ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៥:១៣–១៦


ម៉ាថាយ ៥:១៣–១៦

« អ្នករាល់គ្នា​ជា​ពន្លឺ​នៃ​លោកិយ »

រូបភាព
ទៀន​បំភ្លឺ

តើ​នរណា​បាន​ធ្វើជា​គំរូ​ល្អ​ដល់​អ្នក​ក្នុង​ការរស់នៅ​ដោយ​សុចរិត ? តើ​គំរូ​របស់​ពួកគេ​បាននាំ​អ្នក​ឲ្យចូល​កាន់តែ​ជិត​ព្រះ​យ៉ាង​ដូចម្តេច ? បន្ទាប់ពី​បង្រៀន​បទជូនពរ ដែល​ជួយ​យើងឲ្យ​យល់ពី​និស្ស័យ និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ហើយ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ថា គំរូ​ដ៏សុចរិត​របស់​យើង​អាច​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​បាន ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នកឲ្យ​អនុវត្ត​សេចក្តីពិត​នេះ និង​វាយតម្លៃ​ពី​សកម្មភាព និង​អាកប្បកិរិយា​របស់​អ្នក ដើម្បី​ឆ្លុះបញ្ចាំង​ពី​ពន្លឺ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​កាន់តែ​ប្រសើរ​ជាងមុន ។

អំបិល​នៃ​ផែនដី

ជារឿយៗ ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ការប្រៀប​ធៀប ឬ​រឿង​ប្រៀប​ប្រដូច ដើម្បី​បង្រៀនពី​គំនិត​សាមញ្ញៗ ដែល​បង្កប់​ដោយ​អត្ថន័យ​ជ្រាលជ្រៅ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​គិតពី​របៀប​ដែល​វត្ថុ ដែល​ព្រះយេស៊ូវ​បាន​លើកឡើង អាច​ជួយ​អ្នកឲ្យ​យល់ពី​អ្វី​ដែល​ទ្រង់​បាន​បង្រៀន ។

សូមអាន ម៉ាថាយ ៥:១៣ ដោយ​រកមើល​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ពិពណ៌នា​អំពី​ពួកសិស្ស​របស់​ទ្រង់ ។

  • តើ​អំបិល​មាន​ឥទ្ធិពល​លើ​រសជាតិ​អាហារ​យ៉ាង​ដូចម្តេច ?

  • ក្រៅពី​ប្រើ​ដើម្បី​បង្កើន​រសជាតិ​នៃ​ម្ហូប​អាហារ​របស់​យើង តើ​យើង​អាច​ប្រើ​អំបិល​សម្រាប់​អ្វី​ទៀត ?

អំបិល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​រក្សាទុក​អ្វីមួយ​ឲ្យ​បាន​យូរ ផ្ដល់​រសជាតិ និង​បន្សុទ្ធ​ជាយូរ​លង់​មក​ហើយ ។ អំបិល​ក៏​មាន​អត្ថន័យ​ខាង​សាសនា​ផងដែរ​ចំពោះ​ពួកសាសន៍​អ៊ីស្រាអែល ។… នៅពេល​អំបិល​បាត់បង់ជាតិ​ប្រៃ​របស់​វា វា​ឥតបាន​ការ ឬ « គ្មាន​ប្រយោជន៍ » ( ម៉ាថាយ ៥:១៣ ) ។ អំបិល​បាត់បង់​ជាតិប្រៃ នៅពេល​យក​វា​ទៅ​ច្របល់ ឬ​លាយ​នឹង​សារធាតុ​អ្វី​ផ្សេងៗ​ទៀត​នោះ ។

(ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី [ ឆ្នាំ ២០១៩ ] ទំព័រ ៣១ )

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន​អ្វី តាមរយៈ​ការប្រៀប​ធៀប​ពួកសិស្ស​របស់​ទ្រង់​ទៅនឹង​អំបិល ?

  • តើ​មាន​រឿង​ជាក់លាក់​ណាខ្លះ ដែល​អាច​បំពុល​យើង​ខាងវិញ្ញាណ ?

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​សញ្ជឹងគិត​នៅក្នុង​ចិត្ត​របស់​អ្នក​ថា ក្នុង​នាម​ជា​អំបិល​នៃផែនដី តើអ្នក​ជួយ​បង្ហាញ​គុណ​សម្បត្តិ​ល្អ​បំផុត​នៅក្នុង​មនុស្ស​ដែលនៅ​ជុំវិញ​អ្នក​បាន​ដោយ​របៀប​ណា ។ សូម​ពិចារណា​ពី​ការល្បួង​ដែល​អ្នក​កំពុង​ប្រឈមមុខ និង​របៀប​ដែល​អ្នកអាច​រក្សាខ្លួន​អ្នក​ឲ្យបរិសុទ្ធ​ផងដែរ ។ ប្រសិនបើ​អ្នក​បាន​អនុញ្ញាត​ឲ្យ​មាន​ភាព​មិន​បរិសុទ្ធ​ណាមួយ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក នោះ​វា​អាច​ត្រូវ​បាន​ដកចេញ​បាន តាមរយៈ​អំណោយទាន​នៃ​ការប្រែចិត្ត​ដែលកើត​មាន​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ។

ពន្លឺ​នៃ​លោកិយ

សូមអាន ម៉ាថាយ ៥:១៤–១៦ ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​រំពឹង​ទុក​ពី​យើង ដែល​ជា​សិស្ស​របស់​ទ្រង់ ។

ម៉ាថាយ ៥:១៤–១៦ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូសចំណាំ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។

  • តើ​គោលការណ៍​នៃ​សេចក្តីពិត​អ្វី ដែល​អ្នក​អាច​រកឃើញ​ពី ម៉ាថាយ ៥:១៤–១៦ ?

ចេញពី ម៉ាថាយ ៥:១៤–១៦ អ្នក​ប្រហែលជា​បានរកឃើញ​គោលការណ៍​មួយ ដែល​ស្រដៀង​នឹង​គោលការណ៍​នេះ ៖ គំរូសុចរិត​របស់យើង​អាច​លើក​ទឹកចិត្ត​មនុស្ស​ដទៃ​ឲ្យសរសើរ​តម្កើង​ព្រះវរបិតាសួគ៌ ។

  • តើ​អ្នក​គិត​ថា ការសរសើរ​តម្កើង​ព្រះវរបិតាសួគ៌​មាន​ន័យ​យ៉ាង​ដូចម្ដេច ?

នៅពេល​ព្រះអង្គសង្គ្រោះ​ដែល​បាន​មាន​ព្រះជន្ម​ឡើងវិញ ទ្រង់​បាន​គង់នៅ​ជាមួយនឹង​ពួកសាសន៍​នីហ្វៃ នោះ​ទ្រង់បាន​បង្រៀន​ពួកគេ​បន្ថែមទៀត អំពី​ពន្លឺ​ដែល​ពួកសិស្ស​របស់ទ្រង់​គួរតែ​លើក​ឡើង ។ សូមពិចារណាពី​បទគម្ពីរ​ឆ្លង ឬ​ការភ្ជាប់ ម៉ាថាយ ៥:១៤–១៦ ទៅនឹង នីហ្វៃទី៣ ១៨:២៤–២៥ ( សូមមើល ម៉ាថាយ ៥:១៦ ) ។

សូមអាន នីហ្វៃទី៣ ១៨:២៤–២៥ ដោយ​រក​មើល​ពន្លឺ​ដែល​ពួកសិស្ស​ពិត​គួរតែ​លើក​ឡើង ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​ពន្លឺ​នៃ​លោកិយ​ដ៏ពិត ហើយ​នៅពេល​យើង​ដើរ​តាម​ទ្រង់ ហើយ​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់ នោះ​យើង​បញ្ចាំង​ពន្លឺ ដែល​ទ្រង់បាន​ប្រទាន​ដល់​យើង ។ ( សូមមើល យ៉ូហាន ១:៤, ៩; ៨:១២; គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៤; ៩៣:២ ) ។

និមិត្តរូបដែលព្រះអង្គសង្គ្រោះបានប្រើ

សំណួរ​ខាងក្រោម​នេះ​អាចជួយអ្នក​ឲ្យគិត​បាន​កាន់តែ​ស៊ីជម្រៅ អំពីនិមិត្តរូប​ដែល​ព្រះអង្គ​សង្គ្រោះ​បានប្រើ​នៅក្នុង ម៉ាថាយ ៥:១៤–១៦ ។

២. សូម​ជ្រើសរើស​ការប្រៀបធៀប​ខាងក្រោម​មួយ​ចេញពី ម៉ាថាយ ៥:១៤–១៦ ហើយ​សូម​ឆ្លើយ​សំណួរ​ដែល​ត្រូវគ្នា នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

ទីក្រុង​មួយ​ដែល​នៅលើ​ភ្នំ ៖

រូបភាព
ទីក្រុង​នៅលើ​ភ្នំ
  • តើ​ការដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ពិបាក​នឹង​លាក់បាំង ដូចជា​ទីក្រុង​មួយ​ដែល​នៅលើ​ភ្នំ​ដោយ​របៀប​ណា ?

  • កាលពីបុរាណ ទីក្រុង​ទាំងឡាយ​ត្រូវបាន​សង់ឡើង​នៅលើ​កំពូលភ្នំ ដើម្បី​ការពារ​ពី​ការវាយប្រហារ​ដែល​អាចកើត​ឡើង ។ តើ​ការរស់នៅ​តាម​ដំណឹងល្អ​ដោយ​ក្លៀវក្លា អាច​ការពារពី​ឥទ្ធិពល​អាក្រក់ៗ​បាន​យ៉ាង​ដូចម្តេច ?

  • តើ​ការប្រៀប​ធៀប​នេះ​បង្រៀន​អ្នក​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​រំពឹង​ចង់​ឲ្យ​អ្នក​រស់នៅ ក្នុងនាម​ជាសិស្ស​របស់​ទ្រង់ ?

ទៀន ៖

រូបភាព
ភ្លើង​ទៀន​បំភ្លឺ
  • តើ​អ្នក​អាច​ធ្វើ​ដូចជា​ទៀន​ដែល​នៅក្នុង​បន្ទប់​ងងឹត​មួយ ហើយ​បញ្ចាំង​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​មនុស្ស​ទាំងអស់​យ៉ាង​ដូចម្តេច ?

  • តើ​មាន​អ្វីខ្លះ ដែល​អាច​បណ្តាលឲ្យ​មនុស្ស​មួយ​ចំនួន​លាក់​ពន្លឺ ដែល​ព្រះ​ប្រទាន​ដល់​ពួកគេ​នៅក្រោម​ថាំង ( ល្អី ) ?

  • តើ​ការប្រៀប​ធៀប​នេះ​បង្រៀន​អ្នក​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​រំពឹង​ចង់​ឲ្យ​អ្នក​រស់នៅ ក្នុងនាម​ជាសិស្ស​របស់​ទ្រង់ ?

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​មកពី​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ ដោយ​ស្វែងរក​អ្វីដែល​អ្នក​អាច​រៀនបាន​អំពី​ពន្លឺ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

រាល់​ពេល​ដែល​ដួងចិត្ត​របស់​អ្នក​បង្វែរ​ទៅ​រក​ព្រះ​ដោយ​ការអធិស្ឋាន​ដែល​រាបសា នោះ​អ្នក​ទទួល​បាន​ការ​ដកពិសោធន៍​នូវពន្លឺ​របស់​ទ្រង់ ។ រាល់​ពេល​ដែល​អ្នក​ស្វែងរក​ព្រះបន្ទូល និង​ព្រះទ័យ​របស់​ទ្រង់​នៅក្នុង​បទគម្ពីរ នោះ​ពន្លឺ​នឹង​បំភ្លឺ​ឡើង​កាន់តែ​ចែងចាំង ។ រាល់​ពេល​ដែល​អ្នក​សង្កេត​ឃើញ​នរណា​ម្នាក់​ខ្វះខាត ហើយ​លះបង់​ភាព​សុខស្រួល​របស់​អ្នក​ដើម្បី​ឈោង​ទៅ​ជួយ​ដោយ​ក្ដី​ស្រឡាញ់ នោះ​ពន្លឺ​នឹង​រីកធំខ្លាំង​ឡើងៗ ។ រាល់​ពេល​ដែល​អ្នក​បដិសេធ​ការល្បួង ហើយ​ជ្រើសរើស​ភាព​បរិសុទ្ធ រាល់ពេល​ដែល​អ្នក​ស្វែងរក ឬ​ផ្ដល់​ការអភ័យទោស រាល់ពេល​ដែលអ្នក​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដោយ​ក្លាហាន នោះ​ពន្លឺ​បណ្ដេញ​ភាព​ងងឹត ហើយ​ទាក់ទាញ​ដល់​អ្នកដទៃ​ដែល​កំពុង​ស្វែងរក​ពន្លឺ និង​សេចក្តីពិត​ផងដែរ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Bearers of Heavenly Light » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨០ )

  • តើអ្នកគិតថា សេចក្តីថ្លែងការណ៍នេះទាក់ទងនឹង ម៉ាថាយ ៥:១៤–១៦ យ៉ាង​ដូចម្តេច ?

សូម​ចាំ​ថា ព្រះយេស៊ូវ​បាន​បង្រៀន​យើងឲ្យ​ធ្វើជា « អំបិល​នៃ​ផែនដី » និង « ពន្លឺ​នៃ​លោកិយ » ភ្លាមៗ​បន្ទាប់ពី​ទ្រង់​បាន​បង្រៀន​បទជូនពរ—​បុគ្គលិក​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដែល​ជួយ​យើងឲ្យ​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ( សូមមើល ម៉ាថាយ ៥:៣–១២ ) ។

៣. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក យ៉ាង​ហោច​ណាស់​មួយ ៖

  • តើ​ការមាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​ការប្រព្រឹត្ដិ និង​អាកប្បកិរិយា​របស់​យើង ជួយ​យើង​ឲ្យលើក​ទឹកចិត្ត​មនុស្សដទៃ​ឲ្យខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌​ដោយ​របៀប​ណា ?

  • តើ​មាន​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ធ្វើជា​គំរូ​ដ៏​សុចរិត​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​អ្នកដទៃ ?

  • ប្រសិនបើអ្នក​បាន​ជ្រើសរើស​យក​បទជូនពរ​មួយ​នៅក្នុងមេរៀនមុន ដើម្បីអនុវត្តនៅក្នុង​ជីវិត​របស់អ្នក តើ​បុគ្គលិក​លក្ខណៈ​នោះ​នឹងជួយអ្នក​ឲ្យក្លាយជា​អំបិល​នៃ​ផែនដី ឬជាពន្លឺ​នៃ​លោកិយ​នេះ​យ៉ាង​ដូចម្តេច ?

ជម្រើស ៖ ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​សកម្មភាព​របស់ខ្ញុំ​ជះឥទ្ធិពល​យ៉ាង​ដូចម្ដេច​លើ​រសជាតិ​របស់​ខ្ញុំ ក្នុងនាម​ជា​អំបិល​នៃ​ផែនដី ?

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) ក្នុង​គណៈប្រធាន​ទីមួយ​បាន​ពន្យល់ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

សារធាតុ​ចិញ្ចឹម​ខាង​វិញ្ញាណ ដែល​ធ្វើឲ្យ​យើង​មាន​សុខភាពល្អ​ខាង​វិញ្ញាណ អាច​បាត់បង់​អំណាច និង​កម្លាំង​របស់​វា ប្រសិនបើ​យើង​មិន​រស់នៅ​ឲ្យ​ស័ក្ដិសម​នឹង​ការណែនាំ​ដ៏ទេវភាព ដែល​យើង​ត្រូវការ​ទេនោះ ។ … យើង​ត្រូវ​រក្សាចិត្ត និង​រាងកាយ​របស់​យើង​ឲ្យ​ជ្រះស្អាត​ពីការញៀន និង​ការបំពុល​គ្រប់រូបភាព ។ យើង​នឹង​មិន​ដែល​ជ្រើសរើស​បរិភោគ​អាហារដែល​ខូច ឬ​ពុល​ឡើយ ។ តាមរបៀប​ជ្រើសរើស​ដូចគ្នា​នេះ យើង​គួរតែ​ប្រុងប្រយ័ត្ន​កុំ​អាន ឬ​មើល​អ្វី​ដែល​មិន​មាន​រសជាតិ​ឆ្ងាញ់​ឡើយ ។ ភាគច្រើន​នៃ​ការបំពុល​ខាង​វិញ្ញាណ ដែល​ចូលមក​ក្នុង​ជីវិត​របស់​យើង កើតឡើង​តាមរយៈ​អ៊ីនធឺណិត ហ្គេម​កំព្យូទ័រ កម្មវិធី​កម្សាន្ដ​ក្នុង​ទូរទស្សន៍ និង​ភាពយន្ត ដែល​ផ្ដល់ ឬ​បង្ហាញ​ជាលក្ខណៈ​ក្រាហ្វិក នូវ​ឥរិយាបថ​មិនល្អ​របស់​មនុស្ស ។ ដោយសារ​យើង​រស់​នៅក្នុង​បរិយាកាស​បែបនេះ នោះ​យើង​ត្រូវបង្កើន​កម្លាំង​ខាងវិញ្ញាណ ។

( ជេមស៍ អ៊ី ហ្វោស្ដ៍ « Spiritual Nutrients » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៥៥ )

តើ​ខ្ញុំ​អាច​បង្កើន​ពន្លឺ​របស់​ខ្ញុំ​បាន​យ៉ាង​ដូចម្ដេច ?

ប្រធាន ហែនរី ប៊ី អាវរិង បាន​បង្រៀន ៖

រូបភាព
ប្រធាន ហែនរី ប៊ី អាវរិង

រាល់ពេល​ដែល​អ្នក​ជ្រើសរើស​ព្យាយាម​រស់នៅ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ នោះ​អ្នក​បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ហើយ ។ នៅ​ពេល​នោះ​អ្នក​នឹង​ដឹង​ដោយ​ខ្លួន​អ្នក​ថា ទ្រង់​គឺ​ជា​ពន្លឺ​នៃ​លោកិយ ។ អ្នក​នឹង​មាន​អារម្មណ៍​ថា មាន​ពន្លឺ​រះឡើង​នៅក្នុង​ជីវិត​របស់អ្នក ។ វា​នឹង​មិន​កើតឡើង​ដោយ​គ្មាន​ការខិតខំទេ ។ ប៉ុន្តែ វា​នឹង​កើត​ឡើង នៅពេល​ទីបន្ទាល់​របស់​អ្នក​រីកចម្រើន ហើយ​អ្នក​ជ្រើសរើស​ថែទាំ​បីបាច់​វា ។ នេះ​គឺជា​ការសន្យា​ដ៏ជាក់ច្បាស់​មកពី​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ៖ « អ្វី​ដែល​មកពី​ព្រះ​ជា​ពន្លឺ ហើយ​អ្នកណា​ដែល​ទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែមទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥតខ្ចោះ [ គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០:២៤ ] ។ អ្នកនឹង​ក្លាយ​ជា​ពន្លឺ​នៃ​លោកិយ​នេះ នៅពេល​អ្នក​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត ។ អ្នក​នឹង​ជះ​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ​ដល់​មនុស្ស​ដទៃ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ព្រះអម្ចាស់​នឹង​រក​វិធី​ដើម្បី​ឲ្យ​ពន្លឺ​នោះជះ​ឥទ្ធិពល​ដល់​មនុស្សដែល​អ្នក​ស្រឡាញ់ ។

( ហែនរី ប៊ី អាវរិង « A Living Testimony » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១២៨ )

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

យើង​ម្នាក់ៗ​មក​កាន់​ផែនដី​នេះ​ដោយ​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ នៅពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​រស់នៅ​ដូច​ដែល​ទ្រង់​បាន​រស់នៅ និង​ដូច​ដែលទ្រង់​បាន​បង្រៀន ពន្លឺ​នោះ​នឹង​បំភ្លឺ​ក្នុង​ខ្លួន​យើង ហើយ​នឹង​បំភ្លឺ​ផ្លូវ​អ្នកដទៃ ។

( ថូម៉ាស អេស ម៉នសុន « Be an Example and a Light » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៦ )