សន្និសីទទូទៅ
ប្រព័ន្ធ​ដឹកនាំ​ពីស្ថានសួគ៌​របស់យើង
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


10:48

ប្រព័ន្ធ​ដឹកនាំ​ពីស្ថានសួគ៌​របស់យើង

នៅពេល​យើង​ផ្តោត​ជីវិត​របស់យើង​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​រកឃើញ​ផ្លូវ​របស់​យើង​ទៅផ្ទះ ដោយ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត ហើយ​មាន​អំណរ​ដរាប​ដល់​ចុង​បំផុត ។

ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្លាស់ប្តូរ​ជីវិត​របស់ខ្ញុំ នៅពេល​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​នៅ​អាយុ​២៦​ឆ្នាំ នៅទីក្រុង​ហ្រូថែលើ ប្រទេស​ស៊ីលី​ជាទី​ស្រឡាញ់​របស់ខ្ញុំ ។ នៅពេល​នោះ ការងារ​របស់ខ្ញុំ​បាន​នាំ​ខ្ញុំ​ឆ្លង​មហាសមុទ្រ ទន្លេ និង​បឹង​នៃ​តំបន់​ផាដាហ្គូនៀ​ដ៏ស្រស់ស្អាត ។ បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់ខ្ញុំ ខ្ញុំ​បាន​មើលឃើញ​ការងារ និង​ជិវិត​របស់​ខ្ញុំ​ក្នុង​របៀប​ថ្មី និង​ខុសប្លែក ដោយ​ស្គាល់​យ៉ាង​ពិតប្រាកដថា « ហើយ​គ្រប់​ការណ៍​ទាំង​អស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន » ។

តាម​ធម្មជាតិ ត្រីសាលម៉ុង​កើត​នៅ​តំបន់​ជាក់លាក់​មួយ​នៃ​ទន្លេ ។ នៅក្នុង​ជីវិត​របស់​ពួកវា ពួកវា​ត្រូវ​ហែលទឹក​ចុះក្រោម​ខ្សែទឹក​ទន្លេ​ដើម្បី​ទៅដល់​មហាសមុទ្រ ជាកន្លែង​ដែល​ពួកវា​រកឃើញ​អាហារូបត្ថម្ភ និង​លក្ខខណ្ឌ​ចាំបាច់​នានា​សម្រាប់​ការលូតលាស់​របស់​ពួកវា ។

ប៉ុន្តែ​មហាសមុទ្រ​ក៏ជា​កន្លែង​ដ៏គ្រោះថ្នាក់ ដែល​សត្វប្រមាញ់​លាក់ខ្លួន​ផងដែរ និង​ជាកន្លែង​ដែល​អ្នកនេសាទ​ព្យាយាម​ចាប់​ត្រីសាលម៉ុង​ដោយ​ប្រើ​ផ្លែសន្ទូច​ភ្លឺ​បន្លំ​ធ្វើ​ជា​ចំណី ប៉ុន្ដែ​មិន​ធ្វើ​ឲ្យ​ពួកវា​ធំធាត់​ទេ ។ ប្រសិនបើ​ត្រី​សាលម៉ុង​អាច​ចៀសផុត​ពី​ការគំរាមកំហែង​ទាំងនេះ ពួកវា​នឹង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រើ​ប្រព័ន្ធ​ដឹកនាំ​ដ៏មាន​ឥទ្ធិពល​របស់​ពួកវា ដើម្បី​ត្រឡប់​ទៅ​ទន្លេ​វិញ ទៅ​កន្លែង​ដដែល​ដែល​ពួកវា​បានកើត ដោយ​ប្រឈមមុខ​នឹង​បញ្ហា​ដែល​ធ្លាប់​មាន​ពីមុន និង​បញ្ហាថ្មី​មួយចំនួន ។ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ពី​អាកប្បកិរិយា​ចំណាក​ស្រុក​របស់​ពួកវា​អស់រយៈពេល​ជាច្រើនឆ្នាំ ហើយ​បាន​រកឃើញថា​ពួកវា​ប្រើ​ផែនទី​ម៉ាញេទិក​មួយ​ប្រភេទ ដែល​ស្រដៀង​ទៅនឹង GPS ដើម្បី​ដឹកនាំ​ពួកវា​ទៅកាន់​គោលដៅ​ចុងក្រោយ​របស់​ពួកវា​ជាមួយនឹង​ភាពត្រឹមត្រូវ​ដែល​មិន​គួរឲ្យ​ជឿ ។

យើង​ទាំងអស់គ្នា​អាច​ត្រឡប់​ទៅ​ផ្ទះ​នៅ​ស្ថានសួគ៌​ជា​កន្លែង​ដែល​យើង​បានមក​នៅថ្ងៃមួយ ។ ហើយ​ដូចជា​ត្រីសាលម៉ុង​ដែរ យើង​មាន​ផែនទី​ម៉ាញេទិក​ផ្ទាល់ខ្លួន​របស់យើង ឬ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដើម្បី​ដឹកនាំ​យើង​ទៅ​ទីនោះ​វិញ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ពួកសិស្ស​របស់​ទ្រង់​ថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ។

នៅពេល​យើង​ផ្តោត​ជីវិត​របស់យើង​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​រកឃើញ​ផ្លូវ​របស់​យើង​ទៅផ្ទះ ដោយ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត ហើយ​មាន​អំណរ​ដរាប​ដល់​ចុង​បំផុត ។ ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន « អំណរ​ដែល​យើង​មាន​ នោះ​វា​មាន​ឥទ្ធិពល​តិចតួច​ចំពោះ​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅ​លើ » ។

ចរិត និង​គោលដៅ​នៃ​ព្រះ​របស់​យើង

ចេញ​មកពី​ការប្រកាស​អំពី​ក្រុមគ្រួសារ យើង​អានថា « [ យើង ] ម្នាក់ៗ សុទ្ឋតែ​ជាបុត្រា និង​បុត្រី​ខាងវិញ្ញាណ​របស់​ព្រះមាតាបិតាសួគ៌ ដូច្នេះហើយ​មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ ។ … នៅ​ជីវិត​មុន​ផែនដី បុត្រា​និង​បុត្រី​ខាងវិញ្ញាណ​ទាំងឡាយ​បាន​ស្គាល់ ហើយ​បាន​ថ្វាយបង្គំ​ព្រះ​ជា​ព្រះវរបិតា​ដ៍នៅ​អស់កល្ប​ជានិច្ច​របស់​ពួកគេ ហើយ​បាន​ទទួល​ផែនការ​របស់​ទ្រង់ ដែល​នាំឲ្យ​កូនចៅ​ទាំងឡាយ អាច​ទទួល​រូបកាយ ហើយ​នឹង​ទទួល​បទពិសោធន៍​នៅលើ​ផែនដី ដើម្បី​រីកចម្រើន​ទៅរក​ភាពល្អ​ឥតខ្ចោះ ហើយ​នៅទីបញ្ចប់​នឹង​ដឹងពី​គោលបំណង​ដ៍ទេវភាព​របស់​ពួកគេ ដោយ​ទទួល​ជីវិត​ដ៏នៅ​អស់កល្ប​ទុកជា​មរតក » ។

មុនពេល​ការប្រសូត្រ​របស់ទ្រង់​នៅក្នុង​ជីវិត​រមែងស្លាប់ ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ទៅដល់​លោកម៉ូសេ ហើយ​បាន​មាន​ព្រះបន្ទូល​ទៅកាន់​លោក​ក្នុង​នាម​នៃ​ព្រះវរបិតា ។ ទ្រង់​បាន​មាន​ព្រះបន្ទល​ប្រាប់ទៅ​លោក​ម៉ូសេ​ថា ទ្រង់​មាន​កិច្ចការ​ដ៏​អស្ចារ្យ​សម្រាប់​ឲ្យ​លោក​ធ្វើ ។ ក្នុង​អំឡុង​នៃ​ការជួប​នោះ ព្រះអម្ចាស់​បាន​ហៅ​លោក​ថា « ជា​បុត្រ​របស់​យើង » ជាច្រើនដង ។

បន្ទាប់ពី​បទពិសោធន៍​នោះ សាតាំង​បានមក​ល្បួង​លោក ដោយ​និយាយថា « ម៉ូសេ​ជា​កូន​មនុស្ស​អើយ ចូរ​ថ្វាយ​បង្គំ​យើង » ។

លោក​ម៉ូសេ​បាន​ឆ្លើយតប​ទៅនឹង​ការល្បួង​ដោយ​ចងចាំ​ពី​និស្ស័យ​នៃ​ព្រះ​របស់​លោក​ដោយ​និយាយថា « ៖ តើ​អ្នក​ជា​នរណា ? ដ្បិត​មើល​ចុះ ខ្ញុំ​ជា​បុត្រ​នៃ​ព្រះ » ។ សេចក្តីពិត​បាន​ដោះលែង​លោក​ម៉ូសេ​ពី​ការវាយប្រហារ​ដោយ​មារសត្រូវ ។

បងប្អូន​ប្រុសស្រី ការល្បួង​ក្នុង​ជីវិត​រមែងស្លាប់​គឺមាន​ពិតមែន ។ ជារឿយៗ​ការល្បួង​ទាំងនោះ​ពិតជា​ទាក់ទាញ ប៉ុន្តែ​វា​ស្វែងរក​គោលដៅ​តែមួយ​ប៉ុណ្ណោះ ៖ ដើម្បី​ទាញ​យើង​ចេញពី​ផ្លូវ​នៃ​ទឹករស់ ដែល​នាំ​ទៅដល់​ព្រះវរបិតា និង​ជីវិត​អស់កល្ប​ជានិច្ច ។

ខ្ញុំ​ដឹង​ថា​ការល្បួង​នៃ​ជីវិត​រមែងស្លាប់​នេះ​ពិត​ប៉ុនណា ។ នៅ​ថ្ងៃអាទិត្យ​មួយ ក្នុងនាម​ជា​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី ខ្ញុំ​កំពុង​បង្រៀន​ថ្នាក់​បព្វជិតភាព​នៅពេល​ដែល​មាន​ការសន្ទនា​មួយ​បាន​ធ្វើឲ្យ​ខ្ញុំ​អន់ចិត្ដ ។ ខ្ញុំ​បាន​ព្យាយាម​ដើម្បី​បញ្ចប់​មេរៀន​របស់ខ្ញុំ​ទាំងពិបាក ។ ខ្ញុំ​បាន​ខឹង ហើយ​មាន​អារម្មណ៍ថា​ខ្ញុំ​គឺជា​ជនរងគ្រោះ ។ ដោយ​មិន​និយាយ​អី​មួយម៉ាត់​សោះ ខ្ញុំ​បាន​ដើរ​សំដៅ​ទៅ​ច្រកទ្វារ​ចេញ ដោយ​មាន​គំនិតថា​ខ្ញុំ​នឹង​ឈប់​មក​ព្រះវិហារ​មួយរយៈ ។

នៅ​ពេលនោះ មាន​អ្នក​កាន់​បព្វជិតភាព​ដែល​មាន​ការព្រួយបារម្ភ​ម្នាក់​បាន​ឈរ​នៅ​ចំពោះមុខ​ខ្ញុំ ។ លោក​បាន​អញ្ជើញ​ខ្ញុំ​ដោយ​ក្តីស្រឡាញ់​ឲ្យ​ផ្តោតលើ​ព្រះគ្រីស្ទ និង​កុំ​ផ្តោតលើ​ស្ថានភាព​ដែល​យើង​បាន​ជួបប្រទះ​នៅក្នុង​ថ្នាក់​ឡើយ ។ កាល​ខ្ញុំ​ក្រឡេកមើល​ទៅ​បទពិសោធន៍​នោះ​ជាមួយ​គាត់ លោក​បាន​ចែកចាយ​ជាមួយ​ខ្ញុំថា លោក​បាន​ឮសំឡេង​មួយ​ប្រាប់​លោក « សូម​ទៅតាម​គាត់ គាត់​សំខាន់​ណាស់​សម្រាប់​ខ្ញុំ » ។

អែលឌើរ វ៉ាហ្គាស និង​អ្នក​ដឹកនាំ​ម្នាក់​ដែល​បានមក​តាម​គាត់​នៅគ្រា​នោះ<nb/>។

មិត្ត​ជាទីស្រឡាញ់​របស់ខ្ញុំ យើង ទាំងអស់គ្នា សំខាន់​ណាស់​ចំពោះ​ទ្រង់ ។ ប្រធាន​ណិលសុន បាន​បង្រៀន​ថា « ដោយសារតែ​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ ទ្រង់​ពុំ​ដែល​នឿយហត់​ក្នុង​កិច្ចខិតខំ​របស់ទ្រង់​ដើម្បី​ជួយ​យើង​ឡើយ ហើយ​យើង​នឹង​មិន​ដែល​ប្រើអស់​ការអត់ធ្មត់​ដ៏​មេត្តា​របស់​ទ្រង់​ជាមួយ​យើង​ដែរ » ។ និស្ស័យ​នៃ​ព្រះ និង​ទំនាក់ទំនង​សេចក្តីសញ្ញា​របស់​យើង​ជាមួយនឹង​ព្រះ​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​ជំនួយ​ដ៏​ទេវភាព ។

តម្រូវការ​សម្រាប់​ការចិញ្ចឹមបីបាច់

ដូច​ត្រីសាលម៉ុង​ដែល​ត្រូវការ​ការចិញ្ចឹមបីបាច់​នៅក្នុង​មហាសមុទ្រ​ដើម្បី​លូតលាស់ រីឯយើង​ក៏ត្រូវ​ការ​ការចិញ្ចឹមបីបាច់​ខ្លួន​ខាងវិញ្ញាណ​ផងដែរ ដើម្បី​ចៀសវាង​ការស្លាប់​ដោយសារ​កង្វះ​អាហារូបត្ថម្ភ​ខាងវិញ្ញាណ ។ ការអធិស្ឋាន បទគម្ពីរ ព្រះវិហារ​បរិសុទ្ធ និង​ការចូលរួម​ជាប្រចាំ​របស់យើង​នៅក្នុង​ការប្រជុំ​ថ្ងៃអាទិត្យ មាន​សារៈសំខាន់​ណាស់​នៅក្នុង​មុខ​ម៉ឺនុយ​ខាងវិញ្ញាណ​របស់យើង ។

នៅ​ខែវិច្ឆិកា ឆ្នាំ១៩៥៦ លោក រីកាដូ ហ្គាសៀ បាន​ទទួល​បុណ្យជ្រមុជទឹក​នៅ​ប្រទេស​ស៊ីលី ដោយ​ក្លាយជា​សមាជិក​ដំបូងគេ​របស់​សាសនាចក្រ​នៅក្នុង​ប្រទេស​របស់ខ្ញុំ ។ មួយ​ថ្ងៃមុន​ពេល​គាត់​ទទួល​មរណភាព គាត់​បាន​ប្រកាស​នៅ​ចំពោះមុខ​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​គាត់ថា « ជាច្រើន​ឆ្នាំ​មុន ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​មាន​សេចក្តីសប្បាយ​រីករាយ​ជាមួយ​គ្រួសារ​របស់ខ្ញុំ ។ ខ្ញុំ​ជាមនុស្ស​ដ៏រីករាយ ។ សូម​ប្រាប់​ដល់​មនុស្ស​ទាំងអស់​នៅ​ស៊ីលី​ថា ដំណឹល្អ​គឺ​ជា​សុភមង្គល » ។

បន្ទាប់ពី​ត្រូវបាន​ចិញ្ចឹមបីបាច់​ដោយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ រីកាដូ​បាន​លះបង់​ជីវិត​របស់គាត់​ទាំងមូល​ដើម្បី​បម្រើ​ព្រះ និង​អ្នកជិតខាង​របស់គាត់​ដោយ​សេចក្តី​ស្រឡាញ់ ។ គំរូ​របស់​គាត់​អំពី​ភាពជា​សិស្ស​បាន​ប្រទាន​ពរ​ដល់​មនុស្ស​ជំនាន់​ក្រោយ រួមទាំង​ខ្ញុំ​ផងដែរ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀនថា ៖ « មនុស្ស​ម្នាក់​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ គឺ​មិន​ចង់​បាន​ពរជ័យ​សម្រាប់​តែ​គ្រួសារ​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​ឲ្យ​ពរជ័យ​នោះ​មាន​ពេញ​ពិភពលោក​ទាំងមូល ហើយ​មាន​ចិត្ត​អន្ទះសា​ចង់​ផ្តល់​ពរ​ដល់​មនុស្ស​ជាតិ​ទាំងមូល » ។

ត្រឡប់​ទៅ​ផ្ទះ​នៅឯ​ស្ថានសួគ៌​របស់យើង​វិញ

នៅ​ក្នុង​ចិត្ត​យើង​ម្នាក់ៗ​មាន​នូវ​បំណង​ចង់​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​របស់​យើង​វិញ ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ប្រព័ន្ធ​ដឹកនាំ​ពី​ស្ថានសួគ៌​របស់​យើង ។ ទ្រង់​គឺ​ជា​ផ្លូវ ។ ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ធ្វើ​ឲ្យ​វា​អាច​ទៅរួច​សម្រាប់​យើង​ចុះ​សេចក្តីសញ្ញា​ជាមួយនឹង​ទ្រង់ ។ នៅពេល​យើង​ចុះ​សេចក្តីសញ្ញា​ហើយ នោះ​យើង​នឹង​ឃើញថា​ពេលខ្លះ​យើង​ត្រូវ​ពុះពារ​ជាមួយ​ឧបសគ្គ ។ គ្រោះថ្នាក់ ការខកចិត្ត ការល្បួង និង​ទុក្ខលំបាក​ដែល​នឹង​សាកល្បង​សេចក្តីជំនឿ និង​កម្លាំង​ខាងវិញ្ញាណ​របស់យើង ។ សូម​ស្វែងរក​ជំនួយ ។ ព្រះយេស៊ូវគ្រីស្ទ​ជ្រាបដឹង និង​តែងតែ​មាន​ព្រះទ័យ​ចង់​រំលែក​បន្ទុក​របស់យើង ។

សូម​ចងចាំថា​ទ្រង់​ត្រូវបាន​គេ​ស្គាល់​ថា « ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺ​ចាប់ » ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន « នៅ​លោកិយ​នេះ​នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ។ ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ អនុញ្ញាត​ឲ្យ​អំពើបាប​របស់យើង​បាន​ទទួលការ​លើកលែង​ទោស ហើយ​ទ្រង់​លែង​ចងចាំ​អំពើបាប​ទាំងនោះ​ទៀតហើយ ។

ជា​ផ្នែក​មួយ​នៃ​ការរៀន​សូត្រ​ក្នុង​ជីវិត​រមែងស្លាប់​របស់យើង យើង​ប្រហែលជា​មិន​អាច​ភ្លេច​អំពើបាប​របស់យើង​ទាំងស្រុង​បានឡើយ​ដើម្បី​យើង​នឹង​ចងចាំ​មិន​ធ្វើ​វា​ម្តងទៀត ។ ផ្ទុយទៅវិញ យើង​នឹង​ចងចាំ​ទ្រង់​នៅពេល​ដែល​យើង​ទទួល​ទាន​សាក្រាម៉ង់​នៅ​ព្រះវិហារ​រៀងរាល់​ថ្ងៃអាទិត្យ ។ ពិធីបរិសុទ្ធ​នេះ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​ការថ្វាយបង្គំ និង​ការអភិវឌ្ឍ​ខាងវិញ្ញាណ ។ អំណរ​កើតឡើង​នៅពេល​ដែល​យើង​យល់ថា​ថ្ងៃអាទិត្យ​មិនមែន​គ្រាន់តែ​ជា​ថ្ងៃ​ធម្មតា​នោះទេ ។ « ថ្ងៃឈប់​សម្រាក បាន​តាំង​សម្រាប់​ឲ្យ​មនុស្ស » ដោយ​មាន​បំណង​ផ្តល់ឲ្យ​យើង​នូវ​ការសម្រាក​ពីលោកកិយ និង​ធ្វើឲ្យ​រាងកាយ និង​វិញ្ញាណ​របស់យើង​ស្រស់ស្រាយ​ឡើងវិញ ។

យើង​ក៏​ចងចាំ​ទ្រង់​ផងដែរ​នៅពេល​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ—ដំណាក់​នៃ​ព្រះអម្ចាស់ ។ ព្រះវិហារ​បរិសុទ្ធ​ផ្តល់ឲ្យ​យើង​នូវ​ចំណេះដឹង​ស៊ីជម្រៅ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ស្នូល​នៃ​សេចក្តីសញ្ញា​នេះ ដែល​ដឹកនាំ​យើង​ទៅរក​ជីវិត​អស់កល្ប​ជានិច្ច  « ជា​អំណោយទាន​ដ៏​មហិមា​បំផុត … នៃ​ព្រះ » ។

ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ផ្តល់ឲ្យ​ខ្ញុំ​នូវ​ការលួងលោម និង​ក្តីសង្ឃឹម​យ៉ាងខ្លាំង​អំពី​ជោគវាសនា​ដ៏អស់កល្ប​ជានិច្ច​របស់យើង ។ ខ្ញុំ​បាន​ដកពិសោធន៍​ទំនាក់ទំនង​ស្ថានសួគ៌​ជាមួយ​មនុស្ស​ទាំងសងខាង​នៃ​វាំងនន ។ ខ្ញុំ​បាន​ឃើញ​អព្ភូតហេតុ​នៃ​ការព្យាបាល​នៅក្នុង​ជីវិត​កូន​តូចៗ​របស់ខ្ញុំ ដោយកូនពីរនាក់​រស់នៅ​ជាមួយ​ជំងឺ​ដែល​មិន​ដែលឃើញ ដែល​ទាមទារ​ការថែទាំ​ជា​ប្រចាំថ្ងៃ​សម្រាប់​ជីវិត​ដែល​នៅ​សេសសល់​នេះ ។

គ្រួសារ​របស់យើង​សប្បាយ​រីករាយ​នៅពេល​ដែល​យើង​ចែកចាយ​អំពី​ផែនការ​នៃ​សុភមង្គល ។ មុខ​របស់​កូនៗ​របស់ខ្ញុំ​មាន​ពន្លឺ​នៅពេល​ដែល​ពួកគេ​ឮថា សូម​អរព្រះគុណ​ដល់​ព្រះយេស៊ូវគ្រីស្ទ « សេចក្ដី​ទុក្ខ​លំបាក​របស់​ពួកគេ​នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ » ។ យើង​ស្រឡាញ់​កូនៗ​របស់យើង​យ៉ាង​ជ្រាលជ្រៅ ហើយ​យើង​ដឹងថា​ថ្ងៃណាមួយ ដូច​ដែល​ប្រធាន ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន ពួកគេ « នឹង​ឈរ​នៅ​ចំពោះ​មុខ​របស់​យើង​ដោយ​កិត្តិយស និង​អស្ចារ្យ ល្អឥតខ្ចោះ​ក្នុង​រាងកាយ និង​គំនិត » ។ សេចក្តីសញ្ញា​របស់​យើង​នាំយើង​ទៅកាន់តែ​ជិត​នឹង​ព្រះ​រហូតដល់​ធ្វើឲ្យ​អ្វីដែល​មិន​អាច​ទៅរួច ទៅរួច​បាន បំពេញ​នូវ​គ្រប់​កន្លែង​ដែល​មាន​ភាពងងឹត និង​ការសង្ស័យ​ដោយ​ពន្លឺ និង​ភាពសុខសាន្ត ។

ដោយសារតែព្រះយេស៊ូវគ្រីស្ទ យើង​មាន​នូវ​ក្តីសង្ឃឹម និង​ហេតុផល​ដ៏​ជាក់ច្បាស់​ដើម្បី​បន្ត​ស្រឡាញ់ អធិស្ឋាន និង​គាំទ្រ​ដល់​អស់អ្នក​ដែល​យើង​យកចិត្ត​ទុកដាក់ ។

ខ្ញុំ​ដឹងថា ទ្រង់​មាន​ព្រះជន្មរស់ ។ ទ្រង់​ស្គាល់​យើង ហើយ​ទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​គឺជា​ផ្លូវ ជា​សេចក្តីពិត និង​ជា​ជីវិត​នៃ​ពិភពលោក​នេះ ។

ខ្ញុំ​សូម​អញ្ជើញ​យើង​ទាំងអស់គ្នា​នៅ​ថ្ងៃនេះ ឲ្យ​ផ្តោត​ជីវិត​របស់យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់ ។ តាមរយៈ​ការធ្វើ​ដូច្នេះ​នឹង​ជួយ​យើង​ចៀសវាង​ពី​ការធ្លាក់ចូល​ក្នុង​ការល្បួង ការខឹងសម្បារ និង​ការតូចចិត្ត ។ យើង​នឹង​ឈរ​ដូចជា​ព្រះវិហារ​បរិសុទ្ធ—ដែលបរិសុទ្ធ រឹងមាំ និង​ស្ថិតស្ថេរ ។ យើង​នឹង​ទប់ទល់​នឹង​ព្យុះ​ភ្លៀង​ទាំងឡាយ ហើយ​យើង​នឹង​ទៅដល់​ផ្ទះ ដោយ​ការកាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត ហើយ​មាន​អំណរ​ដរាប​ដល់​ចុង​បំផុត ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕