« ការបំពាក់បំប៉នស្តីពីការបង្កើតសេចក្តីណែនាំអំពីល្បឿនបង្រៀន » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
ឧបសម្ព័ន្ធ
ការបំពាក់បំប៉នស្ដីពីការបង្កើតសេចក្តីណែនាំអំពីល្បឿនបង្រៀន
សេចក្តីផ្ដើម
នៅក្នុងថ្នាក់សិក្ខាសាលា សិស្សសិក្សាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈមេរៀនវគ្គសិក្សាបទគម្ពីរ និងមេរៀននៃការរៀបចំជីវិត ។ តារាងខាងក្រោមនេះ រាយបញ្ជីនូវប្រភេទផ្សេងៗគ្នាដែលទាក់ទងនឹងប្រភេទនៃមេរៀនទាំងនេះ ។
|
ប្រភេទមេរៀនវគ្គសិក្សាបទគម្ពីរ |
ប្រភេទមេរៀននៃការរៀបចំជីវិត |
|---|---|
ប្រភេទមេរៀនវគ្គសិក្សាបទគម្ពីរ
| ប្រភេទមេរៀននៃការរៀបចំជីវិត
|
ពេលបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀន វាអាចពិបាកដើម្បីដឹងអំពីពេលណា និងញឹកញាប់ប៉ុនណាដើម្បីដាក់កាលវិភាគសម្រាប់ប្រភេទនៃមេរៀនខុសគ្នាៗទាំងនេះសម្រាប់រយៈពេលពេញមួយឆ្នាំ ។ ការបំពាក់បំប៉ននេះ គឺមានគោលបំណងដើម្បីផ្ដល់ការណែនាំទៅកាន់អ្នកគ្រប់គ្រងកម្មវិធី អ្នកសម្របសម្រួល និងគ្រូបង្រៀននៅក្នុងការបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀន ដែលនឹងប្រាកដថាប្រភេទមេរៀនទាំងនេះ គឺត្រូវបានបង្រៀនជាមួយនឹងតុល្យភាពសមស្រប ។
គោលការណ៍ដើម្បីធ្វើតាម នៅពេលបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀន
គោលការណ៍ទាំងបួនខាងក្រោមនេះអាចនឹងមានអត្ថប្រយោជន៍ដើម្បីយល់ និងធ្វើតាមពេលបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀន ។
គោលការណ៍ទី ១ ៖ សូមធ្វើតាមកាលវិភាគប្រចាំសប្ដាហ៍របស់សៀវភៅសិក្សា ចូរមកតាមខ្ញុំ នៅពេលដាក់កាលវិភាគមេរៀនវគ្គសិក្សាបទគម្ពីរ ។
មាតិកានៅក្នុងមេរៀនវគ្គសិក្សាបទគម្ពីរ គឺមានគោលបំណងដើម្បីដាក់ស្របទៅអ្វីដែលសិស្សកំពុងសិក្សាផ្ទាល់ខ្លួន និងសិក្សាជាមួយក្រុមគ្រួសាររបស់ពួកគេនៅគេហដ្ឋាន ។ ហេតុដូច្នោះហើយ គ្រូបង្រៀនជាទូទៅគួរតែបង្រៀនមេរៀនវគ្គសិក្សាបទគម្ពីរនៅក្នុងសប្ដាហ៍តែមួយដែលមានដាក់កាលវិភាគនៅក្នុងសៀវភៅសិក្សា ចូរ មកតាមខ្ញុំ ។ ពេលខ្លះ មេរៀនវគ្គសិក្សាបទគម្ពីរអាចត្រូវបានបង្រៀននៅក្នុងថ្នាក់សិក្ខាសាលា នៅពេលដែលមិនស្របនឹងល្បឿនបង្រៀននៃសៀវភៅសិក្សា ចូរមកតាមខ្ញុំ ប៉ុន្ដែករណីទាំងនេះគឺគួរតែកម្រ ហើយគ្រូបង្រៀនគួរតែចៀសវាងបង្រៀនមេរៀនដែលយឺតជាង ឬលឿនជាង ចូរមកតាមខ្ញុំ ។
គោលការណ៍ទី ២ ៖ ដាក់កាលវិភាគឲ្យបានសមរម្យសម្រាប់មេរៀនវគ្គសិក្សាបទគម្ពីរ និងមេរៀននៃការរៀបចំជីវិតសម្រាប់សប្ដាហ៍នីមួយៗ ។
មេរៀនវគ្គសិក្សាបទគម្ពីរ ( រួមមានការអនុវត្ដចំណេះចំណានខាងគោលលទ្ធិ និងវាយតម្លៃការរៀនសូត្ររបស់អ្នក ) និងមេរៀននៃការរៀបចំជីវិត គឺមានសារៈសំខាន់សម្រាប់បទពិសោធន៍ថ្នាក់សិក្ខាសាលា ។ សូមព្យាយាមដើម្បីផ្ដល់នូវវិធីសាស្ដ្រមួយដ៏មានតុល្យភាពអំពីរបៀបដែលអ្នកដាក់កាលវិភាគសម្រាប់មេរៀនទាំងនេះនៅក្នុងសប្ដាហ៍នីមួយៗ ។ ឧទាហរណ៍ ជាមធ្យមនៅក្នុងកម្មវិធីដែលរៀនប្រាំដងក្នុងមួយសប្ដាហ៍ ជាធម្មតាគួរតែបង្រៀនបីមេរៀននៃមេរៀនវគ្គសិក្សាបទគម្ពីរ និងពីរមេរៀនសម្រាប់មេរៀននៃការរៀបចំជីវិត ។
ប្រហែលជាមានសប្ដាហ៍មួយចំនួនដែលសមរម្យដើម្បីកែសម្រួលតុល្យភាពដែលបានណែនាំនេះ ។ ឧទាហរណ៍ ក្នុងអំឡុងវគ្គសិក្សាព្រះគម្ពីរមរមន គ្រូបង្រៀនអាចបែងចែកពេលវេលាច្រើនជាងសម្រាប់មេរៀនវគ្គសិក្សាបទគម្ពីរក្នុងអំឡុងសប្ដាហ៍ដែលពួកគេបង្រៀន អំពីការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះដែលបានកត់ត្រានៅក្នុងនីហ្វៃទី ៣ ។ ប្រហែលជាមានសប្ដាហ៍មួយចំនួនទៀតដែលគ្រូបង្រៀនអាចចំណាយពេលវេលាច្រើនជាងទៅលើមេរៀននៃការរៀបចំជីវិត ។ ដើម្បីជួយគ្រូបង្រៀន និងអ្នកគ្រប់គ្រងកម្មវិធីធ្វើការសម្រេចចិត្ដទាំងនេះ ពេលខ្លះកម្មវិធីសិក្សាមាននូវមេរៀនវគ្គសិក្សាបទគម្ពីរចំនួនពីរ ឬបួននៅក្នុងសប្ដាហ៍នោះ ជាជាងធម្មតាដែលមានបីមេរៀន ។ សម្រាប់សប្ដាហ៍ដូចនេះ អាចជួយអ្នកឲ្យដឹងថា គួរសង្កត់ធ្ងន់ជាងទៅលើមេរៀនវគ្គសិក្សាបទគម្ពីរ ឬមេរៀននៃការរៀបចំជីវិតនៅពេលណា ។ ពេលដែលមេរៀនវគ្គសិក្សាបទគម្ពីរមានតិចជាងបីមេរៀន អ្នកអាចរួមបញ្ចូលមេរៀននៃការរៀបចំបន្ថែមនៅក្នុងសប្ដាហ៍នោះ ។ ប្រសិនបើមានមេរៀនវគ្គសិក្សាបទគម្ពីរច្រើនជាងបីមេរៀន នោះអ្នកអាចចំណាយពេលតិចជាងទៅលើមេរៀននៃការរៀបចំជីវិតនៅក្នុងសប្ដាហ៍នោះ ។
ទោះជាយ៉ាងណាក៏ដោយ សូមធ្វើឲ្យបានល្អបំផុតនៅក្នុងការបង្រៀនមេរៀននៃការរៀបចំជីវិតនីមួយៗក្នុងអំឡុងឆ្នាំសិក្សា ។ មេរៀននៃការរៀបចំជីវិតអាចរកឃើញនៅបន្ទាប់ពីមេរៀនវគ្គសិក្សាបទគម្ពីរនៅក្នុងសៀវភៅសិក្សា ។
សេចក្ដីណែនាំខាងក្រោមនេះអាចជួយអ្នកធ្វើការសម្រេចចិត្ដអំពីពេលណាដើម្បីដាក់កាលវិភាគសម្រាប់ប្រភេទខុសគ្នាៗនៃមេរៀននៃការរៀបចំជីវិត ។
-
កំណត់ចំនួនមេរៀននៃការរៀបចំជីវិតឲ្យមានចំនួនប្រហាក់ប្រហែលគ្នាសម្រាប់ពាក់កណ្ដាលវគ្គសិក្សានីមួយៗ ។ ការណ៍នេះនឹងជួយគ្រូបង្រៀនឲ្យមានតុល្យភាពរវាងមេរៀនវគ្គសិក្សាបទគម្ពីរ និងមេរៀននៃការរៀបចំជីវិតក្នុងរយៈពេលពេញមួយឆ្នាំ ។
-
សូមប្រាកដថា គ្រូបង្រៀនដែលអ្នកមើលការខុសត្រូវ បង្រៀនមេរៀននៃការរៀបចំជីវិតដូចគ្នានៅក្នុងពាក់កណ្ដាលនៃវគ្គសិក្សានោះ ។ ការណ៍នេះនឹងជួយទប់ស្កាត់ការរៀនច្រំដែលនៃមេរៀននៃការរៀបចំជីវិតដែលសិស្សនឹងរៀន ប្រសិនបើពួកគេប្ដូរគ្រូបង្រៀនបន្ទាប់ពីបានបញ្ចប់ពាក់កណ្ដាលនៃវគ្គសិក្សាហើយ ។
-
សូមធ្វើតាមការណែនាំដែលបានផ្ដល់ដោយតំបន់ក្នុងមូលដ្ឋាន ភូមិភាគ ឬកម្មវិធីនានា ។ តំបន់ក្នុងមូលដ្ឋាន ភូមិភាគ ឬកម្មវិធីនានា អាចផ្ដល់នូវការណែនាំអំពីពេលណាដែលត្រូវបង្រៀនមេរៀននៃការរៀបចំជិវិតមួយចំនួន ឬទាំងអស់ ។
-
សូមយោងទៅលើការណែនាំល្បឿនបង្រៀននៅក្នុងផ្នែកទិដ្ឋភាពទូទៅនៃប្រភេទមេរៀននៃការរៀបចំជីវិតនីមួយៗ ។ ប្រភេទនីមួយៗនៃមេរៀននៃការរៀបចំជីវិតរួមបញ្ជូលការណែនាំល្បឿនបង្រៀននៅក្នុងផ្នែក « ទិដ្ឋភាពទូទៅ » របស់មេរៀននោះ ។ ការណែនាំទាំងនេះអាចជួយអ្នកធ្វើការសម្រេចចិត្ដអំពីពេលណាដែលជាពេលល្អបំផុតដើម្បីបង្រៀនមេរៀនមួយចំនួននៃមេរៀននៃការរៀបចំជីវិត ។ ឧទាហរណ៍ នៅក្នុងទិដ្ឋភាពនៃ « ការរៀបចំសម្រាប់ការអប់រំ និងការងារ » ការណែនាំគឺបង្កើតឡើងដើម្បីបង្រៀនមេរៀនដែលមានចំណងជើងថា « សារៈសំខាន់នៃការអប់រំ » នៅពេលចាប់ផ្ដើមឆ្នាំសិក្សា ។ ផ្នែក « ទិដ្ឋភាពទូទៅ » ក៏អាចផ្ដល់ការណែនាំអំពីមេរៀននៃការរៀបចំជីវិតជាក់លាក់ដែលមានប្រសិទ្ធភាពជាងនៅពេលបង្រៀនបន្ដបន្ទាប់គ្នា ឬកៀកគ្នា ។
-
កំណត់ពេលវេលាក្នុងឆ្នាំនោះ នៅពេលដែលសិស្សអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតចេញពីមេរៀននៃការរៀបចំជីវិតជាក់លាក់ ។ ប្រហែលមានពេលខ្លះ ជាពេលដែលល្អបំផុតនៃឆ្នាំនោះដើម្បីបង្រៀនមេរៀននៃការរៀបចំជីវិតជាក់លាក់មួយចំនួន ។ ឧទាហរណ៍ វាប្រហែលជាល្អបំផុតដើម្បីបង្រៀនមេរៀនការរៀបចំខ្លួនក្លាយជាអ្នកផ្សព្វផ្សាយសាសនានៅចុងឆ្នាំសិក្សា ប្រសិនបើមានសិស្សថ្នាក់សិក្ខាសាលានឹងចេញបម្រើបេសកកម្មឆាប់ៗ ។ ឬមេរៀនសុខភាព ខាងផ្លូវកាយ និងសតិអារម្មណ៍មួយចំនួនអាចនឹងបង្រៀនអំឡុងពេលនៃឆ្នាំសិក្សា នៅពេលដែលសិស្សមានអារម្មណ៍តានតឹងខ្លាំង ។
-
កំណត់មេរៀនវគ្គសិក្សាបទគម្ពីរដែលទាក់ទងនឹងប្រភេទមេរៀននៃការរៀបចំជីវិត ។ ជាញឹកញាប់ មេរៀនវគ្គសិក្សាបទគម្ពីរទាំងនេះមាននូវមាតិកាដែលមេរៀននៃការរៀបចំជីវិតអាចបង្រៀនបន្ថែមពីលើបាន ។ ឧទាហរណ៍ អ្នកអាចដាក់កាលវិភាគថ្នាក់ការរៀបចំទៅព្រះវិហារបរិសុទ្ធនៅជិតនឹងបណ្ដុំព្រះគម្ពីរដែលផ្ដោតលើព្រះវិហារបរិសុទ្ធ ដូចជា គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៥; ១០៩–១០; ១២៤; ១២៧–២៨; និក្ខមនំ ៣៥–៤០ ឬ ពង្សាវតារក្សត្រ ទី១ ៦–៩ ។
គោលការណ៍ទី ៣ ៖ សិស្សគួរតែមានឱកាសជាទៀងទាត់ដើម្បីគិតពិចារណា ចែកចាយ និងបង្ហាញពីអ្វីដែលពួកគេកំពុងរៀន ។
សៀវភៅសិក្សានេះមាននូវមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក និងមេរៀនការអនុវត្ដចំណេះចំណានខាងគោលលទ្ធិ ដែលមានតាមពេលកំណត់នៅពេញមួយមេរៀនវគ្គសិក្សាបទគម្ពីរ ។ ទាំងនេះគឺជាផ្នែកដ៏សំខាន់នៃបទពិសោធន៍នៅថ្នាក់សិក្ខាសាលារបស់សិស្ស ។ មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ផ្ដល់ឱកាសឲ្យសិស្សដើម្បីពន្យល់គោលលទ្ធិសំខាន់ៗ និងគិតពិចារណាពីរបៀបដែលពួកគេកំពុងលូតលាស់ខាងវិញ្ញាណ ។ ការចូលរួមនៅក្នុងមេរៀនទាំងនេះ ក៏ជាតម្រូវការសម្រាប់សិស្សដើម្បីទទួលបានក្រេឌីតសម្រាប់ថ្នាក់សិក្ខាសាលាផងដែរ ។ មេរៀនការអនុវត្ដចំណេះចំណានខាងគោលលទ្ធិ ផ្ដល់ឱកាសដល់សិស្សដើម្បីធ្វើកិច្ចការឆ្ពោះទៅកាន់ការសម្រេចបាននូវលទ្ធផលនៃចំណេះចំណានខាងគោលលទ្ធិ ។
កាលអ្នកបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់អ្នក សូមកុំរំលងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ឬមេរៀននៃការអនុវត្ដចំណេះចំណានខាងគោលលទ្ធិដែលមាននៅក្នុងម៉ោងសិក្សាថ្នាក់សិក្ខាសាលាឡើយ ។ ទោះជាយ៉ាងណា អ្នកមិនចាំបាច់ប្តូរមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ឬមេរៀនការអនុវត្ដចំណេះចំណានខាងគោលលទ្ធិ ដែលនឹងមាននៅពេលសិស្សមិនទៅសាលារៀននោះទេ ដូចជាវិស្សមកាលរដូវក្ដៅ ឬរដូវរងា ជាដើម ។
គោលការណ៍ទី ៤ ៖ ដាក់កាលវិភាគសម្រាប់មេរៀនវគ្គសិក្សាបទគម្ពីរ ដែលអ្នកនឹងវាយតម្លៃនៅពេលក្រោយ ។
នៅសប្ដាហ៍មួយចំនួន ប្រហែលជាមានមេរៀនវគ្គសិក្សាបទគម្ពីរខ្លះ ដែលអាចនឹងបង្រៀនបានច្រើនជាងថ្ងៃដែលមានសម្រាប់បង្រៀនមេរៀនទាំងនោះ ។ ហេតុដូច្នោះហើយ ការសេម្រេចចិត្ដជាញឹកញាប់់នឹងត្រូវធ្វើឡើងថាតើមេរៀនវគ្គសិក្សាបទគម្ពីរណាមួយនឹងត្រូវដាក់កាលវិភាគ ។ នៅពេលធ្វើការសម្រេចចិត្ដទាំងនេះ សូមដាក់អាទិភាពមេរៀនវគ្គសិក្សាបទគម្ពីរដែល ( ១ ) ទាក់ទងនឹងអ្វីដែលបានគូសបញ្ជាក់នៅក្នុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក និង ( ២ ) មាននូវវគ្គចំណេះចំណានខាងគោលលទ្ធិ ។ ការធ្វើបែបនេះ វានឹងធ្វើឲ្យមេរៀនដែលទាក់ទង និងមេរៀនវគ្គសិក្សាបទគម្ពីរគោលលិទ្ធិសំខាន់ៗត្រូវបានដាក់កាលវិភាគឲ្យរៀន ។
ខាងក្រោមនេះ អាចជួយអ្នកដឹងពីរបៀបកំណត់មេរៀនវគ្គសិក្សាបទគម្ពីរដែលទាក់ទងទៅនឹងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក និងមេរៀនការអនុត្ដចំណេះចំណានខាងគោលលទ្ធិ ៖
-
កំណត់មេរៀនវគ្គសិក្សាបទគម្ពីរដែលទាក់ទងនឹងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ។ ជារឿយៗ សកម្មភាពទាំងឡាយចេញពីមេរៀនវគ្គសិក្សាបទគម្ពីរជាច្រើនមានយោងនៅក្នុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ។ ការអានមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ដែលអ្នកបានដាក់កាលវិភាគអាចជួយអ្នកដឹងពីមេរៀនវគ្គសិក្សាបទគម្ពីរដែលអ្នកដាក់់ជាអាទិភាពនៅក្នុងសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់អ្នកបាន ។
-
កំណត់មេរៀនវគ្គសិក្សាបទគម្ពីរដែលមានវគ្គចំណេះចំណានខាងគោលលទ្ធិ ។ កម្មវិធីសិក្សាថ្នាក់សិក្ខាសាលារៀងរាល់ឆ្នាំ មានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំនួន ២៤ ។ បញ្ជីនៃវគ្គបទគម្ពីរទាំងនេះអាចរកបាននៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ ប្រសិនបើសាលានៅបន្តបង្រៀន នៅពេលមេរៀនវគ្គសិក្សាបទគម្ពីរដែលមានវគ្គចំណេះចំណានខាងគោលលទ្ធិបានលេចឡើង មេរៀនទាំងនោះគួរតែត្រូវបានបង្រៀន ។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលសិស្សមិនរៀននៅសាលារៀន ដូចជាអំឡុងវិស្សមកាលរដូវក្ដៅ ឬរដូវរងាជាដើម ការបង្រៀនមេរៀនវគ្គសិក្សាបទគម្ពីរដែលមានវគ្គចំណេះចំណានខាងគោលលទ្ធិគឺមិនចាំបាច់នោះទេ បើទោះជាមានមេរៀននេះក៏ដោយ ។
ឧទាហរណ៍ជាជំហានៗនៃការបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀន
មានរបៀបជាច្រើនដែលអ្នកអាចបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀនដោយប្រើប្រាស់បញ្ជីគោលការណ៍ខាងលើ ។ ឧទាហរណ៍ អ្នកអាចបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់អ្នកតាមលំដាប់លំដោយនេះ ៖
-
ដាក់កាលវិភាគមេរៀនវគ្គសិក្សាបទគម្ពីរ រួមមាន ៖
-
មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក
-
មេរៀននៃការអនុវត្តចំណេះចំណានខាងគោលលទ្ធិ
-
មេរៀនវគ្គសិក្សាបទគម្ពីរដែលរៀបចំសិស្សសម្រាប់មេរៀនណាមួយដែលបានរាយបញ្ជីខាងលើនេះ
-
-
ដាក់កាលវិភាគមេរៀននៃការរៀបចំជីវិត
-
ធ្វើការកែសម្រួល បើសិនជាចាំបាច់
ករណីសិក្សា
បងស្រី មិនដូហ្សា គឺជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាពេលព្រឹកព្រលឹម ។ គាត់ និងអ្នកសម្របសម្រួលរបស់គាត់ បងប្រុស អាម៉ាស៊ីអូ កំពុងបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀនសម្រាប់វគ្គសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា ដែលនឹងចាប់ផ្ដើមនៅខែមករា ។ ខាងក្រោមនេះ គឺជាការពិពណ៌នានៃរបៀបដែលបងស្រី មិនដូហ្សា និងបងប្រុស អាម៉ាស៊ីអូ អាចប្រើប្រាស់ជំហានទាំងបីដែលបានរាយបញ្ជីនៅខាងលើ ដើម្បីបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់ពួកគេ ។
ជំហាន ទី ១ ៖ ដាក់កាលវិភាគមេរៀនវគ្គសិក្សាបទគម្ពីរ
បងស្រី មិនដូហ្សា និងបងប្រុស អាម៉ាស៊ីអូ ចាប់ផ្ដើមបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់ពួកគាត់ដោយដាក់កាលវិភាគមេរៀនវគ្គសិក្សាបទគម្ពីរទាំងអស់របស់ពួកគាត់អំឡុងសប្ដាហ៍ដែលថ្នាក់សិក្ខាសាលាបើកបង្រៀន ។ ពួកគាត់ត្រូវប្រាកដថា ពួកគាត់បានដាក់កាលវិភាគមេរៀនឲ្យស្របតាមមាតិកាដែលនឹងត្រូវសិក្សានៅក្នុងសៀវភៅសិក្សា ចូរមកតាមខ្ញុំ ។
ពួកគាត់មើលមេរៀនវគ្គសិក្សាបទគម្ពីរមួយចប់ ហើយកំណត់មេរៀនទាំងអស់នៃមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក និងមេរៀននៃការអនុវត្ដចំណេះចំណានខាងគោលលទ្ធិ នៅក្នុងពាក់កណ្ដាលនៃវគ្គសិក្សានោះ ។ ពួកគាត់កត់សម្គាល់ឃើញថា មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ចំនួនប្រាំមេរៀននឹងមាននៅពេលដែលសិស្សចាប់ផ្ដើមចូលរៀននៅសាលារៀន ៖ ពីរមេរៀននៅឆមាសទីមួយនៃឆ្នាំសិក្សា និងបីមេរៀននៅឆមាសទីពីរនៃឆ្នាំសិក្សា ។
បន្ទាប់មក បងស្រី មិនដូហ្សា និងបងប្រុស អាម៉ាស៊ីអូ បានកត់សម្គាល់ឃើញថា មេរៀននៃការអនុវត្ដចំណេះចំណានខាងគោលលទ្ធិចំនួនប្រាំ នឹងមាននៅពេលដែលសិស្សចាប់ផ្ដើមចូលរៀននៅសាលារៀន ៖ ពីរមេរៀននៅឆមាសទីមួយនៃឆ្នាំសិក្សា និងបីមេរៀននៅឆមាសទីពីរនៃឆ្នាំសិក្សា ។
បន្ទាប់មក បងស្រី មិនដូហ្សា និងបងប្រុស អាម៉ាស៊ីអូ បានពិនិត្យមើលមេរៀននីមួយៗនៃមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ដែលពួកគាត់ដាក់នៅក្នុងសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់ពួកគាត់ ។ ពួកគាត់កត់ចំណាំនូវមេរៀនវគ្គសិក្សាបទគម្ពីរដែលសកម្មភាពទាំងឡាយនៃការវាយតម្លៃផ្ដោតលើ ។ ពួកគាត់បានដាក់កំណត់ចំណាំ ( * ) នៅកៀកនឹងមេរៀននីមួយៗនៅក្នុងសេចក្ដីណែនាំអំពីល្បឿនបង្រៀនដើម្បីឲ្យបងស្រី មិនដូហ្សា អាចសង្កត់ធ្ងន់លើមេរៀនទាំងនោះយ៉ាងសមរម្យ ហើយអនុញ្ញាតឲ្យសិស្សដឹងថាសកម្មភាពមួយណាដែលពួកគេនឹងតាមដាននាពេលក្រោយ ។
បន្ទាប់មក បងស្រី មិនដូហ្សា និងបងប្រុស អាម៉ាស៊ីអូ កំណត់នូវវគ្គចំណេះចំណានខាងគោលលទ្ធិចំនួន ២៤ សម្រាប់វគ្គសិក្សា ។ ពួកគាត់បានឃើញថា វគ្គចំណេះចំណានខាងគោលលទ្ធិចំនួន ១១ ត្រូវបានរួមបញ្ចូលនៅក្នុងមេរៀន នឹងត្រូវបានបង្រៀននៅពេលដែលថ្នាក់សិក្សាបើកសម្រាប់ឆមាសទីមួយនៃឆ្នាំសិក្សា ហើយមានតែ ៧ វគ្គប៉ុណ្ណោះដែលនឹងត្រូវបានបង្រៀននៅឆមាសទីពីរ ។ ពួកគាត់បានសម្រចចិត្ដថានឹងដាក់អក្សរ ដិត សម្រាប់ចំណងជើងនីមួយៗនៃមេរៀនទាំងនេះនៅក្នុងសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់ពួកគាត់ ដើម្បីឲ្យបងស្រីមិនដូហ្សា អាចដឹងថាពេលណាដែលត្រូវសង្កត់ធ្ងន់ទៅលើវគ្គចំណេះចំណានខាងគោលលទ្ធិជាផ្នែកនៃមេរៀន ។
ជំហាន ទី ២ ៖ ដាក់កាលវិភាគមេរៀននៃការរៀបចំជីវិត
បន្ទាប់ពីដាក់កាលវិភាគសម្រាប់មេរៀនវគ្គសិក្សាបទគម្ពីទាំងអស់រូចហើយ បងស្រីមិនដូហ្សា និងបងប្រុស អាម៉ាស៊ីអូ ចាប់ផ្ដើមដាក់កាលវិភាគមេរៀននៃការរៀបចំជីវិតនៅក្នុងសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់ពួកគាត់ ។
កាលពីលើកមុន បងប្រុស អាម៉ាស៊ីអូ បានផ្ដល់ការណែនាំទៅកាន់គ្រូបង្រៀនទាំងអស់ដែលគាត់គ្រប់គ្រង អំពីមេរៀននៃការរៀបចំជីវិតមួយណាដែលគួរតែត្រូវបានបង្រៀនអំឡុងពេលវគ្គពាក់កណ្ដាលនីមួយៗនៃវគ្គសិក្សានោះ ។ គាត់បានផ្ដល់ការណែនាំរបស់គាត់ដើម្បីប្រាកដថានឹងមិនមានការបង្រៀនច្រំដែលលើមេរៀននៃការរៀបចំជីវិតទៅកាន់សិស្ស ក្នុងអំឡុងពេលវគ្គពាក់កណ្ដាលនីមួយៗនៃវគ្គសិក្សានោះ ។ គាត់បានមានអារម្មណ៍ថានេះគឺជារឿងដ៏សំខាន់មួយ នៅក្នុងករណីដែលគ្រូបង្រៀនផ្សេងត្រូវបានហៅ ដើម្បីបង្រៀនឆមាសទីពីរនៃវគ្គសិក្សានោះ ។
ការណែនាំរបស់បងប្រុស អាម៉ាស៊ីអូ បានរាយបញ្ជីដូចតទៅនេះ ។
មេរៀននៃការរៀបចំជីវិតដែលគាត់បានកំណត់ដើម្បីដាក់បញ្ចូលក្នុងឆមាសទីមួយនៃវគ្គសិក្សានេះ ៖
-
ចំណេះចំណានខាងគោលលទ្ធិ ៖ ការស្វែងរកចម្លើយចំពោះសំណួររបស់ខ្ញុំ ( ទាំងប្រាំមេរៀន )
-
ជំនាញសិក្សាព្រះគម្ពីរ ( ទាំងប្រាំមេរៀន )
-
ភាពជោគជ័យនៅក្នុងសាលា ( ទាំងបួនមេរៀន )
-
សុខភាពខាងផ្លូវកាយ និងសតិអារម្មណ៍ ( ទាំងប្រាំពីរមេរៀន )
-
« ការរៀបចំខ្លួនសម្រាប់សន្នីសិទទូទៅ » ( បង្រៀនពីមុនសន្និសីទទូទៅខែ មេសា )
-
« ការសិក្សាសារលិខិតនៃអ្នកបម្រើរបស់ព្រះអម្ចាស់ » ( បង្រៀនពេលចាប់ផ្ដើមវគ្គសិក្សា )
-
សារលិខិតចំនួនប្រាំបីមកពីថ្នាក់ដឹកនាំសាសនាចក្រប្រើប្រាស់ « ទម្រង់ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ » ( បែងចែកដោយស្មើគ្នាពេញមួយឆមាសទីមួយនៃវគ្គសិក្សា )
មេរៀននៃការរៀបចំជីវិតដែលគាត់បានកំណត់ដើម្បីដាក់បញ្ចូលក្នុងឆមាសទីពីរនៃវគ្គសិក្សានោះ ៖
-
ការស្ថាបនាភាពខ្លួនទីពឹងខ្លួន ( ទាំងបួនមេរៀន )
-
ដើម្បីកម្លាំងនៃយុវជន ៖ ការជ្រើសរើស ( ទាំងប្រាំមួយមេរៀន )
-
ការរៀបចំសម្រាប់ការអប់រំនិងការងារនាពេលអនាគត ( ទាំងបួនមេរៀន )
-
ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា ( ទាំងប្រាំមេរៀន )
-
ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ( ទាំងបួនមេរៀន )
-
« ការរៀបចំខ្លួនសម្រាប់សន្នីសិទទូទៅ »( បង្រៀនពីមុនសន្នីសីទទូទៅខែ តុលា )
បងស្រី មិនដូហ្សា និងបងប្រុស អាម៉ាស៊ីអូ បានដាក់កាលវិភាគនៃមេរៀននៃការរៀបចំជីវិតទាំងអស់ទៅក្នុងសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់ពួកគេ ។ មេរៀននៃការរៀបចំជីវិតមួយចំនួនត្រូវដាក់នៅក្នុងសប្ដាហ៍ជាក់លាក់ដើម្បីឲ្យស្របតាមកណ្ឌនៃគោលលទ្ធិ និងសេចក្ដីសញ្ញា ដែលបានសិក្សានៅក្នុងសៀវភៅសិក្សា ចូរមកតាមខ្ញុំ ស្របតាមការណែនាំដែលបានដាក់នៅក្នុងផ្នែក « ទិដ្ឋភាពទូទៅ » សម្រាប់ប្រភេទមេរៀនខុសគ្នាៗ ។ ពួកគេបានដាក់កាលវិភាគផ្សេងៗទៀត ផ្អែកទៅលើពេលដែលពួកគេបានមានអារម្មណ៍ថាសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីប្រធានបទភាគច្រើន ។
បន្ទាប់ពីការដាក់កាលវិភាគមេរៀននៃការរៀបចំជីវិតនៅក្នុងសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់ពួកគេ ពួកគេនៅមានថ្នាក់ចំនួនបួនទៀត នៅក្នុងឆមាសទីមួយនៃវគ្គសិក្សា និងថ្នាក់ចំនួនបួនទៀត នៅក្នុងឆមាសទីពីរនៃវគ្គសិក្សាដែលមិនទាន់បានដាក់កាលវិភាគមេរៀន ។ ពួកគេបានកំណត់ថា ថ្នាក់ទាំងនេះនឹងរៀនសុន្ទរកថាពីថ្នាក់ដឹកនាំសាសនាចក្រចេញមកពីសន្និសីទទូទៅថ្មីៗបំផុត ។ បងស្រី មិនដូហ្សា នឹងប្រើប្រាស់ « ទម្រង់ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ » ដើម្បីបង្រៀនមេរៀនទាំងនេះ ។
ជំហាន ទី ៣ ៖ កែសម្រួលតាមដែលចាំបាច់
បងស្រី មិនដូហ្សា និងបងប្រុស អាម៉ាស៊ីអូ ពិនិត្យមើលសេចក្ដីណែនាំអំពីល្បឿនបង្រៀនដែលពួកគាត់បានបង្កើតជាមួយគ្នាដើម្បីមើល ប្រសិនបើមានការកែសម្រួលណាមួយដែលចាំបាច់ ។ ពួកគាត់បាននឹកឃើញថា ពួកគាត់បានមើលរំលងសប្ដាហ៍មួយពេលដែលថ្នាក់សិក្ខាសាលានឹងមិនបើកបង្រៀន ដោយសារសិស្សនឹងសម្រាកពីការសិក្សានៅសាលារៀនរបស់ពួកគេ ។ ក្នុងអំឡុងសប្ដាហ៍នេះ សិស្សក៏នឹងសិក្សាវគ្គចំណេះចំណានខាងគោលលទ្ធិផងដែរ ។ ទាំងបងប្រុស អាម៉ាស៊ីអូ និងបងស្រី មិនដូហ្សា មានអារម្មណ៍ថាមេរៀននេះគួរតែត្រូវដាក់កាលវិភាគ នៅសប្ដាហ៍ពីមុន ឬក្រោយសប្ដាហ៍នោះ ។ ពួកគាត់បានសម្រេចចិត្ដផ្លាស់វាទៅកាន់សប្ដាហ៍មុនវិញ ។ ដើម្បីធ្វើរឿងនេះ ពួកគាត់នឹងត្រូវជំនួសមេរៀនមួយក្នុងចំណោមមេរៀនដែលត្រូវដាក់កាលវិភាគ ។ ពួកគាត់បានសម្រេចចិត្ដដើម្បីដាក់មេរៀននោះនៅក្នុងមេរៀនមួយនៃមេរៀនការបង្រៀនមកពីថ្នាក់ដឹកនាំសាសនាចក្រ ។ នេះគ្រាន់តែជាការកែសម្រួលដែលពួកគាត់ត្រូវធ្វើដើម្បីបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់ពួកគាត់ប៉ុណ្ណោះ ។
ទាំងបងស្រី មិនដូហ្សា និងបងប្រុស អាម៉ាស៊ីអូ បានមានអារម្មណ៍ល្អអំពីការសម្រេចចិត្ដដែលពួកគាត់បានធ្វើ ។ បងស្រី មិនដូហ្សា មានទំនុកចិត្ដថាសិស្សរបស់គាត់នឹងមានបទពិសោធន៍ដ៏វិជ្ជមាននៅក្នុងថ្នាក់សិក្ខាសាលាដែលនឹងនាំពួកគេខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ គាត់មានអំណរគុណដែលការសម្រេចចិត្ដទាំងនេះត្រូវបានធ្វើឡើងពីមុនពេលគាត់បានចាប់ផ្ដើមការបង្រៀន ដើម្បីឲ្យនៅអំឡុងពេលឆ្នាំសិក្សានេះគាត់អាចផ្ដោតលើការរៀបចំមេរៀនដែលគាត់នឹងបង្រៀនបន្ទាប់ ។ គាត់មានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង ដោយមិនចាំបាច់កំណត់ថាមេរៀនណានឹងត្រូវបង្រៀនក្នុងអំឡុងសប្ដាហ៍ បន្ថែមលើការរៀបចំពួកវានោះទៀត ។