សន្និសីទទូទៅ
ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​យើង​ជា​រៀងរាល់​ថ្ងៃ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​យើង​ជា​រៀងរាល់​ថ្ងៃ

ប្រភព​នៃ​កម្លាំង​យើង​នោះ​គឺ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ កាលដែល​យើង​ព្យាយាម​ដោយ​ចេតនា​មក​កាន់​ទ្រង់​ជា​រៀងរាល់​ថ្ងៃ ។

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់ នេះ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ឱ !​វា​ជា​អំណរ​អ្វី​ម្ល៉េះ ដែល​បាន​ជួបជុំ​គ្នា​ក្នុង​នាម​ជា​សាសនាចក្រ​របស់​ទ្រង់ ។ ខ្ញុំ​មាន​អំណរគុណ​ដែល ប្រធាន រ័សុល អិម ណិលសុន បាន​រំឭក​យើង​ឲ្យ​ប្រើ​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ជា​ញឹកញាប់ ដើម្បី​ឲ្យ​យើង​ចងចាំ​ថា​នេះ​ជា​សាសនា​របស់​នរណា ហើយ​ការបង្រៀន​របស់​នរណា​ដែល​យើង​ធ្វើតាម ។

ប្រធាន ណិលសុន បាន​ថ្លែង​ថា ៖ « នៅ​ពេលដ៏​ខ្លី​ខាង​មុខ​នេះ យើង​នឹង​ឃើញ​ការបើក​សម្តែង ដ៏​មហិមាអំពី​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ ដែល​លោកិយ​នេះ​មិន ធ្លាប់បាន​ឃើញ​ពីមុន​មក ។… នោះ​ទ្រង់​នឹង​ប្រទាន​ឯកសិទ្ធិ ពរជ័យ និង​អព្ភូតហេតុ​រាប់​មិន​អស់​មក​លើ​មនុស្ស​ស្មោះត្រង់ » ។

ឯកសិទ្ធិ ដ៏​អស្ចារ្យ​មួយ​ដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ រេនី មាន គឺ​ការជួប​នឹង​ពួកបរិសុទ្ធ​នៅ​កន្លែង​ដែល​យើង​បម្រើ ។ យើង​ស្ដាប់​ដំណើររឿង​របស់​ពួកគេ យើង​ធ្វើ​ជា​សាក្សី​នៃ​ការបាត់បង់​របស់​ពួកគេ យើង​រំលែក​ទុក្ខ​ពួកគេ ហើយ​យើង​រីករាយ​នឹង​ជោគជ័យ​របស់​ពួកគេ ។ យើង​បាន​ឃើញ​ពរជ័យ និង​អព្ភូតហេតុ​ជា​ច្រើន ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​ពួក​អ្នក​ស្មោះត្រង់ ។ យើង​បាន​ជួប​អ្នក​ដែល​បាន​ឆ្លងកាត់​អ្វី​ដែល​មិន​អាច​ទៅរួច ជា​អ្នក​ដែល​បាន​រងទុក្ខ​ហួស​ប្រមាណ ។

រូបភាព
ប្រធាន ហូសេ បាតាឡា និង​ភរិយា​លោក ស៊ីស្ទើរ វ៉ាលីរៀ បាតាឡា<nb/>។
រូបភាព
ហ្វាឡាវៀ ក្រូសាដូ និង​ឪពុក​របស់​គាត់<nb/>។

យើង​បាន​ឃើញ​ការបើក​សម្ដែង​នៃ​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ​តាម​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​បាន​បាត់បង់​ស្វាមី ពេល​ដែល​ពួកគាត់​កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះ​នៅក្នុង​ប្រទេស បូលីវា ។ យើង​បាន​ឃើញ​ព្រះ​ចេស្តា​នេះ​តាម​ស្ត្រី​វ័យក្មេង​ម្នាក់​នៅ​ប្រទេស អាហ្សង់ទីន ដែល​ត្រូវបាន​ធ្លាក់​ទៅក្រោម​រថភ្លើង ហើយ​បាត់បង់ជើង​របស់​នាង ដោយសារ​មាន​គេ​ចង់​លួច​ទូរសព្ទ​ដៃ​របស់​នាង ។ ហើយ​ឪពុក​ពោះម៉ាយ​របស់​នាង ដែល​ឥឡូវ​នេះ​ច្បាស់​ជា​ខិតខំ​កែខៃ​និង​ពង្រឹង​កូនស្រី​គាត់ បន្ទាប់ពី​អំពើ​ដ៏​ឃោរឃៅ​ដែល​មិន​អាច​ពន្យល់​បាន​នេះ​កើតឡើង ។ យើង​បាន​ឃើញ​ព្រះចេស្ដារ​មាន​ក្នុង​ក្រុមគ្រួសារ ដែលបាត់បង់​ផ្ទះ និង​ទ្រព្យសម្បត្តិ​ទាំងអស់ ពេល​ភ្លើង​ឆេះ​នៅ​ប្រទេស ឈីលី តែ​ពីរ​ថ្ងៃ​មុន​បុណ្យ​គ្រីស្ទម៉ាស់​នៅ ឆ្នាំ ២០២២ ។យើង​បាន​ឃើញ​ព្រះចេស្ដារ​មានដល់​ពួកអ្នក​ដែល​រងទុក្ខ​បន្ទាប់​ពី​ការលែងលះ​ដ៏​តក់ស្លុត និង​ជន​ស្លូតត្រង់​ដែល​ទទួល​រង​ការរំលោភ​បំពាន ។

រូបភាព
អគ្គិភ័យ​នៅ​ឈីលី

តើ​អ្វី​ទៅ​ដែល​ផ្ដល់​អំណាច​ដល់​ពួកគេ​ឲ្យ​ឆ្លងកាត់​ការណ៍​ដ៏​លំបាក​ទាំងនេះ ? តើ​អ្វី​ទៅ​ដែល​ផ្ដល់​កម្លាំង​បន្ថែម​ឲ្យ​ពួកគេ​បន្ត​ទៅ​មុខ ពេល​ដែល​អ្វីៗ​ហាក់​ដូច​ជា​បាត់បង់​អស់​នោះ ?

ខ្ញុំ​បាន​រកឃើញ​ថា ប្រភព​នៃ​កម្លាំង​នោះ​គឺ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ កាលដែល​យើង​ព្យាយាម​ដោយ​ចេតនា​មក​កាន់​ទ្រង់​ជា​រៀងរាល់​ថ្ងៃ ។

ព្យាការី យ៉ាកុប បាន​បង្រៀន​ថា « ហើយ​ទ្រង់​យាង​មក​ឯ​លោកិយ ដើម្បី​ទ្រង់​អាច​សង្គ្រោះ​មនុស្ស​លោក​ទាំង​អស់ បើសិន​ជា​ពួកគេ​ព្រម​ស្តាប់​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ ដ្បិត​មើល​ចុះ​ទ្រង់​រងទុក្ខ​ការឈឺ​ចាប់​នៃ​មនុស្ស​លោក​ទាំង​អស់ មែន​ហើយ គឺ​ការ​ឈឺ​ចាប់​របស់​សត្វ​លោក​សព្វ​សារពើ ដែល​រស់​នៅ​ទាំង​ប្រុស​ទាំង​ស្រី និង​ក្មេងៗ​ដែល​ជា​គ្រួសារ​នៃ​លោក​អ័ដាម » ។

ពេល​ខ្លះ ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​មើល​ទៅដូច​ជា​ពុំ​អាច​ទៅរួច ស្ទើរតែ​មិន​អាច​ទទួល​បាន ។ យើង​អាច​នឹង​គិត​ថា ការមក​ឯ​ព្រះគ្រីស្ទ​តម្រូវ​ឲ្យ​មាន​កម្លាំង អំណាច និង​ភាពល្អ​ឥតខ្ចោះ ដែល​យើង​គ្មាន ហើយ​យើង​មិន​អាច​ស្វែងរក​ថាមពល​ដើម្បី​ធ្វើ​វា​ទាំងអស់​បាន​ទេ ។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​មនុស្ស​ទាំងអស់​នេះ គឺ​ថា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ហើយ គឺជា​អ្វី​ដែល​ផ្ដល់​ថាមពល​ដល់​យើង​ដើម្បី​ចាប់ផ្ដើម​ការ​ធ្វើដំណើរ​របស់​យើង ។ ជួនកាល យើង​អាច​គិត​ថា « ខ្ញុំ​ត្រូវតែ​កែតម្រូវ​ជីវិត​ខ្ញុំ​សិន មុន​នឹង​ខ្ញុំ​មក​ឯ​ព្រះយេស៊ូវ » ប៉ុន្តែ​ជាក់ស្តែង​នោះ​គឺ​ថា យើង​មកឯ​ព្រះយេស៊ូវ​ដើម្បី​កែតម្រូវ​ជីវិត​របស់​យើង​តាមរយៈ​ទ្រង់ ។

យើង​មិន​មក​ឯ​ព្រះយេស៊ូវ​ដោយសារ​យើង​ល្អ​ឥតខ្ចោះ​នោះ​ទេ។ យើង​មកឯ​ទ្រង់ ព្រោះ​តែ​យើង​មាន​គុណវិបត្តិ ហើយ​យើង​អាច « បាន​ល្អ​ឥតខ្ចោះ » នៅ​ក្នុង​ទ្រង់ ។

តើ​យើង​ចាប់ផ្ដើម​អនុវត្ត​សេចក្ដី​ជំនឿ​បន្តិចបន្តួច​ជា​រៀងរាល់​ថ្ងៃ​បាន​ដោយ​របៀប​ណា ? សម្រាប់​ខ្ញុំ វា​ចាប់ផ្ដើម​នៅ​ពេល​ព្រឹក ៖ នៅ​ពេល​ខ្ញុំ​ក្រោកឡើង ខ្ញុំ​អធិស្ឋាន​ជំនួស​ឲ្យ​ការមើល​ទូរសព្ទ​របស់​ខ្ញុំ ។ សូម្បីតែ​ជា​ការអធិស្ឋាន​ដ៏​សាមញ្ញ​មួយ​ក្តី ។ បន្ទាប់​មក​ខ្ញុំ​អាន​ព្រះគម្ពីរ ។ ការ​ធ្វើ​បែប​នេះ​ជួយ​ខ្ញុំ​ធ្វើ​សេចក្ដី​សញ្ញា​ប្រចាំ​សប្ដាហ៍​របស់​ខ្ញុំ​ដែល​បាន​ចុះ នៅពេល​ខ្ញុំ​ទទួល​សាក្រាម៉ង់​ដើម្បី « ចងចាំ​ទ្រង់​ជានិច្ច » ។ ពេល​ខ្ញុំ​ចាប់ផ្ដើម​ថ្ងៃ​របស់​ខ្ញុំ​ដោយមាន​ការអធិស្ឋាន និង​ព្រះគម្ពីរ នោះ​ខ្ញុំ​អាច « ចងចាំ​ទ្រង់ » ពេល​ខ្ញុំ​មើល​ទូរសព្ទ​របស់​ខ្ញុំ ។ ខ្ញុំ​អាច « ចងចាំ​ទ្រង់ » ពេល​ខ្ញុំ​ប្រឈម​នឹង​បញ្ហា និង​ការទាស់ទែង ហើយ​ខ្ញុំ​ព្យាយាម​ប្រឈម​នឹង​វា​ដូច​ជា​ព្រះយេស៊ូវ​នឹង​ធ្វើ ។

ពេល​ខ្ញុំ « ចងចាំ​ទ្រង់ » ខ្ញុំ​មាន​បំណង​ប្រាថ្នា​ដើម្បី​ផ្លាស់ប្ដូរ ដើម្បី​ប្រែចិត្ត ។ ខ្ញុំ​ស្វែងរក​ប្រភព​នៃ​ថាមពល ដើម្បី​រក្សា​សេចក្ដី​សញ្ញា​ខ្ញុំ ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត « ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់ [ ខ្ញុំ ] ប្រយោជន៍​ឲ្យ [ ខ្ញុំ ] អាចបាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយ​នឹង [ ខ្ញុំ ] ជា​ដរាប » ។ វា​ជួយ​ខ្ញុំ​ឲ្យ​ស៊ូទ្រាំ​ដល់​ទីបំផុត ។ ឬ​យ៉ាងហោច​ណាស់​ដល់​ទីបញ្ចប់​នៃ​ថ្ងៃ​នោះ ! ហើយ​នៅថ្ងៃ​ដែល​ខ្ញុំ​ភ្លេច​ចងចាំ​ទ្រង់​អស់​ពេញ​មួយ​ថ្ងៃ ក៏​ទ្រង់​នៅតែ​គង់​នៅ​ទីនោះ ស្រឡាញ់​ខ្ញុំ និង​ប្រាប់​ខ្ញុំ​ថា « វា​មិន​ថ្វី​ទេ កូន​អាច​ព្យាយាម​ម្ដង​ទៀត​នៅ​ថ្ងៃ​ស្អែក » ។

ទោះបី​ជា​យើង​ចងចាំ​ទ្រង់​មិន​បាន​ល្អ​ឥតខ្ចោះ​ក្តី ក៏​ព្រះវរបិតាសួគ៌​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​យើង​មិន​ដែល​ភ្លេច​យើង​ឡើយ ។

កំហុស​មួយ​ដែល​យើង​ធ្វើ​ជា​ញឹកញាប់ គឺ​គិត​ថា​ការរក្សា​តាម​សេចក្ដី​សញ្ញា ឬ​ការសន្យា​ដែល​យើង​ធ្វើ​ជាមួយ​ព្រះ គឺជា​ប្រតិបត្តិការ​ដែល​យើង​ធ្វើ​ជាមួយ​ទ្រង់ ៖ ខ្ញុំ​គោរព​តាម ហើយ​ទ្រង់​ការពារ​ខ្ញុំ​ពី​អ្វីៗ​ដែល​អាក្រក់​កុំ​ឲ្យ​កើតឡើង​ចំពោះ​ខ្ញុំ ។ ខ្ញុំ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​ខ្ញុំ​នឹង​មិន​បាត់បង់​ការងារ ឬ​ភ្លើង​នឹង​មិន​ឆេះ​ផ្ទះ​ខ្ញុំ​ឡើយ ។ ប៉ុន្តែ ពេល​ដែល​អ្វីៗ​មិន​បាន​ដូច​ការរំពឹង​ទុក​ នោះ​យើង​អំពាវនាវ​ដល់​ព្រះអម្ចាស់ « យើង វិនាស​ហើយ​លោក​មិនខ្វល់​ទេ​ឬ​អី ? »១០

សេចក្ដី​សញ្ញា​របស់​យើង​មិន​គ្រាន់តែ​ជា​ប្រតិបត្តិការ​នោះ​ទេ វា​ជា​ការផ្លាស់ប្ដូរ ។១១ តាមរយៈ​សេចក្ដី​សញ្ញា​ខ្ញុំ នោះ​ខ្ញុំ​ទទួល​បាន​អំណាច​នៃ​ការញែក​ចេញ​ជា​បរិសុទ្ធ និង​ការពង្រឹង​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ដើម្បី​អត់ទោស​ដល់​អ្វី​ដែល​មិន​អាច​អត់ទោស ដើម្បី​ឈ្នះ​អ្វី​ដែល​មិន​អាច​ឈ្នះ​បាន ។ ការចងចាំ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ចេតនា តែងតែ មាន​ឥទ្ធិពល វា​ផ្ដល់​កម្លាំង​បន្ថែម​ដល់​ខ្ញុំ​ដើម្បី « កាន់​តាម​ព្រះបញ្ញត្តិ​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់ [ ខ្ញុំ ] » ។១២វា​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​មនុស្ស​ល្អ ឲ្យ​ញញឹម​ទោះជា​គ្មាន​អ្វី​ដែល​ត្រូវ​ញញឹម ឲ្យ​ក្លាយ​ជា​អ្នកដែល​ផ្សះផ្សា​គេ១៣ដើម្បី​ចៀសវាង​ពី​ការទាស់ទែង ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​ខ្ញុំ ។១៤

ពេល​ដែល​ការឈឺចាប់​របស់​យើង ឬ​របស់​នរណា​ម្នាក់​ដែល​យើង​ស្រឡាញ់​មាន​ខ្លាំង​រហូត​ដល់​យើង​មិន​អាច​ទ្រាំ​បាន នោះ​ការចងចាំ​ព្រះយេស៊ូវគ្រីស្ទ និង​ការមក​ឯ​ទ្រង់​អាច​សម្រាល​បន្ទុក បន្ទន់​ដួងចិត្ត និង​បន្ថយ​ការឈឺចាប់​បាន ។ នេះ​ជា​អំណាច​ដែល​ពង្រឹង​ដល់​ឪពុក​ម្នាក់​លើស​ពី​សមត្ថភាព​ធម្មជាតិ​របស់​គាត់​ក្នុង​ការគាំទ្រ​កូនស្រី​គាត់​ឲ្យ​ឆ្លងកាត់​ការឈឺចាប់​ខាង​រាងកាយ និង​ខាង​ផ្លូវ​ចិត្ត ដែល​ជើង​នាង​ពិការ ។

រូបភាព
ហ្វាឡាវៀ ក្រូសាដូ​ជាមួយ​អែលឌើរ អូលីសេ សូរ៉េស

ពេល​ដែល អែលឌើរ សូរ៉េស បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស អាហ្សង់ទីន កាលពី​ខែ មិថុនា មុន​នេះ ហើយ​បាន​សួរ ហ្វ្លាវៀ អំពី​ឧបទ្ទវហេតុ​ដ៏​សោកនាដកម្ម​របស់​នាង នោះ​នាង​បាន​ឆ្លើយតប​ដោយ​ស្មោះត្រង់​ថា « ខ្ញុំ​បានជួប​ភាពចលាចល ជូរចត់ កំហឹង និង​ការស្អប់ ពេល [ ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង ] ។ អ្វី​ដែល​បាន​ជួយ​ខ្ញុំ​គឺ​ការមិន​សួរ​ថា ‹ ហេតុអ្វី​ជា​ខ្ញុំ ? › ប៉ុន្តែ​សួរ​ថា ‹ ដើម្បី​អ្វី ? ›… នេះ​ជា​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ជិតស្និត​នឹង​មនុស្ស​ដទៃ​ទៀត និង​ព្រះអម្ចាស់ ។ … … ជំនួស​ការធ្វើ​ឲ្យ​ខ្លួនឯង​ឃ្លាតឆ្ងាយ​ពី​ទ្រង់ ខ្ញុំ​ត្រូវ​តោង​ជាប់​នឹង​ទ្រង់​វិញ » ។១៥

ប្រធាន ណិលសុន បាន​បង្រៀន​ថា ៖ « រង្វាន់​នៃការរក្សា​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ​គឺជា​ព្រះចេស្តា​មក​ពី​ស្ថានសួគ៌—ពោល​គឺ​ព្រះចេស្តា​ដែល​ពង្រឹង​យើង ឲ្យ​កាន់តែ​ខ្លាំង​ទប់ទល់​នឹង​ការសាកល្បង ការល្បួង និង​ការឈឺចាប់​ទាំងឡាយ​របស់​យើង ។ … … ដូច្នេះ អ្នក​ដែល​រក្សា​សេចក្តីសញ្ញា​មាន​សិទ្ធិ​ទទួល សេចក្តី​សម្រាក ដ៏​ពិសេស​មួយ » ។១៦ នេះ​គឺ​ជា​ប្រភេទ​នៃ​សេចក្ដី​សម្រាក និង​ភាពសុខសាន្ត ដែល​ខ្ញុំ​បាន​ឃើញ​នៅក្នុង​កែវ​ភ្នែក​របស់​ស្ត្រី​មេម៉ាយ​នោះ ទោះបី​ជា​មាន​ការឈឺចាប់​ក្នុង​ចិត្ត​ព្រោះ​បាត់បង់​ស្វាមី​គាត់​ក្ដី ។

រូបភាព
ព្យុះ​នៅ​លើ​សមុទ្រ​កាលីឡេ<nb/>។

ព្រះគម្ពីរ​សញ្ញាថ្មី​ប្រាប់​អំពី​ពេល​មួយ​ដែល​ព្រះយេស៊ូវ និង​ពួកសិស្ស​ទ្រង់​នៅលើ​ទូក​មួយ ៖

« នោះ​កើត​មាន​ខ្យល់​ព្យុះ​ជា​ខ្លាំង ហើយ​រលក​បោក​ចូល​ក្នុង​ទូក​ដល់​ម៉្លេះ​បាន​ជា​ទូក​ពេញ​ហើយ ។ …

« តែ​ទ្រង់​ផ្ទំ​លក់​លើ​ខ្នើយ … ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​អី ?

« កាល​តើន​ឡើង​ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា​ចូរ​ស្ងៀម​ទៅ​ហើយ​ឈប់​ចុះ ។ …

« រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ដល់​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ ? »១៧

ខ្ញុំ​តែងតែ​ចាប់អារម្មណ៍​អំពី​ដំណើររឿង​នេះ ។ តើ​ព្រះអម្ចាស់​រំពឹង​ឲ្យ​ពួកលោក​ប្រើ​សេចក្ដី​ជំនឿ​ដើម្បី​ធ្វើ​ឲ្យ​ខ្យល់​បាន​ស្ងប់​ឬ ? ឲ្យ​កំហែង​ខ្យល់ ? សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អារម្មណ៍​នៃ​ភាពសុខសាន្ត​ដើម្បី​ទប់ទល់​នឹង​ខ្យល់​ព្យុះ ដោយ​ដឹង​ថា​យើង​នឹង​មិន​ត្រូវ​វិនាស​ឡើយ ព្រោះ​ទ្រង់​គង់​នៅក្នុង​ទូក​ជាមួយ​យើង ។

នេះ​ជា​ប្រភេទ​នៃ​សេចក្ដី​ជំនឿ ដែល​ខ្ញុំ​បាន​ឃើញ​ពេល​យើង​ទៅ​ជួប​ក្រុមគ្រួសារ​ជាច្រើន​បន្ទាប់​ពី​ភ្លើងឆេះ​នៅ​ប្រទេស ឈីលី ។ ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​របស់​ពួកគេ​អស់ ពួកគេ​បាន​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង ។ ប៉ុន្តែ ពេល​យើង​ដើរ​ចូល​ទៅក្នុង​កន្លែង​ដែល​ធ្លាប់​ជា​ផ្ទះ​របស់​ពួកគេ នោះពួកគេ​បាន​ប្រាប់​យើង​អំពី​បទពិសោធន៍​ពួកគេ យើង​មាន​អារម្មណ៍​ថា​ដូចជា​កំពុង​ឈរ​នៅ​នឹង​កន្លែង​បរិសុទ្ធ​អ៊ីចឹង ។ ប្អូនស្រី​ម្នាក់​បាន​ប្រាប់​ភរិយា​ខ្ញុំ​ថា « ពេល​ខ្ញុំ​បាន​ឃើញ​ផ្ទះ​នៅក្បែរ​នោះ​ឆេះ ខ្ញុំ​មាន​អារម្មណ៍​ថា ផ្ទះ​យើង​នឹង​ឆេះ​ដែរ ថា​យើង​នឹង​បាត់បង់​អ្វីៗ​គ្រប់យ៉ាង ។ ខ្ញុំ​បាន​ទទួល​ភាពសុខសាន្ត​ដែល​មិន​អាច​ពិពណ៌នា​បាន ជំនួស​ឲ្យ​ការអស់សង្ឃឹម ។ ដោយ​ហេតុ​ណា​មួយ​នោះ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា អ្វីៗ​នឹង​មិន​ថ្វី​ទេ » ។ ការទុកចិត្ត​លើ​ព្រះ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ទ្រង់ ប្រទាន​អំណាច​ដល់​ភាពទន់ខ្សោយ​របស់​យើង ហើយ​លួងលោម​ទូក្ខសោក​របស់​យើង ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឱកាស​ដែល រេនី និង​ខ្ញុំ​មាន ដើម្បី​ជួប​នឹង​ពួកបរិសុទ្ធ​ដ៏​អស្ចារ្យ​មួយ​ចំនួន​នេះ និង​គំរូ​នៃ​សេចក្ដី​ជំនឿ កម្លាំង និង​ការតស៊ូ​របស់​ពួកគេ ។ ចំពោះ​រឿងរ៉ាវ​ឈឺចាប់ និង​ការខកចិត្ត ដែល​មិន​ដែល​ចុះផ្សាយ​នៅ​ទំព័រ​មុខ​របស់​សារព័ត៌មាន ឬ​មិនដែល​បាន​ឮ ។ ចំពោះ​ដំណក់​ទឹកភ្នែក និង​ការអធិស្ឋាន​ បន្ទាប់​ពី​ការបាត់បង់ ឬ​ការលែងលះ​ដ៏​តក់ស្លុតដែល​មិន​បាន​ថត ទាំង​មិន​ដែលចុះផ្សាយ​អំពី​ការភ័យខ្លាច ទុក្ខព្រួយ ការឈឺចាប់ ដែល​មិន​អាច​ទ្រាំទ្រ​បាន សូម​ថ្លែង​អរគុណ​ចំពោះ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ មនុស្ស​ទាំងនេះ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ផ្ទាល់ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ណាស់ ។

ខ្ញុំ​ដឹង​ថា នេះ​ជា​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ដឹង​ថា ទ្រង់​ត្រៀម​ប្រទាន​ព្រះចេស្ដា​របស់​ទ្រង់​ដល់​យើង​រួច​ជា​ស្រេច បើ​យើង​មកឯ​ទ្រង់​ជា​រៀងរាល់​ថ្ងៃ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕