ថ្នាក់​សិក្ខាសាលា
ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ៣


ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ៣

ការស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

រូបភាព
យុវជន​ម្នាក់​កំពុង​មើល​កុំព្យូទ័រ

គោលបំណង​មួយ​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​អ្នកឲ្យ​រៀន និង​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ មេរៀន​នេះ​អាច​ជួយ​អ្នកឲ្យ​យល់ពី​សារៈសំខាន់​នៃ​ការស្វែងរក​សេចក្តីពិត តាមរយៈ​ប្រភព​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​មក​ដោយ​សេចក្តី​ស្រឡាញ់ ។

តើ​អ្នក​ស្វែងរក​ចម្លើយ​នៅ​ឯណា ?

ក្នុង​រយៈពេល​មួយ​នាទី សូម​ព្យាយាម​ស្វែងរក​ព័ត៌មាន​ដូច​ខាងក្រោម​នេះ ។

  • អាកាសធាតុ​សម្រាប់​ចុង​សប្តាហ៍​ខាង​មុខ​នេះ

  • ឈ្មោះ​រាជធានី​នៃ​កោះ​ហ្រ្គីនលេន

  • រូបមន្ត​សម្រាប់​ម្ហូប​ប៉ាស្តា ឬ​ម្ហូប​ជាបាយ

សូម​ពិចារណា​សំណួរ​ខាងក្រោម ។

  • តើ​អ្នក​បាន​ប្រើ ( ឬ​ជាធម្មតា តើ​អ្នក​នឹង​ប្រើ ) ប្រភព​អ្វី​ដើម្បី​ស្វែងរក​ព័ត៌មាន ?

  • ហេតុអ្វី​បានជា​អ្នក​ទុកចិត្ត​លើ​ប្រភព​ទាំងនេះ សម្រាប់​ព័ត៌មាន​អំពី​សំណួរ​ប្រភេទ​នេះ ?

តើ​យើង​អាច​រក​ចម្លើយ​ពីព្រះ​នៅឯណា ?

  • តើ​អ្នក​នឹង​ណែនាំ​ឲ្យមនុស្ស​ទៅ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​សំខាន់ៗ​អំពី​ព្រះ សាសនាចក្រ ឬ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​នៅ​កន្លែង​ណា ?

សូម​គិតអំពី​សំណួរ​ណាមួយ ដែល​អ្នក​មាន​អំពី​ព្រះ សាសនាចក្រ ឬ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ការណ៍​នេះ​អាច​រាប់បញ្ចូល​ទាំង​ព័ត៌មាន ដែល​អ្នក​បាន​អាន ឬ​បានឮ​ដែល​អ្នក​ងឿងឆ្ងល់ ឬ​គិត​ថា​ច្របូក​ច្របល់ ។ សូម​ស្វែងរក​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យដឹកនាំ​អ្នក នៅក្នុង​ការរៀនសូត្រ​អំពី​គោលការណ៍​នានា​នៅក្នុង​មេរៀន​នេះ ដែល​អាច​ជួយ​អ្នក​បាន ។

សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម ដោយ​រកមើល​របៀប​ដែល​ប្រភព​នៃ​សេចក្តីពិត ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​អត្ថបទ​ទាំងនេះ អាច​ប្រទានពរ​ដល់​យើង​បាន ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ប្រភព​នៃ​សេចក្ដីពិត​អ្វីខ្លះ ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ ? ហេតុអ្វី​យើង​អាច​ជឿជាក់​ទាំងស្រុង​លើ​ប្រភព​ទាំងនេះ​បាន ?

  • តើ​មនុស្ស​ជាច្រើន​អាច​ស្វែងរក​ព័ត៌មាន​អំពី​សំណួរ​ខាង​វិញ្ញាណ​នៅ​កន្លែង​ណា ជា​កន្លែង​ដែល​អ្នក​នឹង​ហាមប្រាម​ពួកគេ​មិនឲ្យ​ទៅរក​នោះ ? ហេតុអ្វី​ទៅ ?

ចុះ​បើ​ខ្ញុំ​មិន​ប្រាកដ​ថា ប្រភព​ព័ត៌មាន​មួយ​គួរឲ្យ​ទុកចិត្ត​បាន​ដែរ​ឬអត់​នោះ ?

វិធី​សាមញ្ញ​បំផុត​មួយ​ក្នុង​ការស្វែងរក​ព័ត៌មាន​នៅ​សព្វថ្ងៃនេះ គឺ​តាមរយៈ​ការប្រើប្រាស់​អ៊ីនធឺណិត ។ តាមរយៈ​អ៊ីនធឺណិត យើង​អាច​ទទួលបាន​ប្រភព​ព័ត៌មាន​ល្អៗ​ជាច្រើន ។ ទន្ទឹម​នឹងនេះ អ៊ីនធឺណិត​ក៏បង្ហាញ​ដល់យើង​នូវ​ប្រភព​ព័ត៌មាន ដែល​មិន​អាច​ទុកចិត្ត​បាន និង​មិន​ពិត​ផងដែរ ។ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ព្រមាន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

ព័ត៌មាន​លើ​អ៊ីនធឺណិត​ពុំ​បាន​ចម្រាញ់​ភាពមិន « ពិត » ចេញ​ទេ ។ ទោះ​ជា​វា​ទាក់ទាញ​គួរឲ្យ​ជឿ​ប៉ុណ្ណា​ក៏ដោយ ព័ត៌មាន​មួយ​ចំនួន​ជា​ធម្មតា​គឺ​មិន​ពិត​ទេ ។

( នែល អិល អាន់ឌើរសិន « Joseph Smith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៩ )

សូមអាន កថាខណ្ឌទី ១២ នៅ​ក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៅ​ក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូសចំណាំ​ហេតុផល​ដែល​វាមាន​គ្រោះថ្នាក់ ក្នុង​ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​វិញ្ញាណ​ចេញពី​ប្រភព​ដែល​មិន​ស្គាល់ ឬ​មិន​គួរឲ្យ​ទុកចិត្ត​នោះ ។

នៅពេល​អ្នក​ជួបប្រទះ​ព័ត៌មាន​ថ្មី​អំពី​ព្រះ សាសនាចក្រ ឬ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ នោះ​វាមាន​គុណប្រយោជន៍​ក្នុង​ការសួរ​ខ្លួនឯង​នូវ​សំណួរ​ដូច​ខាងក្រោម អំពី​ប្រភព​នៃ​ព័ត៌មាន​នោះ ។ នៅពេល​អ្នក​អាន​សំណួរ​ទាំងនេះ សូម​រកមើល​សំណួរ​ដែល​អ្នក​គិត​ថា​មានគុណ​ប្រយោជន៍​បំផុត នៅពេល​សម្រេច​ចិត្ត​ថា តើ​ប្រភព​មួយ​គួរឲ្យ​ទុកចិត្ត​បាន​ឬអត់​នោះ ។ ( អ្នក​ក៏អាច​សិក្សា​សេចក្ដីយោង​បទគម្ពីរ​នីមួយៗ ដែល​អម​មក​ជាមួយ​ផងដែរ ) ។

សំណួរ​មួយ​ចំនួន​ដើម្បី​វាយតម្លៃ​ព័ត៌មាន​ថ្មី

  • តើ​ខ្ញុំមាន​អារម្មណ៍​អ្វី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ខ្ញុំ​បាន​អាន ឬ​បានឮ​ព័ត៌មាន​នេះ ? ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០:២៣–២៤ ) ។

  • តើ​ព័ត៌មាន​នេះ​នាំខ្ញុំ​ឲ្យចូល​ទៅជិត​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​ដែរ​ឬទេ ? ( សូមមើល មរ៉ូណៃ ៧:១៥–១៧ ) ។

  • តើ​ព័ត៌មាន​នេះ​លើក​ទឹកចិត្ត​ខ្ញុំឲ្យ​កាន់​តាម​បទបញ្ញត្តិ​របស់​ព្រះ​ដែរ​ឬទេ ?

  • តើ​វា​ត្រូវគ្នា​នឹង​អ្វី​ដែល​ព្រះគម្ពីរ និង​ព្យាការី​សម័យ​ទំនើប​បង្រៀន​ដែរ​ឬទេ ? ( សូមមើល ធីម៉ូថេ ទី២ ៣:១៥–១៧; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣៨ ) ។

  • តើ​វា​បញ្ជាក់​ពីអ្វី​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​រួច​មក​ហើយ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​ខ្ញុំ​ថាជា​ការពិត ឬ​វា​លើក​ទឹកចិត្ត​ខ្ញុំឲ្យ​សង្ស័យពី​សេចក្តីពិត​នៃ​ដំណឹងល្អ ? ( សូមមើល មរ៉ូណៃ ១០:៥ ) ។

  • តើ​ព័ត៌មាន​នេះ​ចេញ​មកពី​ប្រភព​ដែល​ព្រះអង្គ​សង្គ្រោះ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ចាត់​ទុក​ថា​គួរឲ្យ​ទុកចិត្ត​បាន​ឬ ?

  • តើ​ឪពុក​ម្តាយ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​ខ្ញុំ​នឹង​និយាយ​អ្វី​អំពី​ព័ត៌មាន​នេះ ? ( ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ចង់​លាក់បាំង​រឿងនេះ​ពី​ពួកគាត់ តើ​វា​ប្រាប់​ខ្ញុំ​អ្វីខ្លះ​អំពី​ប្រភព​នេះ ? )

  • តើ​សំណួរ​ទាំងនេះ​មួយណា ដែល​អ្នក​គិត​ថា​មាន​គុណប្រយោជន៍​បំផុត​សម្រាប់​អ្នក ? ហេតុអ្វី​ទៅ ?

  • តើ​មាន​សំណួរ​អ្វី​ផ្សេងទៀត ដែល​អ្នក​គិត​ថា នរណាម្នាក់​គួរតែ​សួរ​អំពី​ព័ត៌មាន​ដែល​ពួកគេ​ជួបប្រទះ​នោះ ?

សូម​ជ្រើសរើស​ព័ត៌មាន​មួយ​ដែល​អ្នក​បានឮ ឬ​សំណួរ​មួយ​ដែល​អ្នក​មាន​អំពី​ព្រះ សាសនាចក្រ ឬ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ បន្ទាប់មក សូម​ចំណាយ​ពេល​ពីរបី​នាទី ដើម្បី​អនុវត្ត​ស្វែងរក​ចម្លើយ​ដោយ​ប្រើ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព ។ ក្នុង​ចំណោម​ចំណុច​ផ្សេងទៀត អ្នក​អាច​ពិចារណា

  • អធិស្ឋាន

  • ស្រាវជ្រាវ​បទគម្ពីរ​ដោយ​ប្រើ​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

  • ស្រាវជ្រាវ​សុន្ទរកថា​សន្និសីទ​ទូទៅ Gospel Topics នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ

  • អាន​ផ្នែក​ដែល​ពាក់ព័ន្ធ​នៅក្នុង​ឯកសារ​សាសនាចក្រ​ដូចជា ដើម្បី​កម្លាំង​នៃ​យុវជន ( កូនសៀវភៅ​ឆ្នាំ ២០១១ ) ឬ Gospel Topics, topics.ChurchofJesusChrist.org;

  • ទាក់ទង​នរណាម្នាក់​ដែល​អ្នក​ស្គាល់ និង​ទុកចិត្ត ដូចជា​ឪពុក​ម្តាយ ប៊ីស្សព អ្នកដឹកនាំ​យុវវ័យ​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក ឬ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងរក​ចម្លើយ ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​នៅក្នុង​មេរៀន​នេះ ដែល​នឹង​ជួយ​អ្នក​បាន នៅពេល​អ្នក​ជួបនឹង​ព័ត៌មាន​ថ្មី​អំពី​ព្រះ ឬ​សាសនាចក្រ​នោះ ?

  • ហេតុអ្វី​អ្នក​គិត​ថា ប្រភព​ដែល​អ្នក​ងាក​ទៅរក​ចម្លើយ និង​ព័ត៌មាន​នោះ សំខាន់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​ខ្ញុំ​គួរតែ​ធ្វើ​ដូចម្តេច ប្រសិនបើ​ខ្ញុំ​មិន​អាច​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព​ទេ​នោះ ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

ពុំមែន​គ្រប់​ចម្លើយ​ទាំងអស់​នឹង​បាន​ទទួល​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​ស្ទើរតែ​គ្រប់​សំណួរ​ទាំងអស់​អាច​ត្រូវបាន​ទទួល​ចម្លើយ​តាមរយៈ​ការសិក្សា និង​ការស្វះស្វែង​រក​ចម្លើយ​ពី​ព្រះ ។ …

សេចក្តី​ជំនឿ​ពុំ​ទាមទារ​នូវ​ចម្លើយ​ចំពោះ​គ្រប់​សំណួរ​នោះ​ទេ ប៉ុន្តែ​វា​ស្វែងរក​ការបញ្ជាក់ និង​ការលើក​ទឹកចិត្ត​ឲ្យ​ឈាន​ឆ្ពោះ​ទៅមុខ ទោះបី​ជា​ពេល​ខ្លះ​យើង​អាច​ទទួល​ស្គាល់​ថា « ខ្ញុំ​ពុំ​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​គ្រប់គ្រាន់ ដើម្បី​បន្ត​ដើរ​នៅលើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស » ។

ការបន្ត​ជ្រមុជ​ខ្លួន​ឯង​នៅ​ក្នុង​មន្ទិល​សង្ស័យ​ឥត​ឈប់ឈរ នឹង​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​មនុស្ស​ម្នាក់​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការស្តារ​ឡើង​វិញ​ទន់​ខ្សោយ ដោយសារ​ចម្លើយ​មក​ពី​មនុស្ស​ដែល​មាន​ជំនឿ​តិច និង​មនុស្ស​ដែល​គ្មាន​ជំនឿ ។

( នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៦ )

ហេតុអ្វី​ខ្ញុំគួរ​ប្រុងប្រយ័ត្ន​ក្នុង​ការស្វែងរក​ចម្លើយ​អំពី​សាសនាចក្រ ពីអ្នក​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ ?

អែលឌើរ នែល អេ ម៉ាកស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ថ្លែង ៖

រូបភាព
អែលឌើរ នែល អេ ម៉ាកស្វែល

មនុស្ស​មួយ​ចំនួន​ទទូច​ចង់​សិក្សា​អំពី​សាសនាចក្រ ប៉ុន្ដែ​តែ​តាមរយៈ​ក្រសែភ្នែក​នៃ​អ្នក​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ​នេះ​តែ​ប៉ុណ្ណោះ—គឺ​ដូចជា​ការសម្ភាស​ពួកសាសន៍​យូដា​ឲ្យយល់ពី​ព្រះយេស៊ូវ​គ្រីស្ទ​អញ្ចឹង​ដែរ ។ អ្នក​ចុះចូល​តែងតែ​ប្រាប់​យើង​អំពី​ខ្លួន​ពួកគេ ច្រើន​ជាង​អ្វី​ដែល​ពួកគេ​បាន​ចាកចោល ។

( នែល អេ ម៉ាកស្វែល « All Hell Is Moved » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ] ទំព័រ ៣ នៅលើ​គេហទំព័រ speeches.byu.edu)

តើ​ប្រភព​ព័ត៌មាន​ដែល​ខ្ញុំ​ជ្រើសរើស អាច​ប៉ះពាល់​ដល់ខ្ញុំ​ខាង​វិញ្ញាណ​យ៉ាង​ដូចម្តេច ?

សូម​មើល​វីដេអូ « Divinely Appointed Sources » ( ៩:១៦ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​រកមើល​ពី​របៀប​ដែល​យុវវ័យ​នៅក្នុង​វីដេអូ​នេះ ទទួល​ឥទ្ធិពល​ពី​នរណា​ដែល​ពួកគេ​បាន​ជ្រើសរើស​ស្តាប់ និង​កន្លែង​ដែល​ពួកគេ​បាន​ជ្រើសរើស​ទៅ​ស្វែងរក​ចម្លើយ ។

វីដេអូ « In Search of Truth » ( ៣:០៣ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ក៏អាច​មាន​អត្ថប្រយោជន៍​ផងដែរ ។