ថ្នាក់​សិក្ខាសាលា
មីកា ៖ « តើ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច ? »


« មីកា ៖ ‹ តើ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច ? › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« មីកា ៖ ‹តើ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច ? › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មីកា, ណាហ៊ុម, ហាបាគុក, សេផានា ៖ មេរៀន​ទី ១៥២

មីកា

« តើ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច ? »

Jesus Christ hugging a child in the Americas.

ពួកយើង​ជា​ច្រើន​ឆ្ងល់​ថា តើ​កិច្ច​ខិតខំ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​របស់​យើង​ពិត​ជា​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ព្រះហឫទ័យ​ឬ​ទេ ។ ព្យាការី​មីកា​ឆ្ងល់​ថា​លោក​អាច​ធ្វើ​អ្វី​ដើម្បី​ផ្គាប់​ចិត្ត​ព្រះអម្ចាស់ ។ មីកា​បាន​បង្រៀន​ឲ្យ « ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ … ដោយ​សុភាព​រាបទាប » ជាមួយ​នឹង​ទ្រង់ ( មីកា ៦:៨ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ដាក់​ផែនការ ដើម្បី​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដោយ​សុភាព​រាបទាប ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ពីរបី​នាក់ បន្ទាប់មក​គិត​អំពី​អ្វី​ជាក់លាក់​ដែល​ពួកគេ​នឹងធ្វើ ដើម្បី​ផ្គាប់ចិត្ត​បុគ្គល​ម្នាក់ៗ​នោះ ។ ពួកគេ​អាច​កត់ចំណាំ​ពីរបៀប​ដែល​ពួកគេ​អាច​ធ្វើ​អ្វី​ផ្សេងៗគ្នា​សម្រាប់​បុគ្គល​ម្នាក់ៗ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការ​ផ្គាប់​ចិត្ត​មនុស្ស​ផ្សេងគ្នា

មុនពេល​ចូលរៀន អ្នក​អាច​នឹង​ចង់​សរសេរ​សំណួរ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ។

សូម​ពិចារណា​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ច្រើន​ដង ដោយ​បំពេញ​ចន្លោះ​ជាមួយ​មនុស្ស​ផ្សេងគ្នា​រាល់ពេល ( ម៉ាក់ ប៉ា គ្រូបង្រៀន ប៊ីស្សព មិត្តភក្តិ ) ។ សិស្ស​ក៏​អាច​ចែកចាយ​ជាគូៗ ឬ​ក្រុម​តូចៗ​ផងដែរ ។ បន្ទាប់​មក អ្នក​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរបី​នាក់​ឲ្យ​ចែក​ចាយ​ក្នុង​ថ្នាក់ ។

ប្រសិនបើ​ចាំបាច់​ជាឧទាហរណ៍ អ្នក​អាច​ចែកចាយ​ចម្លើយ​ផ្ទាល់ខ្លួន​មួយចំនួន​ដោយ​ប្រើ​មនុស្ស​ផ្សេងគ្នា​ក្នុង​ជីវិត​របស់​អ្នក ។

  • ប្រសិនបើ​អ្នក​ចង់​ផ្គាប់ចិត្ត ______________ របស់​អ្នក តើ​អ្នក​នឹង​ធ្វើអ្វី ?

  • ហេតុអ្វី​បាន​ជា​យើង​អាច​ធ្វើ​ខុសៗ​គ្នា​អាស្រ័យ​លើ​មនុស្ស​ដែល​យើង​កំពុង​ព្យាយាម​ផ្គាប់​ចិត្ត ?

បន្ទាប់​ពី​សិស្ស​ចែកចាយ​ចម្លើយ​មួយ​ចំនួន​ចំពោះ​សំណួរ​មុនៗ​ហើយ សូម​សរសេរ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ក្នុង​ចន្លោះ​ទទេ​នៅលើ​ក្ដារខៀន ។

សូម​ជញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា ផ្គាប់​ចិត្ត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ គិត​អំពី​អ្វី​ដែល​អ្នក​ធ្វើ​នា​ពេលបច្ចុប្បន្ន​នេះ ដែល​អាច​ផ្គាប់ចិត្ត​ពួកគេ និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ខុសៗ​គ្នា ។ នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ អ្នក​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​ចំណាប់​អារម្មណ៍​ដែល​អ្នក​ទទួល​បាន ។

តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្គាប់ចិត្ត​ព្រះអម្ចាស់ ?

ដោយ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល និង​យូដា មីកា​បាន​ព្យាករ​ណ៍អំពី​ការកាត់​សេចក្ដី ដែល​នឹង​កើត​មាន​ដល់​ពួកគេ ដោយសារតែ​អំពើទុច្ចរិត​របស់​ពួកគេ ។ មីកា​បាន​អង្វរ​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចងចាំ​នូវ​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​ពួកគេ​បាន​ទទួល​ពី​ព្រះអម្ចាស់ ហើយ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ទៅ​រក​ទ្រង់ ( សូម​មើល មីកា ២–៥ ) ។

សូម​អាន មីកា ៦:៤ ដោយ​រកមើល​វិធី​មួយចំនួន​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ៊ីស្រាអែល ។

បន្ទាប់មក​អាន មីកា ៧:៧–៨, ១៨–២០ ដោយ​រកមើល​អ្វី​ដែល​មីកា​បាន​មាន​ប្រសាសន៍​ថា ព្រះអម្ចាស់​នឹង​ធ្វើ​សម្រាប់​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

  • តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​កិច្ចការ​ទាំងនេះ​សម្រាប់​អ្នក​ដោយ​របៀប​ណា ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ពីមុនៗ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ ហើយ​បន្ទាប់មក​ចែកចាយ​ជាមួយ​ដៃគូ ឬ​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

បន្ទាប់​ពី​សិស្ស​ចែកចាយ​រួចហើយ អ្នក​អាច​ចង្អុល​បង្ហាញ​ថា នៅពេល​យើង​ស្គាល់​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​យើង វា​ជា​រឿង​ធម្មតា​ដែល​យើង​ឆ្ងល់​ថា តើ​យើង​អាច​បម្រើ និង​ផ្គាប់ចិត្ត​ទ្រង់​យ៉ាង​ដូចម្តេច ។ សូម​ពន្យល់​ថា ព្យាការី​មីកា​មាន​ការ​លំបាក​ជាមួយ​សំណួរ​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ផ្គាប់ចិត្ត​ព្រះអម្ចាស់ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា ការ​អញ្ជើញ​ឲ្យ​អាន និង​សំណួរ​ខាងក្រោម​នេះ អញ្ជើញ​សិស្ស​ឲ្យ​ស្គាល់​សេចក្តី​ពិត​មួយ​ពី​សារលិខិត​របស់​មីកា ។ ការ​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្តីពិត​ចេញពី​វគ្គ​បទគម្ពីរ​អាច​ជួយ​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​កាន់តែ​មាន​អត្ថន័យ ។ ការសិក្សា​ព្រះគម្ពីរ​ប្រកបដោយ​អត្ថន័យ គឺជា​ធាតុ​សំខាន់​មួយ​នៃ​ការស្ថាបនា​សេចក្តីជំនឿ និង​ការ​ប្រែចិត្តជឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ ( សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​អំពី​ការ​សួរ​សំណួរ​ដែល​ជួយ​សិស្ស​រកឃើញ និង​បញ្ជាក់​សេចក្តីពិត​ដែល​ប្រែចិត្ត​ជឿ សូមមើល « ផ្តោត​លើ​សេចក្តីពិត​ដែល​ដឹកនាំ​ទៅរក​ការប្រែចិត្ត​ជឿ និង​ស្ថាបនា​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ » ក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ) ។

ពេល​ខ្លះ មនុស្ស​មាន​គំនិត​មិន​ត្រឹម​ត្រូវ​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ផ្គាប់ព្រះទ័យ​ព្រះអម្ចាស់ ។ ព្យាការី​មីកា​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះអម្ចាស់ ។

នៅ​ក្នុង មីកា ៦:៦–៧ ព្យាការី​ប្រើ​ឧទាហរណ៍​ធំៗ​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​គ្មាន​ទ្រព្យសម្បត្តិ​ខាងលោកិយ​អាច​ផ្គាប់​ព្រះទ័យ​ព្រះអម្ចាស់​បាន​ទេ ។

សូម​អាន មីកា ៦:៨ ដោយ​រកមើល​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ផ្គាប់​ព្រះទ័យ​ព្រះអម្ចាស់ ។

  • តើ​អ្នកនឹង​សង្ខេបអ្វី​ដែលអ្នក​បានរៀន​អំពី​ការ​ផ្គាប់​ព្រះទ័យ​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ពេច៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដើម្បី​បង្ហាញ​សេចក្តីពិត​ថា ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ នៅពេល​យើង​ខិតខំ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ទ្រង់ ដោយ​សុភាព​រាបទាប ។

តើ​ព្រះអម្ចាស់​ទាមទារ​អ្វីខ្លះ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ អ្នក​នឹង​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​ផែនការ​មួយ ដើម្បី​កែលម្អ​កិច្ច​ខិតខំ​របស់​ពួកគេ ដើម្បី​ផ្គាប់ព្រះទ័យ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ តាម​វិធី​ដែល​បានរកឃើញ​នៅក្នុង ខទី ៨ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា ដើម្បី​រៀបចំ​សិស្ស​ឲ្យ​ដាក់​ផែនការ​នេះ សូម​ពិចារណា​ប្រើប្រាស់​សំណៅ​មេរៀន « តើ​ព្រះអម្ចាស់​ទាមទារ​អ្វីខ្លះ ? »

បន្ទាប់​ពី​សិស្ស​សិក្សា​ផ្នែក​មួយ ឬ​ច្រើន​នៃ​សំណៅ​មេរៀន​ជា​មួយ​ក្រុម​ហើយ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​បង្កើត​តារាង​ជួរ​ឈរ​ចំនួន​បី​នៅ​លើ​ក្ដារខៀន​ដែល​មាន​ស្លាក ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស និង​ដើរ​ដោយ​សុភាព​រាបទាប ។ បន្ទាប់​ពី​បាន​សិក្សា​សំណៅ​មេរៀន​នេះ សិស្ស​អាច​សរសេរ​វិធី​ដែល​ក្មេង​ជំទង់​ម្នាក់​អាច​ផ្គាប់​ព្រះទ័យ​ព្រះអម្ចាស់​លើ​ក្រដាស​តូចៗ ហើយ​បិទ​វា​នៅ​លើ​ក្ដារខៀន​ក្រោម​ជួរ​ឈរ​ដែល​ដូច​គ្នា ។ នៅ​ចុងបញ្ចប់​នៃ​សកម្មភាព​នេះ សិស្ស​អាច​អាន​ឯកសារ​ទាំងអស់​បាន ។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ពួកគេ​ជ្រើសរើស​អ្វី​ដែល​ពួកគេ​ចាប់​អារម្មណ៍​ដើម្បី​កែលម្អ ។

ការបង្ហាញ​ការដឹងគុណ​ដល់​ព្រះអម្ចាស់

បន្ទាប់​ពី​សិស្ស​បាន​ពិនិត្យ​មើល​ការ​ផ្ដល់​យោបល់​របស់​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ​រួចហើយ សូម​ដាក់បង្ហាញ​សេចក្តីណែនាំ និង​ការ​ជំរុញ​ដូច​ខាង​ក្រោម ។

សព្វថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធ​ប្រហែល​ជា​បំផុសគំនិត​ក្នុង​គំនិត​របស់​អ្នក ឬ​អារម្មណ៍​ក្នុង​ចិត្ត​របស់​អ្នក​អំពី​អ្វីមួយ​ដែល​អាច​ជួយ​អ្នក​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ឬ​ឲ្យ​ដើរ​ជាមួយ​ព្រះអម្ចាស់ ដោយ​សុភាព​រាបទាប ។ ដាក់​ផែនការ​ដើម្បី​ធ្វើ​សកម្មភាព​លើ​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​ដោយ​បំពេញ​ការបំផុស​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  • ដើម្បី​ផ្គាប់​ព្រះទ័យ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ ខ្ញុំ​ចង់​ផ្តោត​លើ​ឃ្លា «  » មកពី មីកា ៦:៨ ។

  • រឿង​ជាក់លាក់​មួយ ឬ​ពីរ​ដែល​ខ្ញុំ​ចង់​ធ្វើ​គឺ ៖  ។

អ្នក​អាច​ធានា​ដល់​សិស្ស​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​កិច្ច​ខិតខំ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​របស់​យើង​ដើម្បី​ផ្គាប់​ព្រះទ័យ​ទ្រង់ ។ កិច្ច​ខិតខំ​ទាំងនេះ​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់​តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ​ជា​រៀង​រាល់ថ្ងៃ ។ អ្នក​អាច​នឹង​ចែកចាយ​សាក្សី​របស់​អ្នក​ថា នៅពេល​យើង​បន្ត​ព្យាយាម​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង នោះ​ព្រះអង្គសង្គ្រោះ​នឹង​ស្អាងឡើង​កិច្ច​ខិតខំ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​របស់​យើង ។