ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
អធិស្ឋាន​សម្រាប់​ពួកគេ​តាម​ឈ្មោះ​ពួកគេ ។


« អធិស្ឋាន​សម្រាប់​ពួកគេ​តាម​ឈ្មោះ​ពួកគេ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ( ឆ្នាំ ២០២២ )

« អធិស្ឋាន​សម្រាប់​ពួកគេ​តាម​ឈ្មោះ​ពួកគេ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន

ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន

អធិស្ឋាន​សម្រាប់​ពួកគេ​តាម​ឈ្មោះ​ពួកគេ ។

ជំនាញ ៖ អធិស្ឋាន និង​ទូល​សួរ​ពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

និយមន័យ

ការអធិស្ឋាន​ឲ្យ​សិស្ស​របស់​អ្នក​ជា​ទៀងទាត់ អាច​ជួយ​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​កាន់តែ​ខ្លាំង​សម្រាប់​ពួកគេ ហើយ​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ផ្តល់​កន្លែង​សុវត្ថិភាព ជា​កន្លែង​ដែលពោរពេញ​ដោយ​ការអញ្ជើញ ដែល​ពួកគេ​អាច​រៀន ។ វា​ក៏​អាច​អនុញ្ញាត​ឲ្យ​ព្រះវរបិតាសួគ៌​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​កាលៈទេសៈ និង​សេចក្តីត្រូវការ​របស់​ពួកគេ​ផងដែរ ។ ទោះបី​ជា​យើង​មិន​អាច​បង្ខំ​រឿង​ខាង​វិញ្ញាណ ឬ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ក្តី ក៏​ការអធិស្ឋាន​ឲ្យ​សិស្ស​របស់​យើង​អញ្ជើញ​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អាច​បង្កើន​សមត្ថភាព​របស់​យើងដើម្បី​ជួយ​ពួកគេ​ដែរ ។ ការធ្វើ​តាម​ការបំផុសគំនិត​ដែល​អ្នក​ទទួលបាន​អាច​ជួយ​អ្នក​កែលម្អ​បទពិសោធន៍​រៀន​សូត្រ​របស់​សិស្ស​ម្នាក់ៗ ។ របៀប​មួយ​ដែល​គ្រូបង្រៀន​អាច​ព្យាយាម​បង្កើន​សេចក្តីស្រឡាញ់​ចំពោះ​សិស្ស​របស់​ពួកគេ​គឺ​តាមរយៈ​ការពិចារណា​អំពី​អ្វី​ដែល​ពួកគេ​បាន​ស្គាល់​រួច​ហើយ​អំពី​សិស្ស ហើយ​បន្ទាប់​មក​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន និង​សួរ​អំពី​របៀប​ដែល​ពួកគេ​អាច​បង្ហាញ​សេចក្តីស្រឡាញ់​កាន់តែ​ច្រើន​ចំពោះ​សិស្ស​នោះ ។ នៅពេល​ពួកគេ​អធិស្ឋាន​ដោយ​មាន​គំនិត​នោះ​ក្នុង​ចិត្ត នោះ​គ្រូបង្រៀន​គួរតែ​ព្យាយាម​ស្វែងរក និង​ធ្វើ​តាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ ។

គំរូ

ខាងក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​របៀប​ដែល​អ្នក​អាច​អធិស្ឋាន និង​ទូលសួរ​អំពី​របៀប​ជួយ​សិស្ស​ម្នាក់ៗ ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ៖

  • អ្នក​បាន​សម្គាល់​ឃើញ​ថា ចន​បាន​ស្ទាក់ស្ទើរ​ក្នុងការ​ចូលរួម​ក្នុង​ថ្នាក់​នាពេល​ថ្មីៗ​នេះ ។ អ្នក​ទូល​សូម​ព្រះវរបិតាសួគ៌​អំពី​របៀប​ដ៏​ល្អបំផុត​ដែល​អ្នក​អាច​ជួយ​គាត់ ។ អ្នក​ទទួល​អារម្មណ៍​ថា អ្នក​គួរតែ​និយាយ​ជាមួយ​គាត់ នៅពេល​គាត់​ចូល​មក​ក្នុង​ថ្នាក់ ។ អ្នក​មាន​អារម្មណ៍​ថា អ្នក​គួរតែ​សួរ​គាត់​ច្រើន​អំពី​ចំណាប់​អារម្មណ៍​បច្ចុប្បន្ន​របស់​គាត់ ជាជាង​គ្រាន់តែ​សួរ​គាត់​អំពី​មូលហេតុ​ដែល​គាត់​មិន​បាន​ចូលរួម​បាន​ច្រើន​នា​ពេល​ថ្មីៗ​នេះ ។ អ្នក​គ្រោង​នឹង​និយាយ​ជាមួយ​គាត់​មុន​ចាប់ផ្តើម​ថ្នាក់​រៀន​នៅថ្ងៃ​ស្អែក​នេះ ។

  • ម៉ារៀ​បាន​ចែកចាយ​យោបល់ និង​ទីបន្ទាល់​របស់​គាត់​ជា​ទៀងទាត់​នៅ​ពីរបី​សប្តាហ៍​មុន ។ មុន​ពេល​រៀន​មេរៀន​បន្ទាប់ អ្នក​បាន​ទូល​សួរ​ព្រះវរបិតាសួគ៌​អំពី​របៀប​ដែល​អ្នកអាច​ជួយ​នាងឲ្យ​បន្ត​រីកចម្រើន ។ អ្នក​មាន​គំនិត​ចង់​ចាប់​ដៃ​គូ​គាត់​ជាមួយ​មិត្ត​រួមថា្នក់​គាត់​ពីរបី​នាក់ ដែល​មិន​ចែកចាយ​យោបល់​ញឹកញាប់ ឬ​មាន​ការលំបាក​ដើម្បី​ចែកចាយ​ដោយ​បើក​ចំហ​អំពី​អារម្មណ៍​របស់​ពួកគេ ។ នៅក្នុង​គម្រោង​មេរៀន​សម្រាប់​ថ្ងៃ​ស្អែក នោះ​អ្នក​បន្ថែម​ឱកាស​ចែកចាយ​មក​ពី​មិត្ត​រួម​ថ្នាក់ ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

សូម​ប្រើ​ការអនុវត្ត​មួយ ឬ​ច្រើន​នៃ​ការអនុវត្ត​ខាង​ក្រោម​នេះ ដើម្បី​កែលម្អ​សមត្ថភាព​របស់​អ្នក ដើម្បី​អធិស្ឋាន​ឲ្យ​សិស្ស និង​ធ្វើ​តាម​លទ្ធផល​នៃ​ការបំផុសគំនិត​នានា ៖

  • សូម​ជ្រើសរើស​សិស្សម្នាក់ ដែល​អ្នក​មាន​អារម្មណ៍​ថា គាត់​មិន​សូវ​មាន​មិត្តភក្តិ​ស្និទ្ធស្នាល​ច្រើន​ក្នុង​ថ្នាក់ ។ សូម​អធិស្ឋាន​អំពី​របៀបដ៏​ល្អបំផុត​ដើម្បី​ជួយ​គាត់ ។ សូម​ដាក់​ផែនការ​ធ្វើ​តាម​ការបំផុសគំនិត​ដែល​អ្នក​ទទួល​បាន ។

  • សូម​ជ្រើសរើស​សិស្ស​ម្នាក់​ដែល​ចែកចាយ​ច្រើន​នៅក្នុង​ថ្នាក់ ។ សូម​អធិស្ឋាន​ឲ្យ​គាត់ និង​អំពី​របៀប​ដើម្បី​បន្ត​កែលម្អ​បទពិសោធន៍​រៀន​សូត្រ​របស់​សិស្ស​នោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

  • សូម​ជ្រើសរើស​សិស្ស​ម្នាក់​ដែល​មិន​បាន​មក​រៀន​ពេល​ថ្មីៗ​នេះ ។ សូម​អធិស្ឋាន​ឲ្យ​គាត់ ហើយ​ទូល​សួរ​ព្រះអម្ចាស់​អំពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ឈោង​ទៅ​ជួយ និង​ជួយ​សិស្ស​នោះ ឲ្យ​ទទួល​អារម្មណ៍​ថា គេស្រឡាញ់ និង​ត្រូវការ​គាត់ ។ សូម​លើក​ឡើង​ពី​ផែនការ​មួយ​ដែល​ផ្តោតលើ​ការបំផុសគំនិត​ដែល​អ្នក​ទទួល​បាន សូម​សម្រេច​ចិត្ត​ពី​ពេលវេលា​ដែល​អ្នក​អាច​ធ្វើ​តាម​ផែនការ​នោះ ហើយ​ធ្វើតាម​ទាំងស្រុង ។

ពិភាក្សា ឬ​ពិចារណា

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​នេះ ។ ប្រហែល​អ្នក​អាច​កត់ត្រា​គំនិតមួយ​ចំនួន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​បាន ។ សូម​ពិចារណា​សំណួរ​ខាង​ក្រោម ៖

  • តើ​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​អ្វីខ្លះ​កាល​ពី​មុន​ដើម្បី​អធិស្ឋាន​ឲ្យ​សិស្ស​របស់​ខ្ញុំ ?

  • តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​នៅក្នុង​ដំណើរការ​នេះ ដែល​អាច​កែលម្អ​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​អធិស្ឋាន​ឲ្យ​សិស្ស​របស់​ខ្ញុំ និង​ជួយ​ពួកគេ​កែលម្អ​បទពិសោធន៍​រៀនសូត្រ​របស់​ពួកគេ ?

  • តើខ្ញុំ​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បន្ត​កែលម្អ ?

រួម​បញ្ចូល

សូម​ដាក់ផែនការ​ដើម្បី​អធិស្ឋាន និង​ទូល​សួរ​ពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្នក​អាច​ពិចារណា​ពី​ជំហាន​ដែល​បាន​ផ្តល់​ជា​យោបល់​ខាងក្រោម នៅ​ពេល​អ្នក​ដាក់​ផែនការ ៖

  • សូម​ជ្រើសរើស និង​ផ្តោត​លើ​ការអនុវត្ត​មួយ​នៃការអនុវត្ត​ខាង​លើ ។

  • សូម​កំណត់​ពី​របៀប​ដែល​អ្នក​នឹង​រួមបញ្ចូលការ​អនុវត្ត ។

  • សូម​ដាក់​កាលវិភាគ​ដើម្បី​រួមបញ្ចូលការ​អនុវត្ត។

  • សូម​ទូល​សូម​ជំនួយ​ពី​ព្រះ​វរបិតាសួគ៌​ដើម្បី​ជួយ​អ្នក ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • និល អិល អាន់ឌើរសិន « A Classroom of Faith, Hope, and Charity » ( ជំនួប​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃ​ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤ ) broadcasts.ChurchofJesusChrist.org

  • ឆាដ អេច វិប « Above All Things » ( ការ​ចាក់ផ្សាយ​ការបំពាក់បំប៉ន​ប្រចាំ​ឆ្នាំ​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ) broadcasts.ChurchofJesusChrist.org

  • « ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ( ឆ្នាំ ២០១៦ ) ទំព័រ ៦