ថ្នាក់​សិក្ខាសាលា
អាលម៉ា ៥:១–៣២ ៖ សំណួរ​របស់​អាលម៉ា​សម្រាប់​ស្វ័យ​វាយតម្លៃ


« អាលម៉ា ៥:១–៣២ ៖ សំណួរ​របស់​អាលម៉ា​សម្រាប់​ស្វ័យ​វាយតម្លៃ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៥:១–៣២ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អាលម៉ា ៥:១–៣២

សំណួរ​របស់​អាលម៉ា​សម្រាប់​ស្វ័យ​វាយតម្លៃ

រូបភាព
ការផ្លាស់ប្តូរ​ដួងចិត្ត

គ្រា​នៃ​ស្វ័យ​វាយតម្លៃ​អាច​ជួយ​យើង​មើលឃើញ​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ​កាន់តែច្បាស់ ។ ដោយ​បាន​ដឹង​ពី​របៀប​ដែល​សេចក្តី​ឆ្មើងឆ្មៃ និង​ការទាស់ទែងគ្នា​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សាសនាចក្រ នោះ​អាលម៉ា​បាន​សួរឲ្យ​សមាជិក​សាសនាចក្រ​នៅ សារ៉ាហិមឡា នូវ​សំណុំ​សំណួរ​ដែល​បាន​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​ពី​ការផ្ដោត​លើ​ដួងចិត្ត និង​ការយល់ដឹង​របស់​ពួកគេ​ចំពោះ​ព្រះភ័ក្រ្ដ​របស់​ព្រះ ។ គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​វាយតម្លៃវ​ការរីកចម្រើន​ខាងវិញ្ញាណ និង​ការពង្រឹង​ការប្រែចិត្ត​ជឿ​របស់​អ្នក​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ស្វ័យ​វាយតម្លៃ

សូម​គិត​អំពី​ឱកាស​ដែល​អ្នក​បាន​ទទួល​ការសម្ភាស​ពី​នរណា​ម្នាក់ រួម​មាន​ការសម្ភាសន៍​ទទួល​ប័ណ្ណចូល​ព្រះ​វិហារបរិសុទ្ធ ការសម្ភាសន៍​ប្រចាំ​ឆ្នាំ​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា និង​ការសម្ភាសន៍​ការងារ ។

  • តើ​ការសម្ភាសន៍​មាន​គោលបំណង​អ្វី ?

  • តើ​អ្នក​អាច​សម្ភាសន៍​ជាមួយ​ខ្លួន​អ្នក​ដោយ​របៀប​ណា ?

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការឆ្លៀត​ពេល​វាយតម្លៃ​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​យើង​ជា​ប្រចាំ ។ អ្នក​ប្រហែលជា​ចង់​មើល​វីដេអូ « Return and Receive » ដែល​មាន​នៅ​ ChurchofJesusChrist.orgចាប់ពី​នាទី​ទី ៨:១៤ ដល់​នាទី​ទី ៨:៥៨ ឬ​អាន​អត្ថបទ​ខាងក្រោម ។

ខ្ញុំ​បាន​ឃើញ​ថា ដើម្បី​បន្ត​ផ្តោតលើ ការត្រឡប់​ទៅវិញ [ ទៅ​កាន់​ទីវត្តមាន​របស់​ព្រះ ] និង ការទទួល ពរជ័យ​ដែល​បាន​សន្យា នោះ​ខ្ញុំ​ត្រូវតែ​ចំណាយ​ពេល​ជា​ទៀងទាត់​សួរ​ខ្លួន​ខ្ញុំ​ថា « តើ​ខ្ញុំ​ធ្វើ​បាន​ប៉ុនណា​ហើយ ? »

វា​ដូច​ជា​ការ​សម្ភាសន៍​ផ្ទាល់​ខ្លួន ជា​ឯកជន​មួយ​ជាមួយ​ខ្លួន​ឯង ។ ហើយ​ប្រសិនបើ​វា​ស្ដាប់​ទៅ​ដូច​ជា​ចម្លែក​នោះ ចូរ​គិត​អំពីសំណួរ​នេះ ៖ តើ​មាន​នរណា​នៅក្នុង​លោក​នេះ ដែល​ស្គាល់​អ្នក​ច្បាស់​ជាង​ខ្លួន​ឯង​នោះ ? អ្នក​ស្គាល់​គំនិត​ សកម្មភាព​ឯកជន បំណង​ប្រាថ្នា និង​ក្តី​សុបិន គោលដៅ និង​ផែនការ​ខ្លួន​ឯង ។ ហើយ​អ្នក​ស្គាល់​ពី​របៀប​ដែល​អ្នក​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​ការត្រឡប់​ទៅវិញ និង​ការទទួលជាង​នរណាៗ​ទាំង​អស់ ។ ( អិម រ័សុល បាឡឺដ « Return and Receive » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៤ )

សូម​គិត​អំពី​ភាពញឹកញាប់​ដែល​អ្នក​ចំណាយ​ពេល​ដើម្បី​វាយតម្លៃ​លើ​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក ។

  • តើ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​អាច​បាន​មកពី​ការធ្វើ​កិច្ចការ​នេះ​ជាប្រចាំ ?

ជំនាញ​ដែល​អ្នក​អាច​ប្រើបាន​នៅ​ពេលសិក្សា​ព្រះគម្ពីរ​របស់​អ្នក គឺ​ត្រូវ​ចំណាយ​ពេល​ដើម្បី​ផ្អាក និង​វាយតម្លៃ​ថា តើ​អ្នក​កំពុង​រស់​នៅ​តាម​ការបង្រៀន ឬ​គោលការណ៍​ដែល​អ្នក​កំពុង​សិក្សា​បានល្អ​កម្រិត​ណា ។ ថ្ងៃនេះ អ្នក​នឹង​មាន​ឱកាស​អនុវត្ត​ជំនាញ​នោះ​នៅ​ពេល​អ្នក​សិក្សា អាលម៉ា ៥ ។ ជំពូក​នេះ​មាន​សំណួរ​ជាច្រើន​ដែល​អាលម៉ា​បាន​សួរ​ប្រជាជន​របស់​លោក ។ អ្នក​ក៏​អាច​សួរ​ខ្លួនឯង​នូវ​សំណួរ​ទាំងនេះ ដើម្បី​វាយតម្លៃ​លើ​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​អ្នក​ផងដែរ ។ នៅ​ពេល​អ្នក​សិក្សា សូម​ស្វែងរក​ការណែនាំ​ពី​ព្រះ​វរបិតាសួគ៌ ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​អ្នក​កំពុងធ្វើ​បានល្អ និង​របៀប​ដែល​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ប្រសើរ​ឡើង ។

អាលម៉ា​ផ្សព្វផ្សាយ​ដល់​ប្រជាជន​សារ៉ាហិមឡា

សូម​ចាំ​ថា បន្ទាប់ពី​បាន​ឃើញ​សេចក្តី​ឆ្មើងឆ្មៃ និង​ភាពលោភលន់​ក្នុង​ចំណោម​ប្រជាជន​របស់​លោក អាលម៉ា​បាន​ចុះ​ចេញ​ពី​តំណែង​ជា​មេ​ចៅក្រម​នៃ​សាសន៍​នីហ្វៃ ដើម្បី​ពលី​ខ្លួន​របស់​លោក​កាន់តែ​ពេញលេញ​ក្នុងការ​ផ្សាយ​ព្រះបន្ទូល​របស់​ព្រះ ( សូម​មើល អាលម៉ា ៤:១៩ ) ។

អាលម៉ា​បាន​ចាប់ផ្ដើម​ការផ្សព្វផ្សាយ​របស់​លោក​នៅលើ​ដែនដី​សារ៉ាហិមឡា ។ លោក​បាន​រំឭក​ប្រជាជន​ទាំងនេះ​អំពី​ការជាប់​ឃុំឃាំង​ខាង​វិញ្ញាណ និង​ខាង​រូបកាយ​ដែល​សាសន៍​នីហ្វៃ​បាន​ឆ្លងកាត់​ក្នុង​សម័យ​របស់​ស្ដេច​ណូអេ ( សូម​មើល អាលម៉ា ៥:៣–៥ ) ។

សូម​អាន អាលម៉ា ៥:៦–១៣ ដោយ​រកមើល​អ្វី​ដែល​អាលម៉ា​ចង់​ឲ្យ​ប្រជាជន​របស់​លោក​ចងចាំ​អំពី​ជំនាន់​មុន​របស់​សាសន៍​នីហ្វៃ ។

  • ហេតុអ្វី​អ្នក​គិត​ថា អាលម៉ា​ចង់​ឲ្យ​ប្រជាជន​របស់​លោក​ចងចាំ​រឿង​ទាំងនេះ ?

  • តើអាលម៉ា ចង់​ឲ្យ​ប្រជាជន​របស់​លោក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​ក្នុង ខទី ៧ ?

សូម​អាន អាលម៉ា ៥:១៤, ២៦ ដោយ​រកមើល​សំណួរ​ដែល​អាលម៉ា​បានសួរ​ប្រជាជន​របស់​លោក បន្ទាប់ពី​បាន​រំឭក​ពួកគេ​អំពី​មរតក​ខាង​វិញ្ញាណ​របស់​ពួកគេ​មក ។

  • តើ​អ្នក​គិត​ថា អាលម៉ា​ចង់​ឲ្យ​ប្រជាជន​របស់​លោក​យល់​យ៉ាង​ណា​តាមរយៈ​ការ​សួរ​សំណួរ​ទាំងនេះ​ដល់​ពួកគេ ?

  • តើ​អ្នក​គិត​ថា ការសួរ​ខ្លួនឯង​ដូច​សំណួរ​ដែល​ដក​ចេញ​ពី ខទី ១៤ និង ២៦ អាច​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

ការប្រើ​ប្រាស់​ការបង្រៀន​របស់​អាលម៉ា​ដើម្បី​ធ្វើ​ស្វ័យ​វាយតម្លៃ

សូម​ចំណាយ​ពេល​ដើម្បី​សិក្សា​ពាក្យ​របស់​អាលម៉ា​ដែល​ថ្លែង​ទៅកាន់​ប្រជាជន​សារ៉ាហិមឡា​នៅ​ក្នុង អាលម៉ា ៥:១៤–៣០ ហើយ​សញ្ជឹងគិត​ថា តើ​អ្នក​មាន ឬ​កំពុង​ដកពិសោធ​ការផ្លាស់ប្តូរ​ដែល​អាលម៉ា​បាន​ពិពណ៌នា​ដែរឬ​ទេ ។ នៅ​ពេល​អ្នក​សិក្សា សូម​ធ្វើ​ស្វ័យ​វាយតម្លៃ​ផ្ទាល់​ខ្លួន ដោយ​ប្រើ​សំណួរ​មួយ​ចំនួន ឬ​ទាំងអស់​ដែល​អាលម៉ា​បានសួរ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ នេះ​គឺ​ជា​វិធី​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ។

  1. សូម​ផ្អាក ហើយ​គិត​ពិចារណា​រៀងរាល់​ពីរ​ទៅ​បី​ខគម្ពីរ ដោយ​វាយតម្លៃ​ពី​របៀប​ដែល​សំណួរ​របស់​អាលម៉ា​នៅ​ក្នុង​ខគម្ពីរ​ទាំង​នោះ​ទាក់ទង​នឹង​ជីវិត​របស់​អ្នក ។

  2. សូម​ជ្រើសរើស​សំណួរ​មួយ​ចំនួន​របស់​អាលម៉ា​ដែល​អ្នក​មាន​អារម្មណ៍​ថា មាន​អត្ថន័យ និងទាក់ទង​នឹង​អ្នក​បំផុត ។ សូម​សរសេរ​សំណួរ​ទាំងនេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ហើយ​កត់ត្រា​ការ​ឆ្លើយតប​របស់​អ្នក​ទៅនឹង​សំណួរ​នីមួយៗ​ក៏ដូចជា​គំនិត ឬ​ចំណាប់​អារម្មណ៍​ផ្សេង​ទៀត​ដែល​អ្នក​អាច​មាន​ផងដែរ ។

  3. បន្ទាប់ពី​រកឃើញ​សំណួរ​ដែល​អាលម៉ា​បានសួរ​ក្នុង​ខគម្ពីរ​ទាំងនេះហើយ សូម​បង្កើត​សំណួរ​ពីរ ឬ​បី​ដែល​អ្នក​អាច​ប្រើ ដើម្បី​វាយតម្លៃ​លើ​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​អ្នក​ផ្ទាល់ ។ សូម​កត់ត្រា​ការឆ្លើយតប​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ ៖

    • តើ​សំណួរ​របស់​អាលម៉ា​មួយ​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

    • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ដែល​អ្នក​បាន​រកឃើញ​ពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ផ្ដល់​បំណង​ប្រាថ្នា និង​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ប្រែចិត្ត ?

    • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះ និង​ព្រះរាជ​បំណង​របស់​ទ្រង់​សម្រាប់​អ្នក​ពីអ្វី​ដែល​អ្នក​បាន​សិក្សា ?

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ឬ​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ ពេល​អ្នក​បាន​ប្រើ​ពាក្យ​របស់​អាលម៉ា ដើម្បី​វាយតម្លៃ​លើ​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក ។ សូម​រកមើល​កិច្ចការ​មួយ ឬ​ពីរ​ដែល​អ្នក​ចង់​កែលម្អ ជាលទ្ធផល​នៃ​អ្វី​ដែល​អ្នក​បាន​សិក្សា ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃនេះ តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​អ្នក​អាច​ជួប​ប្រទះ និង​របៀប​ដែល​អ្នក​អាច​ស្វែងរក​ជំនួយ​ពី​ព្រះ​ក្នុង​ការយក​ឈ្នះ​លើ​ឧបសគ្គ​របស់​អ្នក ។ សូម​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។