មេរៀនទី ២៦ ៖ ថ្ងៃទី ២
ថែស្សាឡូនីច ទី១
សេចក្ដីផ្ដើម
សាវកប៉ុលបានសរសេរទៅកាន់ពួកបរិសុទ្ធនៅក្រុងថែស្សាឡូនីច បន្ទាប់លោកបានដឹងថា ពួកគេបានស្មោះត្រង់ចំពោះដំណឹងល្អខណៈកំពុងមានសេចក្ដីបៀតបៀន ។ លោកបានសរសើរភាពស្មោះត្រង់ និងឆន្ទៈរបស់ពួកគេក្នុងការបង្រៀនដំណឹងល្អ ។ ប៉ុលក៏បានបង្រៀនផងដែរអំពីការរស់ឡើងវិញរបស់មនុស្សស្លាប់នៅពេលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ហើយលោកបានបង្រៀនពួកគេអំពីរបៀបរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។
ថែស្សាឡូនីច ទី១ ១–២
ប៉ុលសរសើរភាពស្មោះត្រង់នៅក្នុងការរងទុក្ខរបស់ពួកបរិសុទ្ធថែស្សាឡូនីច
សូមស្វែងរកទីតាំងក្រុងថែស្សាឡូនីចនៅក្នុងផែនទីក្នុងព្រះគម្ពីរប៊ីប ទី ១៣ « ដំណើររបស់សាវកប៉ុលទៅផ្សាយសាសនា » ដែលមាននៅក្នុងជំនួយការសិក្សា ។ ពួកបរិសុទ្ធនៅក្រុងថែស្សាឡូនីចមួយចំនួនគឺជាអ្នកប្រែចិត្តជឿជនជាតិអ៊ឺរ៉ុបជំនាន់ដើមចូលមកក្នុងសាសនាចក្រ ។ ប៉ុល ស៊ីឡាស និង ធីម៉ូថេ បានផ្សាយដំបូងគេនៅទីនោះ អំឡុងពេលដំណើរផ្សាយសាសនាជាលើកទីពីររបស់ប៉ុល ប៉ុន្ដែត្រូវគេបណ្ដេញចេញពីទីក្រុងដោយថ្នាក់ដឹកនាំសាសន៍យូដាមួយចំនួន ( សូមមើល កិច្ចការ ១៧:៥-១៥ ) ។ ពួកបរិសុទ្ធថែស្សាឡូនីចបានទទួលសេចក្ដីបៀតបៀនជាបន្ដបន្ទាប់ ទោះបីជាបន្ទាប់ពីពេលប៉ុល និងដៃគូរបស់លោកបានចាកចេញទៅហើយក្ដី ។ ក្រោយមក ប៉ុលបានសរសេរសំបុត្ររបស់លោកទៅកាន់ពួកបរិសុទ្ធ ដើម្បីលើកទឹកចិត្តពួកគេ នៅពេលពួកគេជួបនឹងសេចក្ដីបៀតបៀន ។
-
តើអ្នកធ្លាប់បានព្យាយាមចែកចាយដំណឹងល្អជាមួយនរណាម្នាក់ដែរឬទេ ? សូមសរសេរបទពិសោធន៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមពិចារណាសំណួរខាងក្រោម ៖ តើសារលិខិតរបស់អ្នកត្រូវគេទទួលយកតាមរបៀបណា ? តើអ្នកមានពរដោយសារតែកិច្ចខិតខំរបស់អ្នកក្នុងការចែកចាយដំណឹងល្អតាមរបៀបណា ? តើឧបសគ្គមួយចំនួនណាខ្លះដែលយើងអាចជួបនៅពេលយើងព្យាយាមចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ?
នៅពេលអ្នកសិក្សា ថែស្សាឡូនីច ទី១ ១–២ សូមស្វែងរកសេចក្ដីពិតនានាដែលអាចជួយអ្នកបាន នៅពេលអ្នកចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ។
សូមអាន ថែស្សាឡូនីច ទី១ ១:៥–៦ ដោយស្វែងរករបៀបដែលសាវកប៉ុលបានចែកចាយដំណឹងល្អជាមួយពួកថែស្សាឡូនីចនៅពេលគាត់នៅជាមួយពួកគេ ។ អ្នកអាចចង់ គូសចំណាំ ពាក្យ ពាក្យសំដី និង ព្រះចេស្តា នៅក្នុង ខទី ៥ ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីភាពខុសគ្នារវាង « ពាក្យសម្ដី » និង « ព្រះចេស្តា » នៃដំណឹងល្អ ។
« ដំណឹងល្អពិតមានកត្តាពីរយ៉ាង ៖ ពាក្យសម្ដី និង ព្រះចេស្ដា ។ មនុស្សគ្រប់រូបអាចទទួលបានពាក្យសម្ដី ជាព្រះគម្ពីរដែលមានសរសេរពាក្យសម្ដីទាំងនេះដែលអាចរកបាននៅទូទាំងសាកលលោក ។ ប៉ុន្ដែព្រះចេស្ដាត្រូវតែកើតចេញមកពីព្រះ ហើយត្រូវតែបានប្រគល់ឲ្យស្របទៅតាមព្រះទ័យ និងព្រះឆន្ទៈរបស់ទ្រង់ ចំពោះអ្នកទាំងឡាយដែលគោរពតាមក្រឹត្យវិន័យដែលបានប្រគល់ដល់ពួកគេដើម្បីទទួលយក ។
« ពាក្យសម្ដីនៃដំណឹងល្អគឺជាដំណើររឿងដែលបាននិយាយ ឬបានសរសេរអំពីអ្វីដែលមនុស្សត្រូវតែធ្វើដើម្បីបានសង្គ្រោះ ។ …
« ប៉ុន្តែសេចក្ដីសង្គ្រោះពិត កើតមាននៅពេលដែលព្រះចេស្ដានៃព្រះត្រូវបានទទួល និងបានប្រើ ហើយព្រះចេស្ដានេះ គឺជាអំណាចនៃបព្វជិតភាព និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ៣:៤២–៤៣ ) ។
សូមគិតដល់ការគូសចំណាំនៅក្នុង ថែស្សាឡូនីច ទី១ ១:៦ លើអ្វីដែលពួកថែស្សាឡូនីចបានធ្វើបន្ទាប់ពីពួកគេបានរៀនអំពីដំណឹងល្អដោយសារពាក្យសម្ដី និងព្រះចេស្ដានៃព្រះ ។
ចេញពី កូរិនថូស ទី១ ១:៥–៦ យើងអាចរៀនគោលការណ៍ដូចខាងក្រោមនេះ ៖ នៅពេលយើងបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដោយពាក្យសម្ដី និងព្រះចេស្ដានៃព្រះ នោះយើងអាចជួយមនុស្សដទៃឲ្យក្លាយជាអ្នកដើរតាមព្រះអម្ចាស់ និងធ្វើជាអ្នកបម្រើរបស់ទ្រង់ ។
សូមអាន ថែស្សាឡូនីច ទី១ ១:៧–៩ ដោយស្វែងរកថា តើគំរូរបស់ពួកថែស្សឡូនីចមានឥទ្ធិពលយ៉ាងដូចម្ដេចទៅលើអ្នកជឿទាំងឡាយនៅជុំវិញខ្លួនពួកគេ ។
យើងអាចរៀនចេញពីគំរូរបស់ពួកបរិសុទ្ធថែស្សាឡូនីចនូវសេចក្ដីពិតដូចខាងក្រោមនេះ ៖ យើងអាចចែកចាយដំណឹងល្អតាមរយៈគំរូរបស់យើង ។
នៅក្នុងសេចក្ដីថ្លែងការណ៍ខាងក្រោម សូមគូសបន្ទាត់ពីក្រោមអ្វីដែលប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ ដែលជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការចែកចាយដំណឹងល្អ ៖ « វិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្សាយដំណឹងល្អ គឺតាមរយៈគំរូ ។ ប្រសិនបើយើងរស់នៅឲ្យស្របតាមជំនឿរបស់យើង នោះមនុស្សនឹងកត់សម្គាល់ ។ ប្រសិនបើព្រះភក្រ្ដរបស់ព្រះយេស៊ូវគ្រីស្ទបង្ហាញពន្លឺនៅក្នុងជីវិតរបស់យើង [ សូមមើល អាលម៉ា ៥:១៤ ] ប្រសិនបើយើងមានអំណរ និងសេចក្ដីសុខសាន្ដនៅក្នុងលោកិយនេះ នោះមនុស្សនឹងចង់ដឹងអំពីមូលហេតុ ។ ទេសនកថាដ៏មហិមាបំផុតមួយដែលបានថ្លែងអំពីកិច្ចការផ្សព្វផ្សាយសាសនា គឺជាគំនិតដ៏សាមញ្ញនេះ ដែលបានផ្ដល់ទៅដល់សន្តកជន ហ្វ្រេនស៊ីសនៅក្រុងអាស្សីស៊ី ៖ ‹ ផ្សាយដំណឹងល្អនៅគ្រប់ពេល ហើយប្រសិនបើចាំបាច់ សូមប្រើព្រះបន្ទូលទាំងឡាយ › [ នៅក្នុង William Fay and Linda Evans Shepherd, Share Jesus without Fear ( ឆ្នាំ ១៩៩៩ ) ទំព័រ ២២ ] » ( « Waiting on the Road to Damascus » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៧៧ ) ។
សូមគិតអំពីគំរូរបស់មនុស្សម្នាក់ដែលបានជួយអ្នកឲ្យទទួលយកដំណឹងល្អ ឬឲ្យរស់នៅតាមដំណឹងល្អកាន់តែពេញលេញ ។
នៅក្នុង ថែស្សាឡូនីច ទី១ ២:១–១៣ ប៉ុលបានសរសេរអំពីការងារបម្រើរបស់លោកកាលពីមុននៅក្រុងថែស្សាឡូនីច ។ លោកបានឆ្លើយតបទៅនឹងការរិះគន់មួយចំនួននៅក្រុងថែស្សាឡូនីច ដែលបានចោទសួរអំពីភក្ដីភាព និងការជំរុញចិត្តអំឡុងការងារបម្រើរបស់លោក ។ ប៉ុលបានការពារខ្លួនលោកដោយពិពណ៌នាអំពីរបៀបដ៏ស្មោះត្រង់ និងអស់ពីដួងចិត្តចំពោះអ្វីដែលលោក ព្រមទាំងដៃគូលោកបានបង្រៀន ហើយបម្រើពួកបរិសុទ្ធ ។ ប្រសាសន៍របស់លោកគឺជាការំឭកអំពីសេចក្ដីដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២:៨ ៖ « គ្មានអ្នកណាអាចជួយក្នុងកិច្ចការនេះបានឡើយ លើកលែងតែអ្នកនោះនឹងបន្ទាបខ្លួន ហើយពោរពេញទៅដោយសេចក្ដីស្រឡាញ់ » ។
ប៉ុលពុំបានត្រឡប់ទៅក្រុងថែស្សាឡូនីចវិញឡើយបន្ទាប់ពីលោកត្រូវគេបណ្ដេញចេញអំឡុងដំណើរផ្សាយសាសនាទីពីររបស់លោក ( សូមមើល កិច្ចការ ១៧:១០ ) ។ លោកបានមានប្រសាសន៍ថាលោកពុំអាចត្រឡប់ទៅវិញដោយសារតែលោកត្រូវសាតាំង « ឃាត់ » ( ថែស្សាឡូនីច ទី១ ២:១៨ ) ។ ប៉ុលពុំបានមានប្រសាសន៍លម្អិតថា តើសាតាំងបានឃាត់លោកមិនឲ្យត្រឡប់ទៅក្រុងថែស្សាឡូនីចវិញយ៉ាងណានោះទេ ប៉ុន្តែវាច្បាស់ណាស់ថា សេចក្ដីបៀតបៀនពីសំណាក់ពួកសាសន៍យូដាបានបង្ខំឲ្យប៉ុលដើរផ្លូវវាងជាច្រើនក្នុងដំណើររបស់លោក ( សូមមើល កិច្ចការ ១៧:១៤–១៥ ) ។
ថែស្សាឡូនីច ទី១ ៣–៥
ប៉ុលបង្រៀនពួកបរិសុទ្ធថែស្សាឡូនីចអំពីការយាងមកជាលើកទីពីរ
សូមគូសចំណាំថាតើអ្នកគិតថាសេចក្ដីថ្លែងការណ៍អំពីការយាងមកជាលើកទីពីរនៅខាងក្រោមនេះ ពិត (ព) ឬ មិនពិត (ម) ៖
-
____ ១. ពួកបរិសុទ្ធដ៏ស្មោះត្រង់ដែលបានស្លាប់ពីមុនការយាងមកជាលើកទីពីរ នឹងបានរស់ឡើងវិញដរាបដល់ចុងបំផុតនៃសហស្សវត្សរ៍ ។
-
____ ២. ពួកបរិសុទ្ធដ៏ស្មោះត្រង់ដែលរស់នៅចំពេលនៃការយាងមកជាលើកទីពីរ នឹងត្រូវបាននាំទៅជួបព្រះគ្រីស្ទនៅពេលទ្រង់យាងមក ។
-
____ ៣. ការយាងមកជាលើកទីពីរនឹងធ្វើឲ្យចោរភ្ញាក់ផ្អើលនៅពេលយប់ ។
នៅពេលអ្នកសិក្សា ថែស្សាឡូនីច ទី១ ៣–៥ សូមស្វែងរកសេចក្ដីពិតនានាអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ដែលនឹងជួយអ្នកដឹងចម្លើយដ៏ត្រឹមត្រូវសម្រាប់លំហាត់ ត្រូវ–ខុស ( ចម្លើយក៏មាននៅចុងបញ្ចប់នៃមេរៀនដែរ ) ។
នៅក្នុង ថែស្សាឡូនីច ទី១ ៣:១–៧ យើងរៀនថាធីម៉ូថេបានរាយការទៅប៉ុលថា ពួកបរិសុទ្ធបានបន្តមានចិត្តស្មោះត្រង់ទោះជាពួកគេកំពុងជួបនឹងសេចក្ដីបៀតបៀនយ៉ាងណាក្ដី ។
សូមអាន ថែស្សាឡូនីច ទី១ ៣:១១–១៣ ដោយស្វែងរកថា តើប៉ុលបានសង្ឃឹមថាព្រះអម្ចាស់នឹងធ្វើអ្វីសម្រាប់ពួកបរិសុទ្ធដើម្បីរៀបចំពួកគេសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ សូមគិតដល់ការគូសចំណាំ ឬ កត់ចំណាំនៅក្នុងបទគម្ពីរដែលអ្នករកឃើញ ។
នៅក្នុង ថែស្សាឡូនីច ទី១ ៤:១–១២ យើងរៀនថា ប៉ុលបានជំរុញចិត្តឲ្យពួកបរិសុទ្ធឲ្យបានញែកចេញជាបរិសុទ្ធ ឬបានស្អាតស្អំ ហើយបរិសុទ្ធ តាមរយៈការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ជាព្រះបញ្ញត្តិដែលប៉ុល និងអ្នកដទៃទៀតបានបង្រៀនដល់ពួកគេ ។
ពួកបរិសុទ្ធថែស្សាឡូនីចបានយល់ខុសលើទិដ្ឋភាពមួយចំនួននៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានបារម្ភថា សមាជិកសាសនាចក្រនៅក្រុងថែស្សាឡូនីចដែលបានស្លាប់ទៅហើយនោះនឹងគ្មានលទ្ធភាពទទួលបានពរជ័យទាំងឡាយនៃការយាងមកជាលើកទីពីរឡើយ ។
សូមអាន ថែស្សាឡូនីច ទី១ ៤:១៣–១៤, ១៦ ដោយស្វែងរកសេចក្ដីដែលប៉ុលបានបង្រៀនអំពីពួកបរិសុទ្ធដ៏ស្មោះត្រង់ដែលស្លាប់ពីមុនការយាងមកជាលើកទីពីរ ។ លោកបានប្រើពាក្យ ដេកលក់ទៅហើយ និង ដេកលក់ទៅក្នុង សំដៅទៅលើអ្នកដែលបានស្លាប់ ។
យើងរៀនចេញពីខគម្ពីរនេះ នូវសេចក្ដីពិតដូចខាងក្រោម ៖ ពួកបរិសុទ្ធដ៏ស្មោះត្រង់ដែលស្លាប់ពីមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នឹងបានរស់ឡើងវិញនៅពេលទ្រង់យាងមកម្ដងទៀត ។
ឃ្លា « ព្រះទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ » នៅក្នុង ថែស្សាឡូនីច ទី១ ៤:១៤ មានន័យថា ពួកបរិសុទ្ធដ៏ស្មោះត្រង់ដែលបានរស់ឡើងវិញនៅពេលការយាងមកជាលើកទីពីរ នឹងត្រូវបាននាំទៅជួបព្រះអង្គសង្គ្រោះ ព្រមទាំងនឹងទៅជាមួយទ្រង់ក្នុងសិរីល្អ ( សូមមើល គ. និង ស. ៨៨:៩៧–៩៨ ) ។
សូមអាន ថែស្សាឡូនីច ទី១ ៤:១៥, ១៧ ដោយស្វែងរកសេចក្ដីដែលប៉ុលបានបង្រៀនអំពីពួកបរិសុទ្ធដ៏ស្មោះត្រង់ដែលរស់នៅចំពេលដែលទ្រង់យាងមកម្ដងទៀត ។ សូមអានផងដែរ ការបកប្រែដោយ យ៉ូសែប ស៊្មីធ ថែស្សាឡូនីច ទី១ ៤:១៥, ១៧ ( នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ scriptures.lds.org ) ។
យើងរៀនចេញពីខគម្ពីរនេះ នូវសេចក្ដីពិតដូចខាងក្រោម ៖ ពួកបរិសុទ្ធដ៏ស្មោះត្រង់ដែលរស់នៅចំពេលនៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នឹងត្រូវបាននាំទៅជួបព្រះគ្រីស្ទនៅពេលទ្រង់យាងមក ។
សូមអាន ថែស្សាឡូនីច ទី១ ៤:១៨ ដោយស្វែងរកអ្វីដែលប៉ុលបានសង្ឃឹមថាពួកបរិសុទ្ធនឹងធ្វើ បន្ទាប់ពីបានរៀនសេចក្ដីពិតទាំងនេះអំពីការយាងមកជាលើកទីពីរ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នករកឃើញការលួងលោមចិត្តអ្វីខ្លះនៅក្នុងគោលលទ្ធិទាំងនេះ អំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ?
សូមអាន ថែស្សាឡូនីច ទី១ ៥:១-៣ ដោយស្វែងរករឿងប្រដូចចំនួនពីរដែលប៉ុលបានប្រើដើម្បីពិពណ៌នាអំពីកាលវេលានៃការយាងមកជាលើកទីពីរ ។
តើអ្នកគិតថា រឿងប្រដូចរបស់ប៉ុលអំពីចោរមកនៅពេលយប់ បង្រៀនយើងយ៉ាងដូចម្ដេចអំពីការយាងមកជាលើកទីពីរ ?
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី បានពន្យល់ដូចនេះ ៖ « [ ព្រះអម្ចាស់ ] នឹងយាងមកដូចជាចោរមកនៅពេលយប់ ដោយមិនបានប្រាប់ ហើយគ្មានការព្រមានទុកជាមុនដល់ពិភពលោកឡើយ គឺចំពោះមនុស្សទាំងឡាយដែលស្ថិតនៅក្នុងភាពងងឹតខាងវិញ្ញាណ និងមនុស្សទាំងឡាយដែលមិនត្រូវបានបំភ្លឺដោយព្រះចេស្ដានៃព្រះវិញ្ញាណ » ( Doctrinal New Testament Commentary ៣:៥៤ សូមមើល ម៉ាថាយ ២៤:៤២–៤៣ ផងដែរ ) ។
អែលឌើរ ម៉ាក់ខន់ឃី ក៏បានបង្រៀនផងដែរអំពីរឿងប្រដូចនៃស្ត្រីមានគភ៌ឈឺនឹងសម្រាល ៖ « នាងមិនដឹងពីម៉ោងដែលកូននឹងកើតនោះទេ ប៉ុន្តែនាងអាចប៉ាន់ស្មានដឹងពីកាលពេលវេលា » ( Doctrinal New Testament Commentary ៣:៥៤ ) ។
យោងតាមរឿងប្រដូចនេះ យើងក៏អាចពិចារណាផងដែរអំពីការសាកល្បងដែលមានមុនការយាងមកជាលើកទីពីរ ដែលមានលក្ខណៈស្រដៀងទៅនឹងការឈឺចាប់ពេលសម្រាលកូន ។ គឺអស្ចារ្យដូចជាការកើតមករបស់ទារកយ៉ាងណា នោះការយាងមកជាលើកទីពីរក៏នឹងអស្ចារ្យចំពោះពួកសុចរិតយ៉ាងនោះដែរ ។
សូមអាន ថែស្សាឡូនីច ទី១ ៥:៤–៦ ដោយស្វែងរកមូលហេតុដែលពួកបរិសុទ្ធដ៏ស្មោះត្រង់ នឹងមិនភ្ញាក់ផ្អើលឡើយនៅពេលការយាងមកជាលើកទីពីរនោះ ។ អ្នកអាចគូសចំណាំ ឬកត់ចំណាំអ្វីដែលអ្នករកឃើញ ។
ឃ្លា « ពួកនៃពន្លឺ » នៅក្នុង ខទី ៥ សំដៅទៅលើសមាជិកដ៏ស្មោះត្រង់ក្នុងសាសនាចក្រដែល « ដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ » ( រ៉ូម ១៣:១២ ) ហើយមានដៃគូជាព្រះវិញ្ញាណបរិសុទ្ធ ហេតុដូច្នេះហើយ នឹងបានត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទីពីរ ( សូមមើល គ. និង ស. ១០៦:៤–៥ ) ។
យើងរៀនគោលការណ៍ចេញពី ថែស្សាឡូនីច ទី១ ៥:៤–៦ដូចខាងក្រោមនេះ ៖ ប្រសិនបើយើងស្មោះត្រង់ ហើយចាំយាមរកទីសម្គាល់ដែលកើតមានពីមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងបានត្រៀមខ្លួនជាស្រេចកាលទ្រង់យាងមកម្ដងទៀត ។
ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បានបង្រៀនថា មធ្យោបាយនានាដែលយើងអាចត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរគឺ « ត្រូវស្ដាប់តាមព្រះបន្ទូលរបស់ព្រះគ្រីស្ទ និងប្រសាសន៍របស់ពួកសាវក ព្រមទាំងចាំយាម » ( Doctrines of Salvation, comp. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ៣:៥៣ ) ។
សូមពិនិត្យមើលចម្លើយលំហាត់ ត្រូវ–ខុស ដែលបានពិភាក្សានៅពេលចាប់ផ្ដើមនៃមេរៀននេះ ។ ដោយផ្អែកលើសេចក្ដីពិតដែលអ្នកបានរៀន តើអ្នកនឹងផ្លាស់ប្ដូរចម្លើយណាមួយរបស់អ្នកដែរឬទេ ?
នៅក្នុង ថែស្សាឡូនីច ទី១ ៥:៧–២២ សាវកប៉ុលបានទូន្មានពួកបរិសុទ្ធអំពីរបៀបត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមអាន ថែស្សាឡូនីច ទី១ ៥:១២–២២ ដោយស្វែងរកសេចក្ដីដែលប៉ុលបានទូន្មានឲ្យពួកបរិសុទ្ធធ្វើ ដើម្បីត្រៀមខ្លួនពួកគេ និងមនុស្សដទៃឲ្យជួបព្រះអង្គសង្គ្រោះនៅពេលការយាងមកជាលើកទីពីររបស់ទ្រង់ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើដំបូន្មានណាមួយចេញពី ថែស្សាឡូនីច ទី១ ៥:១៤–២២ ដែលអ្នកចាប់អារម្មណ៍ជាងគេ ?
-
តើការរស់នៅតាមដំបូន្មាននេះអាចជួយអ្នក ព្រមទាំងមនុស្សដទៃឲ្យត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទីពីរយ៉ាងដូចម្ដេច ?
-
សូមអាន ថែស្សាឡូនីច ទី១ ៥:២៣–២៤ ដោយស្វែងរកសេចក្ដីដែលប៉ុលបានមានប្រសាសន៍ថាព្រះនឹងធ្វើសម្រាប់ពួកបរិសុទ្ធដ៏ស្មោះត្រង់នៅពេលពួកគេត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។
យោងតាមអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ សូមសម្រេចយកអ្វីដែលអ្នកនឹងធ្វើដើម្បីត្រៀមខ្លួនឲ្យបានកាន់តែប្រសើរសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរគោលដៅ និងផែនការនានានៅលើក្រដាសមួយសន្លឹក ហើយទុកក្រដាសនោះនៅទីតាំងដែលនឹងជួយរំឭកអ្នកអំពីគោលដៅទាំងនោះ ។
-
សូមសរសេរឃ្លាដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ថែស្សាឡូនីច ទី១ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖