សម្លៀក​បំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ

តាំងពី​ជំនាន់​បុរាណ​មក បុរស និង​ស្ដ្រី​បាន​ទទួល​យក​តន្ត្រី​ពិសិដ្ឋ ការអធិស្ឋាន​តាម​បែប​ផ្សេងៗ សម្លៀក​បំពាក់​ខាង​សាសនា​ដែល​មាន​ពេញ​ទៅ​ដោយ​និមិត្ត​សញ្ញា កាយវិការ និង​ពិធី​នានា ដើម្បី​បង្ហាញ​អំពី​អារម្មណ៍​ភក្តីភាព​ដ៏ខ្លាំង​បំផុត​របស់​ពួកគេ​ចំពោះ​ព្រះ ។

ទម្រង់​ផ្សេងៗ​នៃ​ការបញ្ចេញ​មតិ​ទាំងនេះ​មាន​ទំហំ​ធំ និង​ខុសៗ​គ្នា​ ដូចជា​គ្រួសារ​មនុស្ស​ដែរ ។ ប៉ុន្តែ មនុស្ស​ទាំងអស់​មាន​គោលបំណង​ដ៏​សំខាន់​ដូចគ្នា​នេះ ៖ ដើម្បី​ភ្ជាប់​រវាង​អ្នកជឿ​ទៅនឹង​វត្ថុ​នៃ​ការលះបង់​របស់​ពួកគេ​តាម​របៀប​ផ្ទាល់ខ្លួន​បំផុត—ដើម្បី​ខិត​ទៅ​ជិត​ព្រះ ។

ចំពោះ​អ្នក​ដែល​នៅក្រៅ​សេចក្ដី​ជំនឿ​ជាក់លាក់​មួយ នោះ​ពួកគេ​ហាក់​ដូចជា​មិន​ស្គាល់​ពិធី​នានា និង​សម្លៀក​បំពាក់​ទាំងនេះ​ទេ ។ ប៉ុន្តែ​សម្រាប់​អ្នកចូលរួម​វិញ ពួកគេ​អាច​រំជួល​អារម្មណ៍​ក្នុង​ព្រលឹង​ដ៏​ជ្រាលជ្រៅ​បំផុត​ដែល ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​ល្អ ហើយ​ថែមទាំង​បង្កើត​ជា​គន្លង​ជីវិត​មួយ​ដែល​ពេញ​ដោយ​ការបម្រើ​ទាំងស្រុង​ផងដែរ ។

សម្លៀក​បំពាក់​របស់​ដូនជី ។ ស្បង់ជីវ​របស់​លោកសង្ឃ ។ កន្សែង​បង់​ក​សម្រាប់​ការអធិស្ឋាន​សាសនា​ជីហ្វ ។ មួក​កន្ដឹប​របស់​សាសនា​មូស្លីម ។ ស្បង់​ពណ៌​រមៀត​របស់​លោកសង្ឃ​សាសនា​ព្រះពុទ្ធ ។ ទាំងអស់​នេះ​គឺជា​ផ្នែក​មួយ​នៃ​ភាពសម្បូរ​បែប​នៃ​ភក្ដីភាព​របស់​មនុស្ស​ចំពោះ​ព្រះ ។

មិន​មែន​សម្លៀក​បំពាក់​សាសនា​ទាំងអស់​នេះ​ត្រូវ​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ ។ សម្លៀក​បំពាក់​មួយ​ចំនួន​ត្រូវ​គេ​មើលឃើញ​តែ​នៅ​កន្លែង​ថ្វាយ​បង្គំ​ពិសេស​ប៉ុណ្ណោះ ។ ឧទាហរណ៍ ស្បៃ​ឆៀង​ព្រះវិហារ​បរិសុទ្ធ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​គេ​ស្គាល់​ថា​ជា​រ៉ូប​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​នោះ ត្រូវបាន​ពាក់​តែ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ប៉ុណ្ណោះ ហើយ​ត្រូវបាន​រក្សាទុក​សម្រាប់​ពិធី​ដ៏​ពិសិដ្ឋ​បំផុត​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ សម្លៀក​បំពាក់​ពណ៌‑ស​សាមញ្ញ​តំណាង​ឲ្យ​ភាពបរិសុទ្ធ និង​ភាពស្មើគ្នា ។ អ្នកដឹកនាំ​សាសនាចក្រ​ចំណាស់បំផុត និង​សមាជិក​ថ្មី​បំផុត​គឺ​មើល​ទៅ​ដូចគ្នា​បេះបិត នៅពេល​ស្លៀកពាក់​​ដូចគ្នា​របៀប​នេះ ។ បុរស និង​ស្ត្រី​ពាក់​សម្លៀក​បំពាក់​ស្រដៀង​គ្នា​ដែល​បង្ហាញ​អំពី​និមិត្តសញ្ញា​ខាង​សាសនា​ដែល​រំឭក​ដល់​ការអនុវត្ត​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដូច​បាន​រៀបរាប់​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ពុំ​មាន​សម្លៀក​បំពាក់​ខាង​សាសនា​ជា​ពិសេស​ណាមួយ​នៅក្នុង​កម្មវិធី​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ​ជា​ទៀងទាត់​នោះ​ទេ ។

ទោះជា​យ៉ាងណា​ក៏ដោយ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​ជាច្រើន​ពាក់​សម្លៀក​បំពាក់​បរិសុទ្ធ​នៅពីក្រោម​សម្លៀក​បំពាក់​របស់​ពួកគេ ដែល​វា​មាន​សារៈសំខាន់​ខាង​សាសនា​យ៉ាង​ជ្រាលជ្រៅ ។ សម្លៀក​បំពាក់​ខាងក្នុង​ដ៏​សមរម្យ​នេះ​មាន​ពីរ​ផ្នែក ហើយ​ជា​ធម្មតា គេ​ហៅថា « សម្លៀក​បំពាក់​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ » ។

មនុស្ស​មួយ​ចំនួន​ហៅ​សម្លៀក​បំពាក់​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​នេះ​ទាំង​ខុសឆ្គង​ថា​មាន​វេទមន្ដ ឬ​ថា​ជា « ខោអាវ​ក្នុង​វេទមន្ដ » ។ ពាក្យ​ទាំងនេះ​មិន​គ្រាន់តែ​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើឲ្យ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អាក់អន់​ចិត្ត​ផងដែរ ។ គ្មាន​អ្វី​ដែល​មាន​វេទមន្ដ ឬ​រឿង​អាថ៌កំបាំង​អំពី​សម្លៀក​បំពាក់​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ហើយ​សមាជិក​សាសនាចក្រ​ស្នើសុំ​ឲ្យមាន​ការគោរព និង​ការយល់ចិត្ត​ក្នុង​កម្រិត​ដូចគ្នា ដែល​នឹង​ផ្តល់​ជូន​ដល់​អ្នកមាន​ជំនឿ​ផ្សេងទៀត មកពី​សំណាក់​មនុស្ស​ដែល​មាន​បំណង​ល្អ ។

សមាជិក​មជ្ឈិមវ័យ​នៃ​សាសនាចក្រ ដែល​បាន​ធ្វើ​ការសន្យា​ដ៏​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ថា​នឹង​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ចំពោះ​សមាជិក​សាសនាចក្រ ការ​ស្លៀក សម្លៀក​បំពាក់​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​សមរម្យ​នេះ ដែល​ពាក់​នៅពីក្រោម​សម្លៀក​បំពាក់​ធម្មតា និង​អាវវែង​ជា​និមិត្តរូប​ដែល​ពាក់​ក្នុង​អំឡុង​ពេល​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ វាគឺ​ជា​តំណាង​ឲ្យ​ទិដ្ឋភាព​ដ៏​ពិសិដ្ឋ និង​ផ្ទាល់ខ្លួន​នៃ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ និង​ការតាំងចិត្ត​របស់​ពួកគេ​ដើម្បី​រស់នៅ​ក្នុង​ជីវិត​មួយ​ដ៏​ល្អ និង​មាន​កិត្តិយស ។