៅ​លើ « សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង » ?

    • តើ​មាន​ឧបសគ្គ​អ្វីខ្លះ​នៅក្នុង​ការសង់​គ្រឹះ​របស់​យើង​នៅលើ​ព្រះអង្គ​សង្គ្រោះ​ទៅតាម​របៀប​ទាំងនេះ ?

    • តើ​ការ​ធ្វើ​កិច្ចការ​ទាំងនេះ​អាច​រារាំង​អារក្ស​មិន​ឲ្យ​មាន​អំណាច​មក​លើ​យើង​ដោយ​របៀបណា ?

ការអនុវត្ត​ផ្ទាល់ខ្លួន

សូម​គិត​អំពី​ព្យុះ​ផ្ទាល់ខ្លួន ឬ​បញ្ហា​ប្រឈមមុខ​ដែល​អ្នក​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន ឬ​អាច​ប្រឈម​មុខ​នា​ពេល​អនាគត ។ សូម​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​របៀប​ដែល​ការសង់ ឬ​ពង្រឹង​គ្រឹះ​របស់អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នឹង​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​ទៅនឹង​ឧបសគ្គ​ទាំងនេះ ។

សូម​គូរ​រូបភាព​ដែល​តំណាង​ឲ្យ​អ្នក​ឈរ​នៅ​លើ​គ្រឹះ​ដ៏​រឹងមាំ​មួយ ។ ដាក់​ស្លាក​គ្រឹះ « ព្រះយេស៊ូវ​គ្រីស្ទ » ។ សូម​គូរ​ព្រួញភ្លើង​មួយ​ចំនួន ( ដូចជា​លំពែង​ភ្លើង ) ឬ​ខ្យល់កួច ហើយ​ដាក់​ស្លាក​ព្រួញ ឬ​ខ្យល់គួច​នោះ​ជាមួយ​ការល្បួង ឬ​បញ្ហា​ប្រឈមមុខ​ជាក់លាក់​ដែល​អ្នក​កំពុង​ប្រឈមមុខ ។

នៅលើ ឬ​នៅជិត​គ្រឹះ​នេះ សូម​សរសេរ​អ្វីមួយ​ជាក់លាក់​ដែល​អ្នក​កំពុងធ្វើ ឬ​អាច​ចាប់ផ្តើម​ធ្វើ ដើម្បី​សង់​គ្រឹះ​របស់អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ឧទាហរណ៍ វា​អាច​ជា​គោលដៅ​ផ្ទាល់ខ្លួន​ដើម្បី​ចំណាយ​ពេល​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ឬ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ វា​អាច​ជា​ការសិក្សា​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ជា​រៀងរាល់​ថ្ងៃ​នៅក្នុង​ព្រះគម្ពីរ ឬ​ក៏​កាន់តែ​ស្មោះត្រង់​នៅក្នុង​ការអធិស្ឋាន​ផ្ទាល់ខ្លួន ។ ការសិក្សា​ចំណេះចំណាន​ខាង​គោលលទ្ធិ​ក៏​អាច​ជួយ​អ្នក​ពង្រឹង​មូលដ្ឋាន​គ្រឹះ​របស់​អ្នក​បាន​ផងដែរ ។

សូម​គិត​អំពី​ឧបសគ្គ​ណា​មួយ​ដែល​អ្នក​ប្រហែល​ជា​ត្រូវ​យក​ឈ្នះ ហើយ​សរសេរ​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងនោះ ។

ប្រសិនបើ​អាច​ធ្វើ​បាន សូម​កំណត់​ការរំឭក​នៅក្នុង​ទូរសព្ទ​របស់អ្នក ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​ការប្តេជ្ញាចិត្ត​ដែល​អ្នក​បានដាក់​នៅក្នុង​អំឡុងពេល​មេរៀន​នេះ ។ សូម​ពិចារណា​ចែកចាយ​ការប្តេជ្ញាចិត្ត​របស់អ្នក​ជាមួយ​សមាជិក​គ្រួសារ​ដែល​គួរ​ឲ្យ​ទុកចិត្ត ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​មិត្តភក្តិ ហើយ​សុំ​ឲ្យ​ពួកគេ​ជួយ​អ្នក​រក្សា​ការប្តេជ្ញាចិត្ត​នោះ ។

  1.  សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​រឿង​មួយ​ណា​ដែល​អ្នក​អាច​ចាប់ផ្តើម​ធ្វើ ឬ​បន្ត​ធ្វើ​ដើម្បី​សង់​គ្រឹះ​របស់​អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ?