ថ្នាក់​សិក្ខាសាលា
បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ៖ មូលដ្ឋានគ្រឹះ​នៃ​សាសនា​របស់​យើង


« បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ៖ មូលដ្ឋាន​គ្រឹះនៃ​សាសនា​របស់​យើង » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

បុព្វកថា​នៃ​ព្រះ​គម្ពីរ​មរមន

មូលដ្ឋានគ្រឹះ​នៃ​សាសនា​របស់​យើង

រូបភាព
ក្មេងប្រុស​កំពុង​អាន​ព្រះគម្ពីរ

យ៉ូសែប ស្ម៊ីធ បាន​ហៅ​ព្រះគម្ពីរ​មរមន​ថា​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។ នៅក្នុង​គម្ពីរ​នេះ​គឺជា​ការអញ្ជើញ​ឲ្យ​ទូល​សួរ​ព្រះ​ថា​ព្រះគម្ពីរ​នេះ​ពិត​ឬ​អត់ ។ មនុស្ស​រាប់លាន​នាក់​បានធ្វើ​តាម​ការអញ្ជើញនេះ ហើយ​បានទទួល​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ពី​សេចក្តីពិត​នៃ​ព្រះគម្ពីរ​មរមន ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ជួយ​អ្នក​បង្កើន​បំណងប្រាថ្នា​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​មរមន​ជា​រៀង​រាល់ថ្ងៃ ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ភាពពិត​របស់​ព្រះគម្ពីរ​នេះ ។

ពរជ័យ​ពី​ព្រះគម្ពីរ​មរមន

  • តើ​ពរជ័យ​ខាងក្រោម​មួយ​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ? តើ​អ្នក​នឹង​ស្ម័គ្រចិត្ត​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​ពរជ័យ​ទាំងនេះ ?

    • សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុងការ​ស្តាប់​ព្រះសូរសៀង​របស់​ព្រះវិញ្ញាណ

    • ឆ្លើយ​ចំពោះ​សំណួរ និង​ទិសដៅ​សម្រាប់​ជីវិត​របស់អ្នក

    • សមត្ថភាព​កាន់តែ​ខ្លាំង​ក្នុងការ​ទប់ទល់​នឹង​ការល្បួង និង​អំពើ​អាក្រក់

ទាំងនេះ​ជា​ពរជ័យ​មួយ​ចំនួន​ដែល​អាច​ទទួល​បានពី​ការសិក្សា​ព្រះគម្ពីរ​មរមន ។

សូម​អាន ហើយ​ពិចារណា​ការគូសចំណាំ​សេចក្ដី​ថ្លែងការណ៍​ដោយ យ៉ូសែប ស្ម៊ីធ នៅក្នុង កថា​ខណ្ឌ​ទី ៦ ក្នុង​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​មក​ពី​សេចក្តី​ថ្លែងការណ៍​របស់​យ៉ូសែប ស្ម៊ីធ ?

មូលដ្ឋានគ្រឹះ​នៃ​សាសនា​របស់​យើង

រូបភាព
កំណោង​ទ្រ​សំណង់
  • ហេតុអ្វី​ថ្ម​នៅ​កណ្តាល​កំពូល​នៃ​កំណោង​ទ្រ​សំណង់ ( មូលដ្ឋានគ្រឹះ ) សំខាន់​ម៉្លេះ ? តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះកំណោង​ទ្រ​សំណង់​បើ​ដក​វា​ចេញ​នោះ ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​បង្រៀន ៖

ព្រះ​គម្ពីរមរមន​គឺជា​មូលដ្ឋានគ្រឹះ​ក្នុង​ភាពជា​សាក្សី​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​ផ្ទាល់​ជា​ថ្ម​ជ្រុងយ៉ាងឯក​ចំពោះ​អ្វី​ទាំងអស់​ដែល​យើង​ធ្វើ ។ វា​ធ្វើ​ជាសាក្សី​អំពី​ការពិត​របស់​ទ្រង់​ដោយ​អំណាច និង​ភាព​ច្បាស់លាស់។ …

…ព្រះគម្ពីរ​មរមន​គឺ​ជា​មូលដ្ឋាន​គ្រឹះនៃ​ទីបន្ទាល់ ។ ក៏​ដូច​ជា​កំណោង​ទ្រ​សំណង់​បាក់​ស្រុត​នៅពេល​មូលដ្ឋាន​គ្រឹះត្រូវបាន​ដកចេញ ក៏​ដូចគ្នា​នឹង​ការឈរ​ឡើង ឬ ការធ្លាក់​ចុះ​របស់​សាសនាចក្រ​ដែរ គឺ​វា​អាស្រ័យ​លើ​ភាពពេញលេញ​នៃ​ព្រះគម្ពីរ​មរមន​យ៉ាង​នោះដែរ ។ ( អែសរ៉ា ថាហ្វ បេនសុន « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៥, ៦ )

មូលដ្ឋាន​គ្រឹះនៃ​សាក្សី​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា​ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សាក្សី​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

អ្នក​និពន្ធ​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ថ្លែង​ទីបន្ទាល់​ជា​ប្រចាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​មើល​ពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​បាន​រកឃើញ​សេចក្ដី​យោង​អំពី​ព្រះយេស៊ូវគ្រីស្ទ​លើ​ទំព័រ​នៃ​គម្ពីរ​នេះ សូមមើល​វីដេអូ « Book of Mormon Experiment Honolulu » ( ២:៣៥ ) ។ វីដេអូ​នេះ​អាច​រកបាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​សកម្មភាព​ដូចតទៅ​នេះ ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម ។

សូម​ជ្រើសរើស​ទំព័រ​ណា​មួយ​ពី​ព្រះគម្ពីរ​មរមន ហើយ​រកមើល​រាល់​ឯកសារ​យោង​ទៅកាន់​ព្រះអង្គ​សង្គ្រោះ​នៅលើ​ទំព័រ​នោះ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វី​អំពី​ព្រះអង្គសង្គ្រោះ ?

  • តើ​វគ្គ​បទគម្ពីរ​អ្វី​ខ្លះ ដែល​អ្នក​បាន​រកឃើញ​ជួយ​អ្នក​ឲ្យ​យល់ ឬ​មាន​អារម្មណ៍​អំពី​ព្រះអង្គសង្គ្រោះ ?

សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ទទួល​បាន​ពរជ័យ​ដោយ​ការ​មាន​ទីបន្ទាល់​កាន់តែ​រឹងមាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ កាល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន សូម​រកមើល​ឯកសារយោង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ពី​អ្វី​ដែល​អ្នក​រៀន​អំពី​ទ្រង់ ។ កាល​ដែល​អ្នក​ធ្វើ នោះ​ចំណេះដឹង និង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ​នឹង​រីកចម្រើន ។

មូលដ្ឋាន​គ្រឹះនៃ​ទីបន្ទាល់​របស់​យើង

  • តើ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​មួយ​ណា​ដែល​ពិពណ៌នា​បាន​ល្អ​បំផុត​ពី​អារម្មណ៍​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន ?

    • ខ្ញុំ​ជឿជាក់​អ្នកដទៃ​ដែល​បាន​ទទួល​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​គេ ហើយ​បាន​អះអាង​ដល់​ខ្ញុំ​ថា​ព្រះគម្ពីរ​មរមន​ពិត ។

    • ខ្ញុំ​មិន​ប្រាកដ​ថា​តើ​ខ្ញុំ​ដឹង​ថា​ព្រះគម្ពីរ​មរមន​ពិត ឬ​អត់​ទេ ។

    • ខ្ញុំ​បាន​ទទួល​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះគម្ពីរ​មរមន​ពិត ។

  • ហេតុអ្វី​អ្នក​គិត​ថា​ព្រះវរបិតាសួគ៌​ប្រហែល​ជា​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ដឹង​ថា​ព្រះគម្ពីរ​មរមន​ពិត ?

សូម​អាន កថា​ខណ្ឌ​ទីពីរ​ដល់​ចុង​ក្រោយ នៅក្នុង​បុព្វកថា​ក៏​ដូចជា មរ៉ូណៃ ១០:៣–៥ ដោយ​រកមើល​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ដឹង​ថា តើ​ព្រះគម្ពីរ​មរមន​ពិត ឬ​អត់ ។

  • យោង​តាម​អ្វី​ដែល​អ្នក​អាន តើ​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា តើ​ព្រះគម្ពីរ​មរមន​ពិត ឬ​អត់​នោះ ?

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់​បាន​ចែកចាយ​ពី​របៀប​ដែល​ទីបន្ទាល់​របស់​លោក​អំពី​ព្រះគម្ពីរ​មរមន​បាន​រីកចម្រើន ខណៈពេល​ដែល​លោក​ចូលរៀន​ថ្នាក់សិក្ខាសាលា ។ អ្នក​ប្រហែលជា​ចង់មើល « The Coming Forth of the Book of Mormon » មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ១២:០៣ ដល់ ១៤:១២ ។

សូម​អាន កថាខណ្ឌ​ចុង​ក្រោយ នៅក្នុង​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ដោយ​រកមើល​អ្វី​ដែល​ចំណេះដឹង​ផ្សេង​ទៀត​មាន​មក​ជាមួយនឹង​ទីបន្ទាល់​នៃ​ព្រះគម្ពីរ​មរមន ។

  • តើ​ការមាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​សិក្សា​ព្រះគម្ពីរ​មរមន​រៀង​រាល់​ថ្ងៃ

ប្រធាន រ័សុល អិម ណិលសុន បាន​ផ្តល់​ការសន្យា​ដល់​យើង​ទាំងអស់​គ្នា ប្រសិនបើ​យើង​សិក្សា​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ​នោះ ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ឬ​មើល​វីដេអូ «The Book of Mormon: What Would Your Life Be Like without It? » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់​ពី​នាទី​ទី ១១:៥២ ដល់ ១៣:០៥ ។

ខ្ញុំ​សូម​សន្យា​ថា ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន រាល់​ថ្ងៃ ប្រកប​ដោយ​ការ​អធិស្ឋាន នោះ​អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រសើរ—រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​អ្នក​សញ្ជឹង​គិត​នូវ​អ្វី​ដែល​អ្នក​សិក្សា នោះ​បង្អួច​ស្ថានសួគ៌​នឹង​បើក​ឡើង ហើយ​អ្នក​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន និង​ការ​ដឹកនាំ​សម្រាប់​ជីវិត​អ្នក​ផ្ទាល់ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ អ្នក​អាច​ត្រូវ​បាន​ការ​ពារ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​នៃ​ថ្ងៃ​នោះ ជំងឺ​ដ៏​ធំ​នៃ​រូប​អាស​គ្រាម និង​ការ​ញៀន​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​គំនិត​ស្ពឹក ។

នៅ​ពេល​ដែល​ខ្ញុំ​ស្ដាប់​ឮ​មនុស្ស​ម្នាក់ រួម​ទាំង​ខ្លួន​ខ្ញុំ​ដែរ​ពោល​ថា « ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះគម្ពីរ​ពិត » ខ្ញុំ​ចង់​បន្លឺ​ឡើង​ថា « វា​ល្អ​ណាស់ ប៉ុន្តែ​នៅ​ពុំ​ទាន់​គ្រប់​គ្រាន់​ទេ ! » យើង​ត្រូវ​ចាំបាច់​មាន​អារម្មណ៍​ស៊ីជម្រៅ​នៅ​ក្នុង​« ជម្រៅចិត្ត » យើង ថា [ អាលម៉ា ១៣:២៧ ] ព្រះគម្ពីរមរមន​គឺ ពិត​ជា​បន្ទូល​របស់​ព្រះ ។ យើង​ត្រូវ​តែ​មាន​អារម្មណ៍​យ៉ាង​ស៊ី​ជម្រៅ​ថា យើង​នឹង​ពុំ​ចង់​រស់​នៅ​ដោយ​គ្មាន​ព្រះគម្ពីរ​នេះ​សម្បី​តែ​មួយ​ថ្ងៃ​ឡើយ ។ ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ )

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ចេញ​ពី​សេចក្តី​ថ្លែងការណ៍​នេះ ?

    • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការអញ្ជើញ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន​ជារៀង​រាល់ថ្ងៃ ?

ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​ធ្វើ​ដូច្នេះទេ សូម​ធ្វើ​ផែនការ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​តាម​រយៈ​ការ​សិក្សា​ព្រះគម្ពីរ​មរមន​ប្រចាំ​ថ្ងៃ ។ ឧទាហរណ៍ អ្នកអាច​កំណត់ថា​តើ​ក្នុង​មួយ​ថ្ងៃ​អ្នក​នឹង​សិក្សា​ប៉ុន្មាន​នាទី ។ អ្នក​អាច​រៀបចំ​ផែនការ​អំពី​របៀប​ដែល​អ្នក​អាច​ផ្តោត​លើ​អ្វី​ដែល​ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​ព្រះអង្គសង្រ្គោះ ។ សូម​គិត​អំពី​ឧបសគ្គ​ណា​មួយ​ដែល​អ្នក​ប្រហែល​ជា​ប្រឈម​នៅ​ក្នុង​ការសិក្សា​ប្រចាំ​ថ្ងៃ​របស់​អ្នក និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ទាំងនោះ ។