សន្និសីទទូទៅ
ការស្រឡាញ់​ជីវិត
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


14:10

ការស្រឡាញ់​ជីវិត

ជីវិត​គឺជា​ផ្នែក​មួយ​ដ៏​មាន​តម្លៃ​បំផុត​នៃ​ផែនការ​ដ៏​ឥតខ្ចោះ​របស់​ព្រះវរបិតា ហើយ​ដោយតាម​បញ្ជា​របស់​ទ្រង់ នោះយើង​ស្រឡាញ់ និង​ថែរក្សា​ជីវិត ។

ព្រះអង្គសង្រ្គោះ ព្រះ​យេស៊ូវគ្រីស្ទ​បង្រៀន​យើង « គេ​នឹង​ដឹង​ថា អ្នករាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នករាល់គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក » ។

ថ្មីៗ​នេះ ប៊ីស្សព​ម្នាក់​នៅ​រដ្ឋ​យូថាហ៍​បានចែកចាយ​ជាមួយ​ខ្ញុំ​អំពី​ការផ្ដល់​សេចក្តី​ស្រឡាញ់​ដ៏​កក់ក្ដៅ​ដល់​យុវនារី​ម្នាក់ និង​គ្រួសារ​របស់​នាង​នៅក្នុង​វួដ​របស់​គាត់ ។ តាមរយៈ​ព្រឹត្តិការណ៍​ដ៏​ស្រស់ស្អាត​ជា​បន្តបន្ទាប់ ឪពុកម្តាយ​បានប្តេជ្ញាចិត្ត​ត្រឡប់​ទៅ​រក​ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​របស់​ទ្រង់​វិញ ។ អំឡុងពេល​ដែល​ពួកគេ​នៅឆ្ងាយ​ពី​សាសនាចក្រ កូនស្រី​វ័យ​ជំទង់​របស់​ពួកគេ​បាន​មាន​ទំនាក់ទំនង​ជាមួយ​យុវជន​ម្នាក់ ។ ជាមួយ​ការត្រឡប់​មក​វិញ​នេះ កូនស្រី​ដ៏​មាន​តម្លៃ​រូប​នេះ​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​ដ៏​ធំធេង​ពី​ព្រះវរបិតាសួគ៌​របស់នាង​ក្នុង​អំឡុងពេល​ប្រជុំ​ថ្លែង​ទីបន្ទាល់​របស់​ក្រុម​យុវនារី ។ នាង​បាន​តាំងចិត្ដ​ដើម្បី​រស់នៅ​តាម​បទបញ្ញត្ដិ​នេះ​ឲ្យ​កាន់តែ​ពេញលេញ ។ នាង​បានសរសេរ​ថា « ខ្ញុំ​បានចាប់ផ្ដើម​ដំណើរការ​នៃ​ការប្រែចិត្ត​ជាមួយ​ប៊ីស្សព​របស់​ខ្ញុំ » ។

មិន​យូរ​ប៉ុន្មាន នាង​បាន​ធ្លាក់ខ្លួន​ឈឺ ។ តាម​ពាក្យសម្តី​របស់​នាង​គឺ ៖ « [ ការ ] ធ្វើ​តេស្ត​បានបង្ហាញ​ថា … ខ្ញុំ​មាន​ផ្ទៃពោះ ។ ខ្ញុំ … បានចាប់​ផ្ដើម​យំ ។ … ឪពុក​របស់​ខ្ញុំ​ឱប​ខ្ញុំ ហើយ​លួងលោម​ខ្ញុំ​ថា អ្វីៗ​[ នឹង ]​ប្រសើរ​ឡើង ។ … មិត្ត​ប្រុស​របស់​ខ្ញុំ … បាន​សុំ​ឲ្យ​ខ្ញុំ​រម្លូតកូន ។ … ខ្ញុំ​បាន​បដិសេធ » ។

ការមើលថែ​ដល់​អ្នក​ខ្វះខាត

នាង​បាន​បន្ត​ថា ៖ « ខ្ញុំ​បាន​ទទួល​សេចក្តី​ស្រឡាញ់ និង​ការគាំទ្រ​យ៉ាងច្រើន​ពី​គ្រួសារ​វួដ​របស់​យើង ។ វា​ជា​រឿង​ដ៏​លើសលប់ ។ ប៊ីស្សព និង​ប្រធាន​យុវនារី​[ របស់​ខ្ញុំ ] បាន ខិតខំ​យ៉ាងខ្លាំង​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការគាំទ្រ​របស់​ពួកគេ ។ … ខ្ញុំ​បានឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់ … ដឹកនាំ​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ ។ … វួដ​ដូចជា​គ្រួសារ​វួដ​របស់​ខ្ញុំ​នេះ គឺជា​គ្រួសារ​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវការ ជាពិសេស យុវនារី​ក្នុង​ស្ថានភាព​របស់​ខ្ញុំ » ។

នាង និង​គ្រួសារ​នាង និង​គ្រួសារ​វួដ​នាង​បាន​ស្វាគមន៍​កូន​ប្រុស​របស់​នាង​ដោយ​ក្តីស្រឡាញ់​នៅក្នុង​ខែកុម្ភៈ​កន្លងទៅ​នេះ ។

ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ<nb/>។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់ ជានិច្ចកាល នឹង​ត្រូវបាន​រៀបចំ … ការខិតខំ​ទៅរក​ការបម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះ … [ ផ្ដល់​ការងារបម្រើ​ដោយ​សណ្ដាន​ចិត្ដ​ល្អ ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ ] ដល់​មនុស្ស​ម្នាក់ៗ​ដូចជា​ទ្រង់​បាន​ធ្វើ » ។

ការជួយ​ដល់​ជម្រើស​សុចរិត​នានា

នៅពេល​ដែល​ស្ត្រី​នៅលីវ​ម្នាក់​បាន​ដឹង​ថា​នាង​មាន​កូន​ដោយ​មិន​បានរំពឹងទុក ការព្រួយបារម្ភ​ផ្នែក​សុខភាព ភាពចលាចល​ខាងវិញ្ញាណ សេចក្តីខ្មាសអៀន ការព្រួយបារម្ភ​ផ្នែក​ហិរញ្ញវត្ថុ សំណួរ​ផ្នែក​ការអប់រំ ភាពមិន​ច្បាស់លាស់​នៃ​អាពាហ៍ពិពាហ៍ និង​ភាពសោកសៅ​នៃ​ការបាត់បង់​ក្តីសុបិន​ក្នុងគ្រា​នៃ​ការឈឺចាប់ និង​ភាពវង្វេងស្មារតី​នេះ អាច​នាំ​ឲ្យ​ស្រ្តី​ដែល​ចេះគិតគូរ​រូប​នេះ​ជ្រើស​នូវ​ជម្រើស​ដែល​នាំមក​នូវ​ការឈឺចាប់ និង​ការសោកស្ដាយ ។

សម្រាប់​អ្នក​ស្តាប់​រូប​ណា​ដែល​បានដកពិសោធន៍​នូវ​ការឈឺចាប់ និង​សោកស្ដាយ​យ៉ាងខ្លាំង​ពី​ការបាន ឬ​ការចូលរួម​ក្នុង​ការរម្លូត​កូន សូម​ចងចាំ​ថា ៖ ទោះជា​យើង​មិន​អាច​ផ្លាស់ប្តូរ​អតីតកាល​ក្តី ព្រះ​អាច​ព្យាបាល​អតីតកាល​បាន ។ ការអភ័យទោស​អាច​មក​តាមរយៈ​អព្ភូតហេតុ​នៃ​ព្រះគុណ​ដ៏​ធួន​របស់​ទ្រង់ នៅពេល​បងប្អូន​ងាក​ទៅរក​ទ្រង់​ដោយ​ដួងចិត្ដ​នៃ​ការប្រែចិត្ដ និង​មានភាព​រាបសា ។

មាន​ពាក្យ​ពីរ​ពាក្យ​បាន​ភ្ជាប់​ជាញឹកញាប់​ទៅនឹង​ភាពបរិសុទ្ធ​នៃ​កំណើត​នៃ​ជីវិត​រមែង​ស្លាប់ ៖ ជីវិត និង​ការជ្រើសរើស ។ ជីវិត​គឺជា​ផ្នែក​មួយ​ដ៏​មាន​តម្លៃ​បំផុត​នៃ​ផែនការ​ដ៏​ឥតខ្ចោះ​របស់​ព្រះវរបិតា ហើយ​ដោយតាម​បញ្ជា​របស់​ទ្រង់ នោះយើង​ស្រឡាញ់ និង​ថែរក្សា​ជីវិត ហើយ​យើង​ជ្រើសរើស​ការបន្ត​ជីវិត​នៅពេល​មាន​គភ៌ ។ យើង​ក៏​ឲ្យ​តម្លៃ​ចំពោះ​អំណោយទាន​នៃ​ជម្រើស នៃ​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​ដែរ—ដោយ​ការជួយពង្រឹង​ជម្រើស​ដ៏​សុចរិត ដែល​នាំមក​នូវ​សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​ព្រះ​បានអនុម័ត​ឲ្យ ។

នៅពេល​ស្ត្រី និង​បុរស​ស្ថិត​នៅក្នុង​ពេល​ដ៏​ផុយស្រួយ​បែប​នេះ ដោយ​ការប្រឈម​នឹង​ជម្រើស​ដ៏​សំខាន់​មួយ នោះ​សូម​ឲ្យពាក្យ​សម្ដី​យើង ដៃ​យើង ដួងចិត្ត​យើង—ខាង​វិញ្ញាណ ខាងសតិអារម្មណ៍ និង​ខាងហិរញ្ញវត្ថុ—អាច​ផ្ដល់​ពរ​ឲ្យ​ពួកគេ​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ហើយ​ដូចដែល​ប្រធាន ហែនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍ ដែល​នាំមក​នូវ​ការយល់ដឹង​កាន់តែច្បាស់​ចំពោះ​កែវភ្នែក​ខាង​វិញ្ញាណ​របស់​ពួកគេ ចេញ​ពី « អ្វី​ដែល​ពួកគេ​គិត​ថា​ពួកគេ​មើលឃើញ » ទៅជា « អ្វី​ដែល​ពួកគេ​មិន​ទាន់​ឃើញ​ទៅវិញ » ។

គោលលទ្ធិ​នៃ​ជីវិត រមែង ស្លាប់

ប្រធាន ដាល្លិន អេក អូក បាន​មាន​ប្រសាសន៍ ៖ « អាកប្បកិរិយា​របស់យើង​ចំពោះ​ការរម្លូត​កូន គឺ​មិន​ផ្អែក​លើ​ចំណេះដឹង​ដែល​បានបើកសម្តែង​អំពី​ពេល​ដែល​ជីវិត​រមែងស្លាប់​ចាប់ផ្តើម​នោះ​ទេ ។ … វា​ត្រូវ​បានកំណត់​ដោយ​ចំណេះដឹង​របស់​យើង​ថា … បុត្រាបុត្រី​ជា​វិញ្ញាណ​របស់​ព្រះ​ទាំងអស់​ត្រូវ​មក​ផែនដី​នេះ​ក្នុង​គោលបំណង​ដ៏​រុងរឿង ហើយ​អត្តសញ្ញាណ​បុគ្គល​នោះ​បានចាប់ផ្ដើម​ជាយូរ​មុន​ការមាន​គភ៌ ហើយ​នឹង​បន្ត​រហូត​ដល់​អស់កល្ប​ជានិច្ច​ខាង​មុខ » ។

ព្រះ​បន្ទូល​នៃ​ព្រះអម្ចាស់​ទាក់ទង​នឹង​ទារក​ដែល​មិន​ទាន់​កើត ដែល​បាន​ថ្លែង​តាមរយៈ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ មិន​ដែល​ប្រែប្រួល​ឡើយ ហើយ​បានថ្លែង​ឡើងវិញ​នូវ​ពាក្យសម្តី​របស់​ព្យាការី​គ្រប់​សម័យកាល ដែល​ផ្តល់​ឲ្យ​នូវ​ភាពច្បាស់លាស់​ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ដល់​យើង ។

« សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​លើ​ភាព​បរិសុទ្ធ​នៃ​ជីវិត​មនុស្ស​លោក ។ ហេតុដូច្នេះ​ហើយ សាសនាចក្រ​ប្រឆាំង​នឹង​ការជ្រើស​យក​ឲ្យ​មាន​ការរម្លូត​កូន​សម្រាប់​ភាព​ងាយ​ស្រួល​ផ្ទាល់​ខ្លួន ឬ​សង្គម ហើយ​សូម​ទូន្មាន​ដល់​សមាជិក​ខ្លួនកុំ​ឲ្យ​ដាក់ស្នើ ប្រព្រឹត្ត លើក​ទឹកចិត្ត បង់ប្រាក់ ឬ​ចាត់ចែង​ឲ្យ​មាន​ការរម្លូត​កូន​ឡើយ ។

« [ ព្រះអម្ចាស់ ] អនុញ្ញាត​ឲ្យ​មាន​ករណី​លើកលែង​ដែល​អាច​ធ្វើ​ទៅបាន … នៅពេល ៖

  • ការ​មាន​ផ្ទៃ​ពោះ​ដែល​ជា​លទ្ធផល​មកពី​ការ​ចាប់​រំលោភ ឬ​ការរួមភេទ​ជាមួយ​សាច់ញាតិ​ជិតដិត​ដោយ​បង្ខំ ឬ

  • ​គ្រូ​ពេទ្យ​មាន​សមត្ថភាព​កំណត់​ថា ជីវិត និង​សុខភាព​របស់​ម្តាយ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ

  • គ្រូ​ពេទ្យ​ជំនាញ​សម្រេច​ថា គភ៌​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែល​នឹង​ធ្វើ​ឲ្យ​ទារក​មិន​អាច​រស់​បាន​ពេល​កើត​មក » ។

គណៈប្រធាន​ទីមួយ​បន្ត​ថា ៖ « ការរម្លូត​កូន​គឺជា​រឿង​ដ៏​ធ្ងន់ធ្ងរ​បំផុត ។ [ ទោះបី​ជា​ក្នុង​ស្ថានភាព​ដ៏​កម្រ​ទាំងនេះ​ក្តី ] វា​គួរ​តែ​ត្រូវ​បាន​ពិចារណា​តែ​បន្ទាប់​ពី​បុគ្គល​ដែល​ទទួល​ខុសត្រូវ​នោះ បាន​ទទួល​ការបញ្ជាក់​តាមរយៈ​ការអធិស្ឋាន​ប៉ុណ្ណោះ »ហើយ​បានប្រឹក្សា​ជាមួយ​អ្នក​ដទៃ ។

សាមសិប​ឆ្នាំ​មុន ព្យាការី​របស់​ព្រះអម្ចាស់​បានចេញ​សេចក្តីប្រកាស​ដល់​ពិភពលោក ។ សេចក្តីប្រកាស​នេះ​រួម​មាន​ពាក្យ​ទាំងនេះ ៖

« យើង … សូម​ប្រកាស​ថែម​ទៀត​ថា ព្រះ​បាន​បញ្ជា​ថា អំណាច​ពិសិដ្ឋ​នៃ​ការបង្កើត​កូន គឺ​ត្រូវបាន​ប្រើ​រវាង​តែ​បុរស និង ស្ត្រី ដែល​បាន​រៀប​អាពិហ៍ពិពាហ៍​ស្រប​ច្បាប់ ជា​ប្តី និង​ប្រពន្ធ​ប៉ុណ្ណោះ ។

« យើង​សូម​ប្រកាស​ថា មធ្យោបាយ​ដើម្បី​បង្កើត​ជីវិត​រមែង​ស្លាប់​នេះ​គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ យើង​សូម​បញ្ជាក់​នូវ​ភាពបរិសុទ្ធ​នៃ​ជីវិត និង​សារៈសំខាន់​នៃ​ជីវិត​នៅក្នុង​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះ » ។

ការចិញ្ចឹមបីបាច់ និង​ការការពារ​ជីវិត​ដែល​មិន​ទាន់​កើត​មិន​មែន​ជា​ជំហរ​ខាង​នយោបាយ​នោះ​ទេ។ វា​គឺជា​ច្បាប់​ខាងសីលធម៌​ដែល​បាន​បញ្ជាក់​ដោយ​ព្រះអម្ចាស់ តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ។

ការប្រាស្រ័យទាក់ទង​គ្នា​កាន់តែបើក​ចំហរ ។

សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ ដែល​បាន​បម្រើ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​ពិពណ៌នា​យ៉ាង​ល្អ​អំពី​យុវវ័យ​នៅ​សព្វថ្ងៃ​នេះ​ថា ៖ « យុវវ័យ​នៃ​សាសនាចក្រ​ស្រេក​ឃ្លាន​នូវ​អ្វីៗ​ខាង​វិញ្ញាណ ពួកគេ​ចង់​រៀន​ដំណឹងល្អ ហើយ​ពួកគេ​ចង់​បាន​ឲ្យ​វា​ច្បាស់លាស់ បរិសុទ្ធ ។ ពួកគេ​ចង់​ដឹង​អំពី … ជំនឿ​របស់​យើង ពួកគេ​ចង់​ទទួល​បាន​ទីបន្ទាល់​អំពី​[ សេ ]ចក្តីពិត ។ ពួកគេ … ជា​អ្នក​ស៊ើប អ្នកស្វែងរក​សេចក្ដីពិត » ។ សូម​ឲ្យ​យើង​និយាយ​ឲ្យ​បានញឹកញាប់​ដោយ​សេចក្តី​ជំនឿ និង​ដោយ​ក្ដី​អាណិត​អាសូរ​ទៅកាន់​យុវវ័យ​នៅក្នុង​ផ្ទះ​របស់​យើង និង​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ការប្រជុំ​សមាគមសង្គ្រោះ និង​កូរ៉ុម​អែលឌើរ​របស់​យើង​អំពី​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់ ភាពបរិសុទ្ធ​នៃ​ជីវិត និង​ការមើល​ថែទារក​ដែល​មិន​ទាន់​កើត និង​ម្តាយ​របស់​ពួកគេ ។

កាលពី​ជាង ២០ ឆ្នាំមុន មាន​ប្អូនស្រី​ម្នាក់​បាន​សរសេរ​នូវ​បទពិសោធន៍​របស់​នាង​មកកាន់​ខ្ញុំ ៖ « កាល​នៅ​អាយុ​១៧​ឆ្នាំ … ខ្ញុំ​បាន​មាន​ផ្ទៃពោះ ហើយ​មាន​ការគាំទ្រ​តិចតួច​បំផុត​ពី​មិត្តប្រុស​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន និង​ឯកោ [ ប៉ុន្តែ ខ្ញុំ ]​មិន​ដែល​គិតចង់​[ រម្លូតកូន ]​នោះ​ទេ ។ … ខ្ញុំ [ មាន ] គ្រួសារ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ និង​ប៊ីស្សព​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​ជួប​ជា​ប្រចាំ​ដើម្បី​ទទួល​បាន​ការណែនាំ ។ … ខ្ញុំ​ងាក​ទៅរក​ព្រះ ។ ខ្ញុំ​បានសិក្សា​ព្រះគម្ពីរ … និង​បានអធិស្ឋាន [ និង ] ទទួល​បានកម្លាំង​មកពី​ព្រះអង្គសង្រ្គោះ និង​ដំណើរការ​នៃ​ការប្រែចិត្ត ។ … ខ្ញុំ​បាន​ទទួល​ចម្លើយ​[ ចំពោះ​ការអធិស្ឋាន​របស់ខ្ញុំ ]​ដែល​ខ្ញុំ​មិន​អាច​បដិសេធ​បាន​ទេ ។ … វា​ជា​រឿង​ដ៏​សោកសៅ ប៉ុន្តែ​ខ្ញុំ​បានដឹង​ថា ខ្ញុំ​នឹងអាច​ឲ្យ​កូនស្រី​ខ្ញុំ​ទៅ​គេ​ចិញ្ចឹម ។ … ខ្ញុំ​បាន​អធិស្ឋាន​សូម​សេចក្តីក្លាហាន [ ហើយ ] ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ​យ៉ាងច្បាស់ តាមរយៈ​ការប្រែចិត្ត ខ្ញុំ​បានដឹង​ថា​ព្រះ … ឆ្លើយ​ការអធិស្ឋាន និង​ពង្រឹង​យើង » ។

គូ​ស្វាមី​ភរិយា​ដ៏​គួរឲ្យ​ស្រឡាញ់​មួយគូ​​បានសុំ​ទារិកា​តូច​ដ៏​មាន​តម្លៃ​នោះ​ទៅ​ចិញ្ញឹម និង​បានបង្រៀន​ដំណឹងល្អ​ដល់​នាង ។ ឥឡូវនេះ នាង​បានរៀបការ​រស់នៅ​ជាមួយ​គ្រួសារ​ដ៏​ស្រស់ស្អាត​របស់​នាង​ផ្ទាល់ ។

ពេលខ្លះ ការលំបាក​ដ៏​ខ្លាំងក្លា និង​ទុក្ខព្រួយ​ជា​ទម្ងន់​ដែល​មកពីភាព​មិន​ច្បាស់លាស់ អាច​ជា​ការអម​នឹង​ការការពារ​ជីវិត​ផងដែរ ។

ថ្មីៗនេះ គូស្វាមី​ភរិយា​វ័យក្មេង​មួយ​គូ ដែល​ខាធី និង​ខ្ញុំ​ស្រឡាញ់​បាន​សរសេរ​សំបុត្រ​ប្រាប់ខ្ញុំ អំពី​កូន​តូច​ដែល​នៅក្នុង​ផ្ទៃ​របស់​ពួកគេ ។

ឪពុក​បាន​សរសេរ​ថា ៖ « [ នៅពេល​ភរិយា​របស់​ខ្ញុំ ] មាន​ផ្ទៃពោះ ១០ សប្តាហ៍ យើង​បាន​ដឹង​ថា ទារក​ដ៏​អព្ភូតហេតុ​របស់​យើង​មាន​នូវ​បញ្ហា​ហ្សែន​ពី​កំណើត​ដែល​មាន​ឈ្មោះ​ថា ត្រេសូមី ២១ ដែល​ជាទូទៅ​ត្រូវ​បានហៅ​ថា​ជា​ជម្ងឺ ដោនស៊ីនដ្រូម ។ យើង​មាន​អារម្មណ៍​ថា​មាន​សម្ពាធ … ពី​ផ្នែក​វេជ្ជសាស្រ្ត​ដើម្បី​ពិចារណា​ពី​ការរម្លូត​នេះ ។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក យើង​បាន​រកឃើញ​ថា … កូន​ដែល​មិន​ទាន់​កើត​របស់​យើង … នឹង​ត្រូវការ​ការវះកាត់​បេះដូង​ជាច្រើន​ដង​នៅពេល​កើត​មក​នៅ​មួយ​ខួប​ដំបូង ។ នៅក្នុង​ដំណើរការ​នេះ​ទាំងមូល យើង​បានអធិស្ឋាន​ជាញឹកញាប់​ទូលសូម​ជំនួយ​ដ៏​ទេវភាព … យើង​បាន​ទទួល​អារម្មណ៍​លួងលោម​ពី​ព្រះវិញ្ញាណ ។ យើង​បាន​ទទួល​វិវរណៈ និង​ការយល់ដឹង​ថា កូនស្រី​របស់​យើង​គឺជា​កូន​ដ៏​ពិសេស​របស់​ព្រះវរបិតាសួគ៌ ហើយ​មាន​បំណងប្រាថ្នា​ដ៏​ធំធេង​ចង់​ស្ថិត​នៅក្នុង​គ្រួសារ​របស់​យើង និង​មកកាន់​ផែនដី » ។

ម្តាយ​របស់​ទារក​រូប​នេះ​បាន​សរសេរ​ថា ៖ « [ យើង ]​មាន​ការតក់ស្លុត ច្របូកច្របល់ និង​និយាយ​ដោយ​ត្រង់ ភ័យរន្ធត់​ជា​ខ្លាំង​ដោយ​ដំណឹង​នេះ ។ … នៅពេល​ដែល​ខ្ញុំ​មាន​ផ្ទៃពោះ ១៤ សប្តាហ៍ យើង​បានដឹង​ថា​ទារក​របស់​យើង​មាន​ពិការភាព​បេះដូង​ពី​កំណើត​ជាច្រើន ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់ ។ យើង​បានជួប​វេជ្ជបណ្ឌិត និង​អ្នក​ឯកទេស​រាប់​មិន​អស់​ចាប់ពី​មាន​ផ្ទៃពោះ ១០–១៨ សប្តាហ៍ ។ … នៅ​រាល់​ការណាត់ជួប​ម្តងៗ​របស់យើង យើង​ត្រូវ​បាន​សួរ​ថា​តើ​យើង​ចង់​បន្ត​រក្សា​គភ៌ ឬ​រម្លូតចោល ។ … ព្រះអង្គ​សង្គ្រោះ​បានព្យាបាល​ដួងចិត្ត​របស់​ខ្ញុំ ហើយ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​អារម្មណ៍​នៃ​ភាពសុខសាន្ត និង​ភាពរំភើប​រីករាយ​អំពី​កូនស្រី​របស់​យើង ។ … [ ព្រះវរបិតាសួគ៌ ] បានបង្ហាញ​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត​ថា ទ្រង់​មាន​ផែនការ​ដ៏​ឥតខ្ចោះ​សម្រាប់​ខ្ញុំ [ ហើយ ]​ខ្ញុំ​ជឿជាក់​លើ​ទ្រង់ » ។

ពួកគេ​រំភើប​ក្នុងការ​ស្វាគមន៍​កំណើត​កូនស្រី​តូច​របស់​ពួកគេ​នៅ​សប្ដាហ៍​មុន​នេះ ។ នាង​ជា​របស់​ពួកគេ ហើយ​ពួកគេ​ជា​របស់​នាង​ជា​រៀង​រហូត ។

ជំនឿ​ដែល​មិន​រុញរា និង​ភាពក្លាហាន​ដ៏​អស្ចារ្យ​គឺជា​លក្ខណសម្បត្តិ​នៃ​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

គំរូ​នៃ​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​មួយ

ឆ្លង​កាត់​ប៉ុន្មាន​ឆ្នាំ​មក​នេះ ខ្ញុំ​មាន​អភ័យ​ឯកសិទ្ធិ​ជួប​នឹង​បុរស និង​ស្រ្តី​ដែល​បាន​ប្រឹងប្រែង​យ៉ាង​រាបទាប​ដើម្បី​ត្រឡប់​ទៅកាន់​ផ្លូវ​នៃ​សេចក្ដីសញ្ញា និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​វិញ បន្ទាប់ពី​ការបាត់បង់​សមាជិកភាព​របស់​ពួកគេ​អស់​ជាច្រើន​ឆ្នាំ ។

នៅក្នុង​ឱកាស​មួយ ខ្ញុំ​បាន​សម្ភាស​បុរស​ម្នាក់​ជំនួស​ឲ្យ​គណៈប្រធាន​ទីមួយ​សម្រាប់​ការស្តារ​ឡើងវិញ​នៃ​បព្វជិតភាព និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

បន្ទាប់ពី​ការរៀប​អាពាហ៍ពិពាហ៍​របស់គាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​កូន​ដ៏​អស្ចារ្យ​បីនាក់ បុរស​រូប​នោះ​មិន​ស្មោះត្រង់​ចំពោះ​ភរិយា​របស់​គាត់ និង​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​របស់​គាត់​ទេ ។ ស្ត្រី​នៅ​លីវ​ម្នាក់​មាន​ផ្ទៃពោះ និង​ចង់​រម្លូត​កូន​ចោល ។

ភរិយា​ដ៏​មាន​គុណធម៌​របស់​ស្វាមី​មួយរូប បាន​អង្វរ​ស្រ្តី​ម្នាក់​នោះ​ឲ្យ​ទុក​ទារក​នោះ ហើយ​បានសន្យា​ថា នាង​នឹង​ចិញ្ចឹម​កូន​នោះ​ជាមួយ​កូនៗ​របស់​នាង​នៅពេល​កូន​នោះ​កើតមក ។

ស្រ្តី​ដែល​នៅ​លីវ​រូប​នោះ​បាន​យល់ព្រម​មិន​ទម្លាក់​គភ៌​ក្នុង​ផ្ទៃ​ទេ ។

ឥឡូវ​នេះ វា​មាន​រយៈពេល ១០​ឆ្នាំ​ហើយ ។ ប្អូន​ស្រី​ដ៏​រាបទាប​ដែល​អង្គុយ​នៅ​ខាង​មុខ​ខ្ញុំ​នោះ ស្រឡាញ់​ក្មេងប្រុស​ម្នាក់​នេះ​ដូចជា​កូនបង្កើត​របស់​គាត់ ហើយ​បាន​ប្រាប់​ខ្ញុំ​អំពី​ការខិតខំ​ប្រឹងប្រែង​របស់​ស្វាមី​របស់​គាត់​ក្នុង​ការកែប្រែ និង​ស្រឡាញ់ ហើយ​ថែទាំ​គាត់ និង​គ្រួសារ ។ ឪពុក​បាន​ហូរ​ទឹកភ្នែក​ខណៈ​ដែល​គាត់​និយាយ ។

តើ​ស្ត្រី​ដ៏​ថ្លៃថ្នូរ​របស់​ព្រះ​រូប​នេះ​អាច​យក​កូន​នេះ​ធ្វើ​ដូចជា​កូន​របស់​គាត់​ផ្ទាល់ ខណៈ​ដែល​កូន​នេះ​អាច​រំឭក​គាត់​ពី​ស្វាមី​ដែល​មិន​ស្មោះត្រង់​របស់​គាត់​ជា​រៀងរាល់​ថ្ងៃ​ដោយ​របៀប​ណា​ទៅ ? ដោយ​របៀប​ណា​ទៅ ? ដោយសារ​នាង​ទទួល​បាន​កម្លាំង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​នាង​ជឿ​លើ​ភាពពិសិដ្ឋ​នៃ​ជីវិត ភាព​បរិសុទ្ធ​នៃ​ជីវិត ។ នាង​បានដឹង​ថា កូន​ដែល​មិន​ទាន់​កើត​គឺជា​បុត្រ​របស់​ព្រះ ស្លូតត្រង់ និង​បរិសុទ្ធ ។

កម្រង​រូបភាព​ទារក<nb/>។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ការចុះ​ថយ​សេចក្តីស្រឡាញ់​ចំពោះ​ទារក​ដែល​មិន​ទាន់កើត​នៅ​ទូទាំង​ពិភពលោក​គឺជា​ក្តីព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ។ ព្រះ​ស្រឡាញ់​ជីវិត ។ នេះ​គឺជា​កិច្ចការ​របស់​ទ្រង់ និង​សិរីរុងរឿង​របស់​ទ្រង់​ដើម្បី​នាំ​មក​នូវ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ស្រឡាញ់​ជីវិត ។ « គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង​គឺ ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ។ សូម​ឲ្យ​យើង​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់​យើង​កាន់តែ​ច្រើន​ជាមួយ​អ្នក​ដែល​ត្រូវការ​យើង​យ៉ាងខ្លាំង ។ ខ្ញុំ​សូម​បង្ហាញពី​ក្តីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បងប្អូន និង​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់​យើង​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​ដែល​មក​កាន់​ផែនដី ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. យ៉ូហាន ១៣:៣៥; សូមមើល​ផងដែរ ម៉ាថាយ ២២:៣៦–៤០ ។

  2. ទំនាក់ទំនង​ផ្ទាល់ខ្លួន នាថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត ។

  3. ទំនាក់ទំនង​ផ្ទាល់ខ្លួន នាថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត ។

  4. រ័សុល អិម ណិលសុន « ការបម្រើ​ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​ពី​ព្រះ » Liahona, ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៦៩ ។

  5. គំរូ​នៃ​ស្រ្តី​សុចរិត​ម្នាក់​នៅ​ប្រទេស​បារាំង សូមមើល នែល អិល អាន់ឌើរសិន The Divine Gift of Forgiveness ( ឆ្នាំ ២០១៩ )ទំព័រ ១៥៤–៥៦ ។

  6. សូមមើល នែល អិល អាន់ឌើរសិន The Divine Gift of Forgivenessទំព័រ ២១៩; សូមមើល​ផងដែរ នែល អិល អាន់ឌើរសិន Jesus Is the Christ ( ឆ្នាំ២០២៣ ),ទំព័រ ៥ ។

  7. សូមមើល​សេចក្តីថ្លែងការណ៍​ផ្លូវការ​ស្តីពី​ការរម្លូតកូន ៖ « Abortion » នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ។ ក្បួនខ្នាត​ទូទៅ ចែង​ថា « បុគ្គល​ម្នាក់​អាច​ប្រែចិត្ត ហើយ​ទទួល​បាន​ការអភ័យទោស​សម្រាប់​អំពើបាប​នៃ​ការរម្លូត​កូន​របស់​ពួកគេ » ( General Handbook: Serving in The Church of Jesus Christ of Latter-day Saints ៣៨.៦.១នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសុន បាន​មាន​ប្រសាសន៍ ៖ « សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​គឺជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ វា​គឺជា​ការ​យល់ដឹង​ដ៏​ជ្រាលជ្រៅ​មួយ​ថា ទង្វើ​របស់​យើង​បាន​ធ្វើ​ឲ្យ​ព្រះវរបិតា​របស់​យើង និង​ព្រះ​របស់​យើង​អាក់អន់​ព្រះទ័យ ។ វា​គឺជា​ចំណេះដឹង​ដ៏​មុត​មាំ ហើយ​[ សកម្ម ]​យ៉ាងខ្លាំង​ថា ឥរិយាបថ​របស់​យើង​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​សង្គ្រោះ ដែល​ជា​អង្គ​ដែល​គ្មាន​អំពើបាប ហើយ​ជា​អង្គ​ដែល​មហស្ចារ្យ​លើស​គេ​ទាំងអស់ ឲ្យ​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់ និង​ការ​រងទុក្ខ ។ អំពើបាប​របស់​យើង​បាន​ធ្វើ​ឲ្យ​ទ្រង់​ហូរ​ព្រះ​លោហិត​នៅ​តាម​គ្រប់​រន្ធ​ញើស ។ ការឈឺចាប់​ខាងផ្លូវចិត្ត និង​ខាងវិញ្ញាណ​ពិត​ប្រាកដ​នេះ គឺជា​អ្វី​ដែល​បទគម្ពីរ​សំដៅ​លើ ‹ ចិត្តសង្រេង និង វិញ្ញាណ​ទន់​ទាប › [ សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៣៧ ]។ វិញ្ញាណ​បែបនេះ​គឺជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការប្រែចិត្ត​ពិតប្រាកដ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ២០១៤ ] ទំព័រ ៨៣; សូមមើល​ផងដែរ កូរិនថូស ទី២ ៧:១០នីហ្វៃទី៣ ៩:២០នីហ្វៃទី៣ ១៨:៣២ ) ។

  8. « ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក​ថា ៖ មើល​ចុះ នេះ​គឺជា​ពួក​បងប្អូន​របស់​អ្នក ពួកគេ​ជា​ផល​នៃ​ដៃ​យើង​ផ្ទាល់ ហើយ​យើង​បាន​ប្រទាន​ដល់​ពួកគេ​នូវ​ចំណេះវិជ្ជា​ដែល​គេ​មាន នៅ​ថ្ងៃ​ដែល​យើង​បាន​បង្កើត​គេ​មក ហើយ​នៅ​ក្នុង​សួនច្បារ​អេដែន នោះ​យើង​បាន​ប្រទាន​សិទ្ធិ​ជ្រើសរើស​ដល់​មនុស្ស ។

    « ហើយ​ដល់​ពួក​បងប្អូន​របស់​អ្នក នោះ​យើង​បាន​មាន​បន្ទូល ហើយ​ទាំង​ប្រទាន​បញ្ញត្តិ​មួយ​ថា ពួក​គេ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ថា​ពួក​គេ​ត្រូវ​រើស​យើង​ជា​ព្រះ​វរបិតា​របស់​គេ » ( ម៉ូសេ ៧:៣២–៣៣ ) ។

  9. ហិនរី ប៊ី អាវរិង To Draw Closer to God ( ឆ្នាំ១៩៩៧ ) ទំព័រ ១៤៣ ។

  10. ដាល្លិន អេក អូក « The Great Plan of Happiness » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៣ ទំព័រ ៧៤ ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « វា​មិនមែន​ជា​សំណួរ​ថា​តើ​នៅ​ពេលណា​ដែល ‹ អត្ថន័យ​ពេញលេញ​នៃ​ជីវិត › ចាប់ផ្ដើម ឬ​នៅពេល​ណា​វិញ្ញាណ​ធ្វើ​ឲ្យ​រូបកាយ ‹ មាន​ជីវិត › នោះ​ទេ ។ នៅក្នុង​វិទ្យាសាស្ត្រ​ជីវសាស្រ្ត គេ​ដឹង​ថា ជីវិត​ចាប់ផ្តើម​នៅពេល​ដែល​កោសិកា​មេ​ជីវិត​ពីរ​រួបរួម​គ្នា ក្លាយជា​កោសិកា​តែ​មួយ ដោយ​នាំ​យក​ក្រូម៉ូសូម​ចំនួន​ម្ភៃ​បី​បញ្ចូល​គ្នា​ពី​ឪពុក និង​ពី​ម្តាយ ។ ការចាប់ផ្តើម​នៃ​ជីវិត​មិនមែន​ជា​បញ្ហា​ដែល​អាច​ជជែក​វែកញែក​បាន​ទេ ប៉ុន្តែ​ជា​ការពិត​នៃ​វិទ្យាសាស្ត្រ » ( « Reverence for Life » Ensign ខែឧសភា ឆ្នាំ១៩៨៥ ទំព័រ ១៣ ) ។

  11. ប្រធាន ចន ថេលើរ បានមាន​ប្រសាសន៍​នៅក្នុង​ឆ្នាំ១៨៧៩ ថា « យើង​ត្រូវ​តវ៉ា​ប្រឆាំង​នឹង​ការរម្លូតកូន ការសម្លាប់​ទារក និង​ការអនុវត្ដ​ដ៏​គួរ​ខ្ពើមឆ្អើម​ផ្សេងទៀត … មិនថា​នៅក្នុង​រូបភាព​នៃ​ការអនុម័ត​ច្បាប់ សេចក្ដី​សម្រេច​តុលាការ ឬ​នៅក្នុង​ការណ៍​ផ្សេងទៀត​នៃ​អរិយ្យធម៌​នេះឡើយ » (“Discourse,” Deseret News, Dec. 31, 1879, 755; spelling modernized) ។

  12. សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​ស្តីពី​ការរម្លូតកូន ៖ « Abortion » នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ។

  13. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើបណ្ណាល័យ​ដំណឹងល្អ ។

  14. ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ The Charted Course of the Church in Educationrev. ed. ( ឆ្នាំ​១៩៩៤ សុន្ទរកថា​ទៅ​កាន់​គ្រូ​បង្រៀន​សាសនា​នៃ​ប្រព័ន្ធអប់រំ​សាសនាចក្រ នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៩៣ ) ទំព័រ​៣ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  15. សូមមើល ប្រធានបទ និង​សំណួរ « Abortion » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  16. ទំនាក់ទំនង​ផ្ទាល់ខ្លួន នាថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត ។

  17. ឧទាហរណ៍​មួយ​ទៀត​ពី​ពរជ័យ​នៃ​ការសុំ​កូន​មក​ចិញ្ចឹម​គឺជា​ដំណើររឿង​របស់ សេរីលីន ស្ទីនសុន និង​កូនស្រី​របស់​នាង ដែល​មាន​ឈ្មោះ​ថា អាលីសុន ព្រម​ជាមួយ​ម្តាយ​បង្កើត​របស់ អាលីសុន ដែល​មាន​ឈ្មោះ​ថា ជីល ម័រហ្គីនសិន ( សូមមើល ម៉ារី រីឆាដ « Navigating the Journey of Adoption ReunificationChurch Newsថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើ​គេហទំព័រ thechurchnews.com ) ។

  18. ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ និង​ដៃ​ដែល​លាត​ចេញ​មក​របស់​យើង នោះ​មនុស្ស​ជា​ច្រើន​មាន​ពរ​ក្នុង​ការរកឃើញ​ផ្លូវ​របស់​ពួកគេ ។ សូមមើល អាម៉ាន់ដា បេកឃឺ « Finding Hope as a Single Expectant Mother » Liahonaខែកក្កដា ឆ្នាំ២០២២ ( មានតែ​ឌីជីថល​តែ​ប៉ុណ្ណោះ ) « The Adoption Decision » New Eraខែមីនា ឆ្នាំ២០០៦ ទំព័រ ២៨–៣៣ ។

  19. ទំនាក់ទំនង​ផ្ទាល់ខ្លួន នាថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត ។

  20. បទពិសោធន៍​ផ្ទាល់​ខ្លួន សូមមើល នែល អិល អាន់ឌើរសិន The Divine Gift of Forgivenessទំព័រ ២៤៦–៤៧ ។

  21. សូមមើល ម៉ូសេ ១:៣៩ ។

  22. យ៉ូហាន ១៣:៣៥; សូមមើល​ផងដែរ ម៉ាថាយ ២២:៣៦–៤០ ។

  23. ធនធាន​ផ្សេង​ទៀត​ដែល​អាច​មាន​ប្រយោជន៍ ៖ Gospel Topics « Unwed Pregnancy » នៅលើ​បណ្ណាល័យ​ដំណឹងល្អ « Single Expectant Parents » ក្បួនខ្នាត​ទូទៅ៣៨.៦.១៩ ធនធាន​ការប្រឹក្សា « Single Expectant Parents »​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។