២០១៥
តើ​យើង​គួរ​ធ្វើ​ជា​គូ​បង្រៀន​ប្រភេទ​ណា ?
មករា 2015


តើ​យើង​គួរធ្វើ​ជាគ្រូ​បង្រៀន​ប្រភេទ​ណា ?

ប្រសិនបើ​យើង​ពិតជា​ចង់​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ យើង​ត្រូវតែ​រៀន​បង្រៀន​តាម​របៀប​ដែល​ទ្រង់​បាន​បង្រៀន ។

រូបភាព
Official portrait of the Sunday School general presidency including Tad R. Callister, John S. Tanner, and Devin G. Durrant, 2014.

ថាត អរ ខាលីស្ទើរ ជា​ប្រធាន (កណ្ដាល) ចន អេស ធេនណើរ ជា​ទីប្រឹក្សា​ទី​មួយ (ខាងឆ្វេង) និង ដេវិន ជី ឌើររ៉ង់ ជា​ទី​ប្រឹក្សា​ទី​ពីរ (ខាងស្ដាំ)

ព្រះអម្ចាស់​ដែល​បានរស់​ឡើង​វិញ រៀប​នឹង​បញ្ចប់​ការ​បម្រើ​របស់​ទ្រង់​នៅ​ក្នុង​ទ្វីប​អាមេរិក ។ មិន​យូរប៉ុន្មាន ទ្រង់​បាន​យាង​ចុះ​មក​ពី​ស្ថានសួគ៌ ដោយ​នាំ​យក​ពន្លឺ​ទៅ​បំភ្លឺ​ដល់​ភាពងងឹត​ដែល​បាន​គ្រប​ដណ្ដប់​លើ​ដែនដី​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន​បន្ទាប់ពី​ការសុគត​របស់​ទ្រង់ ។ ទ្រង់​បាន​បង្រៀន ថ្លែងទីបន្ទាល់ ហើយ​បាន​អធិស្ឋាន ។ ទ្រង់​បាន​ប្រសិទ្ធពរ ឆ្លើយតបនឹងសំណួរ ហើយ​ស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង ។ ឥឡូវនេះ កាល​ទ្រង់​រៀបចំ​ចាកចេញ​ពី​ពួក​សិស្ស​របស់​ទ្រង់ ទ្រង់​បាន​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​មួយ ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​នូវ​ភាព​ជឿជាក់​ថា ៖

« អ្នក​រាល់​គ្នា​ស្គាល់​ការណ៍​ទាំងឡាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​នៅ​ក្នុង​សាសនាចក្រ​របស់​យើង ត្បិត​កិច្ចការ​ទាំងឡាយ​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​ធ្វើ​យ៉ាង​ណា នោះ​អ្នក​រាល់គ្នា​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ …

«… ដូច្នះ តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែបណា​ទៅ ? យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ត្រូវ​ឲ្យ​បាន​ដូចជា​យើង » ( នីហ្វៃទី 3 27:27 ) ។

ព្រះយេស៊ូវ​បាន​អញ្ជើញ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់ ហើយ​លក្ខណៈ​ដ៏​អស្ចារ្យ​មួយ​របស់​ទ្រង់ គឺជា​សមត្ថភាព​របស់​ទ្រង់​ក្នុង​ការបង្រៀន ។ ទ្រង់​គឺជា​គ្រូ​បង្រៀន​ដ៏​ឆ្នើម​ប្រពៃ ។ ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ យើង​ក៏​ត្រូវ​ធ្វើ​ជា​គ្រូបង្រៀន​ដែល​គួរ​ឲ្យ​ស្រឡាញ់ ហើយ​ជួយ​ផ្លាស់ប្ដូ​រជីវិត​ដែរ ទាំង​នៅ​ឯ​ព្រះវិហារ និង​នៅ​ក្នុង​ផ្ទះ ។ ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ យើង​គួរ​មាន​បំណង​ប្រាថ្នា​ដ៏​ឆាបឆួលក្នុង​ចិត្ត​យើង​ដើម្បី​បង្រៀន​ដូច​ដែល​ទ្រង់​បាន​បង្រៀន ។

សំណួរ និង ការអញ្ជើញ

រូបភាព
The resurrected Jesus Christ with the twelve Nephite disciples. Christ is portrayed wearing a white robe. Christ is selecting the three disciples who would become the "Three Nephites." There is a pyramid shaped building in the background.

សាសន៍​នីហ្វៃ​ទាំង​បី​រូបដោយ ហ្គារី អិល ខាប

ជារឿយៗ ព្រះយេស៊ូវ​បាន​បង្រៀន​តាមរយៈ​សំណួរ និង ការអញ្ជើញ ។ សូម​ពិចារណា​ពី​គំរូ​មួយ​នៅ​ក្នុង​គ្រា​ដែល​ទ្រង់​បាន​ចំណាយ​ពេលជាមួយ​នឹង​ពួក​សិស្ស​នៅ​ទ្វីប​អាមេរិក ។ កាល​ពួកគេ​កំពុង​អធិស្ឋាន ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកគេ ហើយ​បាន​សួរ​នូវ​សំណួរ​ត្រង់ៗ​មួយ​ថា ៖ « តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​យើង​ប្រទាន​អ្វី​ដល់​អ្នក? » ( នីហ្វៃទី 3 27:2 ) ។ តើ​អ្នក​នឹង​ឆ្លើយ​បែបណា ប្រសិនបើ​ព្រះអង្គ​សង្គ្រោះ​សួរ​សំណួរ​នេះ​ដល់​អ្នក​វិញ ?

ពួកសិស្សបាន​តបថា ៖ « ឱ​ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​សូម​ឲ្យ​ព្រះអង្គ​ប្រាប់​យើង​ខ្ញុំ​នូវ​ឈ្មោះ​ដែល​យើង​ខ្ញុំ​នឹង​ហៅ​សាសសនាចក្រ​នេះ ត្បិត​មាន​ការ​ប្រកែកគ្នា​នៅ​ក្នុង​ចំណោម​ប្រជាជន​អំពី​រឿង​នេះ » ( នីហ្វៃ 3 27:3 ) ។

ព្រះគ្រីស្ទ​បាន​ឆ្លើយ​នឹង​សំណួរ​ពួកគេ​ថា ៖ « តើ​ពួកគេ​ពុំ​បាន​អាន​បទគម្ពីរ​ទាំងឡាយ​ដែល​បាន​ចែង​ថា អ្នក​រាល់​គ្នា​ត្រូវ​យក​ព្រះ​នាម​ព្រះគ្រីស្ទ​ដាក់​លើ​ខ្លួន ដែល​ជា​នាម​យើង​ទេ​ឬ ? » ( នីហ្វៃទី 3 27:5 ) ។ ​សំណួរ​នេះ​បាន​ក្រើនរំឭក​យើង​ដល់ពួកអ្នករៀន​របស់​ទ្រង់​ថា ពួកគេ​គួរ​ដាក់​ការខិតខំ​មួយ​ចំនួន​ទៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​ពួកគេ​ផ្ទាល់ ហើយ​ថា​ចម្លើយ​ចំពោះ​សំណួរ​ជាច្រើន​អាច​មាន​នៅ​ក្នុង​ព្រះគម្ពីរ ។

រួច​ទ្រង់​បាន​បញ្ចប់​ដោយ​រំឭក​ពួក​សិស្ស​ពី​ផ្នែក​សំខាន់​នៃ​ព្រះនាម​របស់​ទ្រង់ ។ បន្ទូល​របស់​ទ្រង់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព ហើយ​បាន​សន្យា​ពី​ពរជ័យ​មួយ​ដល់​ពួកគេ ៖ « ហើយ​អស់​អ្នក​ណា​ដែល​ដាក់​នាម​យើង​លើ​ខ្លួន ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត អ្នក​នោះ​ហើយ​នឹង​បាន​សង្គ្រោះ​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ » ( នីហ្វៃទី 3 27:6 ) ។

គំរូ​នៃ​ការបង្រៀន

នៅ​ក្នុង​បទ​គម្ពីរ​ខ្លីៗ​ទាំងនេះ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​យើង នូវគំរូ​នៃ​ការបង្រៀន​មួយ​ដ៏​ទេវភាព ។ ទ្រង់​បាន​ចាប់ផ្ដើម​ដោយ​សំណួរ​មួយ​ដែល​បំផុសគំនិត​ដែល​បាន​រៀបចំ​ឡើង ​ដើម្បី​ញាណ​ដឹង​ពីសេចក្ដី​ត្រូវការ​របស់​ពួក​សិស្ស​ទ្រង់ ។ រួច​ទ្រង់​បាន​រង់ចាំ ហើយ​ស្ដាប់​ពី​ចម្លើយ​របស់​ពួកគេ ។

បន្ទាប់ពី​ពួក​សិស្ស​របស់​ទ្រង់​បាន​ឆ្លើយ​រួច ទ្រង់​បាន​ជួយ​ពួកគេ​ស្វែងរក​អ្វី​ដែល​ពួកគេ​កំពុង​ស្វែងរក​តាមរយៈ​ការដឹកនាំ​ពួកគេ​ឲ្យ​ទៅ​រក​ព្រះគម្ពីរ ។

ទីបំផុត ទ្រង់​បាន​ធ្វើ​ការអញ្ជើញ​ចំនួន​ពីរ ហើយ​បាន​សន្យា​នូវ​ពរជ័យ​មួយ​ដ៏​អស្ចារ្យ​ដល់​ជន​ដែល​ព្រម​ធ្វើតាម​ការអញ្ជើញ​របស់​ទ្រង់ ។ វិធីសាស្ត្រ​នៃ​ការបង្រៀន​របស់​ព្រះគ្រីស្ទ​នៅ​ក្នុងគ្រា​នេះ អាច​ត្រូវបាន​សង្ខេប​ជា​គោលការណ៍​ប្រាំ​យ៉ាង ៖

1. សួរសំណួរ​ដែល​មាន​ប្រសិទ្ធភាព ។

ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ថា « តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​យើង​ប្រទាន​អ្វី​ដល់​អ្នក ? » សំណួរនេះ​អញ្ជើញ​ឲ្យ​មាន​ចម្លើយ​ផ្សេងៗ​គ្នា ។ កាល​យើង​សួរ​សំណួរ​បែប​នេះ យើង​ជួយ​សិស្ស​ឲ្យ​បង្ហាញ​ប្រាប់នូវ​អ្វី​ដែល​ពួកគេ​ចង់​រៀន ហើយ​យើង​ជួយ​ពួកគេ​ឲ្យ​ផ្ដោត​លើ​រឿង ដែល​សំខាន់បំផុត​ទាំងនោះ យើង​ធ្វើ​ឲ្យ​ពួកគេ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​រៀនសូត្រ ។

2. ស្ដាប់​សិស្ស​របស់​អ្នក ។

ព្រះយេស៊ូវគ្រីស្ទ​ស្ដាប់ កាល​ពួកគេ​បាន​ពោល​ថា « ឱ​ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​សូម​ឲ្យ​ព្រះអង្គ​ប្រាប់​យើង​ខ្ញុំ​នូវ​ឈ្មោះ​ដែល​យើង​ខ្ញុំ​នឹង​ហៅ​សាសនាចក្រ​នេះ » ។ តាម​រយៈការស្ដាប់ យើង​អាច​រៀបចំ​ខ្លួន​បាន​យ៉ាង​ប្រសើរ​ដើម្បី​ផ្ដោតអារម្មណ៍​លើ​សេចក្ដី​ត្រូវការ​របស់​សិស្ស​យើង ។

3. ប្រើ​ព្រះ​គម្ពីរ ។

ព្រះគ្រីស្ទ​បាន​រំឭក​ដល់​ពួក​សិស្ស​ទ្រង់​ថា « តើ​ពួកគេ​ពុំ​បាន​អាន​បទគម្ពីរ​ទាំងឡាយ​ដែល​បាន​ចែង​ថា អ្នក​រាល់​គ្នា​ត្រូវ​យក​ព្រះនាម​ព្រះគ្រីស្ទ​ដាក់​លើ​ខ្លួន ដែល​ជា​នាម​យើង​ទេ​ឬ ? » ទាំង​គ្រូ​បង្រៀន និង សិស្ស​គួរ​ចំណាយ​ពេល​មើល​ព្រះគម្ពីរ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​មេរៀន ។ ការសិក្សា​ព្រះគម្ពីរ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការរៀបចំ​ខ្លួន​ខាង​វិញ្ញាណ​សម្រាប់​គ្រូ​បង្រៀន និង សិស្ស ។

4. អញ្ជើញ​សិស្ស​អ្នក​ឲ្យ​ធ្វើ​សកម្មភាព ។

ព្រះអម្ចាស់​បាន​អញ្ជើញ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ (1) លើក​ដាក់​ព្រះ​នាម​ទ្រង់​លើ​ខ្លួន​ពួកគេ (2) កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ ប្រកាស​ដំណឹង​ល្អ​របស់​យើងចែង​ថា « តែ​ទោះ​ជា​មាន ក៏​វា​កម្រ​ណាស់​ដែល អ្នក​គួរតែ​និយាយ​ទៅ​កាន់​មនុស្ស ឬ​បង្រៀន​ពួកគេ​ដោយ​គ្មាន​ការអញ្ជើញ​ឲ្យ​តាំងចិត្ត​ដើម្បី​ធ្វើ​អ្វី​មួយ​នោះ ដែល​នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​នៅ​ក្នុង​ព្រះគ្រីស្ទ » ។1 នេះ​គឺ​ជា​ការប្រឹក្សា​ដ៏​ល្អ ពុំ​មែន​សម្រាប់​តែ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​គ្រួ​បង្រៀន​ដំណឹងល្អ​ទាំងអស់ ។

5. រំឭក​សិស្ស​អ្នក​ពី​ពរជ័យ​នៃ​ការគោរព​ប្រតិបត្តិ​ដែល​បាន​សន្យា ។

ជា​ចុងក្រោយ ព្រះយេស៊ូវគ្រីស្ទ​បាន​សន្យា​ដល់​ពួក​សិស្ស​ទ្រង់​ថា ជន​ដែល​ធ្វើតាម​ការអញ្ជើញ​របស់​ទ្រង់ « នឹង​ត្រូវ​បាន​សង្គ្រោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ។ ព្រះ​គ្រីស្ទ​បាន​សន្យា​ចំពោះ​យើង​ជាញឹកញាប់​អំពី​ពរជ័យ​ដ៏​ជម្រើស​បំផុត​របស់​ទ្រង់​សម្រាប់​ការគោរព​ប្រតិបត្តិ​របស់​យើង ( សូមមើល គ. និង ស. 14:7 ) ។ យើង​អាច​ធ្វើ​ដូច​គ្នា​ដែរ ក្នុង​នាម​ជា​គ្រួ​បង្រៀន​ពី​ដំណឹងល្អ​របស់​ទ្រង់ ។

គំរូ​ខាង​លើ​បាន​ឆ្លុះបញ្ចាំងពី​វិធីសាស្ត្រ​បង្រៀន​ដ៏​សំខាន់​មួយ​ចំនួន ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ ។​ ជាង​នេះ​ទៀត ពេល​ខ្លះ​ទ្រង់​បាន​បង្រៀន​ដោយ​រឿង​ប្រៀប​ប្រដូច ។ ម្ដងម្កាល ទ្រង់​បាន​សាក​ល្បង ហើយ​ថែម​ទាំង​វាយ​ផ្ចាល​ដល់​ពួក​អ្នក​រិះគន់​ដល់​ទ្រង់​ផងដែរ ។ ប៉ុន្តែ​ទ្រង់​តែងតែ​បង្រៀន​ដោយ​សេចក្ដី​ស្រឡាញ់ សូម្បី​តែ​ជន​ដែល​ទ្រង់​បាន​ស្ដីបន្ទោស​ដែរ ( សូមមើល វិវរណៈ 3:19 ) ។

ស្រឡាញ់​សិស្ស​របស់​អ្នក

រូបភាព
The resurrected Jesus Christ with His arms around the shoulder of the apostle Peter. Christ points to a large number of fish lying on the beach as He speaks to Peter. Two other men and a ship sit on the beach in thebackground.

តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ?ដោយ ដេវីឌ លីនស្លី

យើង​ក៏​ត្រូវ​បង្រៀន​ដោយ​សេចក្ដី​ស្រឡាញ់ និង សេចក្ដី​សប្បុរស​ផងដែរ ប្រសិនបើ​យើង​ចង់​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ សេចក្ដី​ស្រឡាញ់​បើក​ដួងចិត្ត​ទាំង​គ្រូបង្រៀន និង សិស្ស ដូច្នេះ « ទាំង​ពីរ​នាក់ [ អាច​ត្រូវបាន ] ស្អាង​ឡើង ហើយ​ត្រេកអរ​ជាមួយ​គ្នា » ( គ. និង ស. 50:22​ ) ។

គំរូ​មួយ​ដ៏​អស្ចារ្យ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ​សង្គ្រោះ​ចំពោះ​ពួក​សិស្ស​ទ្រង់​អាច​រកឃើញ​នៅ​ក្នុង​នីហ្វៃ​ទី 3 ត្រង់​កន្លែង​ដែល​ទ្រង់​អធិស្ឋាន ទ្រង់​ព្រះកន្សែង ហើយ​បាន​ប្រសិទ្ធពរ​ដល់​ប្រជាជន​នោះ ។ កាល​ទ្រង់​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតា​ទ្រង់​ឲ្យ​ប្រទានពរ​ដល់​ពួកគេ នោះ​ពួក​សាសន៍​នីហ្វៃ​ទទួលបាន​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ៖ « គ្មាន​អ្នក​ណា​មួយ​អាច​យល់​នូវ​សេចក្ដី​អំណរ​ដែល​ពោរពេញ​នៅ​ក្នុង​ព្រលឹង​នៃ​យើង នៅ​ពេល​យើង​បាន​ឮ​ទ្រង់​អធិស្ឋាន​ដល់​ព្រះវរបិតា​សម្រាប់​យើង​នោះ​ទេ » ( នីហ្វៃទី 3 17:17 ) ។

ទ្រង់​បាន​ព្រះកន្សែង​ដោយ​សេចក្ដី​អំណរ​សម្រាប់​ពួកគេ ហើយ​បាន​ប្រទានពរ​ដល់​ពួកគេ​សម្រាប់​សេចក្ដី​ជំនឿ​របស់​ពួកគេ ហើយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ក៏​អស្ចារ្យ​ដែរ ៖

« មាន​ពរហើយ អ្នក​រាល់គ្នា មក​ពី​សេចក្ដី​ជំនឿ​របស់​អ្នក ។ ហើយ ឥឡូវនេះ មើលចុះ សេចក្ដី​អំណរ​របស់​យើង​បាន​ពោរពេញ ។

« ហើយ​កាល​ទ្រង់​បាន​ធ្វើការ​នេះ​ចប់​ហើយ នោះ​ទ្រង់​ក៏ ព្រះកន្សែង​ទៀត » ( នីហ្វៃទី 3 17:20–21 ) ។

សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​អាច​បង្កើត​ឲ្យ​មាន​ការរៀន​សូត្រ​ដ៏​អស្ចារ្យ ។ ព្រះ​គម្ពីរ​កត់ត្រា​ថា « ព្រះភក្រ្តរបស់​ទ្រង់​បាន​ញញឹម​ទៅ​រក​ពួក​គេ » ហើយ « ចិត្ត​គេ​បាន​បើក បណ្តាល​ឲ្យ​គេ​យល់​នៅ​ក្នុង​ចិត្ត​គេ » ​( នីហ្វៃទី 3 19:25, 33) ។

លើក​ទឹកចិត្ត​សិស្ស​របស់​អ្នក​ឲ្យ​ថ្លែង​ទីបន្ទាល់

ព្រះអង្គ​សង្គ្រោះ​ក៏​ប្រទាន​ឱកាស​ដល់​ពួកអ្នករៀន​ទ្រង់​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ផងដែរ ។ ឧទាហរណ៍ « កាល​ព្រះយេស៊ូវ បាន​យាង​មក​ដល់​ក្រវល់​ក្រុង​សេសារា ភីលីព នោះ​ទ្រង់​មាន​ព្រះបន្ទូល សាកសួរ​ពួក​សិស្ស​ថា តើ​មនុស្ស​ទាំងឡាយ គេ​ថា​កូន​មនុស្ស​ជា​នរណា ?

« ពួក​សិស្ស​ទូល​ឆ្លើយ​ថា ខ្លះ ថា​ជា យ៉ូហាន​បាទីស្ទ ខ្លះ​ទៀត​ថា​ជា​អេលីយ៉ា ហើយ​ខ្លះទៀត​ថា​ជា​យេរេមា ឬ​ហោរា​ណា​មួយ ។

« ទ្រង់​មាន​បន្ទូល​សួរ​ថា ចុះ អ្នក​រាល់​គ្នា វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា ?

« ហើយ​ស៊ីម៉ូន ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា ព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា នៃ ព្រះ​ដ៏​មាន​ព្រះជន្មរស់ » ( ម៉ាថាយ 16:13–16 ) ។

បន្ទាប់ពី​ពេត្រុស​បាន​ចែកចាយ​ទីបន្ទាល់​ខ្លួន​ហើយ ព្រះគ្រីស្ទ​បាន​ប្រកាស​នូវ​ពរជ័យ​ដ៏​អស្ចារ្យ​មក​លើ​គាត់​ថា ៖​

« អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ ត្បិត​មិន​មែន​សាច់ឈាម​ដែល បាន​សម្ដែង ឲ្យ អ្នក​ស្គាល់​ទេ គឺ​ព្រះវរបិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ ។

« ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង ពួកជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ ស្ថានឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង មិន​ដែល​ឈ្នះ​ពួកជំនុំ​ឡើយ ។

« ខ្ញុំ​នឹង​ឲ្យ​កូនសោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក បើ​អ្នក​នឹង​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវចងទុក​នៅ​លើ​ស្ថានសួគ៌​ដែរ ហើយបើ​អ្នក​នឹង​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ » ( ម៉ាថាយ 16:17–19 ) ។

នៅ​ក្នុង​ការព្យាយាម​ក្លាយជា​គ្រូ​ដ៏​ឆ្នើមប្រពៃ យើង​ក៏​ត្រូវ​សួរ​សំណួរ ដែល​បំផុសគំនិត​ដល់​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​ពួកគេ ទាំង​ពាក្យសម្ដី និង នៅ​ក្នុង​ចិត្ត​របស់​ពួកគេ​ជានិច្ច​ផងដែរ ។ យើង​ត្រូវ​អញ្ជើញ​សិស្ស​យើង​ឲ្យ​ស្វែងរក​បទពិសោធន៍ ដែល​បង្កើត​នូវ​ទីបន្ទាល់​ផ្ទាល់ខ្លួន​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ ។ រួច​ប្រសិន​បើ​បរិយាកាស​ក្នុង​ថ្នាក់​រៀន ឬ​ផ្ទះ​ល្អ​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ សិស្ស​យើង​នឹង​មាន​ចិត្តកក់ក្តៅ​ដើម្បី​ចែកចាយបទ​ពិសោធន៍​ខាង​វិញ្ញាណ និង​ទីបន្ទាល់​ជាមួយ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ។

រស់​តាម​អ្វី​ដែល​អ្នក​បង្រៀន

ព្រះយេស៊ូវគ្រីស្ទ​បាន​ទូន្មាន​ដល់​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​រឿង​ដែល​ទ្រង់​បាន​ធ្វើ ( សូមមើលនីហ្វៃទី 3 27:21 ) — ដើម្បី​ធ្វើតាម​ទ្រង់ ( សូម​មើល​ម៉ាថាយ 4:19 ) ។ ទ្រង់​បាន​រស់នៅ​តាម​អ្វី​ដែល​ទ្រង់​បាន​បង្រៀន ហេតុដូច្នេះហើយ ទ្រង់​បាន​បង្រៀន​តាមរយៈ​គំរូ ។

ទ្រង់​បាន​បង្រៀន​ពី​ការបម្រើ​តាមរយៈ​ការធ្វើ​ការបម្រើ ។ ពិត​ជា​មេរៀន​មួយ​ដ៏​អស្ចារ្យ​ណាស់​អ្វី​ម៉្លេះ សម្រាប់​ពួក​សិស្ស​របស់​ទ្រង់ កាល​ដែល​ទ្រង់​បាន​លាង​ជើង​ដល់​ពួកគេ​នោះ ! « ដូច្នេះបើ​ខ្ញុំ​ដែល​ជា​ព្រះអម្ចាស់ ហើយ​ជា​គ្រូ​បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរតែ​ឲ្យ​អ្នក​រាល់​គ្នា​លាង​ជើង​ដល់​គ្នា​នឹង​គ្នា​ដែរ ។

« ដ្បិត​ខ្ញុំ​បាន​ធ្វើ​តម្រាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ » ( យ៉ូហាន 13:14–15 ) ។

ទ្រង់​បាន​បង្រៀន​ពី​សេចក្ដី​ស្រឡាញ់​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ។ « ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្តិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា​គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា​ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ( យ៉ូហាន 13:34 ) ។

ទ្រង់​បាន​បង្រៀន​ពី​ការអធិស្ឋាន​ដោយ​ការធ្វើ​ការអធិស្ឋាន ។ បន្ទាប់ពី​ធ្វើ​ការអធិស្ឋាន​ដ៏​ស្និទ្ធស្នាល ហើយ​វិសេសវិសាល​បំផុត​រហូត​ដល់​ពួកគេ​មិន​អាច​កត់ត្រា​ទុក​បាន ទ្រង់​មាន​បន្ទូល​ថា « ហើយ​ដូច​ដែល​យើង​បាន​អធិស្ឋាន​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​អធិស្ឋាន​នៅ​ក្នុង​សាសនាចក្រ​របស់​យើង​យ៉ាង​នោះ​ដែរ ។ … មើលចុះ យើង​ជាពន្លឺ យើង​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា » ( នីហ្វៃទី 3 18:16 ) ។

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ជា​គំរូ​មួយ​សម្រាប់​គ្រូបង្រៀន​ដំណឹងល្អ​ទាំងអស់​ដែល​ចង់​បង្រៀន​តាម​របៀប​របស់​ទ្រង់ ។ ថ្វី​កាលដែល​​យើង​​មិន​ទាន់​ល្អ​ឥតខ្ចោះ​ដូចជា​ទ្រង់​ទេ​នោះ យើង​អាច​ខិតខំ​ដោយ​ឧស្សាហ៍​ដើម្បី​រស់នៅ​តាម​អ្វី​ដែល​យើង​បង្រៀន ។ នៅ​ក្នុង​ទំនុកច្រៀង​នៃ​ចម្រៀង​មួយ​បទ​របស់​កុមារ គ្រូ​បង្រៀន​អាច​មាន​លទ្ធភាព​និយាយ​នូវ​ឃ្លា​ថា « ធ្វើ​តាម​ដូច​ខ្ញុំ​ធ្វើ ធ្វើ​តាម​ធ្វើ​តាម​ខ្ញុំ ! »2

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

គ្រូ​បង្រៀន​ដំណឹងល្អ​ទាំងអស់​ត្រូវបាន​អញ្ជើញ​ឲ្យ​សម្រប​ខ្លួន​តាម​គោលការណ៍​សំខាន់​ទាំង​ប្រាំ​មួយ​ដូច​ខាង​ក្រោម​នេះ ដែលឆ្លុះបញ្ចាំង​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ៖

1. ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន ។

  • ស្វែងយល់​ពី​បុគ្គល​ម្នាក់ៗ ។

  • ផ្ដោតលើ​សេចក្ដី​ត្រូវការ​របស់​សិស្ស​អ្នក ។

2. រៀបចំ​ខ្លួន​ខាង​វិញ្ញាណ ។

  • រស់​តាម​អ្វី​ដែល​អ្នក​បង្រៀន ។

  • ដឹង​ពី​ធនធាន​ដែល​មាន ។

3. បង្រៀន​ដោយ​ព្រះវិញ្ញាណ ។

  • ជួយ​សិស្ស​អ្នក​ឲ្យ​ស្គាល់​ព្រះវិញ្ញាណ ។

  • ធ្វើ​ជា​គ្រូបង្រៀន​ម្នាក់​ដែល​ងាយបង្រៀន ។

  • បង្កើត​បរិយាកាស​រៀន​សូត្រ

4. ស្វែង​រក​ដំណឹងល្អ​រួម​គ្នា ។

  • ដាក់​ការរំពឹង​ទុក​ឲ្យ​ខ្ពស់ ។

  • លើក​ទឹក​ចិត្ត​សិស្ស​របស់​អ្នក​ឲ្យ​ថ្លែង​ទីបន្ទាល់ ។

  • សួរ​សំណួរ​ដែល​មាន​ប្រសិទ្ធភាព ។

  • ស្ដាប់​សិស្ស​របស់​អ្នក ។

5. បង្រៀន​គោលលទ្ធិ ។

  • ប្រើ​ព្រះ​គម្ពីរ ។

  • ប្រើ​ដំណើរ​រឿង និង ឧទាហរណ៍ ។

  • សន្យា​ពរជ័យ ហើយ​ថ្លែង​ទីបន្ទាល់ ។

6. អញ្ជើញ​សិស្ស​អ្នក​ឲ្យ​ធ្វើ​សកម្មភាព ។

  • ជួយ​សិស្ស​អ្នក​ឲ្យ​អនុវត្ត ។

  • តាមដាន​លើ​ការអញ្ជើញ

កាល​ណា​យើង​អនុវត្ត​គោលការណ៍​ទាំងនេះ យើង​នឹង​ក្លាយជា​គ្រូ​បង្រៀន​ដ៏​ប្រពៃ សិស្ស​ដ៏​ប្រពៃ ឪពុកម្ដាយ​ដ៏​ប្រពៃ និង ជា​សិស្ស​ដ៏​ប្រពៃ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។ ត្បិត​ទ្រង់​បាន​បង្គាប់​យើង​ឲ្យ « បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក »​ « ដោយ​ឧស្សាហ៍ » តាម​របៀប​ដែល « ឲ្យ​ទាំងអស់​បាន​ស្អាង​ឡើង​ទាំងអស់​គ្នា » ( គ. និង ស. 88:77, 78, 122 ) ។ សូម​ឲ្យ​អ្នក​ដែល​យើង​បង្រៀន​ឃើញ​ពី​លក្ខណៈ​នៃ​គ្រូ​បង្រៀន​ដ៏​ឆ្នើម​ប្រពៃ​នៅ​ក្នុង​ខ្លួន​យើង ហើយ​ទទួលបាន​បទពិសោធន៍​មួយ​ដែល​ពុំ​មែន​គ្រាន់តែ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ចំណេះដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្លាស់ប្ដូរ​ជីវិត​ពួកគេ​ផងដែរ ។

កំណត់​ចំណាំ

  1. ប្រកាស​ដំណឹងល្អ​របស់​យើង ៖ សៀវភៅ​ណែនាំ​សម្រាប់​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ 2004 ) ទំព័រ 200 ។

  2. « Do As I’m Doing » Children’s Songbook, ទំព័រ 276 ។