ថ្នាក់​សិក្ខាសាលា
អាលម៉ា ១៤ ៖ « ចូរ​ទុក​ឲ្យ​ការណ៍​នេះ​កើត​ឡើង ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់​ចុះ »


« អាលម៉ា ១៤ ៖ ‹ ចូរ​ទុក​ឲ្យ​ការណ៍​នេះ​កើត​ឡើង ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់​ចុះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ១៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ១៤

« ចូរ​ទុក​ឲ្យ​ការណ៍​នេះ​កើត​ឡើង ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់​ចុះ »

រូបភាព
អាលម៉ា និង អាមូលេក ត្រូវ​បាន​ចាប់​ដាក់​គុក

ដោយសារ​យើង​រស់នៅ​ក្នុង​ពិភពលោក​ដែលធ្លាក់ នោះ​មនុស្ស​ជាច្រើន​ត្រូវគេ​ធ្វើ​បាប​យ៉ាង​ឃោរឃៅ និង​អយុត្តិធម៌ ។ នៅពេល​អាលម៉ា និង​អាមូលេក​បាន​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ទីក្រុង​អាំម៉ូណៃហា មនុស្ស​អាក្រក់​បាន​ធ្វើ​ទារុណកម្ម​ពួកអ្នក​ជឿ ហើយ​ដុតភ្លើង​សម្លាប់​ពួកគេ ។ អាលម៉ា និង អាមូលេក ត្រូវបាន​ចាប់​ដាក់​គុក ហើយត្រូវបាន​បៀតបៀន​យ៉ាង​ធ្ងន់ធ្ងរ ។ គោលបំណង​នៃមេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ពេល​ប្រឈម​មុខ​នឹង​ការលំបាក ការរងទុក្ខ និង​ភាពអយុត្តិធម៌ ។

បញ្ហា​ប្រឈម​ក្នុង​ជីវិត

សូម​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ អាន់ថូនី ឌី ភើគីន ក្នុង​ពួក​ចិត​សិប​នាក់ ៖

មិន​ថា​អ្នក​រស់នៅ​ទី​ណា​នោះ​ទេ ការរងទុក្ខ​ខាង​ផ្លូវ​កាយ ឬ​ផ្លូវ​ចិត្ត​ពី​ការសាកល្បង​ផ្សេងៗ និង​ភាពទន់​ខ្សោយ​ក្នុង​ជីវិត​រមែង​ស្លាប់​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នក​នៅពេល​ឥឡូវ​នេះ ឬ​ថ្ងៃ​ណា​មួយ ។ ( អាន់ថូនី ឌី ភើគីន « សូម​នឹក​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់​ដែល​មាន​ទុក្ខ​លំបាក ឱ​ព្រះ​របស់​ទូលបង្គំ​អើយ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១០៣ )

  • តើ​មាន​វិធី​ផ្សេង​អ្វី​ខ្លះ​ដែល​យើង​អាច​ឆ្លើយ​តប​ទៅ​នឹង​ការសាកល្បង​ទាំង​នេះ ?

អាលម៉ា ១៤ គឺ​ជា​ដំណើរ​រឿង​នៃ​មនុស្ស​សុចរិត ដែល​បាន​ដកពិសោធន​ការសាកល្បង​ដ៏​ធ្ងន់ធ្ងរ ។ ការសាកល្បង​ទាំងនេះ​ភាគ​ច្រើន​ត្រូវបាន​បង្ខំ​លើ​ពួកគេ​ដោយ​​ពួក​មនុស្ស​ដែល​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ខ្លួន​ខុស ។ នៅពេល​អ្នក​សិក្សា សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្ដីពិត​ដែល​អ្នក​រកឃើញ​ពី​គំរូ​របស់​អាលម៉ា អាមូលេក និង​មនុស្ស​សុចរិត​ផ្សេង​ទៀត​អាច​ជួយ​អ្នក​ឆ្លើយ​នឹង​ការសាកល្បង​នា​ពេល​ឥឡូវ​នេះ និង​នៅពេល​អនាគត ។

សូម​រាយ​ឈ្មោះ​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។ សូម​សរសេរ​អ្វី​ដែល​អ្នក​រៀន​នៅ​ជាប់​នឹង​ឈ្មោះ​ដែល​សមរម្យ ។

  • អាលម៉ា និង អាមូលេក

  • ស៊ីអែសរ៉ុម

  • ពួកអ្នក​ជឿ​លើ​ព្រះបន្ទូល​របស់​ព្រះ

សូម​អាន អាលម៉ា ១៤:១–៩ ដោយ​រកមើល​ឧទាហរណ៍​នៃ​ការរងទុក្ខ​ដែល​មនុស្ស​ផ្សេង​ទៀត​បាន​ជួប​ប្រទះ ។ អ្នក​ប្រហែលជា​ចង់​មើល​វីដេអូ​« Zeezrom Believes, and the Righteous Are Persecuted » ( ៣:៥១ ) ដែល​មាន​នៅ ChurchofJesusChrist.org ។

  • តើ​អ្នក​អាច​នឹង​មាន​សំណួរ​អ្វី​ខ្លះ ប្រសិនបើ​អ្នក​បាន​ជួប​ប្រទះ​ការសាកល្បង​ដូចជា​មនុស្ស​មួយ​ចំនួន​នេះ ?

ការទុកចិត្ត​លើ​ព្រះអម្ចាស់

យើង​អាច​ឆ្លើយ​តប​តាម​វិធី​ជា​ច្រើន នៅពេល​យើង​ជួប​ប្រទះ​នឹង​ការរងទុក្ខ ឬមើល​ឃើញ​ពី​ការរងទុក្ខ​របស់​អ្នក​ដទៃ ។ សូម​អាន អាលម៉ា ១៤:១០–១១ ដោយ​រកមើល​ពី​របៀប​ដែល​អាមូលេក និង​អាលម៉ា បាន​ឆ្លើយតប​ចំពោះ​ការរងទុក្ខ​របស់​ពួក​អ្នក​ជឿ ។

  • តើ​អ្នក​ធ្លាប់​ចង់​ជួយ​ខ្លួន​អ្នក ឬ​អ្នក​ដទៃ​ពី​ការឈឺចាប់​នៃ​ការសាកល្បង​ដូច អាមូលេក ដែរ​ឬ​ទេ ? ហេតុអ្វី ?

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​ពី​ការឆ្លើយ​តប​របស់​អាលម៉ា​នៅក្នុង ខទី ១១ ?

សូម​អាន អាលម៉ា ១៤:១២–១៣ ដោយ​ស្វែងរក​សេចក្តីពិត​មួយ ដែល​អាលម៉ា​បាន​បង្រៀន​អំពី​របៀប​ឆ្លើយ​តប នៅពេល​យើង​ជួប​ប្រទះ​នឹង​ការរងទុក្ខ ។

  • តើ​ពាក្យ​សម្ដី​របស់​អាលម៉ា​បង្ហាញ​ការទុក​ចិត្ត​លើ​ព្រះ​អម្ចាស់​យ៉ាង​ដូចម្ដេច ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ​ចេញ​ពី​គំរូ​របស់​អាលម៉ា ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​បាន​គឺ ពេល​យើង​ជួប​ប្រទះ​នឹង​ការសាកល្បង និង​ការរងទុក្ខ នោះ​យើង​អាច​ជ្រើសរើស​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ទោះ​ជា​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ ។ សូម​ពិចារណា​កត់ត្រា​គោលការណ៍​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ហើយ​គូស​ចំណាំ​ឃ្លា « ចូរ​ទុក​ឲ្យ​ការណ៍​នេះ​កើត​ឡើង ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់​ចុះ » នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  • តើ​អ្នក​គិត​ថា​ការទុក​ចិត្ត​លើ​ព្រះអម្ចាស់​ជា​ជម្រើស​តាម​របៀប​ណា​ខ្លះ ?

  • តើ​អ្នក​អាច​អនុវត្ត​ឃ្លា « ចូរ​ទុក​ឲ្យ​ការណ៍​នេះ​កើត​ឡើង ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់​ចុះ » ទៅ​នឹង​អ្វី​មួយ​ដែល​អ្នក​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយ​របៀប​ណា ?

សូម​គិត​អំពី​ជីវិត និង​ស្ថានភាព​របស់​អ្នក ។ តើ​អ្នក​ធ្វើ​អ្វី​ពេល​អ្នក ឬ​អ្នក​ដែល​អ្នក​ស្រឡាញ់​ជួប​ប្រទះ​នឹង​ការបៀតបៀន ការសាកល្បង ឬ​ភាព​អយុត្តិធម៌ ? សូម​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​ខាង​ក្រោម​ជាមួយ ជានិច្ច, ពេលខ្លះមិន​ធ្លាប់ ។

  1. ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ​ហឫទ័យ និង​ពេលវេលា​របស់​ព្រះអម្ចាស់ នៅពេល​អធិស្ឋាន​សូម​ការសង្គ្រោះ​ពី​ការសាកល្បង​របស់​ខ្ញុំ ។

  2. ខ្ញុំ​ស្វែងរក​ការអត់ធ្មត់ និង​ការយល់​ដឹង​ដោយ​ស្មោះត្រង់ នៅពេល​ដែល​ជីវិត​ហាក់​ដូចជា​អយុត្តិធម៌ ។

  3. ខ្ញុំ​ផ្តោតសេចក្តី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការសន្យា​ដ៏​អស់​កល្ប​របស់​ទ្រង់ ជាជាង​នៅក្នុង​លទ្ធផល​ជាក់លាក់​ដែល​ខ្ញុំ​សង្ឃឹម​ចង់​បាន ។

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ទស្សនៈ​មួយ ដែល​អាច​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ អំឡុង​ពេល​មាន​ការសាកល្បង​របស់​យើង ។ សូម​មើល​វីដេអូ « Personal Peace: The Reward of Righteousness » ចាប់ពីនាទី​ទី ៩:០២ ដល់​នាទី​ទី ៩:៣៣ ដែល​មាន​នៅ ChurchofJesusChrist.org ឬ​អាន​អត្ថបទ​ខាង​ក្រោម ៖

យើង​ទាំងអស់​គ្នា​បាន​ចូលរួម​នៅក្នុង​ក្រុម​ប្រឹក្សា​នៃ​ស្ថានសួគ៌ ដែល​ផ្តល់​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​ដោយ​ដឹង​ថា នឹង​មាន​ការឈឺចាប់​ក្នុង​ជីវិត​រមែង​ស្លាប់ និង​សូម្បីតែ​សោកនាដកម្ម​ដែល​មិន​អាច​ថ្លែង​បាន ដោយសារ​តែ​ការបំពាន​សិទ្ធិ​ជ្រើសរើស ។ យើង​យល់​ថា រឿង​នេះ​អាច​ធ្វើ​ឲ្យ​យើង​ខឹង ងឿង​ឆ្ងល់ គ្មាន​ការការពារ និង​ងាយ​រងគ្រោះ ។ ប៉ុន្តែ​យើង​ក៏​បាន​ដឹង​ដែរ​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​យក​ឈ្នះ និង​ទូទាត់​សង​សម្រាប់​ភាពអយុត្តិធម៌​ទាំងអស់​នៃ​ជីវិត​រមែង​ស្លាប់ ហើយ​នាំ​មក​ឲ្យ​យើង​នូវ​សេចក្តី​សុខសាន្ត ។ ( ឃ្វីនថិន អិល ឃុក « Personal Peace: The Reward of Righteousness » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៣៣–៣៤ )

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ដែល​អាច​ជួយ​អ្នក ពេល​អ្នក​ជួប​ទុក្ខ​លំបាក ឬ​ដឹង​ពី​ទុក្ខលំបាក​របស់​អ្នក​ដទៃ ?

វា​ជា​ការសំខាន់​ក្នុង​ការចងចាំ​ថា ប្រសិន​បើ​អ្នក​ត្រូវបាន​គេ​ធ្វើ​បាប ឬ​បំពាន​តាម​មធ្យោបាយ​ណា​មួយ អ្នក​គួរ​តែ​ស្វែងរក​ជំនួយ​ពី​មាតាបិតា ឬ​អ្នក​ដឹកនាំ​សាសនាចក្រ ដើម្បី​ពួកគាត់​អាច​ជួយ​អ្នក​ដោះស្រាយ​បញ្ហា​បាន ។ ព្រះអម្ចាស់​ស្រឡាញ់​អ្នក ហើយ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​មាន​អារម្មណ៍​សុខសាន្ត និង​សុភមង្គល ។

បន្ត​ដោយ​សេចក្ដីជំនឿ និង​ការទុកចិត្ត​លើ​ព្រះអម្ចាស់

បន្ទាប់​ពី​អាលម៉ា និង អាមូលេក ត្រូវបាន​បង្ខំ​ឲ្យ​មើល​ការដុត​ពួក​អ្នក​ជឿ​ដ៏​សុចរិត ពួកលោក​ត្រូវបាន​គេ​ចំអក វាយ​ដំ និង​ដាក់​គុក​ដោយ​អ្នក​គ្រប់គ្រង​នៃ​ក្រុង​អាំម៉ូណៃហា ( សូមមើល អាលម៉ា ១៤:១៤–១៧ ) ។

សូម​អាន អាលម៉ា ១៤:១៨–២៩ ដោយ​រកមើល​ពី​របៀប​ដែល​អាលម៉ា និង អាមូលេក បាន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ អំឡុង​ពេល​ពួកលោក​រងទុក្ខ ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Alma and Amulek Are Miraculously Delivered from Prison » ( ២:៤៥ ) ដែល​មាន​នៅ ChurchofJesusChrist.org ។

  • តើ​អាលម៉ា និង អាមូលេក​បន្ត​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​ក្នុង​អំឡុង​ពេល​ពួកលោក​ជួប​ទុក្ខលំបាក​ដោយ​របៀប​ណា ?

តើ​អ្នក​ស្គាល់​អ្នក​ណា ?

  1. សូម​បំពេញ​ដូច​ត​ទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ 

    សូម​គិត​អំពី​នរណា​ម្នាក់​ក្នុង​ជីវិត​របស់​អ្នក ដែល​ព្យាយាម​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ អំឡុង​ពេល​មាន​ការសាកល្បង និង​ទុក្ខ​លំបាក ។ តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​គាត់ ? តើ​អ្នក​ឃើញ​ភាពស្រដៀង​គ្នា​អ្វី​ខ្លះ​រវាង​ការឆ្លើយ​តប​របស់​បុគ្គល​នេះ និង​របៀប​ដែល​អាលម៉ា និង​អាមូលេក​បាន​ឆ្លើយ​តប​ចំពោះ​សេចក្តីវេទនា ?

    សូម​សរសេរ​រឿង​ជាក់លាក់​មួយ ឬ​ពីរ​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ទុក​ចិត្ត​កាន់តែ​ប្រសើរ​ឡើង​លើ​ព្រះអម្ចាស់ នៅពេល​ជីវិត​មាន​ការលំបាក ឬ​ហាក់​ដូចជា​អយុត្តិធម៌ ។ សូម​ពិចារណា​ដាក់​អ្វី​ដែល​អ្នក​សរសេរ​នៅ​កន្លែង​ណា​មួយ​ដែល​អ្នក​នឹង​ឃើញ​វា​ញឹកញាប់ ។