ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ៨:១៩–៣៨ ៖ កាន់​ខ្ជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ


« នីហ្វៃទី ១ ៨:១៩–៣៨ ៖ កាន់​ខ្ជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ៨:១៩–៣៨ ៖ កាន់​ខ្ជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃ​ទី ១ ៨:១៩–៣៨

កាន់​ខ្ជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ

រូបភាព
លីហៃ​តោង​ដំបង​ដែក

មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​ចង់​ទទួល​អារម្មណ៍​នៃអំណរ និង​សេចក្ដីស្រឡាញ់ ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវទៅ​រក​វា​នៅ​ឯ​ណា​ទេ ។ តាមរយៈ​ការនិមិត្ត​របស់​លោក​អំពី​ដើម​ជីវិត លីហៃ​បាន​រៀន​អំពី​ផ្លូវ​ដែល​យើង​ត្រូវ​ធ្វើ​ដំណើរ និង​របៀប​បន្ត​នៅលើ​ផ្លូវ​នោះ ដើម្បី​រីករាយ​នឹង​ពរជ័យ​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ធ្វើ​តាម​ព្រះបន្ទូល​នៃ​ព្រះ ដើម្បី​ដឹកនាំ​អ្នក​ទៅរក​ពរជ័យ​ដ៏​មហិមា​បំផុត​របស់​ទ្រង់ ។

ការនិមិត្ត​របស់​លីហៃ

រូបភាព
សុបិន​របស់​លីហៃ

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​មើល​គំនូរ​នេះ​អំពី​ការនិមិត្ត​របស់​លីហៃ ។ វា​រួមមាន​ទាំង​ដើមឈើ​ដែល​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ និង​ផ្លែ​របស់​វា ដែល​ជា​និមិត្តរូប​នៃ​ពរជ័យ​ដែល​បាន​ប្រទាន​មក​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ដាវីដ អេ បែដណា « Lehi’s Dream: Holding Fast to the Rod » Ensign ខែ តុលា ឆ្នាំ ២០១១ ទំព័រ ៣២–៣៧ ) ។ វា​ក៏​មាន​ធាតុ​មួយ​ចំនួន​បន្ថែម​ទៀត​ផងដែរ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​រូប​គំនូរ​នេះ ?

  • តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​អ្វី​ដែល​អ្នក​សង្កេត​ឃើញ ?

ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ថា ៖

អ្នក​ប្រហែល​ជា​គិត​ថា​សុបិន ឬ​ការនិមិត្ត​របស់​លីហៃ​គ្មាន​អត្ថន័យ​ពិសេស​សម្រាប់​អ្នក​ទេ ប៉ុន្តែ​វា​ពិត​ជា​មាន ។ អ្នក​ស្ថិតនៅ​ក្នុង​សុបិន ឬ​ការនិមិត្ត​នោះ យើង​ទាំង​អស់​គ្នា​ស្ថិតនៅ​ក្នុង​សុបិន ឬ​ការនិមិត្ត​នោះ​ផងដែរ ។ ( ប៊យដ៏ ខេ ផាកកឺ « Finding Ourselves in Lehi’s Dream » EnsignLiahona ខែ សីហា ២០១០ ទំព័រ ២២ )

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវរបិតា​សួគ៌ ដើម្បី​យល់​ពី​របៀប​ដែល​ការនិមិត្ត​របស់​លីហៃ​អាច​ទាក់ទង​នឹង​ជីវិត​របស់​​អ្នក ។ សូម​រកមើល​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​អំណរ​ដែល​បាន​សន្យា​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ក៏​ដូច​ជា​ឧបសគ្គ​អ្វី​ខ្លះ​ដែល​អ្នក​ប្រហែល​ជា​ត្រូវ​ចៀសវាង ឬ​យក​ឈ្នះ ។

មនុស្ស​ជា​ច្រើន​កំពុង​តែ​ប្រជ្រៀត​ទៅ​មុខ

ក្នុង​សុបិន​របស់​លោក លីហៃ​បាន​ឃើញ « ក្រុម​មនុស្ស​ជា​ច្រើន​ឥត​គណនា » ( នីហ្វៃទី ១ ៨:២១ ) ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​ដើម​ជីវិត ។ ពួកគេ​បាន​ជួប​ប្រទះ​ធាតុសំខាន់ៗ​មួយចំនួន​ទៀត​ដែល​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការមក​កាន់​ដើម​ឈើ​នោះ ៖ អ័ព្ទ​នៃ​សេចក្ដី​ងងឹត ដំបង​ដែក និង​មនុស្ស​នៅក្នុង​អគារ​ដ៏​ធំ និង​ទូលាយ​មួយ ។ អ្នក​អាច​ឃើញធាតុ​សំខាន់ៗ​ទាំង​បី​នេះ​នៅក្នុង​គំនូរ​ខាង​លើ ។

នៅពេល​អ្នក​អាន នីហ្វៃទី ១ ៨:២២–៣៤ សូម​រកមើល​ធាតុ​សំខាន់ៗ​ទាំង​នេះ និង​អ្វី​ដែល​អ្នក​គិត​អំពី​និមិត្តរូប​នៃ​ធាតុ​សំខាន់ៗ​ទាំង​នេះ ។ អ្នក​ក៏​អាច​ចង់មើល « Lehi Sees an Iron Rod and Those Who Fall Away » ( ៣:៣០ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក សូម​គូរ​រូប​តំណាង​ដ៏​សាមញ្ញ​មួយ​អំពី​អ័ព្ទ​នៃ​សេចក្តី​ងងឹត និង​អគារ​ដ៏​ធំ និង​​ទូលាយ​នោះ ។

    • តើ​អ្នក​គិត​ថា​ធាតុ​សំខាន់ៗទាំង​នេះ​ពី​ការនិមិត្ត​របស់​លីហៃ​អាច​តំណាង​ឲ្យ​អ្វី ?

    ក្រោយ​មក នីហ្វៃ​បាន​ឃើញ​ក្នុង​ការនិមិត្ត​នូវ​អ្វី​ដែល​ឪពុក​របស់​លោក​បាន​ឃើញ ហើយ​បាន​ពន្យល់​អំពី​និមិត្តរូប​ទាំង​នេះ ។ សូម​អាន នីហ្វៃទី ១ ១២:១៧–១៨ ដើម្បី​មើល​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន ។ សូម​កត់ត្រា​អ្វី​ដែល​អ្នក​បាន​រៀន ។

    • តើ​អគារ​ដ៏​ធំ និង​ទូលាយ និង​អ័ព្ទ​នៃ​សេចក្តី​ងងឹត​មើល​ទៅ​មាន​លក្ខណៈ​ដូចម្ដេច​នៅ​សម័យ​យើង​នេះ ?

    • តើ​ឧបសគ្គ​ទាំង​នេះ​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​ផ្លូវ​ដោយ​របៀប​ណា​នា​ពេល​សព្វ​ថ្ងៃ​នេះ ?

    • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ដែល​សំខាន់​ដើម្បី​យល់​អំពី​ដំណើរ​ជីវិត​របស់​អ្នក ?

សូម​គិត​អំពី​ការល្បួង​ដែល​អ្នក​ប្រឈម​មុខ និង​របៀប​ដែល​អំនួត​អាច​ជះ​ឥទ្ធិពល​ដល់​អ្នក ។ សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​ការណ៍​ទាំង​នេះ​អាច​រំខាន​អ្នក ឬ​រារាំង​សមត្ថភាព​របស់​អ្នក​ក្នុង​ការមក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ។

ជំនួយ​ដែល​ព្រះ​ប្រទាន​ឲ្យ​យើង

នៅក្នុង​ការនិមិត្ត​របស់​លីហៃ ព្រះ​ក៏​បាន​រៀប​ចំ​វិធី​ដើម្បី​ជួយ​បុត្រាបុត្រី​របស់​ទ្រង់​ឲ្យ​មក​រក​ដើម​ឈើ​ផងដែរ ។ មាន « ផ្លូវ​តូច ហើយ​ចង្អៀត » ( នីហ្វៃទី ១ ៨:២០ ) ដែល​នាំ​ទៅ​ដល់​ដើម​ឈើ​នោះ ។ នៅតាម​ផ្លូវ ទ្រង់​បាន​ប្រទាន « ដំបង​ដែក » ដែល​ដឹក​នាំ​មនុស្ស ( នីហ្វៃទី ១ ៨:១៩, ២៤, ៣០ ) ។​

  • តើ​អ្នក​គិត​ថា​អ្វី​អាច​ជា​រឿង​សំខាន់​អំពី​ដំបង​ដែល​ធ្វើ​ពី​ដែក​នោះ ?

សូម​អាន នីហ្វៃទី ១ ១៥:២៣–២៥ ដើម្បី​ស្វែង​យល់​ពី​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​អំពី​អត្ថន័យ​នៃ​ដំបង​នោះ និង​ការសន្យា​របស់​លោក​អំពី​វា ។

  • តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​ចាប់​អារម្មណ៍​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ?

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​គូរ​រូប​ដំបង​ដែក ហើយ​សរសេរ​អ្វី​ដែល​វា​តំណាង​ឲ្យ ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​គឺ​ថា ប្រសិនបើ​យើង​ស្តាប់​តាម ហើយ​កាន់​ខ្ជាប់​នឹង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​ការល្បួង​របស់​មារសត្រូវ​នឹង​គ្មាន​ឥទ្ធិពល​លើ​យើង​ឡើយ ។

  • តើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះគម្ពីរ និង​ពាក្យ​ដែល​ព្យាការី​ទ្រង់​បាន​ថ្លែង​អាច​ផ្តល់​សុវត្ថិភាព និង​កម្លាំង​ក្នុង​អំឡុង​គ្រា​នៃ​ការល្បួង​ដោយ​របៀប​ណា ?

  • តើ​មាន​គំរូ​អ្វី​ខ្លះ​អំពី​របៀប​ដែល​ព្រះបន្ទូល​របស់​ព្រះ​អាច​ដឹកនាំ​យើង​ឲ្យ​ទទួល​បាន​ពរជ័យ និង​​អំណរ​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ?

  • តើ​សេចក្ដីពិត​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ?

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​សញ្ជឹង​គិត​ពី​កន្លែង​ដែល​អ្នក​កំពុង​នៅក្នុង​ការនិមិត្ត​នោះ ។ តើ​អ្នក​បាន​មក​រក​ព្រះអង្គសង្គ្រោះ​ដោយ​របៀប​ណា ហើយ​តើ​អ្នក​កំពុង​បន្តព្យាយាម​ដើម្បី​មក​រក​ទ្រង់​ដោយ​របៀប​ណា ? តើ​អ្នក​ប្រឈម​មុខ​នឹង​ការរំខាន និង​ការល្បួង​អ្វី​ខ្លះ ? តើ​ព្រះអម្ចាស់​ជួយ​អ្នក​តាមរយៈ​ព្រះបន្ទូល​របស់​ទ្រង់​យ៉ាង​ដូចម្តេច ?

សូម​ពិចារណា​វាយ​តម្លៃ​គោលដៅ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក និង​របៀប​ដែល​វា​កំពុង​ជួយ​អ្នក ព្រម​ទាំង​ការកែលម្អ ឬ​ការផ្លាស់ប្តូរ​ណា​មួយ​ដែល​អ្នក​ចង់​ធ្វើ ។ ប្រសិនបើ​អ្នក​គ្មាន​គោលដៅ​សិក្សា​ទេ សូម​ពិចារណា​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​ដាក់​គោលដៅ​នោះ ។