ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២២:៣៤–៤០


ម៉ាថាយ ២២:៣៤–៤០

បទបញ្ញត្តិធំពីរ

រូបភាព
Jesus is shown with a group of people speaking to a scribe about the two great commandments. Outtakes: include close ups of people in the crowd. (Scene filmed at ext. the temple court of the Women)

ដោយចង់សាកល្បងព្រះអង្គសង្គ្រោះ នោះមានពួកផារីស៊ីម្នាក់បានសួរថា តើបទបញ្ញត្តិណាមួយនៅក្នុងក្រឹត្យវិន័យគឺធំជាងគេ ។ ជាការឆ្លើយតប ព្រះអង្គសង្គ្រោះបានបង្រៀនថា បញ្ញត្តិទីមួយគឺត្រូវស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតរបស់យើង ហើយបទបញ្ញត្តិទីពីរគឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបរស់នៅតាមបទបញ្ញត្តិធំទាំងពីរនេះ ។

បទបញ្ញត្តិធំៗ

សូមស្រមៃថាបាននិយាយជាមួយមិត្តម្នាក់អំពីជំនឿសាសនារបស់អ្នក ។ ពេលកំពុងពិភាក្សាអំពីសារៈសំខាន់នៃបទបញ្ញត្តិរបស់ព្រះ នោះមិត្តរបស់អ្នកសួរថា តើបទបញ្ញត្តិជាក់លាក់អ្វីខ្លះដែលព្រះវិហាររបស់អ្នកបង្រៀន ។

សូមចំណាយពេលមួយនាទី ហើយរាយបញ្ជីបទបញ្ញត្តិ និងបទដ្ឋានរបស់ព្រះជាច្រើនតាមដែលអ្នកអាចគិតឃើញ ។

បន្ទាប់ពីអ្នកចែកចាយបញ្ជីនៃបទបញ្ញត្តិរបស់ព្រះហើយ មិត្តរបស់អ្នកសួរថា តើបញ្ញត្តិមួយណាសំខាន់ជាងគេ ។

សូមពិនិត្យមើលបញ្ជីរបស់អ្នក ហើយគិតអំពីរបៀបដែលអ្នកអាចឆ្លើយតបនឹងសំណួររបស់គាត់ ។

កាលដែលព្រះយេស៊ូវកំពុងបង្រៀននៅក្នុងចំណោមប្រជាជន មានពួកផារិស៊ីជាច្រើនបានសួរទ្រង់ ដោយចង់ធ្វើឲ្យទ្រង់អាម៉ាស់មុខនៅចំពោះមុខប្រជាជន ។ សូមអាន ម៉ាថាយ ២២:៣៦–៤០ ដោយរកមើលសំណួរមួយដែលគេសួរព្រះអង្គសង្គ្រោះ និងរបៀបដែលទ្រង់បានឆ្លើយតប ។

  • តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះអំពីរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតប ?

ព្រះអង្គសង្គ្រោះបានពន្យល់ថា បទបញ្ញត្តិធំទីមួយគឺត្រូវឲ្យស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតរបស់យើង ។ បទបញ្ញត្តិធំទីពីរគឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនយើងដែរ ។ បទបញ្ញត្តិទាំងពីរនេះគឺមកពី ចោទិយកថា ៦:៥ និង លេវីវិន័យ ១៩:១៨ ។ « ក្រឹត្យវិន័យ » ដែលមានចែងនៅក្នុង ម៉ាថាយ ២២:៣៦ គឺជាច្បាប់របស់ម៉ូសេ ។

  • តើការស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតរបស់អ្នកមានន័យយ៉ាងណា ? ( ប្រសិនបើអ្នកចង់យល់កាន់តែច្បាស់ពីពាក្យទាំងនេះ សូមពិចារណារកមើលនិយមន័យរបស់វាដោយប្រើជំនួយក្នុងការសិក្សាដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយជាដើម ) ។

  • តើគំរូណាខ្លះចេញពីព្រះជន្មរបស់ព្រះគ្រីស្ទ ដែលបង្ហាញថា ទ្រង់បានស្រឡាញ់ព្រះអស់ពីព្រះទ័យដូចនេះ ?

  • តើអ្នកគិតថា ការស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង មានន័យដូចម្ដេច ?

  • តើការគោរពតាមបទបញ្ញត្តិធំទាំងពីរនេះអាចជួយយើងឲ្យក្លាយដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

សូមកត់ចំណាំថានៅក្នុង ម៉ាថាយ ២២:៤០ ព្រះយេស៊ូវបានបង្រៀនថា បទបញ្ញត្តិទាំងអស់របស់ព្រះត្រូវបានរៀបចំឡើងដើម្បីជួយមនុស្សឲ្យបង្ហាញសេចក្ដីស្រឡាញ់ដល់ព្រះ និងអ្នកជិតខាងរបស់ពួកគេ ។

  • តើការគោរពតាមបទបញ្ញត្តិធំទាំងពីរនឹងជួយយើងឲ្យគោរពតាមបញ្ញត្តិដទៃទៀតរបស់ព្រះយ៉ាងដូចម្ដេច ?

ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ពីរបៀបដែលសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ទាក់ទងនឹងសេចក្ដីស្រឡាញ់របស់យើងចំពោះអ្នកដទៃ ។

រូបភាព
Official portrait of President Russell M. Nelson taken January 2018

នៅពេលយើងស្រឡាញ់ ព្រះ ដោយអស់ពីដួងចិត្តរបស់យើង នោះទ្រង់បង្វែរដួងចិត្តរបស់យើងទៅរកសុខុមាលភាពរបស់ អ្នកដទៃ នៅក្នុងវដ្ដដ៏ស្រស់ស្អាត និងប្រកបដោយគុណធម៌មួយ ។

( រ័សុល អិម ណិលសុន « The Second Great Commandment » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៧ )

  • ហេតុអ្វីបានជាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអាចបង្វែរដួងចិត្តរបស់យើងទៅរកអ្នកដទៃបាន ?

  • តើអ្នកស្គាល់នរណាខ្លះ ដែលជាគំរូល្អនៃការរក្សាព្រះបញ្ញត្តិធំទាំងពីរ ?

  • តើពួកគេបង្ហាញសេចក្ដីស្រឡាញ់នេះតាមរបៀបណាខ្លះ ? តើអ្នកអាចធ្វើតាមគំរូរបស់ពួកគេក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃតាមរបៀបសាមញ្ញៗប្រចាំថ្ងៃយ៉ាងដូចម្ដេច ?

អ្នកគួរតែមើលវីដេអូ « Realizing What God Has Done, How Could I Not Help? | His Hands » ( ២:៥០ ) ដើម្បីមើលគំរូអំពីរបៀបដែលសេចក្តីស្រឡាញ់របស់ព្រះចំពោះយើង អាចបង្វែរដួងចិត្តរបស់យើងឲ្យទៅរកទ្រង់ និងអ្នកដទៃ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអ្វីដែលអ្នកដឹងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលជំរុញអ្នកឲ្យរក្សាបទបញ្ញត្តិធំទាំងពីរនេះ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការពិចារណាអំពីបទពិសោធន៍នានា ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ថាទ្រង់ទាំងទ្វេស្រឡាញ់អ្នក ។

សេចក្ដីស្រឡាញ់របស់ព្រះគួរតែជាអាទិភាពទីមួយរបស់យើង ។

ខណៈពេលដែលវាសំខាន់ក្នុងការគោរពតាមបទបញ្ញត្តិធំទាំងពីរនេះ ប្រធាន ដាល្លិន អេក អូក បានចែកចាយបម្រាមមួយ ៖

រូបភាព
Official Portrait of President Dallin H. Oaks taken March 2018.

ភាពខ្នះខ្នែងរបស់យើងក្នុងការរក្សាបទបញ្ញត្តិទីពីរនេះ មិនត្រូវធ្វើឲ្យយើងភ្លេចទីមួយឡើយ គឺត្រូវឲ្យស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតរបស់យើង ។ យើងបង្ហាញសេចក្ដីស្រឡាញ់នោះតាមរយៈ « [ ការ ] កាន់តាមបទបញ្ញត្តិ [ របស់ទ្រង់ ] » [ យ៉ូហាន ១៤:១៥ ] ។

( ដាល្លិន អេក អូក « Two Great Commandments » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៤ )

  • ហេតុអ្វីបានជាលំដាប់លំដោយនៃបទបញ្ញត្តិទាំងនេះមានសារៈសំខាន់ ?

  • តើបញ្ហាអ្វីអាចនឹងកើតឡើង បើយើងដាក់អាទិភាពលើការស្រឡាញ់អ្នកជិតខាងជាងការស្រឡាញ់ព្រះនោះ ?

  • តើមានស្ថានភាព ឬកាលៈទេសៈអ្វីខ្លះដែលអ្នកអាចប្រឈមមុខ ដែលអ្នកត្រូវប្រាកដថាបានដាក់ការស្រឡាញ់ព្រះជាអាទិភាពទីមួយនោះ ?

សូមពិចារណាមើលវីដេអូ « Spiritual Whirlwinds » ចាប់ពីលេខកូដម៉ោង ៧:៤០ ដល់ ៩:១៣ ដើម្បីមើលគំរូរបស់យុវនារីម្នាក់ ដែលដាក់អាទិភាពនៃសេចក្តីស្រឡាញ់របស់នាងចំពោះព្រះ ។ វីដេអូនេះអាចរកឃើញនៅលើគេហទំព័រ ChurchofJesusChrist.org ។

ធ្វើផែនការមួយ

សូមពិរចារណាពីឱកាសដែលអ្នកបានធ្វើតាមបទបញ្ញត្តិធំទាំងពីរនាពេលថ្មីៗនេះ ។ នៅលើមាត្រដ្ឋានពីមួយដល់ប្រាំ សូមវាយតម្លៃខ្លួនអ្នកថា តើអ្នកកំពុងគោរពតាមបទបញ្ញត្តិនីមួយៗនេះបានល្អប៉ុណ្ណា ដោយលេខមួយគឺ « ល្អណាស់ » និងលេខប្រាំគឺ « មិនល្អ » ។

១. សូមធ្វើកិច្ចការដូចខាងក្រោម ៖

សូមបង្កើតផែនការមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីគោរពតាមបទបញ្ញត្តិធំទាំងពីរនេះឲ្យបានកាន់តែពេញលេញ ។

  • សូមរាយបញ្ជីសកម្មភាពជាក់លាក់ដែលអ្នកអាចធ្វើបាន ដើម្បីរស់នៅឲ្យបានកាន់តែប្រសើរឡើងទៅតាមបទបញ្ញត្តិធំទាំងពីរនេះ ។ សូមស្តាប់តាមចំណាប់អារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធដោយប្រុងប្រយ័ត្ន ហើយជ្រើសរើសយកចំណាប់អារម្មណ៍មួយដើម្បីធ្វើតាម ។

  • សូមសរសេរពីរបៀបដែលអ្នកនឹងធ្វើតាមសកម្មភាពនោះ ។ សូមពិចារណាចែកចាយគម្រោងរបស់អ្នកជាមួយឪពុកម្តាយរបស់អ្នក ឬមិត្តភក្តិដែលទុកចិត្តម្នាក់ ហើយអញ្ជើញពួកគេឲ្យជួយអ្នក ។ សូមទទួលស្គាល់ថា ព្រះនឹងជួយអ្នកពេលដែលអ្នកធ្វើឲ្យអស់ពីសមត្ថភាព ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៧ ) ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើខ្ញុំអាចរៀនស្រលាញ់ខ្លួនឯងដោយរបៀបណា ?

នៅក្នុងសុន្ទរកថារបស់លោក « នេះគឺជាពេលវេលារបស់យើង ! » អែលឌើរ អេស ហ្គីហ្វត និលសិន នៃពួកចិតសិបនាក់ បានមានប្រសាសន៍អំពីសារៈសំខាន់នៃការស្រឡាញ់ខ្លួនយើង ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦៤–៦៧ ) ។ អ្នកអាចមើលវីដេអូនេះ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៧:៣៦ ដល់ ៩:៣២ បាន ។ អត្ថបទបន្ទាប់ក៏បង្រៀនពីរបៀបដែលយើងអាចរៀនស្រឡាញ់ខ្លួនយើងផងដែរ ៖ « How to Love Yourself Like God Loves You » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។

តើបទបញ្ញត្តិធំទាំងពីរអាចដំណើរការជាមួយគ្នាដោយរបៀបណា ? ( សូមមើលផងដែរ យ៉ូហាន ទី១ ៤:៧–១១, ២០–២១ )

អែលឌើរ ភីទើរ អិម ចនសិន នៃពួកចិតសិបនាក់បានបង្រៀន ៖

រូបភាព
Official portrait of Peter M. Johnson. Sustained April 6, 2019 as a General Authority Seventy.

សូមចាំថា បទបញ្ញត្តិដ៏ធំទីមួយគឺស្រឡាញ់ព្រះឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង [ សូមមើល ម៉ាថាយ ២២:៣៧–៣៨ ] ។ អ្វីៗដែលយើងធ្វើគួរត្រូវបានលើកទឹកចិត្តដោយសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ និងចំពោះព្រះរាជបុត្រារបស់ទ្រង់ ។ ពេលយើងអភិវឌ្ឍសេចក្ដីស្រឡាញ់របស់យើងចំពោះពួកទ្រង់ ដោយគោរពតាមបទបញ្ញត្តិរបស់ទ្រង់ នោះសមត្ថភាពរបស់យើងដើម្បីស្រឡាញ់ខ្លួនឯង និងមនុស្សដទៃនឹងកើនឡើង ។ យើងនឹងចាប់ផ្ដើមបម្រើគ្រួសារ មិត្តភក្តិ និងអ្នកជិតខាង ដោយសារយើងនឹងមើលឃើញពួកគេដូចជាព្រះអង្គសង្គ្រោះទតឃើញពួកគេ—ជាបុត្រា និងបុត្រីរបស់ព្រះ [ សូមមើល យ៉ូហាន ៣:១៦ ; យ៉ូហាន ទី១ ៤:១៩ ; ម៉ូសាយ ២:១៧ ] ។

( ភីទើរ អិម ចនសិន « Power to Overcome the Adversary » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១១ )

តើការគោរពតាមបទបញ្ញត្តិដើម្បីស្រឡាញ់ព្រះ និងអ្នកដទៃអាចមានឥទ្ធិពលដល់ជីវិតខ្ញុំយ៉ាងដូចម្ដេច ?

ប្រធាន អិម រ័សុល បាឡឺដ ដែលជាប្រធានស្តីទីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

រូបភាព
Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

ការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិទាំងពីរនោះផ្ដល់ជាមធ្យោបាយដើម្បីដកពិសោធន៍ភាពសុខសាន្ត និងអំណរកាន់តែច្រើន ។ នៅពេលយើងស្រឡាញ់ ហើយបម្រើព្រះអម្ចាស់ ព្រមទាំងស្រឡាញ់ ហើយបម្រើដល់អ្នកជិតខាង យើងនឹងទទួលអារម្មណ៍សុភមង្គលដ៏ច្រើនកើតមានចំពោះយើងដោយឯកឯង ។

( អិម រ័សុល បាឡឺដ « The True, Pure, and Simple Gospel of Jesus Christ » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២៩ )

ហេតុអ្វីបានជាសេចក្ដីស្រឡាញ់ត្រូវបានសង្កត់ធ្ងន់នៅក្នុងបទបញ្ញត្តិទាំងពីរនេះ ?

សូមមើលវីដេអូ « Love and Law » ( ៣:២១ ) ។ វីដេអូនេះអាចរកឃើញនៅលើគេហទំព័រ ChurchofJesusChrist.org ។

តើសេចក្ដីស្រឡាញ់របស់ព្រះមានឥទ្ធិពលយ៉ាងណាខ្លះមកលើយើង ដើម្បីគោរពតាមបទបញ្ញត្តិធំទាំងពីរ ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់ ៖

រូបភាព
Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

បទបញ្ញត្តិ ដ៏ធំបំផុតដំបូងគេនៃអស់ទាំងភាពអស់កល្បជានិច្ច គឺត្រូវស្រឡាញ់ព្រះឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង របស់យើង —នោះជាបទបញ្ញត្តិដ៏ធំបំផុតដំបូងគេ ។ ប៉ុន្តែ សេចក្ដីពិត ដ៏ធំបំផុតដំបូងគេនៃអស់ទាំងភាពអស់កល្បជានិច្ចនោះគឺថា ព្រះស្រឡាញ់ យើង ដោយអស់ពីព្រះទ័យ ព្រះពលំ ព្រះបញ្ញាញាណ និងព្រះចេស្ដា របស់ទ្រង់ ។ សេចក្ដីស្រឡាញ់នោះ គឺជាគោលការណ៍គ្រឹះនៃភាពអស់កល្បជានិច្ច ហើយវាគួរតែជាគោលការណ៍គ្រឹះនៃជីវិតប្រចាំថ្ងៃរបស់យើង ។ ប្រាកដណាស់ វាមានតែតាមរយៈការអះអាងដែលដុតឆេះនៅក្នុងព្រលឹងរបស់យើងប៉ុណ្ណោះ ទើបយើងអាចមានទំនុកចិត្តបន្ដព្យាយាមកែលម្អ ហើយបន្ដស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់យើង ហើយបន្ដលាតសន្ធឹងព្រះគុណនោះទៅដល់អ្នកជិតខាងយើង ។

( ជែហ្វ្រី អ័រ ហូឡិន «Tomorrow the Lord Will Do Wonders among » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២៧ )