សន្និសីទទូទៅ
មេរៀន​ដ៏​ទេវភាព នៃ​ការធ្វើ​ជា​ឪពុកម្តាយ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


មេរៀន​ដ៏​ទេវភាព នៃ​ការធ្វើ​ជា​ឪពុកម្តាយ

ឪពុក​ម្ដាយ​ចូលរួម​ក្នុង​ភាព​ជាដៃ​គូ​​ជា​មួយ​នឹង​ព្រះវរបិតាសួគ៌​របស់​ពួកគេ ដើម្បី​ណែនាំ​កូនៗ​ដ៏​មាន​តម្លៃ​របស់​ពួកគេ ឲ្យ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ ។

តើ​បងប្អូន​ធ្លាប់​បី​ទារក​នៅ​ក្នុង​ដៃ​ដែរ​ឬ​ទេ ? ទារក​គ្រប់​រូប​បញ្ចេញ​នូវ​ពន្លឺ​មួយ​ដែល​ភ្ជាប់​នូវ​សេចក្តីស្រឡាញ់​ដ៏​ពិសេស ដោយ​បំពេញ​ដួងចិត្ត​ឪពុក​ម្ដាយ​ជាមួយ​សេចក្តីអំណរ ។ អ្នក​និពន្ធ​ជនជាតិ​ម៉ិកស៊ិក​ម្នាក់​បាន​សរសេរ​ថា « ខ្ញុំ​បាន​ដឹង​ថា នៅ​ពេល​ទារក យក​ដៃ​ដ៏​តូច​របស់​ខ្លួន​ច្របាច់​ម្រាម​ដៃ​ឪពុក​គេ​ជា​លើក​ដំបូង នោះ​មាន​ន័យ​ថា គេ​បាន​កាន់​ដៃ​ឪពុក​ជា​រៀង​រហូត​ហើយ » ។

ការធ្វើ​ជា​ឪពុកម្តាយ​គឺ​ជា​បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ជីវិត ។ ឪពុក​ម្ដាយ​ចូលរួម​ក្នុង​ភាព​ជាដៃ​គូ​​ជា​មួយ​នឹង​ព្រះវរបិតាសួគ៌​របស់​ពួកគេ ដើម្បី​ណែនាំ​កូនៗ​ដ៏​មាន​តម្លៃ​របស់​ពួកគេ ឲ្យ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ ។ ថ្ងៃ​នេះ​ខ្ញុំ​សូម​ចែកចាយ​មេរៀន​មួយ​ចំនួន​នៃ​ការ​ធ្វើ​ជា​ឪពុកម្ដាយ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ហើយ​បាន​បង្រៀន​ដោយ​ពួក​ព្យាការី​នៅរស់​ដើម្បី​ជួយ​យើង​ឲ្យ​បន្សល់​ទុក​នូវ​កេរដំណែល​ជា​ឪពុកម្ដាយ​របស់​យើង ។

ឡើង​ទៅ​កាន់​ទី​ដ៏​ខ្ពស់​នៃ​វប្បធម៌​ដំណឹងល្អ

យើង​ត្រូវ​តែ​ឡើង​ទៅ​កាន់​ទី​ដ៏​ខ្ពស់​នៃ​វប្បធម៌​ដំណឹង​ល្អ​ជា​មួយ​ក្រុម​គ្រួសារ​របស់​យើង ។ ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា « ក្រុម​គ្រួសារ​សម​នឹង​ទទួល​បាន​ការណែនាំ​មក​ពី​ស្ថានសួគ៌ ។ ឪពុកម្តាយ​មិន​អាច​ទូន្មាន​កូន​បាន​គ្រប់គ្រាន់​ដោយ​ប្រើ​បទពិសោធន៍​ផ្ទាល់​ខ្លួន ការភ័យខ្លាច ឬ​ការអាណិតអាសូរ​នោះទេ » ។

ទោះ​បី​ជា​មាន​នូវ​វប្បធម៌​ប្រពៃណី របៀប​គ្រប់គ្រងកូន និង​បទពិសោធន៍​ផ្ទាល់​ខ្លួន អាច​សម​ក្នុង​ការ​ចិញ្ចឹម​កូន​ក៏​ដោយ ក៏​សមត្ថភាព​ទាំង​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​ជួយ​កូនៗ​ឲ្យ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ​បាន​ដែរ ។ យើង​ត្រូវ​ការ​ចូល​ទៅ​កាន់​កម្រិត​ខ្ពស់​ជាង​នេះ « បណ្តុំ​នៃ​គុណតម្លៃ និង … ការ​អនុវត្ត » វប្បធម៌​ប្រពៃណី ទាំងក្តី​ស្រឡាញ់ និង​ការរំពឹងទុក​ដែល​យើង​ទាក់ទង​ជា​មួយ​កូនៗ​របស់​យើង « នៅ​ក្នុង​របៀប​មួយ​ដែល​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង » ។ ប្រធាន ដាល្លិន អេក អូក បាន​រៀបរាប់​ពី​វប្បធម៌​ដំណឹង​ល្អ​ថា​ជា « វិធី​ជាក់​លាក់​មួយ​នៃ​ជីវិត​ដែល​ជា​បណ្តុំ​នៃ​គុណតម្លៃ និង​ការ​រំពឹង​ទុក ហើយ​អនុវត្ត ។ … វប្បធម៌​ដំណឹង​ល្អ កើត​មក​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ និង​ការបង្រៀន​របស់​…ពួកព្យាការី​នៅ​រស់ ។ វប្បធម៌​ដំណឹង​ល្អ​បាន​ណែនាំ​យើង​ក្នុង​របៀប​មួយ ដែល​យើង​នឹង​ចិញ្ចឹមបីបាច់​គ្រួសារ​របស់​យើង និង​របៀប​រស់នៅ​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ » ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ចំណុច​សំខាន់​នៃ​វប្បធម៌​ដំណឹង​ល្អ​នេះ ។ ការ​ទទួល​យក​វប្បធម៌​ដំណឹង​ល្អ​នៅ​ក្នុង​គ្រួសារ​របស់​យើង គឺ​សំខាន់​ណាស់​ក្នុង​ការ​បង្កើត​បរិយាកាស​ដ៏​ប្រសើរ​មួយ ដែល​គ្រាប់​ពូជ​នៃ​សេចក្ដី​ជំនឿ​អាច​រីក​ចម្រើន​បាន ។ ដើម្បី​ឡើង​ទៅ​កាន់​ទី​ដ៏​ខ្ពស់ ប្រធាន អូក អញ្ជើញ​យើង « ឲ្យ​បោះបង់​ចោល​នូវ​ប្រពៃណី ឬ​ទំនៀម​ទម្លាប់​ផ្ទាល់​ខ្លួន ឬ​មក​ពី​គ្រួសារ​នានា ឬ​ការអនុវត្ត​ទំាងឡាយ​ណា​ដែល​ផ្ទុយពី​ការបង្រៀន​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ។ ឪពុកម្តាយ​ទាំងឡាយ ការអៀនខ្មាស់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​វប្បធម៌​ដំណឹង​ល្អ អាច​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បង្កើត​បាន​ទី​តាំង​មួយ​នៅ​ក្នុង​ផ្ទះ​របស់​យើង ឬ​អាក្រក់​ជាង​នេះ វា​បង្កើត​នៅ​ក្នុង​ដួង​ចិត្ត​របស់​កូនៗ​របស់​យើង ។

នៅ​ពេល​យើង​ជ្រើសរើស​បង្កើត​វប្បធម៌​ដំណឹង​ល្អ ដែល​ជា​វប្បធម៌​ចម្បង​នៅ​ក្នុង​គ្រួសារ​របស់​យើង ហើយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធនោះ របៀប​ដែល​យើង​គ្រប់គ្រង​កូន វប្បធម៌​ប្រពៃណី និង​ការអនុវត្ត​បច្ចុប្បន្ន​របស់​យើង នឹង​ត្រូវ សម្រិតសម្រាំង ហើយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ។

ធ្វើ​ឲ្យ​គេហដ្ឋាន​ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា​គេហដ្ឋាន​គួរ​តែ​ជា « មជ្ឈមណ្ឌល​នៃ​ការ​រៀន​សូត្រ​ដំណឹង​ល្អ » ។១០ គោល​បំណង​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ​គឺ​ដើម្បី « ធ្វើ​ឲ្យ​ការ​ប្រែចិត្ត​ជឿ​របស់​យើង​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ជ្រាលជ្រៅ​ខ្លាំង​ឡើង ហើយ​ជួយ​យើង​ឲ្យ​កាន់​តែ​ប្រែក្លាយ​ដូចជា​ទ្រង់​ទាំង​ទ្វេ » ។១១ សូម​ពិចារណា​អំពី​ទំនួល​ខុស​ត្រូវ​នៃ​ការធ្វើ​ជា​ឪពុកម្តាយ​ដ៏​សំខាន់​បី​យ៉ាង ដែល​បាន​រៀបរាប់​ដោយ​ពួកព្យាការី និង​ពួកសាវ័ក​ដែល​អាច​ជួយ​យើង​ឲ្យ​បង្កើត​វប្បធម៌​នៃដំណឹង​ល្អ​កាន់តែ​ខ្ពស់ជាងនៅ​ក្នុង​គេហដ្ឋាន​របស់​យើង ។

ទីមួយ ៖ បង្រៀន​ដោយ​សេរី

ព្រះវរបិតាសួគ៌​បាន​បង្រៀន​អ័ដាម​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​លោក​ថា « ឲ្យ​បង្រៀន​ការណ៍​ទាំង​នេះ​ដោយ​សេរី​ដល់​កូនៗ [ របស់​លោក ] » ។១២ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះវរបិតាសួគ៌​បាន​បង្រៀន អ័ដាម​ឲ្យ​បង្រៀន​ការណ៍​ទាំង​នេះ​ដោយ​សេរី សប្បុរស និង​ដោយ​គ្មាន​ការបង្ខិតបង្ខំ​ឡើយ ។១៣ ព្រះគម្ពីរ​ប្រាប់​យើង​ថា « អ័ដាម និង​នាង​អេវ៉ា​បាន​ថ្វាយ​ពរ​ដល់​ព្រះ​នាម​នៃ​ព្រះ ហើយ​ពួក​គេ​បាន​ប្រាប់​គ្រប់​ការណ៍​ទាំង​អស់​ដល់​ពួក​កូន​ប្រុស​កូន​ស្រី​របស់​គេ » ។១៤

យើង​បង្រៀន​កូនៗ​របស់​យើង​ដោយ​សប្បុរស នៅ​ពេល​យើង​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ជាមួយ​ពួកគេ ។ យើង​បង្រៀន​ដោយ​គ្មាន​ការបង្ខិតបង្ខំ នៅ​ពេល​ពិភាក្សា​អំពី​ប្រធានបទ​ដែល​ដូច​ជា ពេលវេលា​លើ​អេក្រង់ ដោយ​ប្រើ​ធនធាន​ដែល​សាសនាចក្រ​បាន​ផ្តល់​ឲ្យ ។១៥ យើង​បង្រៀន​ដោយ​សេរី​នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ​ជា​មួយ​កូនៗ​របស់​យើង ដោយ​ប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​ធ្វើ​ជា​គ្រូ​បង្រៀន ។

ទីពីរ ៖ គំរូ​នៃ​ភាពជា​សិស្ស

នៅ​ក្នុង​គម្ពីរ​យ៉ូហាន​យើង​បាន​អាន​ថា នៅ​ពេល​ដែល​ពួកសាសន៍​យូដា​ជា​ច្រើន​បាន​សួរ​ព្រះអង្គសង្គ្រោះ​អំពី​ការ​ប្រព្រឹត្ត​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​បាន​បង្វែរ​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គំរូ​របស់​ទ្រង់ ព្រះវរបិតា​របស់​ទ្រង់ ។ ទ្រង់​បាន​បង្រៀន ៖ « ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះអង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះវរបិតា​ធ្វើ ដ្បិត​ការ​អ្វី​ដែល​ព្រះវរបិតា​ធ្វើ នោះ​ព្រះរាជបុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ ។ »១៦ ឪពុក​ម្តាយ​ទាំងឡាយ តើ​យើង​ត្រូវ​ធ្វើ​ជា​គំរូ​អ្វី​ខ្លះ​ដល់​កូនៗ​របស់​យើង ? ភាពជាសិស្ស

ក្នុង​នាម​ជា​ឪពុក​ម្ដាយ យើង​អាច​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​ដាក់​ព្រះ​ជា​មុន នៅ​ពេល​យើង​ពិភាក្សា​អំពី​បញ្ញត្តិ​ទីមួយ ប៉ុន្តែ​យើង​ធ្វើ​ជា​គំរូ​នៅ​ពេល​យើង​ទុក​ការរំខាន​នៃ​លោកិយ​មួយ​អន្លើរ ហើយ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​ជា​រៀង​រាល់​សប្ដាហ៍ ។ យើង​អាច​បង្រៀន​អំពី​សារៈសំខាន់​ពី​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ នៅ​ពេល​យើង​និយាយ​អំពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​សេឡេស្ទាល ប៉ុន្តែ​យើង​ធ្វើ​គំរូ​នៅ​ពេល​យើង​គោរព​សេចក្ដី​សញ្ញា​របស់​យើង​ដោយ​ប្រព្រឹត្ត​ចំពោះ​ស្វាមី ឬ​ភិរិយា​របស់​យើង​ដោយ​សេចក្ដី​ថ្លៃថ្នូរ ។

ទីបី ៖ អញ្ជើញ​ឲ្យ​អនុវត្ត

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គួរ​តែ​ជា​ចំណុចនៃ​ទីបន្ទាល់​របស់​កូនៗ​យើង ហើយ​ទីបន្ទាល់​ទាំង​នេះ​ត្រូវ​តែ​មាន​ដល់​កូន​ម្នាក់ៗ​តាម​រយៈ​វិវរណៈ​រៀងៗ​ខ្លួន ។១៧ ដើម្បី​ជួយ​ដល់​កូនៗ​របស់​យើង​ក្នុង​ការស្ថាបនា​ទីបន្ទាល់​របស់​ពួកគេ យើង​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ប្រើ​សិទ្ធិជ្រើសរើស​របស់​ពួកគេ ដើម្បី​ជ្រើស​រើស​អ្វី​ដែល​ត្រឹម​ត្រូវ១៨ ហើយ​រៀបចំ​ពួក​គេ​ពេញ​មួយ​ជីវិត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ ។១៩

វា​ជា​ការ​ល្អ​ក្នុង​ការ​លើក​ទឹកចិត្ត​កូនៗ​របស់​យើង​ម្នាក់ៗ​ឲ្យ​ទទួល​យក​ការអញ្ជើញ​របស់​ប្រធាន ណិលសុន​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ —ស្វែងរក​វា ចិញ្ចឹម​បីបាច់​វា​ដើម្បី​ឲ្យ​វា​រីក​ចម្រើន ដើម្បី​ឲ្យ​វា​មាន​សេចក្ដី​ពិត​ហើយ​កុំ​បំពុល​វា​ដោយ​ទស្សនវិជ្ជា​មិន​ពិត​របស់​អ្នក​ដែល​មិន​ជឿ​ឡើយ ។២០

ការចិញ្ចឹមកូន ដោយ​ចេតនា សុចរិត

បំណងប្រាថ្នា​ដ៏​ទេវភាព​របស់​ព្រះវរបិតាសួគ៌​របស់​យើង ក្នុង​នាម​ជា ឪពុក ឬ​ម្ដាយ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​វិវរណៈ​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​ទៅ​ម៉ូសេ​ថា ៖ « ត្បិត​មើល​ចុះ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរី​ល្អ​របស់​យើង—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ។២១ ប្រធាន ណិលសុន បាន​បន្ថែម​ថា « ​ព្រះ​នឹង​ធ្វើ​អ្វីៗ​ដែល​ទ្រង់​អាច​ធ្វើ​ទៅ​បាន ហាក់​ដូច​ជា​បំពាន​លើ​សិទ្ធជ្រើសរើស​របស់​បងប្អូន ដើម្បី​ជួយ​បងប្អូន​កុំ​ឲ្យ​បាត់បង់​ឱកាស​ទទួល​ពរជ័យ​ដ៏​មហិមា​បំផុត​ក្នុងភាព​អស់កល្ប​ជានិច្ច » ។២២

ក្នុង​នាម​ជា​ឪពុក​ម្តាយ យើង​ជា​ភ្នាក់ងារ​របស់​ព្រះ​ក្នុង​ការ​ថែ​រក្សា​កូនៗ​របស់​យើង ។២៣ យើង​ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​បង្កើត​បរិយាកាស​មួយ​ដែល​កូនៗ​របស់​យើង​អាច​មាន​អារម្មណ៍​ពី​ព្រះចេស្តា​ដ៏​ទេវភាព​របស់​ទ្រង់ ។

ព្រះវរបិតាសួគ៌​មិន​មាន​ព្រះទ័យ​ឲ្យ​យើង​ជា​ឪពុកម្តាយ​អង្គុយ​នៅ​ម្ខាង ធ្វើ​ជា​អ្នក​ចាំមើល​ថា ​កូន​យើង​មាន​ជីវិត​ខាង​វិញ្ញាណ​កើត​ឡើង​ដែរ​ឬ​ទេ ។ ខ្ញុំ​សូម​បង្ហាញ​ពី​គំនិត​នៃ​ការចិញ្ចឹមកូន ដោយ​ការតាំងចិត្ត​ជា​មួយ​នឹង​បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ ។ នៅ​ពេល​ខ្ញុំ​ចូលរួម​នៅ​អង្គការ​បឋមសិក្សា​នៅ​ក្នុង​សាខា​តូច​មួយ​នៅ ក្វាតេម៉ាឡា ឪពុកម្ដាយ​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​បង្រៀន​ខ្ញុំ​អំពី​សារៈសំខាន់​នៃ​ពរ​របស់​លោក​អយ្យកោ ។ ម្តាយ​ខ្ញុំ​បាន​ចំណាយ​ពេល​ដើម្បី​ចែកចាយ​បទពិសោធន៍​របស់​គាត់ អំពី​ការ​ទទួល​បាន​ពរ​របស់​លោកអយ្យកោ​ដ៏​មាន​តម្លៃ ។ គាត់​បាន​បង្រៀន​ខ្ញុំ​ពី​គោលលទ្ធិ​ដែល​ទាក់ទង​នឹង​ពរ​របស់​លោក​អយ្យកោ ហើយ​គាត់​បាន​ធ្វើ​ជា​សាក្សី​អំពី​ពរជ័យ​ដែល​បាន​សន្យា​ទាំង​នោះ ។ ការចិញ្ចឹមកូន​ដោយ​ការតំាងចិត្ត​របស់​គាត់​បាន​បំផុស​គំនិត​ខ្ញុំ ឲ្យ​មាន​បំណង​ចង់​ទទួល​បាន​ពរ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ ។

ពេល​ខ្ញុំ​អាយុ ១២ ឆ្នាំ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្វែងរក​លោកអយ្យកោ ។ ការស្វែងរក​គឺ​ចាំ​បាច់​ណាស់​ដោយ​សារ​តែ​គ្មាន​លោកអយ្យកោ​នៅ​ក្នុង​តំបន់​ដែល​យើង​រស់​នៅ​ទេ ។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​រក​លោក​អយ្យកោ​ម្នាក់​ដែល​នៅ​ក្នុង​ស្តេក​មួយ ដែល​មាន​ចម្ងាយ ១៥៦​គីឡូ​ម៉ែត្រ ( ៩៧ ម៉ែល ) ។ ខ្ញុំ​ចាំ​យ៉ាង​ច្បាស់​ពី​ពេល​ដែល​លោក​អយ្យកោ បាន​ដាក់​ដៃ​លើ​ក្បាល​ខ្ញុំ​ដើម្បី​ប្រទាន​ពរ​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ដោយ​ការ​បញ្ជាក់​ខាង​វិញ្ញាណ​ដ៏​មាន​ព្រះចេស្តា ដោយ​គ្មាន​ការ​សង្ស័យ ថា​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​បាន​ស្គាល់​ខ្ញុំ ។

សម្រាប់​ក្មេងប្រុស​អាយុ ១២ ឆ្នាំ មក​ពី​ក្រុង​តូច​មួយ​នោះ រឿង​នេះ​មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ ។ ចិត្ត​ខ្ញុំ​បែរ​ទៅ​រក​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​នៅ​ថ្ងៃ​នោះ ដោយ​សារ​ការចិញ្ចឹម​កូន​ដោយ​ការតំាងចិត្ត​របស់​ម្ដាយ និង​ឪពុក​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ដឹងគុណ​ជា​រៀង​រហូត​ចំពោះ​ពួកគាត់ ។

ស៊ីស្ទើរ ចយ ឌី ចូនស៍ អតីត​ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ បាន​បង្រៀន ៖ « យើង​មិន​អាច​រង់ចាំ​ឲ្យ​ការប្រែចិត្ត​ជឿ​កើត​ឡើង​ឯកឯង​ចំពោះ​កូនៗ​របស់​យើង​នោះ​ទេ ។ ការប្រែចិត្ត​ជឿ​ដោយ​ចៃដន្យ គឺ​មិនមែន​ជា​គោលការណ៍​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទេ » ។២៤ សេចក្ដី​ស្រឡាញ់ និង​ការ​អញ្ជើញ​ដ៏​បំផុស​គំនិត​របស់​យើង​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា អំពី​របៀប​ដែល​កូនៗ​របស់​យើង​ប្រើ​សិទ្ធជ្រើសរើស​របស់​ពួកគេ ។ ប្រធាន ណិលសុន បាន​បញ្ជាក់​ថា « គ្មាន​កិច្ចការ​ណា​ផ្សេង​ទៀត​ដែល​អស្ចារ្យ​ជាង​ការចិញ្ចឹមកូន​ដោយ​ចេតនា​សុចរិត​ឡើយ ! »២៥

សេចក្ដី​បញ្ចប់

ឪពុកម្តាយ​ទាំងឡាយ ពិភពលោក​នេះ​ពេញ​ទៅ​ដោយ​ទស្សនវិជ្ជា វប្បធម៌ និង​គំនិត​ដែល​ប្រកួតប្រជែង​គ្នា ដើម្បី​ទាញ​យក​ចំណាប់​អារម្មណ៍​របស់​កូនៗ​យើង ។ អគារ​ដ៏​ធំ​ហើយ​ទូលាយ​បាន​ផ្សព្វ​ផ្សាយ​ពី​សមាជិក​ភាព​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ដោយ​ប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បច្ចុប្បន្ន​បំផុត ។ ព្យាការី មរ៉ូណៃ បាន​បង្រៀន​ថា « ប៉ុន្តែ​ដោយ​អំណោយទាន​នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ នោះ​ព្រះ​ទ្រង់​បាន​រៀបចំ​ផ្លូវ​មួយ​ដ៏​ប្រសើរ​លើសលែង​ទៅ​ទៀត » ។២៦

ពេល​យើង​ធ្វើ​ជា​ដៃគូ​ជា​មួយ​ព្រះ​តាម​រយៈ​សេចក្ដី​សញ្ញា ហើយ​ក្លាយ​ជា​ភ្នាក់ងារ​របស់​ទ្រង់​ក្នុង​ការ​ថែ​រក្សា​កូនៗ​របស់​យើង នោះ​ទ្រង់​នឹង​ញែក​ការតាំងចិត្ត​របស់​យើង​ចេញ​ជា​បរិសុទ្ធ បំផុស​គំនិត​ដល់​ការ​បង្រៀន​របស់​យើង និង​ធ្វើ​ឲ្យ​ការ​អញ្ជើញ​របស់​យើងទាក់ទាញ​ដើម្បី​ឲ្យ « កូន​ចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ណាមួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួក​គេ » ។២៧ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូម​មើល ទំនុក​ដំកើង ១២៧:៣ ។

  2. ចននី វែលច៍, « The Puppet » reproduced at inspire21.com/thepuppet; see also Johnny Welch, Lo que me ha enseñado la vida ( ឆ្នាំ ១៩៩៦ ) ។

  3. ការណ៍​នេះ​មើលទៅ​ហាក់​ដូច​ជា​កិច្ច​ការ​ដ៏​គួរ​ឲ្យ​ខ្លាច​ ប៉ុន្តែ​ដូច​ដែល​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍ ៖ « ដោយ​មាន​ជំនួយ​ពី​ព្រះវរបិតាសួគ៌ យើង​អាច​បន្សល់​ទុក​នូវ​កេរ​ដំណែល​ជា​ឪពុក​ម្តាយ​ច្រើន​ជាង​អ្វី​ដែល​យើង​ស្មាន » ( « The Hands of the Fathers » Liahonaខែ កក្កដា ឆ្នាំ ១៩៩៩ ទំព័រ ១៨ ) ។

  4. រ័សុល អិម ណិលសុន « Thou Shalt Have No Other Gods » Ensignខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ១៥ ។

  5. ដាល្លិន អេក អូក « The Gospel Culture » Liahonaខែ មីនា ឆ្នាំ ២០១២ ទំព័រ ២២ ។

  6. រ័សុល អិម ណិលសុន « ត្រូវការ​អ្នកដែល​ផ្សះផ្សា​គេ » លីអាហូណាខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៩៩ ។

  7. ដាល្លិន អេក អូក « The Gospel Culture » ទំព័រ ២២ ។

  8. ដាល្លិន អេក អូក « The Gospel Culture » ទំព័រ ២២ ។

  9. សូមមើល មរ៉ូណៃ ១០:៥ ។

  10. រ័សុល អិម ណិលសុន « Becoming Exemplary Latter-day Saints » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ។

  11. ការប្រែចិត្តជឿ​គឺ​ជា​គោលដៅ​របស់​យើង » នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ឆ្នាំ ២០២២ ) ទំព័រ v ។

  12. ម៉ូសេ ៦:៥៨ ។

  13. សូមមើល American Dictionary of the English Language « freely » webstersdictionary1828.com/Dictionary/freely ។

  14. ម៉ូសេ ៥:១២ ។

  15. សូមមើល « ការទទួលខុសត្រូវ​លើ​បច្ចេកវិទ្យា » និង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស​នា ( ឆ្នាំ ២០២២ ) បណ្ណាល័យ​ដំណឹងល្អ ។

  16. យ៉ូហាន ៥:១៩ ។

  17. សូមមើល « ម៉ាថាយ ១៦:១៧–១៨ ។ វិវរណៈ​របស់​បុគ្គល​ម្នាក់ៗ​ចាំបាច់​សម្រាប់​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ព្រះគម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​សិស្ស ( ឆ្នាំ ២០១៨ )​ទំព័រ ៥២ ។

  18. សូមមើល ឌែល ជី រិនឡាន់ « Choose You This Day » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៤ ៖ « គោលបំណង​របស់​ព្រះវរបិតាសួគ៌​យើង​ក្នុងការ​ធ្វើ​ជា​ឪពុកម្តាយ គឺ​ពុំ​គ្រាន់តែ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ធ្វើអ្វី​ដែល​ត្រូវ​ប៉ុណ្ណោះ​ទេ គោលបំណង​របស់​ទ្រង់​គឺ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ជ្រើសរើស ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​នៅ​ទីបំផុត​ក្លាយ​ដូចជា​ទ្រង់» ។

  19. សូមមើល « ឧបសម្ព័ន្ធ ៖ ការរៀបចំ​កូនៗ​របស់​បងប្អូន​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ បណ្ណាល័យដំណឹងល្អ ។

  20. សូមមើល រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៧ ។

  21. ម៉ូសេ ១:៣៩ ។ នៅ​ក្នុង​ខគម្ពីរ​នេះ ព្រះយេស៊ូវគ្រីស្ទ​កំពុង​មាន​បន្ទូល​ជំនួសឲ្យ​ព្រះវរបិតាសួគ៌ ។

  22. រ័សុល អិម ណិលសុន « Choices for Eternity » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ) ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  23. សូមមើល រ័សុល អិម ណិលសុន « Salvation and Exaltation » Liahonaខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ១០ ៖ សូម​កុំព្យាយាម​ត្រួតតា​កូនៗ​របស់បងប្អូន ។ ផ្ទុយ​ទៅ​វិញ ចូរ​ស្ដាប់​ពួក​គេ ជួយ​ពួក​គេ​ឲ្យ​រៀន​ដំណឹងល្អ បំផុស​គំនិត​ពួក​គេ ហើយ​ដឹកនាំ​ពួក​គេ​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។ បងប្អូន​គឺ​ជា​ភ្នាក់ងារ​របស់​ព្រះ​ក្នុង​ការ​ថែ​រក្សា​បុត្រាបុត្រី​ដែល​ទ្រង់​បាន​ប្រគល់​ឲ្យ​បងប្អូន​មើលថែរ ។ សូម​អនុញ្ញាត​ឲ្យព្រះចេស្តា​ដ៏ទេវភាព​របស់​ទ្រង់​នៅ​តែ​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​បងប្អូន នៅពេល​បងប្អូន​បង្រៀន និង​បញ្ចុះបញ្ចូល » ។

  24. ចយ ឌី ចូនស៍ « Essential Conversations » Liahonaខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ១២ ។

  25. រ័សុល អិម ណិលសុន « The Sabbath Is a Delight » Liahonaខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៣១ ។

  26. អេធើរ ១២:១១ ។

  27. នីហ្វៃទី ២ ២៥:២៦ ។