សន្និសីទទូទៅ
ព្រះចេស្ដា​ព្យាបាល​របស់​ព្រះអង្គសង្គ្រោះ​នៅ​លើ កោះ​ក្នុង​សមុទ្រ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


ព្រះចេស្ដា​ព្យាបាល​របស់​ព្រះអង្គសង្គ្រោះ​នៅ​លើ កោះ​ក្នុង​សមុទ្រ

តាមរយៈ​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ ព្រះអង្គសង្រ្គោះ​ព្យាបាល​ដល់​បុគ្គលម្នាក់ ក្រុមគ្រួសារ និង​ជាតិសាសន៍​នានា ។

នៅ​សតវត្សរ៍ ១៩៦០ ឪពុក​របស់​ខ្ញុំ​បង្រៀន​នៅ​សាកលវិទ្យាល័យ​ហាវ៉ៃ ឡាអ៊ីអេ​របស់​សាសនាចក្រ ដែល​ជា​ទីកំណើត​របស់​ខ្ញុំ ។ បងស្រី​អាយុ​ប្រាំ​ពីរ​ឆ្នាំ​របស់​ខ្ញុំ ទទូច​ឲ្យ​ឪពុក​ម្ដាយ​ដាក់​ឈ្មោះ​ខ្ញុំ « គីម៉ូ » ជា​ឈ្មោះ​ជនជាតិ​ហាវ៉ៃ ។ យើង​បាន​រស់​នៅ​ជិត​ព្រះវិហារបរិសុទ្ធ​ឡាអ៊ីអេ​ហាវ៉ៃ នៅពេល​នោះ​ព្រះវិហារបរិសុទ្ធ បម្រើ​ដល់​សមាជិក​សាសនាចក្រ​ជាច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីភិច​រួមទាំង​ប្រទេស​ជប៉ុន ។ នៅពេល​នោះ​ហើយ ដែល​ក្រុម​ពួកបរិសុទ្ធ​ជប៉ុន បាន​ចាប់​ផ្ដើម​ចូល​ទៅ​រដ្ឋ​ហាវ៉ៃ​ដើម្បី​ទទួល​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ ។

ក្នុង​នោះ​មាន​សមាជិក​ម្នាក់​គឺជា​បងស្រី​មកពី​កោះ​អូគីណាវ៉ា​ដ៏ស្រស់ស្អាត ។ ដំណើររឿង​របស់​គាត់​ទៅ​កាន់​ព្រះវិហារបរិសុទ្ធ​ហាវ៉ៃ គឺ​អស្ចារ្យ​ណាស់ ។ ពីរទស្សវត្ស​មុន គាត់​បាន​រៀបការ​តាម​ប្រពៃណី​ពុទ្ធសាសនា​តាម​ឪពុក​ម្ដាយ​ផ្សំផ្គំ ។ ប៉ុន្មាន​ខែ​ក្រោយមក ប្រទេស​ជប៉ុន​បាន​វាយប្រហារ ភើល ហាប៊ើរ រដ្ឋ​ហាវ៉ៃ ដែល​នាំ​ឲ្យ​សហរដ្ឋ​មាន​ជម្លោះ​នឹង​ប្រទេស​ជប៉ុន ។ ជាលទ្ធផលនៃ ការប្រយុទ្ធ​ដូចជា Midway និង Iwo Jima នោះ​រលក​នៃ​សង្រ្គាម​បាន​រុញច្រាន​កងកម្លាំង​ជប៉ុន​ឲ្យ​ត្រឡប់​ទៅ​ឆ្នេរ​នៃ​កោះ​ផ្ទះ​របស់​គាត់​គឺ​កោះ អូគីណាវ៉ា​វិញ ដែល​ជា​ខ្សែ​ការពារ​ចុងក្រោយ​ទប់ទល់​នឹង​កងកម្លាំង​សម្ព័ន្ធមិត្ត​ពី​មុន​ចូល​ដល់​តំបន់​បេះដូង​នៃ​ប្រទេសជប៉ុន ។

រយៈពេល​បី​ខែ​ដ៏​រងទុក្ខ នៅក្នុង​ឆ្នាំ ១៩៤៥ ព្រោះ​តែ​ការប្រយុទ្ធ​នៅ​អូគីណាវ៉ា​បាន​ផ្ទុះ​ឡើង ។ កង​នាវា​តូច​មួយ​ក្នុង​ចំណោម​កងនាវា​ចម្បាំង​របស់​អាមេរិក​ចំនួន ១.៣០០ គ្រឿង បាន​ឡោមព័ទ្ធ និង​ទម្លាក់​គ្រាប់បែក​លើ​កោះ​នេះ ។ កងទ័ព និង​ជនស៊ីវិល​ដែល​បាន​រងគ្រោះ និង​ស្លាប់​មាន​ចំនួន​យ៉ាង​ច្រើន ។ សព្វថ្ងៃនេះ វិមាន​រំឭក​នៅ​អូគីណាវ៉ា បាន​រាយ​ឈ្មោះ​មនុស្ស​ដែល​ស្គាល់​មាន​ច្រើន​ជាង ២៤០,០០០ នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​សមរភូមិ ។

ដោយ​ការ​ចង់​គេច​ពី​ការវាយប្រហារ​នេះ​យ៉ាង​ខ្លាំង នោះ​ស្ត្រី​អូគីណាវ៉ា​រូប​នេះ ព្រម​ទាំង​ប្តី និង​កូន​តូចៗ​ពីរ​នាក់​របស់​ពួកគេ​បាន​ស្វែងរក​ការជ្រកកោន​នៅក្នុង​រូង​ភ្នំ​មួយ ។ ពួកគេ​បាន​ស៊ូទ្រាំ​រងទុក្ខ​ដោយ​ពុំ​អាច​ថ្លែង​បាន​អស់​ជា​ច្រើន​សប្ដាហ៍ និង​ជា​ច្រើន​ខែ ។

នៅ​យប់​ដ៏​អស់សង្ឃឹម​មួយ​កណ្ដាល​សមរភូមិ ដែល​គ្រួសារ​គាត់ ស្រេកឃ្លាន​ស្ទើរស្លាប់ ហើយ​ប្ដី​របស់​គាត់​បាន​សន្លប់​បាត់ស្មារី នោះ​គាត់​ចង់​បញ្ចប់​ការ​រងទុក្ខ​របស់​ពួកគេ​ដោយ​បំផ្ទុះ​គ្រាប់​បែកដៃ ដែល​អជ្ញាធរ​បាន​ឲ្យ​គាត់​នឹង​អ្នក​ដទៃទៀត សម្រាប់​គោលបំណង​នោះ ។ ទោះជា​យ៉ាង​ណា ពេល​គាត់​ហៀប​នឹង​ធ្វើ​ដូច្នោះ បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​ខ្លាំង​មួយ​បាន​ផុសឡើង ដែល​ផ្តល់​ជា​អារម្មណ៍​ដ៏​ច្បាស់​មួយ​អំពី​ព្រះ និង​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​បន្ត​ដើរ​ទៅ​មុខ​ទៀត ។ នៅ​ថ្ងៃ​បន្ទាប់ គាត់​បាន​ជួយ​ឲ្យ​ប្ដី​ដឹង​ខ្លួន​វិញ ហើយ​បាន​ផ្ដល់​អាហារ​ដល់​គ្រួសារ​គាត់​ជាមួយ​នឹង​ស្លឹក​ស្មៅ ទឹកឃ្មុំ​ព្រៃ និង​សត្វ​ដែល​ចាប់​បាន​មកពី​ស្ទឹង​ក្បែរ​នោះ ។ អស្ចារ្យណាស់ ពួកគេ​បាន​ស៊ូទ្រាំ​អស់​រយៈពេល ប្រាំ​មួយ​ខែ​នៅ​ក្នុង​រូងភ្នំ រហូត​ដល់​អ្នក​ភូមិ​បាន​ប្រាប់​ពួកគេ​ថា សង្គ្រាម​បាន​បញ្ចប់​ហើយ ។

នៅពេល​គ្រួសារ​បាន​ត្រឡប់​មកផ្ទះ​វិញ ហើយ​បាន​ចាប់​ផ្ដើម​សាង​ជីវិត​ពួកគេ​ជា​ថ្មី ស្ត្រី​ជប៉ុន​រូប​នេះ​បាន​ចាប់ផ្ដើម​ស្វែងរក​ចម្លើយ​អំពី​ព្រះ ។ បន្ដិចម្ដងៗ​គាត់​បាន​ជឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចាំបាច់​ត្រូវ​ទទួលបុណ្យជ្រមុជទឹក ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​បារម្ភ​អំពី​មនុស្ស​ជាទី​ស្រឡាញ់​របស់​គាត់ ដែល​បាន​ស្លាប់​ដោយ​ពុំ​មាន​ចំណេះ​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​បុណ្យជ្រមុជទឹក រួមទាំង​ម្ដាយ​របស់​គាត់​ដែល​បាន​ស្លាប់​ពេល​សម្រាល​គាត់​មក ។

សូម​ស្រម៉ៃ​មើល​ថា​គាត់​មានអំណរ​យ៉ាងណា ដែល មាន​ស៊ីស្ទើរ​ផ្សព្វផ្សាយសាសនា​ពីរនាក់​មក​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ បាន​មក​ដល់​ផ្ទះគាត់ នា​ថ្ងៃមួយ​ហើយ​បាន​បង្រៀន​គាត់​ថា មនុស្ស​អាច​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ពិភពវិញ្ញាណ ។ គាត់​ចាប់​អារម្មណ៍​ចំពោះ​ការ​បង្រៀន​ដែល​ថា​ឪពុកម្ដាយ​គាត់​អាច​ជ្រើសរើស​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​បន្ទាប់​ពី​ស្លាប់​ទៅ​ហើយ​ក្ដី ហើយ​ទទួល​យក​ពិធីបុណ្យ​ជ្រមុជទឹក​ដែល​គាត់​ធ្វើ​ជំនួស​ពួកគេ​នៅ​កន្លែង​បរិសុទ្ធ​ដែល​ហៅ​ថា​ព្រះវិហារ​បរិសុទ្ធ ។ គាត់ និង​គ្រួសារ​បាន​ផ្លាស់ប្រែ​ចិត្តជឿ​ទៅលើ​ព្រះអង្គសង្គ្រោះ ហើយ​បាន​ទទួល​បុណ្យជ្រមុជទឹក ។

គ្រួសារ​របស់​គាត់ បាន​ធ្វើ​ការ​ខ្លាំង ហើយ​ចាប់​ផ្ដើម​រីកចម្រើន រួច​ក៏​មាន​កូន​បី​នាក់​បន្ថែម​ទៀត ។ ពួកគាត់​មាន​ចិត្ត​ស្មោះត្រង់ ហើយ​សកម្ម​នៅ​ក្នុង​ព្រះវិហារ ។ បន្ទាប់មក ប្ដី​របស់​គាត់​បាន​រងទុក្ខ​ជំងឺដាច់​សសៃឈាម​ខួរក្បាល ហើយ​ក៏​បាន​ទទួល​មរណភាព​ដោយ​នឹក​ស្មាន​មិនដល់ ដែល​បង្ខំ​ឲ្យ​គាត់​ធ្វើ​ការ​ច្រើនម៉ោង​ជាច្រើន​កន្លែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​កូនប្រាំ​នាក់​របស់​គាត់ ។

មនុស្ស​មួយចំនួន​នៅ​ក្នុង​គ្រួសារ​គាត់ និង​អ្នក​ជិត​ខាង​បាន​រិះគន់​គាត់ ។ ពួកគេ​បន្ទោស​ថា​បញ្ហា​ទាំងអស់​កើត​ឡើង​ដោយសារ​គាត់​សម្រេច​ចិត្ត​ចូល​ក្នុង​ព្រះវិហារ​គ្រីស្ទាន ។ ដោយ​មិន​ខ្វល់​អំពី​សោកនាដកម្ម និង​ការ​រិះគន់​ដ៏​ខ្លាំង គាត់​បាន​ប្រកាន់​ខ្ជាប់​នូវ​សេចក្ដី​ជំនឿ​របស់​គាត់​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ប្ដេជ្ញាចិត្ត​បន្ត​ដើរ​ទៅ​មុខ ដោយ​ទុកចិត្ត​ថា​ព្រះ​ស្គាល់​គាត់ ហើយ​ថា​មាន​ថ្ងៃ​ដ៏​ត្រចះត្រចង់​នៅ​ខាង​មុខ ។

ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ប្ដី​របស់​គាត់​ទទួល​មរណភាព ប្រធាន​បេសកកម្ម​នៅ​ប្រទេស​ជប៉ុន​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​លើក​ទឹកចិត្ត​ដល់​សមាជិក​ឲ្យ​ខិតខំ​ដើម្បី​ទៅ​ចូលរួម​ព្រះវិហារបរិសុទ្ធ ។ ប្រធាន​បេសកកម្ម គឺជា​ទាហាន​អាមេរិកកាំង​ក្នុង​សមរភូមិ​អូគីណាវ៉ា ដែល​បងស្រី​អ្នកស្រុក​អូគីណាវ៉ា និង​គ្រួសារ​គាត់​បាន​រងទុក្ខ​ជា​ពន់ពេក ។ ទោះជាយ៉ាងណា ស្ត្រី​រាបសារ​រូបនេះ​បាន​និយាយ​អំពី​គាត់​ថា « កាលនោះ​គាត់​គឺ​ជា​សត្រូវ​ដែល​គួរ​ឲ្យ​ស្អប់​របស់​យើង​ម្នាក់ ប៉ុន្តែ​ឥឡូវ​នេះ គាត់​មកទីនេះ​ជាមួយ​នឹង​ដំណឹងល្អ​នៃ​សេចក្ដីស្រឡាញ់ និង​ភាព​សុខសាន្ដ ។ រឿងនេះ​ចំពោះ​ខ្ញុំ វា​គឺជា​អព្ភូតហេតុ​មួយ » ។

ពេល​ស្ដាប់​ឮ​សារលិខិត​របស់​ប្រធាន​បេសកកម្ម ស្ត្រី​មេម៉ាយ​នោះ ប្រាថ្នា​ចង់​ផ្សារភ្ជាប់​នឹង​គ្រួសារ​គាត់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នា​ថ្ងៃ​មួយ ។ ទោះជា​យ៉ាងណា​ក៏ដោយ វា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​សម្រាប់​គាត់ ព្រោះថវិការ​មានកំណត់ និង​ភាសា​មាន​កម្រិត ។

បន្ទាប់មក​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​បាន​លេច​ចេញ​មក ។ ការ​ចំណាយ​អាច​កាត់​បន្ថយ​ពាក់​កណ្ដាល បើ​សមាជិក​នៅ​ប្រទេស​ជប៉ុន ជួល​យន្ដហោះ​ទាំងមូល​ទៅកាន់​រដ្ឋ​ហាវ៉ៃ​នៅក្នុង​ខែ​ដែល​មិន​សូវ​មមាញឹក ។ សមាជិក​ក៏​បានថត​ចម្រៀង​ដាក់​ឌីស លក់​ដែល​មានចំណង​ជើងថា ចម្រៀង​ពួកបរិសុទ្ធជប៉ុន ។ សមាជិក​មួយចំនួន​បាន​លក់​ផ្ទះ​ផងដែរ ។ អ្នកដទៃទៀត បាន​សុំ​ឈប់​ការងារ​ដើម្បី​ធ្វើ​ដំណើរ​ទៅ ។

ឧបសគ្គ​ផ្សេងទៀត​ចំពោះ​សមាជិក គឺ​ថា​បទបង្ហាញ​ព្រះវិហារបរិសុទ្ធ​ពុំ​ទាន់​មាន​ជា​ភាសា​ជប៉ុន​ទេ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ហៅ​បងប្រុសជប៉ុន​ម្នាក់​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់​ព្រះវិហារបរិសុទ្ធ​ហាវ៉ៃ ដើម្បី​បកប្រែ​ពិធីអំណោយទានពិសិដ្ឋ ។ គាត់​គឺជា​អ្នក​ផ្លាស់ប្រែចិត្តជឿ​ជប៉ុន​ដំបូង​គេ​បន្ទាប់​ពីសង្គ្រាម ដែល​បាន​ទទួល​ការ​បង្រៀន និង​ជ្រមុជទឹក​ដោយ​កងទ័ព​អាមេរិក​ដ៏​ស្មោះត្រង់ ។

នៅពេល​សមាជិក​ជប៉ុន​ដែល​បាន​ទទួល​អំណោយទានពិសិដ្ឋ​រួច​ហើយ​ដែល​រស់នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ​ស្ដាប់​ឮ​ដំបូង​គេ​អំពី​ការ​បកប្រែ ពួកគេ​បាន​យំ ។ សមាជិក​ម្នាក់​បាន​កត់ត្រា ៖ « ពួកយើង​បាន​ទៅ​ព្រះវិហារបរិសុទ្ធ​ជាច្រើន​ដង​ណាស់ ។ ពួកយើង​ស្ដាប់​ឮ​ពិធីបរិសុទ្ធ​ជាភាសា​អង់គ្លេស ។ [ ប៉ុន្តែ ] ពួកយើង​ពុំ​ដែល​ទទួល​អារម្មណ៍​នៃ​អានុភាព​…នៃ​កិច្ចការ​ព្រះវិហារបរិសុទ្ធ​ដូច​ពេល​នេះ​ទេ [ ពេល​ស្ដាប់​ឮ ] ជា​ភាសា​កំណើត​របស់​ពួកយើង » ។១០

ក្រោយមក​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ មាន​មជ្ឈឹមវ័យ និងកុមារ​ចំនួន ១៦១ នាក់ បាន​ជិះយន្ដហោះ​ធ្វើដំណើរ​មក​ពី​ទីក្រុង​តូក្យូ​ទៅកាន់​ព្រះវិហារបរិសុទ្ធ​ហាវ៉ៃ ។ បងប្រុស​ជប៉ុន​ម្នាក់​បាន​នឹក​ចាំ​អំពី​ការ​ធ្វើដំណើរ​នោះ​ថា​« នៅ​ពេល​ខ្ញុំ​មើល​ពី​លើ​យន្ដ​ហោះ ឃើញ​កំពង់ផែ ភើល ហើយ​នឹក​ចាំ​អំពី​អ្វី​ដែល​ប្រទេស​របស់​យើង​បាន​ធ្វើ​មក​លើ​ប្រជាជន​ទាំងនេះ នៅ​ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ១៩៤១ ខ្ញុំ​មានអារម្មណ៍​ភ័យ​នៅក្នុង​ចិត្ត ។ តើ​ពួកគេ​នឹង​ទទួល​ពួកយើង​ឬទេ ? ប៉ុន្តែ​ខ្ញុំ​ភ្ញាក់ផ្អើល ដែល​ពួកគេ​បាន​បង្ហាញ​ក្ដីស្រឡាញ់​និងសណ្ដានចិត្តល្អ​យ៉ាង​ខ្លាំង ដែល​ខ្ញុំ​ពុំធ្លាប់​ឃើញ​នៅក្នុង​ជីវិត » ។១១

រូបភាព
ពួក​បរិសុទ្ធ​ជប៉ុន​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​កម្រង​ផ្កា<nb/>។

នៅពេល​ពួកបរិសុទ្ធ​ជប៉ុន​ទៅដល់ សមាជិក​ហាវ៉ៃ បាន​ស្វាគមន៍​ពួកគេ​ដោយ​កម្រង​ផ្កា​ច្រើន​រាប់​មិន​អស់ ទាំង​ផ្លាស់ប្ដូរ​ពី​ទំនៀមទម្លាប់​នៃ​ការ​ឱបថើប​មកជា​វប្បធម៌​របស់​ជនជាតិជប៉ុន​វិញ ។ បន្ទាប់ពី​ចំណាយ​ពេល ១០ ថ្ងៃ នៅក្នុង​រដ្ឋ​ហាវ៉ៃ នោះ​ពួកបរិសុទ្ធ​ជប៉ុន​បាន​លា​គ្នា​ដោយ​ពួកបរិសុទ្ធ​ហាវ៉ៃ​ច្រៀងបទ « Aloha Oe » ។១២

ការ​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារបរិសុទ្ធ​លើក​ទី​ពីរ ត្រូវ​បាន​រៀបចំ​សម្រាប់​សមាជិក​ជប៉ុន រួមមាន​ទាំង​បងស្រី​មេម៉ាយ អូគីណាវ៉ា ។ គាត់​បាន​ធ្វើ​ដំណើរ ១០០០០ ម៉ែល ( ១៦០០០ គ,ម ) ថ្លែង​អំណរគុណ​ចំពោះអំណោយ​ដ៏​សប្បុរស​មកពី​អ្នកផ្សព្វផ្សាយសាសនា ដែល​បាន​បម្រើ​ក្នុង​សាខា​គាត់ ហើយ​បាន​ទទួល​ទាន​អាហារ​យ់ាង​ច្រើន​នៅ​លើ​តុ​បាយ​របស់ គាត់ ។ ខណៈ​ពេល​នៅក្នុង​ព្រះវិហារបរិសុទ្ធ នោះ គាត់​បាន​ស្រក់ទឹកភ្នែក​ដោយអំណរ ដែល​គាត់​បាន​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ជំនួស​ម្ដាយ​របស់​គាត់ ហើយ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ប្ដី​ដែល​ទទួល​មរណភាព របស់​គាត់ ។

ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ពី​ប្រទេស​ជប៉ុន​ទៅ​រដ្ឋ​ហាវ៉ៃ​បាន​បន្ត​ជា​ប្រចាំ​រហូត​ដល់​ព្រះវិហារ​បរិសុទ្ធ​តូក្យូ​ជប៉ុន​ត្រូវ​បាន​ឧទ្ទិស​ក្នុង​ឆ្នាំ ១៩៨០ ដែល​ជា​ព្រះវិហារ​បរិសុទ្ធ​ទី ១៨ កំពុង​ដំណើរការ ។ នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​នេះ ព្រះវិហារបរិសុទ្ធ​ទី ១៨៦ នឹង​ត្រូវ​បាន​ឧទ្ទិស​ឆ្លង​នៅក្នុង​ទីក្រុង អូគីណាវ៉ា ប្រទេស​ជប៉ុន ។ វា​មាន​ទីតាំង​នៅ​មិន​ឆ្ងាយ​ពី​រូង​ភ្នំ​នៅ​កណ្ដាល​អូគីណាវ៉ា ជា​កន្លែង​ដែល​ស្ត្រី​ម្នាក់នេះ និង​គ្រួសារ​របស់​គាត់​បាន​តាំង​នៅ​ឡើយ ។១៣

ទោះ​ជា​ខ្ញុំ​ពុំ​ដែល​បាន​ជួប​បងស្រី​ដ៏​ស្រស់ស្អាត​មកពី​អូគីណាវ៉ា នេះ​ក្ដី ក៏​កេរដំណែល​របស់​គាត់ បន្ដ​រស់​នៅ​តាមរយៈ​កូនចៅ​ស្មោះ​ត្រង់​របស់​គាត់ ជាមនុស្ស​ជាច្រើន​ដែល​ខ្ញុំស្គាល់ និង​ស្រឡាញ់ ។១៤

ឪពុក​របស់​ខ្ញុំ ជា​ទាហាន​សង្គ្រាម​លោក​លើក​ទី ២ នៃ​ប៉ាស៊ីភិច មាន​អំណរ​នៅពេល​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​វ័យ​ក្មេង​នៅ ប្រទេស​ជប៉ុន ។ ខ្ញុំ​មក​ដល់​ប្រទេស​ជប៉ុន​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ព្រះវិហារបរិសុទ្ធ​តូក្យូ ត្រូវ​បាន​ឧទ្ទិស​ឆ្លង ហើយ​បាន​ឃើញ​ផ្ទាល់​នូវ​ក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះវិហារបរិសុទ្ធ ។

សេចក្ដីសញ្ញា​ព្រះវិហារបរិសុទ្ធ គឺ​ជា​អំណោយ​មកពី​ព្រះវរបិតាសួគ៌​របស់​យើង​ចំពោះ​អ្នកដើរតាម​ស្មោះត្រង់​នៃ​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈ​ព្រះវិហារបរិសុទ្ធ ព្រះវរបិតាសួគ៌​របស់​យើង​ចងភ្ជាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ និង​ចំពោះ​គ្នា ។

ប្រធាន រ័សុល អិម ណិលសុន បានប្រកាស​កាល​ពី​ឆ្នាំ​មុន​ថា

« បុគ្គល​ម្នាក់ៗ​ដែល​ចុះ​សេចក្តីសញ្ញា​នៅក្នុង​អាង​ជ្រមុជ​ទឹក និង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ—ហើយ​រក្សា​សេចក្តីសញ្ញា​ទាំង​នោះ—គឺ​បាន​ទទួល​ព្រះចេស្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្រើន​ឡើង ។…

« រង្វាន់​នៃការរក្សា​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ​គឺជា ព្រះចេស្តា​មក​ពី​ស្ថានសួគ៌—ពោល​គឺ​ព្រះចេស្តា​ដែល​ពង្រឹង​យើង​កាន់តែ​ខ្លាំង ឲ្យ​ទប់ទល់​នឹង​ការសាកល្បង ការល្បួង និង​ការឈឺចាប់​ទាំងឡាយ​របស់​យើង ។ ព្រះចេស្តា​នេះ​ជួយ​ឆ្ការ​ផ្លូវ​របស់​យើង ។១៥

តាមរយៈ​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ ព្រះអង្គសង្គ្រោះ​ព្យាបាល​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ និង​ជាតិសាសន៍​នានា —សូម្បី​តែ​អ្នក​ទាំងឡាយ​ដែល​ធ្លាប់​ឈរ​ជា​សត្រូវ​ដ៏​ជូរចត់​ក៏​ដោយ ។ ព្រះអម្ចាស់​ដែល​រស់ឡើងវិញ​បាន​ប្រកាស​ទៅកាន់​សង្គម​ដែល​រងគ្រោះ​ដោយ​សង្គ្រាម ទៅ​កាន់​អស់​អ្នក​ដែល​គោរព​ថា « ព្រះ​រាជ​បុត្រា​នៃ​សេចក្ដី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប​ទ្រង់​សម្រាប់​អ្នក​រាល់​គ្នា​ដែល​កោតខ្លាច​ដល់​នាម​យើង » ។១៦

ខ្ញុំ​មាន​អំណរគុណ​ដើម្បី​ធ្វើ​ជា​សាក្សីចំពោះ​ការ​បន្ដ​បំពេញ​ការ​សន្យា​របស់​ព្រះអម្ចាស់​ថា « ថ្ងៃ​នោះ​នឹង​មក​ដល់ កាលណា​ការ​ចេះ​ដឹង​អំពី​ព្រះ​អង្គ​សង្គ្រោះ​នឹង​បាន​ផ្សាយ​ទូ​ទៅ គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន » ១៧រួមទាំង « កោះ​ទាំងឡាយនៅលើ​សមុទ្រ » ។១៨

ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ ព្រះ​យេស៊ូវគ្រីស្ទ និង​ព្យាការី​និង​ពួកសាវក​របស់​ទ្រង់​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ ។ ខ្ញុំ​សូម​ថ្លែង​ជាសាក្សី​ដ៏​ឧឡារិក​អំពី​ព្រះចេស្ដា​សួគ៌​ដើម្បី​ចងភ្ជាប់​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី ។

នេះ​គឺជា​កិច្ចការ​របស់​ព្រះអង្គសង្គ្រោះ ហើយ​ព្រះវិហារបរិសុទ្ធ​គឺជា​ព្រះដំណាក់​បរិសុទ្ធ​របស់​ទ្រង់ ។

ខ្ញុំ​សូម​អះអាងពី​សេចក្ដីពិត​ទាំងនេះ ដោយ​ការ​ផ្លាស់ប្រែ​ចិត្តជឿ​ដ៏​មុតមាំ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ព្រះវិហារ​បរិសុទ្ធ ឡាអីអេ ហាវ៉ៃ បាន​ឧទ្ទិសឆ្លង​នៅ​ឆ្នាំ ១៩១៩ ដោយ​ប្រធាន ហ៊ីបើ ជេ ក្រាន្ដ ។ ក្នុង​នាម​ជា​សាវក លោក​បាន​បើក​សាសនាចក្រ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ១៩០១ ។ វា​គឺជា​ព្រះវិហារបរិសុទ្ធ​ដែល​បើក​ដំណើរ​ការ​ទីប្រាំ​មួយ និង​ជា​ព្រះវិហារបរិសុទ្ធ​ដំបូងគេ ដែល​បាន​សាងសង់​នៅ​ក្រៅ​ទ្វីប​អាមេរិក ។

  2. ក្នុង​ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២៣ មាន​ឈ្មោះ ២៤១,២៨១ ឈ្មោះ​ត្រូវ​បាន​ឆ្លាក់​នៅលើ​វិមានរំឭក ។

  3. សូមមើល ហ្គរដុនប៊ី ហ៊ិងគ្លី ​« Keep the Chain Unbroken » ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ) គេហទំព័រ speeches.byu.edu ។

  4. វ៉េវ អិន អាន់ឌើរសិន បាន​ត្រូវ​របោះ​ក្នុង​សង្គ្រាម​អូគីណាវ៉ា ។ គាត់​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​ចាប់​ពីឆ្នាំ ១៩៦២-១៩៦៥ ហើយ​គឺជា​ប្រធាន​ព្រះវិហារបរិសុទ្ធ​តូក្យូ​ជប៉ុន​ដំបូងគេ ចាប់ពី ១៩៨០ ដល់ ១៩៨២ ។

  5. ខ្ញុំ​បាន​ជួប​សមាជិក​នៃ​គ្រួសារ​គាត់​ខណៈ​ដែល​ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​បម្រើ​ជា​ថ្នាក់ដឹកនាំ​បេសកកម្ម​នៅ​ទីក្រុង​តូក្យូ ។ ពួកគេ​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ព័ត៌មាន​នេះ​មកពី​គណនី​ពង្សប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​គាត់ ។

  6. សូមមើល Dwayne N. Andersen: An Autobiography for His Posterity, ១០២–៥, បណ្ដាល័យ​ប្រវត្តិ​សាស្ត្រ​សាសនាចក្រ ទីក្រុង​សលត៍ លេក ។

  7. សូមមើល Dwayne N. Andersen ១០៤ ។

  8. សូមមើល Edward L. Clissold, « Translating the Endowment into Japanese » Stories of the Temple in Lā‘ie, Hawai‘i comp ។ Clinton D. Christensen ( ឆ្នាំ ២០១៩ ), ១១០–១៣ ។

  9. អ្នកបកប្រែ តាស៊ុយ សាតូ បាន​ជ្រមុជទឹក​នៅ​ថ្ងៃទី ៧ ខែ​កក្កដា ឆ្នាំ ១៩៤៦ ដោយកង​ទ័ព​អាមេរិក​ម្នាក់ គឺ C. Elliott Richards ។ ភរិយា​របស់​តាស៊ុយ ឈ្មោះ ជីយ៉ូ សាតូ បាន​ជ្រមុជទឹក​នៅ​ថ្ងៃ​ជាមួយ​គ្នា ដោយ​ប៊យត៍ ឃេ ផាកកឺ ។ នែល អេ ម៉ាកស្វែល បាន​ច្បាំង​នៅ​អូគីណាវ៉ា ហើយ អិល ថម ភែរី ស្ថិត​នៅក្នុង​ចំណោម​ក្រុម​ទាហាន​ជើងទឹក​ដំបូង​ដើម្បី​ទៅ​ចូលចត​នៅ​ប្រទេស​ជប៉ុន​តាម​សន្ធិសញ្ញា​សន្ដិភាព ។ អែលឌើរ ផាកកឺ, ម៉ាកស្វែល, និង​ភែរី នឹង​ក្លាយ​ជាសមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ។

  10. នៅក្នុង Clissold, « Translating the Endowment into Japanese, » ១១២ ។

  11. នៅក្នុង Dwayne N. Andersen, « 1965 Japanese Excursion,» Stories of the Temple in Lā‘ie, Hawai‘i ១១៤ ។

  12. សូមមើល អាន់ឌើរសិន « apanese Excursion ឆ្នាំ ១៩៦៥ » ១១៤, ១១៧ ។

  13. ក្រោយមក​នៅក្នុង​សម័យប្រជុំ​នេះ​ក្នុង​សន្និសីទទូទៅ​ខែ​តុលា ឆ្នាំ​២០២៣ ប្រធាន រ័សុល អិម​ណិលសុន បាន​ប្រកាស​ព្រះវិហារបរិសុទ្ធ​ចំនួន ២០ ថ្មីទៀត រួមមានទាំង​ព្រះវិហារបរិសុទ្ធ​អូសាកា​ជប៉ុន ដែល​នឹង​ក្លាយ​ជា​ព្រះវិហារបរិសុទ្ធ​ទីប្រាំ​នៅ​ក្នុង​ប្រទេស​ជប៉ុន ។

  14. អំឡុង​បេសកកម្ម​របស់​យើង​នៅ​ទីក្រុង​តូក្យូ ចាប់​ពី​ឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២១ នៅ​កណ្ដាល​បញ្ហា​នៃ​ការរាតត្បាត​ជំងឺ​កូវិត, គ្រួសារ​របស់​គាត់​បាន​ផ្ដល់​សេចក្ដីស្រឡាញ់ ហើយ​យកចិត្ត​ទុកដាក់​ចំពោះ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ដែល​យើង​នឹងមាន​អំណរគុណ​ជា​រៀងរហូត ។

  15. រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាកលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៦ ។

  16. នីហ្វៃទី ៣ ២៥:២ ។

  17. ម៉ូសាយ ៣:២០ ។

  18. នីហ្វៃ​ទី​២ ២៩:៧ ។