ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
ស្វែងរក​របៀប​សមរម្យ​នានា​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក ។


« ស្វែងរក​របៀប​សមរម្យ​នានា​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន ( ឆ្នាំ ២០២៣ )

« ស្វែងរក​របៀប​សមរម្យ​នានា​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន

ស្វែងរក​របៀប​សមរម្យ​នានា​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក ។

ជំនាញ

ផ្ញើ​សំបុត្រ​ទៅកាន់​ឪពុក​ម្ដាយ​របស់​សិស្ស អំពី​ចំណុច​វិជ្ជមាន​ដែល​អ្នក​បាន​កត់សម្គាល់​ឃើញ​អំពី​កូន​របស់​ពួកគាត់ ។

រូបភាព
ស្ដ្រី​ម្នាក់​កំពុង​សរសេរ

កំណត់​និយមន័យ

របៀប​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក​សម្រាប់​សិស្ស​ម្នាក់ គឺ​តាមរយៈ​ការផ្ញើ​សារ​វិជ្ជមាន​មួយ​ទៅ​កាន់​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​របស់​សិស្ស អំពី​អ្វី​មួយ​ជាក់លាក់​ដែល​អ្នក​បាន​កត់សម្គាល់​ឃើញ​អំពី​សិស្ស​នោះ ។ សារ​នេះ​នឹង​កាន់តែ​មាន​ប្រសិទ្ធិភាព ប្រសិនបើ​អ្នក ៖

  1. អធិស្ឋាន​សូម​ការណែនាំ​អំពី​សិស្ស​ណា​ម្នាក់​ដែល​អ្នក​គួរ​ផ្តោត​លើ និង​អ្វី​ដែល​គួរ​ចែកចាយ​ជាមួយ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ។

  2. ចាប់ផ្តើម​សារ​ដោយ​ការណែនាំ​ខ្លួន​ឯង ។

  3. ថ្លែង​អំណរគុណ​យ៉ាង​ស្មោះសរ​ចំពោះ​ឱកាស​ដែល​មាន​សិស្ស​រូប​នេះ​នៅក្នុង​ថ្នាក់ ។

  4. ប្រាប់​អ្វីមួយ​ដែល​វិជ្ជមាន និង​ជាក់លាក់​ដែល​អ្នក​បាន​សង្កេត​ឃើញ​ឲ្យ​បាន​ច្បាស់លាស់ និង​សាមញ្ញ ។

នៅពេល​អ្នក​ប្រាស្រ័យ​ទាក់ទង​នូវ​ចំណុច​វិជ្ជមាន​ដែល​អ្នក​បាន​សង្កេត​ឃើញ​ប្រាប់ទៅ​ឪពុក​ម្ដាយ​ដោយ​ចិត្ត​ស្មោះសរ និង​ប្រកប​ដោយ​ការអធិស្ឋាន នោះ​សិស្ស​នឹង​ទទួល​អារម្មណ៍​សេចក្តី​ស្រឡាញ់​របស់​អ្នក​ក្នុង​របៀប​ដ៏​មាន​ឥទ្ធិពល ។

គំរូ

បងប្រុស ខាម៉ាហ្គូ ស្រឡាញ់​សិស្ស​របស់​គាត់ ហើយ​ពិត​ជា​ចង់​ប្រាស្រ័យ​ទាក់ទង​សេចក្ដី​ស្រឡាញ់​នោះ​តាម​របៀប​ដ៏​សមរម្យ ។ គាត់​អធិស្ឋាន​ដើម្បី​ដឹង​ថា តើ​នរណា​ដែល​គាត់​អាច​ចែកចាយ​សារ​វិជ្ជមាន​ប្រាប់​ទៅ​ឪពុក ឬ​ម្តាយ​បាន ហើយ​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​សរសេរ​ទៅកាន់​ឪពុក​ម្តាយ​របស់ ជែកសុន ។ គាត់​កត់​សម្គាល់​ឃើញ​ថា គាត់​មិន​ដែល​សុំ​ឲ្យ ជែកសុន យក​គម្ពីរ​របស់​គាត់​ទេ ហើយ​ថា ជែកសុន តែងតែ​មាន​ឆន្ទៈ​ជួយ ។ បងប្រុស ខាម៉ាហ្គូ ផ្ញើ​អ៊ីម៉ែល​មួយ​ដែល​និយាយ​ថា ៖

  • ជូន​ចំពោះ​បងប្រុស និង​បងស្រី ឌូវ៉ល

  • ខ្ញុំ​ឈ្មោះ ខាម៉ាហ្គូ ហើយ​ខ្ញុំ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​របស់ ជែកសុន ។ ខ្ញុំ​ពិត​ជា​មាន​អំណរ​ណាស់​ដែល​មាន​គាត់​ក្នុង​ថ្នាក់​របស់​ខ្ញុំ ។ ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​បងប្រុស​បងស្រី​ដឹង​ថា ជែកសុន តែងតែ​យក​ព្រះគម្ពីរ​របស់​គាត់​មក​ថ្នាក់រៀន ហើយ​តែង​មាន​ឆន្ទៈ​ជួយ​គ្រប់​អ្វី​ដែល​ខ្ញុំ​ត្រូវការ ។ សូម​អរគុណ​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​បង​កំពុង​ធ្វើ​ដើម្បី​ជួយ និង​គាំទ្រ​គាត់ ។

  • ដោយ​ក្ដី​ស្មោះស្ម័គ្រ

  • បងប្រុស ខាម៉ាហ្គូ

អនុវត្ត

សូម​សរសេរ​សារ​វិជ្ជមាន​មួយ​ទៅកាន់​ឪពុក ឬ​ម្ដាយ​សម្រាប់​ស្ថានភាព​ដូច​ខាងក្រោម ៖

  1. ស៊ូសាន ហាក់​ដូចជា​អង្គុយ​នៅ​ឆ្ងាយ​ដាច់​គេ​ក្នុង​ថ្នាក់ ហើយ​អ្នកចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​នាង ។ នៅពេល​អ្នក​កំពុង​អធិស្ឋាន​អំពី​វា អ្នក​សម្គាល់​ឃើញ​ថា គាត់​ស្ម័គ្រ​ចិត្ត​ជួយ​សិស្ស​ម្នាក់​ដែល​កំពុង​មាន​បញ្ហា​ក្នង​ការស្វែងរក​បទគម្ពីរ ។

  2. សូម​គិត​អំពី​សិស្ស​ម្នាក់​របស់​អ្នក​ដែល​តែងតែ​ជួយ​ពង្រឹង​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ។ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ប្រាប់​សិស្ស​នូវ​អ្វី​មួយ​ដែល​អ្នក​បាន​សង្កេត​ឃើញ​អំពី​គាត់ ។

ពិភាក្សា ឬ​សញ្ជឹងគិត

  • តើ​ការណ៍​នេះ​អាច​មាន​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​សិស្ស​ម្នាក់ៗ និង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​កាល​វេលា​ចេះតែ​កន្លង​ទៅ ? តើ​វា​អាច​មាន​ឥទ្ធិពល​ដល់​ការចូលរួម​របស់​សិស្ស ឬ​អារម្មណ៍​នៃ​ការមាន​ចំណែក​ក្នុង​ថ្នាក់​ដោយ​របៀប​ណា ?

  • សូម​ពិចារណា​ពី​ពេល​មួយ​ដែល​ការបង្ហាញ​សេចក្តី​ស្រឡាញ់ ឬ​អំណរគុណ​របស់​នរណា​ម្នាក់​បាន​ពង្រឹង​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។

រួម​បញ្ចូល

  • សូម​ចាប់ផ្តើម​ដោយ​ការជ្រើសរើស​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ក្នុង​មួយ​ថ្ងៃ​ដែល​អ្នក​ទទួល​អារម្មណ៍​ឲ្យ​រៀន​ប្រើ​ជំនាញ​នេះ​ជាមួយ​គ្នា ។ សូម​បន្ត​ធ្វើ​ដូច្នេះ​រហូត​ដល់​វា​ក្លាយជា​រឿង​ធម្មតា ហើយ​ដរាប​ណា​ដែល​ព្រះវិញ្ញាណ​ដឹកនាំ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ជីន ប៊ី ប៊ីងហាំ « Teaching Truth in the Language of Love » ( ការចាក់ផ្សាយ​អំពី​ការបំពាក់បំប៉ន​ប្រចាំ​ឆ្នាំ​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន នៅ​ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org