ប្រវត្តិ​សាសនាចក្រ
« យើង​ទាំងអស់​គ្នា​បាន​រៀន​បន្ថែម​ទៀត »


« យើង​ទាំងអស់​គ្នា​បាន​រៀន​បន្ថែម​ទៀត »

ប្រជាជន​ខ្មែរ​ដែល​បាន​ចូល​សាសនាចក្រ​ពី​ដំបូង​បំផុត​គឺជា​ជន​ភៀសខ្លួន​ពី​សង្គ្រាម​ស៊ីវិល​ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ។ ចាប់ផ្តើម​នៅ​សាខា​ទន្លេយ័រដាន់ ក្នុង​រដ្ឋយូថាហ៍ នា​ឆ្នាំ ១៩៨០ ហើយ​បានរីកចម្រើន​ទៅដល់​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា, ទីក្រុង​តាកូម៉ា និង ស្ប៉ូខាន រដ្ឋ​វ៉ាស៊ីនតោន, ទីក្រុង​ចាកសុនវៀល រដ្ឋ​ហ្វូរីដា និង​ទីក្រុង​ចំនួន ១៧ ផ្សេង​ទៀត​របស់​សហរដ្ឋអាមេរិក សាខា​ជា​ភាសាខ្មែរ​ត្រូវ​បានបង្កើត​ឡើង​នៅពេល​ដែល​សហគមន៍​ទាំងនេះ​ចាប់ផ្ដើម​ឫសគល់​ថ្មី ។

គ្រួសារ​របស់​លោក អ៊ិត វិចិត្រ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​សម័យ​ខ្មែរ​ក្រហម ខណៈ​ដែល​លោក​កំពុង​ហ្វឹកហាត់​ធ្វើ​ជា​អ្នក​បើក​យន្តហោះ​នៅ​ប្រទេស​ហ្វីលីពីន ។ លោក​បាន​ទទួល​ការអប់រំ​ជាបន្តបន្ទាប់​នៅ​ប្រទេសបារាំង សិង្ហបុរី និង​សហរដ្ឋអាមេរិក ។ នៅ​ប្រទេស​សិង្ហបុរី លោក និង ធីណា ឃូ សមាជិក​សាសនាចក្រ​ម្នាក់​បាន​ជួប​គ្នា និង​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ។ ធីណា បាន​ប្រាប់​ទៅ​លោក​ថា គាត់​នឹង​រៀបការ​ជាមួយ​សមាជិក​សាសនាចក្រ​របស់​គាត់​តែ​ប៉ុណ្ណោះ ដូច្នេះ លោក​វិចិត្រ​បាន​ចូលរួម​ក្នុង​សាសនាចក្រ​ប្រាំ​បី​ថ្ងៃ​មុន​ពិធី​មង្គលការ​របស់​ពួក​គាត់ ។ ការអប់រំ​របស់​លោក​វិចិត្រ​បាន​នាំ​ឲ្យ​គាត់​បម្រើការ​ជា​អ្នក​ប្រឹក្សា​សេដ្ឋកិច្ច​អន្តរជាតិ ។ លោក និង​ធីណា បាន​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង​បាងកក ហើយ​បានបម្រើ​ដោយ​ស្មោះត្រង់​នៅក្នុង​សាសនាចក្រ​នៅ​ទីនោះ ។ នៅ​ខែ មេសា ឆ្នាំ ១៩៩៣ លោក​បាន​អម​ដំណើរ​ថ្នាក់ដឹកនាំ​សាសនាចក្រ​អាមេរិកាំង​ខាងជើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការបង្កើត​សាសនាចក្រ​នៅ​ប្រទេស​កម្ពុជា ។ បន្ទាប់ពី​ការវិលត្រឡប់​របស់​លោក វិចិត្រ ទៅ​កាន់​ប្រទេស​កម្ពុជា លោក​បម្រើ​ជា​អ្នកប្រឹក្សា​សេដ្ឋកិច្ច​ថ្វាយ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​ជា​អតីត​នាយក​រដ្ឋមន្រ្តី​ទីមួយ ។

រូបភាព
សាលា​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ

ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ទទួលស្គាល់​សាសនាចក្រ​ជា​ផ្លូវការ នៅ​ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៩៤ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ជា​គូស្វាមី​ភរិយា​បាន​មក​ដល់​នៅ​ខែ មីនា និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​បាន​មក​ដល់​នៅ​ខែ សីហា ។ សមាជិក​ទីមួយ​នៅក្នុង​ប្រទេស​ឈ្មោះ ម៉ៅ ផល បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ១៩៩៤ ។ នៅថ្ងៃ​ទី ១៩ ខែ កញ្ញា សាខា​រាជធានី​ភ្នំពេញ​បានរៀបចំ​ឡើង​ដោយ​មាន​លោក អូយ៉ា ស៊ិចជីយូគី ជា​ប្រធាន​សាខា ជា​ជនជាតិ​ជប៉ុន ។ នៅ​ខែ មិថុនា ឆ្នាំ ១៩៩៥ សាខា​នេះ​បាន​ចាប់ផ្តើម​ប្រជុំ​ជា​ពីរ​ក្រុម​ផ្សេង​គ្នា ៖ មួយ​សម្រាប់​អ្នក​និយាយ​ភាសា​ខ្មែរ និង​មួយ​ទៀត​សម្រាប់​អ្នក​និយាយ​ភាសា​វៀតណាម ។ លោក វិចិត្រ និង អ្នកស្រី ធីណា ក្រោយ​មក​បម្រើ​ជា​អ្នក​ដឹកនាំ​នៅ​សាខា​និយាយ​ភាសា​អង់គ្លេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។

ជិត​ដល់​ចុង​ឆ្នាំ ១៩៩៥ អ្នកស្រី សូ សូរិយា ជា​ម្តាយ​ដែល​មាន​កូន ៥ នាក់​បាន​ជួប​ការពិបាក​ជាមួយ​គ្រួសារ ។ គាត់​បានចាំ​ថា « ខ្ញុំ​មាន​បញ្ហា​ជាមួយ​សមាជិក​គ្រួសារ​របស់​ខ្ញុំ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​បាន​ចូលរួម​ក្នុង​សាសនាចក្រ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ » ។ គាត់​បានជ្រមុជ​ទឹក​ជាមួយ​កូន​ប្រាំ​នាក់​របស់​គាត់ ។ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​កំពុង​បម្រើការ​នៅ​ក្នុង​សាសនាចក្រ រួមទាំង​ជា​ប្រធាន​សមាគម​សង្គ្រោះ​នៅក្នុង​សាខា គាត់​បាន​ទទួល​អារម្មណ៍​ថា​ជីវិត​របស់​គាត់​បានប្រសើរ​ឡើង ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ពរជ័យ​ដែល​ខ្ញុំ​បាន​សង្កេតឃើញ​គឺជា​សុភមង្គល​ក្នុង​គ្រួសារ​របស់​ខ្ញុំ » ។

ហើយ​ក៏​បាន​សង្កេតឃើញ​ការផ្លាស់ប្ដូរ​នៅក្នុង​សាសនាចក្រ​បន្តិចម្តងៗ​ដែរ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « នៅ​ឆ្នាំ ១៩៩៥ មាន​តែ​សាខា​មួយ​ប៉ុណ្ណោះ​នៅ​ប្រទេស​កម្ពុជា ។ ប៉ុន្តែ ឥឡូវនេះ​យើង​មាន​សាខា​ជា​ច្រើន ។ « ហើយក៏មាន អ្នកដឹកនាំ​សាសនាចក្រ ក៏​ដូចជា​យើង​ទាំងអស់​គ្នា​ដែរ​បាន​រៀន​បន្ថែមទៀត » ។