មេរៀនទី ១០ ៖ ថ្ងៃទី ៣
លូកា ៧:១៨-៥០
សេចក្តីផ្ដើម
ព្រះយេស៊ូវបានសរសើរដល់យ៉ូហានបាទីស្ទ ហើយបានថ្លែងទីបន្ទាល់ថា យ៉ូហានបានរៀបចំផ្លូវថ្វាយដល់ការបម្រើរបស់ទ្រង់ ។ ខណៈដែលព្រះយេស៊ូវកំពុងទទួលទានអាហារជាមួយពួកផារិស៊ី នោះមានស្ត្រីដែលបានប្រែចិត្តម្នាក់មកបង្ហាញសេចក្ដីជំនឿនិង សេចក្ដីស្រឡាញ់របស់នាងចំពោះព្រះយេស៊ូវ ។
លូកា ៧:១៨-៣៥
ព្រះយេស៊ូវបានសរសើរដល់យ៉ូហាន បាទីស្ទ ហើយថ្លែងទីបន្ទាល់អំពីបេសកកម្មរបស់យ៉ូហាន
តើអ្នកចងចាំអ្វីខ្លះអំពីយ៉ូហាន បាទីស្ទ ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរភាពពិតអំពីយ៉ូហាន បាទីស្ទឲ្យបានច្រើនតាមដែលអ្នកអាចចាំបាន ។
សូមស្រមៃពីដើមត្រែង ( ដើមស្មៅខ្ពស់ ) និង នរណាម្នាក់ដែលស្លៀកពាក់ក្រណាត់ទន់ៗ ថ្លៃៗ ហើយរស់នៅក្នុងវាំង ។ នៅពេលអ្នកគិតអំពីវត្ថុទាំងនេះ សូមអាន លូកា ៧:២៤–២៦ដោយរកមើលអ្វីដែលព្រះយេស៊ូវបានបង្រៀនអំពីយ៉ូហាន បាទីស្ទ ។
តើអ្នកគិតថា យ៉ូហានបាទីស្ទខុសគ្នាពីដើមត្រែង និង មនុស្សម្នាក់ដែលរស់នៅក្នុងជីវិតដ៏ប្រណិតយ៉ាងដូចម្តេច ?
មិនដូចជាដើមត្រែងទេ ដែលត្រូវបានបោកបក់ ឬរញ្ជួយដោយខ្យល់នោះតែយ៉ូហាន បាទីស្ទ គឺមានភាពរឹងមាំ និងពុំងាករេនៅក្នុងដំណឹងល្អរបស់ទ្រង់ និងនៅក្នុងការធ្វើបេសកកម្មរបស់លោកឡើយ ។ លោករស់នៅតាមទីវាល ហើយស្លៀកពាក់រោមអូដ្ឋ ដែលគ្មានគុណភាព ។ ជាជាងការស្វែងរកភាពសុខស្រួលខាងសាច់ឈាម យ៉ូហានបានព្យាយាមធ្វើតាមព្រះទ័យរបស់ព្រះ ។
ព្រះយេស៊ូវមានបន្ទូលថា យ៉ូហាន បាទីស្ទ « លើសជាងហោរាផង » (លូកា ៧:២៦) ។ សូមអាន លូកា ៧:២៧-២៨ដោយរកមើលមូលហេតុដែលយ៉ូហានបាទីស្ទមានលក្ខណៈពិសេសនៅក្នុងចំណោមពួកព្យាការី ។
នៅពេលព្រះយេស៊ូវមានបន្ទូល « មើល យើងចាត់ទូតយើងទៅមុនឯង ទូតនោះនឹងរៀបចំផ្លូវនៅមុខឯង » (លូកា ៧:២៧) គឺទ្រង់បានដកស្រង់ការព្យាករមួយ ដែលបានសរសេររាប់រយឆ្នាំពីមុន ដែលបានថ្លែងអំពី « សារទូត » ដែលនឹង « រៀបចំផ្លូវនៅមុខ [ ព្រះមែស៊ី ] » (ម៉ាឡាគី ៣:១) ។ ចេញពីខគម្ពីរទាំងនេះយើងរៀនថា យ៉ូហាន បាទីស្ទ គឺជាព្យាការីដែលបានតែងតាំងពីមុនកំណើតលោកិយ ដើម្បីរៀបចំផ្លូវ និង ធ្វើបុណ្យជ្រមុជទឹកថ្វាយព្រះរាជបុត្រានៃព្រះ ។
តើយ៉ូហាន បាទីស្ទបានរៀបចំផ្លូវសម្រាប់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ព្យាការីយ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ដូចខាងក្រោមទាក់ទងនឹង លូកា ៧:២៨៖ « ព្រះយេស៊ូវត្រូវបានចាត់ទុកថាមានសិទ្ធិតូចជាងគេក្នុងនគរព្រះ ហើយ [ ហាក់បីដូចជា ] មានអំណាចតូចជាងភាពងាយជឿរបស់ពួកគេ [ ឆន្ទៈដើម្បី ជឿរបស់ពួកគេ ] ជាព្យាការី គឺដូចដែលទ្រង់បានមានបន្ទូល—‹ អ្នកណាដែលត្រូវគេចាត់ទុកថាតូចជាងគេក្នុងចំណោមអ្នករាល់គ្នា នោះគឺធំជាងយ៉ូហានហើយ—នោះគឺខ្លួនយើងនេះហើយ › » (ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ]ទំព័រ ៨២) ។
នៅក្នុង លូកា ៧:២៩-៣៥ យើងអានថា មានមនុស្សជាច្រើនបានជឿលើការបង្រៀនរបស់ព្រះយេស៊ូវ ប៉ុន្តែពួកផារិស៊ី និងអ្នកច្បាប់ជាច្រើន ដែលមានវត្តមាននៅទីនោះបានជំទាស់ចំពោះការបង្រៀនរបស់ទ្រង់ ។ ព្រះយេស៊ូវ បានពន្យល់ថា ពួកគេបានបដិសេធសេចក្ដីពិតទោះជាទ្រង់ ឬយ៉ូហានបាទីស្ទបានបង្រៀនសេចក្ដីពិតក៏ដោយ ។
លូកា ៧:៣៦-៥០
ខណៈដែលព្រះយេស៊ូវបានទទួលទានអាហារពេលល្ងាចជាមួយនឹងស៊ីម៉ូន ជាពួកផារិស៊ីរួចហើយ នោះមានស្ត្រីម្នាក់មកលាងព្រះបាទទ្រង់ដោយទឹកភ្នែករបស់នាង
តើអ្នកធ្លាប់ឆ្ងល់ថា អ្នកមិនអាចត្រូវបានអភ័យទោសពីអំពើបាបរបស់អ្នកដែរឬទេ ?
នៅពេលអ្នកសិក្សាខគម្ពីរដែលនៅសល់នៃ លូកា ៧សូមរកមើលសេចក្តីពិតដែលអាចជួយអ្នក នៅពេលអ្នកឆ្ងល់ថាប្រសិនបើអ្នកអាចត្រូវបានអភ័យទោសឬ ក៏អត់ ។
យើងអាននៅក្នុង លូកា ៧:៣៦ ថាមានពួកផារិស៊ីម្នាក់ឈ្មោះថា ស៊ីម៉ូន បានអញ្ជើញព្រះយេស៊ូវមកពិធីជប់លៀងនៅផ្ទះរបស់ខ្លួន ។ នៅក្នុងពិធីជប់លៀងបែបនេះ ភ្ញៀវដែលអង្គុយ ឬ ទម្រេតលើកម្រាលនៅជុំវិញតុទាបៗ ដោយជើងរបស់ពួកគេសណ្តូកនៅចេញឆ្ងាយពីតុ ។ អ្នកក្រីក្រត្រូវបានអនុញ្ញាតឲ្យប្រមូលយកអាហារដែលនៅសល់ពីពិធីជប់លៀងនោះ ដូច្នេះវាជារឿងធម្មតាទេដែលមនុស្សពុំបានគេអញ្ជើញ ចូលក្នុងផ្ទះអំឡុងពេលពិធីជប់លៀងនោះ ( សូមមើល ជេម អ៊ិ ថាល់មេហ្គ Jesus the Christ ការបោះពុម្ពលើក ទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ២៦១ ) ។
សូមអាន លូកា ៧:៣៧-៣៩ដោយរកមើលថា នរណាខ្លះបានចូលទៅក្នុងពិធីជប់លៀងដ៏ពិសេសនោះដោយគ្មានការអញ្ជើញ ។
សូមកត់សម្គាល់ថានៅពេលស្ត្រីនោះបានបង្ហាញសេចក្តីស្រឡាញ់របស់ខ្លួនចំពោះព្រះអង្គសង្គ្រោះ តាមរយៈការលាងសម្អាត ថើប និង លាបប្រេងក្រអូបលើព្រះបាទទ្រង់ ។ « ដបថ្មកែវដាក់ប្រេងក្រអូប » (លូកា ៧:៣៧) ជាដបមួយដែលមានទឹកអប់ប្រេងក្រអូបមានតម្លៃយ៉ាងថ្លៃ ។
យោងតាម លូកា ៧:៣៩តើស៊ីម៉ូនបានគិតអ្វីខ្លះ នៅពេលគាត់បានឃើញស្ត្រីនោះកំពុងធ្វើបែបនោះ ?
ដោយដឹងពីគំនិតរបស់ស៊ីម៉ូន នោះព្រះយេស៊ូវបានបង្រៀនរឿងប្រៀបប្រដូចមួយអំពីអ្នកជំពាក់ពីរនាក់ និង អ្នកចងការម្នាក់ ។ អ្នកចងការ គឺជាអ្នកដែលឲ្យប្រាក់គេខ្ចី អ្នកជំពាក់ គឺជាបុគ្គលដែលខ្ចីប្រាក់ពីគេ ។ អ្នកជំពាក់យល់ព្រមបង់ប្រាក់សងដល់អ្នកចងការ ឬ ត្រូវជាប់គុក ។
សូមអាន លូកា ៧:៤០–៤៣ហើយពិចារណាពីតួអង្គនីមួយៗនៅក្នុងរឿងប្រៀបប្រដូចនោះអាចតំណាងឲ្យនរណាគេខ្លះ ។
-
សូមចម្លងតារាងខាងក្រោមដាក់ក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមបំពេញចន្លោះដោយពាក្យ ស៊ីម៉ូន ជាពួកផារិស៊ី ស្ត្រី និង ព្រះយេស៊ូវ ស្របទៅតាមបុគ្គលម្នាក់ៗដែលអាចតំណាងឲ្យនៅក្នុងរឿងប្រៀបប្រដូច ។ ( សូមទុកចន្លោះនៅក្នុងជួរឈរ « អ្នកជំពាក់ » ដើម្បីសរសេរព័ត៌មានបន្ថែមសម្រាប់កិច្ចការបន្ទាប់ទៀត ) ។
អ្នកចងការ = | |
អ្នកជំពាក់ដែលជំពាក់ប្រាក់ ១០រៀល = |
អ្នកជំពាក់ដែលជំពាក់ប្រាក់ ១០០រៀល = |
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនពីបដិសណ្ឋារកិច្ចដែលម្ចាស់ផ្ទះភាគច្រើននឹងបង្ហាញភ្ញៀវរបស់ពួកគេនៅជំនាន់ព្រះយេស៊ូវ ៖ « វាគឺជាប្រពៃណីនៅសម័យនោះ ក្នុងការប្រព្រឹត្តចំពោះភ្ញៀវប្លែកមុខម្នាក់ ជាមួយនឹងការយកចិត្តទុកដាក់ដ៏គួរឲ្យកត់សម្គាល់ ដើម្បីទទួលគាត់ដោយការថើបស្វាគមន៍ ដោយផ្តល់ទឹកឲ្យលាងដីចេញពីជើងរបស់គាត់ ហើយលាបប្រេងតាំង លើសក់ក្បាល និង ពុកចង្កា » (Jesus the Christ ទំព័រ ២៦១ ) ។
សូមអាន លូកា ៧:៤៤–៤៦ដោយរកមើលភាពខុសគ្នារវាងរបៀបដែលស៊ីម៉ូនបានស្វាគមន៍ព្រះយេស៊ូវឲ្យមកពិធីជប់លៀងរបស់លោក និង របៀបដែលស្ត្រីនោះបានស្វាគមន៍ព្រះយេស៊ូវ ។
-
នៅក្នុងតារាងក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរភាពខុសគ្នាមួយចំនួនរវាងរបៀបដែលស៊ីម៉ូនប្រព្រឹត្តចំពោះព្រះយេស៊ូវ និង របៀបដែលស្ត្រីនោះប្រព្រឹត្តចំពោះទ្រង់នៅក្នុងជួរឈរដែលសមរម្យ ។
ដោយពុំបានប្រៀបធៀបដោយផ្ទាល់ពីស៊ីម៉ូនទៅនឹងអ្នកជំពាក់ប្រាក់១០រៀល នោះព្រះយេស៊ូវបានប្រទានយោបល់ថា លោកក៏ចាំបាច់ត្រូវបានអភ័យទោសចំពោះអំពើបាបរបស់លោកផងដែរ ។
សូមអាន លូកា ៧:៤៧-៥០ដោយរកមើលអ្វីដែលអាចធ្វើឲ្យស្ត្រីនោះទទួលបានការអភ័យទោស ។ អ្នកអាចគូសចំណាំអ្វីដែលអ្នករកឃើញ ។
អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍អំពីសេចក្តីជំនឿរបស់ស្ត្រីរូបនេះ ៖ « ការពិតព្រះយេស៊ូវគ្រីស្ទបានមានបន្ទូល ៖ ‹ អំពើបាបរបស់នាងមានច្រើនណាស់ ប៉ុន្តែនាងបានជឿលើខ្ញុំ បានប្រែចិត្តពីអំពើបាបរបស់ខ្លួន បានជ្រមុជទឹកដោយពួកសិស្សរបស់ខ្ញុំ ហើយអំពើបាបរបស់នាងត្រូវបានលាងជម្រះចេញនៅក្នុងទឹកនៃបុណ្យជ្រមុជ ។ ឥឡូវនេះ នាងបានស្វែងរកយើង ហើយបង្ហាញអំណរគុណដ៏ខ្លាំងក្លានៃមនុស្សម្នាក់ដែលកខ្វក់ ប៉ុន្តែឥឡូវនេះបានជ្រះស្អាតវិញ ។ ការដឹងគុណរបស់នាងគ្មានដែនកំណត់ឡើយ ហើយសេចក្តីស្រឡាញ់របស់នាង គឺពុំអាចវាស់វែងបាន ដ្បិតនាងត្រូវបានអភ័យទោសយ៉ាងច្រើន › » (Doctrinal New Testament Commentary ភាគទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:២៦៥ ) ។
ខាងក្រោមនេះគឺជាគោលការណ៍មួយចំនួនដែលយើងអាចរៀនពីដំណើររឿងនេះ ៖ នៅពេលយើងអនុវត្តសេចក្តីជំនឿរបស់យើង ដោយការបង្ហាញសេចក្តីស្រឡាញ់ និង ភក្តីភាពរបស់យើងចំពោះព្រះអម្ចាស់ នោះយើងអាចទទួលបទពិសោធន៍នៃការអភ័យទោសពីទ្រង់ ហើយ នៅពេលយើងទទួលបានការអភ័យទោសពីព្រះអម្ចាស់ហើយនោះ ចិត្តយើងពេញដោយបំណងប្រាថ្នាដើម្បីស្រឡាញ់ និង បម្រើទ្រង់កាន់តែខ្លាំងឡើង ។
អែលឌើរ នែល អិល. អាន់ឌើរសិន ក្នុងកូរ៉ូមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់អំពីសេចក្តីស្រឡាញ់ និង ការអភ័យទោសដែលអាចមានដល់ពួកយើងគ្រប់គ្នា ៖
« មានភាពសក្តិសម និង ភាពសុចរិតផ្ទាល់ខ្លួនជាច្រើនកម្រិត ។ ប៉ុន្តែការប្រែចិត្តគឺជាពរជ័យមួយចំពោះយើងគ្រប់គ្នា ។ យើងម្នាក់ៗចាំបាច់ត្រូវទទួលអារម្មណ៍នៃព្រះហស្តនៃសេចក្តីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ តាមរយៈការអភ័យទោសពីអំពើបាបរបស់យើង ។
« ជាច្រើនឆ្នាំកន្លងទៅ អស់ពេលជាយូរពីមុនពួកយើងជួបគ្នា នោះខ្ញុំត្រូវបានសុំឲ្យជួបបុរសម្នាក់ដែល បានរស់នៅដោយពុំសុចរិតមួយរយៈពេល ។ ជាលទ្ធផលដោយសារការជ្រើសរើសធ្វើមិនល្អរបស់គាត់ នោះគាត់បានបាត់បង់សមាជិកភាពរបស់ខ្លួនពីសាសនាចក្រនេះ ។ គាត់បានត្រឡប់មកសាសនាចក្រវិញយូរយារណាស់មកហើយ ហើយបន្តគោរពព្រះបញ្ញត្តិដោយស្មោះត្រង់ ប៉ុន្តែសកម្មភាពពីមុនរបស់គាត់បានលងបន្លាចគាត់ ។ ក្នុងជំនួបជាមួយគាត់នោះ ខ្ញុំមានអារម្មណ៍ថា ភាពខ្មាស់អៀនរបស់គាត់ និង វិប្បដិសារីដ៏ធ្ងន់ធ្ងររបស់គាត់ បានធ្វើឲ្យគាត់ទុកសេចក្តីសញ្ញារបស់ខ្លួនមួយអន្លើរសិន ។ បន្ទាប់ពីការសម្ភាសន៍របស់ពួកយើងមក ខ្ញុំបានដាក់ដៃខ្ញុំលើក្បាលរបស់គាត់ ផ្តល់ការប្រសិទ្ធិពរបព្វជិតភាពមួយដល់គាត់ ។ ពីមុននិយាយ ខ្ញុំមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ និង ការអភ័យទោសរបស់ព្រះអង្គសង្គ្រោះចំពោះគាត់យ៉ាងខ្មួលខ្មាញ់ ។ ក្រោយពីការប្រសិទ្ធពររួចមក យើងបានឱបគ្នា ហើយគាត់យំយ៉ាងខ្លាំង ។
« ខ្ញុំមានការភ្ញាក់ផ្អើលចំពោះរង្វង់ព្រះហស្តនៃសេចក្តីមេត្តាករុណា និង សេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ចំពោះអ្នកប្រែចិត្ត មិនថាភាពអត្មានិយមនៃការបោះបង់អំពើបាបនោះខ្លាំងប៉ុណ្ណានោះឡើយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថាព្រះអង្គសង្គ្រោះមានសមត្ថភាព និង មានព្រះទ័យអភ័យទោសដល់យើងយ៉ាងខ្លាំង ។ លើកលែងតែអំពើបាបរបស់មនុស្សមួយចំនួន ដែលជ្រើសរើសយកសេចក្ដីហិនហោចក្រោយពីបានដឹងដ៏ពេញលេញហើយនោះទេ ក្រៅពីនោះពុំមានអំពើបាបណាដែលពុំអាចអត់ទោសឲ្យបាននោះឡើយ ។ វាជាឯកសិទ្ធិដ៏អស្ចារ្យក្រៃលែងសម្រាប់យើងម្នាក់ៗ ក្នុងការងាកបែរចេញពីអំពើបាបរបស់យើង ហើយមករកព្រះគ្រីស្ទ ។ ការអភ័យទោសដ៏ទេវភាពគឺ ជាផលផ្លែដ៏ផ្អែមល្ហែមបំផុតមួយនៃដំណឹងល្អ ដែលដកចេញនូវទោសកំហុស និង ការឈឺចាប់ចេញពីដួងចិត្តយើង ហើយជំនួសវិញនូវសេចក្ដីអំណរ និង សេចក្ដីសុខសាន្តក្នុងសតិសម្បជញ្ញៈ » (« Repent … That I May Heal You » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០–៤១ ) ។
-
សូមបំពេញកិច្ចការមួយ ឬ កិច្ចការទាំងពីរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមគិតអំពីគ្រាមួយ ពេលដែលអ្នកបានទទួលបទពិសោធន៍នៃការអភ័យទោសពីព្រះអម្ចាស់ ។ ដោយពុំបង្ហាញឲ្យឃើញពីព្រឹត្តិការណ៍ផ្ទាល់ខ្លួនដែលតម្រូវឲ្យមានការអភ័យទោសពីព្រះអម្ចាស់ សូមសរសេរគំនិត និង អារម្មណ៍របស់អ្នកចំពោះព្រះអង្គសង្គ្រោះ ។
-
សូមប្រើអ្វីដែលអ្នកបានរៀនពីការសិក្សារបស់អ្នកនៅក្នុង លូកា ៧ ដើម្បីសរសេរពីរបៀបដែលអ្នកនឹងឆ្លើយសំណួរដល់មិត្តភក្ដិដែលឆ្ងល់ថាតើពួកគេអាចត្រូវបានអភ័យទោសចំពោះអំពើបាបរបស់ពួកគេដែរឬ អត់ ។
-
-
សូមសរសេរឃ្លាដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា លូកា ៧:១៨–៥០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖