« មេរៀនទី ១៨៤—ការមើលថែរូបកាយខាងសាច់ឈាមរបស់យើង ៖ ការគោរពច្បាប់នៃសុខភាពផ្លូវកាយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការមើលថែរូបកាយខាងសាច់ឈាមរបស់យើង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
មេរៀនទី ១៨៤ ៖ សុខភាពផ្លូវកាយ និងផ្លូវចិត្ត
ការមើលថែរូបកាយខាងសាច់ឈាមរបស់យើង
ការគោរពច្បាប់នៃសុខភាពផ្លូវកាយ
រូបកាយខាងសាច់ឈាមរបស់យើងគឺជាអំណោយទានដ៏អស្ចារ្យមួយពីព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់ ។ យើងគោរពអំណោយទាននេះដោយធ្វើការជ្រើសរើសដ៏ឈ្លាសវៃក្នុងការមើលថែរូបកាយរបស់យើង ។ មេរៀននេះអាចជួយសិស្សបង្ហាញការដឹងគុណចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរយៈការមើលថែរូបកាយខាងសាច់ឈាមរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
រូបកាយខាងសាច់ឈាមរបស់យើង
ចំណាំ ៖ ខណៈពេលបង្រៀនមេរៀននេះ វាជាការសំខាន់ដែលត្រូវចងចាំថា ប្រធានបទនេះអាចពិបាកសម្រាប់សិស្សមួយចំនួន ។ ការមើលថែរូបកាយខាងសាច់ឈាមរបស់ពួកគេគឺពិបាកក្រៃលែងសម្រាប់អ្នកដែលមានបញ្ហាភាពមិនប្រក្រតីនៃការទទួលទាន ពិការភាព មានជំងឺធ្ងន់ធ្ងរ និងកាលៈទេសៈផ្សេងៗទៀត ។
សូមជួយសិស្សឲ្យរៀបចំដើម្បីសិក្សាមេរៀននេះដោយអញ្ជើញពួកគេឲ្យចែកចាយសម្ពាធដែលមនុស្សទទួលអារម្មណ៍ និងគុណលក្ខណៈដែលមនុស្សមានអំពីរូបរាងខាងក្រៅរបស់ពួកគេ ។ របៀបមួយដើម្បីធ្វើបែបនេះគឺត្រូវសរសេរពាក្យ រូបកាយ នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេអំពីសំណួរដូចខាងក្រោម ៖
-
តើមានសម្ពាធខុសគ្នាអ្វីខ្លះដែលមនុស្សអាចនឹងមានអារម្មណ៍ចំពោះរូបកាយរបស់ពួកគេ ?
-
តើមនុស្សមានគុណលក្ខណៈខុសគ្នាយ៉ាងណាចំពោះរូបកាយរបស់ពួកគេ ?
សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរូបកាយរបស់អ្នក ? ហេតុអ្វី ?
-
តើអ្នកមានអារម្មណ៍ថា អ្នកថែរក្សារូបកាយរបស់អ្នកបានល្អប៉ុនណា ? ហេតុអ្វី ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីរបៀបដែលអ្នកអាចមើលថែរូបកាយខាងសាច់ឈាមរបស់អ្នក ។
សេចក្តីពិតពីព្រះអម្ចាស់អំពីរូបកាយរបស់យើង ។
សូមអានកថាខណ្ឌទីមួយនៃផ្នែក « រូបកាយរបស់អ្នកគឺពិសិដ្ឋ » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( [ ឆ្នាំ ២០២២ ] ទំព័រ ២៣ ) ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះ ?
នៅពេលសិស្សចែកចាយ សូមសរសេរសេចក្តីពិតណាមួយដែលពួកគេបានលើកឡើងនៅលើក្ដារខៀន ។ សូមពិចារណាឲ្យសិស្សពន្យល់ពីមូលហេតុដែលពួកគេមានអារម្មណ៍ថា សេចក្ដីពិតគឺមានសារៈសំខាន់សម្រាប់ក្មេងជំទង់សព្វថ្ងៃ ។
ប្រសិនបើសិស្សមិនបានលើកឡើងទេ សូមបន្ថែមសេចក្តីពិតដូចតទៅនេះទៅក្នុងបញ្ជីនៅលើក្ដារខៀន ៖ រូបកាយរបស់អ្នកគឺជាអំណោយទានដ៏អស្ចារ្យមកពីព្រះវរបិតាសួគ៌ ។
-
តើការដឹងថារូបកាយរបស់យើងជាអំណោយទានមកពីព្រះអាចជះឥទ្ធិពលដល់គុណលក្ខណៈរបស់យើងចំពោះរូបកាយរបស់យើងយ៉ាងដូចម្ដេច ?
-
តើការដឹងពីសេចក្តីពិតនេះអាចជះឥទ្ធិពលដល់របៀបដែលយើងថែទាំរូបកាយរបស់យើងយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យយល់អំពីគោលការណ៍នេះ និងរបៀបថែទាំអំណោយទាននៃរូបកាយរបស់យើង នោះអ្នកអាចបំបែកសំណៅចែក « ការមើលថែរូបកាយខាងសាច់ឈាមរបស់យើង » ទៅជាទីតាំងរៀនសូត្របួន ។ អ្នកអាចរៀបចំថ្នាក់រៀនជាក្រុមតូចៗ ដែលផ្លាស់ប្តូរតាមរយៈសកម្មភាពសិក្សានីមួយៗ ។ អ្នកអាចផ្តល់ក្រដាសមួយសន្លឹកដែលស្ថិតនៅទីតាំងនីមួយៗសម្រាប់សិស្សដើម្បីបំពេញផ្នែកសរសេរនៅចុងផ្នែកនីមួយៗ ។ បន្ទាប់មក សិស្សអាចអានអ្វីដែលក្រុមផ្សេងទៀតបានសរសេរ ហើយបន្ថែមទៅលើសំណេរនោះ
ការមើលថែរូបកាយខាងសាច់ឈាមរបស់យើង
រូបភាពរូបកាយរបស់យើង
-
តើយោបល់របស់អ្នកដទៃអាចមានឥទ្ធិពលយ៉ាងណាទៅលើអារម្មណ៍របស់យើងចំពោះរូបកាយរបស់យើង ?
-
តើសេចក្តីពិតដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងដឹងនៅក្នុង លោកុប្បត្តិ ១:២៦–២៧ និង កូរិនថូស ទី១ ៦:១៩–២០ ខុសគ្នាពីសារដែលយើងបានទទួលពីអ្នកដទៃដោយរបៀបណា ?
សូមសិក្សាដំបូន្មានខាងក្រោមនេះ ដែលព្រះអម្ចាស់បានប្រទានតាមរយៈប្រធាន រ័សុល អិម ណិលសុន និង អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ ដោយរកមើលអ្វីដែលអាចជួយដល់រូបភាពនៃរូបកាយរបស់យើង ៖
រាល់ពេលអ្នកមើលក្នុងកញ្ចក់ អ្នកឃើញរូបកាយអ្នកជាព្រះវិហាររបស់អ្នក ។ សេចក្ដីពិតនោះ—រំឭកដោយការដឹងគុណរាល់ថ្ងៃ—អាចជាឥទ្ធិពលវិជ្ជមានដល់ការសម្រេចចិត្តអ្នក អំពីរបៀបដែលអ្នកនឹងមើលថែដល់រូបកាយ និងរបៀបដែលអ្នកប្រើប្រាស់វា ។ ហើយការសម្រេចចិត្តទាំងនោះ នឹងកំណត់ជោគវាសនាអ្នក ។ ( រ័សុល អិម ណិលសុន « Decisions for Eternity » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ១០៧ )
ខ្ញុំសូមអង្វរបងប្អូន … សូមឲ្យបងប្អូនទទួលយកខ្លួនឯងឲ្យបានច្រើន ដោយរួមទាំងរូបរាង និងរចនាបថរបស់បងប្អូន ដោយកុំឲ្យមើលទៅមានលក្ខណៈដូចជាអ្នកដទៃច្រើនពេក ។ យើងទាំងអស់គ្នាភាពខុសៗគ្នា ។ អ្នកខ្លះខ្ពស់ អ្នកខ្លះក៏ទាប ។ ខ្លះមានរាងមូល ហើយខ្លះទៀតមានរាងស្តើង ។ ហើយនៅពេលខ្លះមនុស្សស្ទើរតែគ្រប់គ្នា ឬអ្នកផ្សេងទៀតចង់ធ្វើជាអ្វីដែលមិនមែនជាខ្លួនឯង ! ប៉ុន្តែដូចជាអ្នកប្រឹក្សាដល់ក្មេងស្រីវ័យជំទង់ម្នាក់បាននិយាយ ៖ « អ្នកមិនអាចរស់នៅក្នុងជីវិតដោយព្រួយបារម្ភពីអ្វីដែលអ្នកដទៃនិយាយនោះទេ ។ នៅពេលអ្នកអនុញ្ញាតឲ្យគំនិតរបស់មនុស្សធ្វើឲ្យអ្នកមានភាពអៀនខ្មាសខ្លួនឯង នោះអ្នកបោះបង់ចោលអំណាចរបស់អ្នកហើយ ។ … គន្លឹះដើម្បីមាន [ ទំនុកចិត្ត ] គឺត្រូវស្តាប់ខ្លួនឯងជានិច្ច —[ ខ្លួនអ្នកពិតប្រាកដ ] » ។ នៅក្នុងនគររបស់ព្រះ ខ្លួនអ្នកពិតប្រាកដគឺ « មានតម្លៃជាជាងត្បូងទទឹម » [ សុភាសិត ៣:១៥ ] ។ ( ជែហ្វ្រី អ័រ ហូឡិន « To Young Women » Liahona ខែវិច្ឆិកា ឆ្នាំ២០០៥ ទំព័រ២៩ )
-
តើអ្នករៀនបានអ្វីខ្លះមកពីសេចក្តីថ្លែងការណ៍ទាំងនេះ ?
សូមសរសេរអ្វីមួយដែលអ្នកគិតថាព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកនិយាយទៅកាន់នរណាម្នាក់ដែលកំពុងមានការលំបាកក្នុងការមានអារម្មណ៍វិជ្ជមានអំពីរូបកាយរបស់ពួកគេ ។
ដំណេក
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១២៤ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីដំណេក ។
-
អ្នកគិតថា ហេតុអ្វីដំណេកមានសារៈសំខាន់ ?
ការដេកមិនបានគ្រប់គ្រាន់អាចជាបញ្ហាសុខភាពដ៏សំខាន់ ។ អ្នកជំនាញភាគច្រើនណែនាំឲ្យក្មេងជំទង់ដេកពី ៨ ទៅ ១០ ម៉ោងក្នុងមួយយប់ ( សូមមើល National Sleep Foundation « How Much Sleep Do You Really Need? » ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅលើគេហទំព័រ thensf.org ) ។ ការដេកមិនគ្រប់គ្រាន់អាចធ្វើឲ្យមនុស្សនឿយហត់ ធ្វើការមិនបានល្អ និងខ្វះការគាំពារចំពោះបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ។ ការមានអារម្មណ៍នឿយហត់អាចធ្វើឲ្យយើងងាយទទួលការល្បួង ។
-
តើអ្នកមើលឃើញទម្លាប់ដេកជះឥទ្ធិពលដល់ជីវិតរបស់អ្នកដោយរបៀបណា ?
-
តើទម្លាប់ដេកត្រឹមត្រូវអាចបង្កើនសមត្ថភាពរបស់យើងដើម្បីបម្រើព្រះអម្ចាស់យ៉ាងដូចម្ដេច ?
សូមពិភាក្សាជាមួយក្រុមរបស់អ្នកនូវដំបូន្មានដែលអ្នកនឹងឲ្យទៅនរណាម្នាក់ដែលចង់អភិវឌ្ឍទម្លាប់ដេករបស់ពួកគេ ឬនរណាដែលអ្នកចង់ណែនាំឲ្យពួកគេទទួលការទូន្មាន ។ សូមសរសេរគំនិតរបស់អ្នកនៅលើក្រដាសដែលបានផ្តល់ឲ្យ ។
លំហាត់ប្រាណ និងរបៀបរស់នៅដែលសកម្ម
ការខ្ជិលច្រអូសសំដៅលើការខ្ជះខ្ជាយពេលវេលា ខ្ជិល ឬគេចវេសពីការងារ ។ សូមអានខគម្ពីរមួយ ឬពីរខាងក្រោមនេះ ដោយរកមើលអារម្មណ៍របស់ព្រះអម្ចាស់អំពីបុត្រាបុត្រីរបស់ទ្រង់ដែលខ្ជិលច្រអូស ឬបង្ខាតពេល ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៤២; ៦០:១៣; ៧៥:៣ ។
-
ហេតុអ្វីអ្នកគិតថាព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងសកម្ម និងឧស្សាហ៍ព្យាយាមជាជាងខ្ជិលច្រអូស ឬបង្ខាតពេល ?
-
តើព្រះអម្ចាស់បានប្រទានពរអ្នកយ៉ាងណា នៅពេលអ្នកបានព្យាយាមធ្វើខ្លួនឲ្យសកម្ម និងឧស្សាហ៍ព្យាយាមនោះ ?
-
តើលំហាត់ប្រាណ និងរបៀបរស់នៅដែលសកម្មអាចធ្វើឲ្យសុខភាពផ្លូវចិត្តរបស់យើងប្រសើរឡើងបានដោយរបៀបណា ? តើការណ៍នេះអាចជួយយើងឲ្យបម្រើព្រះអម្ចាស់យ៉ាងដូចម្ដេច ?
សូមសរសេរដំបូន្មានរបស់អ្នកសម្រាប់ក្មេងវ័យជំទង់ម្នាក់ដែលមានចិត្តចង់អភិវឌ្ឍកម្រិតលំហាត់ប្រាណ និងការធ្វើសកម្មភាពរបស់ពួកគេ ។
ទម្លាប់ទទួលទានអាហារដែលមានសុខភាពល្អ
សូមអានខគម្ពីរខាងក្រោម ដោយរកមើលដំបូន្មានរបស់ព្រះអង្គសង្គ្រោះ ទាក់ទងនឹងការជ្រើសរើសអាហារដែលមានសុខភាពល្អ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:១៦–២០; ៨៩:១០–១៦ ។
-
តើជម្រើសអាហាររបស់យើងមានឥទ្ធិពលអ្វីខ្លះមកលើជីវិតរបស់យើង ?
សូមពិភាក្សាអំពីឧបសគ្គខ្លះៗនៃការទទួលទានអាហារដែលមានសុខភាពល្អ ។ សូមចែកចាយរបៀបមួយចំនួនដែលយើងអាចស្វែងរកជំនួយពីព្រះអម្ចាស់ និងយកឈ្នះលើឧបសគ្គទាំងនេះ ។
-
តើអត្ថប្រយោជន៍រយៈពេលវែងអ្វីខ្លះដែលអាចមានក្នុងការធ្វើតាមដំបូន្មានរបស់ព្រះអង្គសង្គ្រោះអំពីការទទួលទានអាហារឲ្យបានល្អ ខណៈដែលអ្នកនៅក្មេង ?
សូមសរសេរ ជាក្រុមនូវបញ្ជីចំនួនបីដែលមានចំណងជើងថា « ចៀសវាង » « ក្នុងពេលខ្លះ » និង « មានសុខភាពល្អ » ។ ធ្វើការជាមួយគ្នា ជ្រើសរើសអាហារធម្មតាមួយចំនួនដែលអ្នកឃើញជារៀងរាល់ថ្ងៃ ។ ពិភាក្សាថាតើប្រភេទមួយណាដែលត្រូវនឹងអាហារនោះ ។
បន្ទាប់ពីការផ្លាស់ប្តូររួចហើយ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀន និងកង្វល់ណាមួយដែលពួកគេអាចមាន ។ សំណួរខាងក្រោមអាចនឹងមានប្រយោជន៍ ៖
-
ហេតុអ្វីបានជាវាពិបាកក្នុងការបង្កើតទម្លាប់ដែលមានសុខភាពល្អ និងមើលថែរូបកាយរបស់យើងឲ្យបានត្រឹមត្រូវ ?
-
តើអ្នកគិតថាការចងចាំថា រូបកាយរបស់យើងគឺជាអំណោយទានមកពីព្រះ អាចជួយបានយ៉ាងដូចម្ដេច ?
-
តើព្រះអម្ចាស់បានជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ឲ្យបង្កើតទម្លាប់ដែលមានសុខភាពល្អយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យចែកចាយសេចក្ដីពិត ឬបទពិសោធន៍ដែលអាចជួយដោះស្រាយបញ្ហាប្រឈម ឬកង្វល់ដែលសិស្សលើកឡើង ។
ដើម្បីបញ្ចប់ សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេនូវអ្វីដែលពួកគេមានអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកគេធ្វើ ដើម្បីមើលថែរូបកាយពួកគេឲ្យកាន់តែប្រសើរ