២០១៥
ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវគ្រីស្ទមាន​សារៈសំខាន់ចំពោះ​ជីវិត​ខ្ញុំ ?
មករា 2015


ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវគ្រីស្ទមាន​សារៈសំខាន់ចំពោះ​ជីវិត​ខ្ញុំ ?

នៅ​ពេល​យើង​យល់​ពី​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​សង្គ្រោះ​ធ្វើ​សម្រាប់​យើង ទ្រង់​ក្លាយ​ជាតួអង្គ​ដ៏​សំខាន់បំផុត​នៅ​ក្នុង​ជីវិត​យើង ។

រូបភាព
Photograph of actor portraying Jesus Christ in the Bible Videos.

ថ្មីៗនេះ ខ្ញុំ​បាន​អាន​ការចុះផ្សាយ​មួយ​នៅ​លើ​កំណត់ហេតុ​បណ្ដាញ ដែល​អ្នកនិពន្ធបាន​លើក​ឡើង​ពី​របៀបដែល​ព្រះអង្គ​សង្គ្រោះ​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង ។ ខ្ញុំ​មាន​ចិត្ត​រីករាយ​ដែល​នាង​ព្រម​ចែកចាយ​អារម្មណ៍​របស់​នាង ប៉ុន្តែ​ខ្ញុំ​មាន​ចិត្ត​សោកសៅ​ចំពោះ​មតិ​របស់​អ្នក​អាន​ម្នាក់ គាត់​បាន​និយាយ​ថា ៖ « ទ្រង់​ពុំ​មែន​ជាតួអង្គ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ទេ — ខ្ញុំ​ពុំ​ធ្លាប់​គិត ហើយ​នឹង​មិន​គិត​ជា​រៀង​រហូត » ។

អ្នក​អាន​ម្នាក់​នោះ​​បាន​គិត​ខុសហើយ ។ នៅ​ពេល​ណា​មួយ យើង​ទាំងអស់​គ្នា​នឹង​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ។ យើង​ទាំង​អស់​គ្នា​ធ្វើ​កំហុស​ដែល​យើង​មិន​អាច​ធ្វើ​ឲ្យ​ដូច​ដើម​វិញ​បាន ហើយ​ជួប​ប្រទះ​នឹង​ការ​បាត់បង់​ដែល​យើង​មិន​អាច​យក​មក​វិញ​បាន ហើយ​ជួប​នឹង​ការឈឺចាប់ ការបៀតបៀន សោកនាដកម្ម បន្ទុក និង ការ​ខកបំណង ដែល​យើង​មិន​អាច​ទ្រាំទ្រ​តែ​ម្នាក់​ឯង​បាន ។

​អ្វីដែល​ល្អ​នោះ​គឺថា យើង​មិនចាំបាច់ទ្រាំទ្រ​វា​តែ​ម្នាក់​ឯង​នោះ​ទេ ។

« នៅ​ក្នុង​គ្រា​នៃ​ភាពទន់ខ្សោយ​មួយ​ដែល​យើង​អាច​នឹង​ស្រែក​ឡើង​ថា ‹ គ្មាន​នរណា​ម្នាក់​យល់​ពី​អារម្មណ៍​នេះ​ទេ ។ គ្មាន​នរណាម្នាក់​យល់​ទេ ›។ ប៉ុន្តែ​ព្រះរាជបុត្រា​នៃ​ព្រះ​ជ្រាប ហើយ​យល់​យ៉ាង​ឥតខ្ចោះ ពីព្រោះ​ទ្រង់​ធ្លាប់​ទទួល ហើយ​ទូល​បន្ទុក​របស់​យើង​ម្នាក់ៗ » បាន​ថ្លែង​ដោយ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ « ហើយ​ដោយសារ​ការលះបង់​ដ៏​គ្មាន​ទីបញ្ចប់ និង អស់កល្ប​ជានិច្ច​របស់​ទ្រង់ ( សូមមើល អាលម៉ា 34:14 ) ទ្រង់​មាន​ការយល់ចិត្ត​យ៉ាង​ឥតខ្ចោះ ហើយ​អាច​លាតសន្ធឹង​ព្រះហស្ដ​នៃ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​មក​កាន់​យើង » ។1

ព្រះយេស៊ូវ​គឺជា​អង្គ​ដ៏​សំខាន់​សម្រាប់​យើង ដោយសារតាម​រយៈដង្វាយធួន ការបង្រៀន សេចក្ដី​សង្ឃឹម សេចក្ដី​សុខសាន្ត និង គំរូ​របស់​ទ្រង់ ទ្រង់​ជួយ​យើង​ផ្លាស់ប្ដូរ​ជីវិត​យើង ប្រឈមមុខ​នឹង​ការសាកល្បង​របស់​យើង ហើយ​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ នៅ​ពេល​យើង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រក​ទ្រង់ និង ព្រះវរបិតា​ទ្រង់​វិញ ។

ព្រះយេស៊ូវ​ធ្វើ​ឲ្យ​ការប្រែចិត្ត​កើត​មាន

ហេតុផល​មួយ​ដែល​ព្រះយេស៊ូវ​គឺជា​អង្គ​ដ៏​សំខាន់​បំផុត​ចំពោះ​អ្នក ដែល​ព្យាយាម​ដើរតាម​ទ្រង់​ដោយ​ស្មោះ គឺថា យើង​ទាំងអស់​គ្នា​ធ្វើ​កំហុស ហើយ​ត្រូវការ​អំណោយទាន​នៃ​ការប្រែចិត្ត​ដែល​បាន​ផ្ដល់​ឲ្យ​តាមរយៈ​ដង្វាយ​ធួន ។

នៅ​ពេល​យើង​ជំពប់​ជើង​ដួល សាតាំង​ចង់​ឲ្យ​យើង​គិត​ថា យើង​មិន​ល្អ​គ្រប់គ្រាន់​ដើម្បី​ក្រោកឈរ​ឡើង ហើយ​ត្រឡប់​ទៅ​ផ្លូវ​ត្រូវ​វិញ​ទេ ។ វា​ក៏​ចង់​ឲ្យ​យើង​បំភ្លេច​ផងដែរ​ថា ដំណឹងល្អ​គឺជា « ដំណឹងល្អ​នៃ​ការប្រែចិត្ត » ( គ. និង ស. 13:1 ការ​គូសបញ្ជាក់​បាន​បន្ថែម ) ។ ប៉ុន្តែ​យើង​ដឹង​ថា « ព្រះគុណ​របស់​ព្រះគ្រីស្ទ​មាន​ពិត​មែន ដោយ​ផ្ដល់​ឲ្យ​ទាំង​ការអត់ទោស និង ការលាង​សម្អាត​ទៅ​ដល់​អ្នក​ធ្វើ​បាប​ដែល​បាន​ប្រែចិត្ត » ។2

អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​មាន​សម្រាប់​យើង​ម្នាក់ៗ ប៉ុន្តែ​យើង​ត្រូវតែ​ជ្រើស​ធ្វើ​ឲ្យ​វា​មាន​ដំណើរការ​នៅ​ក្នុង​ជីវិត​យើង ។ សូម​នឹក​ស្រមៃ​ពី​ការ​ផ្ដល់​អំណោយ​ដ៏​ពិសេស​មួយ​ដល់​មិត្ត​ម្នាក់ — ជា​អ្វី​មួយ​ដែល​មិត្ត​របស់​អ្នក​ពិត​ជា​ត្រូវការ និង​ជា​អ្វី​មួយ​ដែល​អ្នក​បាន​រៀបចំតាមរយៈ​ការ​លះបង់​ផ្ទាល់​ខ្លួន ។ រួច​នឹក​ស្រមៃ​ថា​មិត្ត​របស់​អ្នក​បាន​ពោល​ថា « អរគុណ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​ចង់​បាន​អំណោយ​របស់​ឯង​ទេ » ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណាដែរ ?

នៅ​ពេល​យើង​មិន​បាន​អញ្ជើញ​ព្រះយេស៊ូវ​ឲ្យ​ជួយ​យើង​ដើម្បី​មាន​ភាពស្អាតស្អំ​តាមរយៈការ​ប្រែចិត្ត​នោះ​ទេ វា​ប្រៀប​ដូចជា​យើង​កំពុងតែ​បដិសេធ​អំណោយ​របស់​ទ្រង់​ដូច្នោះ​ដែរ ។

ព្រះយេស៊ូវ​បង្រៀន​ពី​សេចក្តីពិត

មាន​គ្រាមួយ បន្ទាប់ពី​មនុស្ស​ជាច្រើន​បាន​បដិសេធ​ឈប់​ដើរតាម​ទ្រង់​ទៀត ព្រះយេស៊ូវ​បាន​សួរ​ទៅ​ពួក​សាវក​ដប់ពីរ​នាក់​ថា « អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ? » ពេត្រុស ឆ្លើយ​ថា « ព្រះអម្ចាស់អើយ តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ ? គឺ​ទ្រង់​ហើយ​ដែល​មាន​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( យ៉ូហាន 6:67–68 ) ។

អ្នក​អាច​ស្វែងរក « ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ព្រះគម្ពីរ ការបង្រៀន​របស់​ពួក​ព្យាការី​នៅ​រស់ និង ការ​ខ្សឹបប្រាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ធនធាន​ទាំងនេះ​ផ្ដល់​នូវ​គ្រឹះ​មួយ​សម្រាប់ « សុភមង្គល​នៅ​ក្នុង​ជីវិត​នេះ និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​ក្នុង​ជីវិត​ខាង​មុខ »3 ហើយ​វា​ដឹកនាំ​យើង​ដោយ​សុវត្ថិភាព​ត្រឡប់​ទៅ​រក​ព្រះវរបិតាសួគ៌ និង ព្រះអង្គ​សង្គ្រោះ​របស់​យើង​វិញ ។

តើ​សេចក្ដីពិត​ដ៏​អសា្ចរ្យ​មួយ​ចំនួន​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​មាន​អ្វី​ខ្លះ ? ប្រធាន ឌីថើរ អេហ្វ អុជដុហ្វ ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​លើកឡើង​នូវ​ចំណុច​បួន​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ឯសន្និសីទ​ទូទៅ​ថ្មីៗ​នេះ​ថា ៖

  • « ព្រះវរបិតា​យើង​បាន​ប្រទាន​ដល់​កូនចៅ​ទ្រង់​នូវ​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » ។

  • « តាម​រយៈ​ដង្វាយធួន … យើង​អាច​រស់នៅ​ជា​រៀង​រហូត​ជាមួយ​នឹង​មនុស្ស​​ជា​ទី​ស្រឡាញ់​របស់​យើង » ។

  • « យើង​នឹង​មាន​រូបកាយ​ដ៏​រុងរឿង ល្អ​ឥតខ្ចោះ ហើយ​អមតៈ ដោយ​មិន​មាន​ជំងឺ ឬ​អសមត្ថភាព​អ្វី​ឡើយ » ។

  • « ទឹក​ភ្នែក​នៃ​ភាពសោកសៅ និង ការបាត់បង់​របស់​យើង​នឹង​ត្រូវបាន​ជំនួស​ដោយ​សុភមង្គល និង សេចក្ដី​អំណរ​ដ៏​បរិបូរណ៍ » ។4

ព្រះយេស៊ូវ​ប្រទាន​សេចក្ដី​សង្ឃឹម

នៅ​ពេល​យើង​ជួបប្រទះ​នឹង​ឧបសគ្គ​ដ៏​ធ្ងន់ធ្ងរ ពេល​ខ្លួន​យើង​ឃើញ​ថា វា​មាន​ភាពលំបាក​ណាស់​ដើម្បីទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។ ប៉ុន្តែ​ការទុកចិត្ត​លើ​ទ្រង់ង់​នាំ​មក​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ដែល​យើង​ត្រូវការ​ដើម្បី​ប្រឈម​មុខ​នឹង​ឧបសគ្គ​របស់​យើង ។

នោះ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង​ជាមួយ​នឹង​សមាជិក​គ្រួសារ​ហ្គាត្រល ដែល​រស់នៅ​ក្នុង​វួដ​របស់​ស៊ិស្ទើរ ជីន អេ ស្ទីវិនសិន ។ ស៊ិស្ទើរ ស្ទីវិនសិន ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ បាន​ថ្លែង​ថា គ្រួសារ​នោះ​បាន​តោងខ្ជាប់​ទៅ​នឹង​ដំណឹងល្អ និង សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ បន្ទាប់ពី​បង​ប្រុសហ្គាតរ៉េល កើត​ជំងឺ​មហារីក ។ ការធ្វើ​បែបនេះ បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ពួកគេ​នៅ​ក្នុង​ការ​សន្យា​របស់​ព្រះ​ថា ពួកគេ​នឹង​រួមរស់​ជាមួយ​គ្នា​ម្ដង​ទៀត​បន្ទាប់​ពី​ជីវិត​នេះ ។

តាមរយៈ​គ្រា​ដ៏​លំបាក​ទាំងនោះ​ពី​មុន​ស្វាមី​គាត់​បាន​ចែក​ឋាន​ទៅ បង​ស្រី​ហ្គាតរ៉េល បាន​ពោល​ថា « ខ្ញុំ​បាន​ដឹង​ថា ព្រះអម្ចាស់​បាន​ឃុំគ្រង​យើង ។ ប្រសិន​បើ​អ្នក​ទុកចិត្ត​លើ​ព្រះអម្ចាស់ អ្នក​ពិតជា​អាចយក​ឈ្នះ​លើ​ឧបសគ្គ​ទាំងអស់​នៅ​ក្នុង​ជីវិត​បាន » ។5

អំណោយទាន​នៃ​ដង្វាយធួន ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​អស់កល្ប​ជានិច្ច — ជា​អ្វី​មួយ​ដែល​យើង​ត្រូវការ នៅ​ពេល​យើង​រងទុក្ខ​ដោយ​ការ​សាកល្បង ឬ​សេចក្ដី​ស្លាប់​នៃ​មនុស្ស​ជា​ទីស្រឡាញ់ ។

​ប្រធាន ហិនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​ថ្លែង​ថា « ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់​របស់​យើង​បាន​ប្រទាន​ឲ្យ​យើង​នូវ​អំណោយ​នៃ​បុត្រា​ដ៏​ជា​ទី​ស្រលាញ់​របស់​ទ្រង់​គឺ ព្រះ​យេស៊ូវគ្រីស្ទ ដែល​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង » ។ អំណោយ​ដ៏​អស្ចារ្យ​នោះ និង ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នាំ​មក​នូវ​កេរ​ដំណែល​ជា​សាកល​មួយ​គឺ ៖ ការ​សន្យា​នៃ​ការ​រស់​ឡើង​វិញ និង លទ្ធភាព​នៃ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ដល់​មនុស្ស​ទាំងអស់​ដែល​បាន​កើត​មក » ។6

ព្រះយេស៊ូវ​ប្រទាន​សេចក្ដី​សុខសាន្ត

រូបភាព

ប្រសិនបើ​អ្នក​ធ្លាប់​ជួប​នឹង​គ្រោះធម្មជាតិ ធ្លាប់​ត្រូវបាន​គេ​និយាយ មួលបង្កាច់ ធ្លាប់​ជួប​ឧបសគ្គ​ដែល​បាន​ផ្លាស់ប្ដូរ​ជីវិត ធ្លាប់​បាត់បង់​មិត្តភាព ឬ​ធ្លាប់​ក្រោកឈរ​ឡើង​ការពារ​អ្វី​ដែល​ត្រឹមត្រូវ នោះ​អ្នក​ដឹង​ថា អ្នក​ត្រូវការ​សេចក្ដី​សុខសាន្ត​របស់​ព្រះអម្ចាស់ ។ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា « សេចក្ដី​សុខសាន្ត​របស់​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ខ្យល់​កួច​នៃ​លោកិយ​នេះ​ស្ងប់ » ។7

នៅ​ក្នុង​សន្និសីទ​ថ្មីៗ​នេះ អែលឌើរ អាន់ឌើរសិន បាន​ចែកចាយ​ពី​ដំណើររឿង​មួយ​អំពី​ក្មេង​ស្រី​ថ្នាក់​ឡូរ៉ល​ម្នាក់​ដែល​ត្រូវបាន​គេ​សើច​ចំអក ហើយ​ប្រមាថ​ដោយសារ​​គោលជំហរ​ការពារ​អាពាហ៍ពិពាហ៍​តាម​ទំនៀម​ទម្លាប់ ។ នាង​បាន​រៀន​ថា ពេលខ្លះ ការ​សើចចំអក​គឺជា​តម្លៃ​នៃ « ការ​ស្មោះ​ចំពោះ​ព្រះ និង ចំពោះ​ការ​បង្រៀន​នៃ​ព្យាការី​ដែល​កំពុង​រស់នៅ​របស់​ទ្រង់ » ។8

ប៉ុន្តែ​ការ​ក្រោកឈរ​ឡើង​ពុំ​មែន​មាន​ន័យ​ថា ជា​ការឈរ​តែ​ម្នាក់​ឯង​នោះ​ទេ ។ យើង​អាច​ងាក​ទៅ​រក​ព្រះអម្ចាស់​នៃ​មេត្រីភាពបាន​ជា​និច្ច នៅ​ពេល​យើង​មាន​អារម្មណ៍​ឯកោ ឬ​ថប់បារម្ភ សោកសៅ ឬ​ព្រួយចិត្ត ភ័យខ្លាច ឬ​គ្មាន​តម្លៃ​នោះ ។ យើង​ធ្វើ​កិច្ចការ​ទាំងនេះ​បាន​តាមរយៈ ៖

  • ការអធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​ទូល​សូម​ព្រះវិញ្ញាណ​ឲ្យ​គង់​ជាមួយ​យើង ។

  • ការអាន​បន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះគម្ពីរ និង​ដែល​បាន​បើកសម្ដែង​តាមរយៈ​ពួក​ព្យាការី​ដែល​កំពុង​រស់នៅ ។

  • ការ​ចូល​​ព្រះវិហារ​បរិសុទ្ធ ។

  • ការ​សិក្សា​ពី​ឆាក​ជីវិត​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ឯ​ព្រះវិហារ និង ក្នុង​ថ្នាក់​សិក្ខាសាលា ។

  • ការអនុវត្ត​ដង្វាយធួន​ទ្រង់​តាមរយៈការ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ។

  • ការ​ចែកចាយ​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់ ។

នៅ​ពេល​យើង​ទទួលបាន​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត​របស់​ព្រះអង្គ​សង្គ្រោះ ដួងចិត្ត​យើង​មិន​ត្រូវ​បារម្ភ ឬ​ភ័យខ្លាច​នោះ​ទេ ( សូមមើល យ៉ូហាន 14:26–27 ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​ថា « មាន​តែ​លោក​ចៅហ្វាយ​ប៉ុណ្ណោះ ដែល​ទ្រង់​ជ្រាប​ពី​ជម្រៅ​នៃ​ការសាកល្បង ការឈឺចាប់ និង ការរងទុក្ខ​របស់​យើង » ។ « មាន​តែ​ទ្រង់​ទេ ដែល​ប្រទាន​ភាព​សុខសាន្ត​អស់​កល្ប​នៅ​គ្រា​រង​ទុក្ខ ។ មាន​តែ​ទ្រង់​ទេ ដែល​មាន​អានុភាព​លើ​ព្រលឹង​ជាប់​បាបកម្ម ដោយ​បន្ទូល​លួងលោម​របស់​ទ្រង់ » ។9

ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ

រូបភាព

នៅ​ក្នុង​ការ​បម្រើ​របស់​ទ្រង់ ព្រះយេស៊ូវ​មិន​មែន​គ្រាន់តែ​ចង្អុល​បង្ហាញ​ផ្លូវ​ទៅ​កាន់​សុភមង្គល​ប៉ុណ្ណោះ​ទេ — ទ្រង់​ក៏​បាន​ដឹកនាំ​ផ្លូវ​ផងដែរ ។ តាមរយៈដង្វាយធួន​របស់​ទ្រង់ ទ្រង់​បាន​ដឹកនាំ​យើង​ឲ្យ​ចេះ​ស្រឡាញ់ ។ តាមរយៈ​ការបង្រៀន​របស់​ទ្រង់ ទ្រង់​ដឹកនាំ​ទៅ​រក​សេចក្ដីពិត​អស់កល្ប​ជានិច្ច ។ តាមរយៈ​ព្រះជន្ម​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់ ទ្រង់​ដឹកនាំ​យើង​ទៅ​រក​ផ្លូវ​នៃ​ការគោរព​ប្រតិបត្តិ ។

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា « បុគ្គល​ដែល​បាន​បង្ហាញ​គំរូ​ដ៏​អស្ចារ្យ​បំផុត​នៅ​លើ​ផែនដី​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ ។​ ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ត្រូវបាន​បំពេញ​ដោយ​ការ​បង្រៀន ការបម្រើ និង ការ​ស្រឡាញ់​ដល់​អ្នកដទៃ » ។ លោក​បាន​បន្ថែម​ទៀត​ថា ព្រះអង្គ​សង្គ្រោះ « អញ្ជើញ​យើង​ឲ្យ​ធ្វើតាម​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់ » ។10

នៅ​ពេល​យើង​យល់​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ឲ្យ​កើតមាន​ការប្រែចិត្ត និង ការរស់​ឡើង​វិញ ទ្រង់​បាន​បង្រៀន​ពី​សេចក្ដីពិត​ដ៏​សំខាន់ ប្រទាន​សេចក្ដីសង្ឃឹម និង សេចក្ដី​សុខសាន្ត ហើយ​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ នោះ​ទ្រង់​ក្លាយ​ទៅ​ជា​អង្គ​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើង ។ ហើយ​ដោយ​មាន​ទ្រង់​ជា​មិត្ត​របស់​យើង យើង​មាន​ភាពក្លាហាន​ដើម្បី​បណ្ដេញ​ភាពភ័យ​ខ្លាច ហើយ​ដើរ​ឆ្ពោះ​ទៅ​ដោយ​សេចក្ដី​ជំនឿ ។

កំណត់​ចំណាំ

  1. ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » Liahona, ខែ ឧសភា ឆ្នាំ 2014 ទំព័រ 90 ។

  2. ឌី ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ » Liahona, ខែ ឧសភា ឆ្នាំ 2014 ទំព័រ 113 ។

  3. « The Living Christ: The Testimony of the Apostles » Liahona, ខែ មេសា ឆ្នាំ 2000 ទំព័រ 3 ។

  4. ឌីថើរ អេហ្វ អុជដុហ្វ « Grateful in Any Circumstances » Liahona, ខែ ឧសភា ឆ្នាំ 2014 ទំព័រ 76 ។

  5. ជីន អេ ស្ទីវិនសិន « Fear Not; I Am with Thee » Liahona, ខែ ឧសភា ឆ្នាំ 2014 ទំព័រ 83 ។​

  6. ហិនរី ប៊ី អាវរិង « A Priceless Heritage of Hope » Liahona, ខែ ឧសភា ឆ្នាំ 2014 ទំព័រ 24 ។

  7. នៀល អិល អាន់ឌើរសិន « Spiritual Whirlwinds » Liahona, ខែ ឧសភា ឆ្នាំ 2014 ទំព័រ 18 ។​

  8. សូមមើល នែល អិល អាន់ឌើរសិន « Spiritual Whirlwinds » ទំព័រ 19–20 ។

  9. ថូម៉ាស អេស ម៉នសុន « I Will Not Fail Thee, nor Forsake Thee » Liahona, ខែ វិច្ឆិកា ឆ្នាំ 2013 ទំព័រ 87 ។

  10. រីឆាដ ជី ស្កត « I Have Given You an Example » Liahona, ខែ ឧសភា ឆ្នាំ 2014 ទំព័រ 35 ។