ជំនួយដ៏ទេវភាពសម្រាប់ជីវិតរមែងស្លាប់
ផែនការរបស់ព្រះវរបិតាសួគ៌របស់យើង ប្រទាននូវជំនួយទាំងឡាយផ្សេងទៀតដើម្បីដឹកនាំយើងក្នុងដំណើរនៃជីវិតរមែងស្លាប់របស់យើង ។
I.
តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានបើកសម្តែងការណ៍ជាច្រើនអំពីជីវិតមុនផែនដីរបស់យើង ។ នៅទីនោះ យើងរស់នៅជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះ ដោយសារព្រះមានព្រះរាជបំណងចង់ជួយបុត្រាបុត្រីរបស់ទ្រង់ឲ្យរីកចម្រើន ទ្រង់សម្រេចព្រះទ័យបង្កើតផែនដីមួយ ដែលយើងអាចទទួលរូបកាយ រៀនតាមរយៈបទពិសោធន៍ អភិវឌ្ឍគុណលក្ខណៈដ៏ទេវភាព និងដើម្បីបញ្ជាក់ឲ្យឃើញថាតើយើងនឹងរក្សាបទបញ្ញត្តិរបស់ព្រះដែរឬទេ អស់អ្នកដែលមានភាពស័ក្ដិសមនឹង « មានសិរីល្អបន្ថែមទៅលើក្បាលរបស់គេ ជារៀងដរាបរហូតតទៅ » ( អ័ប្រាហាំ ៣:២៦ ) ។
ដើម្បីបង្កើតលក្ខខណ្ឌនៃផែនការដ៏ទេវភាពនេះ ព្រះបានជ្រើសរើសព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់យើង ។ លូស៊ីហ្វើរ ដែលផ្ដល់យោបល់ឲ្យមានផែនការផ្សេងដែលនឹងបំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្ស បានក្លាយជាសាតាំង ហើយត្រូវបាន « បណ្តេញចុះ » បន្ទាប់ពីបានបណ្ដេញចេញមកកាន់ផែនដី ហើយបដិសេធអភ័យឯកសិទ្ធិនៃជីវិតរមែងស្លាប់ សាតាំងត្រូវបានអនុញ្ញាតឲ្យព្យាយាម « ដើម្បីធ្វើឲ្យមនុស្សខ្វាក់ ហើយដើម្បីដឹកពួកគេយកទៅជាឈ្លើយតាមចិត្តរបស់វា គឺមនុស្សជាច្រើនណាដែលមិនព្រមស្តាប់តាមសំឡេង[ របស់ព្រះ ]នោះហើយ » ( ម៉ូសេ ៤:៤ ) ។
វាចាំបាច់ចំពោះផែនការដ៏មហិមារបស់ព្រះសម្រាប់ការរីកចម្រើនក្នុងជីវិតរមែងស្លាប់នៃបុត្រាបុត្រីរបស់ទ្រង់ គឺដើម្បីឲ្យពួកគេដកពិសោធន៍ « ការផ្ទុយចំពោះរឿងសព្វសារពើ » ។ ( នីហ្វៃទី២ ២:១១ ) ដូចជាសាច់ដុំក្នុងរាងកាយរបស់យើងដែលមិនអាចអភិវឌ្ឍ ឬថែរក្សាបានដោយគ្មានការទប់ទល់នឹងច្បាប់នៃទំនាញផែនដីដូច្នោះដែរ នោះការលូតលាស់នៃជីវិតរមែងស្លាប់ ក៏តម្រូវឲ្យយើងខិតខំជំទាស់នឹងការផ្ទុយផ្សេងៗនៃជីវិតរមែងស្លាប់ផងដែរ ។ អ្វីមួយដ៏សំខាន់បំផុតសម្រាប់ការលូតលាស់ខាងវិញ្ញាណគឺការទាមទារឲ្យជ្រើសរើសរវាងល្អ និងអាក្រក់ ។ អស់អ្នកដែលជ្រើសរើសល្អនឹងរីកចម្រើនឆ្ពោះទៅរកជោគវាសនាដ៏នៅអស់កល្បជានិច្ចរបស់ពួកគេ ។ អស់អ្នកដែលជ្រើសរើសអាក្រក់—ក៏ដូចជាមនុស្សទាំងអស់ដែលនឹងធ្វើការល្បួងផ្សេងៗក្នុងជីវិតរមែងស្លាប់ដែរ—នឹងត្រូវការជំនួយការជួយសង្រ្គោះ ដែលព្រះដ៏ពេញដោយក្តីស្រឡាញ់បានរៀបចំឡើងដើម្បីប្រទានឲ្យ ។
II.
មកដល់ពេលនេះ ជំនួយដ៏ខ្លាំងបំផុតរបស់ព្រះសម្រាប់បុត្រទ្រង់ក្នុងជីវិតរមែងស្លាប់គឺការប្រទានព្រះអង្គសង្រ្គោះមួយអង្គ គឺព្រះយេស៊ូវគ្រីស្ទ ដែលនឹងរងទុក្ខដើម្បីបង់ថ្លៃ និងប្រទានការអភ័យទោសសម្រាប់អំពើបាបដែលបានប្រែចិត្ត ។ ដង្វាយធួនប្រកបដោយសេចក្តីមេត្តាករុណា និងភាពរុងរឿងនោះ ពន្យល់ពីមូលហេតុដែលសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជាគោការណ៍ទីមួយនៃដំណងល្អ ។ ដង្វាយធួនរបស់ទ្រង់ « នាំមកនូវដំណើររស់ឡើងវិញដល់មនុស្សស្លាប់ » ( អាលម៉ា ៤២:២៣ ) ហើយវា « ធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក » ( អាលម៉ា ៣៤:៨ ) លុបចោលអំពើបាបដែលបានប្រែចិត្តទាំងអស់ ហើយផ្ដល់ព្រះចេស្ដារបស់ព្រះអង្គសង្រ្គោះដើម្បីជួយយើងនៅក្នុងភាពទន់ខ្សោយខាងជីវិតរមែងស្លាប់របស់យើង ។
បន្ថែមពីលើរបៀបដ៏រុងរឿងដែលអំពើបាបរបស់យើងត្រូវបានលុបចោល និងបានអភ័យទោសឲ្យ នោះផែនការនៃព្រះបិតាដ៏ពេញដោយក្តីស្រឡាញ់ដែលគង់នៅស្ថានសួគ៌ ផ្តល់នូវអំណោយទានជាច្រើនផ្សេងទៀតដើម្បីការពារយើង រួមទាំងការការពារយើងពីអំពើបាបតាំងពីដើមដំបូងមកផងដែរ ។ ជីវិតរមែងស្លាប់របស់យើងតែងតែ ចាប់ផ្ដើម ជាមួយឪពុក និងម្តាយជានិច្ច ។ លោកទាំងពីរមានវត្តមានជាមួយអំណោយទានផ្សេងៗគ្នាដើម្បីដឹកនាំការរីកចម្រើនរបស់យើង ។ បើមិនមានពួកគាត់ទេ ផ្នែកមួយនៃភាពផ្ទុយគ្នាដែលយើងត្រូវប្រឈមមុខនោះគឺអវត្តមានរបស់ពួកលោក ។
III.
ផែនការរបស់ព្រះវរបិតាសួគ៌របស់យើងប្រទាននូវជំនួយទាំងឡាយផ្សេងទៀតដើម្បីដឹកនាំយើងក្នុងដំណើរនៃជីវិតរមែងស្លាប់របស់យើង ។ ខ្ញុំនឹងនិយាយទាំងបួនចំណុចនេះ ។ សូមកុំតម្រូវឲ្យខ្ញុំពិភាក្សាយ៉ាងជាក់ទាំង បួន ចំណុចឡើយ ដោយសារជំនួយទាំងនេះគឺទាក់ទងគ្នា ។ បន្ថែមពីលើអ្វីដែលបានលើកឡើង ក៏មាននូវការការពារប្រកបដោយសេចក្តីមេត្តាករុណាផ្សេងទៀតបន្ថែមពីលើជំនួយទាំងនេះដែរ ។
ទីមួយ ខ្ញុំនិយាយពីពន្លឺ ឬព្រះវិញ្ញាណនៃព្រះគ្រីស្ទ ។ នៅក្នុងការបង្រៀនដ៏អស្ចារ្យរបស់លោកក្នុងព្រះគម្ពីរមរ៉ូណៃ មរ៉ូណៃបានដកស្រង់សម្តីរបស់ឪពុកលោកថា « ព្រះវិញ្ញាណត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និងត្រូវ » ( មរ៉ូណៃ ៧:១៦ ) ។ យើងបានអានការបង្រៀនដូចគ្នានេះនៅក្នុងវិវរណៈសម័យទំនើប ៖
« ហើយព្រះវិញ្ញាណប្រទានពន្លឺដល់មនុស្សគ្រប់រូបណាដែលមកក្នុងលោកិយ ហើយព្រះវិញ្ញាណបំភ្លឺគ្រប់មនុស្សពាសពេញលោកិយ ដែលប្រុងស្ដាប់តាមសំឡេងនៃព្រះវិញ្ញាណ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៤៦ ) ។
ម្ដងទៀត « ដ្បិតព្រះវិញ្ញាណរបស់យើង កំពុងតែបានចាត់ទៅក្នុងពិភពលោក ដើម្បីទៅបំភ្លឺដល់ពួករាបសា និងពួកទន់ទាប ហើយដើម្បីទៅដាក់ទោសដល់ពួកអាក្រក់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៦:៣៣ ) ។
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់ពីបទគម្ពីរទាំងនេះ ៖ « ព្រះអម្ចាស់មិនបានទុកមនុស្សលោកចោលឲ្យ ( នៅពេលពួកគេបានកើតមកលើផែនដីនេះ ) ឥតជំនួយ ស្វែងរកពន្លឺ និងសេចក្តីពិតដោយគ្មានភាពជាក់លាក់នោះទេ ប៉ុន្តែមនុស្សគ្រប់រូប … បានកើតមកដោយមាននូវពន្លឺដើម្បីទទួលការដឹកនាំ សេចក្តីណែនាំ ដំបូន្មាននៃវិញ្ញាណនៃព្រះគ្រីស្ទ ឬពន្លឺនៃសេចក្តីពិត» ។
ទីពីរ ជំនួយដ៏អស្ចារ្យដែលព្រះអម្ចាស់ប្រទានឲ្យ ដើម្បីជួយយើងជ្រើសរើសអ្វីដែលត្រឹមត្រូវគឺជាចង្កោមនៃទិសដៅដែលទាក់ទងគ្នានៅក្នុងបទគម្ពីរដែលជាផ្នែកមួយនៃផែនការនៃសេចក្តីសង្គ្រោះ ( ផែនការនៃសុភមង្គល ) ។ ទិសដៅទាំងនេះគឺជាបទបញ្ញត្តិ ពិធីបរិសុទ្ធ និងសេចក្តីសញ្ញា ។
បទបញ្ញត្តិ កំណត់ផ្លូវដែលព្រះវរបិតាសួគ៌បានគូសដានសម្រាប់យើងដើម្បីឲ្យយើងរីកចម្រើនទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្នកដែលស្រមៃថា បទបញ្ញត្តិរបស់ព្រះគឺជារបៀបដែលព្រះសម្រេចចិត្តថាតើនរណាដែលត្រូវដាក់ទោស គឺមិនយល់ពីគោលបំណងនៃផែនការនៃសុភមង្គលរបស់ព្រះដែលពេញដោយក្តីស្រឡាញ់នោះទេ ។ នៅលើផ្លូវនោះ យើងអាចសម្រេចបានបន្តិចម្តងៗនូវទំនាក់ទំនងដែលយើងត្រូវការជាមួយព្រះអង្គសង្រ្គោះ និងមានភាពស័ក្ដិសមដើម្បីទទួលបានព្រះចេស្ដាទ្រង់បន្ថែមទៀតដើម្បីជួយយើងនៅលើផ្លូវរបស់យើងទៅកាន់គោលដៅដែលទ្រង់សព្វព្រះទ័យឲ្យយើងទាំងអស់គ្នាទៅដល់ ។ ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យយើងទាំងអស់គ្នាដែលជាបុត្រាបុត្រីរបស់ទ្រង់ ត្រឡប់ទៅកាន់នគរសេឡេស្ទាល ដែលព្រះ និងព្រះអង្គសង្រ្គោះយើងគង់នៅ និងដើម្បីមានជីវិតដូចអស់អ្នកដែលរស់នៅក្នុងសិរីរុងរឿងនៃសេឡេស្ទាលនោះ ។
ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា គឺជាផ្នែកនៃក្រឹត្យវិន័យដែលបង្ហាញផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។ ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាដ៏ពិសិដ្ឋដែលយើងធ្វើជាមួយព្រះតាមរយៈការចូលរួមក្នុងពិធីបរិសុទ្ធទាំងនោះ គឺជាជំហានដែលតម្រូវ និងជារនាំងដែកការពារដ៏សំខាន់នៅលើផ្លូវនោះ ។ ខ្ញុំចូលចិត្តគិតពីតួនាទីនៃសេចក្តីសញ្ញាដែលបង្ហាញថានៅក្រោមផែនការរបស់ព្រះ នោះពរជ័យដ៏ខ្ពស់បំផុតរបស់ព្រះគឺបានប្រទានឲ្យអស់អ្នកដែលបានសន្យាទុកជាមុន ក្នុងការរក្សាបទបញ្ញត្តិជាក់លាក់មួយចំនួន និងអស់អ្នកដែលរក្សាការសន្យាទាំងនោះ ។
ជំនួយផ្សេងទៀតមកពីព្រះសម្រាប់ការជ្រើសរើសត្រឹមត្រូវគឺជា ការបើកសម្តែង នៃព្រះវិញ្ញាណបិរសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាសមាជិកទីបីនៃក្រុមព្រះ ។ តួនាទីរបស់ទ្រង់ដែលមាននៅក្នុងព្រះគម្ពីរ គឺដើម្បីថ្លែងពីព្រះវរបិតា និងព្រះរាជបុត្រា ដើម្បីបង្រៀនយើង ដើម្បីនាំគ្រប់សេចក្តីទាំងអស់ដល់ការនឹកចាំរបស់យើង និងដើម្បីដឹកនាំយើងទៅរកសេចក្តីពិតទាំងអស់ ។ ព្រះគម្ពីរមាននូវការពិពណ៌នាជាច្រើននៃការបើកសម្តែងនៃព្រះវិញ្ញាណបរិសុទ្ធ ដូចជាសាក្សីខាងវិញ្ញាណ នៅក្នុងការឆ្លើយតបទៅកាន់ការសួរអំពីសេចក្តីពិតនៃព្រះគម្ពីរមរមន ។ ការបើកសម្តែងគឺមិនត្រូវច្រឡំជាមួយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដែលបានប្រគល់ឲ្យបន្ទាប់ពីពិធីបុណ្យជ្រមុជទឹកនោះទេ ។
ជំនួយមួយដ៏សំខាន់នៃជំនួយរបស់ព្រះសម្រាប់បុត្រាបុត្រីដែលស្មោះត្រង់របស់ទ្រង់ គឺជាអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ សារៈសំខាន់នៃអំណោយទាននេះគឺបង្ហាញឲ្យឃើញនៅក្នុងការពិតដែលថា អំណោយទាននេះត្រូវបានផ្តល់ឲ្យជាផ្លូវការបន្ទាប់ពីការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹកដោយទឹក « ហើយបន្ទាប់មក [ ព្រះគម្ពីរពន្យល់ ] គឺជាការផ្ដាច់បាបទាំងឡាយរបស់អ្នកដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ » ( នីហ្វៃទី២ ៣១:១៧ ) ។ មនុស្សដែលមានការផ្ដាច់បាបនេះ—ហើយបន្ទាប់មកបន្តរំឭកការសម្អាតរបស់ពួកគេជាប្រចាំដោយការប្រែចិត្តជាប្រចាំថ្ងៃ ហើយរស់នៅតាមសេចក្ដីសញ្ញាដែលពួកគេធ្វើតាមរយៈពិធីបរិសុទ្ធនៃសាក្រាម៉ង់—ស័ក្ដិសមសម្រាប់ការសន្យាថា ព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណនៃព្រះអម្ចាស់ « …គង់នៅជាមួយពួកគេជាដរាប » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៧
ដូច្នេះ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានបង្រៀនថា ព្រះវិញ្ញាណបរិសុទ្ធនឹង « បំភ្លឺដួងចិត្តមនុស្សអំពីកិច្ចការរបស់ព្រះ ដើម្បីបញ្ចុះបញ្ចូលពួកគេនៅគ្រានៃការប្រែចិត្តជឿរបស់ពួកគេថា ពួកគេបានធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតា ហើយដើម្បីនៅជាប់នឹងពួកគេនៅពេលថ្លែងទីបន្ទាល់ ជាដៃគូពេញមួយជីវិត ដោយធ្វើជាមគ្គទេសក៍ដ៏ពិតប្រាកដ និងមានសុវត្ថិភាពចំពោះសេចក្តីពិតទាំងអស់ ហើយជួយពួកគេមានអារម្មណ៍ក្ដីអំណរ និងសេចក្តីរីករាយជាច្រើនជារៀងរាល់ថ្ងៃ ដោយមានចិត្តធ្វើល្អចំពោះមនុស្សទាំងអស់ សុខចិត្តទទួលរងកំហុស ជាជាងទៅធ្វើកំហុស ដើម្បីមានចិត្តល្អ និងប្រកបដោយសេចក្តីមេត្តាករុណា សេចក្តីអត់ធ្មត់ និងសប្បុរស ។ អស់អ្នកដែលមានអំណោយទានដ៏ថ្លៃថ្លានេះ ជាមុក្ដាដ៏មានតម្លៃមហិមានេះ មានចិត្តបន្តធ្វើតាមសេចក្តីសុចរិត ។ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានបញ្ចប់ការថ្លែងរបស់លោកថា បើគ្មានជំនួយពីព្រះវិញ្ញាណបរិសុទ្ធទេ « នោះគ្មានជីវិតរមែងស្លាប់ណាអាចដើរក្នុងផ្លូវត្រង់ និងចង្អៀតបានឡើយ » ។
IV.
ដោយមានជំនួយដ៏មានឥទ្ធិពលជាច្រើនដើម្បីដឹកនាំយើងក្នុងដំណើរជីវិតរមែងស្លាប់របស់យើង វាជាការខកចិត្តដែលមនុស្សជាច្រើននៅតែមិនបានត្រៀមខ្លួនសម្រាប់ជំនួបរបស់ពួកគេជាមួយព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ រឿងប្រៀបប្រដូចរបស់ទ្រង់អំពីស្ត្រីព្រហ្មចារីដប់នាក់ដែលបានរាយរាប់យ៉ាងញឹកញាប់នៅក្នុងសន្និសីទនេះបង្ហាញថា ក្នុងចំណោមអ្នកដែលបានអញ្ជើញឲ្យជួបទ្រង់ មានមនុស្សពាក់កណ្តាលដែលមិនបានត្រៀមខ្លួនរួចរាល់ឡើយ ។
យើងទាំងអស់គ្នាដឹងពីឧទាហរណ៍នៃរឿងដែលមិនបានត្រៀមទុកជាមុននេះ ៖ អ្នកបញ្ចប់បេសកកម្ម ដែលបានបង្អាក់ការលូតលាស់ខាងវិញ្ញាណរបស់ពួកគេដោយសារការអសកម្ម យុវវ័យដែលបានបង្កគ្រោះថ្នាក់ដល់ការលូតលាស់ខាងវិញ្ញាណរបស់ពួកគេ ដោយការផ្តាច់ខ្លួនពួកគេចេញពីការបង្រៀន និងសកម្មភាពទាំងឡាយរបស់សាសនាចក្រ បុរសដែលបានពន្យារពេលទទួលបព្វជិតភាពម៉ិលគីស្សាដែក បុរស និងស្ត្រី—ពេលខ្លះជាកូនចៅជំនាន់ក្រោយនៃអ្នកត្រួសត្រាយផ្លូវដ៏ថ្លៃថ្នូរ ឬឪពុកម្ដាយដែលមានភាពស័ក្ដិសម—បានចាកចេញពីផ្លូវនៃសេចក្តីសញ្ញា ដោយសារមិនសូវបានចុះ និងរក្សាសេចក្តីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធ ។
ការងាកចេញបែបនេះច្រើនកើតឡើងនៅពេលដែលសមាជិកមិនបានធ្វើតាមផែនការមូលដ្ឋាននៃការថែទាំខាងវិញ្ញាណនៃការអធិស្ឋានផ្ទាល់ខ្លួន ការសិក្សាព្រះគម្ពីរជាទៀងទាត់ និងការប្រែចិត្តជាញឹកញាប់ ។ ផ្ទុយទៅវិញ អ្នកខ្លះព្រងើយកន្ដើយចំពោះការរំឭកសេចក្តីសញ្ញាប្រចាំសប្តាហ៍ ដោយការមិនទទួលទានសាក្រាម៉ង់ ។ អ្នកខ្លះនិយាយថា សាសនាចក្រមិនបំពេញតម្រូវការរបស់ពួកគេទេ អស់អ្នកដែលជំនួសអ្វីដែលពួកគេយល់ថា ជាតម្រូវការនាពេលអនាគតរបស់ពួកគេ នៅពីមុខអ្វីដែលព្រះអម្ចាស់បានប្រទានឲ្យនៅក្នុងការបង្រៀនរបស់ទ្រង់ និងឱកាសជាច្រើនសម្រាប់ការបម្រើដ៏ចាំបាច់របស់យើងទៅកាន់អ្នកដទៃ ។
ការបន្ទាបខ្លួន និងការទុកចិត្តលើព្រះអម្ចាស់ គឺជាដំណោះស្រាយសម្រាប់ការងាកចេញបែបនេះ ។ ដូចជាព្រះគម្ពីរមរមនបង្រៀនថា ព្រះអម្ចាស់ « ប្រទានពរ ហើយធ្វើឲ្យចម្រើនឡើងដល់អស់អ្នកណា ដែលដាក់ទីទុកចិត្តរបស់គេទៅលើទ្រង់ » ( ហេលេមិន ១២:១ ) ។ ការទុកចិត្តលើព្រះអម្ចាស់ គឺជាតម្រូវការពិសេសមួយសម្រាប់អស់អ្នកដែលប្រៀបធៀបដោយខុសឆ្គងរវាងបទបញ្ញត្តិរបស់ព្រះ និងការបង្រៀនរបស់ពួកព្យាការីទ្រង់ជាមួយនឹងការរកឃើញថ្មីៗបំផុត និងប្រាជ្ញារបស់មនុស្ស ។
ខ្ញុំបាននិយាយអំពីជំនួយសម្រាប់ជីវិតរមែងស្លាប់ជាច្រើនដែលព្រះវរបិតាសួគ៌ដ៏ពេញដោយក្ដីស្រឡាញ់បានប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ដើម្បីត្រឡប់ទៅរកទ្រង់វិញ ។ តួនាទីរបស់យើងក្នុងផែនការដ៏ទេវភាពនេះគឺ ការទុកចិត្តទៅលើព្រះ ហើយស្វែងរកនិងប្រើប្រាស់ជំនួយដ៏ទេវភាពទាំងនេះ ជាពិសេសបំផុតនោះគឺដង្វាយធួននៃបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះអង្គសង្រ្គោះនិងព្រះប្រោសលោះរបស់យើង ។ ខ្ញុំអធិស្ឋានថា យើងនឹងបង្រៀនហើយរស់នៅតាមគោលការណ៏ទាំងនេះនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕