ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១៤:១៣–២១; យ៉ូហាន ៦:៥–១៤


ម៉ាថាយ ១៤:១៣–២១; យ៉ូហាន ៦:៥–១៤

ព្រះយេស៊ូវប្រទានអាហារដល់មនុស្ស ៥០០០ នាក់

រូបភាព
Jesús bendice los panes y los peces para dar de comer a las personas que se congregaron para oír Sus enseñanzas.

បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទបានឮថា យ៉ូហាន-បាទីស្ទ ត្រូវបានគេកាត់ក្បាល នោះទ្រង់បានធ្វើដំណើរជាមួយពួកសាវករបស់ទ្រង់ទៅកាន់កន្លែងដែលស្ងាត់ដាច់ពីគេ ។ ហ្វូងមនុស្សបានដើរតាមពួកលោក និងទ្រង់ ។ ទោះបីជាទ្រង់កំពុងរងទុក្ខក៏ដោយ ក៏ព្រះអង្គសង្គ្រោះមានព្រះទ័យមេត្តាដល់ហ្វូងមនុស្ស ហើយបានបង្រៀន និងប្រទានអាហារដល់ប្រជាជន—បុរស និងស្ត្រីចំនួន ៥០០០ នាក់ដែរ ។ មេរៀននេះអាចជួយអ្នកឲ្យកាន់តែមានក្ដីមេត្តា និងមានសណ្តានចិត្តដូចជាព្រះយេស៊ូវគ្រីស្ទ ។ វាក៏អាចជួយអ្នកឲ្យមានទំនុកចិត្តកាន់តែច្រើនថា ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះការថ្វាយដង្វាយដ៏រាបទាបរបស់អ្នកនឹងបានគ្រប់គ្រាន់ហើយ ។

តើដំបូន្មានអ្វីខ្លះដែលអ្នកនឹងផ្ដល់ឲ្យ ?

សូមអានសាច់រឿងពីរខាងក្រោមនេះ ហើយសូមជ្រើសរើសយកសាច់រឿងមួយណា ដែលអ្នកចង់ផ្តោតទៅលើពេលកំពុងសិក្សាមេរៀននេះ ។ សូមគិតអំពីអ្វីដែលអ្នកអាចនិយាយដើម្បីជួយដល់ រ៉ូជើ ឬ ឃ្លែរ ។

  1. មិត្តភក្តិរបស់អ្នកឈ្មោះ រ៉ូជើ គាត់ស្និទ្ធស្នាលជាមួយនឹងបងប្អូនជីដូនមួយរបស់គាត់ណាស់ ហើយបងប្អូនជីដូនមួយរូបនេះបានទទួលមរណភាពនាថ្មីៗនេះដោយមិនបានរំពឹងទុក ។ រាល់ពេលដែលអ្នកព្យាយាមទៅសួរសុខទុក្ខ នោះ រ៉ូជើ បានប្រាប់អ្នកថា គាត់ចង់នៅម្នាក់ឯង ។ បន្ទាប់ពីអ្នកបានព្យាយាមជាច្រើនដង ទីបំផុតគាត់ក៏អនុញ្ញាតឲ្យអ្នកចូលក្នុងផ្ទះ ។ នៅពេលគាត់ចាប់ផ្តើមបើកចិត្ត គាត់និយាយថា « រឿងនេះពិតជាលំបាកណាស់សម្រាប់ខ្ញុំ ។ តើខ្ញុំអាចយកឈ្នះលើរឿងនេះបានដោយរបៀបណា ? »

  2. មិត្តភក្តិរបស់អ្នកឈ្មោះ ឃ្លែរ ទើបតែត្រូវបានហៅមកធ្វើជាប្រធានថ្នាក់យុវនារីរបស់នាង ។ នាងរវល់ខ្លាំងណាស់ ហើយនាងមានអារម្មណ៍ថាយុវនារីដទៃទៀតនៅក្នុងថ្នាក់របស់នាងមានភាពរួសរាយជាងនាង ហើយអាចធ្វើការងារនេះបានល្អជាងនាង ។ ឃ្លែរ ចែករំលែកកង្វល់របស់នាងជាមួយអ្នក ហើយនិយាយថា « ខ្ញុំមិនប្រាកដថា ខ្ញុំអាចធ្វើវាបាននោះទេ » ។

នៅពេញមួយមេរៀននេះ សូមស្វែងរកសេចក្ដីពិតដែលអាចជួយនរណាម្នាក់ ដែលមានអារម្មណ៍ដូចជា រ៉ូជើ ឬ ឃ្លែរ ។ អ្វីដែលសំខាន់បំផុតនោះ សូមអធិស្ឋានក្នុងចិត្តអ្នក ដើម្បីឲ្យព្រះវរបិតាសួគ៌បង្ហាញដល់អ្នកពីរបៀបដែលសេចក្តីពិតទាំងនេះអាចជួយដល់អ្នក និងមនុស្សដែលអ្នកស្រឡាញ់ ។ដំណើររឿងរបស់ព្រះយេស៊ូវប្រទានអាហារដល់មនុស្ស ៥០០០ នាក់ មានគោលការណ៍ជាច្រើន ដែលអាចជួយយើងក្នុងស្ថានភាពបែបនេះបាន ។ សូមសិក្សាផ្នែកដែលជាប់ទាក់ទងនឹងសាច់រឿងដែលអ្នកបានជ្រើសរើស ។ បន្ទាប់ពីអ្នកបានសិក្សារួចហើយ អ្នកនឹងអាចចែករំលែកពីអ្វីដែលអ្នកបានរៀន ។

សាច់រឿងទី ១ ៖ រ៉ូជើ—តើមានអ្វីអាចជួយខ្ញុំឲ្យឆ្លងកាត់គ្រាលំបាកបាន ? ( ម៉ាថាយ ១៤:១៣–២៣ )

នៅក្នុង ម៉ាថាយ ១៤:១–១២ យើងដឹងថាស្ដេចហេរ៉ូឌ បានកាត់ក្បាលយ៉ូហាន-បាទីស្ទ ។ សូមស្រមៃពីការរំជួលព្រះទ័យរបស់ព្រះយេស៊ូវ នៅពេលទ្រង់បានឮថាមិត្តភក្តិ និងបងប្អូនជីដូនមួយរបស់ទ្រង់ត្រូវបានគេសម្លាប់នោះ ។

សូមសិក្សាពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើនៅក្នុង ម៉ាថាយ ១៤:១៣–២៣ ដោយស្វែងរក និងគូសចំណាំភស្តុតាងនៃគោលការណ៍នេះ ៖ យើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទបាន ដោយបង្ហាញចិត្តក្តួលអាណិត និងការបម្រើអ្នកដទៃ ទោះបីយើងកំពុងជួបការលំបាកផ្ទាល់ខ្លួនក៏ដោយ ។សូមកត់ចំណាំថា « ទីរហោស្ថាន » ( ខទី ១៣ ) គឺជាកន្លែងដែលស្ងាត់ដាច់ស្រយាលពីគេ ហើយ « ស្បៀងអាហារ » ( ខទី ១៥ ) មានន័យថា « អាហារ » ។

  • តើអ្នករកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលគាំទ្រដល់គោលការណ៍នេះ ?

  • តើព្រះយេស៊ូវបានធ្វើអ្វីខ្លះ សូម្បីតែបន្ទាប់ពីដឹងថាយ៉ូហាន-បាទីស្ទត្រូវបានគេសម្លាប់នោះ ?

  • តើគំរូរបស់ព្រះអម្ចាស់អំពីការបម្រើដោយមិនគិតពីខ្លួនព្រះអង្គផ្ទាល់ ជួយនរណាម្នាក់ដែលកំពុងជួបការលំបាកយ៉ាងដូចម្តេច ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនពីរបៀបដែលយើងអាចអភិវឌ្ឍបុគ្គលិកលក្ខណៈដូចព្រះគ្រីស្ទ ៖

រូបភាព
Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

ឧទាហរណ៍ បុគ្គលិកលក្ខណៈនោះត្រូវបានបើកសម្តែងនៅក្នុងអំណាចដើម្បីញែកដឹងអំពីការរងទុក្ខរបស់មនុស្សដទៃ ពេលយើងខ្លួនឯងកំពុងរងទុក្ខ នៅក្នុងសមត្ថភាពដើម្បីដឹងអំពីភាពស្រេកឃ្លានរបស់មនុស្សដទៃ ពេលយើងស្រេកឃ្លាន និងនៅក្នុងអំណាចឈោងទៅជួយ និងផ្តល់ក្តីមេត្តាដល់ការឈឺចាប់ខាងវិញ្ញាណរបស់មនុស្សដទៃ ពេលយើងកំពុងឈឺចាប់ខាងវិញ្ញាណរបស់យើងផ្ទាល់ ។ ដូច្នេះបុគ្គលិកលក្ខណៈនេះត្រូវបានបង្ហាញឡើងតាមរយៈការមើល ការងាក និងការឈោងទៅជួយ នៅពេលការឆ្លើយតបតាមសភាវគតិរបស់មនុស្សខាងសាច់ឈាមដែលយើងម្នាក់ៗមាន គឺការធ្វើតាមចំណង់ចិត្តរបស់ខ្លួន ហើយមានចិត្តអាត្មានិយម និងគិតតែពីខ្លួនឯង ។ …

… ប្រាកដណាស់ ក្នុងជីវិតរមែងស្លាប់នេះយើងអាចធ្វើបាន យើងអាចព្យាយាមដោយក្តីសុចរិតដើម្បីទទួលបាននូវអំណោយទានខាងវិញ្ញាណ ដែលទាក់ទងនឹងសមត្ថភាព ដើម្បីឈោងទៅជួយ និងឆ្លើយតបយ៉ាងសមរម្យទៅកាន់មនុស្សដទៃដែលកំពុងជួបនូវឧបសគ្គ ឬទុក្ខវេទនា ដែលមានឥទ្ធិពលលើយើងភ្លាមៗ និងខ្លាំងក្លា ។

យើងពុំអាចទទួលបានសមត្ថភាពបែបនោះតាមរយៈអំណាចឆន្ទៈសុទ្ធសាធ ឬការប្តេជ្ញាចិត្តផ្ទាល់ខ្លួនយើងឡើយ ។ ផ្ទុយទៅវិញ យើងត្រូវការ និងពឹងផ្អែកទៅលើ « បុណ្យគុណ និងសេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះមែស៊ីដ៏បរិសុទ្ធ » ( នីហ្វៃទី២ ២:៨ ) ។

( ដេវីដ អេ បែដណា បានដកស្រង់សម្តី សារ៉ា ជេន វីវើរ « Elder Bednar Addresses ‘the Character of Christ’ during 2019 Mission Leadership Seminar » Church News ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៩ )

នៅពេលអ្នករៀបចំចែករំលែកអ្វីដែលអ្នកបានរៀន សូមសញ្ជឹងគិតអំពីបទពិសោធន៍ដែលអ្នកបានបម្រើដល់អ្នកដទៃ ។

  • ហេតុអ្វីអ្នកគិតថា ការបម្រើដូចជាព្រះគ្រីស្ទអាចជួយយើងក្នុងគ្រាដែលយើងជួបឧបសគ្គផ្ទាល់ខ្លួនដែរនោះ ?

សាច់រឿងទី ២ ៖ ឃ្លែរ—តើការខិតខំរបស់ខ្ញុំគ្រប់គ្រាន់ដើម្បីធ្វើអ្វី ដែលព្រះអម្ចាស់បានបង្គាប់ដល់ខ្ញុំដែរឬទេ ? ( យ៉ូហាន ៦:៥–១៤ )

នៅពេលដែលព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់បានឃើញហ្វូងមនុស្សកំពុងមកជិតនោះ ពួកសិស្សភ័យខ្លាចថា ពួកគេមិនមានអាហារគ្រប់គ្រាន់ដើម្បីឲ្យមនុស្សគ្រប់គ្នាបរិភោគ ។

សូមសិក្សាដំណើររឿងដែលព្រះយេស៊ូវបានប្រទានអាហារដល់មនុស្ស ៥០០០ នាក់នៅក្នុង យ៉ូហាន ៦:៥–១៤ ដោយស្វែងរក និងគូសចំណាំភស្តុតាងនៃគោលការណ៍នេះ ៖ នៅពេលយើងថ្វាយដល់ព្រះអង្គសង្គ្រោះនូវអ្វីៗទាំងអស់ដែលយើងមាន នោះទ្រង់អាចបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដង ដើម្បីសម្រេចនូវព្រះរាជបំណងរបស់ទ្រង់

  • តើអ្នករកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលគាំទ្រដល់គោលការណ៍នេះ ?

  • តើអ្នកគិតថា ពួកសិស្ស ឬក្មេងប្រុសរូបនោះមានអារម្មណ៍យ៉ាងណា ចំពោះអ្វីដែលពួកគេត្រូវផ្តល់ បើប្រៀបធៀបទៅនឹងអ្វីដែលត្រូវការនោះ ?

សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ ទីប្រឹក្សាទីមួយក្នុងគណៈប្រធានយុវនារីទូទៅ ៖

រូបភាព
Sister Michelle D. Craig, first counselor, Young Women general presidency. Official Portrait as of October 2018.

តើបងប្អូនធ្លាប់មានអារម្មណ៍ថា ទេពកោសល្យ និងអំណោយទានរបស់បងប្អូននៅស្តួចស្តើងណាស់សម្រាប់កិច្ចការនៅពេលខាងមុខដែរឬទេ ? ខ្ញុំធ្លាប់មានអារម្មណ៍បែបនោះ ។ ប៉ុន្តែបងប្អូន និងខ្ញុំអាចថ្វាយអ្វីដែលយើងមានជូនព្រះគ្រីស្ទ ហើយទ្រង់នឹងបង្កើនការខិតខំរបស់យើងទ្វេដង ។ អ្វីដែលបងប្អូនមានគឺលើសពីគ្រប់គ្រាន់ទៅទៀត—សូម្បីតែជាមួយគុណវិបត្តិ និងភាពទន់ខ្សោយជាមនុស្សរបស់បងប្អូនក្ដី—ប្រសិនបើ បងប្អូនពឹងផ្អែកលើព្រះគុណនៃព្រះនោះ ។

( មីឈែល ឌី ក្រេហ្គ « Divine Discontent » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥៤ )

  • តើវិធីខុសៗគ្នាអ្វីខ្លះដែលយើងអាច « ថ្វាយនូវអ្វីដែលយើងមានដល់ព្រះគ្រីស្ទ ? »

  • តើអ្នកបានរៀនអ្វីខ្លះ ចេញពីដំណើររឿងរបស់ព្រះយេស៊ូវដែលប្រទានអាហារដល់មនុស្ស ៥០០០ នាក់នេះ ដែលអាចជួយដល់នរណាម្នាក់ដែលមានការព្រួយបារម្ភថា អ្វីៗដែលពួកគេអាចផ្តល់ឲ្យ នឹងមិនគ្រប់គ្រាន់ឡើយ ?

នៅពេលអ្នករៀបចំចែករំលែកអ្វីដែលអ្នកបានរៀន សូមគិតពីឧទាហរណ៍ពីជីវិតរបស់អ្នក ឬពីជីវិតរបស់អ្នកដទៃ នៅពេលអ្នកបានឃើញព្រះអង្គសង្រ្គោះបង្កើនការខិតខំរបស់នរណាម្នាក់ទ្វេដង ដើម្បីសម្រេចកិច្ចការរបស់ទ្រង់នោះ ។សូមគិតអំពីរបៀបដែលអ្នកអាចប្រើឧទាហរណ៍នៃការប្រទានអាហារដល់មនុស្ស ៥០០០ នាក់របស់ព្រះយេស៊ូវ ដើម្បីជួយមិត្តភក្តិរបស់អ្នក ជាមួយនឹងឧបសគ្គនៅក្នុងសាច់រឿងដែលអ្នកបានជ្រើសរើសនេះ ។

១ . នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរសំបុត្រទៅកាន់មិត្តភក្តិរបស់អ្នក ( រ៉ូជើ ឬ ឃ្លែរ ) ដែលរួមមានផ្នែកដូចខាងក្រោមនេះ ៖

  • សូមចែករំលែកនូវអ្វីដែលអ្នកចង់ឲ្យពួកគេដឹង និងទទួលអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ ។

  • សូមពន្យល់ពីអ្វីដែលពួកគេអាចធ្វើដើម្បីធ្វើតាមគំរូរបស់ព្រះអម្ចាស់ និងអាចទទួលបានព្រះចេស្តារបស់ទ្រង់ ។

  • សូមរួមបញ្ចូលយ៉ាងហោចណាស់ឃ្លាមួយ មកពីបទគម្ពីរ ឬសម្រង់សម្ដីដែលអ្នកបានសិក្សា ។

  • សូមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ឬទីបន្ទាល់ដើម្បីគាំទ្រនូវអ្វីដែលអ្នកកំពុងបង្រៀន ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើព្រះយេស៊ូវប្រទានអាហារដល់មនុស្សបានប៉ុន្មាននាក់ ?

អត្ថបទជាភាសាក្រិកនៃ ម៉ាកុស ៦:៤៤ បានប្រាប់យ៉ាងច្បាស់នូវឃ្លាថា « ប្រុសៗ៥ ពាន់នាក់ » មានន័យថាជា បុរសពេញវ័យចំនួនប្រាំពាន់នាក់ ។ ម៉ាថាយ ១៤:២១ ធ្វើឲ្យរឿងនេះមិនអាចបំភ្លេចបានដោយបន្ថែមប្រយោគនេះ « ឥតរាប់ពួកស្រីៗ និងកូនក្មេងទេ » ។

( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ ឆ្នាំ ២០១៤ ] ទំព័រ ១១៥ )

នៅគ្រាមួយផ្សេងទៀត ព្រះយេស៊ូវបានប្រទានអាហារដល់បុរស ៤០០០ នាក់រួមទាំងស្ត្រី និងកុមារផងដែរ ។ ( សូមមើល ម៉ាថាយ ១៥:៣២–៣៨ ; ម៉ាកុស ៨:១–៩ ) ។

តើការជួយអ្នកដទៃពង្រឹងខ្ញុំយ៉ាងដូចម្តេច ?

ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានមានប្រសាសន៍ ៖

រូបភាព
Official Portrait of President Henry B. Eyring taken March 2018.

យើងត្រូវសម្គាល់មើលទុក្ខព្រួយរបស់មនុស្សដទៃ ហើយព្យាយាមជួយ ។ ការធ្វើបែបនោះលំបាកខ្លាំងណាស់ ពេលយើងជួបនឹងការសាកល្បងខ្លួនយើងខ្លាំងដែរ ។ ប៉ុន្ដែយើងនឹងឃើញថា ពេលយើងសម្រាលបន្ទុកមួយទៀត ទោះជាបន្ដិចក្ដី ក៏ខ្នងរបស់យើងត្រូវបានពង្រឹង ហើយយើងឃើញពន្លឺនៅក្នុងភាពងងឹតដែរ ។

( ហិនរី ប៊ី អាវរិង « Tested, Proved, and Polished » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៨ )

តើព្រះយេស៊ូវពិតជាអាចបង្កើនការខិតខំរបស់ខ្ញុំបានទ្វេដងមែនឬ ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

សូមកុំបារម្ភថា ព្រះគ្រីស្ទនឹងអស់លទ្ធភាពដើម្បីជួយអ្នកនោះឡើយ ។ ព្រះគុណរបស់ទ្រង់គឺមានល្មមគ្រប់គ្រាន់ហើយ ។ នោះគឺជាមេរៀនខាងវិញ្ញាណ និងដ៏នៅអស់កល្បជានិច្ចមួយអំពីការប្រទានអាហារដល់មនុស្ស ៥០០០ នាក់ ។

( ជែហ្វ្រី អ័រ ហូឡិន Trusting Jesus [ ឆ្នាំ ២០០៣ ] ទំព័រ ៧៣ )