ក្បួនខ្នាត និង​ការហៅ
១៣. សាលា​ថ្ងៃ​អាទិត្យ


« ១៣. សាលាថ្ងៃ​អាទិត្យ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ១៣. សាលា​ថ្ងៃអាទិត្យ » ក្បួនខ្នាត​ទូទៅ ។

រូបភាព
គ្រួសារ​កំពុង​សិក្សា​ព្រះគម្ពីរ

១៣.

សាលា​ថ្ងៃ​អាទិត្យ

១៣.១

គោលបំណង

សាលា​ថ្ងៃអាទិត្យ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ ថ្នាក់​នេះ​ធ្វើបែប​នេះ​បាន តាមរយៈ​ការជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​រៀនសូត្រ ហើយ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ថ្នាក់ដឹកនាំ​សាលា​ថ្ងៃអាទិត្យ គ្រូបង្រៀន និង​ថ្នាក់រៀន ៖

  • ពង្រឹង​សេចក្តី​ជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការបង្រៀន « គោលលទ្ធិ​នៃ​នគរ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៧៧ ) ។

  • គាំទ្រ​ដល់​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​ដែល​ផ្ដោតលើ​គេហដ្ឋាន ហើយ​ដែល​បាន​គាំទ្រ​ដោយ​សាសនាចក្រ ។

  • ជួយ​សមាជិក​ឲ្យ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។

១៣.២

ថ្នាក់ដឹកនាំ​សាលា​ថ្ងៃ​អាទិត្យ​វួដ

១៣.២.១

គណៈប៊ីស្សព

គណៈប៊ីស្សព​មើលការ​ខុសត្រូវ​លើ​សាលា​ថ្ងៃ​អាទិត្យ ។ ជាធម្មតា ប៊ីស្សព​ចាត់ឲ្យ​ទីប្រឹក្សា​របស់​គាត់​មួយ​រូប​បំពេញ​ការទទួល​ខុសត្រូវ​នេះ​ក្រោម​ការដឹកនាំ​របស់​គាត់ ។

ទីប្រឹក្សា​ដែល​បាន​ចាត់​រូប​នេះ​ជួប​នឹង​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ជាទៀង​ទាត់ ។ ពួកគាត់​ប្រឹក្សា​អំពី​សេចក្ដី​ត្រូវការ​របស់​សាលា​ថ្ងៃ​អាទិត្យ របៀប​ដែល​ថ្នាក់នេះ​កំពុង​សម្រេច​បាន​គោលបំណង​របស់​ខ្លួន និង​ការទទួល​ខុសត្រូវ​ដែល​បាន​គូសបញ្ជាក់​នៅក្នុង ១៣.២.២.២ ។

១៣.២.២

ប្រធាន​សាលា​ថ្ងៃ​អាទិត្យ

១៣.២.២.១

ការហៅ​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ

ប៊ីស្សព​ហៅ ហើយ​ញែកចេញ​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ម្នាក់​ឲ្យ​ធ្វើជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​វួដ ។ ពួកគាត់​ពិភាក្សា​គ្នា​ថា​តើ​គួរតែ​ហៅ​ទីប្រឹក្សា​ដែរ​ឬ​អត់ ។ ប្រសិនបើ​ត្រូវការ​ទីប្រឹក្សា ហើយ​ប្រសិនបើ​មាន​បុរស​គ្រប់គ្រាន់​ដើម្បី​បម្រើ​នៅក្នុង​តួនាទី​ទាំងនេះ នោះ​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​អាច​នឹង​ណែនាំ​ឈ្មោះ​របស់​ទីប្រឹក្សា​ម្នាក់ ឬ​ពីរ​នាក់ ។ ប្រសិនបើ​គណៈប៊ីស្សព​អនុម័ត នោះ​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​ផ្ដល់​ការហៅ​បម្រើ​ដល់​ពួកគេ ។

សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​បង្ហាញ​ឈ្មោះ​សមាជិក​ក្នុង​គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ដើម្បី​ទទួល​ការគាំទ្រ​ពី​សមាជិក​វួដ ។ សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​ក៏​ធ្វើ​ពិធី​ញែក​ពួកគេ​ចេញ​ផងដែរ ។

នៅក្នុង​វួដ​ធំ​មួយ គណៈប៊ីស្សព​អាច​ហៅ ហើយ​ធ្វើ​ពិធី​ញែកចេញ​ដល់​បរុស​ម្នាក់​ឲ្យ​ធ្វើជា​លេខា​សម្រាប់​សាលា​ថ្ងៃ​អាទិត្យ​បាន ។ ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​អាច​ផ្ដល់​អនុសាសន៍​ថា​ត្រូវ​ហៅ​នរណា​ឲ្យ​បម្រើ ។ លេខា​រូប​នោះ​អាច​ជួយ​គណៈប្រធាន​តាមដាន​ការចាត់​តាំង ឬ​វត្តមាន ប្រសិនបើ​ចាំបាច់ ។

១៣.២.២.២

ការទទួល​ខុសត្រូវ

ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​មាន​ការទទួល​ខុសត្រូវ​ដូច​ខាងក្រោម ។ ប្រសិនបើ​គាត់​មាន​ទីប្រឹក្សា នោះ​ពួកគេ​ជួយ​ដល់​គាត់ ។

  • បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​វួដ ។ គាត់​បម្រើ​ជា (១) សមាជិក​មួយ​រូប​នៃ​ក្រុមប្រឹក្សា​ដែល​ជួយ​បំពេញ​តាម​សេចក្ដី​ត្រូវការ​នៅក្នុង​វួដ ហើយ​ស្វែងរក​ដំណោះស្រាយ​នានា និង (២) ជា​អ្នកតំណាង​ឲ្យ​សាលា​ថ្ងៃ​អាទិត្យ ( សូម​មើល ២៩.២.៥ ) ។

  • មើលការ​ខុសត្រូវ​លើ​កិច្ចខិតខំ ដើម្បី​កែលម្អ​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​នៅ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ ។

  • រៀបចំ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ដោយ​មាន​ការអនុម័ត​ពី​គណៈប៊ីស្សព ( សូមមើល ១៣.៣ ) ។ ផ្តល់​អនុសាសន៍​សមាជិក​មជ្ឈិមវ័យ ដែល​ត្រូវ​ហៅ​ជា​គ្រូបង្រៀន​សម្រាប់​សាលា​ថ្ងៃ​អាទិត្យ​ទៅ​គណៈប៊ីស្សព ។

  • គាំទ្រ លើក​ទឹកចិត្ត ហើយ​ណែនាំ​ដល់​គ្រូបង្រៀន​សាលាថ្ងៃ​អាទិត្យ ។ ជួយ​ពួកគាត់​ឲ្យ​ក្លាយជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏​មាន​ប្រសិទ្ធភាព​តាមរយៈ​ការធ្វើ​តាម​គោលការណ៍​នៅក្នុង​បទគម្ពីរ និង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ លើក​ទឹកចិត្ត​ពួកគាត់​ឲ្យ​សិក្សា ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​ស្របតាម​ការណែនាំ​របស់​ប៊ីស្សព ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។

  • លើក​ទឹកចិត្ត​គ្រូបង្រៀន​ឲ្យ​ជួយ​ដល់​សមាជិក​ដែល​មិន​បាន​ចូលរៀន​នៅក្នុង​ថ្នាក់ ។

១៣.២.៣

គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ

ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​អាច​នឹង​ណែនាំ​ឈ្មោះ​សមាជិក​ដែល​ត្រូវ​ហៅ​ឲ្យ​ធ្វើ​ជា​គ្រូបង្រៀន​សាលា​ថ្ងៃ​អាទិត្យ ។ ប្រសិនបើ​គណៈប៊ីស្សព​អនុម័ត នោះ​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​ធ្វើ​ការហៅ ហើយ​ញែក​ពួកគាត់​ចេញ ។

គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ​រៀន​ស្គាល់​សមាជិក​ក្នុង​ថ្នាក់ រួមទាំង​អ្នក​ដែល​មិន​បាន​ចូលរៀន​នៅក្នុង​ថ្នាក់​ផងដែរ ។ គ្រូបង្រៀន​គាំទ្រ​ដល់​ពួកគេ​ក្នុង​កិច្ចខិតខំ​រៀនសូត្រ និង​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​ពួកគេ ។

ដើម្បី​រៀបចំ​ខ្លួន​បង្រៀន គ្រូបង្រៀន​សាលាថ្ងៃ​អាទិត្យ​ប្រើ​បទគម្ពីរ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ។ ពួកគាត់​ធ្វើតាម​គោលការណ៍​នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ និង ជំពូកទី ១៧ នៃ​ក្បួនខ្នាត​នេះ ។

គ្រូបង្រៀន​សាលា​ថ្ងៃ​អាទិត្យ​ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​ជារៀង​រាល់​ត្រីមាស ( សូមមើល ១៧.៤ ) ។

១៣.៣

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ​ទី​មួយ និង​ទី​បី​នៃ​ខែ​នីមួយៗ ។ វា​មាន​រយៈពេល ៥០ នាទី ។

ដោយ​មាន​ការអនុម័ត​របស់​ប៊ីស្សព ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​រៀបចំ​ថ្នាក់​សម្រាប់​មជ្ឈិមវ័យ និង​យុវវ័យ ។ ប្រសិនបើ​គាត់​មាន​ទីប្រឹក្សា នោះ​ពួកគេ​ជួយ​ដល់​គាត់ ។

ចំនួន​ថ្នាក់​រៀន​គឺ​អាស្រ័យ​ទៅលើ ( ១ ) ចំនួន​សមាជិក​នៅក្នុង​វួដ និង ( ២ ) ចំនួន និង​ទំហំ​បន្ទប់​ដែល​មាន ។ ជាធម្មតា ថ្នាក់រៀន​តូចៗ​ធ្វើឲ្យ​មាន​ភាពងាយស្រួល​ជាង​ចំពោះ​មនុស្ស​ភាគច្រើន ទាំង​ក្នុង​ការចូលរួម និង​ការរៀនសូត្រ​យ៉ាង​សកម្ម ។ ក្រុមប្រឹក្សា​វួដ​អាច​ជួយ​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ពី​ចំនួន​ថ្នាក់រៀន ដែល​ត្រូវ​រៀបចំ​ឡើង​សម្រាប់​សាលា​ថ្ងៃ​អាទិត្យ​បាន ។

ជា​ធម្មតា ក្រុម​យុវជន និង​ក្រុម​យុវនារី​ចាប់ផ្ដើម​ចូល​រៀន​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​យុវវ័យ​នៅ​ដើម​ឆ្នាំ ដែល​ពួកគេ​ឈាន​ចូល​អាយុ ១២ ឆ្នាំ ។ ពួកគេ​អាច​ចាប់ផ្តើម​ចូលរៀន​ថ្នាក់​មជ្ឈិមវ័យ នៅពេល​ពួកគេ​មាន​អាយុ ១៨ ឆ្នាំ ។

ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​រៀបចំ​ថ្នាក់រៀន​ឲ្យ​យុវវ័យ​ឲ្យ​បាន​ច្រើន​តាម​តម្រូវការ ។ យុវវ័យ​គួរតែ​ត្រូវបាន​ចាត់​ទៅតាម​ថ្នាក់​នានា​ស្របតាម​អាយុ​របស់​ពួកគេ ។ ប្រសិនបើ​មាន​យុវវ័យ​ពីរ​បី​នាក់​ដែល​មាន​អាយុ​ស្របាលគ្នា នោះ​ពួកគេ​ប្រហែលជា​ត្រូវ​រៀន​នៅក្នុង​ថ្នាក់រៀន​មួយ ជាមួយ​នឹង​យុវវ័យ​ដែល​មាន​អាយុ​ស្របាល​គ្នា ។ ពួកគេ​រៀន​នៅក្នុង​ថ្នាក់​តែមួយ​រហូត​ដល់​ខែ​មករា​ឆ្នាំ​ថ្មី ។

យ៉ាង​ហោច​ណាស់​គួរតែ​មាន​មជ្ឈិមវ័យ​ពីរ​នាក់​ដែល​មាន​ការទទួល​ខុសត្រូវ មាន​វត្តមាន​នៅក្នុង​ថ្នាក់​នីមួយៗ​សម្រាប់​យុវវ័យ ។ មជ្ឈិមវ័យ​ពីរនាក់​នោះ​អាច​ជា​បុរស​ទាំងពីរ​នាក់ ជា​ស្ត្រី​ទាំងពីរ​នាក់ ឬ​ជា​ស្វាមី​ភរិយា​ដែល​បាន​រៀបការ​ហើយ​មួយ​គូ ។ ដើម្បី​បំពេញ​តាម​តម្រូវការ​នេះ ថ្នាក់​នានា​ប្រហែល​ជា​ត្រូវ​ដាក់​បញ្ចូល​គ្នា ។

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​យុវវ័យ​ត្រូវតែ​បំពេញ​វគ្គ​បណ្តុះ​បណ្តាល​ការការពារ​កុមារ និង​យុវវ័យ​ក្នុង​រយៈពេល​មួយ​ខែ បន្ទាប់​ពី​ត្រូវបាន​គាំទ្រ​ការហៅ​បម្រើ ( ProtectingChildren.ChurchofJesusChrist.org ) ។ បន្ទាប់ពី​នោះ ពួកគេ​ចូលរៀន​វគ្គ​បំពាក់បំប៉ន​នោះ​ម្តងទៀត​រៀងរាល់​បីឆ្នាំ​ម្ដង ។

រូបភាព
ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​យុវវ័យ

១៣.៣.១

សាខា​តូចៗ

នៅក្នុង​សាខា​តូច​មួយ ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​អាច​ធ្វើជា​អ្នកដឹកនាំ​ផង និង​ធ្វើជា​គ្រូបង្រៀន​ផង តែម្នាក់​ឯង ។ គាត់​បង្រៀន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ដល់​យុវវ័យ និង​មជ្ឈិមវ័យ​ទាំងអស់​ក្នុង​សាខា ។

១៣.៣.២

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​ក្រុម​ពិសេស

ប្រសិនបើ​ចាំបាច់ ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​អាច​រៀបចំ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​ក្រុម​ពិសេស​បាន ។ កម្មវិធី​សិក្សា​សម្រាប់​ថ្នាក់​ទាំង​នេះ​គឺ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ។

ក្រុម​ទាំងឡាយ​អាច​ទទួល​បាន​អត្ថប្រយោជន៍​មក​ពី​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​ពួកគេ​ផ្ទាល់ រួម​មាន ៖

  • យុវមជ្ឈិមវ័យ​នៅលីវ ។

  • សមាជិក​ដែល​មិន​ចេះ​និយាយ​ភាសា​ទីមួយ​របស់​វួដ ។

  • សមាជិក​ថ្មី សមាជិក​ដែល​ត្រឡប់​មកវិញ និង​អស់​អ្នក​កំពុង​រៀន​អំពី​សាសនាចក្រ ។

  • ក្រុម​ផ្សេងទៀត​ដូច​ដែល​ប៊ីស្សព​បាន​ជូន​ដំណឹង ។

១៣.៤

ការកែលម្អ​ដល់​ការរៀនសូត្រ និង​ការបង្រៀន​នៅក្នុង​វួដ

ថ្នាក់ដឹកនាំ​វួដ​មើលការ​ខុសត្រូវ​លើ​ការកែលម្អ​ការរៀនសូត្រ និង​ការបង្រៀន​នៅក្នុង​អង្គការ​របស់​ខ្លួន ។ កិច្ចការ​នេះ​រួម​មាន​នូវ​ការណែនាំ​ដល់​គ្រូបង្រៀន​ដែល​ទើប​ហៅ​ថ្មី ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៨ ) ។ ពួកគាត់​អាច​ស្នើសុំ​ជំនួយ​ពី​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ ប្រសិនបើ​ចាំបាច់ ។

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​ត្រូវបាន​ធ្វើឡើង​រៀងរាល់​ត្រីមាស​អំឡុង​ម៉ោង​រៀន​រយៈពេល ៥០ នាទី​នៅ​ថ្ងៃ​អាទិត្យ ( សូមមើល ១៧.៤ ) ។ គោលបំណង​នៃ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​នេះ​គឺ​ដើម្បី​ជួយ​កែលម្អ​ការរៀនសូត្រ និង​ការបង្រៀន ។ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ គឺជា​ធនធាន​ដ៏សំខាន់​សម្រាប់​ការប្រជុំ​ទាំងនេះ ។

ក្រុមប្រឹក្សា​វួដ​មើលការ​ខុសត្រូវ ហើយ​ដាក់​កាលវិភាគ​សម្រាប់​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន ។ ជាធម្មតា ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ដឹកនាំ​ការប្រជុំ​ទាំងនេះ ។ ទោះជា​យ៉ាងណា​ក្ដី ក៏​គណៈប៊ីស្សព​អាច​ស្នើសុំ​ឲ្យ​សមាជិក​ផ្សេងទៀត​ដឹកនាំ​ការប្រជុំ​ទាំងនេះ​បាន​ផងដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣ ឬ​នៅលើ​គេហទំព័រ teaching.ChurchofJesusChrist.org ។

១៣.៥

ការកែលម្អ​ដល់​ការរៀនសូត្រ និង​ការបង្រៀន​នៅក្នុង​គេហដ្ឋាន

ឪពុកម្តាយ​ទទួល​ខុសត្រូវ​លើ​ការបង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​ខ្លួន ។ ពួកគាត់​អាច​ស្នើសុំ​ឲ្យ​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ជួយ​ពួកគាត់ ដើម្បី​អភិវឌ្ឍ​ខ្លួន​ក្នុងនាម​ជា​គ្រូបង្រៀន​បាន ។

ក្រុមប្រឹក្សា​វួដ​អាច​រៀបចំ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​សម្រាប់​ឪពុកម្ដាយ ដើម្បី​ជួយ​ពួកគាត់​ឲ្យ​កែលម្អ​ដល់​ការបង្រៀន​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន ។ ដូចគ្នា​នឹង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​ផ្សេងទៀត​ដែរ ការប្រជុំ​ទាំងនេះ​ត្រូវបាន​ធ្វើ​ឡើង​នៅ​អំឡុង​ម៉ោង​រៀន​រយៈពេល ៥០ នាទី​នៅ​ថ្ងៃ​អាទិត្យ ។ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ គឺជា​ធនធាន​ដ៏សំខាន់​សម្រាប់​ការប្រជុំ​ទាំងនេះ ។

រូបភាព
ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​មជ្ឈិមវ័យ

១៣.៦

ថ្នាក់ដឹកនាំ​សាលា​ថ្ងៃ​អាទិត្យ​ស្តេក

ប្រធាន​ស្តេក​ចាត់​ទីប្រឹក្សា​របស់​គាត់​មួយ​រូប​ឲ្យ​មើលការ​ខុសត្រូវ​លើ​សាលា​ថ្ងៃ​អាទិត្យ​នៅក្នុង​ស្តេក ។ គាត់​ក៏​ហៅ និង​ញែកចេញ​ដល់​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​ឲ្យ​ធ្វើជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ប្រចាំ​ស្តេក​ផងដែរ ។

ការទទួល​ខុសត្រូវ​នានា​របស់​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ស្តេក​ត្រូវបាន​ចែង​នៅក្នុង ៦.៧.១ និង ៦.៧.៣ ។ ប្រសិនបើ​ទីប្រឹក្សា​ត្រូវបាន​ហៅ នោះ​ពួកគាត់​ជួយ​ដល់​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ ។

១៣.៧

គោលការណ៍​ណែនាំ​បន្ថែម

១៣.៧.១

សមាជិក​ដែល​មាន​ពិការភាព

គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ​ផ្ដល់​ការមើលថែ​ជា​ពិសេស​ដល់​សមាជិក​ក្នុង​ថ្នាក់​ដែល​មាន​ពិការភាព ។ សម្រាប់​ព័ត៌មាន​អំពី​ការបង្រៀន​ដល់​សមាជិក​ដែល​មាន​ពិការភាព សូមមើល​នៅលើ​គេហទំព័រ disabilities.ChurchofJesusChrist.org; សូមមើល​ផងដែរ ៣៨.៨.២៦ នៅក្នុង​ក្បួនខ្នាត​នេះ ។

១៣.៧.២

មជ្ឈមណ្ឌល​ធនធាន

សាលា​ប្រជុំ​មួយ​ចំនួន​មាន​មជ្ឈមណ្ឌល​ធនធាន​មួយ ( បណ្ណាល័យ ) ដើម្បី​ជួយ​សមាជិក​ឲ្យ​រៀនសូត្រ និង​បង្រៀន​ដំណឹងល្អ ។ ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​វួដ​មើលការ​ខុសត្រូវ​លើ​មជ្ឈមណ្ឌល​ធនធាន​នោះ ។ វួដ​ដែល​ប្រើប្រាស់​សាលា​ប្រជុំ​ចូលគ្នា​ក៏​ប្រើប្រាស់​មជ្ឈមណ្ឌល​ធនធាន​នោះ​ជាមួយគ្នា​ផងដែរ ។ ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ព្រមទាំង​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ក៏​ប្រើប្រាស់​មជ្ឈមណ្ឌល​ធនធាន​នោះ​ជាមួយ​នឹង​វួដ​ផងដែរ ។

នៅ​ក្នុង​សាលា​ប្រជុំ​ដែល​មាន​មជ្ឈ​មណ្ឌល​ធនធាន​មួយ គណៈប៊ីស្សព​ហៅ​អ្នក​ជំនាញ​ផ្នែក​មជ្ឈមណ្ឌល​ធនធាន​ម្នាក់ ។ ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​អាច​ផ្ដល់​ការណែនាំ​ពី​មនុស្ស​ដែល​ត្រូវ​ហៅ ។ ឬ​គណៈប៊ីស្សព​អាច​ស្នើសុំ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ឲ្យ​ធ្វើជា​អ្នកជំនាញ ។ បុគ្គល​រូប​នេះ ៖

  • រៀបចំ ហើយ​មើលថែ​ធនធាន​ទាំងនោះ ។

  • ជួយ​ដល់​ថ្នាក់ដឹកនាំ គ្រូបង្រៀន និង​សមាជិក​ផ្សេងទៀត​ឲ្យ​ទទួល​បាន និង​ប្រើប្រាស់​ធនធាន​ទាំងនេះ ។

ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ប្រឹក្សា​នឹង​អ្នកជំនាញ​មជ្ឈមណ្ឌល​ធនធាន​ដើម្បី​កំណត់​ថា តើ​មជ្ឈមណ្ឌល​ធនធាន​នោះ​ត្រូវការ​ថវិកា​ប្រចាំ​ឆ្នាំ​ដែរ​ឬទេ ។ បន្ទាប់មក គាត់​ផ្ដល់​អនុសាសន៍​មួយ​ទៅ​កាន់​គណៈប៊ីស្សព ។

អ្នកជំនាញ​នៅ​មជ្ឈមណ្ឌល​ធនធាន​គួរតែ​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​រៀងរាល់​សប្ដាហ៍ និង​ការប្រជុំ​ផ្សេងៗ​នៅ​ថ្ងៃ​អាទិត្យ​ឲ្យ​បាន​ទៀងទាត់ ។ ប្រសិនបើ​ចាំបាច់ គណៈប៊ីស្សព​អាច​ហៅ​ជំនួយការ​ម្នាក់​ដើម្បី​ជួយ​ដល់​អ្នកជំនាញ​នោះ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល « មជ្ឈមណ្ឌល​ធនធាន » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។