២០១៤
បេះដូង​របស់​លីហ្សូកា
October 2014


គេហដ្ឋាន និង ក្រុម​គ្រួសារ​របស់​យើង

បេះដូង​របស់​លីហ្សូកា

សព្វ​ថ្ងៃ​អ្នក​និពន្ធ​រស់​នៅ​ប្រទេស​បែលហ្ស៊ិក ។

រូបភាព
Mother holding a baby.

រូបភាព​ដោយ អានី ហែនរី

ស្វាមី​ខ្ញុំ​ និង ខ្ញុំ​បាន​ចូល​រួម​ក្នុង​សាសនាចក្រ​នៅ​ប្រទេស​រុស្សី​នៅ​ឆ្នាំ 1995 ហើយ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ក្នុងព្រះវិហារ​បរិសុទ្ធ ស្តុកខូម ស៊ុយអែត មួយ​ឆ្នាំ​ក្រោយ​មក ។ កូន​ស្រីតូច​យើង​ទាំង​ពីរ​នាក់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​យើង​ផងដែរ ។ ពីរ​ឆ្នាំ​ក្រោយ​មក យើង​មាន​ពរ​ដោយ​មាន​កូនស្រី​ម្នាក់​ទៀត​ឈ្មោះ លីហ្សូកា ។ ជីវិត​របស់​យើង​មាន​ភាពល្អ​ប្រសើរ ។ យើង​ទាំងអស់​គ្នា​រីករាយ ។ ប៉ុន្តែ​ក្រោយ​ពី​នាង​កើត​បាន​ពីរ​ថ្ងៃ កូន​តូច​របស់​យើង​បាន​ចាប់​ផ្ដើម​មិន​សូវ​ញ៉ាំ​អ្វី​សោះ ។ ក្នុង​មួយ​ខែ​នាង​ឡើង​ទម្ងន់​បាន​តែ 300 ក្រ. ប៉ុណ្ណោះ ។

បុគ្គលិក​នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សម្រាប់​កុមារ​បាន​ប្រាប់​យើង​ឲ្យ​នាង​ញ៉ាំ​អាហារ​ឲ្យ​បាន​ញឹកញាប់ ។ ខ្ញុំ​បាន​ឃើញ​ថា​នាង​ចង់​ញ៉ាំ ប៉ុន្តែ​នាង​មិន​អាច​ញុំ​បាន​សោះ ។ នៅ​ទីបំផុត ស្វាមី​ខ្ញុំ​បាន​នាំ​នាង​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង ។ រំពេច​នោះ​ វេជ្ជបណ្ឌិត​បាន​ផ្ដល់​ការ​វិនិច្ឆ័យ​រោគ​មួយ​ដល់​យើង—គឺ​ពិការភាព​នៃបេះដូង​ពី​កំណើត។ ​សន្ទះ​បិទបើក​បេះដូង​មួយ​មិន​ដំណើរការ ហើយ​មាន​លំហូរ​ឈាម​តិចតួច​ហូរ​ចូល​ក្នុង​សួត​របស់​នាង ធ្វើ​ឲ្យ​នាង​ពិបាក​ដក​ដង្ហើម ឬ​បរិភោគ ។

នាង​ត្រូវ​ធ្វើ​ការ​វះ​កាត់ ប៉ុន្តែ​នៅ​ប្រទេស​រុស្សី​កុមារ​ដែល​អាច​ទទួលការ​វះកាត់​បែប​នេះ យ៉ាង​ហោច​ណាស់​ត្រូវ​មាន​អាយុ​ពីរ​ឆ្នាំ ។ កូន​ស្រី​យើង​ទើប​មាន​អាយុ​បាន​មួយ​ខែ​ប៉ុណ្ណោះ ។ វេជ្ជបណ្ឌិត​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​នាង ហើយ​ពោល​ថា នៅ​ពេល​នាង​ធំ​ឡើង ពួកគេ​នឹង​ធ្វើ​ការ​វះកាត់​ឲ្យ​នាង ។

មួយ​ខែ​ក្រោយ​មក សុខភាព​របស់​លីហ្សូកា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ ហើយ​យើង​បាន​ប្រញាប់ប្រញាល់​យក​នាង​ទៅ​មន្ទីរពេទ្យ ។ ខ្ញុំ​បាន​បី​នាង ពេល​យើង​កំពុង​បើក​ឡាន ។ នាង​បាន​មើល​មុខ​ខ្ញុំ​ហាក់​ដូចជា​កំពុង​អង្វរ​សូម​ឲ្យ​ជួយ ។ ប្រសិន​បើ​ខ្ញុំ​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ ។ ប៉ុន្តែ​ស្វាមី​ខ្ញុំ និង ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា អ្វីៗ​នឹង​បាន​ប្រសើរ​ឡើង ។ ខ្ញុំ​បាន​ព្យាយាម​លួង​នាង ដោយ​ពោល​ថា « កុំ​ខ្លាច​អី កូន​ស្រី​មាស​ម្ដាយ ។ ព្រះ​ស្រឡាញ់​យើង ។ ទ្រង់​នឹង​ជួយ​យើង ហើយ​អ្វីៗ​នឹង​បាន​ប្រសើរ​ឡើង » ។

ទីបំផុត​យើង​បាន​ទៅ​ដល់​មន្ទីរពេទ្យ ។ ដោយ​បីនាង​នៅ​ក្នុង​ដៃ ខ្ញុំ​បាន​រត់​រក​ផ្នែកទទួល​អ្នក​ជំងឺ ។ ផ្នែក​របស់​លីហ្សូកា​បាន​ចាប់​ផ្ដើម​បិទ ។ នាង​ដក​ដង្ហើម​ខ្លីៗ ។ ខ្ញុំ​ស្ទើរតែ​និយាយ​ប្រាប់​គ្រូ​ពេទ្យ​មិន​រួច​ពី​កូន​របស់​ខ្ញុំ ហើយ​បុគ្គលិកវេជ្ជសាស្ត្រ​បាន​យក​នាង​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ។ វេជ្ជបណ្ឌិត​បាន​ប្រាប់​ថា សួត​នាង​កំពុង​ចាប់​ផ្ដើម​ហើម​ ហើយ​ពួកគេ​បាន​ដាក់ខ្យល់​អុកស៊ីសែន​ឲ្យ​នាង ។

លុះស្អែក​ឡើង យើង​បាន​និយាយ​នឹង​នាយក​ផ្នែក​វះកាត់​បេះដូង ។ គាត់​បាន​ពោល​ថា « ខ្ញុំ​ធ្លាប់​ធ្វើ​ការ​វះកាត់​បែប​នេះ ប៉ុន្តែ​សម្រាប់​តែ​ក្មេង​ធំៗ​ប៉ុណ្ណោះ ។ តើ​នាង​មាន​អាយុ​ប៉ុន្មាន​ហើយ​ឥឡូវ​នេះ ? »

យើង​បាន​ប្រាប់​គាត់​ថា « ពីរ​ខែ » ។

« នាង​ឈឺ​ច្រើន​ពេក​ហើយ ។ នាង​តូច​ណាស់ ហើយ​សួត​នាង​ដែល​ហើម​នោះ​វា​ជា​រឿង​ស្មុគ​ស្មាញ​ណាស់ ប៉ុន្តែ​យើង​មិន​អូស​បន្លាយ​ពេល​ទៀត​បាន​ទេ ។ ខ្ញុំ​ពុំ​ធ្លាប់​ធ្វើ​ការ​វះកាត់​បែប​នេះ​ដល់​កុមារ​តូច​ពី​មុន​មក​ឡើយ ។ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ។ អ្នក​ត្រូវ​ទិញ​សន្ទះ​បិទបើក​បេះដូង​សិប្បនិមិត្ម​មួយ​ ប៉ុន្តែ​វា​មាន​តម្លៃ​ថ្លៃ​ណាស់—ប្រហែល​ 2,100 ដុល្លារ ។ ការវះ​កាត់​នឹង​ធ្វើ​ឡើង​នៅ​បួន​ថ្ងៃ​ទៀត » ។

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៅ ? ទាំង​យើង ឬ​អ្នក​ដែល​យើង​ស្គាល់​គ្មាន​ប្រាក់​ច្រើន​បែប​នេះ​ឡើយ ។ ទោះ​ជា​យ៉ាង​ណា ស្ថានភាព​របស់​យើង​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​ចំណាប់​អារម្មណ៍ ហើយ​តាមរយៈ​សេចក្ដី​សប្បុរស​របស់​ពួកគេ និង សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​ យើង​មាន​ប្រាក់​គ្រប់គ្រាន់ ។ ស្វាមី​ខ្ញុំ​បាន​ទិញ​សន្ទះ​បិទបើក​បេះដូង​សិប្បនិមិត្ម​មួយ​ដែល​យើង​ត្រូវការ​ដើម្បី​ជួយ​សង្គ្រោះ​ដល់​អាយុ​ជីវិត​កូនស្រី​យើង ។

មិនត្រឹម​តែមាន​បងប្អូន​ប្រុសស្រី​នៅ​ក្នុង​សាខា​យើង​ដែល​បាន​អធិស្ឋាន ហើយ​តម​អាហារ​សម្រាប់​កូនស្រី​តូច​យើង​ប៉ុណ្ណោះទេ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជាច្រើន​នៅ​ក្នុង​ទីក្រុង​ក៏​បាន​ធ្វើ​បែប​នេះ​ផងដែរ ។ យើង​ទទួល​អារម្មណ៍​ពី​ការគាំទ្រ​របស់​ពួកគេ ។ ដោយ​អង្គុយ​នៅ​ច្រក​ដើរ​នៅ​ថ្ងៃ​ធ្វើ​ការ​វះកាត់​នោះ យើង​មាន​អារម្មណ៍​នូវ​វត្តមាន​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ ការអធិស្ឋាន​របស់​បងប្អូន​ប្រុស​ស្រី​យើង ។ យើង​បាន​ដឹង​ថា ពួកគេ​នៅ​ក្បែរ​យើង ! ហើយ​ព្រះ​គង់​នៅ​ជាមួយ​យើង ដោយ​ធ្វើ​ការ​ដឹកនាំ​ដល់​ពួក​គ្រូពេទ្យ​វះកាត់​ទាំង​នោះ ។ ទ្រង់​មិន​បោះបង់​យើង​ឡើយ ហើយ​អ្វីៗ​គ្រប់​យ៉ាង​នឹង​បាន​ប្រសើរ​ឡើង ។

នៅ​ពេល​គ្រូ​ពេទ្យ​វះកាត់​បាន​ចេញ​មក​បន្ទាប់​ពីការ​វះកាត់​បាន​បញ្ចប់ គាត់​បាន​ប្រាប់​យើង​ទំនង​ដូចជា​មាន​ការ​ងឿងឆ្ងល់​ថា « អ្វីៗ​គ្រប់​យ៉ាង​មិន​អី​ទេ ។ យើង​បាន​ដាក់​សន្ទះ​បិទបើក​បេះដូង​នោះ​ចូល​ហើយ ។ ខ្ញុំ​មិន​ដឹង​ថា​តាម​របៀប​ណា​នោះ​ទេ ប៉ុន្តែ​វា​ទទួល​បាន​ជោគជ័យ » ។ ប៉ុន្តែ​យើង​បាន​ដឹង​ពី​របៀប​ដែល​កិច្ចការ​នោះ​បាន​ទទួល​ជោគជ័យ ។ ព្រះវរបិតាសួគ៌​បាន​ប្រទាន​ពរ​ដល់​គាត់ ។

លីហ្សូកា​សម្រាក​នៅ​មន្ទីរ​ពេទ្យ​បី​ថ្ងៃ​ទៀត​ ដើម្បី​ឲ្យ​បេះដូង និង សួត​របស់​នាង​ដែល​ហើម​នោះ​បាន​ស្រក​មក​វិញ ។ មុខ​របួស​នាង​ត្រូវ​ទុក​ចំហ​ចោល​ដោយ​បិទ​ភ្ជាប់​នឹង​ភ្នាស​ស្ដើង​មួយ ហើយ​ពីរ​បី​ថ្ងៃ​ក្រោយ​មក​ទៀត ពួកគេ​បាន​ធ្វើ​ការ​វះកាត់​ម្ដង​ទៀត​ដើម្បី​ដេរ​ផ្ជិត​មុខ​របួស​នៅ​លើ​ទ្រូង​របស់​នាង ។ ស្ទើរតែ​គ្មាន​គ្រូពេទ្យ​ណា​ម្នាក់​រំពឹង​ថា​នាង​នឹង​រស់ណាស់ ។ ប៉ុន្តែ​យើង​ជឿ​លើ​ព្រះវរបិតាសួគ៌ និង ព្រះ​ចេស្ដា​ទ្រង់ ហើយ​យើង​ជឿ​ថា ប្រសិនបើ​វា​ជា​ព្រះ​ឆន្ទៈទ្រង់ នាង​នឹង​ជា​សះ​ស្បើយ​វិញ ។

មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​លីហ្សូកា​មក​ឲ្យ​យើង​វិញ​បាន ។ នាង​បាន​ប្រសើរ​ឡើង​វិញ​ជា​រៀង​រាល់​ថ្ងៃ ។ នាង​បាន​សម្រាក​នៅ​មន្ទីរពេទ្យ​មួយ​ខែ​ទៀត ហើយ​ឥឡូវ​នេះ​នាង​បាន​នៅ​ផ្ទះ​ជាមួយ​នឹង​យើង ។

ព្រះ​គឺ​ជា​ព្រះ​នៃ​អព្ភូតហេតុ ។ ទ្រង់​ស្ដាប់​ឮ​ការអធិស្ឋាន​របស់​យើង ហើយ​នៅ​គ្រា​ដ៏​លំបាក​របស់​យើង ទ្រង់​បាន​ជួយ​ទ្រទ្រង់​យើង​ឡើង ។ ការ​សាកល្បង​បាន​ពង្រឹង​សេចក្ដី​ជំនឿ​យើង ហើយ​បង្រៀន​យើង​ឲ្យ​ជឿ​ សង្ឃឹម ហើយ​ស្រឡាញ់ ។