ឆ្នាំ ២០២៣
ដំណើរ​នៃ​ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​របស់យើង
ខែ កុម្ភៈ ឆ្នាំ ២០២៣


ព័ត៌មានក្នុងស្រុក

ដំណើរ​នៃ​ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​របស់យើង

ដំណើរ​របស់​ពួកយើង​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ កាល​ពី​ឆ្នាំ ១៨៤១ ។

កាល​ខ្ញុំ​នៅតូច ជីដូន​របស់ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ជា​ញឹកញាប់​អំពី​ដំណើររឿង​ជីតា​ទួត​របស់ខ្ញុំ ឈ្មោះ វិល្លាម វិតមែន ។ គាត់​រស់នៅ​ក្នុង​ក្រុង រ៉ាម៉ូស រដ្ឋ​អិលលីណោយ ជា​ក្រុង​តូច​មួយ​នៅ​ជិត​ទីក្រុង​ណៅវូ ។ យ៉ូសែប ស្ម៊ីធ​បាន​សុំ​ឲ្យ​គាត់​លក់​ចម្ការ​របស់គាត់​ដើម្បី​ទិញ​កញ្ចក់​សម្រាប់​ព្រះវិហារបរិសុទ្ធ​ណៅវូ ។

ជីដូន​របស់ខ្ញុំ​បាន​និយាយ​ថា បន្ទាប់​ពី​លោកតា វិល្លាម បាន​លក់​ចម្ការ​របស់គាត់​ហើយ គាត់​បានប្រគល់​ប្រាក់ទៅ​ឲ្យ​សាសនាចក្រ គាត់​ក៏​បាន​ទទួល​ការប្រសិទ្ធពរ​មួយ ដែល​ប្រាប់​ថា កូនចៅ​របស់គាត់ នឹង​ជា​អ្នក​សាងសង់​ព្រះវិហារបរិសុទ្ធ ។

ជីតា​របស់ខ្ញុំ គឺជា​អ្នក​សាងសង់​ផ្នែក​បំពង់ទឹក ដែល​ធ្វើ​ការ​ឲ្យ​ព្រះវិហារបរិសុទ្ធ​ជាច្រើន​នៅ​ក្នុង​ជីវិត​របស់​គាត់ ។

កូនប្រុស​របស់​លោក​ម្នាក់ បាន​ទៅ​ទីក្រុងឡូសអាន់ជើឡេស រដ្ឋ​កាលីហ្វូញ៉ា ហើយ​កូនប្រុស​ម្នាក់ទៀត​របស់គាត់ បាន​ទៅ​ប្រទេស នូវ ហ្សឺលែន ដើម្បី​ជួយ​សាងសង់​ព្រះវិហារបរិសុទ្ធ​ទាំង​នោះ ។

បន្ទាប់មក នៅ​ឆ្នាំ ១៩៨១ កូនប្រុស​ម្នាក់ទៀតរបស់​លោក និង​ឪពុក​របស់​ខ្ញុំ បាន​ទទួល​កិច្ចសន្យា​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ​នៅ​សាម័រ និង​តុងហ្គា​ ក្នុង​ពេល​ដំណាលគ្នា ។

ស្វាមីរបស់ខ្ញុំ ខេន និង​ខ្ញុំ​បាន​នាំ​កូនតូចៗទាំងបួននាក់​របស់យើង និង​បងប្រុស​ខ្ញុំ​ទៅកាន់ ភេសេហ្គា សាម័រ ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ​ទាំងនោះ ។ ខណៈ​ដែល​យើង​នៅទីនោះ កូនប្រុស​ទីប្រាំ​របស់យើង​បាន​កើត​មក ។ ខេន បានធ្វើ​ដំណើរ​ទៅ​តុងហ្គា​ជាញឹកញាប់ ពីព្រោះ​គាត់​ជា​អ្នក​គ្រប់គ្រង​គម្រោង​ព្រះវិហារបរិសុទ្ធ​ទាំងពីរនោះ ។

ព្រះវិហារបរិសុទ្ធទាំ​ងនោះ គឺជា​ព្រះវិហារបរិសុទ្ធទី ២២ និង​ទី ២៣ នៅក្នុង​សាសនាចក្រ ។ ហើយ​វា​ជាចំណែក​នៃ​ការ​ចាប់ផ្ដើម​នាំព្រះវិហារបរិសុទ្ធ​ទៅកាន់តែ​ជិត​នឹង​ពួកបរិសុទ្ធ ។ នេះ​គឺជា​ពរជ័យ​ដ៏ធំ​មួយ​ចំពោះ​សមាជិក​ជាច្រើន​ក្នុង​សាសនាចក្រ ដែល​ពុំអាច​មានលទ្ធភាព​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ទៅកាន់​ប្រទេសនូវហ្សឺលែន និងហាវ៉ៃ ដើម្បី​ទទួល​ពរជ័យ​ព្រះវិហារបរិសុទ្ធ​របស់ពួកគេ ។

ហើយ​រឿងនោះ​វាបាន​ចាប់ផ្ដើម​ឲ្យ​មាន​បទពិសោធន៍​នៃការផ្លាស់ប្ដូរជីវិត ដែល​មាន​ទាំងឧបសគ្គ ភាព​លំបាក និង​ភាពស្រស់ស្អាត​ ក្នុង​ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​សម្រាប់​គ្រួសារ​របស់ពួកយើង ។

នៅឆ្នាំ ២០០៣ ព្រះវិហារបរិសុទ្ធ​សាម័រ ត្រូវ​បាន​បំផ្លាញ​ដោយភ្លើង ខណៈ​ដែល​កំពុង​ធ្វើ​ការ​ជួសជុលកែលម្អ ។ យើង​ក៏​មានពរជ័យ​ដើម្បី​ត្រឡប់ទៅកាន់​សាម័រ​ជា​លើក​ទីពីរ​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ​នោះ​ឡើងវិញ ។

ដូច​ដែល​ប្រធានណិលសុន បាន​ប្រកាស​ឲ្យ​មាន​ព្រះវិហាបរិសុទ្ធ​កាន់តែ​ច្រើន​នៅលើ​សាកលោក នោះ​ពួក​យើង​ក៏​បាន​ពិចារណា​ធ្វើ​ការ​ដាក់ពាក្យ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង ។ នៅ​ក្នុង​សន្និសិទ​ខែ​មេសា ឆ្នាំ ២០១៩ ព្រះវិហារបរិសុទ្ធ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​អាមេរិកកាំង​សាម័រ និង​នីអៃហ្វុ តុងហ្គា ។ ពួកយើង​ក៏​រំភើប​ចិត្ត​ចំពោះ​ព្រះវិហារបរិសុទ្ធ​ទីពីរ​ដែល​ត្រូវ​សាងសង់​ឡើងនៅក្នុង​ជាតិសាសន៍​លើ​កោះ​ទាំងនេះ ។

ដោយសារ​តែ​បទពិសោធន៍​នៃ​ការ​សាង់សង់​ព្រះវិហារបរិសុទ្ធ​របស់​យើង​នៅក្នុង​ប្រទេស​ទាំងនេះ នោះ​ពួកយើង​ក៏​បាននិយាយ​ទៅកាន់​ការិយាល័យ​គម្រោងពិសេស និង​ព្រះវិហារបរិសុទ្ធ​របស់​សាសនាចក្រ អំពី​ការ​ទៅបេសកកម្ម​នៅក្នុង​ប្រទេស​មួយ​នៃ​ប្រទេសទាំងនេះ ធ្វើការ​នៅ​ទីតាំង​ព្រះវិហារបរិសុទ្ធ ។ ពួកគេ​បានប្រាប់​ពួកយើង​ថា ពួកគេ​នឹង​ពិចារណា​អំពី​រឿង​នេះ ពេល​ព្រះវិហារបរិសុទ្ធ​ទាំងនេះ​ទៅ​ដល់​ដំណាក់កាល​នោះ​នៅក្នុង​គម្រោង​របស់ពួកគេ ។ ដូច្នេះ​យើង​គួរ​តែ​រង់ចាំបន្ដិចសិន ។

នៅ​ជិត​ចុង​ឆ្នាំ ២០២១ ទាំងព្រះវិហារបរិសុទ្ធ​តុងហ្គា និង​សាម័រ បាន​ធ្វើ​ពិធីសម្ភោធ​បើក​ការដ្ឋាន​សាងសង់ ។ ​ការិយាល័យ​គម្រោងពិសេស និង​ព្រះវិហារបរិសុទ្ធ​របស់​សាសនាចក្រ បានប្រាប់​យើង​ថា ដោយសារតែ​កូវីត-១៩ នោះ​សមាជិក​ក្នុងមូលដ្ឋាន ត្រូវ​បាន​ហៅ​ឲ្យបម្រើ​ជា​អ្នកផ្សព្វផ្សាយសាសនា​សម្រាប់​ទីតាំង​ទាំងនោះហើយ ។ ពួកយើង​មានការ​សោកស្ដាយ និង​ខកចិត្តណាស់ ។

ក្រោយមក ពួកយើង​ក៏​បាន​សម្រេចចិត្ត​ដាក់ពាក្យ​បម្រើ​បេសកកម្ម​នៅលើ​គេហទំព័រ​សាសនាចក្រ ។ ពួកយើង​បាន​ផ្ញើរអ៊ីម៉ែលទៅកាន់​​ការិយាល័យ​គម្រោងពិសេស និង​ព្រះវិហារបរិសុទ្ធ​របស់​សាសនាចក្រ ដោយប្រាប់ពួកគេ​អំពី​អ្វី​ដែល​យើង​បាន​សម្រេចចិត្ត ។ នៅ​ថ្ងៃបន្ទាប់ ពួកយើង​ក៏បាន​ទទួល​ទូរសព្ទ​ថា ពួកគេ​ពិតជាចង់​ឲ្យពួកយើង​បម្រើ​នៅ​ទីតាំងព្រះវិហារបរិសុទ្ធ​មួយ ហើយ​មាន​ព្រះវិហារបរិសុទ្ធ​ជាច្រើន ។

ពួកយើង​មាន​ការ​ប្រជុំ​មួយ​ជាមួយ​នឹង​អ្នកគ្រប់គ្រង​មួយចំនួន​មកពី​​ការិយាល័យ​គម្រោងពិសេស និង​ព្រះវិហារបរិសុទ្ធ​របស់​សាសនាចក្រ ។ អ្នកគ្រប់គ្រង​គម្រោង​បានប្រាប់ពួកយើង​ថា ពួកគេ​ចង់​ផ្ដល់​អនុសាសន៍​ឲ្យ​ពួកយើង​បម្រើ​នៅ​ទីតាំង​ព្រះវិហារបរិសុទ្ធ​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រហែលជា​បួនខែ​ក្រោយមក ពួកយើង​ត្រូវ​បាន​ទទួល​ការ​ញែកចេញ​ដើម្បីធ្វើដំណើរ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ។ វា​ជាការ​អស្ចារ្យណាស់​ ដែល​ព្រះវរបិតាសួគ៌​បាន​អត់ធ្មត់ កាល​ដែលទ្រង់​រៀបចំ​មនុស្ស​ឲ្យ​ធ្វើ​កិច្ចការ​ងារ​របស់​ទ្រង់ ។

អែលឌើរ ប៊យ ខេ ផាកកឺ បាន​រៀបរាប់អំពី​រឿង​ប្រៀបធៀប​មួយ ដែល​មានឥទ្ធិពល​ទៅលើ​របៀប​ដែលយើង​ធ្វើ​ការ​នៅទីនេះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​មានប្រសាសន៍ថា « បុរស​ពាណិជ្ជករ​ម្នាក់​ដើរ​ស្វែង​រក​ទិញ​គ្រឿង​អលង្ការ​ដ៏មានតម្លៃ ក៏បាន​ជួប​នឹង​គុជ​ដ៏​ល្អឥតខ្ចោះ​នៅទីបំផុត » ។ គាត់​មាន​ជាង​ដ៏​ល្អឯកឆ្លាក់ប្រអប់​​គ្រឿង​អលង្ការ​ដ៏​ប្រណិតមួយ ហើយ​បាន​ដាក់ចង​បូរ​ខ្សែ​ពណ៌ខៀវ​ដ៏​ស្រស់ស្អាត ។ គាត់​បាន​ដាក់​គុជ​ដ៏​មានតម្លៃ​របស់គាត់​តាំង ដើម្បី​អ្នក​ផ្សេងទៀត​អាច​ឃើញ​ពី​រតនៈសម្បត្តិ​របស់​គាត់ ។ គាត់បានចាំមើល​ កាលដែលមនុស្ស​បាន​មកមើល​វា ។ រំពេច​នោះគាត់​បាន​បែរមុខចេញ ដោយ​ទឹកមុខ​ក្រៀមក្រំ ។ មនុស្ស​ទាំងនោះគេ​សរសើរ​ទៅលើ​ប្រអប់ ពុំមែន​កោតសរសើរគុជនោះទេ » ។

តាមរយៈ​បទពិសោធន៍ជាច្រើន​ឆ្នាំ​ដែលយើង​មាន​ក្នុង​ការ​សាងសង់​ព្រះវិហារបរិសុទ្ធ នោះ​ជាញឹកញាប់ យើង​បាន​មើល​ឃើញ​អគារ ប្រៀបដូចជា​ប្រអប់ ដែលអែលឌើរ ផាកកឺ បាន​ពិពណ៌នា​នោះ ។ ជាញឹកញាប់ ការ​ផ្ដោត​របស់យើង គឺមើល​ផ្ដោត​ទៅលើ​ក្បូរក្បាច់ចម្លាក់ ការរចនា មកពី​បង្អួច​ឆ្លាក់ដ៏ស្រស់ស្អាត​ និង​គ្រប់​ចំណុច​លម្អិត​នៃ​គ្រឿង​សង្ហារឹម ។ ឥឡូវ យើង​បាន​ដឹង​ថា អគារ​ព្រះវិហារបរិសុទ្ធ គឺ​ពុំ​មែនជា​ប្រអប់នោះទេ ប៉ុន្តែ​វា​គឺជា​ផ្នែក​មួយ​នៃ​គុជ​នោះ វាជាចំណែក​នៃ​បទពិសោធន៍​របស់​បងប្អូន កាល​បងប្អូនធ្វើ​សេចក្ដីសញ្ញា​នានា​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ដូច្នេះ​អ្វី​ដែលយើង​កំពុង​ធ្វើ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ពុំ​មែនគ្រាន់តែជា​ការសាងសង់​អគារ​ព្រះវិហារបរិសុទ្ធ​មួយ​នោះទេ ។ យើង​ក៏​នៅ​ទីនេះ​ដើម្បី​ជួយ​ស្ថាបនាមនុស្ស​ចូលព្រះវិហារបរិសុទ្ធ​ផងដែរ ។

យើង​ត្រូវ​បាន​ស្នើរសុំ​ដោយ​ប្រធានស្ដេក​ឲ្យ​បំពាក់បំប៉ន​ដល់​គណៈប្រធាន​យុវជន​យុវនារី​ ដើម្បី​ពួកគេ​អាច​ជួយ​ពង្រឹង​កម្មវិធី​យុវវ័យ​វួដនីមួយៗ​របស់ពួកគេ ។ នោះ​វា​នឹង​ជួយ​ដល់​យុវវ័យ​ខិត​មកកាន់តែជិត​នឹង​ព្រះគ្រីស្ទ ដើម្បី​ពួកគេ​នឹង​ត្រៀមខ្លួនជាស្រេច​ចូលព្រះវិហារបរិសុទ្ធ ។

ប្រធាន​បេសកកម្ម បាន​សុំ​ឲ្យ​ពួកយើង​ទៅ​សួរសុខទុក្ខ​សមាជិក​មិនសូវ​សកម្ម នៅក្នុង​វួដ​ដែលពួកយើង​ចូលរួម ។ នៅពេល​ពួកយើង​ទៅ​សួរសុខទុក្ខពួកគេ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​វួដ ពួកយើង​ពុំគ្រាន់តែអញ្ជើញអ្នក​ដែល​យើង​ទៅ​សួរសុខទុក្ខ​មកកាន់តែ​ជិត​ព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែ​ពួកយើង​ជួយ​ដល់​ថ្នាក់ដឹកនាំ​វួដ​ឲ្យយល់​កាន់តែ​ល្អប្រសើរ​អំពី​ពរជ័យ​នានា​ដែល​កើត​មានមកពី​ការ​ផ្ដល់ការងារ​បម្រើ​ទៅកាន់​សមាជិក​នៅក្នុង​វួដ​របស់ពួកគេផងដែរ ។ នោះ​វា​នឹង​ជួយ​ពួកគេ​ឲ្យ​ត្រៀមខ្លួនជាស្រេច​ដើម្បី​ចូល​ព្រះវិហារបរិសុទ្ធ ។

យើង​ក៏​និយាយ​ទៅកាន់​បុគ្គលម្នាក់ៗ​ដែល​យើងជួប ធ្វើ​ការ​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយសាសនា​វ័យ​ក្មេង និង​ជួនកាល​ផ្ដល់​បទបង្ហាញ​ជាមួយ​នឹង​គោលដៅ​ក្នុងការ​អញ្ជើញ​សមាជិក​ឲ្យមកកាន់តែ​ខិតជិត​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ពួកគេ​នឹង​រៀបចំខ្លួន​បាន​កាន់តែ​ល្អប្រសើរ​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ នៅពេល​ដែល​ត្រូវ​បាន​ឧទ្ទិស​ឆ្លង​រួច ។

យើង​ក៏​មានពរ​ដើម្បី​ធ្វើ​ការ​ជាមួយ​នឹង​ប៊ីស្សព ដូ វីរៈ ​ផងដែរ ។ គាត់គឺ​ជា​អ្នក​គ្រប់គ្រង​ទីតាំង​ការដ្ឋាន​ព្រះវិហារបរិសុទ្ធ​សម្រាប់​សាសនាចក្រ ។

យើង​អធិស្ឋាន​ជា​មួយ​កម្មករ​ធ្វើការ​នៅទីតាំង​ព្រះវិហារបរិសុទ្ធ​ជា​រៀងរាល់ថ្ងៃក្នុងមួយសប្ដាហ៍ៗ ។ យើង​អធិស្ឋាន​ជា​ភាសា​អង់គ្លេស​ចំនួន​បួន​ថ្ងៃក្នុងមួយអាទិត្យ ។ កម្មករ​ជាច្រើន​ពុំ​និយាយ​ភាសា​យើង​ទេ ប៉ុន្តែ​យើង​ជឿ​ថា​ព្រះវិញ្ញាណ​នឹង​បង្រៀន​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​ចាំបាច់​ត្រូវ​ដឹង ។

យើង​ពុំអាច​ប្រាប់ព័ត៌មាន​សំខាន់​ទៅសាធារណជន​អំពី​ទីតាំង​ព្រះវិហារបរិសុទ្ធ​ទេ ប៉ុន្តែ​មាន​បន្ទប់មួយ​ដែលកម្មករ​អាច​មក ហើយរៀន​អំពី​គោលបំណង​នៃ​ព្រះវិហារបរិសុទ្ធ—ថា​អគារ​ដែល​ពួកគាត់កំពុងធ្វើការសាងសង់នេះ គឺខុស​ពី​អគារ​ផ្សេងៗទៀត​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ។ អគារ​នេះគឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

យើង​ប្រាស្រ័យទាក់ទង​ជាមួយ​នឹង​កម្មករ​នៅ​ទីតាំងនោះជា​ទៀងទាត់ ហើយ​ថតរូប​ពួកគាត់​ដើម្បី​ដាក់​តាំង​នៅលើ​ជញ្ជាំង « អ្នក​ធ្វើ​ការ​ដ៏អស្ចារ្យ​របស់​យើង » ដែល​នៅ​ខាង​ក្រៅ​បន្ទប់​ព័ត៌មាន​អំពី​ព្រះវិហារបរិសុទ្ធ ។

ពួក​យើង​ស្រឡាញ់​មនុស្ស​ដែល​យើង​ធ្វើការ​ជាមួយ ហើយ​រៀន​មកពី​ពួកគាត់​ជា​រៀងរាល់ថ្ងៃ ។

ពួកយើង​កត់ត្រា​អំពី​អ្វី​ដែល​កើត​ឡើង​អំឡុង​ពេល​ធ្វើការ​សាងសង់នេះ ។ ពួកយើង​ថត​រូប​យ៉ាងច្រើន​ជា​រៀងរាល់សប្ដាហ៍ ដើម្បី​ទុក​ជា​ឯកសារនូវផ្នែក​ជាក់លាក់​អំពីកិច្ចការ កាល​ដែល​វា​កំពុង​ដំណើរការ ។ យើង​ថតរូប​អំពី​អ្វី​ៗ​ដែល​មានចំណាប់អារម្មណ៍​ជាទូទៅ​នៅក្នុង​ការសាងសង់នេះ ។ ពួកយើង​កត់ត្រា​អំពី​បទពិសោធន៍​ជាពិសេស ដែល​បង្ហាញ​អំពី​ព្រះហស្ត​របស់ព្រះ​នៅក្នុង​កិច្ចការ និង​នៅក្នុង​ជីវិត​របស់យើង ។ ពួកយើង​កំពុង​ប្រមូលផ្ដុំដំណើររឿង​របស់​អ្នក​ដែល​មានតួនាទី​ក្នុង​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ពេល​ការសាងសង់​ត្រូវបញ្ចប់ នោះ​ព្រះវិហារបរិសុទ្ធ​គឺ​ត្រូវ​ឧទ្ទិស​ឆ្លង ហើយ​សមាជិក​សាសនាសចក្របាន​រៀបចំខ្លួន​សម្រាប់​ព្រះវិហារបរិសុទ្ធ​នេះ បន្ទាប់មក​ព្រះវិហារបរិសុទ្ធ​នេះ​នឹង​ក្លាយជា​ពរជ័យ​មួយ​ចំពោះប្រទេស​កម្ពុជា​ និង​មនុស្ស​ទាំងអស់​ដែល​រស់នៅទីនេះ ។

ព្រះវិហារបរិសុទ្ធ​នឹង​ជា​ពរជ័យ​ដ៏ពិសេស​ចំពោះ​សមាជិក​នៃ​សាសនាចក្រ ។ ប្រធានណិលសុន បាន​មានប្រសាសន៍​ថា « ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ និង​សេចក្ដីសញ្ញា​នានា ដែលអ្នកបានធ្វើ​នៅ​ទីនោះ គឺជា​គន្លឹះ​ដើម្បី​ពង្រឹង​ដល់ជីវិត​របស់អ្នក អាពាហ៍ពិពាហ៍ និងគ្រួសារ​របស់អញនក ហើយ​អ្នកមានលទ្ធភាព​ដើម្បី​តស៊ូ​នឹង​ការ​វាយប្រហារ​របស់​មារសត្រូវ ។ ការ​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​របស់អ្នក និង​ការ​បម្រើ​របស់អ្នកនៅទីនោះ​សម្រាប់​ជីដូនជីតា​របស់អ្នក​នឹង​ប្រទានពរ​ដល់អ្នកនូវ​វិវរណៈផ្ទាល់ខ្លួន​ និងភាពសុខសាន្ដកាន់តែ​ច្រើន ហើយ​វា​នឹង​ពង្រឹង​ដល់​ការតាំងចិត្ត​របស់អ្នក​ដើម្បី​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា » ។

ពួកយើង​ថ្លែង​ទីបន្ទាល់​ជាមួយ​នឹង​ប្រធាន​ណិលសុនថា « ពេល​មានការឧទ្ទិសឆ្លង​ព្រះវិហារបរិសុទ្ធ​ថ្មី​នីមួយៗ នោះ​មានព្រះចេស្ដា​របស់ព្រះ​បន្ថែមទៀត​កើត​មាននៅក្នុងពិភពលោក​នេះដើម្បីពង្រឹងយើង និង​ទប់ទល់​រាល់​កម្លាំង​ដ៏​ខ្លាំង​របស់​​មារសត្រូវ » ។

ពួកយើង​មានពរណាស់​ដើម្បី​មក​នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា ហើយធ្វើការ​នៅក្នុងទីតាំង​ព្រះវិហារបរិសុទ្ធ​ជារៀងរាល់ថ្ងៃ ។ ពួកយើង​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ ។ ពួកយើង​ស្រឡាញ់​ព្រះវិហារបរិសុទ្ធ និង​រៀបប​ដែល​ព្រះវិហារបរិសុទ្ធ​ប្រទានពរ​ដល់​ពួកយើង គ្រួសារ​របស់យើង និង​មនុស្សគ្រប់រូប​ដែលនៅជុំវិញយើង៕