២០១៧
តម្លៃ​របស់ មិន ជុន
January 2017


តម្លៃ​របស់ មិន ជុន

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ ខូឡូរ៉ាដូ ស.រ.អា. ។

« ព្រះយេស៊ូវ​ជា​សម្លាញ់​យើង ។ … កុមារ​គួរ​ស្រឡាញ់ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៧ ) ។

មិន ជុន​បាន​មើល​ពពក​នៅ​ខាង​ក្រៅ​បង្អួច ។ គាត់​និយាយ​ថា « វា​មើល​ទៅ​ទំនង​ជា​មាន​ភ្លៀង​នៅ​ថ្ងៃ​ស្អែក » ។

លោក​តា​បាន​ងាក​មុខ​ចេញ​ពី​ការអាន​កាសែត ហើយ​សំឡឹង​មើល​ទៅ​លើ​មេឃ ហើយ​ងក់​ក្បាល ។ វា​គឺ​ជា​ចុង​រដូវ​ក្តៅ​នៅ​ក្នុង​ទីក្រុង សេអ៊ូល ប្រទេស កូរ៉េ ហើយ​រដូវ​វស្សា​បាន​ចាប់ផ្តើម ។

មិន ជុន បាន​រៀបចំ​ឆត្រ​ដាក់​នៅ​ក្បែរ​សម្លៀកបំពាក់​សម្រាប់​ពាក់​ថ្ងៃ​អាទិត្យ ។ « ចៅ​គិតថា ថ្ងៃ​ស្អែក​ពួកយើង​គួរតែ​ចេញ​ដំណើរ​ពី​ព្រលឹម » ។

លោក​តា​បាន​ញញឹម ។ « គំនិត​ល្អ ។ យើង​នឹង​ត្រូវ​ដើរ​ផ្លូវ​ឆ្ងាយ ប្រសិនបើ​ផ្លូវ​ដែល​ទាបៗ​នោះ​លិច​ទឹក » ។

« តើ​លោក​តា​គិតថា​អគារ​សាសនាចក្រ​នឹង​គ្មាន​បញ្ហា​អ្វី​ទេ​មែន​ទេ ? » មិន ជុន បាន​សួរ ។ ឆ្នាំ​មុន​នៅ​បន្ទប់​ក្រោម​ដី បាន​លិច​ទឹក​អំឡុង​រដូវ​វស្សា ។

លោក​តា​បាន​និយាយ​ថា « មែនហើយ » ។ « ប៉ុន្តែ​វា​មិន​ពិបាក​ឡើយ​ដើម្បី​អធិស្ឋាន​នោះ » ។

« ដូច្នោះ​ចៅ​នឹង​អធិស្ឋាន​សម្រាប់​ព្រះវិហារ​នា​រាត្រី​នេះ ។ ហើយ​យើង​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​ដោយ​សុវត្ថិភាព ។ ចាល យ៉ា យ៉ូ ( រាត្រី​សួស្តី ) » ។ មិន ជុន បាន​ឱន​ក្បាល ហើយ​ចូល​ដេក ។

នៅពេល​ព្រឹក​ឡើង ពួកគេ​បាន​ចេញ​ពី​ផ្ទះ​ពី​ព្រឹក​ព្រលឹម ។ មិន ជុន បាន​ងើយ​មើល​ទៅ​ពពក​ខ្មៅ​ដែល​គ្រប​ដណ្តប់​ពេញ​ផ្ទៃ​មេឃ ។

លោកតា​បាន​និយាយ​ថា « ចូរ​មាន​សេចក្តី​ជំនឿ​ចុះ » ។

មិន ជុន បាន​ដើរ​តាម​លោក​តា​តាម​ជណ្តើរ​តូច​ដែល​មាន​បង្កាន់​ដៃ​នៅ​លើ​កូន​ភ្នំ​ក្បែរ​ផ្ទះ​របស់​ពួកគេ ។ ពួកគេ​បាន​ឈប់​សម្រាក​នៅ​លើ​កំពូល​នោះ​ដើម្បី​យក​កម្លាំង ។ សំណើម​ដ៏​ច្រើន​នៅក្នុង​បរិយាកាស​បាន​ធ្វើ​ឲ្យ​អាវ-ស​របស់​ពួកគេ​សើម ។

លោក​តា​បាន​លា​ដៃ​ប៉ះ​តំណក់​ទឹក​ភ្លៀង​ដំបូង ។ « តើ​ចៅ​មាន​ប៉ះ​ទឹក​ភ្លៀង​ទេ ? ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ហើយ » ។

ពួកគេ​បាន​បាំង​ឆត្រ ។ នៅពេល​ពួកគេ​បាន​ឡើង​ទៅដល់​ជណ្តើរ​បន្ទាប់ ភ្លៀង​បាន​ធ្លាក់​កាន់តែ​ខ្លាំង ។ មិន ជុន​បាន​មើល​គ្រប់​ជំហាន​ដែល​ដើរ​កាត់​ភ្លៀង ។ « អូ៎យ ! » គាត់​បាន​ស្រែក នៅពេល​គាត់​រអិលដួល ហើយ​ជង្គង់​គាត់​ដួល​ប៉ះ​ដី ។

« តើ​ចៅ​ឈឺ​ឬ​ទេ ? » លោក​តា​បាន​សួរ ។ គាត់​បាន​ឈ្ងោក​មើល​ស្នាម​រហែក​នៅ​លើ​ខោ​របស់​មិន ជុន ។

មិន ជុន បាន​និយាយ​ដោយ​សំឡេង​ញ័រៗ​ថា « វា​គ្រាន់តែ​ជា​ស្នាម​រលាត់​ទេ » ។

លោក​តា​បាន​និយាយ​ថា « យើង​អាច​ដេរ​ខោ​នេះ​នៅ​ព្រះវិហារ​បាន » ។

មិន ជុន និង លោក​តា​បាន​បន្ត​ឡើង​ជណ្តើរ ហើយ​បត់​ទៅ​តាម​ផ្លូវ​ខាង​លើ ។

លោកតា​បាន​និយាយ​ដោយ​បិត​ឆត្រ​វិញ​ថា « ខ្យល់​បក់​ខ្លាំង​ណាស់​នៅ​ខាង​លើ​នេះ » ។ មិន ជុន ក៏​ពិបាក​នឹង​កាន់​ឆត្រ​របស់​គាត់​ដែរ ។ រំពេច​នោះ ខ្យល់​បាន​បក់​យ៉ាង​ខ្លាំង ហើយ​បាន​ធ្វើ​ឲ្យ​ឆត្រ​រលាត់​ឡើង រហែក​តាម​ថ្នេរ​របស់​វា ។ មិន ជុន បាន​ទម្លាក់​ស្មា​ចុះ​ដោយ​អស់​សង្ឃឹម ។

លោក​តា​បាន​កាន់​ឆត្រ​ឲ្យ​គាត់ ។ « ចូល​មក​ជ្រក​ជាមួយ​តា​មក ។ យើង​ជិត​ដល់​ព្រះវិហារ​ហើយ » ។

មិន ជុន និង លោក​តា​បាន​ជ្រក​ក្រោម​ឆត្រ​ជាមួយ​គ្នា ប៉ុន្តែ​ពួកគេ​នៅតែ​ទទឹក​ភ្លៀង​ដែល​បន្ត​ធ្លាក់​ឥត​ឈប់​នោះ ។ នៅពេល​ពួកគេ​បាន​ដើរ​ជិត​ដល់​ព្រះវិហារ មិន ជុន បាន​ឮ​សំឡេង​តន្ត្រី ។

« ពួកគេ​បាន​ចាប់​ផ្តើម​ប្រជុំ​ហើយ ! » មិន ជុន​បាន​រត់​ទៅ​ទ្វារ​មុខ ។ ក្រោយ​មក​គាត់​បាន​ឃើញ​ស្រមោល​របស់​គាត់​នៅ​ក្នុង​កញ្ចក់ ។ សក់​គាត់​ប្រែ​ជា​កន្ទ្រើង ស្រក់​ទឹក​តក់ៗ ខោ​របស់​គាត់​បាន​រហែក ហើយ​ស្បែក​ជើង​គាត់​ប្រឡាក់​ភក់ ។ គាត់​បាន​ថយ​ចេញ​ពី​ទ្វារ ហើយ​ដើរ​ចុះ​ជណ្តើរ​វិញ ។

មិន ជុន និយាយ​ដោយ​ស្ទាក់ស្ទើរ​ថា « ចៅ … ចៅ​មិន​អាច​ចូល​ទៅ​បាន​ទេ » ។

លោកតា​បាន​និយាយ​ថា « ចូល​ទៅ​មិន​អី​ទេ​ចៅ » ។

« ប៉ុន្តែ​ចៅ​កខ្វក់ ហើយ​សើម​ខ្លួន​ជោគ ! »

លោក​តា​បាន​មើល​មុខ មិន ជុន ក្រោយ​មក​បាន​មើល​ទៅ​ឧបករណ៍​វាស់​ទឹក​ភ្លៀង​ដែល​ដាក់​ព្យួរ​ជាប់​នឹង​របង ។

« វា​ងាយ​ស្រួល​ដើម្បី​វាស់​កម្រិត​ទឹក​ភ្លៀង មិន ជុន ប៉ុន្តែ​តើ​យើង​វាស់វែង​ខ្លួន​របស់​យើង​ដោយ​របៀប​ណា ? »

មិន ជុន បាន​ព្រិច​ភ្នែក​ដាក់​លោក​តា ។

លោក​តា​បាន​និយាយ​ថា « ចៅ​ឃើញ​ថា​ស្បែក​ជើង​ចៅ​ប្រឡាក់​ភក់ ជង្គង់​ចៅ​ដួល​ដាច់​រលាត់ សក់​ចៅ​កន្ទ្រីងកន្ទ្រើង ហើយ​ចៅ​គិត​ថា ចៅ​គ្មាន​តម្លៃ​សោះ​ឬ » ។ « ប៉ុន្តែ​ព្រះយេស៊ូវគ្រីស្ទ​មាន​របៀប​ដ៏​ប្រសើរ​ដើម្បី​ផ្តល់​តម្លៃ​ឲ្យ​មនុស្ស ។ ទ្រង់​ជ្រាប​ដឹង​ពី​ដួងចិត្ត​ចៅ ហើយ​ដឹង​ថា​អ្វី​ដែល​ចៅ​កំពុង​ធ្វើ​គឺ​ត្រឹមត្រូវ ។ ប្រសិនបើ​ចៅ​ផ្តល់​តម្លៃ​ខ្លួន​ឯង​តាម​របៀប​របស់​ទ្រង់​នោះ ចៅ​នឹង​ឃើញ​ពី​តម្លៃ​ដ៏​ច្រើន​លើសលុប » ។

មិន ជុន​បាន​មើល​ឧបករណ៍​វាស់​ទឹក​ភ្លៀង ។ វា​បន្ត​ឡើង​ទៅៗ​នៅពេល​ភ្លៀង​បន្ត​ធ្លាក់ ។ គាត់​បាន​គិត​ពី​ក្តី​លំបាក​យ៉ាង​ខ្លាំង ដែល​គាត់​បាន​ពុះពារ​ធ្វើ​ដំណើរ​មក​ព្រះវិហារ និង ភាពកក់ក្តៅ ព្រមទាំង​ចិត្ត​រីករាយ​ដែល​គាត់​បាន​មាន​នៅពេល​គាត់​បាន​មក​ដល់​ព្រះវិហារ ។ គាត់​បាន​គិត​អំពី​ក្ដីស្រឡាញ់​ដ៏​ធំធេង​របស់​គាត់​ចំពោះ​ព្រះអង្គសង្គ្រោះ និង ក្ដីស្រឡាញ់​ដ៏​ធំធេង​របស់​ព្រះអង្គសង្គ្រោះ​មាន​ចំពោះ​គាត់ ។

មិន ជុន បាន​ឱប​លោក​តា ហើយ​ពួកគេ​ទាំង​ពីរ​នាក់​បាន​ដើរ​ចូល​ទៅក្នុង​ព្រះវិហារ ។

រូបភាព
Min-Jun Measures Up