បណ្ណាល័យ
កម្មវិធី​ភាព​ខ្លួន​ទី​ពឹង​ខ្លួន


កម្មវិធី​ភាព​ខ្លួន​ទី​ពឹង​ខ្លួន

គោលលទ្ធិ និង គោលការណ៍​នៃ​ភាពខ្លួនទីពឹងខ្លួន

ភាពខ្លួនទីពឹងខ្លួន​ត្រូវបាន​ផ្ដល់​និយមន័យ​ថា​ជា « លទ្ធភាព ការតាំងចិត្ត និង កិច្ចខិតខំ​ដើម្បី​ផ្ដល់​សេចក្ដីត្រូវការ​ចាំបាច់​​នៃ​ជីវិត​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម​សម្រាប់​ខ្លួន និង ក្រុមគ្រួសារ ។ ក្នុង​នាម​ជា​សមាជិក​ដែល​ក្លាយកាន់តែជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន ពួកគេ​មាន​លទ្ធភាព​កាន់តែ​ល្អប្រសើរ​ផងដែរ​ក្នុងការ​បម្រើ និង​មែលថែ​ដល់​អ្នកដទៃ » (ក្បួនខ្នាត ភាគ   ២ ៦.១.១) ។ សេចក្ដីបង្រៀន​សំខាន់ៗ​ចំនួន​បី ដែល​អាច​ជួយ​យើងឲ្យ​យល់​អំពី​របៀប​ដឹកនាំ​ជីវិត​ដែល​មាន​ភាពខ្លួនទីពឹងខ្លួន​មាន​ដូចជា ៖

ទី​មួយ ភាពខ្លួន​ទីពឹង​ខ្លួន​គឺ​ជា​ព្រះបញ្ញត្តិ​ដ៏​ចាំបាច់​មួយ​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។ ប្រធាន ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា « សាសនាចក្រ និង​សមាជិក​ទាំងឡាយ​ត្រូវ​បាន​បញ្ជា​ដោយ​ព្រះអម្ចាស់​ឲ្យ​ធ្វើ​ជា​មនុស្ស​មាន​ភាពខ្លួន​ទីពឹង​ខ្លួន និង​មាន​ភាពឯករាជ្យ ។ ( សូមមើល គ. និង ស. ៧៨:១៣–១៤) ។ ការទទួលខុសត្រូវ​ដល់​សុខុមាលភាព​របស់​បុគ្គល​ម្នាក់ៗខាង​សង្គម ខាងផ្នែក​ស្មារតី ខាង​វិញ្ញាណ ខាង​សាច់ឈាម ឬ​ខាង​សេដ្ឋកិច្ច​ ទីមួយ​គឺជា​ទំនួល​ខុសត្រូវ​របស់​បុគ្គល​នោះ​ផ្ទាល់ ទីពីរ​គឺ​ស្ថិត​លើ​គ្រួសារ​គាត់ និង​ទីបី​ស្ថិត​នៅលើ​សាសនាចក្រ ប្រសិនបើ​គាត់​ជា​សមាជិក​ស្មោះត្រង់​នឹង​សាសនាចក្រ » (Teachings of Presidents of the Church: Spencer  W. Kimball ឆ្នាំ [ ២០០៦ ]  ទំព័រ ១១៦) ។

ទី​ពីរព្រះ​ទ្រង់​អាច ហើយ​នឹង​ប្រទាន​មាគ៌ា​មួយ​ដើម្បី​ឲ្យ​បុត្រាបុត្រី​ដ៏​សុចរិត​របស់​ទ្រង់​ប្រែក្លាយ​ជា​មនុស្ស​មាន​ភាពខ្លួនទីពឹងខ្លួន ។ « ហើយ​នេះ​ជា​គោលបំណង​របស់​យើង​ដើម្បី​ផ្គត់ផ្គង់​ដល់​ពួកបរិសុទ្ធ​របស់​យើង ដ្បិត​គ្រប់​ទាំងអស់​សុទ្ធ​តែជា​របស់​ផង​យើង » (គ. និង ស. ១០៤:១៥) ។

ទី​បីគ្រប់​រឿង​ទាំងអស់ រួមទាំង​កង្វល់​ខាង​សាច់​ឈាម​ផង​គឺ​សុទ្ធ​តែ​ជា​កិច្ចការ​ខាង​វិញ្ញាណ​ចំពោះ​ព្រះ ( សូម​មើល គ និង ស. ២៩:៣៤) ។ នៅ​ពេល​យើង​តាំងចិត្ត​រស់នៅ​តាម​ដំណឹងល្អ​ឲ្យ​បាន​កាន់តែ​ពេញលេញ នោះ​យើង​នឹង​កាន់តែ​ក្លាយ​ជា​មនុស្ស​មាន​ភាពខ្លួនទីពឹងខ្លួន​ទាំង​ខាង​សាច់​ឈាម និង ខាង​វិញ្ញាណ ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន​ ៖ « ព្រះបញ្ញត្តិ​សំខាន់ៗ​ចំនួន​ពីរ—ត្រូវ​ស្រឡាញ់​ព្រះ និង អ្នកជិតខាង—គឺ​ជា​ការរួមចំណែក​ខាង​សាច់​ឈាម និង ខាង​វិញ្ញាណ ។ … គឺ​ដូច​ផ្នែក​សង្ខាង​នៃ​កាក់​អញ្ចឹង​ដែរ ខាង​សាច់​ឈាម និង ខាង​វិញ្ញាណ​មិន​អាច​បំបែក​ចេញ​ពី​គ្នា​បាន​ទេ » ( ឌៀថើរ  អេហ្វ អុជដូហ្វ « Providing in the Lord’s Way» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៥៣ ) ។

គោលការណ៍​មួយ​ចំនួន​នៃ​ដំណឹងល្អ ដែល​អាច​ជួយ​យើង​ឲ្យ​កាន់តែ​ក្លាយ​ជា​មនុស្ស​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​រួមមាន ការពង្រឹង​សេចក្ដីជំនឿ​លើ​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ការគោរពប្រតិបត្តិ​កាន់​តែ​ខ្លាំង ការប្រែចិត្ត​ពី​កំហុស​របស់​យើង ការប្រើ​ប្រាស់​សិទ្ធិជ្រើសរើស​របស់​យើង​​ដោយ​សុចរិត និង​ការបម្រើ​ដល់​មនុស្សដទៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​សិក្សា​ក្នុង​សៀវភៅ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​សម្រាប់​ភាពខ្លួនទីពឹងខ្លួន

រូបភាព
ប្រធាន ថូម៉ាស  អេស ម៉នសុន

« ភាពខ្លួនទីពឹង​ខ្លួន​គឺជា​ផ្លែផ្កា​មួយ​នៃ​ការងារ​របស់​យើង ហើយ​វា​ទ្រទ្រង់​កិច្ចការ​សុខុមាលភាព​ផ្សេងៗ​ទៀត​ទាំងអស់ ។… ‹ ចូរ​យើង​ធ្វើការ​សម្រាប់​អ្វី​ដែល​យើង​ត្រូវការ ។ ចូរ​យើង​ធ្វើ​ជា​មនុស្ស​ដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន និង​មាន​ភាពឯករាជ្យ ។ សេចក្ដីសង្គ្រោះ​មិន​អាច​ទទួល​បាន​តាមរយៈ​គោលការណ៍​ណា​ផ្សេង​ទៀត​ឡើយ › » ។

ថូម៉ាស  អេស ម៉នសុន ( ដកស្រង់​ប្រសាសន៍​របស់ ម៉ារ៉ុន  ជី រ៉មនី ) «Guiding Principles of Personal and Family Welfare» Ensign ខែ កញ្ញា ឆ្នាំ ១៩៨៦ ទំព័រ ៣

កិច្ចការ​ភាពខ្លួនទីពឹងខ្លួន​គឺ​ត្រូវបាន​ដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​បព្វជិតភាព

ស្តេក​នៃ​ស៊ីយ៉ូន​គឺ​ជា​ទីកន្លែង​សុវត្ថិភាព ដែល​ការពារ​មនុស្ស​ទាំងអស់​ដែល​ចូល​មក ។ ស្តេក​មាន​គោលបំណង​ដើម្បី​ធ្វើ​ជា « ទី​ការពារ និង … ទី​ជ្រក​កោន​ពី​ព្យុះសង្ឃរា និង​ពី​សេចក្ដី​ក្រោធ​ដែល​ឥត​លាយ​ក្នុង​កាល​បាន​ចាក់​ … លើ​ផែនដី​ទាំង​មូល » ( គ. និង ស. ១១៥:៦) ។ ស្តេក​គឺ​ជា​ទីកន្លែង​ប្រមូលផ្ដុំ ​ដែល​សមាជិក​សាសនាចក្រ​អាច​បម្រើ ហើយ​ពង្រឹង​គ្នា​ទៅវិញ​ទៅ​មក មាន​ភាពសាមគ្គី និង ជា​ទីកន្លែងដែល​ទទួល​បាន​ពិធីបរិសុទ្ធ​បព្វជិតភាព និង ការណែនាំ​ខាង​ដំណឹងល្អ (ក្បួន​ខ្នាត​ភាគ  ១ សេចក្តីផ្តើម ) ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ថ្នាក់ដឹកនាំ​បព្វជិតភាព​ថា « យើង​បាន​ប្រទាន​ដល់​អ្នក … កូន​សោ​ទាំងឡាយ … សម្រាប់​កិច្ចការ​ខាង​ការងារ​បម្រើ និង​ការ​ធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​បាន​ល្អ​ឥត​ខ្ចោះ » ( គ. និង ស. ១២៤:១៤៣ ) ។ ប្រធាន ឌៀថើរ  អេហ្វ អុជដូហ្វ បាន​បង្រៀន​ថា « វិធីសាស្ត្រ​នៃ​ភាពខ្លួនទីពឹងខ្លួន​របស់​ព្រះអម្ចាស់ មាន​នៅ​ក្នុង​របៀប​ដ៏​មាន​តុល្យភាព​មួយ​នៃ​ទិដ្ឋភាព​ជា​ច្រើន​ក្នុង​ជីវិត​រួមមាន ការអប់រំ សុខភាព ការងារ ហិរញ្ញវត្ថុ​គ្រួសារ និង ភាពរឹងមាំ​ខាង​វិញ្ញាណ ។ … ការណ៍​នេះ​មាន​ន័យ​ថា នៅ​ក្នុង​ចំណែក​មួយ​ភាគ​ធំ អ្នក​នឹង​ត្រូវ​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​អ្នក ។ រាល់​ក្រុមគ្រួសារ រាល់​ក្រុម​ជំនុំ រាល់​តំបន់​លើ​ពិភពលោក​នេះ​​មាន​សភាព​ខុស​ពី​គ្នា » ( « Providing in the Lord’s Way » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៥៥ ) ។

កិច្ចការ​ភាពខ្លួនទីពឹងខ្លួន​គឺ​ជា​មធ្យោបាយ​មួយ​ដែល​ប្រធាន​ស្តេក និង ប៊ីស្សព​អាច​ប្រើ​ដើម្បី​ជួយ​នៅ​ក្នុង​ការទទួលខុសត្រូវ​របស់​ពួកគេ​ដែល​បាន​ចាត់​មក​ពី​ព្រះ​ដើម្បី​មើលថែ​ដល់​ជនក្រីក្រ និង ជន​ទុរគត​ទាំងឡាយ ។

រូបភាព
ប្រធាន ហារ៉ូល  ប៊ី លី

« យើង​មិន​ត្រូវការ​អង្គការ​ថ្មី​ដើម្បី​​បំពេញ​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ទាំង​នេះ​ឡើយ ។ អ្វីៗ​ទាំងអស់​ដែល​ចាំបាច់ គឺ​ត្រូវ​ដាក់​បព្វជិតភាព​នៃ​ព្រះ​ឲ្យ​ធ្វើការ » ។

ហារ៉ូល  ប៊ី លីAdmonitions for the Priesthood of God » Ensign ខែ មករា ឆ្នាំ ១៩៧៣ ទំព័រ ១០៤

គណៈកម្មការ​ភាពខ្លួន​ទីពឹង​ខ្លួន​ប្រចាំ​ស្ដេក

ដើម្បី​យល់ ហើយ​បំពេញ​តាម​សេចក្ដីត្រូវការ​ភាពខ្លួនទីពឹងខ្លួន​នៅ​ក្នុង​ស្តេក​របស់​ពួកលោក នោះ​ប្រធាន​ស្តេក​អាច​បង្កើត​គណៈកម្មការ​ភាពខ្លួនទីពឹងខ្លួន​ដើម្បី​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ក្រុមប្រឹក្សា​ស្តេក ។ គណៈកម្មការ​ភាពខ្លួនទីពឹងខ្លួន​ស្តេក​ត្រូវបាន​ដឹកនាំ​ដោយ​សមាជិក​មួយ​រូប​ពី​ក្នុង​គណៈប្រធាន​ស្តេក ហើយ​ជួប​ប្រជុំ​ជា​ទៀងទាត់​ដើម្បី​ត្រួតពិនិត្យ​ឡើងវិញ ព្រមទាំង​ដាក់​ផែនការ​ដើម្បី​បំពេញ​តាម​សេចក្ដីត្រូវការ​ភាពខ្លួនទីពឹងខ្លួន​នៅ​ក្នុង​ស្តេក​នោះ ។ គណៈកម្មការ​ភាពខ្លួនទីពឹងខ្លួន​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើការ​ជាមួយ​នឹង​ក្រុមប្រឹក្សា​សុខុមាលភាព​របស់​ប៊ីស្សព​ដើម្បី​ដឹង ហើយ​បំពេញ​តាម​សេចក្ដី​ត្រូវការ​ទាំងនោះ ។

ជា​ទូទៅ គណៈកម្មការ​ភាពខ្លួនទីពឹងខ្លួន​ស្តេក​រួមមាន​សមាជិក​ម្នាក់​មក​ពី​ក្រុមប្រឹក្សា​ជាន់​ខ្ពស់ សមាជិក​ម្នាក់​មក​ពី​គណៈប្រធាន​សមាគម​សង្គ្រោះ​ស្ដេក ប្រធាន​ក្រុមប្រឹក្សា​សុខុមាលភាព​របស់​ប៊ីស្សព និង​អ្នក​ឯកទេស​ភាពខ្លួនទីពឹងខ្លួន​ស្តេក​ណា​ម្នាក់​ដែល​ត្រូវបាន​ហៅ ។ សមាជិក​ផ្សេងៗ​ទៀត​នៃ​គណៈកម្មការ​អាច​រួមមាន​សមាជិក​នៃ​គណៈប្រធាន​យុវជន និង​យុវនារី​ស្ដេក ពួក​អ្នក​ជំនាញ​ប្រចាំ​ស្ដេក​បន្ថែម​ទៀត និង អ្នកផ្សព្វផ្សាយសាសនា ។

តួនាទី​គណៈកម្មការ​ភាពខ្លួនទីពឹងខ្លួន

នៅ​ពេល​ត្រួតពិនិត្យ និង ដាក់​ផែនការ​ដើម្បី​បំំពេញ​សេចក្ដីត្រូវការ​របស់​បុគ្គល និង ក្រុម​គ្រួសារ​ទាំងឡាយ​នៅ​ក្នុង​ស្តេក គណៈកម្មការ​គួរ​ពិចារណា​ទៅ​លើ​ចំណុច​ដូច​ខាង​ក្រោម ៖

  • បង្រៀន​ដល់​ប៊ីស្សព និង ក្រុមប្រឹក្សា​វួដ អំពី​គោលលទ្ធិ​នៃ​ភាពខ្លួនទីពឹងខ្លួន ហើយ​គាំទ្រ​ពួកគេ​នៅ​ក្នុង​ករណីយកិច្ច​ពួកគេ ។

  • បង្កើត​ផែនការ​សាមញ្ញ​មួយ​ដើម្បី​គាំទ្រ​ដល់​ប៊ីស្សព ហើយ​បំំពេញ​តាម​សេចក្ដីត្រូវការ​នៃ​ភាពខ្លួន​ទីពឹងខ្លួន​របស់​ស្តេក ។ សូម​យោង​ទៅ​រក « សំណួរ​ដែល​គណៈកម្មការ​ត្រូវ​ពិចារណា » នៅ​ចុង​បញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។

  • បង្កើត​ការប្រជុំ​ធម្មនិដ្ឋាន​ភាពខ្លួន​ទីពឹងខ្លួន​ជា​ទៀងទាត់ និង​បង្កើត​ក្រុម​ភាពខ្លួន​ទីពឹងខ្លួន ។

  • ផ្ដល់​ការបំពាក់បំប៉ន​ជា​បន្តបន្ទាប់​ដល់​អ្នក​សម្របសម្រួល​ប្រសិនបើ​ចាំបាច់ ។

  • ចូលរួម​ក្នុង​ការប្រជុំ​ក្រុម​ភាពខ្លួន​ទីពឹងខ្លួន​តាម​ពេល​កំណត់​ពី​មួយ​គ្រាទៅមួយគ្រា និង​ចែកចាយ​មតិ​កែលម្អ​ទៅ​កាន់​ប៊ីស្សព និង ក្រុម​ប្រឹក្សា​វួដ​អំពី​ភាពរីកចម្រើន​របស់​សមាជិក ។

  • ប្រមូល និង ផ្សព្វផ្សាយ​អំពី​ធនធាន​ក្នុង​មូលដ្ឋាន​ដែល​មាន​នៅ​ក្នុង​សហគមន៍ និង នៅ​ក្នុង​សាសនាចក្រ ។ ធនធាន​នានា​អាច​រួម​មាន​ឈ្មោះ​មនុស្ស​ដែល​អាច​ជួយ កម្មវិធី​គ្រប់គ្រង ឱកាស​ការងារ ។ល។ អ្នក​គ្រប់គ្រង​សេវា​ភាពខ្លួនទីពឹងខ្លួន​ក្នុង​តំបន់​ក៏​អាច​ផ្ដល់​ការដឹកនាំ​​តាម​របៀប​នានា​ដើម្បី​ប្រមូល ហើយ​ចែកចាយ​ធនធាន​សហគមន៍​ដែរ ។

រូបភាព
តួនាទី​គណៈកម្មការ​ភាពខ្លួនទីពឹងខ្លួន
រូបភាព
ប្រធាន យ៉ូសែប  អេហ្វ ស្ម៊ីធ

« វា​តែងតែ​ជា​ការបង្រៀន​ដ៏​សំខាន់​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ថា សាសនា​ដែល​គ្មាន​អំណាច​ដើម្បី​សង្គ្រោះ​មនុស្ស​ខាង​សាច់ឈាម ហើយ​ធ្វើ​ឲ្យ​ពួកគេ​រីកចម្រើន និង​រីករាយ​នៅលើ​ផែនដី​នេះ សាសនា​នោះ​ពុំ​អាច​ពឹងពាក់​បាន​ដើម្បី​សង្គ្រោះ​ពួកគេ​ខាង​វិញ្ញាណ​ឡើយ វា​ពុំ​អាច​ផ្តល់​ភាពតម្កើង​ឡើង​ដល់​ពួកគេ​នៅក្នុង​ជីវិត​បន្ទាប់​ឡើយ » ។

ប្រធាន យ៉ូសែប  អេហ្វ ស្ម៊ីធ, Teachings of Presidents of the Church: Joseph F. Smith ( ឆ្នាំ ២០១១), ទំព័រ ១៦៣

អ្នកឯកទេស​ភាពខ្លួនទីពឹងខ្លួន​ប្រចាំស្ដេក

បងប្អូនប្រុស​ម្នាក់ បងប្អូនស្រី​ម្នាក់ ឬ គូស្វាមី​ភរិយា​មួយ​គូ​អាច​បម្រើ​ជា​អ្នក​ឯកទេស​ភាពខ្លួន​ទីពឹងខ្លួន​ស្តេក ( ឬ​មណ្ឌល ) ។ នៅ​ពេល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​សមាជិក​គណៈកម្មការ នោះ​អ្នក​ឯកទេស​មើល​ការខុសត្រូវ​លើ​ប្រតិបត្តិការ​ភាពខ្លួនទីពឹងខ្លួន និង សកម្មភាព​នានា​នៅ​ក្នុង​ស្តេក ។ អ្នកឯកទេស​ប្រចាំ​ស្តេក​បម្រើ​ជា​ធនធាន​មួយ​សម្រាប់​ប៊ីស្សព និង សម្រាប់​ថ្នាក់ដឹកនាំ​ឯទៀតៗ​នៅ​ក្នុង​វួដ (ក្បួន​ខ្នាត​ភាគ  ២, ចំណុច ៦.៣.៣ ) ហើយ​អាច​នឹង​ជួយ​សមាជិក​ដែល​មាន​សេចក្ដីត្រូវការ​ដូចជា ការអប់រំ ការបំពាក់បំប៉ន ហិរញ្ញវត្ថុ​គ្រួសារ និង មូលនិធិ​អប់រំ​ជា​បន្តបន្ទាប់ ប្រសិនបើ​ប្រទេស​នោះ​មាន​កម្មវិធី​នេះ (ក្បួន​ខ្នាត​ភាគ  ២, ចំណុច ៦.២.៥ ) ។ ប៊ីស្សព​ក៏​អាច​នឹង​ហៅ​អ្នក​ឯកទេស​ភាពខ្លួន​ទីពឹងខ្លួន​វួដ ( ឬ​សាខា ) ប្រសិនបើ​ចាំបាច់​ផងដែរ ។

ការទទួលខុសត្រូវ​របស់​អ្នក​ឯកទេស​អាច​រួមមាន​ដូចខាង​ក្រោម ៖

  • បំពាក់បំប៉ន និង​ជួយ​ដល់​ប៊ីស្សព និង​ក្រុមប្រឹក្សា​វួដ នៅពេល​ពួកគាត់​ស្នើសុំ ។

  • ធ្វើការ​ជាមួយ​គណៈកម្មការ​ភាពខ្លួន​ទីពឹងខ្លួន​ស្តេក​ដើម្បី​សម្របសម្រួល​ការប្រជុំ​ធម្មនិដ្ឋាន និង​ការបង្កើត​ក្រុម ។

  • ផ្ដល់​ការបំពាក់បំប៉ន​ដល់​អ្នក​សម្រប​សម្រួល​ក្រុម​ភាពខ្លួនទីពឹងខ្លួន ដោយ​ប្រើ​កូន​សៀវភៅ Facilitating Groups for Self-Relianceមាន​នៅ​លើ​គេហទំព័រ​អ៊ិនធើរណែត srs.lds.org/facilitator

  • សង្កេត ហើយ​គាំទ្រ​ដល់​ក្រុម​ភាពខ្លួន​ទីពឹងខ្លួន​ពី​មួយ​គ្រាទៅមួយគ្រា ។

  • ចែកចាយ​ធនធាន​នានា​របស់​សាសនាចក្រ និង សហគមន៍​ដែល​មាន​ស្រាប់​ទៅ​ដល់​សមាជិក ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា របាយការណ៍​ត្រូវបាន​បំពេញ​នៅ​លើ​គេហទំព័រ srs.lds.org/report

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« វា​គឺជា​ឆន្ទៈ​របស់​ព្រះដើម្បី​ឲ្យ​យើង​ធ្វើ​ជា​បុរស និង​ស្ត្រី​ដែល​មាន​សេរីភាព អាច​ងើប​ឡើង​ទៅ​ដល់​សក្ដានុពលដ៏​ពេញលេញ​របស់​យើង​ទាំង​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ ដើម្បីឲ្យ​យើង​មាន​សេរីភាព​ពី​គំនៀប​នៃ​ភាពក្រីក្រ និង​ទាសភាព​នៃ​អំពើបាប ដើម្បី​យើងមាន​ការ​គោរព​ដល់​ខ្លួនឯង និង​ភាពឯករាជ្យ ថា​យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​គ្រប់​កិច្ចការ​ទាំងអស់ ដើម្បី​ចូលរួម​នឹង​ទ្រង់​ក្នុង​នគរ​សេឡេស្ទាល​របស់​ទ្រង់ » ។

ឌី  ថត គ្រីស្តូហ្វឺសិន « Free Forever, to Act for Themselves » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ  ១៩

របៀប​សមាជិក​រៀន និង​ធ្វើ​សកម្មភាព​ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ភាពខ្លួនទីពឹងខ្លួន

វា​ចាប់ផ្ដើម​ជាមួយ​គណៈប៊ីស្សព និង ក្រុមប្រឹក្សា​វួដ ដោយ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​បុគ្គល​ទាំងឡាយ​ដែល​កំពុង​ជួប​ឧបសគ្គ​នានា ជា​អ្នក​ដែល​អាច​ទទួលបាន​ផល​ប្រយោជន៍​ពី​ភាពខ្លួនទីពឹងខ្លួន​កាន់តែ​ច្រើន​ជាង​នេះ ។ ការអញ្ជើញ​ផ្ទាល់ខ្លួន​ត្រូវបាន​ផ្ដល់​ឲ្យ​ដើម្បី​ចូលរួម​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន ( ប្រសិនបើ​មាន ) ឬ ដើម្បី​ចូលរួម​ក្រុម​ភាពខ្លួនទីពឹងខ្លួន​ដោយ​ផ្ទាល់ ។ លើស​ពី​នេះ​ទៅ​ទៀត សូម​ពិចារណា​ដល់​ការអញ្ជើញ​អ្នក​ទាំងឡាយ​ណា​ដែល​អាច​ពង្រឹង​មនុស្សដទៃ​ដោយ​ប្រើប្រាស់​ពេលវេលា និង ទេពកោសល្យ​របស់​ពួកគេ​ដើម្បី​រួមចំណែក ( សូម​មើល គ. និង ស. ៨២:១៨–១៩ ) ។

សមាជិក​ជួប​ប្រជុំ​នៅ​ក្នុង​ក្រុម​ភាពខ្លួនទីពឹងខ្លួន

ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា « កន្លែង​ណា​ដែល​មាន​ពីរ ឬ​បី​នាក់​ប្រជុំ​ជាមួយ​គ្នា​ដោយ​នូវ​នាម​យើង​អំពី​ការណ៍​ណាមួយ មើល​ចុះ យើង​នឹង​នៅ​កណ្ដាល​ចំណោម​ពួក​គេ » ( គ និង ស ៦:៣២) ។ ក្រុម​ភាពខ្លួនទីពឹងខ្លួន​មាន​ទំហំ​តូច ជា​ក្រុមប្រឹក្សា​ដែល​ផ្ដោត​លើ​ការធ្វើ​សកម្មភាព ។ ពួកគេ​ជួប​ប្រជុំ​ដើម្បី​ជួយ​ស្ថាបនា​ជំនាញ និង សេចក្ដីជំនឿ​របស់​អ្នក​ចូលរួម​ម្នាក់ៗ ។ វិវរណៈ​ផ្ទាល់ខ្លួន​អំឡុង​ពេល​ការប្រជុំ​អាច​កើត​ចេញ​ពី​ប្រភព​ខុស​ៗ​គ្នា​ជា​ច្រើន ។ ក្រៅ​ពី​សៀវភៅ​សិក្សា រាល់​អ្នក​ចូលរួម​មាន​នូវ​ចំណេះដឹង បទពិសោធន៍ និង អំណោយទាន​នានា​ដែល​អាច​ជួយ​មនុស្សដទៃ​ឲ្យ​រៀន ហើយ​រីកចម្រើន​ឡើង ។

ក្រុម​មួយ​មាន​សមាជិក​ពី ៨ ទៅ ១២​នាក់ ហើយ​ជួប​ប្រជុំ​គ្នា​ប្រហែល​ពីរ​ម៉ោង​រាល់​សប្ដាហ៍​រហូត​ដល់​គ្រប់ ១២​សប្ដាហ៍ ។

របៀប​ដែល​ក្រុម​ធ្វើការ

ទាំង​គោលលទ្ធិ និង ជំនាញ​នៃ​ជីវិត​ត្រូវបាន​បង្រៀន

អំឡុង​ការប្រជុំ​ក្រុម​ម្ដងៗ អ្នក​ចូលរួម​ចំណាយ​ពេល​រំឭក​ឡើង​វិញ​នូវ​គោលការណ៍​នៃ​គោលលទ្ធិ​នៃ​ភាពខ្លួនទីពឹងខ្លួន រួម​ទាំង​​សារៈសំខាន់​នៃ​ពិធីបរិសុទ្ធ​នានា​ផង ។ ពួកគេ​ក៏​អាច​រៀន​ជំនាញ​ប៉ិនប្រសប់​ទាំងឡាយ​ដែល​រួមមាន ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ការស្វែងរក​ការងារ​កាន់តែ​ប្រសើរ ការបង្កើន​ការអប់រំ ឬការចាប់ផ្ដើម និង ការពង្រីក​អាជីវកម្ម​ខ្នាត​តូច ។

ក្រុម​​ធ្វើ​ការតាំងចិត្ត និង​រាយការ​អំពី​ភាពរីកចម្រើន​របស់​ខ្លួន

ការប្រជុំ​ក្រុម​នីមួយៗ​ចាប់ផ្ដើម​ដោយ​មាន​បុគ្គល​ទាំងឡាយ​រាយការ​អំពី​ភាពរីកចម្រើន​ទៅ​ដល់​ក្រុម ស្ដីពី​ការតាំងចិត្ត​របស់​ពួកគេ​កាល​ពី​សប្ដាហ៍​មុន ។ បន្ទាប់​មក អ្នក​ចូលរួម​​ប្រឹក្សា​ជាមួយ​គ្នា ដើម្បី​ស្វែងរក ហើយ​យកឈ្នះ​លើ​ឧបសគ្គ​នានា ។

ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន​លើក​ឡើង​នូវ​រឿង​បី​យ៉ាង ដែល​ប្រធាន ហ្គរដិន  ប៊ី ហ៊ីងគ្លី​បា​ន​ថ្លែងអំពី​អ្វី​ដែល​អ្នក​ប្រែចិត្តជឿ​ថ្មីគ្រប់រូប​ត្រូវការ ៖ មិត្តភក្ដិ ការ​ទទួលខុសត្រូវ និង​ការ​បីបាច់​ដោយ ‹ ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ › (មរ៉ូណៃ ៦:៤) » (« Converts and Young MenEnsign, ខែ​ឧសភា ឆ្នាំ​១៩៩៧ ទំព័រ ៤៧; សូមមើល​ផងដែរ មរ៉ូណៃ ៦:៣–៩) ។

អ្នក​ចូលរួម​ចែកចាយ​ការរៀនសូត្រ​របស់​ពួកគេ ជាមួយ​សមាជិក​គ្រួសារ

ការរៀនសូត្រ​ភាគ​ច្រើន​កើតឡើង​នៅ​ខាង​ក្រៅ​ការប្រជុំ​ក្រុម គឺ​នៅ​ពេល​សមាជិក​រក្សា​ការតាំងចិត្ត​របស់​ពួកគេ​តាមរយៈ​ការអនុវត្ត​ជំនាញ​ថ្មី ។ អ្នក​ចូលរួម​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​នឹង​សមាជិក​គ្រួសារ ។

អ្នក​ចូលរួម​ពង្រឹង​គ្នា​ទៅវិញទៅមក​ក្នុង​នាម​ជា « ដៃគូ​សកម្មភាព »

អ្នក​ចូលរួម​ត្រូវបាន​ស្នើ​ឲ្យ​គាំទ្រ ហើយ​ពង្រឹង​ដល់​សមាជិក​ដទៃទៀត​ក្នុង​ក្រុម​ជា​រៀង​រាល់​សប្ដាហ៍ ។ « ដៃគូ​សកម្មភាព » ទាំងនេះ​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ឲ្យ​រក្សា​ការតាំងចិត្ត​របស់​ពួកគេ​តាមរយៈ​ការទាក់ទង​គ្នា​ជា​ទៀងទាត់ និង ការលើក​ទឹក​ចិត្ត ។

រូបភាព
ប្រធាន អិម  រ័សុល បាឡឺដ

« គ្មាន​បញ្ហា​ណាមួយ​នៅ​ក្នុង​គ្រួសារ វួដ ឬ​ស្តេក​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​ឡើយ ប្រសិនបើ​យើង​ស្វែងរក​ដំណោះស្រាយ​តាម​របៀប​របស់​ព្រះអម្ចាស់ ដោយ​ការ​ប្រឹក្សា—ជា​ការ​ប្រឹក្សា​ដោយ​ពិត​ប្រាកដ —ជាមួយ​គ្នា​ទៅវិញ​ទៅមក​នោះ » ។

អិម  រ័សុល បាឡឺដ ប្រឹក្សា​ជាមួយ​ក្រុម​ប្រឹក្សា​របស់​យើង បាន​កែសម្រួល​ឡើង​វិញ ( ឆ្នាំ ២០១២ ) ទំព័រ  ៤

អ្នក​សម្របសម្រួល​ដឹកនាំ​ការប្រជុំក្រុម​ជា​រៀងរាល់​សប្ដាហ៍

ក្រុម​ភាពខ្លួនទីពឹងខ្លួន​មិន​ត្រូវបាន​ដឹកនាំ​ដោយ​គ្រូ​នោះ​ទេ ផ្ទុយទៅវិញ​ត្រូវបាន​ដឹកនាំ​ដោយ​អ្នក​សម្របសម្រួល​ម្នាក់ ។ អ្នក​សម្របសម្រួល​ពុំ​ផ្ដល់​ជា​មេរៀន​នោះ​ទេ ប៉ុន្ដែ​គាត់​ធ្វើតាម​សៀវភៅ​វគ្គសិក្សា ហើយ​អញ្ជើញ​សមាជិក​ក្រុម​ទាំងអស់​ឲ្យ​រួមចំណែក ។ អ្នកសម្របសម្រួល​បង្កើត​បរិយាកាស​មួយ ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​បង្រៀន​ដល់​អ្នក​ចូលរួម​នូវ « គ្រប់​អ្វី​ទាំងអស់​ដែល [ ពួកគេ ] ត្រូវ​ធ្វើ » ( នីហ្វៃទី ២ ៣២:៥, សូម​មើល នីហ្វៃទី ២ ៣២:៣ ផងដែរ ) ។

ភាពរីកចម្រើន​ឥត​ឈប់ឈរ

ប្រសិនបើ​ចាំបាច់ អ្នក​ឯកទេស​ប្រចាំ​ស្តេក អ្នក​ស្ម័គ្រចិត្ត ឬ​គ្រូបង្រៀន​តាម​ផ្ទះ និង គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ​អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​តាមដាន ឬ​ផ្ដល់​ប្រឹក្សា​ដល់​អ្នក​ចូលរួម​ម្នាក់ៗ​តាម​ទូរសព្ទ ឬ ជួប​ផ្ទាល់ ។ គណៈកម្មការ​នៃ​ភាពខ្លួនទីពឹង​ខ្លួន​ប្រចាំ​ស្តេក​ក៏​អាច​ជ្រើសរើស​បង្កើត​កម្មវិធី​ជួបជុំពី​មួយ​គ្រា​ទៅមួយ​គ្រា​​រវាងក្រុម​ភាពខ្លួន​ទីពឹងខ្លួន​ដែល​បាន​បញ្ចប់​វគ្គសិក្សា​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ចូលរួម​អាច​បន្ត​មិត្តភាព ចែកចាយ​បទពិសោធន៍ និង​រំឭក​គោលការណ៍​នានា​ចេញ​ពី មូលដ្ឋានគ្រឹះ​របស់​ខ្ញុំ​សម្រាប់​ភាពខ្លួន​ទីពឹងខ្លួន ផងដែរ ។

តើ​នរណា​ខ្លះ​​គួរតែ​ចូលរួម​ក្នុង​ក្រុម ?

សមាជិក​ទាំងឡាយ​ដែល​មាន​ស្ថានភាពដូច​តទៅ​អាច​ទទួលបាន​អត្ថប្រយោជន៍ ៖ អ្នក​ទទួល​ជំនួយ​ដង្វាយ​តមអាហារ អ្នក​គ្មាន​ការងារ ឬ គ្មាន​ការងារ​គ្រប់គ្រាន់ អ្នក​ទើប​ត្រឡប់​ពី​បេសកកម្ម​វិញ អ្នក​ប្រែចិត្តជឿ​ថ្មី សមាជិក​មិន​សូវ​សកម្ម និង ឪពុក/ម្ដាយ​ទោល ។​