ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ម៉ាថាយ ៥:១៤–១៦


ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ម៉ាថាយ ៥:១៤–១៦

« ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា​បាន​ភ្លឺ​នៅមុខ​មនុស្ស​លោក »

រូបភាព
យុវនារី​ឈរនៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ

ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​ជាគំរូ​ដល់​មនុស្សដទៃ តាមរយៈ​ការធ្វើតាម​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នកឲ្យ​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដើម្បី​ធ្វើជា​គំរូ​ដល់​មនុស្សដទៃ ហើយ​ចូល​កាន់តែ​ជិត​ព្រះអង្គ​សង្រ្គោះ ។

ទន្ទេញ និង​ពន្យល់

សូម​អាន ម៉ាថាយ ៥:១៤–១៦

សូម​គូរ​គំនូរ​មួយ​ពន្យល់​ពី​ឃ្លា​បទគម្ពីរ​គន្លឹះ « ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់​គ្នា​បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក » និង​សេចក្ដីយោង​របស់​វា ម៉ាថាយ ៥:១៤–១៦។ ពេល​អ្នក​គូរ សូម​គិតពី​របៀប​បញ្ចូល​សេចក្ដីយោង​នេះ ដើម្បី​ជួយ​អ្នកឲ្យ​ចងចាំ​វា ។

ពេល​មើល​ទៅ​គំនូរ​នេះ សូម​ថា​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ឲ្យបាន​ច្រើនដង ។ បន្ទាប់មក សូម​ងាកមុខ​ចេញ ហើយ​ព្យាយាម​អាន​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នោះ​ចេញពី​ការចងចាំ ។

សូម​ពិចារណា​ចែករំលែក​គំនូរ​របស់អ្នក​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ម្នាក់ ហើយ​ពន្យល់​សេចក្ដីពិត​ចេញពី​វគ្គបទគម្ពីរ​នេះ ។

រៀន​អនុវត្ត

នៅក្នុង​ការរៀន​អនុវត្ត​នេះ អ្នក​នឹង​ប្រើ​គោលការណ៍​នានា​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដើម្បី​កំណត់ពី​របៀប​ធ្វើជា​គំរូ​ដល់​មនុស្ស​ដទៃ ហើយ​អញ្ជើញ​ពួកគេ​ឲ្យចូល​មក​កាន់តែ​ជិត​ព្រះអង្គ​សង្រ្គោះ ។

សូម​រំឭក កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ឡើងវិញ​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

១. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សង្ខេប​ជាពីរ ឬ​បី​ប្រយោគ​នៃ​គោលការណ៍​នីមួយៗ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

សូម​អាន​ស្ថានភាព​ខាងក្រោម​នេះ ហើយ​គិតពី​របៀប​ដែល​អ្នក​អាច​ឆ្លើយតប ប្រសិនបើ​អ្នក​ស្ថិតក្នុង​ស្ថានភាព​របស់ រ៉ាអ៊ុល ។

រ៉ាអ៊ុល ដែលជា​សង្ឃ​ដែល​ទើបតែ​បាន​តែងតាំង​ថ្មី​ម្នាក់ កំពុង​នៅ​ជាមួយ​មិត្តភក្តិ​មួយក្រុម នៅពេល​ពួកគេ​ពីរបី​នាក់​ចាប់ផ្តើម​និយាយ​កំប្លែង​ចម្អេះ​ចំអាស ហើយ​និយាយ​ពាក្យ​ឈ្លើយ​អំពី​នរណាម្នាក់​ដែល រ៉ាអ៊ុល ស្គាល់ ។ រ៉ាអ៊ុល មាន​អារម្មណ៍​មិន​ស្រណុកចិត្ត ហើយ​ដឹង​ថា​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​គឺ​ខុស ។ នៅពេល​គាត់​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច​នោះ មិត្ត​របស់​គាត់​ឈ្មោះ ជេសស៊ី ដែលជា​សមាជិក​នៃ​សាសនា​ផ្សេង ហើយ​ដែល រ៉ាអ៊ុល ពិតជា​កោត​សរសើរ​នោះ បាន​ងាក​មករក រ៉ាអ៊ុល ហើយ​និយាយ​ថា « អ្ហាៈ ! ហេតុអ្វី​ឯង​តឹងតែង​ម៉្លេះ ? »

សូម​ពិចារណាពី​គោលការណ៍​នីមួយៗ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដើម្បី​ជួយ​អ្នក​ឲ្យ​រកឃើញ​ចម្លើយ​មួយ ។

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏អស់កល្ប

សូម​ជ្រើសរើស​បុគ្គល​ម្នាក់​ពីក្នុង​ស្ថានភាព​នេះ ( ជេសស៊ី ឬ​អ្នក​ដែល​ត្រូវគេ​ចំអក ) ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​គិត​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​យ៉ាងណា​ចំពោះ​បុគ្គល​ដែល​អ្នក​បាន​ជ្រើសរើស​នេះ ?

  • តើ​ការមើល​ទៅ​បុគ្គល​នេះ ដូចជា​ព្រះអម្ចាស់​ទត​ទៅ​ពួកគេ អាច​មាន​ឥទ្ធិពល​យ៉ាងណា​លើ​របៀប​ដែល រ៉ាអ៊ុល ឆ្លើយតប​នឹង​សំណួរ​របស់ ជេសស៊ី ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

៣. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ការចងចាំ និង​ការអនុវត្ត​តាម​គោលការណ៍​នៅក្នុង ម៉ាថាយ ៥:១៤–១៦ អាច​មាន​ប្រយោជន៍​ដល់ រ៉ាអ៊ុល យ៉ាង​ដូចម្តេច ?

  • តើ​មាន​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព​ណា​ទៀត ដែល​អ្នក​គិត​ថា​អាច​ជួយ រ៉ាអ៊ុល បាន ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

៤. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ហេតុអ្វី​បានជា​វា​អាច​ពិបាក​សម្រាប់ រ៉ាអ៊ុល ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​នៅក្នុង​ស្ថានភាព​នេះ ?

  • តើ​អ្នក​ណែនាំ​ឲ្យ រ៉ាអ៊ុល ធ្វើ​អ្វីខ្លះដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ?

សូម​គិត​អំពី​ស្ថានភាព​មួយ ដែល​ស្រដៀង​គ្នា​នឹង រ៉ាអ៊ុល ដែរ ដែល​អ្នក​កំពុង​ប្រឈមមុខ​នៅពេល​នេះ ឬ​អាច​នឹង​ប្រឈម​មុខ​នាពេល​អនាគត ។

  • តើ​អ្វី​ដែល​អ្នកបាន​រៀន​នៅ​ថ្ងៃនេះ អាច​ជួយ​អ្នក​ឲ្យ​ធ្វើជា​គំរូ​ដល់​មនុស្ស​ដទៃ​យ៉ាង​ដូចម្តេច ?