២០១៧
សំណួរ​ចំនួន​ប្រាំ​ដែល​ត្រូវសួរ នៅពេល​ទទួល​អារម្មណ៍​ថា​ការអធិស្ឋាន​ពុំ​បាន​ទទួល​ចម្លើយ
January 2017


សំណួរ​សំណួរចំនួន​ប្រាំ ដែល​ត្រូវសួរ នៅពេល​ទទួល​អារម្មណ៍​ថា​ការអធិស្ឋាន​ពុំ​បាន​ទទួល​ចម្លើយ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​នូវ យ៉ោក ស.រ.អា. ។

រូបភាព
Questions about prayer

តើ​អ្នក​ធ្លាប់​អធិស្ឋាន ហើយ​រង់ចាំ​ចម្លើយ​ដែល​ទំនង​ជា​មិន​ទទួល​បាន​ចម្លើយ​នោះ​ដែរ​ឬ​ទេ ? អ្នក​មិននៅ​តែ​ឯង​នោះ​ទេ—ប៉ុន្តែ​អ្នក​អាច​ប្រាកដ​ថា ព្រះវរបិតាសួគ៌​ពិត​ជា​ព្រះសណ្តាប់​ការអធិស្ឋាន​របស់​អ្នក ។ វា​សំខាន់​ដើម្បី​ចាំ​ថា ចម្លើយ​ពុំ​អាច​កើត​ឡើង នៅពេលតាម​របៀប ដែល​អ្នក​ចង់​បាន​នោះ​ឡើយ ហើយ​ថា​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ទ្រង់​តែងតែ​ជ្រាប​ដឹង​ច្បាស់​បំផុត ។

នេះ​គឺ​ជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​អាច​សួរ​ខ្លួន​អ្នក នៅពេល​អ្នក​មាន​ការលំបាក​ក្នុងការ​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន ៖

១. តើ​ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្ប​អនុវត្ត​តាម​ចម្លើយ​នោះ​ហើយ​ឬ​នៅ ?

ការអធិស្ឋាន​ដោយ​សេចក្តីជំនឿ​មាន​ន័យ​ថា ជា​ការត្រៀម​ខ្លួន​រួចជា​ស្រេច ដើម្បី​អនុវត្ត​តាម​ចម្លើយ​ដែល​អ្នក​ទទួល—ទោះ​បី​ចម្លើយ​នោះ​ជា​ចម្លើយ​ដែល​អ្នក​រំពឹង​ចង់​បាន ឬ មិន​ចង់​បាន​ក្តី ។ មាន​គ្រា​មួយ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​ការណែនាំ​ដូច​នេះ ៖ « ចូរ​ត្រៀម​ចិត្ត​ដើម្បី​ទទួល ហើយ​គោរព​តាម​ការ​បង្គាប់​ទាំង​ឡាយ ដែល​យើង​កំពុងតែ​នឹង​ប្រាប់​ដល់​អ្នក​ចំពោះ​អស់​អ្នក​ណា​ដែល​ក្រឹត្យ​វិន័យ​នេះ​បាន​បើក​សម្ដែង​ដល់​ពួក​គេ នោះ​ត្រូវ​គោរព​តាម​ក្រឹត្យ​វិន័យ​នេះ​ដូច​គ្នា » ( គ. និង ស. ១៣២:៣ ) ។ ប្រសិនបើ​អ្នក​អធិស្ឋាន​ថា តើ​អ្នក​គួរតែ​ចូលរួម ឬ មិន​ចូលរួម​ពិធី​ជប់លៀង តើ​អ្នក​នឹង​ធ្វើតាម​ដែរ​ឬ​ទេ បើ​ទោះបី​ជា​ចម្លើយ​នោះ ( ឆ្លើយ​ថា​អត់​ក្តី ) ?

២. តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ដែរ​ឬ​ទេ ?

ឥឡូវ​នេះ​ឧបមា​ថា អ្នក​ពុំ​បាន​សិក្សា​សម្រាប់​ការប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​របស់​អ្នក​ឡើយ ដោយសារ​អ្នក​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​អ្នក​ទៅវិញ ។ តើ​ព្រះវរបិតាសួគ៌​នឹង​ជួយ​អ្នក​ប្រឡង​ជាប់​ដែរ​ឬ​ទេ ប្រសិនបើ​អ្នក​គ្រាន់តែ​ទូលសូម​ជំនួយ​ពី​ទ្រង់​នោះ ?

យើង​ត្រូវ​ធ្វើ​នូវ​ចំណែក​របស់​យើង ដើម្បី​ទទួល​បាន​ពរជ័យ ។ ដូច្នេះ​នៅ​ពេល​សិក្សា​សម្រាប់​ការប្រឡង អ្នក​អាច​អធិស្ឋាន​សូម​កម្លាំង​ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ល្អ ស្រប​តាម​ការរៀបចំ​របស់​អ្នក ។

សូម​ពិចារណា​អំពី​គំរូ​របស់​បុត្រា​ម៉ូសាយ ដែល​មាន​ជោគជ័យ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ នៅពេល​ពួកគេ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​កិច្ចការ​ខ្លួន ៖ « ពួកគេ​បាន​ប្រគល់​ខ្លួន​ទៅ​ក្នុង​ការ​អធិស្ឋាន និង ការ​តមអាហារ​ជាច្រើន ហេតុដូច្នេះហើយ ពួកគេ​ប្រកប​ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង វិញ្ញាណ​នៃ​វិវរណៈ ហើយ​កាល​ណា​គេ​បង្រៀន គឺ​គេ​បង្រៀន​ដោយ​អានុភាព និង សិទ្ធិ​អំណាច​ពី​ព្រះ » ( អាលម៉ា ១៧:៣ ) ។

៣. តើ​ខ្ញុំ​បាន​អើពើ​នឹង​ចម្លើយ​នោះ​ឬ ?

ព្រះវរបិតាសួគ៌​ព្រះ​សណ្តាប់​អ្នក​ជានិច្ច ដូច្នេះ​វា​អាច​ទៅ​រួច​ដែល​ទ្រង់​បាន​ឆ្លើយ​តប​ចំពោះ​ការអធិស្ឋាន​របស់​អ្នក​ហើយ ។ ដូច​មាន​ចែង​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦:១៤ « ដរាប​ណា​អ្នក​សូម​ជា​ញឹកញាប់ នោះ​អ្នក​បាន​ទទួល​ការបង្គាប់​ពី​ព្រះវិញ្ញាណ​របស់​យើង » ។ អ្នក​អាច​អធិស្ឋាន​ទូលសូម​កែវ​ភ្នែក​ខាង​វិញ្ញាណ ដើម្បី​ទទួលស្គាល់​ចម្លើយ ដោយសារ​ជួនកាល​ការអធិស្ឋាន​បាន​ឆ្លើយ​តប​តាម​របៀប​ជំនួស ឬ មិន​ដោយ​ផ្ទាល់​ឡើយ—ដូច​ជា​តាមរយៈ​ទង្វើ​ពី​មនុស្ស​ដទៃ​ជាដើម ។

ហើយ​សូម​កុំ​ភ្លេច​ឆ្លៀត​ពេល​ស្តាប់​ផងដែរ ។ អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨-២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ដូចនេះ ៖ « ចម្លើយ [ របស់​ព្រះវរបិតាសួគ៌ ] កម្រ​នឹង​កើត​ឡើង​ណាស់ ខណៈ​ដែល​អ្នក​កំពុង​តែ​លុត​ជង្គង់​អធិស្ឋាន​នោះ ។ …តែ​ទ្រង់​នឹង​បំផុស​គំនិត​អ្នក​នៅក្នុង​គ្រា​ដ៏​ស្ងប់ស្ងាត់​នានា ពេល​ដែល​ព្រះវិញ្ញាណ​អាច​រំជួល​ដល់​គំនិត និង ដួងចិត្ត​អ្នក​យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត » ( « Using the Supernal Gift of Prayer » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៩ ) ។

៤. តើ​បំណង​ប្រាថ្នា​របស់​ខ្ញុំ​សុចរិត​ដែរ​ឬ​ទេ ?

ប្រសិនបើ​អ្នក​ទូល​សូម​អ្វី​មួយ​ដែល​អ្នក​មិន​ចាប់​អារម្មណ៍​ខ្លាំង វា​ទំនង​ថា​ការស្នើសុំ​របស់​អ្នក​មិន​ត្រូវបាន​ផ្តល់​ឲ្យ​ឡើយ ។ ព្រះ​អង្គ​សង្គ្រោះ​បាន​បង្រៀន​យើង​ថា « ត្រូវ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​នូវ​នាម​នៃ [ ព្រះយេស៊ូវគ្រីស្ទ ] ជានិច្ច » ( នីហ្វៃទី៣ ១៨:១៩ ) ដែល​បាន​ផ្តល់​យោបល់​ថា យើង​សូម​អ្វី​ដែល​ត្រឹមត្រូវ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល ។ សូម​សួរខ្លួន​ឯង​ថា « តើ​ព្រះអង្គសង្គ្រោះ​មាន​ព្រះទ័យ​បែប​ណា​ចំពោះ​ការចង់​បាន​របស់​ខ្ញុំ » ? ប្រសិនបើ​បំណងប្រាថ្នា​របស់​អ្នក​ផ្តោត​ខ្លាំង​លើ​ភាពអាត្មានិយម ឬ កិច្ចការ​ផ្សេងៗ​ដែល​ទុច្ចរិត នោះ​សូម​អធិស្ឋាន​ឲ្យ​មាន​ការផ្លាស់ប្តូរ​ចិត្ត ហើយ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​មាន​ព្រះទ័យ​ចំពោះ​អ្នក ។

៥. តើ​វា​ជា​ពេលវេលា​ត្រឹមត្រូវ​ដែរ​ឬ​ទេ ?

អ្វី​ដែល​យើង​ទូលសូម​អាច​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ពេលវេលា​មិន​ទាន់​ដល់​ពេល​នៅឡើយ ។ ព្រះវរបិតាសួគ៌​មាន​ផែនការ​មួយ​ដ៏​មហិមា​សម្រាប់​យើង ប៉ុន្តែ​ជួនកាល​កាល​វិភាគ​របស់​យើង​ខុស​ផ្សេង​ពី​ទ្រង់​បន្តិច ។ « ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ពិត ហើយ​នឹង​មិន​ខាតបង់​ឡើយ ។ … ប៉ុន្តែ​គ្រប់​ទាំង​អស់​ត្រូវ​តែ​កើត​ឡើង តាម​ពេល​របស់​វា » ( គ. និង ស. ៦៤:៣១–៣២ ) ។ វា​អាច​មាន​ន័យ​ថា​ជា​ការរង់ចាំ​បន្តិច​ទៀត សម្រាប់​ឲ្យ​របួស​នោះ​បាន​ជា ឬ សត្វ​ចិញ្ចឹម​ដែល​បាត់​នោះ​អាច​រក​ឃើញ​វិញ ហើយ​ជួលកាល​ពេលវេលា​របស់​ព្រះអម្ចាស់​រួមមាន​ដល់​ទៅ​ជីវិត​បន្ទាប់​នេះ​ផងដែរ—ប៉ុន្តែ​អ្នក​អាច​ដឹង​ប្រាកដ​ថា ទ្រង់​នឹង​ស្តាប់ ហើយ​ជួយ​អ្នក​ជា​រៀង​តទៅ ។

វា​អាច​ពិបាក​ដើម្បី​អត់ធ្មត់ ជាពិសេស​នៅពេល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​អ្នក​មិន​បង្ហាញ​ជាក់ច្បាស់​នោះ ។ ប៉ុន្តែ​នៅពេល​អ្នក​ស្រាវជ្រាវ នោះ​អ្នក​អាច​មាន​ចិត្ត​ក្លាហាន​ក្នុង​ការដឹង​ថា អ្នក​នឹង​រកឃើញ​ចម្លើយ​ដែល​អ្នក​ត្រូវការ​ជានិច្ច ប្រសិនបើ​អ្នក​ស្វែងរក​វា​ដោយ​ស្មោះ​អស់​ពី​ចិត្ត ៖ « ឯង​រាល់​គ្នា​នឹង​ស្វែង​រក​យើង ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​យើង​ឲ្យ​អស់​អំពី​ចិត្ត » ( យេរេមា ២៩:១៣ ) ។