ក្បួនខ្នាត និង​ការហៅ
៧. គណៈប៊ីស្សព


« ៧. គណៈប៊ីស្សព » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ៧. គណៈប៊ីស្សព » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

រូបភាព
បុរស​កំពុង​និយាយ​នៅលើ​វេទិកា

៧.

គណៈប៊ីស្សព

៧.១

ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់

ប៊ីស្សព​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ដើម្បី​ដឹកនាំ​កិច្ចការ​សាសនាចក្រ​នៅក្នុង​វួដ ( សូមមើល ៣.៤.១ ) ។ គាត់ និង​ទីប្រឹក្សា​របស់​គាត់​បង្កើត​បានជា​គណៈប៊ីស្សព ។ ពួកគាត់​ទទួលបាន​ការដឹកនាំ​មកពី​គណៈប្រធាន​ស្ដេក ។ ពួកគាត់​មើលថែ​ដល់​សមាជិក​វួដ​ដោយ​សេចក្ដី​ស្រឡាញ់ តាមរយៈ​ការជួយ​ពួកគេ​ឲ្យ​ក្លាយ​ទៅជា​អ្នកដើរតាម​ដ៏ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល មរ៉ូណៃ ៧:៤៨ ) ។

ប៊ីស្សព និង​ទីប្រឹក្សា​របស់គាត់​គឺជា​សង្ឃ​ជាន់ខ្ពស់ ។ ប្រសិនបើ​ពួកគាត់​មិនមែន​ជា​សង្ឃ​ជាន់ខ្ពស់ នៅពេល​ពួកគាត់​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ទេ នោះ​ពួកគាត់​គួរតែ​ត្រូវបាន​តែងតាំង​ឲ្យធ្វើជា​សង្ឃ​ជាន់ខ្ពស់ មុនពេល​ញែកចេញ​ពួកគាត់​ឲ្យ​បម្រើ ។

ប៊ីស្សព​មាន​ការទទួល​ខុសត្រូវ​ដ៏សំខាន់​ចំនួន​ប្រាំ ៖

  • គាត់​គឺជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី​នៅក្នុង​វួដ ។

  • គាត់​គឺជា​ប្រធាន​បព្វជិតភាព​អើរ៉ុន ។

  • គាត់​គឺជា​ចៅក្រម​ទូទៅ​មួយ​រូប ។

  • គាត់​សម្រប​សម្រួល​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង រួមមាន​ការថែទាំ​ដល់​អ្នកខ្វះខាត​ផងដែរ ។

  • គាត់​មើលការ​ខុសត្រូវ​លើ​កំណត់ត្រា ហិរញ្ញវត្ថុ និង​ការប្រើប្រាស់​សាលាប្រជុំ ។

ដោយសារ​ប៊ីស្សព​កាន់​កូនសោ​នៃ​បព្វជិតភាព នោះ​គាត់​មាន​សិទ្ធិ​ទទួលបាន​វិវរណៈ​សម្រាប់​វួដ ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១១ ) ។ ហេតុដូច្នេះ​ហើយ ការទទួល​ខុសត្រូវ​មួយ​ចំនួន​មាន​តែ​គាត់​ប៉ុណ្ណោះ​ទើប​អាច​ធ្វើបាន ។ ការទទួល​ខុសត្រូវ​ទាំងនេះ​មាន​រៀបរាប់​នៅក្នុង​ជំពូក​នេះ ។

ការទទួល​ខុសត្រូវ​ដ៏សំខាន់​បំផុត​របស់​ប៊ីស្សព​គឺ ត្រូវ​មើលថែ​ជំនាន់​ដែល​កំពុង​ពេញវ័យ​នៅក្នុង​វួដ ( កុមារ យុវវ័យ និង​យុវមជ្ឈិមវ័យ​នៅលីវ ) ។ ដើម្បីឲ្យ​គាត់​អាច​ផ្ចង់​អារម្មណ៍​លើ​ការទទួល​ខុសត្រូវ​នេះ​បាន នោះ​គាត់​ត្រូវ​ផ្ទេរ​ភារកិច្ច​ជាច្រើន ( សូមមើល ៤.២.៥ ) ។ គាត់​អាច​ផ្ទេរ​ភារកិច្ច​ឲ្យទៅ​ទីប្រឹក្សា​របស់​គាត់ ស្មៀន និង​ជំនួយការ​ស្មៀន លេខា​ប្រតិបត្តិ ថ្នាក់ដឹកនាំ​កូរ៉ុម និង​អង្គការ​ទាំងឡាយ ព្រមទាំង​អ្នកផ្សេងទៀត​ផងដែរ ។

ប្រសិនបើ​ប៊ីស្សព​មិន​អាច​មក​បំពេញ​ការទទួល​ខុសត្រូវ​របស់​គាត់​បាន នោះ​ទីប្រឹក្សា​មួយ​រូប​អាច​ធ្វើ​កិច្ចការ​ជំនួស​គាត់​ជា​បណ្តោះ​អាសន្ន​បាន លើកលែង​តែ​ករណី​ដែល​មាន​ចែង​នៅក្នុង​ក្បួនខ្នាត​នេះ​ប៉ុណ្ណោះ ។ ប៊ីស្សព ឬ​ទីប្រឹក្សា​របស់​គាត់​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន​ស្ដេក ប្រសិនបើ​គាត់​មាន​សំណួរ​អំពី​ទីប្រឹក្សា ដែល​ធ្វើ​កិច្ចការ​ជំនួស​ប៊ីស្សព​នោះ ។

៧.១.១

សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី

ប៊ីស្សព​គឺជា​ថ្នាក់ដឹកនាំ​ចម្បង​ខាង​វិញ្ញាណ​របស់​វួដ ។ គាត់​ធ្វើជា​គំរូ​តាមរយៈ​ការបម្រើ « ដោយ​ដួងចិត្ត​បរិសុទ្ធ​ជ្រះថ្លា » ( ម៉ូសាយ ១៨:១២ ) ។ គាត់​បង្រៀន លើកស្ទួយ និង​បំផុស​គំនិត ( សូមមើល ម៉ាថាយ ២០:២៨ ) ។ គាត់​ធ្វើតាម​គោលការណ៍​នៃ​ភាពជា​អ្នកដឹកនាំ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៤–៤៦ ។

ប៊ីស្សព​គឺជា​សិស្ស​ដ៏ស្មោះត្រង់​មួយ​រូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ គាត់​ស្មោះត្រង់​ចំពោះ​សេចក្តី​សញ្ញា​របស់​គាត់ ។ គាត់​ស្មោះត្រង់​ចំពោះ​ភរិយា និង​គ្រួសារ​គាត់។ គាត់​ធ្វើជា​គំរូ​នៃ​សេចក្តី​សុចរិត​សម្រាប់​គ្រួសារ​របស់​គាត់ វួដ និង​សហគមន៍ ។ ( សូមមើល ធីម៉ូថេ ទី​១ ៣:២–៧ ) ។ ទីប្រឹក្សា​របស់​គាត់​គឺជា​បុរស​ដែល​មាន​បុគ្គលិក​លក្ខណៈ​ស្រដៀង​គ្នា​នេះ ។

ប៊ីស្សព​ផ្តល់​ការណែនាំ និង​ការប្រឹក្សា​ដល់​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​នៅក្នុង​វួដ ។ គាត់​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បំពេញ​តាម​ការទទួល​ខុសត្រូវ​របស់​ពួកគេ ។

៧.១.១.១

អង្គការ​ទាំងឡាយ​ក្នុង​វួដ និង​កូរ៉ុម​បព្វជិតភាព

ប៊ីស្សព​មាន​ការទទួល​ខុសត្រូវ​លើ​អង្គការ​សមាគម​សង្គ្រោះ និង​ក្រុម​យុវនារី​វួដ ។ គាត់​ចាត់​ទីប្រឹក្សា​របស់​គាត់​ឲ្យ​ទទួល​ខុសត្រូវ​លើ​សាលា​ថ្ងៃ​អាទិត្យ និង​អង្គការ​បឋម​សិក្សា ព្រមទាំង​កម្មវិធី​វួដ​ផ្សេងទៀត ។ ( សូមមើល ៩.៣.១, ១១.៣.១, ១២.៣.១ និង ១៣.២.១ ) ។

ការទទួល​ខុសត្រូវ​របស់​ប៊ីស្សព​លើ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​មាន​ចែង​នៅក្នុង ៧.១.២ ។ ការទទួល​ខុសត្រូវ​របស់​គាត់​លើ​កូរ៉ុម​អែលឌើរ​មាន​ចែង​នៅក្នុង ៨.៣.១ ។

ប៊ីស្សព​ក៏​ដឹកនាំ​ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ​ក្នុង​ការមើល​ខុសត្រូវ​លើ​ការផ្តល់​ការងារ​បម្រើ​ផងដែរ ។ គាត់​ជួប​ជាមួយ​ប្រធាន​ទាំងពីរ​រូប​នេះ​រួមគ្នា យ៉ាង​ហោច​ណាស់​មួយ​ត្រីមាស​ម្តង ដើម្បី​ដោះស្រាយ​តម្រូវការ​របស់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ( សូមមើល ២១.២ ) ។

៧.១.១.២

ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ

ប៊ីស្សព​ដឹកនាំ​ការគ្រប់គ្រង​ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​នៅក្នុង​វួដ​ដូច​ខាងក្រោម ៖

  • ពិធី​សាក្រាម៉ង់

  • ការដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​ទារក

  • ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ដល់​កុមារ​អាយុ ៨ ឆ្នាំ​ដែល​មាន​ក្នុង​កំណត់ត្រា ( សម្រាប់​កុមារ​ដែល​មាន​ពិការភាព​ខាង​បញ្ញា សូមមើល ៣៨.២.៨.១; សម្រាប់​អ្នកប្រែចិត្ត​ជឿ​ថ្មី សូមមើល ៣១.២.៣.២ )

  • ការប្រគល់​បព្វជិតភាព​អើរ៉ុន និង​ការតែងតាំង​តំណែង​ឌីកុន គ្រូ និង​សង្ឃ

សម្រាប់​ព័ត៌មាន​អំពី​ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​ទាំងឡាយ សូមមើល ជំពូកទី ១៨ ។

៧.១.១.៣

ក្រុមប្រឹក្សា និង​ការ​ប្រជុំនានា

ប៊ីស្សព​ដឹកនាំ​ក្រុមប្រឹក្សា​វួដ និង​ក្រុមប្រឹក្សា​យុវវ័យ​វួដ ( សូមមើល ២៩.២.៥ និង ២៩.២.៦ ) ។ ប៊ីស្សព​ប្រើប្រាស់​ក្រុមប្រឹក្សា​ទាំងនេះ ដើម្បី​ជួយ​សម្រប​សម្រួល​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​វួដ ។ ភាគច្រើន​គាត់​ផ្ទេរ​ភារកិច្ច​នេះ ហើយ​តាមដាន​លើ​ការចាត់តាំង​នានា ( សូមមើល ៤.២.៥ ) ។

ប៊ីស្សព​អញ្ជើញ​ថ្នាក់ដឹកនាំ​ឲ្យ​ប្រឹក្សា​ជាមួយគ្នា អំពី​របៀប​ដើម្បី​បង្កើត​កម្លាំង និង​សាមគ្គីភាព​ខាង​វិញ្ញាណ​នៅក្នុង​វួដ ។ គាត់​លើក​ទឹកចិត្ត​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​ឲ្យ​ស្វែងរក​ការបំផុស​គំនិត និង​ចូលរួម​ក្នុង​ការពិភាក្សា ។ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:១២២; សូមមើល​ផងដែរ ៤.៤. នៅក្នុង​ក្បួនខ្នាត​នេះ ) ។

គណៈប៊ីស្សព​ដាក់​ផែនការ​ការប្រជុំ​សាក្រាម៉ង់ និង​ការប្រជុំ​វួដ​ដទៃ​ទៀត​ដែល​មាន​ចែង​នៅក្នុង ជំពូកទី ២៩ ។ ប៊ីស្សព​ធ្វើជា​អធិបតី​នៅក្នុង​ការប្រជុំ​វួដ​ទាំងឡាយ លើកលែងតែ​មាន​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក ពួកចិត​សិប​នាក់​ប្រចាំ​តំបន់​របស់​គាត់ ឬ​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​មាន​វត្តមាន​នៅ​ទីនោះ ។ ទីប្រឹក្សា​របស់​ប៊ីស្សព​អាច​ដឹកនាំ​ការប្រជុំ​ទាំងនេះ​បាន ។ ពួកគាត់​ក៏​ធ្វើជា​អធិបតី​ផងដែរ ប្រសិនបើ​ប៊ីស្សព​អវត្តមាន ។

៧.១.១.៤

ការហៅ​បម្រើ និង​ការដោះលែង

ការទទួល​ខុសត្រូវ​របស់​ប៊ីស្សព​សម្រាប់​ការហៅ​បម្រើ និង​ការដោះលែង​មាន​ចែង​នៅក្នុង ជំពូកទី ៣០ ។ គាត់​អាច​ចាត់តាំងឲ្យ​ទីប្រឹក្សា​របស់​គាត់​ផ្តល់​ការហៅ​បម្រើ និង​ការដោះលែង ដូច​មាន​ចែង​នៅក្នុង ៣០.៨ បាន ។

៧.១.២

ប្រធាន​បព្វជិតភាព​អើរ៉ុន

« គណៈប៊ីស្សព​គឺជា​គណៈប្រធាន​នៃ​បព្វជិតភាព [ អើរ៉ុន ] នេះ ហើយ​កាន់​កូនសោ​ទាំងឡាយ ឬ​សិទ្ធិ​អំណាច​នៃ​របស់​ដដែល » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:១៥; សូមមើល​ផងដែរ ខទី ២០ ) ។ ប៊ីស្សព​មាន​ការទទួល​ខុសត្រូវ​ដូច​ខាងក្រោម ក្នុងនាម​ជា​ប្រធាន​នៃ​បព្វជិតភាព​អើរ៉ុន​នៅក្នុង​វួដ ។ ទីប្រឹក្សា​របស់​គាត់​ជួយ​ដល់​គាត់ ។

  • គាំទ្រ​ឪពុក​ម្ដាយ​នៅក្នុង​ការបង្រៀន​យុវវ័យ ។ ជួយ​យុវវ័យ​ឲ្យ​បម្រើ​ដោយ​ស្មោះត្រង់ ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ ហើយ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ជួយ​យុវជន​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​បាន​តែងតាំង​នៅក្នុង​តំណែង​បព្វជិតភាព និង​បម្រើ​បេសកកម្ម​ពេញម៉ោង ។ ប្រសិនបើ​យុវនារី​មាន​បំណង​ប្រាថ្នា​ចង់​បម្រើ​បេសកកម្ម​ពេញម៉ោង សូម​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន ។ កម្មវិធី​កុមារ និង​យុវវ័យ​អាច​ជួយ​ដល់​កិច្ចខិតខំ​ទាំងនេះ​បាន ( សូមមើល​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ) ។

  • មើលការ​ខុសត្រូវ​លើ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ។ ប៊ីស្សព​គឺជា​ប្រធាន​កូរ៉ុម​សង្ឃ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៨៧–៨៨ ) ។ ទីប្រឹក្សា​ទីមួយ​របស់​គាត់​មាន​ទំនួល​ខុសត្រូវ​លើ​កូរ៉ុម​គ្រូ ។ ទីប្រឹក្សា​ទីពីរ​របស់​គាត់​មាន​ទំនួល​ខុសត្រូវ​លើ​កូរ៉ុម​ឌីកុន ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការដឹកនាំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន សូមមើល ១០.៣, ១០.៤ និង ១០.៥ ។

  • ប្រឹក្សា​ជាមួយ​ប្រធាន​ក្រុម​យុវនារី​វួដ ។ ប៊ីស្សព​មិន​ផ្ទេរភារកិច្ច​នេះ​ដល់​ទីប្រឹក្សា​ទេ ។ គាត់ និង​ទីប្រឹក្សា​របស់​គាត់​ក៏​ចូលរួម​ជាប្រចាំ​នៅក្នុង​ការប្រជុំ ការបម្រើ និង​សកម្មភាព​នានា​របស់​ក្រុម​យុវនារី​ផងដែរ ។ ( សូម​មើល ១១.៣.១ ) ។

  • ជួប​នឹង​យុវវ័យ​ម្នាក់ៗ​ជាទៀងទាត់ ។ សម្រាប់​គោលការណ៍​ណែនាំ​អំពី​ការប្រជុំ​ទាំងនេះ សូមមើល ៣១.៣.១ ។

  • គាំទ្រ​ដល់​ក្រុមគ្រួសារ ក៏ដូចជា​ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​អង្គការ​បឋម​សិក្សា នៅក្នុង​កិច្ច​ខិតខំ​របស់​ពួកគេ​ដើម្បី​ជួយ​កុមារ​ឲ្យ​ចុះ និង​រក្សា​សេចក្ដី​សញ្ញា ( សូមមើល ជំពូកទី ១២ ) ។

រូបភាព
ការប្រជុំ​គណៈប៊ីស្សព

៧.១.៣

ចៅក្រម​ទូទៅ

ប៊ីស្សព​គឺជា​ចៅក្រម​ទូទៅ​នៅក្នុង​វួដ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៧១–៧៤ ) ។ គាត់​ខិតខំ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ក្នុងនាមជា​ចៅក្រម​សុចរិត​ម្នាក់ ( សូមមើល នីហ្វៃ​ទី​៣ ២៧:២៧ ) ។ គាត់​មាន​ការទទួល​ខុសត្រូវ​ដូច​ខាងក្រោម ៖

  • ជួយ​យុវវ័យ និង​មជ្ឈិមវ័យ​ឲ្យ​មាន​គុណសម្បត្តិ​គ្រប់គ្រាន់ ហើយ​មាន​ភាពស័ក្តិសម​ក្នុង​ការកាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

  • ដឹកនាំ​ការសម្ភាស​នានា​ដូចមាន​ចែង​នៅក្នុង ៣១.២ ។ គាត់​អាច​ផ្តល់​សិទ្ធិ​អំណាច​ដល់​ទីប្រឹក្សា​របស់​គាត់​ឲ្យ​ដឹកនាំ​ការសម្ភាស​មួយ​ចំនួន​បាន ( សូមមើល ៣១.២.២ ) ។ សម្រាប់​គោលការណ៍​ណែនាំ សូមមើល ៣១.១ ។

  • ជួប​ជាមួយ​សមាជិក​វួដ​ទាំងឡាយ ដែល​ស្វែងរក​ការណែនាំ​ខាង​វិញ្ញាណ ដែល​មាន​បញ្ហា​ផ្ទាល់ខ្លួន​ជាទម្ងន់ ឬ​ដែល​បាន​ប្រព្រឹត្ត​អំពើរំលង​ធ្ងន់ធ្ងរ ដោយ​ការជួយ​ពួកគេ​ឲ្យ​ទាញយក​ព្រះចេស្ដា​នៃ​ការព្យាបាល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៊ីស្សព​អាច​សុំឲ្យ​ទីប្រឹក្សា​របស់​គាត់ ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ ព្រមទាំង​អ្នកផ្សេងទៀត​ឲ្យ​ជួប​ជាមួយ​សមាជិក​វួដ​អំពី​បញ្ហា​មួយ​ចំនួន​បាន ។ ទោះជា​យ៉ាងណា​ក៏ដោយ មានតែ​ប៊ីស្សព​ប៉ុណ្ណោះ​ដែល​អាច​ជួប​ជាមួយ​សមាជិក​វួដ​អំពី​បញ្ហា​នៃ​ភាពស័ក្ដិសម ការរំលោភ​បំពាន និង​ការអនុម័ត​ឲ្យ​ប្រើប្រាស់​មូលនិធិ​ដង្វាយ​តមអាហារ ។ សម្រាប់​គោលការណ៍​ណែនាំ សូមមើល ៣១.១ ។

  • នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​ស្ដេក សូម​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​តាម​ការចាំបាច់ ។ សម្រាប់​គោលការណ៍​ណែនាំ សូម​មើល ជំពូកទី ៣២ ។

៧.១.៤

ការសម្រប​សម្រួល​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង

ប៊ីស្សព​សម្រប​សម្រួល​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​វួដ ( សូមមើល ជំពូកទី ១ ) ។ ទីប្រឹក្សា​របស់​គាត់ និង​ថ្នាក់ដឹកនាំ​វួដ​ដទៃទៀត​ជួយ​ដល់​គាត់ ។

ប៊ីស្សព​ជួយ​សមាជិក​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ ។ គាត់​ជួយ​ពួកគេ​ឲ្យ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:២៩ ) ។ គាត់​បង្រៀន​ពួកគេ​ឲ្យ​អធិស្ឋាន និង​សិក្សា​ព្រះគម្ពីរ ។ គាត់​អញ្ជើញ​ពួកគេ​ឲ្យ​ចុះ​សេចក្តី​សញ្ញា តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ គាត់​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ។

ប៊ីស្សព​ពង្រឹង​សមាជិក​ទាំងឡាយ​ក្នុង​សាសនាចក្រ ។ គាត់​លើក​ទឹកចិត្ត​ក្រុមគ្រួសារ​ឲ្យ​ចូលរួម​ក្នុង​ការអធិស្ឋាន​ជាគ្រួសារ​ឲ្យ​បាន​ទៀងទាត់ ហើយ​រៀន​ដំណឹងល្អ​ជាមួយគ្នា រួមទាំង​នៅក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ផងដែរ ។ គាត់​បង្រៀន​ពួកគេ​ឲ្យ​ស្រឡាញ់​គ្នា និង​បម្រើ​គ្នា​ទៅវិញ​ទៅមក ។ គាត់​បង្រៀន​តាម​ពាក្យសម្ដី និង​គំរូ​ថា ការហៅ​បម្រើ​ក្នុង​សាសនាចក្រ​អាច​ត្រូវបាន​បំពេញ​ដោយ​មិន​បង្អាក់​ដល់​ការទទួល​ខុសត្រូវ​ក្នុង​គ្រួសារ​ឡើយ ។ គាត់​ត្រូវ​ប្រាកដ​ថា សកម្មភាព​ទាំងឡាយ​ក្នុង​សាសនាចក្រ​គាំទ្រ​ដល់​កិច្ចខិតខំ​របស់​ឪពុក​ម្តាយ​ក្នុង​ការចិញ្ចឹម​កូនៗ​របស់​ពួកគេ​នៅក្នុង​សេចក្ដី​សុចរិត ។

បន្ថែម​ទៅលើ​ការជួយ​សមាជិក​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ នោះ​ប៊ីស្សព​មាន​ការទទួល​ខុសត្រូវ​ផ្សេងៗ​ទៀត​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ។ ឧទាហរណ៍ គាត់ ៖

  • ជួយ​បុរស​ទាំងឡាយ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​បាន​តែងតាំង​នៅក្នុង​តំណែង​បព្វជិតភាព ។

  • ដឹកនាំ​កិច្ចខិតខំ​ដើម្បី​មើលថែ​សមាជិក​ដែល​ខ្វះខាត​នៅក្នុង​វួដ ( សូមមើល ៧.១.៤.១ និង ២២.២.១ ) ។

  • ណែនាំ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ កាល​ពួកគាត់​ដឹកនាំ​កិច្ចខិតខំ​ធ្វើ​ការងារ​បម្រើ​នៅក្នុង​វួដ ( សូមមើល ២១.២.១ ) ។

  • សម្រប​សម្រួល​កិច្ចការ​របស់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ កាល​ពួកគាត់​ដឹកនាំ​កិច្ចខិតខំ​របស់​វួដ ដើម្បី​ចែកចាយ​ដំណឹងល្អ និង​ពង្រឹង​សមាជិក​ថ្មី ក៏ដូចជា​សមាជិក​ដែល​ត្រឡប់​មកវិញ ( សូមមើល ២៣.១ ) ។

  • សម្រប​សម្រួល​កិច្ចការ​របស់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ កាល​ពួកគាត់​ដឹកនាំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ ( សូមមើល ២៥.២ ) ។

  • ជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៧.១ ) ។

៧.១.៤.១

ការដឹកនាំ​កិច្ចខិតខំ​ដើម្បី​មើលថែ​សមាជិក​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​សាច់​ឈាម

ប៊ីស្សព​មាន​សិទ្ធិ​អំណាច​ដ៏​ទេវភាព​ដើម្បី​ស្វែងរក និង​មើលថែ​សមាជិក​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​សាច់​ឈាម ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១១២ ) ។ ភាគច្រើន​គាត់​ផ្ទេរ​ភារកិច្ច​នេះ​ដល់​គណៈប្រធាន​សមាគម​សង្គ្រោះ និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ ។

កាតព្វកិច្ច​មួយ​ចំនួន​មានតែ​ប៊ីស្សព​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន ។ ឧទាហរណ៍ គាត់​កំណត់​ប្រភេទ ចំនួន​ទឹកប្រាក់ និង​រយៈពេល​នៃ​ជំនួយ​ខាង​សាច់ឈាម​ដែល​ត្រូវ​ផ្ដល់ឲ្យ​ដោយ​សាសនាចក្រ ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន ជាញឹកញាប់ គាត់​ពិគ្រោះ​យោបល់​ជាមួយ​នឹង​ប្រធាន​សមាគម​សង្គ្រោះ និង​ប្រធាន​កូរ៉ុម​អែលឌើរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ២២.៤ និង ២២.៥ ។

សមាជិក​នៃ​គណៈប៊ីស្សព​បង្រៀន​គោលការណ៍​នៃ​ការមើលថែទាំ​ដល់​សមាជិក​ដែល​ខ្វះខាត និង​ស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន ( សូមមើល ២២.១ ) ។ ពួកគាត់​ក៏​បង្រៀន​ពី​ច្បាប់​តម​អាហារ​ផងដែរ ( សូមមើល ២២.២.២ ) ។ ពួកគាត់​មើលការ​ខុសត្រូវ​លើ​ការប្រមូល​ដង្វាយ​តមអាហារ ( សូមមើល ៣៤.៣.២ ) ។

ប៊ីស្សព​ណែនាំ​ថ្នាក់ដឹកនាំ​វួដ​ផ្សេងទៀត​អំពី​ការទទួល​ខុសត្រូវ​របស់​ពួកគេ ដើម្បី​មើលថែ​ដល់​សមាជិក​ដែល​ខ្វះខាត ។ គាត់​ក៏ដឹកនាំ​ក្រុមប្រឹក្សា​វួដ​នៅក្នុង​កិច្ច​ខិតខំ​ទាំងនេះ​ដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​ប៊ីស្សព​មើលថែ​ដល់​សមាជិក​ដែល​ខ្វះខាត សូមមើល ២២.៦.១ ។

៧.១.៥

កំណត់ត្រា ហិរញ្ញវត្ថុ និង​សាលាប្រជុំ

ប៊ីស្សព​មើលការ​ខុសត្រូវ​លើ​កំណត់ត្រា​វួដ ហិរញ្ញវត្ថុ​វួដ និង​សាលាប្រជុំ ។ គាត់​អាច​ចាត់តាំង​កិច្ចការ​ភាគច្រើន​ដែល​ទាក់ទង​នឹង​កំណត់ត្រា និង​ហិរញ្ញវត្ថុ​ទៅឲ្យ​ទីប្រឹក្សា និង​ស្មៀន​របស់​គាត់ ។ គាត់​អាច​ចាត់ឲ្យ​ទីប្រឹក្សា​មួយ​រូប​របស់​គាត់​បម្រើ​ជា​អ្នកតំណាង​អគារ​វួដ ឬ​គាត់​អាច​ហៅ​សមាជិក​ផ្សេងទៀត​ឲ្យធ្វើ​កិច្ចការ​នេះ ។

សម្រាប់​ព័ត៌មាន​អំពី​កំណត់ត្រា សូមមើល ជំពូកទី ៣៣ ។ សម្រាប់​ព័ត៌មាន​អំពី​ហិរញ្ញវត្ថុ សូមមើល ជំពូកទី ៣៤ ។ សម្រាប់​ព័ត៌មាន​អំពី​សាលាប្រជុំ សូមមើល ជំពូកទី ៣៥ ។

៧.២

ភាពខុសគ្នា​រវាង​គណៈប្រធាន​សាខា និង​គណៈប៊ីស្សព

នៅក្នុង​សាខា អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​មួយ​រូប​ត្រូវបាន​ហៅជា​ប្រធាន​សាខា ។ គាត់​កាន់​កូនសោ​នៃ​បព្វជិតភាព ដែល​ចាំបាច់​ដើម្បី​ធ្វើជា​អធិបតី ( សូមមើល ៣.៤.១.១ ) ។ គាត់ និង​ទីប្រឹក្សា​របស់​គាត់​បម្រើ​ដូចជា​គណៈប៊ីស្សព​ដែរ ប៉ុន្តែ​មាន​ភាពខុសគ្នា​ដូច​ខាងក្រោម ៖

  • ប្រធាន​សាខា​អាច​ជា​អែលឌើរ ឬ​សង្ឃ​ជាន់ខ្ពស់ ។ ប៊ីស្សព​ត្រូវតែ​ជា​សង្ឃ​ជាន់ខ្ពស់ ។

  • ប្រធាន​សាខា​មិន​ត្រូវបាន​ធ្វើ​ពិធី​ញែកចេញ​ជា​សង្ឃ​ជាន់ខ្ពស់​ជាអធិបតី​នោះទេ ។ ប៉ុន្ដែ​គាត់​ធ្វើជា​អធិបតី​លើ​សាខា និង​មាន​ការទទួល​ខុសត្រូវ​ទាំងអស់​ដូច​បាន​រៀបរាប់​នៅក្នុង ៧.១.១ ។

  • ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​សាខា​មិនអាច​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​បាន​ទេ ( សូមមើល ២៦.៣.១ ) ។

៧.៣

លេខា​ប្រតិបត្តិ​វួដ និង​ជំនួយការ​លេខា​ប្រតិបត្តិ​វួដ

គណៈប៊ីស្សព​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​មួយ​រូប បម្រើ​ជា​លេខា​ប្រតិបត្តិ​វួដ ។ ពួកគាត់​ផ្ដល់​អនុសាសន៍​នេះ​ទៅកាន់​គណៈប្រធាន​ស្ដេក ។ លេខា​ប្រតិបត្តិ​វួដ​គួរតែ​មាន​ភាពស័ក្ដិសម​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ គាត់​ត្រូវបាន​ហៅ និង​ញែកចេញ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្តេក ឬ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​ដែល​បាន​ចាត់តាំង ។

លេខា​ប្រតិបត្តិ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់ ប៉ុន្ដែ​គាត់​មិនមែន​ជា​សមាជិក​ក្នុង​គណៈប៊ីស្សព​នោះទេ ។ គាត់​មាន​ការទទួល​ខុសត្រូវ​ដូច​ខាងក្រោម ៖

  • ជួប​ជាមួយ​គណៈប៊ីស្សព និង​រៀបចំ​របៀបវារៈ​តាម​ការចាត់តាំង ។

  • បម្រើ​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុមប្រឹក្សា​វួដ ហើយ​ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​វួដ ។ ដូច​ដែល​បាន​ដឹកនាំ​ដោយ​គណៈប៊ីស្សព តាមដាន​ការចាត់តាំង​ដែល​បានធ្វើ​នៅក្នុង​ការប្រជុំ​ទាំងនេះ ។

  • ដាក់​កាលវិភាគ​ណាត់ជួប​សម្រាប់​គណៈប៊ីស្សព ។

  • ដាក់​កាលវិភាគ​សម្ភាស​សម្រាប់​យុវវ័យ និង​មជ្ឈិមវ័យ ដែល​ត្រូវ​បន្ដ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ។

  • ប្រសិនបើ​បាន​ចាត់តាំង​ដោយ​គណៈប៊ីស្សព តាមដាន​កិច្ចខិតខំ​របស់​វួដ​ដើម្បី​ជួយ​សមាជិក​ឲ្យ​ទទួលបាន​ទស្សនាវដ្ដី​សាសនាចក្រ ( សូមមើល ៣៨.៨.៧ ) ។

  • ជួយ​ដល់​គណៈប៊ីស្សព​ជាមួយ​នឹង​បញ្ហា​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ដូចជា​ការជួយ​សមាជិក​វួដ​ឲ្យ​ចុះឈ្មោះ​ចូល​រៀន​ជាដើម ( សូមមើល ជំពូកទី ១៥ ) ។

  • រក្សា​បញ្ជី​ឈ្មោះ និង​អាសយដ្ឋាន​បច្ចុប្បន្ន​របស់​សមាជិក​វួដ​ដែល​បម្រើ​នៅក្នុង​កងទ័ព ។ ត្រូវ​ប្រាកដ​ថា ថ្នាក់ដឹកនាំ​វួដ​ស្គាល់​សមាជិក​ទាំងនេះ ( សូមមើល ៣៨.៩.២ ) ។ ជូន​ដំណឹង​ទៅ​លេខា​ប្រតិបត្តិ​ស្តេក នៅពេល​សមាជិក​មាន​ផែនការ​ចូល​បម្រើ​កងទ័ព ។

ជំនួយការ​លេខា​ប្រតិបត្តិ​វួដ​ម្នាក់ ឬ​ពីរនាក់​អាច​ត្រូវបាន​ហៅ​តាម​សេចក្តី​ត្រូវការ ។ ពួកគេ​ត្រូវបាន​ចេញ​អនុសាសន៍​ដោយ​គណៈ​ប៊ីស្សព ហើយ​ត្រូវបាន​ហៅ និង​ញែកចេញ ដោយ​សមាជិក​មួយ​រូប​នៃ​គណៈ​ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់តាំង ។ បងប្អូន​ប្រុស​ទាំងនេះ​គួរតែ​មាន​ភាពស័ក្ដិសម​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
បុរស និង​ស្ត្រី​កំពុង​ចាប់ដៃ​គ្នា

៧.៤

ស្មៀន​វួដ និង​ជំនួយការ​ស្មៀន​វួដ

ប៊ីស្សព​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​មួយ​រូប បម្រើ​ជា​ស្មៀន​វួដ ។ គាត់​ផ្ដល់​អនុសាសន៍​នេះ​ទៅកាន់​គណៈប្រធាន​ស្ដេក ។ ស្មៀន​គួរតែ​មាន​ភាពស័ក្ដិសម​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ គាត់​ត្រូវបាន​ហៅ និង​ញែកចេញ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្តេក ឬ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​ដែល​បាន​ចាត់តាំង ។

ជំនួយការ​ស្មៀន​វួដ​ក៏អាច​ត្រូវបាន​ហៅ​ផងដែរ ( សូមមើល ៣៣.៤.៣ ) ។ ពួកគាត់​ត្រូវបាន​ហៅ និង​ធ្វើ​ពិធី​ញែកចេញ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្តេក ឬ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​ដែល​បាន​ចាត់តាំង ។

ស្មៀន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់ ប៉ុន្ដែ​ពួកគាត់​មិនមែន​ជា​សមាជិក​ក្នុង​គណៈប៊ីស្សព​នោះទេ ។ ការទទួល​ខុសត្រូវ​របស់​ស្មៀន​វួដ និង​ជំនួយការ​ស្មៀន​វួដ​មាន​ចែង​នៅក្នុង ៣៣.៤.២ និង ៣៣.៤.៣ ។