សន្និសីទទូទៅ
ការមើល​ទៅ​គ្រួសារ​របស់​ព្រះ​តាម​កញ្ចក់​បង្រួម​ទិដ្ឋភាព
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


ការមើល​ទៅ​គ្រួសារ​របស់​ព្រះ​តាម​កញ្ចក់​បង្រួម​ទិដ្ឋភាព

ខ្ញុំ​ជឿ​ថា យើង​អាច​ស្គាល់​បាន តាមរយៈ​ភ្នែក​នៃ​សេចក្ដី​ជំនឿ បង្រួម​វា​ឲ្យតូច ហើយ​មើលមក​ខ្លួនឯង និង​ក្រុមគ្រួសារ​យើង​ដោយ​ក្ដីសង្ឃឹម និង​អំណរ ។

កាលពីពេល បឺឃឺលី កូនស្រី​ពៅ​យើង​នៅ​តូច ខ្ញុំ​ចាប់ផ្ដើម​ពាក់​វ៉ែនតា​អាន​សៀវភៅ—ជា​វ៉ែនតា​ពង្រីក ។ ថ្ងៃមួយ ពេល​យើង​អង្គុយ​អាន​សៀវភៅ​ជាមួយ​គ្នា ខ្ញុំ​មើល​ទៅ​នាង​ដោយ​ក្ដីស្រឡាញ់ តែ​រំពេច​នោះ​ក៏​ក្រៀមក្រំ​ដែរ ព្រោះ​នាង​ធំឡើង​ជាង​មុន​ច្រើន ។ ខ្ញុំ​គិត​ថា « តើ​ពេលវេលា​អីក៏​ដើរ​លឿន​ម្ល៉េះ ? កូន​ខ្ញុំ​ធំឡើង​បាត់​ទៅហើយ ! »

ពេល​ខ្ញុំ​ដោះ​វ៉ែនតា​ចេញ ហើយ​ជូត​ទឹកភ្នែក នោះ​ខ្ញុំ​ដឹង​ថា « ឱ លោក​អើយ—កូនខ្ញុំ​អត់​ធំ​ជាងមុន​ទេ វ៉ែនតា​នេះ​ពង្រីក​សោះ​ហ្នឹង ! មិន​អី​ទេ​ចឹង ! »

ពេលខ្លះ អ្វីៗ​ដែល​យើង​អាច​មើលឃើញ គឺ​ពង្រីក​មើល​ឲ្យ​ជិត​នៃ​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ នា​រាត្រី​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បង្រួមវិញ ហើយ​មើល​តាម​កញ្ចក់​ផ្សេង—នោះគឺ​កញ្ចក់​ដ៏អស់កល្ប​ជានិច្ច ដែល​ផ្ដោតលើ​រូបភាព​ធំ ដែលជាដំណើររឿង​ធំៗ​ជាង​រឿង​របស់​បងប្អូន ។

អំឡូង​ពេល​មនុស្សជាតិ​ចាប់ផ្ដើម​ខិតខំហោះ​ទៅ​លំហអាកាស រ៉ុក្កែត​ដែល​គ្មាន​មនុស្ស​ជិះ​នោះ​គ្មាន​បង្អួច​ទេ ។ ប៉ុន្ដែ​មក​ត្រឹម​បេសកកម្ម អាប៉ូឡូ ៨ ទៅកាន់​ឋាន​ព្រះចន្ទ នោះ​អវកាសយានិក​មាន​ដាក់​បង្អួច ។ ខណៈ​ពេល​ហោះ​នៅលើ​អវកាស ពួកគេ​បាន​ភាំង​ពេល​មើលឃើញ​ផែនដី​យើង ហើយ​ក៏បាន​ថត​រូបភាព​ដ៏អស្ចារ្យ​នេះ ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ពិភពលោក​ទាំងមូល ! អវកាសយានិក​ទាំងនោះ​បាន​ទទួល​អារម្មណ៍​ដ៏ពិសេស​មួយ​ដែល​មាន​អានុភាព​យ៉ាងខ្លាំង រហូត​ដល់​ពួកគេ​ដាក់​ឈ្មោះ​ឲ្យ​អារម្មណ៍​នោះ​ថា ឥទ្ធិពល​បង្រួម​ទិដ្ឋភាព ។

រូបភាព
ផែនដី​មើល​មកពី​លំហរ​អាកាស<nb/>។

ណាស្សា

ការមើលឃើញ​ពី​ចំណុច​ខ្ពស់​ថ្មី​មួយ​ផ្លាស់ប្ដូរ អ្វីៗ​គ្រប់យ៉ាង ។ អវកាសយានិក​ម្នាក់​បាន​និយាយ​ថា វា « បង្រួម​ទំហំ​មក​តូច … ដែល​យើង​គិត​ថា យើង​អាច​គ្រប់គ្រង​បាន ។… យើង​អាច​ធ្វើ​រឿង​នេះ​បាន ! សន្ដិភាព​នៅលើ​ផែនដី—អត់​បញ្ហា ។ វា​ផ្ដល់​ឲ្យ​មនុស្ស​មាន​ថាមពល​ប្រភេទ​នោះ … អំណាច​ប្រភេទ​នោះ » ។

ក្នុង​នាម​ជា​មនុស្ស យើង​មាន​ទស្សនៈ​ចង​ភ្ជាប់​នឹង​ផែនដី ប៉ុន្ដែ ព្រះ​ទតឃើញ​ទិដ្ឋភាព​ទាំងអស់​នៃ​ចក្រវាឡ​ដ៏ធំធេង​នេះ ។ ទ្រង់​ទតឃើញ​ការបង្ក​បង្កើត​ទាំងអស់ ពួកយើង​ទាំងអស់​គ្នា ហើយ​ទ្រង់​ពោរពេញ​ដោយ​ក្ដីសង្ឃឹម ។

តើ​វា​អាច​ទៅរួច​ទេ ដើម្បី​ចាប់ផ្ដើម​មើលឃើញ​ដូចជា​ព្រះ​ទតឃើញ ទោះជា​យើង​កំពុង​រស់នៅ​លើ​ផ្ទៃ​ផែនដី​នេះ​ក្ដី—ដើម្បី​ស្គាល់​អារម្មណ៍ ទិដ្ឋភាព​បង្រួម នេះ ? ខ្ញុំ​ជឿ​ថា យើង​អាច​ស្គាល់​បាន តាមរយៈ​ភ្នែក​នៃ​សេចក្ដី​ជំនឿ បង្រួម​វា​ឲ្យតូច ហើយ​មើលមក​ខ្លួនឯង និង​ក្រុមគ្រួសារ​យើង​ដោយ​ក្ដីសង្ឃឹម និង​អំណរ ។

ព្រះគម្ពីរ​បាន​យល់ស្រប​ដែរ ។ មរ៉ូណៃ​ថ្លែង​ពី​អស់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ « ដ៏​ខ្លាំង » រហូត​ដល់​ពួកគេ​បាន « ឃើញ​យ៉ាងពិត … ដោយ​ភ្នែក​នៃ​សេចក្ដី​ជំនឿ ហើយ​ពួកគេ​បាន​អរ​រីករាយ » ។

ដោយ​កែវភ្នែក​ផ្ដោតលើ​ព្រះអង្គសង្គ្រោះ នោះ​ពួកគេ​មាន​អំណរ ហើយ​ដឹងពី​សេចក្ដីពិត​នេះ ៖ ដោយសារ​តែ​ព្រះគ្រីស្ទ នោះ​អ្វីៗ​គ្រប់យ៉ាង​នឹង​ដោះស្រាយ​បាន ។ គ្រប់យ៉ាង​ដែល​បងប្អូនគ្រប់គ្នាៗកំពុង​ព្រួយ​បារម្ភ—វា​នឹង​មិន​អីទេ ! ហើយ​អស់​អ្នក​ដែល​មើល​ដោយ​ភ្នែក​នៃ​សេចក្ដី​ជំនឿ អាច​មាន​អារម្មណ៍ថា វា​នឹង​មិន​អីទេ នាពេល​នេះ

ខ្ញុំ​បាន​ជួប​គ្រា​ដ៏លំបាក​មួយ កាល​ខ្ញុំ​រៀន​ថ្នាក់​បាក់ឌុប​នៅ​វិទ្យាល័យ នៅពេល​ដែល​ខ្ញុំ​ពុំ​បាន​ធ្វើ​ការជ្រើសរើស​ល្អៗទេ ។ ខ្ញុំ​ចាំ​ថា​បាន​ឃើញ​ម្ដាយ​ខ្ញុំ​យំ ហើយ​ខ្ញុំ​ឆ្ងល់ថា តើ​ខ្ញុំ​ធ្វើឲ្យ​គាត់​អន់ចិត្ត​ឬ ។ នៅពេល​នោះ ខ្ញុំ​ព្រួយ​ថា​គាត់​យំ​ដោយសារ​គាត់​បាត់បង់​ក្ដីសង្ឃឹម​លើខ្ញុំ ហើយ​បើ​គាត់​ពុំ​សង្ឃឹម​លើ​ខ្ញុំ នោះ​វាគ្មាន​ផ្លូវ​បកក្រោយ​វិញ​ទេ ។

ប៉ុន្ដែ​ឪពុក​ខ្ញុំ​វិញ មាន​បទពិសោធន៍​ច្រើនជាង អាច​មើលឃើញ​អ្វីៗ​ដោយ​ទស្សនវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​គាត់ ។ គាត់​បាន​រៀន​ពី​បទពិសោធន៍​ថា ការព្រួយ​បារម្ភ​មាន​អារម្មណ៍​ដូចជា​សេចក្ដី​ស្រឡាញ់​ដែរ ប៉ុន្ដែ​វា​មិន​ដូចគ្នា​នោះ​ទេ ។ គាត់​ប្រើ​ភ្នែក​នៃ​សេចក្ដី​ជំនឿ​ដើម្បី​មើល ថា​អ្វីៗ​នឹង​មាន​ដំណោះស្រាយ ហើយ​វិធីសាស្ដ្រ​ដែល​ពេញ​ដោយ​ក្ដីសង្ឃឹម​របស់​គាត់​បាន​ផ្លាស់ប្ដូរ​ខ្ញុំ ។

ពេល​ខ្ញុំ​រៀន​ចប់​វិទ្យាល័យ ហើយ​ទៅរៀន​នៅ ប៊ី.វ៉ាយ.យូ. ឪពុក​ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ជាច្រើន​មក​ខ្ញុំ ដើម្បី​រំឭក​ខ្ញុំ​ថា ខ្ញុំ​ជា​នរណា ។ គាត់​ក្លាយជា​អ្នកលើក​ទឹកចិត្ត​របស់​ខ្ញុំ ហើយ​មនុស្ស​គ្រប់រូប​ត្រូវការ​អ្នកលើក​ទឹកចិត្ត ៖ ជា​មនុស្ស​ម្នាក់​ដែល​មិន​ប្រាប់​យើង​ថា « ឯង​រត់​មិន​លឿន​ដូច​គេ » នោះ​ទេ ប៉ុន្ដែ​ពួកគាត់​រំឭក​យើង​ដោយ​ក្ដីស្រឡាញ់​ថា យើង​អាច​ធ្វើ​បាន ។

ឪពុក​ខ្ញុំ​បានធ្វើតាម​គំរូ​នៃ​ការនិមិត្ត​របស់​លីហៃ ។ ដូចជា​លីហៃ​ដែរ គាត់​បាន​ដឹង​ថា យើង​មិន​រត់​តាម​មនុស្ស​ជា​ទីស្រឡាញ់​ដែល​មាន អារម្មណ៍​វង្វេង​នោះទេ ។ « យើង​នៅ​កន្លែង​ដែល​យើង​នៅ ហើយ​ស្រែក​ហៅ​ពួកគេ ។ យើង​ទៅរក​ដើម បន្ដ​នៅក្បែរ​ដើម​នោះ បន្ដ​ទទួលទាន​ផ្លែឈើ​នោះ ហើយ​ដោយ​មាន​ស្នាម​ញញឹម​នៅលើ​ទឹកមុខ​យើង យើង​បន្ដ​ហៅ​មនុស្ស​ដែល​យើង​ស្រឡាញ់ និង​បង្ហាញ​គំរូ​ថា ការទទួល​ទាន​ផ្លែឈើ​នេះ​គឺជា​រឿង​ដ៏រីករាយ​មួយ ! »

រូបភាព​ជំនួយ​ចក្ខុ​នេះ​បាន​ជួយ​ខ្ញុំ​អំឡុងពេល​ខ្ញុំ​ធ្លាក់ចុះ ពេល​ខ្ញុំ​ឃើញ​ថា​ខ្លួនឯង​នៅនឹង​ដើមឈើ​នោះ ទទួលទាន​ផ្លែឈើ ហើយ​យំ ព្រោះ​ខ្ញុំ​ព្រួយ​បារម្ភ ។តាមពិតទៅ តើ​ការយំ​ចឹង​បាន​ប្រយោជន៍​អ្វី ? ផ្ទុយ​ទៅវិញ សូម​ជ្រើសរើស​យក​សេចក្ដី​សង្ឃឹម—ក្ដីសង្ឃឹម​លើ​ព្រះដ៏​បង្ក​បង្កើត​យើង និង​ក្ដីសង្ឃឹម​ចំពោះ​គ្នា​ ដែល​ជួយ​បង្កើន​សមត្ថភាព​យើង​ឲ្យ​ក្លាយជា​មនុស្ស​ដ៏​ប្រសើរ ជាង​ពេល​ឥឡូវ​នេះ ។

ភ្លាមៗ​បន្ទាប់ពី​មរណភាព​របស់​អែលឌើរ នែល អេ ម៉ាក់ស្វែល មាន​អ្នកយក​ព័ត៌មាន​ម្នាក់​សួរ​កូនប្រុស​លោក​ថា តើ​គាត់​នឹង​នឹក​អ្វី​ខ្លាំង​បំផុត ។ គាត់​និយាយ​ថា អាហារ​ពេល​ល្ងាច​នៅ​ផ្ទះ​ឪពុក​ម្ដាយ​គាត់ ព្រោះ​គាត់​តែង​ចេញពី​ផ្ទះ​នោះ​ដោយ​មាន​អារម្មណ៍​ថា ឪពុក​គាត់​ជឿជាក់​លើ​គាត់ ។

រឿង​នេះ​កើតឡើង ពេល​កូនៗ​ពេញវ័យ​របស់​យើង​ចាប់ផ្ដើម​មក​ផ្ទះ​ញ៉ាំ​អាហារ​ពេលល្ងាច​នៅ​ថ្ងៃ​អាទិត្យ​ជាមួយ​ប្ដីប្រពន្ធ​របស់​ពួកគេ ។ អំឡុង​សប្ដាហ៍​នោះ ខ្ញុំ​ធ្វើ​បញ្ជី​ក្នុង​ចិត្ត​អំពី​អ្វី​ដែល​ខ្ញុំ​អាច​រំឭក​ពួកគេ​នៅ​ថ្ងៃ​អាទិត្យ​នោះ ដូចជា ៖ « ប្រហែល​ឯង​អាច​សាក​ជួយ​មើល​កូន​ថែមទៀត ពេល​ឯង​នៅ​ផ្ទះ » ឬ « កុំ​ភ្លេច​ធ្វើជា​អ្នកស្ដាប់​ដ៏ល្អ » ។

ពេល​ខ្ញុំ​ឮ​សម្ដី​របស់​បងប្រុស ម៉ាក់ស្វែល ខ្ញុំ​បាន​បោះ​បញ្ជី​នោះ ចោល ឈប់​គិត​រិះគន់​ទៀត ដូច្នេះ​ពេល​ខ្ញុំ​ឃើញ​ចៅៗ​កំពុង​ពេញវ័យ​មក​ក្នុង​ពេល​ដ៏ខ្លី​រាល់​សប្ដាហ៍​នោះ ខ្ញុំ​បាន​ផ្ដោតលើ​រឿង​វិជ្ជមាន​ជាច្រើន​ដែល​ពួកគេ​បាន​ធ្វើ​វិញ ។ ពេល​កូនប្រុស​ច្បង​របស់​យើង​ឈ្មោះ រ៉ាយអិន បាន​ស្លាប់​ពីរបី​ឆ្នាំ​ក្រោយមក ខ្ញុំ​ចាំ​ពី​ក្តីអំណរ​ចំពោះ​ពេលវេលា​ដែល​យើង​រីករាយ និង​មាន​បទពិសោធន៍​វិជ្ជមាន​ជាមួយ​គ្នា ។

មុនពេល​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ តើ​យើង​អាច​សួរ​ខ្លួនឯង​សំណួរ​នេះ​បាន​ទេ « តើ​អ្វី​ដែល​ខ្ញុំ​ហៀប​នឹង​ធ្វើ ឬ​និយាយ​ហ្នឹង​មាន​ប្រយោជន៍ ឬ​ធ្វើឲ្យ​ឈឺចាប់ ? » ពាក្យសម្ដី​របស់​យើង​គឺជា​អំណាច​មួយ​របស់​យើង ហើយ​សមាជិក​គ្រួសារ​គឺ​ដូចជា​ក្ដារខៀន​មនុស្ស​អ៊ីចឹង ពួកគេ​ឈរ​ពីមុខ​យើង ហើយ​និយាយ​ថា « សរសេរ​អ្វី​ដែល​ម៉ែ​គិតពី​ខ្ញុំ​មក ! » សារ​ទាំងនេះ ទោះ​ដោយ​ចេតនា ឬ​អចេតនា គួរតែ​ផ្ដល់​ក្ដីសង្ឃឹម និង​លើក​ទឹកចិត្ត ។

ការងារ​យើង​មិនមែន​ដើម្បី​បង្រៀន​នរណាម្នាក់ ដែល​កំពុង​ឆ្លងកាត់​គ្រា​ដ៏លំបាក​ថា ពួកគេ​អាក្រក់ ឬ​ធ្វើឲ្យ​ខកចិត្ត​នោះទេ ។ នៅក្នុង​កាលៈទេសៈ​ដ៏កម្រ យើង​អាច​មាន​អារម្មណ៍​បំផុស​ថា​គួរ​កែតម្រូវ តែ​ភាគច្រើន សូម​ប្រាប់​មនុស្ស​ជាទី​ស្រឡាញ់​យើង​ជា​សម្ដី និង​សកម្មភាព​នូវ​សារ ដែល​ពួកគេ​ចង់​ឮ ៖ « គ្រួសារ​យើង​មាន​ភាពកក់ក្ដៅ និង​ពេញលេញ ដោយសារ​មានកូន​ក្នុង​គ្រួសារ​នេះ » ។ « ម៉ែ​នឹង​ស្រឡាញ់​កូន​អស់​មួយ​ជីវិត​កូន—មិន​ថា​មាន​រឿង​អ្វី​កើតឡើង​នោះ​ទេ » ។

ពេល​ខ្លះ​អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ការ​យល់ចិត្ត​ជាជាង​ដំបូន្មាន ការស្ដាប់​ជាជាង​ការ​ទេសនា ជា​មនុស្ស​ម្នាក់​ដែល​ស្ដាប់​ហើយ​ឆ្ងល់​ថា « តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា បើ​និយាយ​អ្វី​ដែល​ពួកគេ​ទើប​និយាយ​នោះ ? »

សូម​ចាំ​ថា ក្រុមគ្រួសារ​គឺជា​មន្ទីរ​ពិសោធន៍​ដែល​ព្រះ​ប្រទាន​ឲ្យ ជា​កន្លែង​ដែល​យើង​រៀន​នូវ​រឿង​គ្រប់យ៉ាង ដូច្នេះ​ការដើរ​ខុស និង​ការគិត​ខុស​ពុំមែន​ជា​អ្វី​ដែល​គ្រាន់តែ​អាច​កើតឡើង​ទេ គឺ​វា​នឹង​កើត​ឡើង ។ ហើយ​តើ​វា​មិន​គួរឲ្យ​ចាប់​អារម្មណ៍​ទេ​ឬ បើ​នៅ​ចុង​បញ្ចប់​នៃ​ជីវិត​យើង យើង​អាច​ឃើញ​ថា​ទំនាក់ទំនង​ទាំងនោះ ទោះជា​ក្នុង​គ្រា​ដ៏ពិបាក​ក្ដី គឺជា​អ្វីៗ​ដែល​បាន​ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​នោះ ? រាល់​ទំនាក់ទំនង​ដ៏​ពិបាក​នីមួយៗ​គឺជា​ឱកាស​ដើម្បី​រៀន​ស្រឡាញ់​ក្នុង​កម្រិត​កាន់តែ​ខ្លាំង​ជាងមុនក្នុង​កម្រិត​ដូចជា​ព្រះ ។

សូម​យើង​បង្រួម​ឲ្យតូច ដើម្បី​មើលទៅ​ទំនាក់ទំនង​គ្រួសារ​ថាជា​មធ្យោបាយ​ដ៏​មាន​អានុភាព​មួយ ដើម្បី​បង្រៀន​យើង​នូវ​មេរៀន​ដែល​យើង​មក​ទីនេះ​ដើម្បី​រៀន នៅពេល​យើង​ងាក​ទៅ​រក​ព្រះអង្គសង្គ្រោះ ។

សូម​សារភាពថា នៅក្នុង​ពិភពលោក​ដែល​ធ្លាក់​នេះ គ្មាន​ផ្លូវ​ដែល​យើង​អាច​ក្លាយជា​ស្វាមី​ភរិយា ឪពុក​ម្ដាយ កូនប្រុស ឬ​កូនស្រី ចៅ គ្រូបង្វឹក ឬ​មិត្តភក្ដិ​ដ៏ល្អ​ឥតខ្ចោះ​នោះ​ទេ— ប៉ុន្ដែ​មាន​ផ្លូវ​រាប់លាន​ដើម្បី​ធ្វើជា​បុគ្គល​ល្អ​បាន ។ សូម​បន្ដ​នៅក្បែរ​ដើមឈើ​នេះ ទទួល​ទាន​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ហើយ​ចែកចាយ​វា ។ តាមរយៈ​ការលើក​ស្ទួយ​មនុស្ស​នៅជុំវិញ​យើង នោះ​យើង​នឹង​ងើបឡើង​ជាមួយ​គ្នា ។

ជា​អកុសល ការ​ចងចាំអំពី​ការទទួល​ទាន​ផ្លែឈើ​នោះ​គឺមិន​គ្រប់គ្រាន់​ទេ ។ យើង​ត្រូវ​ទទួលទាន​វា​ម្ដងហើយ​ម្ដងទៀត តាម​របៀប​ដែល​នឹង​តម្រែ​តម្រង់​កញ្ចក់​របស់​យើង ហើយ​ភ្ជាប់​យើង​ទៅនឹង​ទិដ្ឋភាព​ស្ថានសួគ៌ តាមរយៈ​ការអាន​ព្រះគម្ពីរ ដែល​ពោរពេញ​ដោយ​ពន្លឺ ដើម្បី​បណ្ដេញ​ភាពងងឹត​ចេញ បន្ដ​លុត​ជង្គង់​ចុះ រហូត​ដល់​ការអធិស្ឋាន​សាមញ្ញ​របស់​យើង​ក្លាយជា​ការអធិស្ឋាន​ដ៏​ជ្រាលជ្រៅ ។ នេះ​ជា​ពេល​ដែល​បន្ទន់​ដួងចិត្ត​យើង ហើយ​យើង​ចាប់ផ្ដើម​មើលឃើញ​ដូចជា​ព្រះ​ទតឃើញ​ដែរ ។

នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រហែល​ជា​កិច្ចការ​ដ៏​មហិមារ​របស់​យើង​នឹង​ជាការ​នៅ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង—​មនុស្ស​ល្អ​រស់នៅ ក្នុង​ពិភព​លោក​ទុច្ចរិត ។ សេចក្ដីសង្ឃឹម របស់​យើង ផ្លាស់ប្ដូរ​របៀប​ដែល​ពួកគេ​មើល​ខ្លួនឯង និង​ខ្លួន​គេ​ជានរណា​ពិត ។ ហើយ​តាមរយៈ​កញ្ចក់​នៃ​ក្ដីស្រឡាញ់​នេះ ពួកគេ​នឹង​ឃើញ​បុគ្គល​ដែល​ពួកគេ នឹង ប្រែក្លាយ ។

ប៉ុន្ដែ មារសត្រូវ​មិន​ចង់​ឲ្យ​យើង ឬ​មនុស្ស​ជាទី​ស្រឡាញ់​យើង​ត្រឡប់​ទៅផ្ទះ​វិញ​ជាមួយគ្នា ។ ហើយ​ដោយសារយើង​រស់នៅ​លើ​ផែនដី ដែល​ជាប់​នឹង​ចំណង​នៃ​ពេលវេលា និង​ចំនួន​ឆ្នាំ​មាន​កំណត់នោះ​ពួកសត្រូវ​បញ្ចូល​ឲ្យមាន​អារម្មណ៍​រន្ធត់​យ៉ាងខ្លាំង ។ ពេល​យើង​ពង្រីក​ឡើង វា​ពិបាក​នឹង​មើលឃើញ​ថា ទិសដៅ​របស់​យើង​សំខាន់​ជាង​ល្បឿន​របស់​យើង ។

សូម​ចាំ​ថា « បើ​អ្នក​ចង់​ទៅ​លឿន ទៅ​ម្នាក់ឯង » ។ បើ​អ្នក​ចង់​ទៅ​ឲ្យ​បាន​ឆ្ងាយ ទៅ​ទាំងអស់​គ្នា » ។ សំណាងល្អ ព្រះ​ដែល​យើង​ថ្វាយ​បង្គំ មិនជាប់​ចំណង​ពេលវេលា​នោះទេ ។ ទ្រង់​ទតឃើញ​មនុស្ស​ជា​ស្រឡាញ់​របស់​យើង​ជា​នរណា​ពិត ហើយ យើងគឺជា​នរណា​ពិត ។១០ ដូច្ណេះ​ទ្រង់​អត់ធ្មត់​ជាមួយ​នឹង​យើង ដោយ​សង្ឃឹម​ថា​យើង​នឹង​អត់​ធ្មត់​ជាមួយ​គ្នាទៅវិញទៅមក ។

ខ្ញុំ​សូម​សារភាព​ថា មាន​ពេលខ្លះ ផែនដី​យើង ដែល​ជា​ផ្ទះ​ខាង​សាច់ឈាម​យើង មាន​អារម្មណ៍​ដូចជា​កោះ​នៃ​ទុក្ខសោក​មួយ​អ៊ីចឹងមាន​គ្រា​ដែល​ខ្ញុំ​មាន​ភ្នែក​នៃ​សេចក្ដី​ជំនឿ​មួយ​ចំហៀង ហើយ​ភ្នែក​មួយ​ចំហៀង​ទៀត​យំសោក ។១១ តើ​បងប្អូន​ស្គាល់​អារម្មណ៍​នេះ​ទេ ?

ខ្ញុំ​មាន​អារម្មណ៍​នេះ​កាលពី​ថ្ងៃ​អង្គារ ។

ផ្ទុយ​ទៅវិញ តើ​យើង​អាច​ជ្រើសយក​អាកប្បកិរិយា​ស្មោះត្រង់​នៃ​ព្យាការី​យើង កាល​លោក​សន្យា​ថា​នឹង​មាន​អព្ភូតហេតុ​នៅក្នុង​ក្រុមគ្រួសារ​យើង​បាន​ទេ ? បើ​យើង​ធ្វើ នោះ​អំណរ​យើង​នឹង​ចម្រើន​ឡើង ទោះជា​មាន​ការវឹកវរ​កើនឡើង​ក្ដី ។ លោក​សន្យា​ថា ឥទ្ធិពល​ទិដ្ឋភាព​បង្រួម​អាច​ដក​ពិសោធន៍​បាននា​ពេលនេះមិន​ថា​ស្ថានភាព​របស់​យើង​យ៉ាងណា​នោះ​ទេ ។១២

ការមាន​ភ្នែក​នៃ​សេចក្ដី​ជំនឿ​នេះ ក្នុង​ពេល​ឥឡូវ​នេះ គឺជា​ការនឹក​ឃើញ ឬ​ការមាន​សេចក្ដី​ជំនឿ​ដែល​យើង​ធ្លាប់​មាន មុនពេល​យើង​បាន​មកកាន់​ផែនដី​នេះ ។ វា​មើល​ហួស​គ្រា​មិន​ប្រាកដ​ប្រជា​មួយ ហើយ​អនុញ្ញាត​ឲ្យយើង « នៅក្នុង​អំណាច​យើង​ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់​នោះ យើង​អាច​…ឈរ​នៅ​ស្ងៀម » ។១៣

តើ​មាន​អ្វីមួយ​ដែល​ពិបាក​នៅក្នុង​ជីវិត​របស់​បងប្អូន​នាពេល​ឥឡូវ​នេះ ជា​អ្វីមួយ​ដែល​បងប្អូន​ព្រួយ​បារម្ភ​ថា​មិន​អាច​ដោះស្រាយ​បានឬទេ ? បើ​គ្មាន​ភ្នែក​នៃ​សេចក្ដី​ជំនឿ​ទេ រឿង​នោះ​អាច​មាន​អារម្មណ៍​ថា ព្រះ​លែង​គ្រប់គ្រង​អ្វីៗ​បាន​ហើយ តើ​រឿង​នោះ​ពិត​ទេ ?

ឬ​ប្រហែល​ការភ័យខ្លាច​ដ៏ធំ​របស់​បងប្អូន​គឺ​ថា បងប្អូន​នឹង​ឆ្លងកាត់​គ្រា​ដ៏លំបាក​នេះ​តែ​ម្នាក់ឯង ប៉ុន្ដែ​អ៊ីចឹង​មាន​ន័យ​ថា ព្រះ​បោះបង់​បងប្អូន​ចោល​ហើយ តើ​រឿង​នោះ​ពិត​ទេ ?

ខ្ញុំ​មាន​សក្ខីភាព​ថា ដោយសារតែ​ដង្វាយធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​មាន​សមត្ថភាព​ដើម្បី​បង្វែរ​សុបិន​អាក្រក់​ទាំងឡាយ​ដែល​បងប្អូន​កំពុង​ឆ្លងកាត់ ឲ្យ​ក្លាយជា​ពរជ័យ​បាន ។ ទ្រង់​សន្យា​នឹង​យើង « ដោយ​សេចក្ដី​សញ្ញា​ដ៏​មិន​ចេះ​ប្រែប្រួល » ថា នៅពេល​យើង​ខិតខំ​ស្រឡាញ់ និង​ធ្វើតាម​ទ្រង់ នោះ « គ្រប់​ការណ៍​ទាំងអស់ដែល [ យើង ] ត្រូវបាន​រងទុក្ខ នោះ​នឹង​ផ្សំគ្នា​សម្រាប់​សេចក្ដីល្អ​ដល់ [ យើង ] » ។១៤ គ្រប់ ការណ៍​ទាំងអស់ ។

ហើយ​ដោយសារ​យើង​គឺជា​បុត្រា​បុត្រី​នៃ​សេចក្ដីសញ្ញា នោះ​យើង​អាច​ទូលសូម​ដើម្បី​មាន​អារម្មណ៍​នៃ​ក្ដីសង្ឃឹម​នេះ នា​ពេលនេះ បាន !

ខណៈ​ដែល​យើង​មិនមាន​ក្រុមគ្រួសារ​ដ៏ល្អ​ឥតខ្ចោះ យើង​អាច​ធ្វើឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្នកដទៃ ល្អឥតខ្ចោះបាន រហូត​ដល់​វា​ក្លាយជា​ប្រភេទ​សេចក្ដី​ស្រឡាញ់​មួយ​ដែល​ខ្ជាប់ខ្ជួន មិន​ផ្លាស់ប្ដូរ មិន​ថា​មាន​រឿង​អ្វី​កើតឡើង—ជា​ប្រភេទ​នៃ​សេចក្ដី​ស្រឡាញ់ ដែល​គាំទ្រ​ដល់​ការផ្លាស់ប្ដូរ និង​អនុញ្ញាត​ឲ្យមាន​ការរីក​ចម្រើន និង​ការត្រឡប់​មកវិញ ។

វា​គឺជា​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​នាំ​មនុស្ស​ជាទីស្រឡាញ់​យើង​ត្រឡប់​មកវិញ ។ វា​គឺជា​កិច្ចការ​របស់​ទ្រង់ តាម​ពេលវេលា​របស់​ទ្រង់ ។ វា​គឺជា​កិច្ចការ​របស់​យើង ដើម្បី​ផ្ដល់​ក្ដីសង្ឃឹម និង​ដួងចិត្ត​មួយ ដែល​ពួកគេ​អាច​ត្រឡប់​មក​រក​នៅផ្ទះ​បាន ។ « យើង​គ្មាន​សិទ្ធិ​អំណាច [ របស់​ព្រះ ] ដើម្បី​ដាក់ទោស ហើយ​ក៏​គ្មាន​អំណាច​ទ្រង់​ដើម្បី​ប្រោសលោះ​ដែរ ប៉ុន្ដែ​ទ្រង់​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​យើង​អនុវត្ត​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ » ។១៥ ប្រធាន ណិលសុន ក៏​បាន​បង្រៀន​ផងដែរ​ថា អ្នកដទៃ​ត្រូវការ​សេចក្ដី​ស្រឡាញ់​របស់​យើង ជាង​ការកាត់​សេចក្ដី​របស់​យើង ។ « ពួកគេ​ត្រូវការ​ដក​ពិសោធន៍​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ឆ្លុះ​បញ្ចាំង​តាម​ពាក្យ​សម្ដី និង​សកម្មភាព​របស់ [ យើង ] » ។១៦

សេចក្ដី​ស្រឡាញ់​គឺជា​អ្វី​ដែល​ផ្លាស់ប្ដូរ​ដួងចិត្ត​បាន ។ វា​គឺជា​ការជំរុញ​ចិត្ត​ដ៏បរិសុទ្ធ​បំផុត ហើយ​អ្នកដទៃ​អាច​ដឹងពី​អារម្មណ៍​នោះ ។ សូម​តោង​ឲហយ​ជាប់​នឹង​ពាក្យ​ព្យាករ​ទាំងនេះ ដែល​ផ្ដល់​ឲ្យ​៥០ ឆ្នាំ​កន្លង​ទៅ​ថា ៖ « គ្មាន​គ្រួសារ​ណា​បរាជ័យ​ឡើយ លុះ​ត្រា​តែ​គ្រួសារ​នោះ​បញ្ឈប់​ការ​ព្យាយាម » ។១៧ ប្រាកដ​ណាស់ អ្នក​ដែល​ស្រឡាញ់​ខ្លាំង​បំផុត និង​ឲ្យ​យូរ​បំផុត គឺជា​អ្នកឈ្នះ !

នៅក្នុង​ក្រុមគ្រួសារ​លើ​ផែនដី យើង​គ្រាន់តែ​ធ្វើ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​យើង គឺ​ការបង្ហាញ​ផ្លូវ ហើយ​សង្ឃឹម​ថា មនុស្ស​ជាទី​ស្រឡាញ់​យើង​នឹង​ទៅ​តាម​ទិសដៅ​នោះ ដោយ​ដឹង​ថា ផ្លូវ​ដែល​ពួកគេ​ធ្វើ​ដំណើរ​នោះ​គឺជា​ផ្លូវ​ដែល​ពួកគេ​ជ្រើសរើស​ខ្លួនឯង ។

ហើយ​នៅពេល​ពួកគេ​ឆ្លង​ទៅ​ម្ខាងទៀត​នៃ​វាំងនន ហើយ​ខិតជិត​ទំនាញ​ដ៏ពេញ​ដោយ​ក្ដីស្រឡាញ់​នៃ​ផ្ទះ​សួគ៌ា១៨ខ្ញុំ​ជឿ​ថា វា​នឹង​មាន​អារម្មណ៍​ថា​ធ្លាប់​ស្គាល់ ដោយសារតែ​ពួកគេ​ធ្លាប់​មាន​ក្ដីស្រឡាញ់​នោះ​នៅ​ទីនេះ ។

សូម​ប្រើ កញ្ចក់​បង្រួម​ទិដ្ឋភាពនោះ ហើយ​មើលទៅ​មនុស្ស​ដែល​យើង​ស្រឡាញ់ និង​រស់នៅ​ជាមួយ ថាជា​ដៃគូ​រស់នៅ​លើ​ផែនដី​ដ៏ស្រស់ស្អាត​នេះ ។

បងប្អូន និង​ខ្ញុំ ? យើង​អាច​ធ្វើ​រឿង​នេះ​បាន ! យើង​អាច​ស៊ូទ្រាំ និង​បន្ដ​សង្ឃឹម​បាន ! យើង​អាច​បន្ដ​នៅក្បែរ​ដើមឈើ ទទួល​ទាន​ផ្លែឈើ​ដោយ​មាន​ស្នាម​ញញឹម​លើ​ផ្ទៃមុខ ហើយ​អនុញ្ញាត​ឲ្យ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ក្នុង​កែវភ្នែក​យើង ក្លាយជា​អ្វីមួយ​ដែល​អ្នកដទៃ​អាច​ទុកចិត្ត​ក្នុង​គ្រា​ដ៏ងងឹត​បំផុត​របស់​ពួកគេ ។ ហើយ​កាល​ពួកគេ​មើលឃើញ​ពន្លឺ​ចែងចាំង​លើ​ទឹកមុខ​យើង នោះ​ពួកគេ​នឹង​ចូល​មករក​វា ។ បន្ទាប់​មក យើង​អាច​ជួយ​តម្រែ​តម្រង់​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ​ទៅកាន់​ប្រភព​ដើម​នៃ​សេចក្ដី​ស្រឡាញ់ និង​ពន្លឺ​វិញ​បាន « ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង » គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។១៩

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ខ្ញុំ​ថា ការណ៍​នេះ— ការណ៍​ទាំងអស់​នេះ—​នឹង​ទៅជា​ល្អ​ប្រសើរ​យ៉ាងខ្លាំង ខ្លាំង​ជាង​អ្វី​ដែល​បងប្អូន និង​ខ្ញុំ​អាច​ស្រមៃ​បាន​ទៅទៀត ! ដោយ​មាន​ភ្នែក​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សូម​យើង​មើលឃើញ​ថា អ្វីៗ​គ្រប់យ៉ាង​នឹង​មិន​អីទេ​នៅ​ទីបញ្ចប់ ហើយ​មាន​អារម្មណ៍​ថា វា​នឹង​មិន​អីទេ នា​ពេលនេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។