ឆ្នាំ ២០១០-២០១៩
ចាំ​យាម​ក្នុង​ការ​អធិស្ឋាន​ជានិច្ច
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ចាំ​យាម​ក្នុង​ការ​អធិស្ឋាន​ជានិច្ច ( អាលម៉ា ៣៤:៣៩, មរ៉ូណៃ ៦:៤, លូកា ២១:៣៦ )

ការ​សង្កេត​មើល​ជា​ទៀងទាត់​គឺ​តម្រូវ​ឲ្យ​មាន​ ដើម្បី​កាត់​បន្ថយ​ភាព​ស្កប់ស្កល់ និង​ភាពធម្មតា ។

ខ្ញុំ​អធិស្ឋាន​​យ៉ាងក្លៀវក្លា​សូម​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រាប់​បងប្អូន និង​រូប​ខ្ញុំ នៅពេល​យើង​រីករាយ ហើយ​ថ្វាយ​បង្គំ​រួម​គ្នា ។

នៅ​ខែ​មេសា ឆ្នាំ​១៩៧៦ អែលឌើរ ប៊យដ៍ ខេ ផាកកឺ បាន​ថ្លែង​ជាក់​លាក់​ទៅ​កាន់​យុវវ័យ​របស់​សាសនាចក្រ​នៅ​ក្នុង​សន្និសីទ​ទូទៅ ។ ក្នុង​សារលិខិត​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា « សត្វ​ក្រពើ​ខាង​វិញ្ញាណ » លោក​បាន​រៀបរាប់​ពី​របៀប​សង្កេតមើល​ឃើញ​សត្វ​ក្រពើ​កំពុង​លាក់​ខ្លួន​យ៉ាង​ល្អ​ ដើម្បី​ចាប់​សត្វ​ជា​ចំណី កាល​លោក​ទៅ​បំពេញ​កិច្ចការ​មួយ​នៅ​ទ្វីប​អាហ្វ្រិក ។​ បន្ទាប់​មក លោក​បាន​ប្រដូច​សត្វ​ក្រពើ​ទៅ​នឹង​សាតាំង ដែល​ចាប់​យុវវ័យ​ដែល​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជា​ចំណី តាមរយៈ​ការ​បន្លំ​ខ្លួន​នៅ​ក្នុង​អំពើ​បាប​ដ៏​គ្រោះថ្នាក់ ។

ខ្ញុំ​មាន​អាយុ ២៣ ឆ្នាំ កាល​អែលឌើរ ផាកកឺ ថ្លែង​សុន្ទរកថា​នោះ ហើយ​ស៊ូសិន និង​ខ្ញុំ​​មាន​កូន​ដំបូង​របស់​យើង ដែល​ទើប​នឹង​កើត​បាន​ពីរ​បី​ថ្ងៃ ។ យើង​បាន​ចាប់អារម្មណ៍​លើ​សារលិខិត​របស់​លោក​ស្ដីពី​ការ​ចៀស​វាង​ពី​អំពើបាប និង​វិធី​ដ៏​ប៉ិនប្រសប់​ដែល​លោក​បាន​ប្រើ​ឥរិយាបថ​ធម្មតា​របស់​សត្វ​ដើម្បី​បង្រៀន​អំពី​មេរៀន​ខាង​វិញ្ញាណដ៏​សំខាន់​មួយ​ ។

ស៊ូសិន និង​ខ្ញុំ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាហ្វ្រិក​ដើម្បី​កិច្ចការ​ជាច្រើន ។ ហើយ​យើង​មាន​ឱកាស​មើល​ឃើញ​ពី​សត្វ​ដ៏​អស្ចារ្យ​ដែល​រស់​នៅ​​ក្នុងទ្វីប​នោះ ។ ដោយ​នឹក​ចាំ​ពី​ឥទ្ធិពល​ដែល​សុន្ទរកថា​របស់​អែលឌើរ ផាកកឺ​មាន​នៅ​ក្នុង​ជីវិត​របស់​យើង យើង​បាន​ព្យាយាម​សង្កេត​មើល ហើយ​រៀន​ពី​មេរៀន​សំខាន់ៗ​មក​ពី​ឥរិយាបថ​សត្វ​ព្រៃ​នៅទ្វីប​អាហ្វ្រិក ។

ខ្ញុំ​ចង់​ពិពណ៌នា​ពី​​លក្ខណៈ និងយុទ្ធសាស្ត្រ​របស់​សត្វ​ខ្លា​រខិន​ពីរ​ក្បាល​ដែល​ស៊ូសិន និង​ខ្ញុំ​បាន​មើល​វា​ដេញ​ចាប់​ចំណី​ ហើយវា​ទាក់ទង​ទៅ​នឹង​រឿង​មួយ​ចំនួន​ដែល​យើង​បាន​សង្កេត​ឃើញ​ចំពោះ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្លា​រខិន និង សត្វ​ឈ្លូស

ខ្លារខិន​គឺជា​សត្វដែល​រត់​លឿន​ជាង​គេ​បំផុត​លើ​លោក ហើយ​ល្បឿន​នៃ​ការ​រត់​របស់​វា​អាច​ទៅដល់ ១២០ គ.ម/ម៉ោង ។ សត្វ​ស្អាតៗ​​ទាំង​នេះ​អាច​ពន្លឿន​ល្បឿន​នៃ​ការ​ឈរ​ស្ងៀម​វារត់​ក្នុង​ល្បឿន ៦៨ គ.ម/ម៉ោង ក្នុង​រយៈពេល​តិច​ជាង​បី​វិនាទី ។ ខ្លារ​ខិន​គឺជា​សត្វ​សាហាវ​ដែល​ដើរ​លបៗ​ចាប់​ចំណី​របស់​វា ហើយរត់​ក្នុង​ចម្ងាយ​ដ៏​ខ្លី​មួយ​ដើម្បី​ដេញ​ប្រហារ ។

រូបភាព
អែលឌើរ និងស៊ីស្ទើរ បែតណា​មើល​សត្វឆ្កែចចក

ស៊ូសិន និង​ខ្ញុំ​បាន​ចំណាយ​ពេល​ជិត​ពីរ​ម៉ោង​មើល​ខ្លា​រខិន​ពីរ​ក្បាល​កំពុង​ឈ្លប​មើល​សត្វ​ឈ្លូស​មួយ​ក្រុម​ធំ ជា​ប្រភេទ​សត្វ​ដែល​សម្បូរ​បំផុត​នៅ​ទ្វីប​អាហ្វ្រិក ។ ស្មៅ​ខ្ពស់ៗ ហើយ​ស្ងួត​នៃ​ទីវាល​ទ្វីប​អាហ្វ្រិក​មាន​ពណ៌​ត្នោត​ទុំ ហើយ​ស្ទើរ​តែ​លាក់​បាំង​សត្វ​សាហាវ​បាន​ទាំង​ស្រុង ពេល​វា​ដេញ​តាម​ឈ្លូស​មួយ​ក្រុម ។ ខ្លា​រខិន​ទាំង​នោះ​នៅ​ឆ្ងាយ​ពីគ្នា​ប្រមាណ​ជា ៩១ ម៉ែត្រ ប៉ុន្តែ​វា​​ធ្វើ​ការ​ប្រម៉ាញ់​រួម​គ្នា ។

កាល​ខ្លា​រខិន​មួយ​អង្គុយ​ចាំ​ស្ងៀម​នៅ​លើ​ស្មៅ ខ្លា​រខិន​មួយ​ទៀត​បាន​ក្រាប​ចុះ​ទៅ​នឹង​ដី ហើយ​លូន​យឺតៗ​ទៅ​ជិត​នឹង​សត្វ​ឈ្លូស​ដែល​ពុំ​បាន​ដឹង​ខ្លួន ។ បន្ទាប់​មក ខ្លា​រខិន​ដែល​បានអង្គុយក៏​ខ្លួន​បាត់​ចូល​តាមគម្ពោធស្មៅចំពេល​ដែល​ខ្លា​រខិន​មួយ​ទៀត​អង្គុយ​ចាំដែរ ។ លំនាំ​ឆ្លាស់​គ្នា​នេះដែល​ខ្លា​រខិន​មួយ​ក្រាប​ដល់​ដី ហើយ​លូន​ទៅ​មុខ កាល​ខ្លា​រខិន​មួយ​ទៀត​អង្គុយ​ចាំ​នៅ​លើ​ស្មៅ​បាន​បន្ត​យ៉ាង​យូរ ។ យុទ្ធសាស្ត្រ​លាក់​ខ្លួន​ដ៏​ឆ្លាត​វៃ​នេះ​មាន​ចេតនា​ដើម្បី​បង្វែរ​អារម្មណ៍ ហើយ​បញ្ឆោត​សត្វ​ឈ្លូស ដើម្បី​កុំ​ឲ្យ​វា​ដឹង​ពី​គ្រោះថ្នាក់ដែល​ជិត​មក​ដល់ ។ ដោយ​ភាពអត់ធ្មត់ និង​ខ្ជាប់​ខ្ជួន ខ្លារខិន​ពីរ​ក្បា​ល​នោះ​បាន​ធ្វើ​សហការ​គ្នាចាប់​ចំណី​វា​ឲ្យ​បាន ។

នៅ​ចន្លោះ​សត្វ​ឈ្លូស​មួយ​ក្រុម​ធំ និង​ខ្លា​រខិនដែល​ជិត​មក​ដល់​នោះ​មាន​សត្វ​ឈ្លូស​​ចំណាស់ ហើយ​មាឌ​មាំ​បី​បួន​ក្បាល​កំពុង​ឈរតម្រង់​ជួរ​គ្នា​នៅ​លើ​ពំនូក​ដី ។ កាល​ឈរ​នៅ​លើ​ពំនូក​ដី​ ហើយ​មើល​ទៅ​វាល​ស្មៅ​ធ្វើ​ឲ្យ​សត្វ​ឈ្លូស​ដែល​ឈរ​ចាំ​ការ​ពារ​ទាំង​នេះអាច​មើល​ឃើញ​ពី​សញ្ញា​គ្រោះថ្នាក់​បាន ។

រំពេច​ក្រោយ​មក កាល​ខ្លា​រខិន​ពី​រ​ក្បា​ល​នោះ​បាន​លេច​ខ្លួ​ន​មក​ក្នុង​ចម្ងាយឈ្លបចាប់បាន នោះ​សត្វ​ឈ្លូស​ទាំងអស់​បាន​ងាក​ខ្លួន ហើយ​រត់ចេញ ។ ខ្ញុំ​ពុំ​ដឹង​ថា សត្វ​ឈ្លូសដែល​ឈរ​តម្រង់​ជួរ​គ្នា​នោះ​បាន​ទាក់ទង​ទៅ​ក្រុម​សត្វ​ឈ្លូស​ដ៏​ធំ​នោះ​តាម​របៀបណា​ទេ ប៉ុន្តែ​មាន​ការ​ព្រមាន​មួយ​ត្រូវ​បាន​ផ្ដល់​ឲ្យ ហើយ​សត្វ​ឈ្លូស​ទាំង​អស់​បាន​ផ្លាស់​ទី​ទៅ​កន្លែង​មាន​សុវត្ថិភាព ។

ចុះ​តើ​ខ្លា​រខិន​នោះ​ធ្វើ​អ្វី​បន្ទាប់​ទៀត ? ដោយ​ពុំ​បង្អង់ ខ្លា​រខិន​ពីរ​ក្បាល​នោះ​បាន​ចាប់ផ្ដើម​ធ្វើ​លំនាំ​ផ្លាស់​ប្ដូរ​គ្នា​ម្ដង​ទៀត ដោយ​ខ្លា​រខិន​មួយ​ក្បាល​ក្រាប​លើដី ហើយ​លូន​ទៅ​មុខ កាល​ខ្លា​រខិន​មួយ​ក្បាល​ទៀត​អង្គុយ​ចាំ​នៅ​លើ​ស្មៅ ។ លំនាំ​នៃ​ការ​ខិតខំ​នេះ​បាន​បន្ត ។ វា​ពុំ​បាន​ឈប់​ទេ ។ វា​ពុំ​បាន​សម្រាក ឬ​ផ្អាក​នោះ​ទេ ។ វា​​បាន​បន្ត​ធ្វើ​តាម​យុទ្ធសាស្ត្រ​នៃ​ការ​បង្វែរ​អារម្មណ៍ និង​ការ​បន្លំខ្លួន​រ​បស់​វា ។ ស៊ូសិន និង​ខ្ញុំ​បាន​មើល​ខ្លា​រខិនពីរ​ក្បាល​នោះ​រត់​លាក់​ខ្លួន​ពី​ចម្ងាយ ហើយ​តែង​តែចូល​ខិត​ទៅ​ជិត​ក្រុម​សត្វ​ឈ្លូស​នោះ ។

នៅ​យប់​នោះ ស៊ូសិន និង​ខ្ញុំបាន​មាន​ការ​សន្ទនា​គ្នា​មួយ​ដ៏​ល្អ​អំពី​អ្វី​ដែល​យើង​បាន​សង្កេត​ឃើញ ហើយ​បាន​រៀន ។ យើង​ក៏​បាន​ពិភាក្សា​​បទពិសោធន៍​នេះ​ជាមួយ​នឹង​កូនៗ និង​ចៅៗ​របស់​យើង​ផង​ដែរ ហើយ​បាន​រក​ឃើញ​មេរៀន​ដ៏​មាន​តម្លៃ​ជាច្រើន ។ ឥឡូវ​នេះ ខ្ញុំ​នឹង​រៀបរាប់​ពី​មេរៀន​ទាំង​នោះ​ចំនួន​បី ។

មេរៀន​ទី ១—ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លាក់​ខ្លួន​បន្លំ​របស់​អារក្ស

ចំពោះ​ខ្ញុំ ខ្លា​រខិន​គឺជា​សត្វ​ដែល​មាន​រោម​រលោង ហើយ​ទាក់ទាញ ។ រោម​ពណ៌លឿង​ដោយ​លាយ​ស្នា​ម​អុជ​ខ្មៅ​របស់​ខ្លា​រខិន​ដើរ​តួ​ជា​ការ​ក្លែង​បន្លំ​ដ៏​ល្អ​មួយ ដែល​ធ្វើ​ឲ្យ​សត្វ​ទាំង​នេះស្ទើរ​តែ​បំបាំង​ខ្លួន​បាន នៅពេល​វា​ឈ្លប​ចាប់​ចំណី​របស់​វា​នៅ​លើ​វាល​ស្មៅ​ទ្វីប​អាហ្វ្រិក ។

រូបភាព
ខ្លារខិន​បន្លំខ្លួន​នៅលើ​វាល​ស្មៅ

ស្រដៀង​គ្នា​នេះ​ដែរ គំនិត និងសកម្មភាព​ដ៏​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ ជា​រឿយៗ​អាច​មាន​ភាពគួរឲ្យ​​ទាក់​ទាញ គួរ​ឲ្យ​ចង់​បាន ឬ​គួរ​ឲ្យ​រីករាយ ។ ដូច្នេះហើយ នៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​របស់​យើង​ យើង​ម្នាក់ៗ​ចាំ​បាច់​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ក្លែង​បន្លំ​រឿង​អាក្រក់​ថា​ជា​រឿង​ល្អ ។​ ដូច​​លោកអេសាយ​បាន​ព្រមាន​ថា « វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​សេចក្តីអាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តីល្អ​ថា ជា​អាក្រក់​វិញ ជាពួក​អ្នក​ដែល​យក​សេចក្តី​ងងឹត​ជា​ពន្លឺ ហើយយក​ពន្លឺ​ជាងងឹត ក៏យកសេចក្តីជូរចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ ! »

ក្នុង​គ្រា​ដ៏​ចលាចល​មួយ​ដែល​ការ​រំលោភ​បំពាន​លើ​ភាព​បរិសុទ្ធ​នៃ​ជីវិត​មនុស្ស​ត្រូវបាន​ចាត់​ទុក​ថា​ជា​រឿង​ត្រឹមត្រូវ ហើយ​ភាព​ចលាចល​ត្រូវ​បាន​រៀបរាប់​ថា​ជា​ឥស្សរភាព នោះ​យើង​មាន​ពរ​ណាស់​ដើម្បី​រស់​នៅក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​ពន្លឺ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​អាច​បំភ្លឺជីវិត​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ស្គាល់​ពី​ការ​បោកបញ្ឆោត និង​ការ​ទាក់​ទាញ​ដ៏​ខ្មៅ​ងងឹត​របស់​មារ​សត្រូវ ។

« ពួក​អ្នក​ណា​ដែល​មាន​ប្រាជ្ញា ហើយ​បាន​ទទួល​សេចក្ដី​ពិត ហើយ​បាន​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទុកជា​អ្នក​ណែនាំ​របស់​ខ្លួន ហើយ​ដែល​ពុំ​ត្រូវ​គេ​បញ្ឆោត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួកគេ​នឹង​ពុំ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ឡើយ ប៉ុន្តែ​នឹង​ធន់​នៅ​ថ្ងៃ​នោះ ។

មេរៀន​ទី ២—ចូរចាំ​យាម ហើយ​ប្រុង​ប្រយ័ត្ន

ចំពោះ​សត្វ​ឈ្លូស​មួយ​ក្បាល ការ​ធ្វេស​ប្រហែល ឬ​ការ​មិន​ប្រុង​ប្រយ័ត្ន​មួយ​ភ្លែត​អាច​ធ្វើ​ឲ្យ​មាន​ការ​វាយ​ប្រហារ​យ៉ាង​លឿន​ពី​ខ្លា​រខិន​មួយ​ក្បាល ។ ដូចគ្នា​ដែរ ភាព​ត្រេក​អរ និង​ភាព​ធម្មតា​ខាង​វិញ្ញាណ​ធ្វើ​ឲ្យ​យើង​ងាយ​រង​គ្រោះ​ចំពោះ​ភាព​ជឿន​លឿន​របស់​មារសត្រូវ ។ ការ​ខ្វះ​ការ​គិត​គូរ​ខាង​វិញ្ញាណ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដ៏​ធំ​នៅ​ក្នុង​ជីវិត​របស់​យើង ។

រូបភាព
Alert topis

iStock.com/Angelika

នីហ្វៃ​បាន​រៀបរាប់​ពី​របៀប​ដែល​សាតាំង​នឹង​ព្យាយាម​ធ្វើ​នាំ​បុត្រា​បុត្រី​របស់​ព្រះ​ចូល​ទៅ​ក្នុង​អារម្មណ៍​ខុស​ឆ្គង​មួយ​នៃ​សុវត្ថិភាព​ខាង​សាច់​ឈាម​ដោយ​ស្ងៀម​ស្ងាត់​នៅ​ថ្ងៃ​ចុង​ក្រោយ « ដែល​ពួក​គេ​នឹង​និយាយ​ថា ៖ អ្វីៗ​បាន​ស្រួល​ទាំង​អស់​នៅ​ក្រុង​ស៊ីយ៉ូន មែន​ហើយ ក្រុង​ស៊ីយ៉ូន​បាន​ចម្រើន​ឡើង អ្វីៗ​ស្រួល​អស់​ហើយ — អារក្ស​បាន​បញ្ឆោត​ព្រលឹង​ពួក​គេ​ដូច្នោះ​ហើយ ហើយ​នាំ​ពួក​គេ​ដោយ​ប្រុងប្រយ័ត្ន​ចុះ​ទៅ​ស្ថាន​នរក »។

ការ​សង្កេត​មើល​ជា​ទៀងទាត់​គឺ​តម្រូវ​ឲ្យ​មាន​ ដើម្បី​កាត់​បន្ថយ​ភាព​ត្រេកអរ និង​ភាពធម្មតា ។ ការ​ឃ្លាំ​សង្កេត​មើល​គឺជា​ស្ថានភាព ឬ​សកម្មភាព​នៃ ការ​ឃ្លាំ​មើល​ដោយ​ប្រុង​ប្រយ័ត្នចំពោះ​គ្រោះថ្នាក់ ឬ​ការ​លំបាក​ដែល​អាច​កើត​មាន ។ ហើយ​ការ​ឃ្លាំ​មើល​បញ្ជាក់​ពី​សកម្មភាព​នៃ ការ​ចាំ​យាម ការពារ ហើយ​ថែរក្សា ។ បើ​និយាយ​ពី​រឿង​ខាង​វិញ្ញាណ យើង​ចាំបាច់​ត្រូវ​ចាំ​យាម ហើយ​ប្រុង​ប្រយ័ត្នដើម្បី​​ទទួល​បានការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​សញ្ញា​ដែល​មក​ពី​ពួក​អ្នក​ចាំ​យាម​របស់​ព្រះអម្ចាស់នៅលើ​ប៉ម ។

« មែន​ហើយ​…ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​ដែរ​ថា អ្នក​រាល់​គ្នា​គួរ​កចាំ​យាម​ក្នុង​ការ​អធិស្ឋាន​ជានិច្ច ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ដឹកនាំ​ដោយការ​ល្បួង​ទាំង​ឡាយ​នៃ​អារក្ស​ឡើយ…ត្បិត​មើល​ចុះ វាគ្មាន​ឲ្យ​រង្វាន់​ល្អ​ដល់​អ្នក​ទេ » ។

ការ​ផ្ដោត​ជីវិត​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​រ​បស់​ទ្រង់​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​និន្នាការ​នៃ​មនុស្ស​ខាង​សាច់​ឈាម ការ​ខ្វះ​ភាព​ប្រុង​ប្រយ័ត្ន និង​ការ​ខ្ជិល​ច្រអូស​ខាង​វិញ្ញាណ ។ ដោយសារ​យើង​មាន​ពរ​ ដោយ​មាន​ភ្នែក​ដែល​មើល​ឃើញ និង​ត្រចៀក​ស្ដាប់​ឮ ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​បង្កើន​សមត្ថភាព​របស់​យើងឲ្យ​មើល ហើយស្ដាប់​ នៅពេល​យើង​ប្រហែល​ជា​មិន​គិត​ថា យើង​ចាំបាច់​ត្រូវ​មើល ឬ​ស្ដាប់ ឬ​ពេល​យើង​មិន​គិត​ថា​ អ្វី​មួយ​អាច​ត្រូវ​បាន​មើល​ឃើញ ឬ​ស្ដាប់​ឮ ។

ចូរ ​« ចាំ​យាម ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បានប្រុងប្រៀប​ជាស្រេច » ។

មេរៀន​ទី ៣—យល់​ពី​ចេតនា​របស់​មារស​ត្រូវ

តាម​ធម្មជាតិ ខ្លារខិន​គឺជា​សត្វ​កាច​សាហាវ​ដែលចាប់​សត្វ​ដទៃ​ធ្វើ​ជា​ចំណី​ ។ រៀង​រាល់ថ្ងៃ ខ្លា​រខិន គឺជា​សត្វ​កាច​សាហាវ ។

រូបភាព
ការ​បរបាញ់​របស់ខ្លារខិន

សាតាំង ​« អារក្ស​ជា​ខ្មាំងសត្រូវ​នៃ​សេចក្ដី​សុចរិត និង​នៃ​អស់​អ្នក​ណា​ដែល​ស្វែងរក​ដើម្បី​ប្រព្រឹត្ត​​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ » ។ ជា​រៀង​រាល់ថ្ងៃ ចេតនា​តែមួយ​គត់ និង​គោលបំណង​ដ៏​ធំ​របស់​វា​គឺ​ដើម្បី​ធ្វើ​ឲ្យ​បុត្រា​បុត្រី​របស់​ព្រះ​រងទុក្ខ​ដូចជា​វា​ដែរ ។

ផែនការ​នៃ​សុភមង្គល​រ​បស់​ព្រះវរបិតា​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ផ្ដល់​ការ​ដឹកនាំ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ដក​ពិសោធន៍​អំណរ​ជា​និរន្តរ៍ ហើយ​នាំ​ពួកគេ​ត្រឡប់​ទៅ​រក​ទ្រង់​ដោយ​សុវត្ថិភាព ដោយ​មាន​រូបកាយ​ដែល​រស់​ឡើង​វិញ ហើយ​តម្កើង​ឡើង ។ អារក្ស​ធ្វើ​ការ​ដើម្បី​ធ្វើ​ឲ្យ​បុត្រា​បុត្រី​របស់​ព្រះ​ភាន់ច្រឡំ ហើយ​កើត​ទុក្ខ ព្រមទាំង​រារាំង​ការ​រីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច​របស់​ពួកគេ ។ មារសត្រូវ​ធ្វើ​ការ​មិន​ឈប់​ឈរ​ដើម្បី​វាយ​ប្រហារធាតុ​នានា​នៃ​ផែនការ​របស់​ព្រះវរបិតា ដែល​វា​ស្អប់​ខ្លាំង​​បំផុត ។

សាតាំង​ពុំ​មាន​រូបកាយ​ទេ ហើយ​ការ​រីកចម្រើន​ដ៏​អស់​កល្ប​ជានិច្ច​​របស់​វា​ត្រូវ​បាន​បញ្ឈប់ ។ ដូចជា​ទឹក​ដែល​កំពុង​ហូរ​នៅ​ក្នុង​បាត​ទន្លេ​មួយ​ដែល​ត្រូវ​បាន​បញ្ឈប់​ដោយ​ទំនប់​ទឹក​មួយ​ដែរ ដូច្នេះ​ការ​រីកចម្រើន​ដ៏​អស់​កល្ប​ជានិច្ច​របស់​មារសត្រូវ​​មាន​ការ​ខក​ខាន ដោយសារ​វា​ពុំ​មាន​រូបកាយ ។ ដោយសារ​តែ​ការ​បះបោរ​របស់​វា លូស៊ីហ្វើរ​បា​នបដិសេធ​ខ្លួន​ឯង​នូវ​រាល់​ពរជ័យ​ និង​បទពិសោធន៍​ក្នុង​ជីវិត​រមែង​ស្លាប់ ដែល​កើត​មាន​តាមរយៈ​រូបកាយ​សាច់ និង​ឆ្អឹង ។ អត្ថន័យ​ដ៏​ខ្លាំង​ក្លា​មួយ​ក្នុង​បទគម្ពីរ​នៃ​ពាក្យ​ថា បណ្ដាសា ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​អសមត្ថភាព​​របស់​វា​ដើម្បី​បន្ត​រីកចម្រើន ហើយ​ប្រែ​ក្លាយ​ជា​ព្រះវរបិតា​សួគ៌​របស់​យើង ។

ដោយសារ​រូបកាយ​​សំខាន់នៅ​​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា និង​ការ​អភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​យើង លូស៊ីហ្វើរ​ខិតខំ​រារាំង​ការ​រីកចម្រើន​របស់​យើង​ ដោយ​ល្បួង​យើងឲ្យ​ប្រើ​រូបកាយ​របស់​យើង​ខុស ។ ប្រធាន រ័សុល អិម ណិលសុន​ បាន​បង្រៀន​ថា សុវត្ថិភាព​ខាង​វិញ្ញាណស្ថិត​នៅ​លើ​ « ‹ ការ​មិន​បោះ​ជំហាន​ដំបូង​ទៅ​រក​កន្លែង​ដែល​អ្នក​ពុំ​គួរ​ទៅ ហើយ​ធ្វើ​ដែល​អ្នក​ពុំ​គួរ​ធ្វើ › ។ … [ ក្នុង​នាម​ជា​ ] មនុស្ស​យើង​គ្រប់​រូប​មាន​នូវ​ចំណង់​​ ​[ ខាងសាច់​ឈាម ] ដែល​ចាំបាច់​សម្រាប់​ការ​រស់​រាន​មាន​ជីវិត​រ​បស់​យើង ។​ ‹ ចំណង​​ទាំង​នេះ​ពិត​ជា​ចាំបាច់​ចំពោះ​ការ​បង្កើន​ជីវិត ។ ចុះ​តើ​មារ​សត្រូវ​នឹង​ធ្វើអ្វីខ្លះ ? … វា​វាយ​ប្រហារ​យើង​តាមរយៈ​ចំណង់​របស់​យើង ។ វា​ល្បួង​យើង​ឲ្យ​បរិភោគ​អ្វី​ដែល​យើងពុំ​គួរ​បរិភោគ ផឹក​អ្វី​ដែល​យើង​ពុំ​គួរ​ផឹក ហើយ​ស្រឡាញ់​អ្វី​ដែល​យើង​ពុំ​គួរ​ស្រឡាញ់ ! › » ១០

ភាព​មិន​សមហេតុផល​ដ៏​ធំបំផុត​មួយ​ទៀត​នៃ​ភាព​អស់​កល្ប​ជានិច្ច​គឺថា មារសត្រូវ​ដែល​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង ដោយសារ​តែ​វា​គ្មាន​រូបកាយ វាបាន​អញ្ជើញ ហើយ​អូសទាញ​យើង​ឲ្យ​ចែករំលែក​សេចក្ដី​វេទនា​របស់​វា​តាមរយៈ​ការ​ប្រើ​ប្រាស់​រូបកាយ​ដោយ​ខុស​ឆ្គង ។ ជាឧបករណ៍​ដែល​វា​គ្មាន ហើយ​ពុំ​អាច​ប្រើប្រាស់​បាន គឺជា​គោលដៅ​ចម្បង​នៃ​ការព្យាយាម​រ​បស់​វា ដើម្បី​​ទាក់​ទាញ​ចិត្ត​យើង​ទៅ​រក​ការ​បំផ្លិច​បំផ្លាញ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។

ការ​យល់​ដឹង​ពី​ចេតនា​របស់​មារសត្រូវ​គឺជា​រឿង​សំខាន់​ចំពោះ​ការ​រៀបចំ​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ការ​វាយ​ប្រហារ​ដែល​អាច​កើត​មាន ។១១ ពិតណាស់ ដោយសារ​មេទ័ព​មរ៉ូណៃ​បាន​ដឹង​ពី​ចេតនា​របស់​ពួក​សាសន៍​លេមិន ទើប​លោក​បាន​រៀប​ចំ​ខ្លួន​ទៅ​ជួប​នឹង​ពួកគេ នៅពេល​ដែល​ពួកគេ​បាន​មក ហើយ​បាន​ទទួល​ជោគជ័យ ។១២ ហើយ​គោលការណ៍​ និងការ​សន្យា​ដូចគ្នា​នោះ​អនុវត្ត​ចំពោះ​យើង​ម្នាក់ៗ ។

« បើសិនជាអ្នករាល់គ្នាបានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ ។

« ហើយ​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​រួច​ផុត​ពី​អំណាច​នៃ​ខ្មាំងសត្រូវ » ។១៣

ការ​អញ្ជើញ ការសន្យា និង​ទីបន្ទាល់

ដូចជា​មេរៀន​ដ៏​សំខាន់​ដែល​អាច​រៀន​តាមរយៈ​ការ​សង្កេត​មើល​អាកប្បកិរយា​របស់​ខ្លារខិន និង​សត្វ​ឈ្លូស​ដែរ ដូច្នេះ​យើង​ម្នាក់ៗ​គួរ​រក​មើល​មេរៀន និង​ការ​ព្រមាន​ដែល​មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​សាមញ្ញ​ៗក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ នៅពេល​យើងបើក​គំនិត និង​ដួង​ចិត្ត​ដើម្បី​ទទួល​ការ​ដឹកនាំ​សួគ៌ា​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ការ​បង្រៀន​ដ៏​ធំ​បំផុត​មួយ​ចំនួន​ដែល​យើង​អាច​ទទួល​បាន និង​ការ​ព្រមាន​ដ៏​មាន​អនុភាព​បំផុត​ដែល​​ការពារ​យើង នឹង​កើត​មាន​នៅ​ក្នុង​បទពិសោធន៍​ដ៏​សាមញ្ញៗ​របស់​យើង​ផ្ទាល់ ។ រឿង​ប្រៀប​ប្រដូច​ដ៏​មាន​អនុភាព​មាន​ទាំង​នៅ​ក្នុង​បទគម្ពីរ និង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។

ខ្ញុំ​បាន​គូស​បង្ហាញ​តែ​មេរៀន​ចំនួន​បី​ប៉ុណ្ណោះ ដែល​អាច​រក​ឃើញ​នៅ​ក្នុង​ដំណើរ​ផ្សង​ព្រេង​ដែល​ស៊ូសិន និង​ខ្ញុំ​បាន​មាន​នៅ​ទ្វី​ប​អាហ្វ្រិក ។ ខ្ញុំ​សូម​អញ្ជើញ ហើយ​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​សញ្ជឹង​គិត​ពី​រឿង​នេះស្ដីពី​សត្វ​ខ្លា​រខិន និង​សត្វ​ឈ្លូស ហើយ​ស្វែង​រក​មេរៀន​បន្ថែម​ទៀត​សម្រាប់​បងប្អូន និង​គ្រួសារ​រ​បស់​បងប្អូន ។ សូម​ចាំ​ជានិច្ច​ថា គេហដ្ឋាន​របស់​បងប្អូន​គឺជា​មជ្ឈមណ្ឌល​ពិត​ប្រាកដ​នៃ​ការ​រៀនសូត្រ និង​ការ​រស់​នៅ​តាម​ដំណឹងល្អ ។

នៅពេល​បងប្អូន​ឆ្លើយ​តប​ដោយ​សេចក្ដី​ជំនឿ​ចំពោះ​ការ​អញ្ជើញ​នេះ គំនិត​ដែល​មាន​ការ​បំផុស​នឹង​កើត​មាន​នៅ​ក្នុង​ចិត្ត​របស់​បងប្អូន អារម្មណ៍​ខាង​វិញ្ញាណ​នឹង​ដក់ជាប់​នៅ​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន ហើយ​បងប្អូន​នឹង​ស្គាល់​​សកម្មភាព​ដែល​គួរ​អនុវត្ត ឬ​បន្ត ដើម្បី​បងប្អូន​អាច « យក​គ្រប់​គ្រឿង​សឹក​របស់​ [ ព្រះ ]​ មក​ពាក់​ចុះ ដើម្បី​ឲ្យ​[ បងប្អូន ]​ អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន ដោយ​បាន​តតាំង​សព្វ​គ្រប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ឈរ​មាំមួន​បាន » ។ ១៤

ខ្ញុំ​សូម​សន្យា​ថា ពរជ័យ​នៃ​ការ​រៀបចំ​ដ៏​មាន​ប្រសិទ្ធ​ភាព និង​ការ​ការពារ​ខាង​វិញ្ញាណ​នឹង​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​បងប្អូន នៅពេល​បងប្អូនចាំ​យាម​ក្នុង​ការ​អធិស្ឋាន​ជានិច្ច និង​ដោយ​ប្រុង​ប្រយ័ត្ន ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការ​ដើរ​ឆ្ពោះ​ទៅ​មុខ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ផ្ដល់​សុវត្ថិភាព​ខាង​វិញ្ញាណ ហើយ​អញ្ជើញ​​អំណរ​ជា​និរន្តរ៍​ឲ្យកើត​មាន​នៅ​ក្នុង​ជីវិត​របស់​យើង ។ ហើយ​ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ដែល​កំពុង​មាន​ព្រះជន្ម​រស់​នឹង​គាំទ្រ ហើយ​ពង្រឹង​យើង​ទាំង​នៅ​ក្នុង​គ្រា​រីករាយ និង​គ្រាលំបាក ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​​សេចក្ដី​ពិត​ទាំងនេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន ។