ឆ្នាំ ២០២៣
ធនធាន​សម្រាប់​យុវវ័យ និងកុមារ
ខែ កុម្ភៈ ឆ្នាំ ២០២៣


« ធនធាន​សម្រាប់​យុវវ័យ និង កុមារ » លីអាហូណា ខែ កុម្ភៈ ឆ្នាំ ២០២៣ ។

សារលិខិត លីអាហូណា ប្រចាំ ខែ ​កុម្ភៈ ឆ្នាំ ២០២៣

ធនធាន​សម្រាប់​យុវវ័យ និងកុមារ

រូបភាព
ឪពុក​ម្តាយ​កំពុង​អាន​ព្រះគម្ពីរ​ជាមួយ​កូន​ប្រុស

ឪពុក​ម្តាយ​មានការ​ទទួល​ខុសត្រូវ​ជា​ចម្បង​ក្នុង​ការបង្រៀន​ដល់​កូនៗ​របស់​ខ្លួន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​មាន អង្គការ កម្មវិធី និង​ធនធាន​ផ្សេងៗ​ដើម្បី​ជួយ​ឳពុក​ម្តាយ​នៅ​ក្នុង​កិច្ច​ខិតខំ​របស់ពួក​លោក ។ ឳពុកម្តាយ ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ រួម​ជាមួយ និង មិត្តភក្តិ​អាចជួយកុមារ និង​ក្មេងៗ​ទាំងអស់​ចូល​មក​រក​ព្រះគ្រីស្ទ ។

រូបភាព
កុមារ​អង្គការ​បឋមសិក្សា

ថតរូប​ដោយ ប៊េន ចនសុន

អង្គការ​បឋមសិក្សា

អង្គការ​បឋមសិក្សា​គឺ​ជា​អង្គការ​របស់​សាសនាចក្រ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ១៨ ខែ ដល់ ១១ ឆ្នាំ ។ នៅក្នុង​អង្គការ​បឋមសិក្សា កុមារ​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ តាមរយៈ​មេរៀន តន្ត្រី និង​សកម្មភាព​នានា ។ អង្គការ​បឋមសិក្សា​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ពួកគេ​បាន ។

កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង ថ្នាក់​យុវនារី

ចាប់ផ្តើម​នៅ​ខែ​មករា នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ដល់​អាយុ ១២ ឆ្នាំ ពួកគេ​និង​ផ្លាស់​ពី​អង្គការ​បឋមសិក្សា​ចូលទៅ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​( សម្រាប់​ក្មេងប្រុស ) ឬ ថ្នាក់​យុវនារី ( សម្រាប់​ក្មេងស្រី ) ។ នៅក្នុង​កូរ៉ុម និង​ថ្នាក់​របស់​ពួកគេ យុវវ័យ​បន្ត​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ និង​បម្រើ​អ្នកដទៃ ។

រូបភាព
រូបភាព​គូរដោយដៃ

កម្មវិធី​កុមារ និង​យុវវ័យ​

នៅក្នុង​យុវវ័យ​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ « ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជាទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ( លូកា ២:៥២ ) ។ កម្មវិធី​កុមារ និង​យុវវ័យ​អាច​ជួយ​ដល់​សមាជិក​នៃ​សាសនាចក្រ​ក្មេងៗ​ឲ្យ​ធ្វើ​តាមគំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​រៀន និង​រីកចម្រើន​នៅគ្រប់​ផ្នែក​នៃជីវិត​របស់​ពួកគេ—ទាំង​ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​ប្រាជ្ញា ។

ទស្សនាវដ្តី​សាសនាចក្រ

ទស្សនាវដ្តី​ប្រិយមិត្ត ជា​ទស្សនាវដ្តី​សាសនាចក្រ​សម្រាប់​កុមារ ។ ដើម្បី​កម្លាំង​នៃ​យុវជន គឺជា​ទស្សនាវដ្ដី​សម្រាប់​តែ​យុវវ័យ​ប៉ុណ្ណោះ ។ ទស្សនា​វដ្ដី​ទាំងនេះ​រួមមាន​ដំណើរ​រឿង ការបង្រៀន និង​សកម្មភាព​នានា ដែល​សរសេរ​ជាពិសេស​សម្រាប់​កុមារ និង​ក្មេង​ជំទង់ ។

រូបភាព
ក្រប​សៀវភៅ​ណែនាំ​ជា​ភាសា​អេស្ប៉ាញ

សៀវភៅ​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន

ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស​បង្រៀន​យុវវ័យ​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ។ វា​បង្រៀន​ពួកគេ​ពី​របៀប​ធ្វើ​ការសម្រេច​ចិត្ត​ដែល​នឹង​ជួយ​ពួកគេ​ដើរតាម​ព្រះយេ​ស៊ូវគ្រីស្ទ ។ វាក៏រួម​បញ្ចូល​ចម្លើយ​ចំពោះ​សំណួរ​ដែល​យុវវ័យ​អាច​មាន​អំពី​របៀបរស់​នៅតាម​ដំណឹងល្អ​ផងដែរ ។

បណ្ណាល័យ​ដំណឹង​ល្អ

បណ្ណាល័យ​ដំណឹងល្អ​មាន​ធនធាន​ឌីជីថល​ជាច្រើន រួមទាំង​វីដេអូ តន្ត្រី ដំណើរ​រឿង​នៃ​ព្រះគម្ពីរ និង​សកម្មភាព​នានា ។ វាក៏រួម​បញ្ចូល​ធនធាន​ដើម្បី​ជួយ​ឳពុក​ម្តាយ និង​ថ្នាក់​ដឹកនាំ​បង្រៀន​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ផងដែរ ។ ធនធាន​ទាំង​នេះ​មាន​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ​នៅលើ​គេហទំព័រ ChurchofJesusChrist.org និង​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

សន្និសីទ FSY

នៅក្នុង​ឆ្នាំ​ដែល​ពួកគេ​ចាប់ផ្តើម​ឈានដល់​អាយុ ១៤ ឆ្នាំ នោះ​យុវវ័យ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​សន្និសីទ ដើម្បី​កម្លាំង​នៃ​យុវជន ( FSY ) ។ ព្រឹត្តិការណ៍​ទាំងនេះ​រួមមាន​សកម្មភាព​នានា និង​ថ្នាក់​រៀន​ដែល​ជួយ​ពង្រឹង​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ជួយ​យុវជន​ឲ្យ​រីក​ចម្រើន​ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​ប្រាជ្ញា ។