សន្និសីទទូទៅ
ព្រះយេស៊ូវ​គ្រីស្ទ​ជា​សេចក្ដី​សង្គ្រោះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ព្រះយេស៊ូវ​គ្រីស្ទ​ជា​សេចក្ដី​សង្គ្រោះ

យើង​អាច​ធ្វើ​ជា​ដៃគូ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ជួយ​ផ្ដល់​នូវ​ការ​សង្រ្គោះ​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ដល់​អ្នក​ដែល​ត្រូវការ—ហើយ​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ស្វែង​រក​សេចក្តីសង្គ្រោះ​ផ្ទាល់​ខ្លួន​របស់​យើង ។

ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​សេចក្តី​សង្ឃឹម​លើ​អ្វី​ដែល​ពួក​គេ​បាន​ឮ​អំពី​អព្ភូតហេតុ​របស់​ទ្រង់ អ្នក​មើល​ថែ​បុរស​ពិការ​ម្នាក់​បាន​នាំ​គាត់​ទៅ​រក​ព្រះ​យេស៊ូវ ។ ពួក​គេ​បាន​រក​ឃើញ​វិធីថ្មី​ក្នុងការ​នាំ​គាត់​ទៅ​ទី​នោះ—ដោយ​ទម្លុះ​ដំបូល ហើយ​សម្រូត​គ្រែ​បុរស​នោះ​ចុះ ទៅ​កន្លែង​ដែល​ព្រះ​យេស៊ូវ​កំពុង​បង្រៀន ។ ពេល​ព្រះយេ​ស៊ូវ « លុះ​ទ្រង់​បាន​ឃើញ​សេចក្តី​ជំនឿ​របស់​គេ​ដូច្នោះ​ក៏មាន​បន្ទូល [ ទៅ​កាន់​បុរស​ពិការ​នោះថា ]​បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ » ។ ហើយ​បន្ទាប់​មក « ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ​ផ្ទះ​ទៅ » ។ ហើយ​រំពេច​នោះ​បុរស​ពិការ​នោះ​បាន​ក្រោក​ឡើង ហើយ​សែង​គ្រែ​របស់​គាត់​ទៅ​ផ្ទះ​វិញ « ទាំង​សរសើរ​តម្កើង​ដល់​ព្រះ » ។

តើ​យើង​ដឹង​អ្វី​បន្ថែម​ទៀត​អំពី​មិត្តភក្តិ ដែល​បាន​មើលថែ​បុរស​ពិការ​នោះ​ដែរ​ឬ​ទេ ? យើង​ដឹង​ថា​ព្រះ​អង្គ​សង្រ្គោះ​ទ្រង់​ជ្រាប​អំពី​សេចក្តី​ជំនឿរបស់​ពួក​គេ ។ ហើយ​ដោយ​បាន​ឃើញ និង​ឮ​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើ​ជា​សាក្សី​ចំពោះ​អព្ភូតហេតុ​របស់​ទ្រង់​នោះ​គេ​បាន « ភ័យ​ខ្លាច » និង​« សរសើរ​តម្កើង​ព្រះ » ។

ព្រះយេ​ស៊ូវ​គ្រីស្ទ​បាន​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ការ​ព្យាបាល—សេចក្តីសង្គ្រោះខាង​រាងកាយពី​ការ​ឈឺចាប់ និង​ផល​វិបាក​ដ៏​អាក្រក់​នៃ​ជំងឺ​រ៉ាំរ៉ៃ ។ គួរ​ឲ្យ​កត់​សម្គាល់​ថា​ព្រះ​អង្គ​សង្រ្គោះ​ក៏​បាន​ផ្ដល់នូវសេចក្តី​សង្គ្រោះខាង​វិញ្ញាណ ក្នុង​ការ​សម្អាត​មនុស្ស​ពី​អំពើ​បាប ។

ហើយ​មិត្ត​ភក្តិ—នៅ​ក្នុង​ការខិតខំ​របស់​ពួកគេ​ក្នុង​ការ​មើល​ថែទាំ​អ្នក​ដែល​ខ្វះខាត ពួកគេ​បាន​រកឃើញ​ប្រភព​នៃ​ការ​សង្គ្រោះ ហើយ​ពួក​គេ​បាន​រក​ឃើញ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា​ព្រះយេ​ស៊ូវ​គ្រីស្ទ ជា សេចក្ដី​សង្គ្រោះ ។ តាម​រយៈ​ដង្វាយ​ធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​អាច​នឹង​បាន​រំដោះ​ពី​បន្ទុក និង​ផល​វិបាក​នៃ​អំពើ​បាប ហើយ​បាន​សង្គ្រោះ​ពី​ភាព​ទន់​ខ្សោយ​របស់​យើង ។

ហើយ​ដោយ​សារ​យើង​ស្រឡាញ់​ព្រះ និង​បាន​ចុះ​សេចក្តី​សញ្ញា​ដើម្បី​បម្រើ​ទ្រង់ នោះ​យើង​អាច​ធ្វើ​ជា​ដៃគូ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ជួយ​ផ្ដល់​នូវ​ការ​សង្រ្គោះ​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ដល់​អ្នក​ដែល​ត្រូវការ—ហើយ​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ស្វែង​រក​ការ​សង្គ្រោះ​ផ្ទាល់​ខ្លួន​របស់​យើង​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ព្យាការី​ជាទីស្រឡាញ់​របស់​យើង​ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ​យក​ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក ។ លោក​បាន​កំណត់ « សេចក្តី​សម្រាក ពិត​ប្រាកដ » ជា​« ការធូរ​ស្បើយ និង​ភាពសុខសាន្ត » ។ ប្រធាន​ណិលសុន បាន​មាន​ប្រសាសន៏ថា « ដោយសារ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រោសលោះ​ពួក​យើង​ម្នាក់ៗ​ពី​ភាពទន់ខ្សោយ កំហុស និង​អំពើ​បាប ហើយ​ដោយសារ​ទ្រង់​បាន​ដក​ពិសោធ​ការឈឺចាប់ ការបារម្ភ និង​បន្ទុក​ដែល​បងប្អូន​ធ្លាប់​មាន ពេល​បងប្អូន​ប្រែចិត្ត​ដ៏​ពិត ហើយ​ស្វែងរក​ជំនួយ​ពី​ទ្រង់ តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ នោះ​បងប្អូន​អាច​យក​ឈ្នះលើ​ពិភពលោក​ដ៏​គ្រោះថ្នាក់​បច្ចុប្បន្ន​នេះ​បាន ។​ នេះ​ជា​សេចក្ដី​សង្គ្រោះ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រទាន​ឲ្យ​យើង !

យើង​ម្នាក់ៗ​ប្រៀប​ដូចជា​កំពុង​ស្ពាយ​កាបូប​មួយ ។ វា​ប្រហែល​ជា​កញ្ច្រែង​ដែល​មាន​លំនឹង​នៅ​លើ​ក្បាល​របស់​បងប្អូនន ឬ​ការបូប​ឬ​របស់​របរ​មួយ​ចំនួន​ដែល​រុំ​ដោយ​ក្រណាត់ ហើយ​ដាក់​លើ​ស្មា​របស់​បងប្អូន ។ ប៉ុន្តែ​ សូម​ហៅ​វា​ថា​កាបូប​ស្ពាយ ។

កាបូប​ស្ពាយ​នេះ​គឺ​ប្រៀប​ដូច​ជា​​យើង​ស្ពាយ​បន្ទុក​នៃ​ការ​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ធ្លាក់ចុះ​នេះ ។ បន្ទុក​របស់​យើង​គឺ​ដូច​ជា​ថ្ម​នៅ​ក្នុង​កាបូបនោះ ។ ជាទូទៅ​មាន​បី​ប្រភេទ​គឺ ៖

  • ថ្ម​ដែល​បណ្តាល​មក​ពី​ការ​ប្រព្រឹត្ត​អំពើ​បាប​របស់​យើង​ផ្ទាល់ ។

  • ថ្ម​នៅ​ក្នុង​កាបូប​ស្ពាយ​របស់​យើង បាន​មកពី​ការ​សម្រេច​ចិត្ត​មិន​ល្អ ការ​ប្រព្រឹត្ត​ខុស និង​ចិត្ត​អាក្រក់​ដាក់​អ្នក​ដទៃ ។

  • ហើយ​ថ្ម​ដែល​យើង​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ធ្លាក់​ចុះ ។ ទាំង​នេះ​រួម​មាន​ថ្ម​នៃ​ជំងឺ ការ​ឈឺចាប់ ជំងឺ​រ៉ាំរ៉ៃ ភាព​សោកសៅ ការ​ខក​ចិត្ត ភាព​ឯកោ និង​ផល​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ ។

ខ្ញុំ​សូម​ប្រកាស​ដោយ​អំណរ​ថា​បន្ទុក​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ថ្ម​ទាំង​នេះ​ដែល​នៅ​ក្នុង​កាបូប​ស្ពាយ​របស់​យើង វា​គ្រាន់​តែ​ជា​ការប្រៀបធៀប​ប៉ុណ្ណោះ សូម​កុំ​មាន​អារម្មណ៍​ថា​ធ្ងន់​ឡើយ ។

ព្រះយេស៊ូវ​គ្រីស្ទ​អាច​សម្រាល​បន្ទុក​របស់​យើង​បាន ។

ព្រះយេ​ស៊ូវ​គ្រីស្ទ​អាច​លើក​បន្ទុក​របស់​យើង​ឡើង ។

ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​នូវ​របៀប​មួយ​ដើម្បី​ឲ្យ​យើង​បាន​ធូរស្រាល​ពី​ទម្ងន់​នៃ​អំពើ​បាប ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​សេចក្ដី​សង្គ្រោះ​របស់​យើង ។

ទ្រង់​បាន​មាន​បន្ទូល ៖

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក [ នោះ​គឺជា​ការធូរ​ស្បើយ និង​ភាពសុខសាន្ត ] ។

ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង ។

ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។

នឹម​នោះ​ងាយ​ទេ ហើយ​បន្ទុក​ក៏​ស្រាល គឺ​សន្មត​ថា​យើង​ទឹម​ជាមួយ​ព្រះអង្គ​សង្គ្រោះ យើង​ចែក​រំលែក​បន្ទុក​របស់​យើង​ជាមួយ​ទ្រង់ យើង​អនុញ្ញាត​ឲ្យ​ទ្រង់​លើក​បន្ទុក​របស់​យើង​ឡើង ។ ដែល​មាន​ន័យ​ជា​ថា​ការ​ចូល​ទៅ​ក្នុង​ទំនាក់​ទំនង នៃ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ និង​រក្សា​សេចក្តី​សញ្ញា​នោះ ដូច​ដែល​ប្រធាន ណិលសុន បាន​ពន្យល់​ថា « ធ្វើ​ឲ្យ​ជីវិតមាន​ភាព​ងាយ​ស្រួល » ។ លោក​បាន​មាន​ប្រសាសន៍ថា « ​ការដាក់​នឹម​ជាមួយ​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ថា បងប្អូន​មានសិទ្ធិ​ទទួល​ព្រះចេស្តា​ដើម្បី​ពង្រឹង និង​ប្រោសលោះ​របស់​ទ្រង់ » ។

ដូច្នេះ​ហេតុអ្វី​យើង​មិន​ចិត្តល្អ​នឹង​ដុំថ្ម​របស់​យើង ? ហេតុអ្វី​បាន​ជា​កីឡា​ករ​វាយ​កូន​បាល់​ដ៏​នឿយ​ហត់​ម្នាក់​បដិសេធ​មិន​ចាក​ចេញ​ពី​ទីលាន​នៅ​ពេល​អ្នក​សង្គ្រោះ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ប្រកួត​ជំនួស​នោះ ? ហេតុអ្វី​បាន​ជា​ខ្ញុំ​ទទូច​រក្សា​តំណែង​របស់​ខ្ញុំ​តែ​ឯង នៅ​ពេល​ដែល​អ្នក​សង្គ្រោះ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​រក្សា​តំណែង​នោះ​ជា​មួយ​ខ្ញុំ ?

ប្រធាន ណិលសុន បាន​បង្រៀន​ថា « ព្រះ​យេស៊ូវ​គ្រីស្ទ…គង់​ចាំ​ទាំង​ព្រះហស្ត​លាត​លា ដោយ​សង្ឃឹម ហើយ​មាន​ព្រះឆន្ទៈ​ដើម្បី​ព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើ​ឲ្យ​បរិសុទ្ធ និង​ញែក​យើង​ជា​បរិសុទ្ធ » ។១០

ដូច្នេះ​ហេតុអ្វី​យើង​ទទូច​សែង​ថ្ម​របស់​យើង​តែ​ម្នាក់​ឯង ?

នេះ​ជា​សំណួរ​ផ្ទាល់​ខ្លួន សម្រាប់​បងប្អូន​រាល់​គ្នា​ម្នាក់ៗ​យក​ទៅ​ពិចារណា ។

សម្រាប់​វ័យ​របស់​ខ្ញុំ សំណួរ​នេះ​គឺ​ជា​មោទនភាព ។ ខ្ញុំ​អាច​និយាយ​ថា៖ « ខ្ញុំ​មាន​នូវ​សំណួរ​នេះ​រួចហើយ » ។ « កុំ​បារម្ភ​ឡើយ ខ្ញុំ​នឹង​ធ្វើ​វា​ឲ្យ​បាន » ។ វា​ជា​អ្នក​បោក​បញ្ឆោត​ដ៏​ធំ​ដែល​ចង់​ឲ្យ​ខ្ញុំ​ពួន​ពី​ព្រះ ដើម្បី​ងាក​ចេញ​ពី​ទ្រង់ ដើម្បី​ធ្វើ​អ្វីៗ​តែ​ឯង ។

បង​ប្អូន​ប្រុស​ស្រី ខ្ញុំ​មិន​អាច​ទៅ​តែ​ឯង ខ្ញុំ​មិន​ធ្វើដូច្នេះ ហើយ​ខ្ញុំ​នឹង​មិនធ្វើ​បែបនោះ​ទេ ។ ការ​ជ្រើស​រើស​នៅ​ជាប់​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ព្រះ​យេស៊ូវ​គ្រីស្ទ តាម​រយៈ​សេចក្ដី​សញ្ញា​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​ព្រះ​នោះ « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ »។១១

អ្នក​រក្សា​សេចក្ដី​សញ្ញា​បាន​ពរ​ដោយ​ទទួល​បាន​ការ​សង្គ្រោះ​ពី​ព្រះអង្គ​សង្គ្រោះ ។

សូម​ពិចារណា​ឧទាហរណ៍​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ៖​ប្រជាជន​អាលម៉ា ត្រូវ​បាន​គេ​បៀតបៀន​ដោយ « ដាក់​ការ​ធ្ងន់ៗ​ឲ្យ​គេធ្វើ…ហើយ​ដាក់​អ្នកត្រួត​កិច្ច​ការ​ឲ្យ​ត្រួត​ត្រាលើ​ពួកគេ » ។១២ ហាមឃាត់​មិន​ឲ្យ​អធិស្ឋាន​បញ្ចេញ​សំឡេង ពួកគេ​បាន « ថ្វាយ​ដួង​ចិត្ត​គេ​ដល់​[ ព្រះ ] វិញហើយ​ទ្រង់​បាន​ជ្រាប​នូវ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​គេ » ។១៣

ហើយ « សំឡេង​នៃ​ព្រះ​អម្ចាស់​បន្លឺ​មក​គេ ក្នុង​សេច​ក្តី​វេទនា​របស់​គេ​ថា ៖ ចូរ​ងើប​ក្បាល​ឡើង ហើយ​ចូរ​ក្សាន្ត​ចិត្ត​ចុះ ព្រោះ​យើង​ដឹង​នូវ​សេចក្ដី​សញ្ញាដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជាមួយ​នឹង​យើង ហើយ​យើង​នឹង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​រាស្ត្រ​យើង ហើយ​នឹង​ដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ។

« ហើយ​យើង​នឹង​សម្រាល​បន្ទុក​ទាំង​ឡាយ​ដែល​ដាក់​នៅ​លើ​ស្មា​អ្នក​ផង ហើយ​សូម្បីតែ​រូប​អ្នក​ក៏​នឹង​មិន​អាច​ចាប់​អារម្មណ៍​ថា មាន​បន្ទុក​ទាំង​នោះ​នៅ​លើ​ខ្នង​អ្នក​ឡើយ » ។១៤

ហើយ​មិនយូរ​ប៉ុន្មាន​បន្ទុក​របស់​ពួកគេ​នឹង « ត្រូវ​បាន​សម្រាល​ទៅ » ហើយ « ព្រះ​អម្ចាស់​ទ្រង់​បាន​ចម្រើន​កម្លាំង​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​អាច​ទ្រ​បន្ទុក​ទាំង​ឡាយ​របស់​គេ​បាន​ដោយ​ងាយ ហើយ​ពួក​គេ​បាន​ធ្វើ​តាម​អស់​ទាំង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ ដោយ​ការ​រីករាយ និង​ដោយ​ការ​អត់ធន់ » ។១៥

អស់​អ្នក​ដែល​រក្សា​សេចក្ដី​សញ្ញា​នឹង​បាន​សង្គ្រោះ​ក្នុង​ទម្រង់​នៃ​ការ​លួងលោម បង្កើន​ការ​អត់​ធ្មត់ និង​ក្តី​រីករាយ ដែល​បន្ទុក​របស់​ពួក​គេ​ងាយ ដូច្នេះ​ពួកគេ​មាន​អារម្មណ៍​ថា​ស្រាល ហើយ​នៅ​ទីបំផុត​ត្រូវបាន​ដោះលែង ។១៦

ឥឡូវ​សូម​ត្រឡប់​ទៅ​កាន់​អត្ថន័យ​ធៀប​នៃ​កាបូប​ស្ពាយ ។

ការ​ប្រែ​ចិត្ត​តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​បាន​សម្រាល​បន្ទុក​យើង​ពី​ទម្ងន់​ថ្ម​នៃ​អំពើ​បាប ។ ហើយ​ព្រោះ​តែ​អំណោយ​ដ៏​អស្ចារ្យ​នេះ នោះ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​បាន​ធ្វើ​ឲ្យ​យើង​ធូរ​ស្រាល​ពី​ការ​ទាមទារ​ដ៏​ធ្ងន់ធ្ងរ និង​មិន​អាច​ចៀស​ផុត​បាន​នៃ​សេចក្តី​យុត្តិធម៌ ។១៧

ដង្វាយ​ធួន​របស់​ព្រះយេ​ស៊ូវ​គ្រីស្ទ​ក៏​ធ្វើ​ឲ្យ​យើង​អាច​ទទួល​កម្លាំង​ដើម្បី​អភ័យទោស អនុញ្ញាត​ឲ្យ​យើង​ទម្លាក់​ចោល​នូវ​ទម្ងន់​ដែល​យើង​រែកពន់​ដោយសារ​តែការ​ប្រព្រឹត្ដ​មិន​ត្រឹមត្រូវ​របស់​អ្នក​ដទៃ ។១៨

ដូច្នេះ​តើ​ព្រះអង្គ​សង្គ្រោះ​រំដោះ​យើង​ពី​បន្ទុក​នៃ​ការ​រស់​នៅ​ក្នុង​ពិភព​លោកដ៏​វិកវរ ជាមួយនឹង​រូប​កាយ​រមែង​ស្លាប់​ដែល​​រង​នូវ​ទុក្ខ​វេទនា​និង​ការ​ឈឺចាប់​យ៉ាង​ដូចម្ដេច ?

ជាញឹកញាប់ ទ្រង់​ធ្វើ​ការសង្គោ្រះ​បែប​នេះ​តាម​រយៈ​យើង ! ក្នុង​នាម​ជា​សមាជិក​នៃ​សេចក្តី​សញ្ញា​នៃ​សាសនាចក្រ​របស់​ទ្រង់ យើង​សន្យា​ថា​នឹង « ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ » ហើយ « កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កម្សាន្ដ​ទុក្ខ » ។១៩ ពីព្រោះ​យើង « ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ » ហើយ​ដើម្បី « ឲ្យ​បាន​ហៅ​ថា​ជា​រាស្ត្រ​របស់​ទ្រង់ » យើង « យល់ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល » ។២០

ពរជ័យ​នៃ​សេចក្ដី​សញ្ញា​របស់​យើង​គឺ​ដើម្បី​ធ្វើ​ជា​ដៃគូ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ការ​ផ្ដល់​ការ​សង្គ្រោះ​ទាំង​ខាង​រូបកាយ​និង​ខាង​វិញ្ញាណ ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំង​អស់ ។ យើង​គឺ​ជា​បំពង់​មួយ​ដែល​ទ្រង់​ប្រទាន​ការ​សង្គ្រោះ​តាមរយៈ​នោះ ។២១

ដូច្នេះ​ហើយ​ដូច​ជា​មិត្ត​ភក្តិ​របស់​បុរស​ពិការ​នោះ​ដែល « ចូរ​លើក​ដៃ​ដែល​រោយ ហើយ​ចូរចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែលរ​ញ័រផង » ។២២ យើង « ចូរ​យក​…​អាសារ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​នោះ​ទើប​បាន​សម្រេច​តាមក្រិត្យ​វិន័យ​នៃ​ព្រះគ្រីស្ទ » ។២៣ កាល​យើង​ធ្វើ​ដូចនេះ យើង​មក​ស្គាល់ទ្រង់ ប្រែក្លាយ​ដូច​ទ្រង់​ហើយ​បាន​សង្គ្រោះ​ក្នុង​ទ្រង់ ។២៤

តើ​អ្វី​គឺ​ជា​សេចក្តីសង្គ្រោះ ?

វា​គឺ​ជា​ការដក​ចេញ ឬ​សម្រាល​នូវ​អ្វី​មួយ​ដែល​ឈឺ​ចាប់​ទុក្ខព្រួយ ឬ​បន្ទុក ឬ​កម្លាំង​ដើម្បី​ស៊ូទ្រាំ​នឹង​វា ។ វា​សំដៅ​ទៅ​លើ​បុគ្គល​ដែល​យក​មក​ជំនួស​កន្លែង​នរណា​ម្នាក់ ។ វា​គឺ​ជា​ការ​កែ​តម្រូវ​កំហុស​ដោយ​ស្រប​ច្បាប់ ។២៥ ពាក្យ Anglo-French មក​ពី​ភាសា​បារាំង​បុរាណ releverឬ​« ដើម្បី​លើក​ឡើង » និង​មកពី​ភាសា​ឡាតាំងrelevare « លើក​ឡើង​ម្តងទៀត » ។២៦

បង​ប្អូន​ប្រុស​ស្រី ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​សេចក្តី​សង្គ្រោះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ នៅ​ថ្ងៃ​ទីបី ហើយ​បាន​បំពេញ​ដង្វាយ​ធួន​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​ជា​និរន្ត គង់​ចាំ​ទាំង​ព្រះហស្ត​លាតលា ផ្តល់​ឱកាស​ឲ្យ​យើង​រស់​ឡើង​វិញ​ម្តង​ទៀត ដោយ​បាន​សង្គ្រោះហើយត្រូវ​បាន​តម្កើង​ឡើង និង ប្រែ​ក្លាយ​ដូច​ទ្រង់ ។ សេចក្ដី​សង្គ្រោះដែល​ទ្រង់​ប្រទាន​ដល់​យើង​គឺ​រហូត​អស់កល្ប​ជានិច្ច ។

ដូច​ជា​ស្ត្រី​ដែល​ទេវតា​បាន​យាង​មក​ជួប នៅ​ព្រឹក​បុណ្យ​អ៊ីស្ទើរ​ដំបូង​នោះ​ដែរ ខ្ញុំ​ប្រាថ្នា​រត់​ទៅ « ដូច​ផ្លេក​បន្ទោរ » និង​ដោយ « អំណរ​យ៉ាង​អស្ចារ្យ » ដើម្បី​នាំ​យក​ដំណឹង​ទៅ​កាន់​លោកិយ៍​ថា ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ​ហើយ ។២៧ ក្នុងនាមនៃព្រះអង្គសង្គ្រោះយើង ជាព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. លូកា ៥:២០ ។

  2. ម៉ាកុស ២:១១ ។

  3. លូកា ៥:២៥ ។

  4. លូកា ៥:២៦ ។

  5. សូម​មើល D. Todd Christofferson, « The First Commandment First » (Brigham Young University devotional, Mar. 22, 2022), 2, speeches.byu.edu: « សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​បង្កើន​សមត្ថភាព​របស់​យើង ឲ្យ​ស្រឡាញ់​អ្នក​ដទៃ​កាន់តែ​ពេញលេញ និង​ឥតខ្ចោះ​ដោយសារ​យើងជា​ដៃគូ ជាមួយ​ព្រះ​នៅក្នុង​ការថែរក្សា​បុត្រា​បុត្រី​របស់​ទ្រង់ »​( បញ្ជាក់​បន្ថែម ) ។

  6. រ័សុល អិម ណិលសុន « Oឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក »លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៥-៩៨ ។

  7. រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » ទំព័រ ៩៦ ។

  8. ម៉ាថាយ ១១:២៨-៣០ ។

  9. រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » ទំព័រ ៩៧ ។

  10. រ័សុល អិម ណិលសុន « We Can Do Better and Be Better »​Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ។

  11. ភីលីព ៤:១៣ ។

  12. ម៉ូសាយ ២៤:៩ ។

  13. ម៉ូសាយ ២៤:១២ ។

  14. ម៉ូសាយ ២៤:១៣–១៤​,ការគូស​បញ្ជាក់​ត្រូវ​បាន​បន្ថែម ។

  15. ម៉ូសាយ ២៤:១៥ ។

  16. សូម​មើល​ម៉ូសាយ ២៤:១៣–១៤ ។

  17. សូម​មើល អាលម៉ា ៣៤:១៤-១៦,​សូម​មើល​ផងដែរ ម៉ូសាយ ១៥:៨–៩ ។

  18. សូម​មើល រ័សុល អិម ណិលសុន « Four Gifts That Jesus Christ Offers to You » ( First Presidency Christmas devotional, ទី ២ ខែ ធ្នូ ឆ្នាំ ២០១៨ ) នៅ​លើគេ​ហទំព័រ broadcasts.ChurchofJesusChrist.org ៖​« A second gift the Savior offers you is the ability to forgive » ។ តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ បងប្អូន​អាច​អភ័យទោស​ដល់​មនុស្ស​ដែល​ធ្វើ​ឲ្យ​បងប្អូន​ឈឺចាប់ និង​មនុស្ស​ដែល​ប្រហែល​ជា​នឹង​ពុំ​ព្រមទទួល​យក​ការ​ទទួល​ខុសត្រូវ​ចំពោះ​ភាពឃោរ​ឃៅ​ដែល​គេ​ធ្វើ​មក​លើ​បងប្អូន ។

    « ជាធម្មតា វា​ងាយស្រួល​ដើម្បី​អភ័យ​ទោស​ដល់​មនុស្ស​ដែល​ស្វែងរក​ការអភ័យ​ទោស​ពី​បងប្អូន​ដោយ​ស្មោះ និង​ដោយ​រាបសា ។ ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​នឹង​ប្រទាន​ដល់​បងប្អូន​នូវ​លទ្ធភាព​ដើម្បី​អភ័យទោស​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​ធ្វើ​ខុស​ចំពោះ​បងប្អូន​តាម​គ្រប់​រូប​ភាព ។ បន្ទាប់​មក​ទង្វើ​ដ៏​ឈឺចាប់​របស់​ពួកគេ​ពុំ​អាច​បំផ្លាញ​ព្រលឹង​របស់​បងប្អូន​បាន​ទៀត​ឡើយ » ។

  19. ម៉ូសាយ ១៨:៩ ។

  20. ម៉ូសាយ ១៨:៨ ។

  21. សមាគម​សង្គ្រោះ ជាអង្គការ​ស្រ្តី​នៃ​ព្រះយេ​ស៊ូវ​គ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ព្យាការី យ៉ូសែប ស៊្មីធ នៅ​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ១៨៤២ ជា​« ជា​សេចក្តី​បន្ថែម​មួយ​ចំពោះ​បព្វជិតភាព​ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះ » ។ ( ដាល្លិន អេក អូក « TThe Keys and Authority of the Priesthood » ,Liahonaខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥១ ) ។ ក្នុង​ការ​ជ្រើស​រើស​ឈ្មោះ​ឲ្យ​អង្គការ​ថ្មី​នេះ​ពាក្យ សប្បុរស​ត្រូវ​បាន​លើក​មក​ពិចារណា ប៉ុន្តែស្រ្តីពេញ​ចិត្ត​ពាក្យ សង្គ្រោះ ។ អិមម៉ា ស្ម៊ីធ ជា​ប្រធាន​អង្គ​ការនេះ​ដំបូង​គេ ហើយ អេលីស្សា អ ស្នូ ជា​លេខា​ក្រោយ​មក​បានបម្រើ​ជា​ប្រធាន​ទីពីរ នៃ​សមាគម​សង្គ្រោះ បានពន្យល់ថា ពាក្យ សប្បុរស ជាពាក្យ​ពេញ​និយម—ដែល​មាន​ប្រជាប្រិយ​ភាព​ដល់​ស្ថាប័ន​នានា​ដល់​សព្វថ្ងៃ—ប៉ុន្តែ​ប្រជាប្រិយ​ភាព​នោះ « មិន​គួរជា​មគ្គទេសក៍​របស់​យើងទេ » ។ អិមម៉ា បាន​ពន្យល់​ថា​ពាក្យ សង្គ្រោះ​ពិពណ៌នា​ពី​បេសកកម្ម​របស់​ពួក​គេ​ប្រសើរ​ជាង ។ «យើង​នឹង​ធ្វើ​អ្វី​មួយ​ដែល​អស្ចារ្យ​…យើង​រំពឹង​ថា​មាន​ឱកាស ដ៏អស្ចារ្យ និង​ការ​ហៅ​ដ៏​សំខាន់ » ( Emma Smith, in Nauvoo Relief Society Minute Book, ថ្ងៃ ១៧ ខែ មីនា ឆ្នាំ ១៨៤២ ទំព័រ ១២ josephsmithpapers.org ) ។ ពិតណាស់​អាណត្តិរបស់​សមាគម​សង្គ្រោះ​តែង​តែ​ផ្តល់​សេចក្តី​សង្រ្គោះ​ទាំង​ខាងសាច់​ឈាម​និង​ខាង​វិញ្ញាណ ។ យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « សមាគម​សង្គ្រោះ​មិន​មែន​សម្រាប់​តែ​ជួយ​សង្រ្គោះ​ដល់​ជន​ទ័លក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ជួយ​សង្រ្គោះ​ដល់​ព្រលឹង​ទាំង​ឡាយ​ផង​ដែរ »​( Nauvoo Relief Society Minute Book, ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ១៨៤២ ទំព័រ ៦៣ josephsmithpapers.org ) ។ ដូច្នេះ​សមាគ​សង្គ្រោះ​នៅ​តែ​បន្ត​សង្គ្រោះ ៖ « សង្គ្រោះពីភាពក្រីក្រ , ការសង្រ្គោះ ពីការឈឺថ្កាត់ , ការសង្គ្រោះ​ពី​ការសង្ស័យ , ការសង្គ្រោះ​ពី ភាពល្ងង់ខ្លៅ—ការសង្គ្រោះ​ពី​អ្វីៗ​ទាំងអស់​​ដែល​លាក់បាំង​នូវ សេចក្ដីអំណរ និង ការរីកចម្រើន​របស់​ស្ដ្រី ។ ( John A. Widtsoe, Evidences and Reconciliations, arr. G. Homer Durham, វ៉ុល ៣ ក្នុង ១ [ ឆ្នាំ ១៩៦០ ] ទំព័រ ៣០៨ ) ។

  22. គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៥​,សូមមើល​ផងដែរ ហេព្រើរ ១២:១២ ។

  23. កាឡាទី ៦:២ ។

  24. នៅ​ក្នុង​ការ​ប្រជុំ​ដំបូង នៃ​សមាគម​សង្គ្រោះ​ដែល​ទើប​តែ​បង្កើត លូស៊ី ម៉ាក ស្ម៊ីធ ជា​ម្តាយ​របស់​ព្យាការី​បាន​ប្រសាសន៍ថា « យើង​ត្រូវ​តែ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក មើលថែគ្នា​ទៅ​វិញ​ទៅ​មក លួង​លោម​ដល់​គ្នា​ទៅវិញ​ទៅ​មកហើយ ទទួល​បានសេចក្តី​ណែនាំបន្ថែម​ដើម្បីយើង​ទាំងអស់​គ្នាអាច​អង្គុយ​ចុះ​នៅ​ស្ថាន​សួគ៌​ជា​មួយ​គ្នា » ។ អ្នក​ប្រវត្ដិ​សាស្ដ្រ​ជែនីហ្វើរ រីនឌើរ បាន​សរសេរ​អំពី​រឿង​នេះ​ថា​« នៅ​ក្នុង​បុព្វហេតុ​រួម​មួយ​ដើម្បី​ផ្តល់​ការ​សង្គ្រោះ ស្ត្រី​បាន​ចាប់​ដៃ​គូ​ជា​មួយ​ព្រះ​គ្រីស្ទ ហើយ​ដោយ​ធ្វើ​ការណ៏​នេះ ពួក​គេ​បាន​រក​ឃើញ​ការ​សង្គ្រោះ​របស់​ទ្រង់ » (First: The Life and Faith of Emma Smith [ ឆ្នាំ ២០២១ ]​,ទំព័រ ១៣០ ) ។

  25. សូម​មើល Merriam-Webster.com​Dictionary,​« relief » ។

  26. សូម​មើល Dictionary.com, « relief » ។

  27. សូម​មើល ម៉ាថាយ ២៨:១–៨ ។