ព្រះគម្ពីរ
គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក


« គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក » គំនិត​សម្រាប់​ការសិក្សា​ព្រះគម្ពីរ ( ឆ្នាំ ២០២១ )

« គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក » គំនិត​សម្រាប់​ការសិក្សា​ព្រះគម្ពីរ

រូបភាព
ស្ត្រី​កំពុង​សិក្សា​ព្រះគម្ពីរ

គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក

នេះគឺ​ជា​របៀប​សាមញ្ញ​មួយ​ចំនួន​ដើម្បី​ពង្រីក​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

អធិស្ឋាន​សម្រាប់​ការបំផុស​គំនិត

ព្រះគម្ពីរ​ទាំងឡាយ មាន​នូវ​ព្រះបន្ទូល​របស់ព្រះ ។ ខណៈ​ពេល​អ្នក​កំពុង​សិក្សា​ព្រះគម្ពីរ សូម​សួរ​ព្រះវរបិតាសួគ៌​របស់​អ្នក ដើម្បី​បាន​ការណែនាំ និង​ទទួល​ព្រះវិញ្ញាណ​របស់​ទ្រង់ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​វា ។

ស្វែង​រក​សេចក្ដីពិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះគម្ពីរ​បង្រៀន​យើង​ថា រឿង​គ្រប់​យ៉ាង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី២ ១១:៤; ម៉ូសេ ៦:៦៣ ) ដូច្នេះ​ចូរ​រក​មើល​ទ្រង់​នៅ​ក្នុង​ព្រឹត្តការណ៍ រឿង និង​ការ​បង្រៀន​នានា​នៃ​ព្រះគម្ពីរ ។ ចូរ​ពិចារណា​ធ្វើ​ការ​កត់ចំណាំ ឬ​គូស​ចំណាំ​ខគម្ពីរ​ដែល​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ និង​របៀប​ដើម្បី​ធ្វើ​តាម​ទ្រង់ ។

ស្វែង​រក​ពាក្យ និង​ឃ្លា​បំផុស​គំនិត

អ្នក​អាច​រក​ឃើញ​ថា មាន​ពាក្យ ឬ​ឃ្លា​មួយ​ចំនួន​នៅក្នុង​បទគម្ពីរ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក ដែល​ខគម្ពីរ​នោះ​ហាក់​ដូចជា​សរសេរ​យ៉ាងចំៗ​មក​កាន់​អ្នក​ដូច្នោះ ។ ខគម្ពីរ​នោះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ទាក់ទង​ដោយ​ផ្ទាល់ ហើយ​បំផុស​គំនិត និង​លើក​ទឹកចិត្ត​ដល់​អ្នក ។ សូម​ពិចារណា​ធ្វើ​ការ​គូសចំណាំ​ខគម្ពីរ​នោះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ​សរសេរ​ខគម្ពីរ​នោះ​នៅ​ក្នុង​កំណត់ហេតុ​សិក្សា​មួយ ។

ស្វែង​រក​សេចក្ដីពិត​នៃ​ដំណឹងល្អ

ពេល​ខ្លះ​សេចក្ដីពិត​នៃ​ដំណឹង​ល្អ ( ជា​ញឹកញាប់ ត្រូវបាន​ហៅ​ថា គោលលទ្ធិ ឬ​គោលការណ៍ ) ត្រូវ​បាន​ថ្លែង​ចំៗ ហើយ​ពេល​ខ្លះ​សេចក្តីពិត​នៃ​ដំណឹងល្អ​ទាំង​នេះ​ត្រូវ​បាន​បរិយាយ​តាម​រយៈ​ឧទាហរណ៍ ឬ​ដំណើរ​រឿង​មួយ ។ ចូរ​សួរ​ខ្លួន​ឯងថា « តើ​សេចក្ដីពិត​នៃ​ដំណឹងល្អ​អ្វី​ខ្លះ​ត្រូវ​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? »

ស្ដាប់​តាម​ព្រះវិញ្ញាណ

សូម​យកចិត្ត​ទុកដាក់​ទៅលើ​គំនិត និង​អារម្មណ៍​របស់​អ្នក ទោះបី​វា​មិន​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​អាន​ក្ដី ។ ចំណាប់អារម្មណ៍​ទាំងនោះ​អាច​នឹង​ជា​រឿង​សំខាន់​ដែល​ព្រះវរបិតាសួគ៌​របស់​អ្នក​ចង់​ឲ្យ​អ្នក​រៀន និង​ទទួល​អារម្មណ៍ ។

រូបភាព
ស្ត្រី​កំពុង​សិក្សា​ព្រះគម្ពីរ ២

ប្រដូច​បទគម្ពីរ​មក​ជីវិត​របស់​អ្នក

សូម​ពិចារណា​អំពី​របៀប​ដែល​ដំណើរ​រឿង និង​ការ​បង្រៀន​ទាំងឡាយ​ដែល​អ្នក​កំពុង​អាន​នេះ​អនុវត្ត​ក្នុង​ជីវិត​អ្នក ។ ឧទាហរណ៍ អ្នក​អាច​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​ស្រដៀងគ្នា​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​អាន ? » ឬ « តើ​ខ្ញុំ​អាច​ធ្វើ​តាម​គំរូ​របស់​បុគ្គល​នៅ​ក្នុង​គម្ពីរ​នេះ​យ៉ាង​ដូចម្ដេច ? »

សួរ​សំណួរ

ការសួរ​សំណួរ​អំពី​ដំណឹងល្អ​អាច​ជួយ​អ្នក​សម្រេច​ចិត្ត​ពី​អ្វី​ដែល​ត្រូវ​សិក្សា ។ កាល​ដែល​អ្នក​សិក្សា​បទគម្ពីរ នោះ​សំណួរ​ជាច្រើន​ក៏​អាច​កើត​មាន​ក្នុង​គំនិត​អ្នក​ផងដែរ ។ សំណួរ​ទាំងនេះ​អាច​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​អាន ឬ​ទាក់ទង​នឹង​ជីវិត​របស់​អ្នក​ជា​ទូទៅ ។ សូម​ពិចារណា​អំពី​សំណួរ​ទាំងនេះ ហើយ​រកមើល​ចម្លើយ កាល​ដែល​អ្នក​បន្ដ​សិក្សា​បទគម្ពីរ ។ បន្ទាប់​ពី​ការសិក្សា​របស់​អ្នក សូម​សួរ​ព្រះ​ថា​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​រៀន​អ្វី​បន្ថែម​ទៀត ហើយ​ចាំមើល​ចម្លើយ​អំឡុង​ប៉ុន្មាន​ម៉ោង និង​ថ្ងៃ​ក្រោយ​មក ។

ប្រើ​ជំនួយ​ការសិក្សា​ព្រះគម្ពីរ

ដើម្បី​ទទួល​បាន​ការ​យល់ដឹង​បន្ថែម​អំពី​ខគម្ពីរ​ដែល​អ្នក​អាន សូម​ប្រើ​លេខ​យោង Topical Guide, Bible Dictionary, សេចក្ដី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) និង​ជំនួយ​ការ​សិក្សា​ដទៃទៀត ។

ពិចារណា​អំពី​បរិបទ​នៃ​បទគម្ពីរ

អ្នក​អាច​រកឃើញ​ការយល់ដឹង​ដ៏​មាន​អត្ថន័យ​អំពី​បទគម្ពីរ​មួយ បើ​អ្នក​ពិចារណា​អំពី​បរិបទ​របស់​វា—ស្ថានភាព ឬ​ទីតាំង​របស់​បទគម្ពីរ​នេះ ។ ឧទាហរណ៍ ការ​ស្គាល់​ពី​ប្រវត្តិ និង​ជំនឿ​នៃ​មនុស្ស​ដែល​ព្យាការី​បាន​និយាយ​ទៅកាន់​នោះ អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​បំណង​នៃ​សារលិខិត​របស់​លោក ។

រូបភាព
បុរស​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

កត់ត្រា​គំនិត និង​អារម្មណ៍​របស់​អ្នក​ទុក

មាន​វិធី​ជា​ច្រើន​ដើម្បី​កត់ត្រា​ចំណាប់អារម្មណ៍​ដែល​កើត​មាន​នៅពេល​អ្នក​សិក្សា ។ ឧទាហរណ៍ អ្នក​អាច​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដ៏​មាន​អត្ថន័យ ហើយ​កត់ត្រា​គំនិត​របស់​អ្នក ទុក​ជា​កំណត់​ចំណាំ​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​ក៏​អាច​រក្សា​សៀវភៅ​កំណត់ហេតុ​អំពី​ការយល់ដឹង អារម្មណ៍ និង​ចំណាប់​អារម្មណ៍​ដែល​អ្នក​ទទួល​ផងដែរ ។ ឬ​អ្នក​អាច​កត់ត្រា​សំណួរ​ដែល​អ្នក​បាន​សួរ​នោះ​ពីមុន​ការសិក្សា​របស់​អ្នក ហើយ​ក្រោយមក​កត់ត្រា​ចម្លើយ​ដែល​អ្នក​ត្រូវបាន​ណែនាំ ។

សិក្សា​ប្រសាសន៍​របស់​ពួក​ព្យាការី និង​ពួក​សាវក​ថ្ងៃ​ចុង​ក្រោយ

សូម​អាន​អ្វី​ដែល​ពួក​ព្យាការី និង​ពួក​សាវក​ថ្ងៃ​ចុង​ក្រោយ​បាន​បង្រៀន​អំពី​គោលការណ៍ ដែល​អ្នក​រកឃើញ​នៅក្នុង​បទគម្ពីរ ។ សារលិខិត​របស់​ពួកលោក​មាន​នៅក្នុង « សន្និសីទ​ទូទៅ » « ទស្សនាវដ្ដី » និង​ការចងក្រង​ផ្សេងៗ​ទៀត​នៅក្នុង បណ្ណាល័យ​ដំណឹងល្អ ។

អាន​ដំណើររឿង​នានា

សូម​អាន​ដំណើររឿង​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ ដោយ​ព្យាយាម​យល់​ពី​បរិបទ​របស់​វា ( ពេលវេលា ទីកន្លែង អ្នកនិយាយ និង​អ្នកស្ដាប់ ) ។ ដំណើររឿង​ព្រះគម្ពីរ​ដែល​បាន​បង្ហាញ​គឺជា​ធនធាន​ដ៏​អស្ចារ្យ​ដើម្បី​យល់​ពី​បរិបទ ជាពិសេស​សម្រាប់​កុមារ និង​សមាជិក​ដែល​មិន​សូវ​ស្គាល់​ព្រះគម្ពីរ​ច្បាស់ ។

ចែកចាយ​ពី​ការយល់ដឹង

ការពិភាក្សា​អំពី​ការយល់ដឹង​មក​ពី​ការ​សិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បង្រៀន និង​ជួយ​ពង្រឹង​ដល់​ការ​យល់ដឹង​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​អាន ។

រស់នៅ​តាម​អ្វី​ដែល​អ្នក​បាន​រៀន

ការសិក្សា​ព្រះគម្ពីរ​អាច​បំផុស​គំនិត​យើង និង​ដឹកនាំ​យើង​ឲ្យ​ផ្លាស់ប្តូរ​របៀប​ដែល​យើង​រស់នៅ ។ សូម​ស្ដាប់​អ្វី​ដែល​ព្រះវិញ្ញាណ​បំផុស​ឲ្យ​អ្នក​ធ្វើ នៅពេល​អ្នក​អាន រួច​ហើយ​សូម​ប្តេជ្ញា​ចិត្ត​ធ្វើ​តាម​ការបំផុស​គំនិត​ទាំងនោះ ។