២០១៤
ថ្លើមថ្មចម្លាក់រូបស្ពៃ
October 2014


យើង​និយាយ​អំពី​ព្រះគ្រីស្ទ

ថ្លើមថ្មចម្លាក់​រូបស្ពៃ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា. ។

រូបភាព
A cabbage sculpted out of jade.

កាល​ខ្ញុំ​បម្រើ​បេសកកម្ម​នៅ​ប្រទេស​តៃវ៉ាន ដៃគូ​ខ្ញុំ និង ខ្ញុំ​បាន​ចំណាយ​ពេល​បន្តិចបន្តួច​នៅ​ថ្ងៃ​ការរៀប​ចំ​ខ្លួន​មួយ នៅ​ឯ​សារមន្ទីរ​វិមាន​ជាតិ​ក្នុង​ទីក្រុង​តៃប៉ិ ។ ការ​ទាក់ទាញ​ដ៏​សំខាន់​គឺ​ជា​បំណែក​សិល្បៈ​មួយ​ហៅ​ថា ថ្លើមថ្មចម្លាក់រូបស្ពៃ ។ ​មាន​មនុស្ស​ជាច្រើន​បាន​ស្ងប់ស្ងែង​ពី​វត្ថុ​នោះ ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​វា​គ្រាន់តែ​ជា​ថ្លើមថ្ម​មួយ​ដែល​គេ​បាន​ឆ្លាក់​ចេញ​ជា​រូប​ស្ពៃ​ប៉ុណ្ណោះ ។ វា​ពិត​ជា​ស្អាត​ណាស់ ប៉ុន្តែពិត​ណាស់ ប្រហែល​ជា​អ្វី​មួយ​ដែល​ខ្ញុំ​គិត​មិន​ឃើញហើយ​មើល​ទៅ ។

កាល​យើង​បាន​បញ្ចប់​ការទស្សនា​នៅ​សារមន្ទីរ​នោះ ខ្ញុំ​បាន​សួរ​ដៃគូ​ខ្ញុំ​ថា « តើ​ឯង​គិត​ថា ​ថ្លើមថ្ម​ចម្លាក់រូប​ស្ពៃ​នោះ​យ៉ាង​ម៉េច​ដែរ ? »

« ខ្ញុំ​ស្រឡាញ់​វា​ខ្លាំង​ណាស់ ! »

« ហេតុអ្វី ? ខ្ញុំ​បាន​សួរ ។ « វា​គ្រាន់តែ​ជា​ថ្លើមថ្មចម្លាក់​រូប​ស្ពៃ​មួយ​ប៉ុណ្ណោះ » ។

« តើ​ឯង​និយាយ​លេង​ទេ​ឬ ? ថ្លើមថ្មចម្លាក់​រូប​ស្ពៃនោះ​គឺ​ជា​និមិត្តរូប​មួយ​សម្រាប់​ជីវិត​ខ្ញុំ ! » នាង​បន្លឺ​សំឡេង​ឡើង ។

« ថ្លើមថ្មចម្លាក់​រូប​ស្ពៃនោះ​មែនទេ ? »

« មែន​ហើយ ! តើ​ឯង​មិន​ដឹង​ពី​ដំណើរ​រឿង​របស់​វា​ទេ​ឬ​អី ? »

« ពិតជា​មិន​បាន​ដឹងមែន ។ »

នាង​បាន​ប្រាប់​ខ្ញុំ​ពី​ដំណើរ​រឿង​នោះ ។ ហើយ​នាង​និយាយត្រូវ​ណាស់ ។ វា​បាន​ក្លាយ​ជា​និមិត្តរូប​សម្រាប់​បេសកកម្ម និង ជីវិត​របស់​ខ្ញុំ ។

ដើម្បី​ឲ្យ​ចម្លាក់​មួយ​មាន​តម្លៃ​បំផុត ថ្លើមថ្ម​នោះ​ត្រូវ​តែ​មាន​ពណ៌​តែ​មួយ ។ ការ​ឆ្លាក់​ថ្លើមថ្ម​ដ៏​ល្អ​ឥតខ្ចោះ​នោះ មាន​តម្លៃ​ខ្ពស់​ណាស់ ដោយសារ​វា​ជា​ថ្លើមថ្ម​ដ៏​ល្អ​ឥតខ្ចោះ​ដែល​កម្រ​រក​មាន ។ ថ្លើមថ្មចម្លាក់​រូប​ស្ពៃនោះ​មានចុង​ពណ៌​បៃតង ហើយ​មាន​គល់​ពណ៌-ស ហើយវា​មាន​ស្នាម​ប្រេះ និង​ផ្នត់​ជា​ច្រើន ។ គ្មាន​ជាង​ឆ្លាក់យ៉ាង​ជំនាញ​ណា​ម្នាក់​ចង់​ចំណាយ​ពេល​ឆ្លាក់​ថ្លើមថ្ម​នេះ​ឡើយ រហូត​ដល់​មាន​មនុស្ស​ម្នាក់​បាន​មក​ដែល​ជនជាតិ​ចិន​ហៅ​ថា ជាង​ឆ្លាក់​ដ៏​ឆ្នើម​ម្នាក់ ។

ប្រសិនបើ​ថ្លើមថ្ម​នេះ​អាច​និយាយ​បាន ខ្ញុំ​អាច​ស្រមៃ​ឃើញ​ពី​ការ​សន្ទនា​ដែល​វា​មាន​ជាមួយ​នឹង​ជាង​ឆ្លាក់​ថ្មី​នេះ ។ ខ្ញុំ​ស្រមៃ​ឃើញ​ជាង​ឆ្លាក់​នោះ​លើក​ដុំ​ថ្លើម​ថ្ម​នេះ​ឡើង ។

« តើ​លោក​ចង់​បាន​អ្វី ? » ថ្លើម​ថ្ម​នោះ​បាន​សួរ ។

ជាង​ឆ្លាក់​នោះ​តប​ថា « ខ្ញុំ​កំពុង​សម្លឹង​មើល​ថ្លើម​ថ្ម​ដើម្បី​ឆ្លាក់ » ។

« អញ្ចឹង​សូម​រក​ដុំ​ផ្សេង​ទៀត​ចុះ ។ ខ្ញុំ​គ្មាន​តម្លៃ​ទេ ។ ខ្ញុំ​មាន​ពណ៌​ពីរ​ប្រភេទ​ផ្សេង​គ្នា ដែល​លោក​មិន​អាច​ញែក​វា​ចេញ​ពី​គ្នា​បាន​ឡើយ ។ ខ្ញុំ​មាន​ស្នាម​ប្រេះ និង​ផ្នត់​ជា​ច្រើន ។ ខ្ញុំ​នឹង​គ្មាន​តម្លៃ​អ្វី​នោះ​ទេ ។ កុំ​ចំណាយ​ពេល​លោក​អត់​ប្រយោជន៍​អី » ។

« អូ៎ ថ្លើមថ្ម​ដ៏​តូច​អើយ ។ សូម​ទុក​ចិត្ត​យើង​ចុះ ។ យើង​ជា​ជាង​ឆ្លាក់​ដ៏​ឆ្នើម ។ យើង​នឹង​ធ្វើ​ឲ្យ​ឯង​មាន​ភាព​ល្អ​ឯក » ។

អ្វី​ដែល​ធ្វើ​ឲ្យ​ថ្លើមថ្មចម្លាក់​រូបស្ពៃ​នោះ​មាន​ភាព​អស្ចារ្យ​គឺ​ថា ជាង​ឆ្លាក់​ដ៏​ឆ្នើម​ដែល​មិន​ស្គាល់​ឈ្មោះ​នេះ បាន​ប្រើ​ចំណុច​ខ្សោយ​របស់​ថ្លើមថ្ម​នោះ— មាន​ពីរ​ពណ៌ ស្នាម​ប្រេះ និង ផ្នត់—ដើម្បី​ធ្វើ​ជា​រូបស្ពៃ​ដូច​ជា​របស់​ពិត ។ ផ្នែក​ពណ៌-ស​ស្រអាប់​នោះ​បាន​ក្លាយ​ទៅ​ជា​គល់​ស្ពៃ ហើយ​ស្នាម​ប្រេះ និង​ផ្នត់​បាន​ធ្វើ​ឲ្យ​ស្លឹក​ទាំងឡាយ​មាន​ជីវិត​រស់​រវើក ។ ប្រសិន​បើ​មិន​ដោយសារ « ភាពទន់​ខ្សោយ » របស់​ថ្លើមថ្ម​នោះទេ វា​មិន​អាច​ដូចជា​របស់​ពិត​បាន​ឡើយ ។

ដោយ​សារ​តែភាព​ស្រស់​ស្អាត​នៃ​វត្ថុ​នេះ វា​បាន​ក្លាយ​ជា​ដង្វាយ​មួយ​ថ្វាយ​ដល់​ព្រះ​មហាក្សត្រ​មួយ​អង្គ​របស់​ប្រទេស​ចិន ហើយ​បាន​ដាក់​តាំង​លំអរ​តាម​ច្រកដើរ​នៃ​វិមាន​ដ៏​ស្រស់ស្អាត​ជាច្រើន​នៅ​អាស៊ី​រហូត​ដល់​ចុង​ក្រោយ​ត្រូវបាន​គេ​មក​តាំង​នៅ​ក្នុង​សារមន្ទីរ​ប្រទេស​តៃវ៉ាន់ ។

វា​បានរំឭកខ្ញុំ​ពីអេធើរ 12:27 ៖ « បើសិន​ជា​មនុស្ស​លោក​មក​រកយើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាពទន់​ខ្សោយ​របស់​ពួកគេ ។ … គុណ​របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់​ដែល​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ត្បិត​បើសិនជា​ពួកគេ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ។

បន្ទាប់ពី​ខ្ញុំ​បាន​ឃើញ​ថ្លើមថ្មចម្លាក់​រូបស្ពៃ​នោះ​មក បទគម្ពីរ​នេះ​បាន​ចាប់​ផ្ដើម​មាន​អត្ថន័យ​ថ្មី ។ យើង​ប្រៀប​ដូចជា​ដុំ​ថ្លើមថ្ម​នេះដែរ ប៉ុន្តែ​ខុស​គ្នា​ត្រង់​យើង​កំពុង​ស្ថិតនៅ​ក្នុង​ដំណើរការ​នៃ​ការ​ឆ្លាក់ ។ យើង​ត្រូវ​ទុកចិត្ត​លើ​ជាង​ឆ្លាក់​ដ៏​ឆ្នើម​ម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ដែល​នឹង​ធ្វើ​ឲ្យ​ភាពទន់ខ្សោយ​របស់​យើង​បាន​ខ្លាំង​ពូកែ ។ ក្នុង​ទស្សនៈ​មិន​ល្អ​ឥតខ្ចោះ​របស់​យើង ពេលខ្លះ ​យើង​ផ្ដោត​ទៅ​លើ​ភាពមិន​ល្អ​ឥតខ្ចោះ​របស់​យើង រួចហើយ​កើត​ក្ដី​អស់សង្ឃឹម ដោយសារ​យើង​គិត​ថា យើង​នឹង​គ្មាន​ថ្ងៃ​បាន​សក្ដិសម​ឡើយ ។ ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ ទត​ឃើញពី​សក្តានុពល​របស់​យើង ។ កាល​យើង​អនុញ្ញាត​ឲ្យ​ដង្វាយធួន​ទ្រង់មាន ចលនា​នៅ​ក្នុង​ជីវិត​របស់​យើង នោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​បាន​ល្អ​ឯក ជា​អ្នក​ដែល​នឹង​រស់នៅ​ជាមួយ​នឹង​ស្ដេច​នៃ​អស់​ទាំង​ស្ដេច​នៅ​ថ្ងៃ​ណា​មួយ ។