ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ២ ៣ ៖ « អ្នក​មើល​ឆុត​ដ៏​ជម្រើស​ម្នាក់ ដែល​យើង​នឹង​បង្កើត​ឡើង »


« នីហ្វៃទី ២ ៣ ៖ ‹ អ្នក​មើល​ឆុត​ដ៏​ជម្រើស​ម្នាក់ ដែល​យើង​នឹង​បង្កើត​ឡើង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ២ ៣ ៖ ‹ អ្នក​មើល​ឆុត​ដ៏​ជម្រើស​ម្នាក់ ដែល​យើង​នឹង​បង្កើត​ឡើង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ២ ៣

« អ្នក​មើល​ឆុត​ដ៏​ជម្រើស​ម្នាក់ ដែល​យើង​នឹង​បង្កើត​ឡើង »

រូបភាព
យ៉ូសែប ស្ម៊ីធ

ជំពូកទី ៣ នៃ នីហ្វៃ​ទី ២ កត់ត្រា​ពី​ពាក្យ​សម្តី​ហៀប​នឹង​ស្លាប់​របស់​លីហៃ​ទៅ​កាន់​កូន​ប្រុស​ពៅ​របស់​លោក​គឺ​យ៉ូសែប ។ លីហៃ​បាន​ដក​ស្រង់​ការព្យាករណ៍​មួយ​ដែល​បាន​ព្យាករ​ដោយ​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​ប្រហែល​ជា ១,៧០០ ឆ្នាំ​ពីមុន​ការប្រសូត​របស់​ព្រះគ្រីស្ទ ។ សូម​ស្រមៃ​អំពី​ការភ្ញាក់ផ្អើល​របស់ យ៉ូសែប ស្ម៊ីធ នៅពេល​លោក​បាន​រកឃើញ​ថា​លោក​ជា​ប្រធានបទ​នៃ​ការព្យាករណ៍​ជាច្រើន​ដែល​បាន​ព្យាករ​ដោយ​យ៉ូសែប នៅ​ស្រុក​អេស៊ីព្ទ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ជួយ​អ្នក​ឲ្យ​មាន​ទីបន្ទាល់​កាន់តែ​ខ្លាំង​អំពី​ការហៅ​ដ៏​ទេវភាព​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

យ៉ូសែប​បួន​នាក់

បុគ្គល​បួន​នាក់​ដែល​បាន​លើក​ឡើង​នៅក្នុង នីហ្វៃ​ទី ២ ៣ ទាំងអស់​មាន​ឈ្មោះ​ដូចគ្នា ។ សូម​អាន​ខគម្ពីរ​សម្រាប់​រូបភាព​នីមួយៗ ហើយ​រកមើល​ថា តើ​រូបភាព​ទាំងបួន​នេះ​តំណាង​ឲ្យ​អ្នក​ណា ។

រូបភាព
រូបថត​របស់​យ៉ូសែប​ទាំង​បួន

នីហ្វៃទី ២ ៣:៣; នីហ្វៃទី ២ ៣:៤; នីហ្វៃទី ២ ៣:១១; នីហ្វៃទី ២ ៣:១៥

ភាគ​ច្រើន​នៃ នីហ្វៃ​ទី ២ ៣ ផ្ដោតលើ​ការព្យាករណ៍​ដែល​ព្យាករ​ដោយ យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​អំពី « អ្នក​មើល​ឆុត » និង​ព្យាការី យ៉ូសែប ស្ម៊ីធ និង​បេសកកម្ម​របស់​លោក​នៅថ្ងៃ​ចុង​ក្រោយ ។

ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–១៨៧៧ ) បាន​ថ្លែង​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​អំពី​ការរៀបចំ​របស់​ព្រះអម្ចាស់​សម្រាប់​បេសកកម្ម​របស់​យ៉ូសែប ស្ម៊ីធ ៖

វា​ត្រូវបាន​សម្រេច​នៅក្នុង​ការប្រឹក្សា​នៃ​ភាពអស់​កល្ប​ជានិច្ច ជា​យូរ​មុន​ពេល​គ្រឹះ​នៃ​ផែនដី​ត្រូវបាន​បង្កើត លោក​គឺ យ៉ូសែប ស្ម៊ីធ គួរតែ​ជា​បុរស​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ចុង​ក្រោយនៃ​ពិភព​លោក​នេះ ដើម្បី​នាំមក​នូវ​ព្រះបន្ទូល​នៃ​ព្រះ​ដល់​មនុស្ស ហើយ​ទទួល​បាន​ភាពពេញលេញ​នៃ​កូនសោ និង​អំណាច​បព្វជិតភាព​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ។ ព្រះអម្ចាស់​បាន​ទត​មើល​លោក និង​ឪពុក​របស់​លោក និង​​ជីតា​របស់​លោក និង​លើ​បុព្វបុរស​របស់​ពួកលោក … រហូត​ដល់​អ័ដាម ។ ទ្រង់​បាន​ឃ្លាំ​មើល​គ្រួសារ​នោះ និង​លោហិត​នោះ​នៅពេល​វា​ធ្វើ​ដំណើរ​ចេញ​ពី​ប្រភព​របស់​វា​ទៅ​កាន់​កំណើត​នៃ​បុរស​នោះ ។ គាត់​ត្រូវបាន​តែងតាំង​ជា​មុន​ក្នុង​ភាពអស់​កល្ប​ជានិច្ច ដើម្បី​ធ្វើ​ជា​អធិបតី​លើ​គ្រាកាន់កាប់​ត្រួត​ត្រា​ចុង​ក្រោយ​នេះ ។ ( ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ ព្រិកហាំ យ៉ង់ [ ឆ្នាំ ១៩៩៧ ] ទំព័រ ៩៦, ទំព័រ ៣៤៣ )

  • តើ​ពាក្យ​ទាំងនេះ​អាច​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការហៅ​របស់ យ៉ូសែប ស្ម៊ីធ ?

  • តើ​ពាក្យ​ទាំង​នេះ​អាច​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ?

ការព្យាករណ៍​អំពី យ៉ូសែប ស្ម៊ីធ

ពេល​កំពុង​និយាយ​ទៅកាន់​យ៉ូសែប ជា​កូន​ប្រុស​របស់​លោក លីហៃ​បា​ន​ដកស្រង់​ផ្នែក​មួយ​នៃ​ការព្យាករណ៍​ដោយ​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ពី​ផ្ទាំង​លង្ហិន ( សូមមើល​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤–៣៨ [ នៅក្នុង​ឧបសម្ព័ន្ធ​ព្រះគម្ពីរ​ប៊ីប ] ) ។ ការព្យាករណ៍​នេះគឺ​ភាគច្រើន​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ នៅ​ថ្ងៃចុង​ក្រោយ ។ សូមអាន នីហ្វៃទី ២ ៣:៦–១៥, ២៤ ហើយ​គូសចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​បង្រៀន​អ្នក​អំពី​យ៉ូសែប ស្ម៊ីធ ។ ( សូម​កត់​ចំណាំថា​ពាក្យ « ផល​នៃ​ពោះ » សំដៅ​ទៅ​លើ​កូន​ចៅ ឬ​ពូជពង្ស ) ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី យ៉ូសែប ស៊្មីធ ?

  • តើ​អ្នក​នឹង​សង្ខេប​ការបង្រៀន​អំពី​ព្យាការី យ៉ូសែប ស៊្មីធ មក​ពី​អ្វី​ដែល​អ្នក​អាន​នៅក្នុង នីហ្វៃ​ទី ២ ៣ ដោយ​របៀប​ណា ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​បាន​គឺ​ថា ព្រះអម្ចាស់​បាន​លើក​ព្យាការី យ៉ូសែប ស៊្មីធ ឡើង​ដើម្បី​ជួយ​នាំ​មក​នូវ​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​មាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​សេចក្ដីពិត​នេះ ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​បង្រៀន ៖

មតិ​អវិជ្ជមាន​អំពី​ព្យាការី យ៉ូសែប ស៊្មីធ នឹង​កើន​ឡើង ពេល​យើង​ដើរ​ឆ្ពោះ​ទៅរក​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ សេចក្ដីពិត​ពាក់​កណ្ដាល និង​ការបោក​បញ្ឆោត​ដ៏​ប្រសប់​នឹង​មិន​អន់ថយ​ឡើយ ។ នឹង​មាន​សមាជិក​គ្រួសារ និង​មិត្តភក្តិ​ដែល​នឹង​ត្រូវការ​ជំនួយ​របស់​អ្នក ។ …

ចំពោះ​យុវជន … ខ្ញុំសូម​​ផ្តល់​ការអញ្ជើញ​ជាក់លាក់​មួយ ៖ ចូរ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ( នែល អិល អាន់ឌើសិន « Joseph Smith » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ )

  • តើ​អ្នក​មាន​ទំនុក​ចិត្ត​យ៉ាង​ណា​ចំពោះ​ការហៅ​ដ៏​ទេវភាព​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ?

ការទទួលបាន​ទីបន្ទាល់​អំពី យ៉ូសែប ស្ម៊ីធ

សូម​ស្រមៃ​ពី​ស្ថានភាព​ខាង​ក្រោម​នេះ ៖

នៅពេល​មិត្តភក្តិ​របស់​អ្នក ម៉ាកូស បាន​ដឹង​ថា​អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នោះ​គាត់​បាន​ចាប់ផ្តើម​អាន​អំពី យ៉ូសែប ស្ម៊ីធ នៅលើ​គេហទំព័រ​របស់​សាសនាចក្រ ។ គាត់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​ការអញ្ជើញ​ឲ្យ​រៀន​ដោយ​ខ្លួន​ឯង​ថា យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី​របស់​ព្រះ ។ នៅពេល​គាត់​បាន​ចែកចាយ​ជាមួយ​អ្នក​នូវ​អ្វី​ដែល​គាត់​កំពុង​រៀន គាត់​បាន​សួរ​ថា « តើ​យើង​អាច​រៀន​ដោយ​ខ្លួន​ឯង​ដោយ​របៀប​ណា​ថា យ៉ូសែប ស៊្មីធ គឺជាព្យាការី ?

  • តើ​អ្នក​ចង់​និយាយ​អ្វី​ខ្លះ​ទៅកាន់​ម៉ាកូស ?

សម្រាប់​គំនិត​ផ្សេង​ទៀត​អំពី​ការទទួល​បាន​ទីបន្ទាល់​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​របស់​ព្រះអម្ចាស់ សូមមើល ឬ​អាន​អ្វី​ដែល​អែលឌើរ អាន់ឌើរសិន បាន​ផ្ដល់​យោបល់ ៖

ទីបន្ទាល់​មួយ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ អាច​កើត​ឡើង​ចំពោះ​យើង​ម្នាក់ៗ​ខុសៗ​គ្នា ។ វា​អាច​កើត​ឡើង ពេល​អ្នក​លុត​ជង្គង់​ចុះ​អធិស្ឋាន​សូម​ព្រះ​ឲ្យ​បញ្ជាក់​ថា លោក​គឺ​ជា​ព្យាការី​ពិត ។ វា​អាច​កើត​ឡើង ពេល​អ្នក​អាន​ដំណើរ​រឿង​របស់​ព្យាការី​អំពី​ការនិមិត្ត​ដំបូង ។ ទីបន្ទាល់​អាច​ចាក់ដោត​ទៅក្នុង​ព្រលឹង​របស់​អ្នក ពេល​អ្នក​អាន​ព្រះគម្ពីរ​មរមន​ម្ដង ហើយ​ម្ដង​ទៀត ។ វា​អាច​កើត​ឡើង ពេល​អ្នក​ថ្លែង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្យាការី ឬ​ពេល​អ្នក​ឈរ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ដឹង​ថា តាមរយៈ យ៉ូសែប ស្ម៊ីធ អំណាច​នៃ​ការផ្សារ​ភ្ជាប់​ដ៏​បរិសុទ្ធ​ត្រូវបានស្ដារ​ឡើង​វិញ​លើ​ផែនដី ។ ដោយ​មាន​សេចក្ដីជំនឿ និង​ចេតនា​ពិត នោះ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ នឹង​ត្រូវបាន​ពង្រឹង​ឡើង ។ ( នែល អិល អាន់​ឌើសិន « Joseph Smith » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ )

អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « A Choice Seer Will I Raise Up: Prophet of the Restoration » ( ៤:៤២ ) ដើម្បី​ស្ដាប់​ទីបន្ទាល់​អំពី យ៉ូសែប ស្ម៊ីធ ដែល​បាន​ចែកចាយ​ដោយ​យុវជន​នៃ​សាសនាចក្រ ។

រូបភាព
រូប​តំណាង​កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​បី​ខាង​ក្រោម​នេះ ៖

  • តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​ជឿ​ថា យ៉ូសែប ស្ម៊ីធ ជា​ព្យាការី ?

  • តើ​ព្យាការី យ៉ូសែប ស៊្មីធ បាន​ជួយ​អ្នក​យល់ ឬ​ទទួល​អារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​មាន​ទីបន្ទាល់​កាន់តែ​ខ្លាំង​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ?

  • តើ​ការមាន​ទីបន្ទាល់​អំពី យ៉ូសែប ស្ម៊ីធ នឹង​ជះ​ឥទ្ធិពល​ដល់​ជីវិត​អ្នក​យ៉ាង​ដូចម្ដេច ?