វិវរណៈ ២–៣ ផ្នែក ទី ១
« យើងស្គាល់អស់ទាំងការដែលឯងធ្វើ »
ព្រះយេស៊ូវគ្រីស្ទស្គាល់យើងម្នាក់ៗ ។ ទ្រង់ជ្រាបពីអ្វីដែលយើងកំពុងធ្វើបានយ៉ាងល្អ ហើយទ្រង់ក៏ជ្រាបពីអ្វីដែលយើងអាចធ្វើបានប្រសើរជាងមុន ដើម្បីប្រែក្លាយដូចជាទ្រង់ផងដែរ ។ នៅក្នុងសារលិខិតដាច់ដោយឡែកពីគ្នាទៅកាន់សាសនាចក្រទាំងប្រាំពីរនៅអាស៊ី យ៉ូហានបានកត់ត្រានូវព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទដែលទទួលស្គាល់កិច្ចការល្អរបស់ពួកបរិសុទ្ធ ហើយព្រមានពួកគេអំពីអ្វីដែលពួកគេត្រូវផ្លាស់ប្តូរ ។ មេរៀននេះអាចលើកទឹកចិត្តអ្នកឲ្យស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះដែលទទួលស្គាល់អំពើល្អរបស់អ្នក និងផ្ដល់ឲ្យអ្នកនូវការកែតម្រូវចាំបាច់ ។
ផ្ដោតលើការជួយដល់សិស្ស ។ អំឡុងពេលរៀបចំមេរៀន សូមផ្តោតលើសិស្ស មិនមែនផ្ដោតតែលើសម្ភារមេរៀននោះទេ ។ សូមសួរថា « តើសិស្សនឹងធ្វើអ្វីក្នុងថ្នាក់ថ្ងៃនេះ ? » ឬ « តើសិស្សអាចរកឃើញសេចក្ដីពិតដែលមានអត្ថន័យចំពោះពួកគេដោយរបៀបណា ? »
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យកំណត់ថាផ្នែកណាខ្លះក្នុងជីវិតពួកគេដែលពួកគេមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះអាចនឹងពេញចិត្ត ។ ជាផ្នែកមួយនៃការអញ្ជើញនេះ សិស្សអាចអធិស្ឋាន និងទូលសូមព្រះវរបិតាសួគ៌ជួយពួកគេឲ្យយល់ពីអ្វីដែលពួកគេកំពុងធ្វើបានល្អ ។ ពួកគេក៏អាចសូមឲ្យឪពុកម្តាយរបស់ពួកគេជួយដល់ពួកគេផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមកត់ចំណាំថា សារលិខិតរបស់យ៉ូហានក៏រួមបញ្ចូលនូវការសន្យារបស់ព្រះអង្គសង្គ្រោះចំពោះអ្នកដែលយកឈ្នះលើការសាកល្បង និងឧបសគ្គនៃជីវិតរមែងស្លាប់ផងដែរ ។ វានឹងត្រូវបានរៀបរាប់យ៉ាងលម្អិតនៅក្នុងមេរៀនបន្ទាប់ ។
ស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ
សូមបង្ហាញរូបភាពព្រះយេស៊ូវកំពុងគោះទ្វារ នៅពេលសិស្សពិចារណាពីសំណួរខាងក្រោមនេះ ។
-
តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកស្ដាប់ឮការគោះទ្វារនៅផ្ទះរបស់អ្នក ហើយដឹងថាព្រះអង្គសង្គ្រោះជាអ្នកគោះទ្វារនោះ ? ហេតុអ្វីទៅ ?
នៅក្នុងសារលិខិតរបស់លោកទៅកាន់សមាជិកសាសនាចក្រនៅស្រុកឡៅឌីសេ ( ជាកន្លែងមួយដែលយ៉ូហានបានសរសេរសំបុត្រទៅ ដែលបានបង្កើតជាសាសនាចក្រមួយក្នុងចំណោមសាសនាចក្រទាំងប្រាំពីរក្នុងទ្វីបអាស៊ី ។ សូមមើល វិវរណៈ ១:១១ ) យ៉ូហានបានបញ្ចប់ដោយការអញ្ជើញមួយមកពីព្រះយេស៊ូវគ្រីស្ទ ។
សូមអាន វិវរណៈ ៣:២០ ហើយរកមើលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។
សូមចំណាយពេលដើម្បីជួយសិស្សឲ្យយល់ពីនិមិត្តសញ្ញានៃព្រះយេស៊ូវដែលកំពុងឈរនៅមាត់ទ្វារ ហើយគោះ ។ សូមពិចារណាអំពីអត្ថន័យនៃការឲ្យទ្រង់គោះ ហើយយាងមកទទួលទានជាមួយយើងក្នុងជំនាន់របស់យើង ។ ឧទាហរណ៍ ៖ នៅពេលយើងយាងអញ្ជើញព្រះអង្គសង្គ្រោះមកក្នុងជីវិតរបស់យើង ទ្រង់អាចផ្តល់កម្លាំង ការមើលថែទាំ និងការលួងលោមដល់ព្រលឹងរបស់យើងបាន ។
-
តើអ្នកគិតថា វិវរណៈ ៣:២០ មានអត្ថន័យជានិមិត្តសញ្ញាអ្វីខ្លះ ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះគោះទ្វារជាជាងចូលទៅក្នុងតែម្ដង ?
-
តើអ្នកអាចបើកទ្វារទៅរកព្រះយេស៊ូវគ្រីស្ទ ហើយខំស្តាប់ឮព្រះសូរសៀងទ្រង់ឲ្យបានកាន់តែប្រសើរដោយរបៀបណា ?
-
តើអ្នកបានធ្វើអ្វីខ្លះថ្មីៗនេះ ដើម្បីឮព្រះសូរសៀងទ្រង់ ហើយបើកទ្វារ ?
ទោះជាយ៉ូហានជាអ្នកនាំសារក៏ដោយ ក៏ព្រះយេស៊ូវជាសូរសៀងនៃសារលិខិតទាំងនោះទៅកាន់សាសនាចក្រទាំងប្រាំពីរដែរ ។ នៅពេលអ្នកសិក្សាសារលិខិតនៅក្នុង វិវរណៈ ២–៣ សូមស្តាប់រកព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់អ្នក ។ សូមពិចារណាពីវិធីដែលអ្នកអាចបើកទ្វារដើម្បីអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះគង់ជាមួយអ្នក និងពង្រឹងអ្នក ។ខណៈពេលដែលសារលិខិតនីមួយៗក្នុងចំណោមសារលិខិតទាំងប្រាំពីរមានលក្ខណៈប្លែកគ្នា វាក៏មានភាពស្រដៀងគ្នាមួយចំនួនផងដែរ ។
សិស្សនឹងមានឱកាសសិក្សាខគម្ពីរទាំងនេះឲ្យកាន់តែលម្អិតនៅក្នុងមេរៀនក្រោយ ។ សម្រាប់សកម្មភាពនេះ គ្រាន់តែសុំឲ្យពួកគេរកមើល និងពិភាក្សាអំពីសារៈសំខាន់នៃឃ្លាដដែលៗនេះថា « យើងស្គាល់អស់ទាំងការដែលឯងធ្វើ » ។
សូមរកមើល ហើយពិចារណាគូសសម្គាល់ឃ្លាដដែលៗ « យើងស្គាល់អស់ទាំងការដែលឯងធ្វើ » នៅក្នុង វិវរណៈ ២:២, ៩, ១៣, ១៩ ; ៣:១, ៨, ១៥ ។ នៅក្នុងខគម្ពីរទាំងនេះ យ៉ូហានកត់ត្រានូវព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលតំណាងឲ្យព្រះទ័យរបស់ព្រះវរបិតាសួគ៌ផងដែរ ។
-
ហេតុអ្វីបានជាវាអាចជាការសំខាន់ក្នុងការយល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ « ស្គាល់កិច្ចការ [ របស់អ្នក ] » ?
សេចក្តីពិតមួយដែលយើងនឹងរកឃើញនៅក្នុង វិវរណៈ ២–៣ គឺថា ដោយសារព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់យើងម្នាក់ៗ នោះទ្រង់ទាំងទ្វេអាចទទួលស្គាល់កិច្ចការល្អរបស់យើង ហើយព្រមានយើងអំពីការផ្លាស់ប្តូរដែលចាំបាច់នានា ។ សូមរកមើលភស្តុតាងនៃសេចក្តីពិតនេះ នៅពេលអ្នកសិក្សាការប្រឹក្សាដល់សាសនាចក្រទាំងប្រាំពីរ ។
ការប្រឹក្សាដល់សាសនាចក្រទាំងប្រាំពីរ
សូមដាក់បង្ហាញផែនទី និងសេចក្ដីយោងខាងក្រោម ។ សូមពិចារណាសិក្សាសាសនាចក្រមួយក្នុងចំណោមសាសនាចក្រទាំងប្រាំពីរជាថ្នាក់រួមគ្នា ដើម្បីធ្វើជាគំរូដល់វិធីឆ្លើយសំណួរដែលមានបន្ទាប់ពីសេចក្ដីយោងទាំងនេះ ។ បន្ទាប់មក សាសនាចក្រដែលនៅសល់អាចបែងចែកក្នុងចំណោមសិស្សក្នុងថ្នាក់បាន ។ សូមឲ្យសិស្សសិក្សាខគម្ពីរ ហើយឆ្លើយសំណួរដោយខ្លួនឯង ឬជាក្រុមតូចៗ ។ សូមមើលជាមួយសិស្សនៅពេលពួកគេសិក្សា និងផ្តល់ជំនួយតាមតម្រូវការ ។
ព័ត៌មានដែលមាននៅក្នុងសេចក្ដីយោងខាងក្រោម និងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » អាចជួយសិស្សឲ្យយល់ពីពាក្យ និងឃ្លាពិបាកៗបាន ។
សូមក្រឡេកមើលផែនទីនៃសាសនាចក្រទាំងប្រាំពីរ ហើយជ្រើសរើសសាសនាចក្រយ៉ាងហោចណាស់ពីរដើម្បីសិក្សា ។ សូមរកមើលអំពើល្អដែលព្រះយេស៊ូវគ្រីស្ទទទួលស្គាល់នៅក្នុងសាសនាចក្រមួយចំនួន និងការកែតម្រូវដែលទ្រង់ប្រទានដល់សាសនាចក្រនីមួយៗ ។
-
អេភេសូរ ( វិវរណៈ ២:១–៧ ) ៖ ពួកនីកូឡាស គឺជាក្រុមសាសនាមួយដែលបានអះអាងថា ពួកគេអាចប្រព្រឹត្តអំពើបាបខាងផ្លូវភេទដោយគ្មានការដាក់ទណ្ឌកម្ម ដោយសារព្រះគុណនៃព្រះនឹងជួយសង្គ្រោះពួកគេ ។
-
ក្រុងស្មឺន៉ាថា ( វិវរណៈ ២:៨–១១ )
-
ក្រុងពើកាម៉ុស ( វិវរណៈ ២:១២–១៧ ) ៖ គោលលទ្ធិរបស់បាឡាម សំដៅលើការបំពានបទបញ្ញត្តិរបស់ព្រះដើម្បីបំពេញបំណងប្រាថ្នារបស់លោកិយ ឬដើម្បីស្វែងរកកិត្តិយសរបស់មនុស្ស ( សូមមើល ពេត្រុស ទី២ ២:១៥ ) ។ សូមកត់ចំណាំនិយមន័យរបស់ នីកូឡាស ខាងលើ ។
-
ក្រុងធាទេរ៉ា ( វិវរណៈ ២:១៨–២៩ )
-
ក្រុងសើដេស ( វិវរណៈ ៣:១–៦ )
-
ក្រុងភីឡាដិលភា ( វិវរណៈ ៣:៧–១៣ ) ៖ សារលិខិតនេះទទួលស្គាល់តែអំពើល្អប៉ុណ្ណោះ ។
-
ក្រុងឡៅឌីសេ ( វិវរណៈ ៣:១៤–២២ ) ៖ សារលិខិតនេះគ្រាន់តែកែតម្រូវការមិនល្អឥតខ្ចោះប៉ុណ្ណោះ ។ សូមកត់ចំណាំថា ភាពស្ទើរៗ មានន័យថា មិនបានតាំងចិត្តពេញលេញចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើយ ។
-
តើព្រះយេស៊ូវគ្រីស្ទបានទទួលស្គាល់អំពើល្អណាខ្លះ ? តើអ្នកបានឃើញអំពើល្អស្រដៀងគ្នានេះក្នុងចំណោមសមាជិកសាសនាចក្រនៅសម័យយើងដោយរបៀបណា ?
-
តើការកែតម្រូវ ឬការប្រឹក្សាអ្វីដែលព្រះយេស៊ូវបានប្រទានដល់សាសនាចក្រដែលអ្នកបានជ្រើសរើស ? ហេតុអ្វីនេះក៏ជាការប្រឹក្សាដ៏ល្អសម្រាប់សាសនាចក្រសព្វថ្ងៃនេះផងដែរ ?
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយជាមួយសិស្សក្នុងថ្នាក់អំពីអ្វីដែលពួកគេបានរៀន ។ សូមពិចារណាធ្វើបញ្ជីនៃអំពើល្អ និងការកែតម្រូវដែលត្រូវការនៅលើក្តារខៀន ។ នៅពេលសំណួរបន្ទាប់ត្រូវបានពិភាក្សា សិស្សអាចត្រូវបានអញ្ជើញឲ្យចែកចាយបទពិសោធន៍របស់ពួកគេមកពីសកម្មភាពរៀបចំ ។
-
ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទតែមួយអង្គដែលគត់ ស័ក្តិសមដើម្បីដឹងពីអ្វីដែលយើងកំពុងធ្វើបានល្អ និងរបៀបដែលយើងត្រូវកែលម្អ ?
ការប្រឹក្សាសម្រាប់ជីវិតរបស់អ្នកផ្ទាល់
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានលើកទឹកចិត្តយើងឲ្យបើកទ្វារ ហើយអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះចូលមកក្នុងជីវិតរបស់យើង ។ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ឬទស្សនាវីដេអូ « Mrs. Patton—the Story Continues » ចាប់ពីលេខកូដម៉ោង ១៥:០៨ ដល់ ១៥:៥៦ មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ដោយអស់ពីកម្លាំងនៃព្រលឹងខ្ញុំ ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ស្រឡាញ់យើងម្នាក់ៗ ។ ទ្រង់ព្រះសណ្ដាប់ឮការអធិស្ឋាននៃដួងចិត្តរាបទាប; ទ្រង់ព្រះសណ្ដាប់ឮសម្រែករបស់យើងដើម្បីសុំជំនួយ ។ … ព្រះរាជបុត្រាទ្រង់ គឺព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះរបស់យើងមានបន្ទូលមកយើងរាល់គ្នានៅថ្ងៃនេះ ៖ « មើល យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅឯអ្នកនោះ » [ វិវរណៈ ៣:២០ ] ។
តើយើងនឹងស្តាប់ឮការគោះនោះទេ ? តើយើងនឹងឮសំឡេងនោះទេ ? តើយើងនឹងបើកទ្វារឲ្យព្រះអម្ចាស់ ដើម្បីយើងអាចទទួលបានជំនួយដែលទ្រង់ត្រៀមជាស្រេចដើម្បីផ្ដល់ឲ្យដែរទេ ? ខ្ញុំសូមអធិស្ឋានថា យើងនឹងធ្វើបែបនេះបាន ។
( ថូម៉ាស អេស ម៉នសុន « Mrs. Patton—the Story Continues » Ensign ឬLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ២៤ )
សូមក្រឡេកមើលរូបភាពព្រះយេស៊ូវគោះទ្វារ ហើយពិចារណាពីអ្វីដែលអ្នកបានរៀន ។
សូមពិចារណាទុកពេលឲ្យសិស្សសញ្ជឹងគិតសំណួរខាងក្រោមនេះ ហើយឆ្លើយសំណួរទាំងនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកគិតថា ព្រះអង្គសង្គ្រោះចង់ឲ្យអ្នកដឹងថាអ្នកធ្វើអ្វីខ្លះបានល្អ ?
-
តើព្រះអង្គសង្គ្រោះអាចលើកទឹកចិត្តអ្នកឲ្យផ្លាស់ប្ដូរអ្វីខ្លះ នៅក្នុងជីវិតរបស់អ្នក ?
វិចារណកថា និង ព័ត៌មានសាច់រឿង
សកម្មភាពរៀនសូត្របន្ថែម
ការណែនាំអំពីព្រះយេស៊ូវគ្រីស្ទ
សារលិខិតនីមួយៗនៃសារទាំងប្រាំពីរចាប់ផ្តើមដោយការណែនាំអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមរំឭកសិស្សអំពីនិមិត្តសញ្ញាដែលពួកគេបានរៀននៅក្នុង វិវរណៈ ១ ។ សូមអញ្ជើញពួកគេឲ្យសិក្សាខទីមួយនៃសារលិខិតនីមួយៗដែលបានផ្ញើទៅសាសនាចក្រទាំងប្រាំពីរ ដោយរកមើលការពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទ ( សូមមើល វិវរណៈ ២:១, ៨, ១២, ១៨ ; ៣:១, ៧, ១៤ ) ។ បន្ទាប់មក សូមឲ្យសិស្សចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានរៀនអំពីព្រះអង្គសង្គ្រោះចេញពីការពិពណ៌នានីមួយៗ ។
ការប្ដេជ្ញាយ៉ាងពេញលេញចំពោះព្រះយេស៊ូវគ្រីស្ទ
បន្ទាប់ពីសិស្សបានរកឃើញថា ពួកបរិសុទ្ធនៅឡៅឌីសេមាន « ភាពស្ទើរៗ » ហើយ ( សូមមើល វិវរណៈ ៣:១៥–១៦ ) សូមអញ្ជើញពួកគេឲ្យគិតអំពីអ្វីដែលវាអាចនឹងមានភាពស្ទើរៗនៅក្នុងដំណឹងល្អ ។ សូមឲ្យសិស្សសញ្ជឹងគិតពីសំណួរដូចតទៅនេះ ៖ នៅលើមាត្រដ្ឋានពី ១–១០ តើអ្នកនឹងវាយតម្លៃការប្តេជ្ញាចិត្តរបស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? ដើម្បីកុំឲ្យមានភាពស្ទើរៗ តើអ្នកអាចធ្វើអ្វីបានដើម្បីឲ្យការតាំងចិត្តរបស់អ្នកចំពោះព្រះអង្គសង្គ្រោះកាន់តែស៊ីសង្វាក់គ្នានឹងការប្តេជ្ញាចិត្តរបស់ទ្រង់ចំពោះអ្នក ?
ដើម្បីជួយសិស្សឲ្យរៀនបន្ថែមទៀតអំពីការតាំងចិត្តពេញលេញ សូមពិចារណាមើលវីដេអូ « True Disciples of the Savior » ចាប់ពីលេខកូដម៉ោង ២:២២ ដល់ ៤:៣៧ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមពន្យល់ថា នៅប្រទេសអូស្ត្រាលី ឃ្លា « ហ៊្វែរ ឌីងគឹម » មានន័យថាមានការប្តេជ្ញាចិត្តពេញលេញ ឬពិតប្រាកដដោយមិនអាចប្រកែកបាន ផ្ទុយពីភាពស្ទើរៗ ។ សូមឲ្យសិស្សរកមើលភាពស្រដៀងគ្នារវាងរឿងរបស់អែលឌើរ វីនសុន និងការប្ដេជ្ញាចិត្តចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។