មេរៀនទី ១០ ៖ ថ្ងៃទី ១
លូកា ៥
សេចក្តីផ្តើម
ពេត្រុស យ៉ាកុប និង យ៉ូហាន គឺជាអ្នកនេសាទត្រី ប៉ុន្តែបន្ទាប់ពីការចាប់បានត្រីដ៏ច្រើនសន្ធឹកដោយអព្ភូតហេតុដែលមានជំនួយរបស់ព្រះអង្គសង្គ្រោះ នោះពួកគេបានបោះបង់ចោលអ្វីៗទាំងអស់ ដើម្បីដើរតាមព្រះអង្គសង្គ្រោះ ហើយបានក្លាយជាអ្នកនេសាទមនុស្ស ។ ព្រះយេស៊ូវបានព្យាបាលមនុស្សឃ្លង់ម្នាក់ និងមនុស្សខ្វិនម្នាក់ ។ ទ្រង់បានហៅម៉ាថាយឲ្យធ្វើជាសិស្ស ហើយបានបង្រៀនថា ទ្រង់យាងមកដើម្បីហៅអ្នកមានបាបឲ្យប្រែចិត្ត ។ ព្រះយេស៊ូវនិទានរឿងប្រៀបប្រដូចពីការដាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ ។
លូកា ៥:១-១១
ពេត្រុស យ៉ាកុប និង យ៉ូហានត្រូវបានហៅដោយព្រះអម្ចាស់ដើម្បីធ្វើជាអ្នកនេសាទមនុស្សវិញ ។
សូមពិចារណាទៅលើសំណួរខាងក្រោមនេះ ៖ តើនៅពេលណា ដែលអ្នកធ្លាប់ត្រូវបានសុំឲ្យធ្វើអ្វីមួយដោយមិនដឹងពីមូលហេតុទាំងអស់ចំពោះការធ្វើការងារនោះ ? ហេតុអ្វីវាជាការលំបាកដើម្បីធ្វើតាមការណែនាំដោយពុំយល់ពីមូលហេតុនោះ ?
តើការទូន្មានមកពីអ្នកដឹកនាំសាសនាចក្រ ឬ ព្រះបញ្ញត្តិអ្វីខ្លះរបស់ព្រះអម្ចាស់ ដែលយុវវ័យមួយចំនួនអាចនឹងឃើញថាមានការលំបាកដើម្បីគោរពតាម ប្រសិនបើពួកគេពុំយល់ដឹងពេញលេញពីមូលហេតុដើម្បីបំពេញតាមនោះ ?
នៅពេលអ្នក លូកា ៥:១–១១សូមរកមើលគោលការណ៍នានាដែលអាចជួយ នៅពេលអ្នកពុំយល់ទាំងស្រុងពីមូលហេតុ ដែលអ្នកត្រូវតែធ្វើតាមការទូន្មានពីអ្នកដឹកនាំសាសនាចក្រ ឬ ព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។
សូមអាន លូកា ៥:១–៥ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានសុំពេត្រុស ( ដែលហៅថាស៊ីម៉ុន នៅក្នុងខគម្ពីរនេះ សូមមើល លូកា ៥:៨) បន្ទាប់ពីទ្រង់បានបញ្ចប់ការបង្រៀន ។ « មាត់សមុទ្រគេនេសារ៉ែត » (លូកា ៥:១) គឺជាសមុទ្រកាលីឡេ ហើយឃ្លា « ទំលាក់អួនចាប់ត្រីចុះ » នៅក្នុង ខទី៤ គឺសំដៅលើការទំលាក់អួនរបស់ពួកគេដើម្បីចាប់ត្រី ។ សូមគិតពីការគូសចំណាំនៅក្នុង ខទី ៥ ពីរបៀបដែលពេត្រុសបានឆ្លើយតបទៅកាន់ការស្នើសុំរបស់ព្រះអង្គសង្គ្រោះ ។
តើបទពិសោធន៍នេសាទត្រីរបស់ពេត្រុស អាចបាននាំលោកឲ្យគិតអំពីគ្រាដែលព្រះអង្គសង្គ្រោះបានប្រាប់ដល់លោកឲ្យទម្លាក់អួនម្ដងទៀតយ៉ាងណា ?
សូមអាន លូកា ៥:៦-៩ដោយរកមើលថាអ្វីខ្លះបានកើតឡើង បន្ទាប់ពីពេត្រុសបានធ្វើតាមអ្វីដែលព្រះអម្ចាស់បានសុំ ។ សូមគិតពីការគូសចំណាំពាក្យ ឬ ឃ្លាដែលបង្ហាញពីមូលហេតុដែលយើងគួរតែធ្វើ នៅពេលព្រះអង្គសង្គ្រោះបានសុំយើង ទោះបីជានៅពេលយើងពុំយល់ពីមូលហេតុនោះក្តី ។
គោលការណ៍មួយដែលយើងអាចរៀនពីដំណើររឿងនេះគឺថា ប្រសិនបើយើងធ្វើអ្វីដែលព្រះអម្ចាស់សុំ ទោះជាយើងពុំយល់ពីមូលហេតុក៏ដោយ នោះទ្រង់អាចផ្ដល់ពរជ័យដ៏មហិមាជាងអ្វីដែលយើងអាចរំពឹងទុក ។ សូមគិតពីការសរសេរគោលការណ៍នេះក្នុងព្រះគម្ពីររបស់អ្នកក្បែរនឹង លូកា ៥:៣–៩ ។
តើការរស់នៅតាមដំណឹងល្អតម្រូវឲ្យយើងទុកចិត្តលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេចខ្លះ ?
អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
« ជីវិតនេះជាបទពិសោធន៍មួយនៅក្នុងការទុកចិត្តយ៉ាងជ្រាលជ្រៅ—ជាការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ការទុកចិត្តលើការបង្រៀនរបស់ទ្រង់ ការទុកចិត្តលើសមត្ថភាពរបស់យើងដូចដែលបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីគោរពប្រតិបត្តិដល់ការបង្រៀនទាំងនោះ ដើម្បីបានសុភមង្គលនាពេលឥឡូវនេះ និង នៅជីវិតដ៏ពោរពេញដោយគោលបំណង ជាជីវិតដ៏នៅអស់កល្បជានិច្ច ដ៏រីករាយខ្ពង់ខ្ពស់បំផុត ។ ដើម្បីទុកចិត្តមានន័យថា គោរពដោយស្ម័គ្រចិត្ត ដោយពុំដឹងពីទីបញ្ចប់តាំងពីដំបូងមក ( សូមមើល សុភាសិត ៣:៥-៧) ។ ដើម្បីបង្កើតផលផ្លែ ការទុកចិត្តរបស់អ្នកចំពោះព្រះអម្ចាស់ ត្រូវតែកាន់ខ្លាំងក្លា និង ឋិតឋេរ ជាងទំនុកចិត្តរបស់អ្នកនៅក្នុងអារម្មណ៍ និង បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ។
« ដើម្បីអនុវត្តសេចក្តីជំនឿគឺត្រូវទុកចិត្តថាព្រះអម្ចាស់ជ្រាបពីអ្វី ដែលទ្រង់កំពុងធ្វើជាមួយអ្នក ហើយថាទ្រង់អាចសម្រេចវាបានសម្រាប់សេចក្តីល្អអស់កល្បជានិច្ចរបស់អ្នក ទោះបីជាអ្នកពុំយល់ពីរបៀបដែលទ្រង់អាចធ្វើវាបានក៏ដោយ » (« Trust in the Lord » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១៧ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកអាចបង្កើតការទុកចិត្តបែបនេះ ទៅលើព្រះអង្គសង្គ្រោះដែលអែលឌើរ ស្តកបានពិពណ៌នាយ៉ាងដូចម្តេចដែរ ?
-
តើអ្នក ឬគ្រួសារអ្នកធ្លាប់ទទួលបានពរជ័យដ៏មហិមាជាង ដែលអ្នកបានរំពឹងទុកដោយការធ្វើតាមការដឹកនាំរបស់ព្រះអម្ចាស់ ទោះជាពេលដែលអ្នកពុំយល់ពេញលេញពីមូលហេតុយ៉ាងដូចម្ដេច ?
-
សូមសរសេរការទូន្មាន ឬ ព្រះបញ្ញត្តិមកពីព្រះអម្ចាស់នៅលើក្រដាសមួយសន្លឹក ដែលអ្នកអាចធ្វើតាមដោយស្មោះត្រង់ ទោះបីជាអ្នកពុំយល់ពីមូលហេតុទាំងស្រុងដើម្បីធ្វើបែបនោះក៏ដោយ ។ ( ប្រសិនបើអ្នកមានកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន [ ឆ្នាំ ២០១១ ] នោះអ្នកអាចអានវារហូតដល់ចប់ដើម្បីទទួលបានយោបល់នានា ) ។ សូមដាក់ក្រដាសនោះនៅកន្លែងមួយ ដែលនឹងជួយរំឭកអ្នកពីគោលដៅ ដើម្បីធ្វើអ្វីដែលព្រះអម្ចាស់បានស្នើសុំ ។
នៅក្នុង លូកា ៥:១០-១១ យើងរៀនថា ពេត្រុស យ៉ាកុប និង យ៉ូហានបានទុកទូកនេសាទរបស់ខ្លួន ហើយដើរតាមព្រះយេស៊ូវ ។
លូកា ៥:១២-២៦
ព្រះយេស៊ូវព្យាបាលបុរសកើតឃ្លង់ម្នាក់ និង បុរសស្វិតដៃជើងម្នាក់
តើឧបករណ៍អ្វីខ្លះដែលអាចប្រើដើម្បីជួយ ឬ ព្យាបាលមនុស្សម្នាក់ដែលមានការឈឺចាប់ ឬ របួស ។
ក្រៅពីជំងឺ ឬ របួសខាងរូបកាយ តើមានអ្វីទៀតដែលមនុស្សមួយចំនួនត្រូវការដើម្បីទទួលការព្យាបាល ?
នៅពេលអ្នកសិក្សា លូកា ៥:១២–២៥សូមរកមើល គោលការណ៍នានា ដែលបង្រៀនពីអ្វីដែលអ្នកអាចធ្វើ ដើម្បីជួយខ្លួនឯង និងអ្នកដទៃឲ្យទទួលយកការព្យាបាលដែលចាំបាច់ ។
-
នៅក្នុង លូកា ៥:១២-២៥ យើងបានអានអំពីការព្យាបាលរបស់ព្រះអង្គសង្គ្រោះដល់បុរសពីរនាក់ ។ បុរសម្នាក់មានជំងឺឃ្លង់ ហើយម្នាក់ទៀតមានជំងឺស្វិតដៃជើង មានន័យថាគាត់ខ្វិន ។ សូមអាន លូកា ៥:១២-១៥ និង លូកា ៥ ១៧:២៥ហើយសូមប្រៀបធៀបដំណើររឿងទាំងពីរនេះ ។ នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមគូសតារាងមួយដូចខាងក្រោម ហើយកត់ត្រាពីរបៀប ដែលការព្យាបាលទាំងពីរនេះស្រដៀងគ្នា និង របៀបដែលវាខុសគ្នា ។
ភាពស្រដៀងគ្នា |
ភាពខុសគ្នា |
---|---|
សូមពិចាណារពីតួនាទីនៃសេចក្តីជំនឿនៅក្នុងដំណើររឿងនីមួយៗ ។ សូមគិតពីការគូសចំណាំឃ្លា « ទ្រង់បានឃើញសេចក្តីជំនឿរបស់គេដូច្នោះ » នៅក្នុង លូកា ៥:២០។ ព្រះអង្គសង្គ្រោះបានទទួលស្គាល់សេចក្តីជំនឿនៃអស់អ្នកដែលបាននាំបុរសស្វិតដៃជើងនោះមកកាន់ទ្រង់ ។
ការបកប្រែដោយយ៉ូសែប ស្ម៊ីធ បង្កើនការយល់ដឹងរបស់យើងអំពីសំណួរដែល ព្រះយេស៊ូវបានសួរនៅក្នុង លូកា ៥:២៣៖ « តើវាតម្រូវឲ្យមានព្រះចេស្ដាច្រើន ដើម្បីអភ័យទោសដល់អំពើបាប ជាងធ្វើឲ្យអ្នកឈឺក្រោកដើរឡើងទៅឬអី ? » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លូកា ៥:២៣ [ នៅក្នុង លូកា ៥:២៣ លេខយោង ក] ) ។ តាមរយៈការសួរសំណួរនេះ ព្រះយេស៊ូវគ្រីស្ទកំពុងបង្រៀនថា ទ្រង់មានព្រះចេស្តាដើម្បីព្យាបាលទាំងខាងសាច់ឈាម និង ខាងវិញ្ញាណ ។
តើអ្នកអាចរៀនអ្វីខ្លះមកពីដំណើររឿងទាំងនេះ អំពីរបៀបដែលយើងអាចត្រូវបានព្យាបាល និង អ្វីដែលយើងអាចធ្វើដើម្បីជួយមនុស្សដទៃឲ្យបានជាសះស្បើយ ?
ចេញពីដំណើររឿងទាំងនេះយើងរៀនថា នៅពេលយើងអនុវត្តសេចក្តីជំនឿ ហើយមកកាន់ព្រះអង្គសង្គ្រោះ នោះទ្រង់អាចព្យាបាលយើង ហើយថា យើងអាចជួយមនុស្សដទៃឲ្យមកកាន់ព្រះអង្គសង្គ្រោះ ដើម្បីឲ្យពួកគេអាចត្រូវបានព្យាបាល ។ សូមគិតពីការសរសេរគោលការណ៍ទាំងនេះក្នុងព្រះគម្ពីររបស់អ្នកក្បែរនឹង លូកា ៥:១២–២៥។
ការព្យាបាលពុំមែនមានន័យទាំងស្រុងថា ព្រះអង្គសង្គ្រោះនឹងយកចេញពីយើងនូវជំងឺឈឺចាប់ចេញពីយើងឡើយ ។ ការព្យាបាលអាចមានន័យផងដែរថា ទ្រង់នឹងប្រទានដល់យើងនូវសេចក្ដីក្លាហាន សេចក្តីជំនឿ ការលួងលោម និង ភាពសុខសាន្ត ដែលយើងត្រូវការដើម្បីស៊ូទ្រាំ ឬ យកឈ្នះលើជំងឺឈឺចាប់ ។
សូមពិចារណាពីការទូន្មានខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« សេចក្ដីសុចរិត និងសេចក្ដីជំនឿ គឺពិតជាឧបករណ៍នៅក្នុងការរំកិលភ្នំមែន-- ប្រសិនបើជាការរំកិលភ្នំនោះ សម្រេចនូវគោលបំណងរបស់ព្រះ ហើយស្របតាមព្រះទ័យរបស់ទ្រង់ ។ សេចក្ដីសុចរិត និងសេចក្ដីជំនឿ គឺពិតជាឧបករណ៍នៅក្នុងការព្យាបាលអ្នកឈឺ អ្នកថ្លង់ ឬអ្នកខ្វិនមែន--ប្រសិនបើជាការព្យាបាលនោះ សម្រេចនូវគោលបំណងរបស់ព្រះ ហើយស្របតាមព្រះទ័យរបស់ទ្រង់ ។ ដូច្នេះ ទោះជាមានជំនឿរឹងមាំក្ដី ក៏មានភ្នំជាច្រើននឹងពុំរំកិលចេញដែរ ។ ហើយពុំមែនគ្រប់អ្នកដែលឈឺ និងជនពិការ នឹងត្រូវបានជាសះស្បើយនោះដែរ ។ ប្រសិនបើជារាល់ការផ្ទុយទាំងអស់ ត្រូវបានកាត់បន្ថយ ប្រសិនបើជារាល់ការឈឺចាប់ត្រូវបានដកចេញ នោះគោលបំណងសំខាន់នៃផែនការរបស់ព្រះវរបិតា នឹងត្រូវបំផ្លាញហើយ ។
« មេរៀនជាច្រើនដែលយើងត្រូវរៀននៅក្នុងជីវិតរមែងស្លាប់ អាចត្រូវបានទទួលតែតាមរយៈរឿងទាំងឡាយ ដែលយើងជួបប្រទះ ហើយពេលខ្លះត្រូវរងទុក្ខប៉ុណ្ណោះ ។ ហើយព្រះរំពឹង ហើយទុកចិត្តយើងដើម្បីប្រឈមមុខនឹងភាពពុំអនុគ្រោះនៃជីវិតរមែងស្លាប់ជាបណ្ដោះអាសន្ននេះ ដោយមានជំនួយរបស់ទ្រង់ ដើម្បីយើងអាចរៀននូវអ្វីដែលយើងចាំបាច់ត្រូវរៀន ហើយនៅទីបំផុត អាចប្រែក្លាយទៅជាមនុស្សដែលយើងត្រូវប្រែក្លាយ នៅក្នុងភាពអស់កល្បជានិច្ច » (« That We Might ‘Not … Shrink’ [ គ. និង ស. ១៩:១៨ ] » [ CES devotional for young adults, ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៣ ] lds.org/broadcasts) ។
-
សូមគិតអំពីជំងឺដែលមនុស្សអាចត្រូវការព្យាបាល ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមមួយ ឬ ច្រើនជាងនេះ ៖
-
តើអ្នកអាចនឹងធ្វើអ្វីខ្លះ ដើម្បីជួយនាំមនុស្សមកកាន់ព្រះអង្គសង្គ្រោះ ដើម្បីទទួលបានអំណាចនៃការព្យាបាលរបស់ទ្រង់ ?
-
តើពេលណាដែលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់ បានជាសះស្បើយតាមរយៈការអនុវត្តសេចក្តីជំនឿលើព្រះអង្គសង្គ្រោះនោះ ?
-
តើនៅពេលណាដែលអ្នកបានឃើញមនុស្សម្នាក់ នាំនរណាម្នាក់ទៅកាន់ព្រះអម្ចាស់ ដើម្បីទទួលព្រះចេស្តានៃការព្យាបាលរបស់ព្រះអង្គសង្គ្រោះ ?
-
សូមសញ្ជឹងគិតពីអ្វីដែលអ្នកអាចធ្វើ ដើម្បីអនុវត្តសេចក្ដីជំនឿកាន់តែខ្លាំងឡើងលើព្រះយេស៊ូវគ្រីស្ទដើម្បីបានជាសះស្បើយ អភ័យទោស ឬ លួងលោម ។ សូមពិចារណាផងដែរពីរបៀបនានាដែលអ្នកអាចនាំមិត្ត ឬ នរណាម្នាក់ទៀតមកកាន់ព្រះអង្គសង្គ្រោះ ។
លូកា ៥:២៧-៣៥
ពួកអាចារ្យ និង ពួកផារិស៊ីបានសួរព្រះយេស៊ូវពីមូលហេតុដែលទ្រង់ទទួលទានអាហារជាមួយនឹងពួកអ្នកយកពន្ធ និងមនុស្សមានបាប
សូមមើល លូកា ៥:២៧–២៨ហើយស្វែងរកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះចំពោះម៉ាថាយ ( ដែលហៅថាលេវីនៅក្នុងខគម្ពីរនេះ សូមមើល ម៉ាថាយ ៩:៩) ។
តើមានអ្វីខ្លះដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីរបៀបដែលម៉ាថាយ បានឆ្លើយតបចំពោះការអញ្ជើញរបស់ព្រះអង្គសង្គ្រោះនោះ ?
ម៉ាថាយគឺជាអ្នកយកពន្ធ មានន័យថាលោកប្រមូលពន្ធពីបងប្អូនសាសន៍យូដារបស់ខ្លួនសម្រាប់រដ្ឋាភិបាលរ៉ូម ។ ជាទូទៅពួកសាសន៍យូដាស្អប់អ្នកយកពន្ធ ហើយចាត់ទុកពួកគេថាជាពួកបំបរបង់ និងអ្នកមានបាប ។ នៅក្នុង លូកា ៥:២៩-៣៥ យើងអានថា អំឡុងពេលដែលព្រះយេស៊ូវកំពុងសោយអាហារជាមួយម៉ាថាយ និង មនុស្សផ្សេងទៀតនោះពួកអាចារ្យ និង ពួកផារិស៊ីបានកាត់ទោសទ្រង់ដោយសារទ្រង់បានសោយអាហារជាមួយអ្នកមានបាប ។ ព្រះយេស៊ូវបានបង្រៀនថា ទ្រង់យាងមកដើម្បីហៅអ្នកមានបាបឲ្យប្រែចិត្ត ។
សូមពិចារណាពីរបៀបដែលព្រះអង្គសង្គ្រោះ នឹងប្រព្រឹត្តិដល់អស់អ្នកដែលនៅក្នុងសាលារៀននាពេលបច្ចុប្បន្ននេះរបស់អ្នក ដែលនៅឯកោ ហើយមានអារម្មណ៍ថាគេបំបរបង់ខ្លួន ។ សូមពិចារណាពីរបៀបដែលអ្នកអាចធ្វើដូចជាព្រះយេស៊ូវបានធ្វើ ដែលអាចរួមបញ្ចូលអស់អ្នកដែលឯកោ និង មានអារម្មណ៍ថាគេបំបរបង់ខ្លួន ឬ អ្នកដែលត្រូវបានគេចាត់ទុកថាគ្មានប្រជាប្រិយភាព ដោយពុំបន្ទាបបន្ថោកបទដ្ឋានរបស់អ្នកឡើយ ។
លូកា ៥:៣៦-៣៩
ព្រះយេស៊ូវនិទានរឿងប្រៀបប្រដូចពីស្រាទំពាំងបាយជូរថ្មីដាក់ក្នុងថង់ស្បែកចាស់
ព្រះអង្គសង្គ្រោះបានប្រើរឿងប្រៀបប្រដូចដើម្បីបង្រៀនពួកអាចារ្យ និង ពួកផារិស៊ី ។ សូមអាន លូកា ៥:៣៦-៣៩ដោយរកមើលវត្ថុអ្វីដែលព្រះយេស៊ូវគ្រីស្ទបានប្រើដើម្បីបង្រៀនរឿងប្រៀបប្រដូចរបស់ទ្រង់ ។ សូមគិតពីការគូសចំណាំវានៅក្នុងព្រះគម្ពីររបស់អ្នក ។
សូមស្រមៃថាក្រណាត់ចាស់មួយមានធ្លុះ ឬរហែក ដែលប៉ះដោយក្រណាត់ថ្មី ។ ម៉ូតរបស់ក្រណាត់ថ្មីនោះពុំស៊ីគ្នានឹងក្រណាត់ចាស់នោះឡើយ ឬ ផ្ទាំងក្រណាត់ថ្មីនោះអាចរួញ នៅពេលបោកគក់វា ហើយធ្វើឲ្យប្រហោងធ្លុះ ឬ កន្លែងរហែកនោះកាន់តែរហែកខ្លាំងជាងមុនទៀត ។ ស្រដៀងគ្នានេះដែរ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺពុំគ្រាន់តែជាបំណះនៃជំនឿ និង ទំនៀមទម្លាប់ចាស់បុរាណឡើយ ប៉ុន្តែគឺជាសេចក្តីពិតដែលបានស្តារឡើងវិញទាំងស្រុង ។
លូកា ៥:៣៧ លេខយោង ក ពន្យល់ថាពាក្យ ថង់ស្បែក នៅទីនោះមានន័យថា « ថង់ស្បែកចាស់ ឬ ថង់ដាក់ស្រា» ។ ថង់ស្បែកថ្មីទន់ ហើយបត់បែនបាន ផ្ទុយទៅវិញថង់ស្បែកចាស់អាចប្រែជារឹង ហើយស្រួយ ។
នៅពេលស្រាថ្មីឡើងមេហើយនោះ ហ្គាសវានឹងកើនឡើងនៅក្នុងថង់ ហើយធ្វើឲ្យថង់នោះរីកប៉ោងឡើង ។ ការរីកប៉ោងនេះអាចធ្វើឲ្យថង់ស្រាចាស់ ដែលស្រួយនោះបែកខ្ចាយ ។ នៅក្នុងរឿងប្រៀបប្រដូចនោះ ស្រាថ្មីតំណាងឲ្យការបង្រៀន និង ដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ហើយស្រាចាស់តំណាងឲ្យទំនៀមទម្លាប់ ប្រពៃណី និង ជំនឿនៃពួកផារិស៊ី នៅក្រោមក្រឹត្យវិន័យលោកម៉ូសេ ។
តើ « ថង់ស្បែកចាស់ » អាចតំណាងឲ្យពួកអារចារ្យ និង ពួកផារិស៊ី ដែលព្រះយេស៊ូវបង្រៀនតាមរបៀបណាខ្លះ ?
សូមពិចារណាពីរបៀបដែល « ថង់ស្បែកថ្មី » អាចតំណាងឲ្យមនុស្សទាំងអស់ដែលបន្ទាបខ្លួន ហើយមានឆន្ទៈផ្លាស់ប្តូរចិត្តទទួលយកព្រះអង្គសង្គ្រោះ និង ការបង្រៀនរបស់ទ្រង់ ។ គោលការណ៍មួយដែលយើងអាចរៀនពីរឿងប្រៀបប្រដូចនោះគឺថា ដើម្បីទទួលយកព្រះអង្គសង្គ្រោះ និង ដំណឹងល្អរបស់ទ្រង់ នោះយើងត្រូវតែបន្ទាបខ្លួន និង ស្ម័គ្រចិត្តដើម្បីផ្លាស់ប្តូរ ។
-
ដើម្បីជួយអ្នកឲ្យយល់គោលការណ៍កាន់តែប្រសើរឡើង សូមអាន លូកា ៥ឡើងវិញ ។ សូមរកមើលឧទាហរណ៍នៃមនុស្សបែបដូចតទៅនេះ ហើយសរសេរអ្វីដែលអ្នករកឃើញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
មនុស្សដែលធ្វើចិត្តរឹងរូស ហើយពុំទោរទន់អត្តចរិតខ្លួនចំពោះព្រះអង្គសង្គ្រោះ និង ការបង្រៀនរបស់ទ្រង់ឡើយ ។
-
មនុស្សដែលបន្ទាបខ្លួន ហើយមានឆន្ទៈផ្លាស់ប្តូរ ហើយរីកចម្រើននៅពេលពួកគេធ្វើតាមព្រះអង្គសង្គ្រោះ ។
-
-
សូមសរសេរឃ្លាដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា លូកា ៥ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖