ឆ្នាំ ២០១០-២០១៩
ការ​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​យើង​គ្រប់​គ្រង​រូប​កាយ​របស់​យើង
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ការ​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​យើង​គ្រប់​គ្រង​រូប​កាយ​របស់​យើង

រឿង​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​រៀន​នៅ​ក្នុង​ជីវិត​នេះ​គឺជា​របៀប​គូស​បញ្ជាក់​ពី​និស្ស័យ​ខាង​វិញ្ញាណ​ដ៏​អស់​កល្ប​របស់​យើង ហើយ​គ្រប់​គ្រង​បំណង​ប្រាថ្នា​ដ៏​អាក្រក់​របស់​យើង ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ កាល​សន្និសីទ​ទូទៅខែ​តុលា​ឆ្នាំ​មុន​បាន​ខិត​ចូល​មក​ដល់ ខ្ញុំ​បាន​រៀបចំ​សុន្ទរកថា​របស់ខ្ញុំ​សម្រាប់​សន្នសីទ ដើម្បី​គូ​ស​បញ្ជាក់​ពី​គម្រប់​ខួប​ ១០០ ឆ្នាំ​នៃ​ការ​និមិត្តអំពី​ពិភព​វិញ្ញាណ ដែល​បាន​ប្រទាន​ឲ្យ​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ នៅ​ថ្ងៃ​ទី ៣ ខែ តុលា ឆ្នាំ ១៩១៨ ។

បន្ទាប់​ពី​ខ្ញុំ​បាន​ដាក់​ស្នើ​សុន្ទរកថា​របស់​ខ្ញុំ​ដើម្បី​បកប្រែ​បាន​ពីរ​បី​ថ្ងៃ​ក្រោយ​មក ដៃ​គូ​ដ៏​អស់កល្ប​ជាទីស្រឡាញ់​របស់​ខ្ញុំ បាបារ៉ា បាន​បញ្ចប់​ការ​សាកល្បង​របស់​គាត់​ក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ពិភពវិញ្ញាណ ។

កាល​ពេលវេលា​ចេះ​តែ​កន្លង​ទៅ ហើយ​ឥឡូវ​នេះ​បាបារ៉ា​ទទួល​មរណភាព​បាន​មួយ​ឆ្នាំហើយ នោះ​ខ្ញុំ​បាន​ឃើញ​ថា ខ្លួន​ឯង​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​បទគម្ពីរ​នេះ « ចូររស់នៅ​ជាមួយ​គ្នា​ដោយ​នូវ​សេចក្ដី​ស្រឡាញ់ រហូត​ដល់​អ្នក​ត្រូវ​យំសោក​ចំពោះ​ការ​បាត់បង់​នៃ​មនុស្ស​ដែល​ស្លាប់ » ។ បាបារ៉ា និង​ខ្ញុំ​មាន​ពរ​ដែល​បាន « រស់​នៅ​ជាមួយ​គ្នា​ដោយ​នូវ​សេចក្ដី​ស្រឡាញ់ » អស់​រយៈពេល ៦៧ ឆ្នាំ ។ ប៉ុន្តែ​ខ្ញុំ​បាន​រៀនតាម​របៀបដ៏​ពិត​មួយ​ពី​អត្ថន័យ​នៃ​ឃ្លា​ថា « យំសោក​ចំពោះ​ការ​បាត់​បង់ » នៃ​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ ខ្ញុំ​ពិត​ជា​ស្រឡាញ់ ហើយ​នឹក​គាត់​ខ្លាំងណាស់ !

ខ្ញុំ​គិត​ថា យើង​ភាគច្រើន​ពុំ​បាន​មាន​អំណរ​គុណ​យ៉ាង​ពេញ​លេញ​ចំពោះ​អ្វីដែល​មនុស្ស​ដទៃ​បាន​ធ្វើ​សម្រាប់​យើង​ឡើយ រហូត​ដល់​ពួកគេ​បាន​ទៅ​បាត់ ។ ខ្ញុំ​បាន​ដឹង​ថា បាបារ៉ា​មាន​ភាព​រវល់​ជានិច្ច ប៉ុន្តែខ្ញុំ​ពុំ​បាន​យល់​ទាំង​ស្រុង​​ពី​ការ​ទាមទារពេលវេលា​របស់​គាត់​ពីសំណាក់​គ្រួសារ សាសនាចក្រ និង​សហគមន៍​ឡើយ ។ មាន​ការ​​ខិតខំ​ប្រឹងប្រែងប្រចាំ​ថ្ងៃ​ដែល​បាន​ធ្វើ​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​រាប់​ពាន់​ដង​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​ធ្វើ​ឲ្យ​គ្រួសារ​យើង​មាន​ដំណើរការ​ល្អ ។ ហើយ​ដោយ​ឆ្លង​កាត់​អ្វីៗ​គ្រប់​យ៉ាង គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​គ្រួសារ​ធ្លាប់​ឮ​គាត់​ដំឡើង​សំឡេង ឬ​ពាក្យ​មិន​សមរម្យ​នោះ​ឡើយ ។

កាល​ពី​ឆ្នាំ​មុន​នេះ ខ្ញុំ​នឹក​ឃើញ​នូវ​អនុស្សាវរីយ៍​ជាច្រើន ។ ខ្ញុំ​បាន​គិត​ពី​ការ​ជ្រើស​រើស​ដ៏​ពិបាក​ខាង​សាច់​ឈាម​ដែល​គាត់​បាន​ធ្វើ​ ដើម្បី​ក្លាយ​ជា​ម្ដាយ​របស់​កូន​ប្រាំពីរ​នាក់ ។ ការ​ធ្វើ​ជា​មេ​ផ្ទះ​ម្នាក់​គឺជា​ការងារ​តែ​មួយ​គត់​ដែល​គាត់​ចង់​​ធ្វើ ហើយ​គាត់​បាន​ធ្វើកិច្ចការ​គ្រប់​យ៉ាង​ក្នុង​ផ្ទះ​យ៉ាង​ល្អ​បំផុត ។

ជារឿយៗ ខ្ញុំ​បាន​ងឿង​ឆ្ងល់​ថា តើ​គាត់​តាម​ដានកូនៗ និង​ខ្ញុំ​បាន​ដោយ​របៀបណា ។ ការ​រៀបចំ​អាហារ​តែ​ម្នាក់​ឯង​គឺជា​ពិត​ជា​កិច្ចការ​មួយ​ដ៏​ធំ ហើយ​លើស​ពី​នេះ​ទៀត គាត់ត្រូវ​ធ្វើ​អ្វី​ផ្សេង​ទៀត​​​ដូចជា ការ​បោក​ខោអាវ​យ៉ាង​ច្រើន​ដែល​គ្រួសារ​យើង​មាន​រៀងរាល់​សប្ដាហ៍ និងការ​ទុក​ដាក់​ស្បែក​ជើង និង​ការ​យ​ក​ខោអាវ​ដែល​មាន​ទំហំ​ត្រឹមត្រូវ​ទៅ​ពាក់​ឲ្យ​កូនៗ ។ យើង​គ្រប់​គ្នា​បាន​ទៅ​រក​គាត់​ចំពោះ​បញ្ហា​ផ្សេង​ទៀត​ជាច្រើន​ ដែល​វា​សំខាន់​ចំពោះ​​យើង ។ ហើយ​ដោយសារ​​វា​សំខាន់​ចំពោះ​យើង វា​ក៏​សំខាន់​ចំពោះ​គាត់​ផង​ដែរ ។ បើ​ខ្ញុំ​រក​ពាក្យ​មួយ​ពិពណ៌នា​ពី​គាត់ នោះ​គាត់​មាន​ភាព​អស្ចារ្យ—ជា​ភរិយា ជា​ម្ដាយ ជា​មិត្ត ជាអ្នក​ជិត​ខាង​ និង​ជា​បុត្រី​របស់​ព្រះ ។

ឥឡូវ​នេះ​គាត់​បាន​ចែក​ឋាន​ទៅ​ហើយ ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​បាន​ជ្រើស​យក​ការ​អង្គុយ​ក្បែរ​គាត់ ពេល​ខ្ញុំ​បានចេញ​ទៅ​ការិយាល័យ​ត្រឡប់​ទៅ​ផ្ទះវិញ ហើយ​កាន់​ដៃ​គាត់មើលចុង​បញ្ចប់​នៃ​ការ​ប្រជុំ​តន្ត្រី​មួយ​ចំនួន​ដែល​គាត់​ចូល​ចិត្ត—ម្ដង​ហើយ​ម្ដង​ទៀត ដោយសារជំងឺ​បាត់​ការ​ចងចាំ​ធ្វើ​ឲ្យ​គាត់​ភ្លេច​ពី​អ្វី​ដែលទើប​បាន​មើល​កាល​ពី​ថ្ងៃ​រសៀល នៅ​អំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ ។ អនុស្សាវរីយ៍​នៃ​ការ​កាន់​ដៃ​ជាពិសេស​ទាំង​នោះ​ វា​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ​នៅ​ពេល​នេះ ។

បងប្អូន​ប្រុស​ស្រី សូម​កុំ​ឲ្យ​បាត់​បង់​ឱកាស​ដើម្បី​សម្លឹង​មើល​ទៅ​កែវ​ភ្នែក​នៃ​សមាជិក​គ្រួសារ​របស់​បងប្អូន​ដោយ​សេចក្ដីស្រឡាញ់​ឡើយ ។ កូនៗ និង​ឪពុកម្ដាយ​អើយ សូម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការ​ដឹង​គុណ​របស់​បងប្អូន ។ ដូចជា​រូប​ខ្ញុំ​ដែរ បងប្អូន​មួយ​ចំនួន អាច​នឹង​ក្រោក​ឡើង​នៅ​ថ្ងៃ​មួយ ហើយ​ឃើញ​ថា ពេលវេលា​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ដ៏​សំខាន់​បែប​នេះ បានកន្លង​ផុត​ហើយ ។ សូម​រស់​នៅ​ជាមួយ​គ្នា​ជារៀង​រាល់​ថ្ងៃ ដោយ​មាន​ដួង​ចិត្ត​ពោរពេញ​ដោយ​អំណរ​គុណ អនុស្សាវរីយ៍​ល្អៗ ការ​បម្រើ និង​សេចក្ដី​ស្រឡាញ់​ដ៏​ច្រើន ។

នៅ​ឆ្នាំ​មុន​នេះ ខ្ញុំ​បាន​ពិចារណា​យ៉ាង​ច្រើន​​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​យើង​លើស​ពេល​ណា​ទាំងអស់ ។ នៅ​ក្នុង​ការ​បង្រៀន​ដល់​កូន​ប្រុស​របស់​លោក​ឈ្មោះ កូរីអានតុន អាលម៉ា​បាន​ហៅ​ផែនការ​នេះ​ថាជា « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » ។

ពាក្យ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ច្រើន ឥឡូវ​នេះពេល​ខ្ញុំចាត់​ទុក​ថា ផែនការ​នោះ​គឺជា « ការ​ជួប​ជុំ​គ្នា​វិញ » ។ ដោយ​បាន​រៀបចំ​ឡើង​ដោយ​ព្រះវរបិតា​សួគ៌​ជា​ទីស្រឡាញ់​នៃ​យើង វា​គឺជា​ផែនការ​មួយ​ដែល​មាន​នូវ​ឱកាស​ដ៏​ធំ ហើយ​រុងរឿង​នៃ​ការ​ជួប​ជុំ​គ្រួសារ​​វិញ–ជា​ការ​ជួប​ជុំ​គ្នា​វិញ​ដ៏​អស់​កល្ប​រវាង​ស្វាមី និង​ភរិយា ឪពុកម្ដាយ និង​កូន ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់​នៅ​ក្នុង​គ្រួសារ​របស់​ព្រះ ។

ការ​គិត​នោះ​បាន​លួង​លោម​ចិត្ត​ខ្ញុំ ហើយ​បាន​ផ្ដល់​ការ​អះអាង​ដល់​ខ្ញុំ​ថា ខ្ញុំ​នឹង​ជួប​បាបារ៉ា​ម្ដង​ទៀត ។ ទោះ​ជា គាត់​បាន​រងទុក្ខ​ខាង​រូបកាយ​នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​គាត់​ក្ដី ប៉ុន្តែ​វិញ្ញាណ​គាត់រឹង​មាំ ថ្លៃ​ថ្នូរ ហើយ​បរិសុទ្ធ ។ គាត់​បាន​រៀបចំខ្លួន​គ្រប់​យ៉ាង ដើម្បី​ពេល​ថ្ងៃ​នោះ​មក​ដល់ គាត់​អាច​ឈរ​នៅ​ចំពោះ​មុខ « វេទិកា​ជំនុំជំរះ​ដ៏​គាប់​ព្រះហឫទ័យ​នៃ​ព្រះ »ពោរពេញ​ដោយ​ទំនុក​ចិត្ត និង​ការ​ធានា​ពេញ​ដោយ​ភាព​សុខសាន្ត ។ នៅ​ពីរ​ថ្ងៃ​ទៀត​ខ្ញុំ​នឹង​មាន​វ័យ ៩១ ឆ្នាំ ហើយ​ខ្ញុំ​នៅ​តែ​ងឿង​ឆ្ងល់​ថា « តើ​ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​ឬ​នៅ ? តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ដើម្បី​អាច​កាន់​ដៃ​គាត់​ម្ដង​ទៀត​ដែរ​ឬទេ ? »

ភាព​ប្រាកដ​ប្រជា​ដ៏​សាមញ្ញ​បំផុត​នៃ​ជីវិត​គឺថា យើង​គ្រប់​គ្នា​នឹង​ស្លាប់ ។ មិន​ថា​យើង​ស្លាប់​នៅ​វ័យ​ចំណាស់ ឬ​វ័យ​ក្មេង ងាយ ឬ​ពិបាក មាន ឬ​ក្រ មាន​គេ​ស្រឡាញ់ ឬ​ឯកោ​នោះ​ទេ គឺ​គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​ឡើយ ។

ប៉ុន្មាន​ឆ្នាំ​មុន ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមាន​​ប្រសាសន៍​​ពី​អ្វី​មួយ​ដែល​មាន​ន័យ​ជា​ពិសេស​ចំពោះ​រឿង​នេះ​ថា « ឱការអះអាង និង​ភាព​សុខសាន្ត​ដែល​កើត​ចេញ​ពី​ចំណេះដឹង​ថា បើ​យើង​រៀបការ​ត្រឹម ហើយ​រស់​នៅ​បាន​ត្រឹមត្រូវ នោះ​ទំនាក់ទំនង​យើង​នឹង​បន្ត មិន​ថា​មាន​ភាពប្រាកដ​ប្រជា​នៃសេចក្ដីស្លាប់ និង​ការ​កន្លង​ទៅ​នៃ​ពេលវេលា​យ៉ាង​នោះ​ទេ វា​មាន​នូវ​ភាព​ផ្អែម​ល្ហែម និង​ការ​លួង​លោម​ចិត្ត​អ្វី​ម្ល៉េះ​ទេ » ។

ខ្ញុំ​ពិត​ជា​បាន​រៀបការ​ត្រូវ ។ ខ្ញុំ​គ្មាន​ការ​សង្ស័យ​ពី​រឿង​នោះ​ឡើយ ។ ប៉ុន្តែ​យោង​តាម​ប្រធាន ហ៊ីងគ្លី វា​ពុំ​គ្រប់​គ្រាន់​ទេ ។ ខ្ញុំ​ក៏​ត្រូវ​រស់​នៅ​ដោយ​ត្រឹមត្រូវ​ដែរ ។

សព្វ​ថ្ងៃ​នេះ « ការ​រស់​នៅ​ត្រឹមត្រូវ » អាច​ជា​គំនិត​មួយ​ដែល​មាន​​ការ​ភាន់​ច្រឡំ​ខ្លាំង ជា​ពិសេស​បើ​បងប្អូន​ចំណាយ​ពេល​ច្រើន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ជា​កន្លែង​ដែល​សំឡេង​នានា​អាច​ប្រកាស​សេចក្ដីពិត​ ឬ​គំនិត​ខុស​ឆ្គង​ពី​ព្រះ និង​ផែនការ​របស់​ទ្រង់​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ សំណាង​ល្អ សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​មាន​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដ៏​ពិត​អស់​កល្ប ដើម្បី​ដឹង​ពី​របៀប​រស់​នៅ ដើម្បី​យើង​អាច​រៀបចំ​ខ្លួន​ឲ្យ​ប្រសើរ ពេល​យើងត្រូវ​​ស្លាប់​ទៅ ។

មុន​ខ្ញុំ​កើត​ប៉ុន្មាន​ខែ ជីតា​ខ្ញុំ​ដែល​ជា​សាវក ឈ្មោះ អែលឌើរ មែលវិន ជេ បាឡឺដ បា​ន​ថ្លែង​សុន្ទរកថា​មួយ​ ដែល​បាន​លើក​ឡើង​ពី​កត្តា​ដ៏​សំខាន់​ចំពោះ​អត្ថន័យ​នៃ​ការ​រស់​នៅ​ត្រឹមត្រូវ​សម្រាប់​មនុស្ស​មួយ​ចំនួន ។ សុន្ទរកថា​នោះ​មាន​ចំណង​ជើង​ថា « ភាព​ស្មុគ​ស្មាញ​សម្រាប់​ដួង​ព្រលឹង » សុន្ទរកថា​របស់​លោក​ផ្ដោត​លើ​ចម្បាំង​ជា​បន្ត​បន្ទាប់​រវាង​រូបកាយ​របស់​យើង និង​វិញ្ញាណ​ដ៏​អស់​កល្ប​របស់​យើង ។

លោក​បាន​ថ្លែង​ថា « វិបត្តិដ៏​ធំបំផុត​ដែលបុរស ឬ​ស្ត្រី​គ្រប់​រូប​នឹង​ជួប…គឺជា​ចម្បាំង​ដែល​មាន​នឹង​ខ្លួន​ឯង » ដោយ​ពន្យល់​ថា សាតាំង « មារសត្រូវ​នៃ​ព្រលឹង​យើង » វាយ​ប្រហារ​យើង​តាមរយៈ « តណ្ហា ការ​ស្រេក​ឃ្លាន ឬ​មហិច្ឆតា​នៃ​សាច់​ឈាម » ។ « ដូច្នេះ​ចម្បាំង​ដ៏​សំខាន់​គឺ​រ​វាង​និស្ស័យ​ជា​ព្រះ​ខាង​វិញ្ញាណ​របស់​យើង និង​មនុស្ស​ខាង​សាច់​ឈាម ។ បង​ប្អូន​ប្រុស​ស្រី​ សូម​ចាំ​ថា យើង​អាច​ទទួល​បាន​ជំនួយ​ខាង​វិញ្ញាណ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​អាច « បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ » ។ ជំនួយ​ក៏​អាច​កើត​មាន​​តាមរយៈ​អំណាច និង​ពរជ័យ​នៃ​បព្វជិតភាព ។

ឥឡូវ​នេះ​ ខ្ញុំ​សូម​ចោទ​ជា​សំណួរ​ថា « តើ​ចម្បាំង​នេះ​កំពុង​កើត​ឡើង​ចំពោះ​បងប្អូនម្នាក់ៗ​​បែប​ណា​ដែរ ? »

ប្រធាន ដេវីឌ អូ មិកឃេ បា​ន​ថ្លែង​ថា « ជីវិត​នៅ​លើ​ផែនដី​របស់​មនុស្ស​គឺជា​ការ​សាកល្ប​ង​មួយ ដើម្បី​ដឹង​ថាតើ​គាត់​នឹង​ផ្ដោត​ការ​ខិតខំ​ គំនិត ព្រលឹង​គាត់​ លើ​រឿង​ដែល​ជួយ​ដល់​ការ​លួង​លោម និងភាព​រីករាយ​នៃ​រូបកាយ​របស់​គាត់ ឬ​ថា​គាត់​នឹងធ្វើ​ឲ្យ​គោលបំណង​របស់​ជីវិត​គាត់ ក្លាយ​ជា​ការ​ទទួល​បាន​គុណ​សម្បត្តិ​ខាង​វិញ្ញាណ » ។​​​

ចម្បាំង​នេះ​រវាង​និស្ស័យ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់​យើង​ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ។ នៅ​ក្នុង​ការ​បង្រៀន​ចុង​ក្រោយ​របស់​ទ្រង់ ស្ដេច​ប៊េនយ៉ាមីន បាន​បង្រៀន​ថា « ព្រោះ​មនុស្ស​ខាង​សាច់ឈាម​ជា​សត្រូវ​ដល់​ព្រះ ហើយ​មាន​មក​តាំង​ពី​ការ​ធ្លាក់​នៃ​លោក​អ័ដាម​ម្ល៉េះ ហើយ​នឹង​នៅ​យ៉ាង​នេះជា​រៀង​ដរាប​តទៅ លើក​លែង​តែ​គេ​ព្រមធ្វើ​តាម​សេចក្ដី​ទូន្មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាពខាង​សាច់ឈាម​ចេញ ហើយ​ក្លាយទៅ​ជា​អ្នកបរិសុទ្ធ​វិញ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់ » ។

សាវក​ប៉ុល​បាន​បង្រៀន​ថា « ​ពី​ព្រោះ​អស់​អ្នក​ណា​ដែល​តាម​សាច់​ឈាម នោះ​គិត​តែ​ខាង​សាច់​ឈាម តែ​អស់​អ្នក​ណា​ដែល​គិត​តាម​ព្រះវិញ្ញាណ នោះ​គិត​តែ​ខាង​វិញ្ញាណ​វិញ ។

« ដ្បិត​គំនិត​ខាង​សាច់​ឈាម​នោះ​ជា​សេចក្តី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះវិញ្ញាណ​នោះ​ទើប​ជា​ជីវិត និង សេចក្តី​សុខ​សាន្ត​វិញ » ។១០

ខ្ញុំ​យល់​យ៉ាង​ច្បាស់​ថា រឿង​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​រៀន​នៅ​ក្នុង​ជីវិត​នេះ​គឺជា​របៀប​គូស​បញ្ជាក់​ពី​និស្ស័យ​ខាង​វិញ្ញាណ​ដ៏​អស់​កល្ប​របស់​យើង ហើយ​គ្រប់​គ្រង​បំណង​ប្រាថ្នា​ដ៏​អាក្រក់​របស់​យើង ។ ការណ៍​នេះ​ពុំ​គួរ​ជា​រឿង​ពិបាក​ឡើយ ុំ នៅ​ទីបំផុត វិញ្ញាណ​រ​បស់​យើងដែល​មាន​អាយុច្រើន​ជាង​រូបកាយ​របស់​យើង ធ្លាប់​មាន​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​ជ្រើសរើស​សេចក្ដី​សុចរិត​លើ​សេចក្ដី​អាក្រក់នៅ​ជីវិត​មុន​ឆាក​ជីវិត​នេះ​រួចហើយ ។ ពីមុន​ផែនដី​នេះ​ត្រូវបាន​បង្កើត​ឡើង យើង​បាន​រស់​នៅ​ក្នុងពិភពវិញ្ញាណ​ជា​​បុត្រា និង​បុត្រី​របស់​​​របស់​ព្រះមាតា​បិតា​សួគ៌​របស់​យើង​ ដែលទ្រង់​ស្រឡាញ់​យើង ហើយ​បន្ត​ស្រឡាញ់​លុះ​ដល់​ពេល​នេះ ។

ពិតណាស់ យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត និង​ការ​ជ្រើស​រើស​​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​មុន​ឆាក​​ជីវិត​នេះ ។ មនុស្ស​គ្រប់​រូប​ដែល​ធ្លាប់​បាន​រស់នៅ ឬ​នឹង​រស់​នៅ​លើ​ពិភពលោក​នេះ បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ ដើម្បី​ជ្រើស​ទទួល​យក​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ។ ដូច្នេះ​ គ្រប់​គ្នា​បាន​មក​កាន់​ផែន​ដី​នេះ​ដោយ​មាន​កំណត់​ត្រា​បញ្ជាក់​មួយ​នៃ​និស្ស័យ​ខាង​វិញ្ញាណ​ដ៏​ជោគជ័យ និង​ជោគ​វាសនា​ដ៏​អស់កល្ប ។

សូម​គិត​ពី​រឿង​នោះ​បន្តិច ។ នេះជា​អត្តសញ្ញាណ​ពិត​ឥត​ប្រែ​ប្រួល​ឡើយរបស់​បងប្អូន​ និង​រូបខ្ញុំ គឺជា  ៖ បុត្រា ឬ​បុត្រី​រ​បស់​ព្រះ ដោយ​មានគ្រឹះ​ខាង​វិញ្ញាណ​ក្នុង​ភាព​អស់​កល្ប និង​​ភាព​បរិបូរណ៌​មួយ​នា​ពេល​អនាគត​ជាមួយ​នឹង​ឱកាស​ជា​និរន្តរ៍ ។ បងប្អូន​គឺជាតួអង្គ​ខាង​វិញ្ញាណ​មួយ​រូប–តាំង​ពី​ដំបូង និង​ជានិច្ច​តទៅ ។ ដូច្នេះ​ហើយ ពេលយើង​ជ្រើស​យក​និស្ស័យ​ខាង​សាច់​ឈាម​មុន​និស្ស័យ​ខាង​វិញ្ញាណ នោះ​យើង​កំពុង​ជ្រើស​យក​អ្វី​មួយ​ដែល​ផ្ទុយ​នឹង​ខ្លួន​ខាង​វិញ្ញាណ​ដ៏​ពិត​ប្រាកដ​រ​បស់​យើង​ហើយ ។

ប្រាកដណាស់ បំណង​ប្រាថ្នា​ខាង​សាច់​ឈាម​នៅលើ​ផែនដី​នៅ​តែ​បង្កភាព​ភាន់​ច្រឡំ​ដល់​ការ​ធ្វើ​ការ​សម្រេច​ចិត្ត ។ ដោយ​មាន​វាំង​នន​នៃ​សេចក្ដី​ភ្លេច​ភ្លាំង​មួយ​ដាក់​នៅ​ចន្លោះ​ពិភព​វិញ្ញាណ​មុន​ឆាក​ជីវិត​នេះ និង​ពិភព​រមែង​ស្លាប់​នេះ នោះ​យើងអាច​ភ្លេច​ពី​ទំនាក់​ទំនង​របស់​យើង​ចំពោះ​ព្រះ និង​និស្ស័យ​ខាង​វិញ្ញាណ​របស់​យើង ហើយ​និស្ស័យ​ខាង​សាច់​ឈាម​របស់​យើង​អាច​ផ្ដល់​ជា​អាទិភាព​ដល់​អ្វី​ដែល​យើង​ចង់​បាន​នៅ​ពេល​នេះ ។ ការ​រៀន​ជ្រើស​រើស​រឿង​ខាង​វិញ្ញាណ​ជាជាង​រឿង​ខាង​សាច់​ឈាម គឺជា​ហេតុផល​សំខាន់​មួយ​ដែល​បទពិសោធន៍​លើ​ផែនដី​នេះ​គឺជា​ផ្នែក​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ វា​ក៏​ជា​ហេតុផល​ដែល​ផែនការ​នោះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​គ្រឹះដ៏​រឹងមាំ​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ ដើម្បី​អំពើ​បាប​របស់​យើង រួម​ទាំង​កំហុស​ដែល​យើង​បាន​ធ្វើ​ ពេល​យើង​ងាក​ទៅ​រក​ខាង​សាច់​ឈាម អាច​ត្រូវ​បាន​យក​ឈ្នះ​តាមរយៈ​ការ​ប្រែ​ចិត្ត​ជា​បន្ត​បន្ទាប់ ហើយ​យើង​អាច​រស់​នៅ​ដោយ​ផ្តោត​ខាង​វិញ្ញាណ ។ ឥឡូវ​នេះ​គឺជា​ពេល​ដើម្បី​គ្រប់​គ្រង​ការ​ស្រេក​ឃ្លាន​ខាង​រូបកាយ​របស់​យើង ដើម្បី​គោរព​តាម​គោលលទ្ធិ​ខាង​វិញ្ញាណ​របស់​ព្រះគ្រីស្ទ ។ នោះ​គឺជា​ហេតុផល​ដែល​យើង​ពុំ​ត្រូវ​ពន្យារ​ពេល​ថ្ងៃ​នៃ​ការ​ប្រែ​ចិត្ត​របស់​យើង ។១១

ដូច្នេះ ការ​ប្រែចិត្ត​ក្លាយ​ជា​អាវុធដ៏​ចាំបាច់​មួយ​នៅ​ក្នុង​ចម្បាំង​របស់​យើង​ជាមួយ​នឹង​ខ្លន​ឯង ។ នៅ​សន្និសីទ​ទូទៅ​លើក​មុន ប្រធាន រ័សុល អិម ណិលសុន បាន​លើក​ឡើង​​ពី​ចម្បាំង​នេះ ហើយ​បាន​រំឭក​យើង​ថា « ពេល​យើង​ជ្រើស​យក​ការ​ប្រែ​ចិត្ត យើង​ជ្រើស​រើស​ដើម្បី​ផ្លាស់ប្ដូរ ! យើង​អនុញ្ញាត​ឲ្យ​ព្រះអង្គសង្គ្រោះ​ផ្លាស់ប្រែ​យើង​ទៅ​កំណែថ្មី​ដ៏​ល្អ​បំផុត​នៃ​ខ្លួន​យើង ។ យើង​ជ្រើសរើស​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បាន​អំណរ— ជា​អំណរ​នៃ​ការ​ប្រោសលោះ​នៅ​ក្នុង​ទ្រង់ ។ នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត យើង​ជ្រើសរើស​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ! » ១២

រាល់​យប់ ពេល​ខ្ញុំ​រំឭក​ពី​ថ្ងៃ​របស់​ខ្ញុំ​នៅ​ក្នុង​ការ​អធិស្ឋាន​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ ខ្ញុំ​បាន​ទូល​សូម​ការ​អភ័យទោស បើ​ខ្ញុំ​បាន​ធ្វើ​អ្វីមួយ​ខុស ហើយ​សន្យា​ថា នឹង​ព្យាយាម​ធ្វើឲ្យ​ប្រសើរ​នៅ​ថ្ងៃ​ស្អែក ។ ខ្ញុំ​ជឿ​ថា ការ​ប្រែ​ចិត្ត​ប្រចាំ​ថ្ងៃ​ជា​ទៀងទាត់​នេះ​ជួយ​វិញ្ញាណ​របស់​ខ្ញុំ​ឲ្យ​រំឭក​ដល់​រូបកាយ​ខ្ញុំ​ពី​បុគ្គល​ដែល​គ្រប់​គ្រង​ខ្ញុំ ។

ធនធាន​មួយ​ទៀត​គឺជា​ឱកាស​ប្រចាំ​សប្ដាហ៍​ដែល​យើង​គ្រប់​គ្នា​ត្រូវ​តែ​ធ្វើ​ឲ្យ​ជីវភាព​ខាង​វិញ្ញាណ​របស់​យើង​មាន​ភាព​ស្រស់​បស់ ដោយ​ទទួល​ទាន​សាក្រាម៉ង់ ដើម្បី​រំឭក​ចាំ​ចំពោះ​ដង្វាយធួន និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​ដែល​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទមាន​ចំពោះ​យើង ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​ឈប់​មួយ​ភ្លែត ហើយ​គិត​ពី​ស្ថានភាព​របស់​បងប្អូន​នៅ​ពេល​នេះ ដើម្បី​យក​ឈ្នះ​និស្ស័យ​ខាង​សាច់​ឈាម​របស់​បងប្អូន ហើយ​លើក​កម្ពស់​ដល់​និស្ស័យ​ជា​ព្រះ​ខាង​វិញ្ញាណ​ដ៏​ទេវភាពរបស់​បងប្អូន ដើម្បី​ពេល​នោះ​មក​ដល់ អ្នក​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ពិភព​វិញ្ញាណ​​ទៅ​កាន់​ការ​រួប​រួម​ពេញ​ដោយ​អំណរ​មួយ​ជាមួយ​នឹង​មនុស្ស​ជាទីស្រឡាញ់​របស់​បងប្អូន—ជាអ្វីដែល​ខ្ញុំ​សូម​ថ្លែងទីបន្ទាល់ ហើយ​អធិស្ឋាន​ដោយ​រាបសា នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕