« មេរៀនទី ១៨៨—ការស៊ូទ្រាំនឹងភាពសោកសៅ និងជំងឺធ្លាក់ទឹកចិត្ត ៖ ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ អាចជួយយើងឲ្យយកឈ្នះលើបញ្ហាផ្លូវចិត្តនៃជីវិតបាន » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការស៊ូទ្រាំនឹងភាពសោកសៅ និងជំងឺធ្លាក់ទឹកចិត្ត » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៨៨ ៖ សុខភាពខាងរាងកាយ និងសតិអារម្មណ៍
ការស៊ូទ្រាំនឹងភាពសោកសៅ និងជំងឺធ្លាក់ទឹកចិត្ត
ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ អាចជួយយើងឲ្យយកឈ្នះលើបញ្ហាផ្លូវចិត្តនៃជីវិតបាន
ព្រះអង្គសង្គ្រោះបានសន្យាថានៅក្នុងទ្រង់ យើងអាចបានសេចក្តីអំណរដ៏ពោរពេញ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:៣៦ ) ។ ទោះជាយ៉ាងណាក៏ដោយ គ្រានៃភាពសោកសៅ និងការបាក់ទឹកចិត្តគឺជាផ្នែកធម្មតាមួយនៃបទពិសោធន៍នៃជីវិតរមែងស្លាប់របស់យើង ។ ពេលខ្លះយើងអាចមានអារម្មណ៍អស់សង្ឃឹម និងការធ្លាក់ទឹកចិត្ដធ្ងន់ធ្ងរខ្លាំង ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានផ្ដល់ធនធានទាំងឡាយដើម្បីជួយយើងឲ្យឈានទៅមុខក្នុងសេចក្ដីជំនឿក្នុងអំឡុងពេលមានការលំបាកខាងសតិអារម្មណ៍ ។ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីរបៀបដែលពួកគេអាចទទួលបានជំនួយចំពោះអារម្មណ៍នៃភាពសោកសៅ និងជំងឺធ្លាក់ទឹកចិត្ដ ។
សកម្មភាពរៀនសូត្រដែលអាចមាន
អារម្មណ៍ប្រៀបដូចជារលកសមុទ្រ
ចំណាំ ៖ វាប្រហែលជាមានប្រយោជន៍ដើម្បីដឹងថា អ្នកមិនចាំបាច់ជាអ្នកជំនាញលើប្រធានបទនេះដើម្បីបង្រៀនមេរៀននេះទេ ។ សូមអធិស្ឋានទូលសុំការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ធ្វើតាមឯកសារទាំងឡាយនេះ និងទុកចិត្តលើសិស្សរបស់អ្នក ។ ប្រសិនបើសិស្សសួរសំណួរដែលអ្នកមិនដឹងថាត្រូវដោះស្រាយយ៉ាងណា ឬបើពួកគេចែកចាយនូវការលំបាកផ្ទាល់ខ្លួនដែលពួកគេប្រឈមមុខនោះ សូមអញ្ជើញពួកគេស្វែងរកជំនួយពីព្រះអម្ចាស់ ឪពុកម្ដាយរបស់ពួកគេ ថ្នាក់ដឹកនាំសាសនាចក្រ និងអ្នកជំនាញសុខភាពផ្លូវចិត្ត ។
ដើម្បីចាប់ផ្តើម សូមបង្ហាញរូបភាព ឬវីដេអូអំពីរលកសមុទ្រ ។ ចែកចាយ ឬសង្ខេបកថាខណ្ឌខាងក្រោម ។
សូមស្រមៃថាកំពុងឈរនៅលើឆ្នេរ ហើយកំពុងមើលរលកសមុទ្រ ។ រលកគឺដូចជាអារម្មណ៍របស់យើងអ៊ីចឹង ។ រលកមួយចំនួនបានបក់មកលើជើងរបស់អ្នកដោយស្រទន់នៅពេលដែលអ្នកឈរ ឬដើរកាត់ទឹក ។ នៅពេលខ្លះទៀតអ្នកប្រហែលជានៅក្នុងទឹកជ្រៅជាងមុន ហើយរលកអាចបោកមកលើអ្នកខ្លាំងជាងមុន ឬ អាចនឹងខ្លាំងជាងអ្វីដែលអ្នកបានរំពឹងទុក រហូតធ្វើឲ្យអ្នកមិនអាចទប់ខ្លួនបាន ។ ពេលខ្លះរលកធំៗអាចបោកមកលើអ្នកដោយកម្រោលយ៉ាងខ្លាំង បោកមួយហើយមួយទៀត ។ អ្នកអាចពិបាកនឹងមានជំហរ ហើយអាចនឹងឈ្លក់ទឹក ឬពិបាកដកដង្ហើម ។
សូមចំណាយពេលមួយភ្លែតដើម្បីពិចារណាអំពីរបៀបដែលការប្រៀបធៀបនេះអាចអនុវត្តចំពោះបញ្ហាផ្លូវចិត្តដូចជាភាពសោកសៅ ការបាក់ទឹកចិត្ត និងការធ្លាក់ទឹកចិត្ត ។
ដើម្បីជួយសិស្សឲ្យវាយតម្លៃអំពីការយល់ដឹងរបស់ពួកគេអំពីប្រធានបទនេះ អ្នកអាចផ្តល់នូវសេចក្តីថ្លែងការណ៍មួយចំនួនដូចខាងក្រោមសម្រាប់សិស្សដើម្បីគិតពិចារណា ។
សូមជញ្ជឹងគិតប្រកបដោយការអធិស្ឋានអំពីសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកថា តើសេចក្តីថ្លែងការណ៍នីមួយៗអនុវត្តចំពោះអ្នកយ៉ាងដូចម្តេច ( ដោយប្រើចម្លើយ « បាទ ឬចាស » « ភាគច្រើន » « តិចតួច » និង « មិនមានសោះ » ) ។
-
ខ្ញុំស្គាល់ភាពខុសគ្នារវាងភាពសោកសៅ ការបាក់ទឹកចិត្ត និងការធ្លាក់ទឹកចិត្ត ។
-
ខ្ញុំដឹងពីសញ្ញានៃការធ្លាក់ទឹកចិត្ត ។
-
ខ្ញុំដឹងពីកន្លែងដើម្បីទទួលបានជំនួយ ប្រសិនបើខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្ត ។
-
ខ្ញុំស្គាល់អំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំនៅពេលខ្ញុំសោកសៅ ឬធ្លាក់ទឹកចិត្ដ ។
ភាពសោកសៅ និង ការធ្លាក់ទឹកចិត្ត
ជួយសិស្សឲ្យយល់ថាភាពសោកសៅ និងការបាក់ទឹកចិត្តគឺពិបាក ប៉ុន្តែវាជាធាតុចាំបាច់នៅក្នុងការរីកចម្រើនរបស់យើង ។ វាគឺដូចជារលកតូចៗ ដែលជាប្រតិកម្មធម្មតាៗចំពោះឧបសគ្គទាំងឡាយ និងការខកចិត្តនៃជីវិត ។ សូមពន្យល់ថាការធ្លាក់ទឹកចិត្ដគឺលើសពីភាពសោកសៅទៅទៀត ។ ការធ្លាក់ទឹកចិត្តមានឥទ្ធិពលយ៉ាងខ្ជាប់ខ្ជួន និងអវិជ្ជមានទៅលើរបៀបដែលមនុស្សម្នាក់គិត មានអារម្មណ៍ និងធ្វើសកម្មភាព ( ដូចជារលកធំៗ ) ។ រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តរួមមានភាពសោកសៅឥតឈប់ឈរ ការអស់សង្ឃឹម ការមានអារម្មណ៍ថាគ្មានតម្លៃ កង្វះកម្លាំងពលំ ការបាត់បង់ការចាប់អារម្មណ៍ចំពោះសកម្មភាពដែលរីករាយពីមុនៗ មានអារម្មណ៍ថាជាបន្ទុកដល់មនុស្សជុំវិញខ្លួន និងការគិតអំពីការស្លាប់ និងការធ្វើអត្តឃាតខ្លួនឯងជាដើម ។ បន្ថែមពីលើនេះទៅទៀតនៅពេលដែលមនុស្សមួយចំនួនធ្លាក់ទឹកចិត្ត ពួកគេអាចមានអារម្មណ៍ថាត្រូវបានរារាំងក្នុងសមត្ថភាពរបស់ពួកគេក្នុងការស្គាល់ព្រះវិញ្ញាណ ។ ( សូមមើល « Understanding Sadness and Depression » នៅក្នុង Strength in the Lord: Emotional Resilience [ ឆ្នាំ២០២១ ] ៧៥ ។ )
គិតអំពីជីវិតរបស់ខ្លួនឯងផ្ទាល់ សូមពិចារណាពីប្រភេទនៃរលកដែលអាចពិពណ៌នាអំពីស្ថានភាពផ្លូវចិត្តបច្ចុប្បន្នរបស់អ្នក ។
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមស្វែងរកការបំផុសគំនិតរបស់ព្រះវិញ្ញាណប្រកបដោយការអធិស្ឋាន ដើម្បីជួយអ្នក និងអស់អ្នកដែលអ្នកស្គាល់ដែលកំពុងដកពិសោធន៍ភាពសោកសៅ និងការធ្លាក់ទឹកចិត្ដ ។
អេសាយ ៦១:១–៣ ពិពណ៌នាអំពីវិធីជាច្រើនដែលព្រះអង្គសង្គ្រោះអាចជួយយើងបាន ។ សូមអានខគម្ពីរទាំងនេះដោយស្វែងរកឃ្លាដែលអ្នកគិតថាអាចអនុវត្តបានដើម្បីជួយនរណាម្នាក់ដែលសោកសៅ ឬធ្លាក់ទឹកចិត្ដ ។ ពាក្យថា « ខ្ញុំ » នៅក្នុងខគម្ពីរទាំងនេះសំដៅទៅព្រះយេស៊ូវគ្រីស្ទ គឺព្រះមែស៊ី ។
-
តើពាក្យ ឬឃ្លាណាខ្លះដែលមានអត្ថន័យសម្រាប់អ្នក ? តើអ្នកបានរកឃើញអ្វីខ្លះដែលអាចជួយនរណាម្នាក់ដែលកំពុងជួបនឹងភាពសោកសៅ ឬការធ្លាក់ទឹកចិត្ដ ?
សិស្សអាចលើកឡើងពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះដើម្បីជួយ លួងលោម និងសម្រាលទុក្ខដល់អស់អ្នកដែលខូចចិត្ត អស់អ្នកដែលមានអារម្មណ៍ថាជាប់ឃុំឃាំង អស់អ្នកដែលកាន់ទុក្ខ និងអស់អ្នកដែលមានអារម្មណ៍ចង់ចុះចាញ់ ។
បន្ទាប់ពីផ្តល់ឱកាសឲ្យសិស្សចែកចាយរួចហើយ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ ។ សេចក្តីថ្លែងការណ៍របស់គាត់អាចជួយសិស្សឲ្យស្គាល់នូវអ្វីដែលពួកគេអាចធ្វើដើម្បីស្វែងរកភាពធូរស្រាលបាន ។
ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ អតីតទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀន ៖
ដូចជាផ្នែកនានានៃរូបកាយដែរ ខួរក្បាលគឺជាចំណែកដែលរងនូវជំងឺ ការឈឺចុកចាប់ និងអតុល្យភាពផ្នែកគីមី ។ ពេលចិត្តយើងកំពុងរងទុក្ខ វាគឺជារឿងត្រឹមត្រូវដែលត្រូវស្វែងរកជំនួយពីព្រះ ពីមនុស្សជុំវិញខ្លួនយើង ព្រមទាំងពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងសុខភាពផ្លូវចិត្ត ។ …
… ការមានអារម្មណ៍សោកសៅ ឬការព្រួយបារម្ភម្ដងម្កាលគឺជារឿងធម្មតាទេ ។ ភាពសោកសៅ និងការភ័យខ្លាចគឺជាអារម្មណ៍ធម្មជាតិរបស់មនុស្ស ។ ប៉ុន្តែបើយើងមានភាពសោកសៅជាទៀងទាត់ ហើយបើការឈឺចាប់របស់យើងបង្អាក់សមត្ថភាពយើង ដើម្បីមានអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌យើង និងព្រះរាជបុត្រារបស់ទ្រង់ ព្រមទាំងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងប្រហែលជារងទុក្ខដោយសារតែការថប់បារម្ភ ការភ័យខ្លាច ឬបញ្ហាផ្លូវចិត្តណាមួយពុំខានឡើយ ។ ( រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៥៧ )
-
តើយើងអាចរៀនពីសេចក្ដីពិតអ្វីខ្លះចេញមកពីសារលិខិតរបស់ស៊ីស្ទើរ អាប៊ើតូ ?
សូមជួយសិស្សឲ្យយល់អំពីសេចក្ដីពិតដែលថា នៅពេលដែលគំនិតរបស់យើងកំពុងរងទុក្ខ យើងគួរតែស្វែងរកជំនួយពីព្រះ ពីមនុស្សជុំវិញខ្លួនយើង ព្រមទាំងពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងសុខភាពផ្លូវចិត្ត ។
ស្វែងរកជំនួយពីព្រះ ពីអ្នកដទៃ និងអ្នកជំនាញ
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍នេះ សូមអញ្ជើញពួកគេឲ្យបត់ក្រដាសមួយទៅជាបីផ្នែក ដើម្បីបង្កើតជាខិតប័ណ្ណមួយ ។ នៅក្នុងខិតប័ណ្ណនោះ ពួកគេអាចកត់ត្រានូវអ្វីដែលពួកគេរៀនអំពីការស្វែងរកជំនួយសម្រាប់ភាពសោកសៅ ឬការធ្លាក់ទឹកចិត្ត ។ នេះអាចមានប្រយោជន៍នៅពេលឥឡូវនេះ ឬនៅពេលអនាគតសម្រាប់ពួកគេ ឬនរណាម្នាក់ដែលពួកគេស្រឡាញ់ ។ សិស្សអាចដាក់ស្លាកវគ្គទាំងបីនេះថា « ស្វែងរកជំនួយមកពីព្រះ » « ស្វែងរកជំនួយមកពីអ្នកដទៃ » និង « ស្វែងរកជំនួយមកពីអ្នកជំនាញ » ។ បន្ទាប់មកផ្តល់ជូនសំណៅចែកដែលមានចំណងជើងថា « ការស្វែងរកជំនួយ » ។ សិស្សអាចធ្វើការដោយខ្លួនឯង ឬនៅក្នុងក្រុមតូចៗ ហើយសរសេរចម្លើយរបស់ពួកគេចំពោះសំណួរនៅលើសំណៅចែកដែលមាននៅក្នុងខិតប័ណ្ណរបស់ពួកគេ ។
ការស្វែងរកជំនួយ
ការស្វែងរកជំនួយមកពីព្រះ
ព្រះវរបិតាសួគ៌បានសន្យាប្រទានជំនួយពីព្រះដើម្បីយើងអាចស៊ូទ្រាំនឹងឧបសគ្គទាំងអស់របស់ជីវិតរមែងស្លាប់ ។ ទ្រង់បានសន្យាថាជំនួយរបស់ទ្រង់នឹងមកដល់តាមរបៀបជាច្រើន ។ បើយើងមិនឃើញជំនួយរបស់ទ្រង់តាមរបៀបណាមួយទេ នោះវាសំខាន់ជានិច្ចថា យើងមិនត្រូវបោះបង់ឡើយ ។ បន្តការស្វែងរក ។ ទ្រង់គង់នៅក្បែរ ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលប្រទានឲ្យអ្នកនូវទំនុកចិត្តថា ទ្រង់ទាំងទ្វេអាចជួយយើងអំពីភាពសោកសៅ និងការធ្លាក់ទឹកចិត្ដបាន ?
សូមអាន យ៉ាកុប ២:៨; អាលម៉ា ២៦:២៧-២៨; គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦; ១៣៦:២៩ ។ សូមស្វែងរកវិធីដែលយើងអាចស្វែងរកជំនួយរបស់ព្រះអម្ចាស់នៅពេលយើងសោកសៅ ឬធ្លាក់ទឹកចិត្ដ ។
-
តើខគម្ពីរទាំងនេះបង្រៀនយើងឲ្យធ្វើអ្វីខ្លះនៅពេលយើងសោកសៅ ឬធ្លាក់ទឹកចិត្ដ ?
-
តើយើងអាចស្វែងរកជំនួយមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
សូមចែកចាយបទពិសោធន៍មួយដែលអ្នកបានស្វែងរកជំនួយមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ប្រសិនបើរឿងនោះមិនមានជារឿងផ្ទាល់ខ្លួនពេកទេ ។
ការស្វែងរកជំនួយមកពីអ្នកដទៃ
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀន ៖
ព្រះទ្រង់ពិតជាសង្កេតមើលយើង ហើយទ្រង់ឃុំគ្រងយើង ។ ប៉ុន្ដែជាធម្មតាទ្រង់បំពេញតម្រូវការយើងតាមរយៈមនុស្សផ្សេងទៀត ដែលគាត់បំពេញសេចក្តីត្រូវការរបស់យើង ។ ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ២០០៦ ] ទំព័រ ៨២ )
នៅពេលយើងមានអារម្មណ៍សោកសៅ ឬធ្លាក់ទឹកចិត្ដ នោះយើងប្រហែលជាមានអារម្មណ៍ថាត្រូវល្បួងឲ្យដកខ្លួនចេញ ឬញែកខ្លួនឯងចេញពីអ្នកដទៃ ។ ការធ្វើបែបនេះអាចដាក់កម្រិតដល់សមត្ថភាពរបស់យើងដើម្បីមើលឃើញជំនួយមកពីព្រះវរបិតាសួគ៌កំពុងបញ្ជូនឲ្យយើង ។ ការជួយដល់អ្នកដទៃអាចរួមមានការនិយាយជាមួយឪពុកម្ដាយ សមាជិកគ្រួសារដែលគួរឲ្យទុកចិត្ត ឬថ្នាក់ដឹកនាំសាសនាចក្រ ។
ចូររាយ ពីរ ឬ បី ចំណុចដែលមនុស្សម្នាក់កំពុងជួបការលំបាកអាចធ្វើ ដើម្បីជួយដល់អ្នកដទៃ ឬឲ្យអ្នកដទៃជួយដល់ពួកគេ ។
ប្រសិនបើមិនមែនជារឿងផ្ទាល់ខ្លួនពេក សូមចែកចាយពីពេលមួយដែលសមាជិកគ្រួសារ ឬមិត្តភក្តិបានជួយអ្នកក្នុងអំឡុងពេលមានភាពសោកសៅ ឬការធ្លាក់ទឹកចិត្ដ ។
ការស្វែងរកជំនួយមកពីអ្នកជំនាញ
ប្រភពជំនួយដ៏សំខាន់មួយដែលយើងអាចស្វែងរក គឺប្រាជ្ញារបស់អ្នកផ្តល់សេវាវេជ្ជសាស្រ្ត និងសុខភាពផ្លូវចិត្តដែលគួរឲ្យទុកចិត្ត ។ សូមគិតអំពីការប្រៀបធៀបពីមុននេះនៃភាពសោកសៅ និងការធ្លាក់ទឹកចិត្តទៅនឹងរលកសមុទ្រ ។ នៅពេលយើងសោកសៅ ( ប្រឈមមុខនឹងរលកតូចៗ ) យើងគួរធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីពេលណាត្រូវស្វែងរកជំនួយពីអ្នកជំនាញវិជ្ជាជីវៈ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងមានអារម្មណ៍ធ្លាក់ទឹកចិត្ត ឬចង់ធ្វើអត្តឃាត ( ប្រឈមមុខនឹងរលកធំៗ ) ការស្វែងរកជំនួយមកពីអ្នកជំនាញគឺសំខាន់ខ្លាំងណាស់ ។
សូមអានសេចក្ដីថ្លែងការណ៍នេះដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់ ដោយស្វែងរកអ្វីដែលព្រះវរបិតាសួគ៌បានប្រទានឲ្យដើម្បីជួយយើងនៅពេលយើងមានបញ្ហា ៖
សូមរកដំបូន្មានពីបុគ្គលមានកេរ្ដិ៍ឈ្មោះល្អដែលទទួលការបណ្ដុះបណ្ដាលដែលមានការទទួលស្គាល់ មាន ជំនាញ វិជ្ជាជីវៈ ហើយស្មោះត្រង់ ។ ចូរស្មោះត្រង់នឹងពួកគេពីដំណើររឿងនិងបញ្ហារបស់អ្នក ។ សូមគិតបិចារណាប្រកបដោយការអធិស្ឋាន និងដោយបុ្រងប្រយ័ត្នពីដំបូន្មាន និងដំណោះស្រាយដែលគេបានផ្ដល់ឲ្យ ។ បើអ្នកមានជំងឺរលាកខ្នែងពោះវៀន ព្រះរំពឹងឲ្យអ្នកស្វែងរកពរជ័យនៃបព្វជិតភាព ហើយ ទទួលយកការព្យាបាលផ្នែកវេជ្ជសាស្ត្រដ៏ល្អបំផុតដែលមាន ។ ដូចគ្នានឹងជំងឺផ្លូវចិត្តដែរ ។ ព្រះវរបិតាយើងរំពឹងឲ្យយើងប្រើ រាល់ អំណោយទានដ៏អស្ចារ្យ ដែលទ្រង់បានប្រទានឲ្យ ក្នុងគ្រាកាន់កាប់ដ៏រុងរឿងនេះ ។ ( ជែហ្វ្រី អ័រ ហូឡិន « Like a Broken Vessel » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ៤១ )
នៅលើខិតប័ណ្ណរបស់អ្នក សូមសរសេរផ្នែកមួយនៃសេចក្តីថ្លែងការណ៍របស់អែលឌើរ ហូឡិន ដែលមានអត្ថន័យចំពោះអ្នក ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់សម្រាប់នរណាម្នាក់ក្នុងការស្វែងរកជំនួយដែលមានវិជ្ជាជីវៈសម្រាប់ជំងឺធ្លាក់ទឹកចិត្ដ ?
ជួយសិស្សឲ្យស្វែងរកកន្លែងដែលពួកគេនឹងបែរទៅស្វែងរកជំនួយដែលមានវិជ្ជាជីវៈ ។ យោបល់ទាំងនេះអាចធ្វើដោយសាមញ្ញដូចជា ការនិយាយទៅកាន់អ្នកប្រឹក្សាសាលា ឪពុកឬម្ដាយ ឬអ្នកដឹកនាំសាសនាចក្រដែលគួរឲ្យទុកចិត្តដើម្បីជួយពួកគេស្វែងរកអ្នកជំនាញវិជ្ជាជីវៈសមស្របម្នាក់ ។ អ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកខ្សែទូរសព្ទជំនួយបង្ការការធ្វើអត្តឃាត ឬគេហទំព័រសម្រាប់តំបន់របស់អ្នក ( សូមមើលនៅលើគេហទំព័រ suicide.ChurchofJesusChrist.org សម្រាប់ខ្សែទូរសព្ទជំនួយ និងធនធានទាំងឡាយ ) ។ ពួកគេអាចសរសេរធនធានទាំងនេះនៅក្នុងខិតប័ណ្ណរបស់ពួកគេ ។ សិស្សអាចដាក់ចំណាំ គេហទំព័រការការពារការធ្វើអត្តឃាតពីគេហទំព័ររបស់សាសនាចក្រនៅលើឧបករណ៍អេឡិចត្រូនិចបាន ។
ធនធានទាំងឡាយសម្រាប់ការនិយាយអំពីការធ្វើអត្តឃាតអាចរកឃើញនៅក្នុងគេហទំព័រ suicide.ChurchofJesusChrist.org និងនៅក្នុង « សកម្មភាពរៀនសូត្របន្ថែមទៀត » ក្នុងមេរៀននេះ ។
អ្នកខ្លះដែលកំពុងពុះពារនឹងជំងឺធ្លាក់ទឹកចិត្ដអាចមានអារម្មណ៍ថាពួកគេបង្កើតបន្ទុកច្រើនពេកដល់អ្នកដទៃ និងសូម្បីតែចំពោះព្រះអម្ចាស់ ។ សូមជួយសិស្សឲ្យចងចាំពីសេចក្ដីស្រឡាញ់ ការអត់ធ្មត់និងព្រះចេស្តាដ៏ល្អឥតខ្ចោះរបស់ព្រះអម្ចាស់ក្នុងជីវិតរបស់ពួកគេ ហើយថាទ្រង់មានបំណងចង់ជួយយើងរែកបន្ទុករបស់យើង ។ អ្នកអាចរំឭកសិស្សដោយក្ដីស្រឡាញ់ថា វាតែងតែមានសេចក្ដីសង្ឃឹមជានិច្ចសម្រាប់នរណាម្នាក់ដែលមានជំងឺធ្លាក់ទឹកចិត្ដ ឬគំនិតនៃការធ្វើអត្តឃាត ។
សូមពិនិត្យមើលអ្វីដែលអ្នកបានរៀន
សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីមូលហេតុដែលការស្វែងរកជំនួយមកពីព្រះ អ្នកដទៃ និងអ្នកជំនាញគឺសុទ្ធតែជារឿងសំខាន់ទាំងអស់នៅពេលយើងកំពុងដោះស្រាយនឹងភាពសោកសៅ និងការធ្លាក់ទឹកចិត្ដ ។ សិស្សមួយចំនួនអាចចែកចាយអ្វីដែលពួកគេបានរៀន និងមានអារម្មណ៍នៅថ្ងៃនេះ ប្រសិនបើវាមិនមែនជារឿងផ្ទាល់ខ្លួនពេកទេនោះ ។
សូមអញ្ជើញសិស្សឲ្យស្វែងរកការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធនៅពេលពួកគេបំពេញកិច្ចការដូចតទៅនេះ ។
សូមសរសេរដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើខិតប័ណ្ណរបស់អ្នក ៖
-
អ្វីដែលអ្នកនឹងធ្វើដើម្បីស្វែងរកជំនួយរបស់ព្រះអម្ចាស់ ប្រសិនបើអ្នកមានអារម្មណ៍សោកសៅ ឬធ្លាក់ទឹកចិត្ត ( នេះអាចរួមមានទាំងបទគម្ពីរដែលអ្នកអាន ឬតន្ត្រីពិសិដ្ឋដែលនាំឲ្យអ្នកមានសេចក្ដីសង្ឃឹមផងដែរ )
-
អ្វីដែលអ្នកនឹងធ្វើដើម្បីជួបជាមួយអ្នកដទៃនៅពេលអ្នកមានអារម្មណ៍សោកសៅ ឬធ្លាក់ទឹកចិត្ដ
-
អ្វីដែលអ្នកអាចធ្វើដើម្បីជួយនរណាម្នាក់ដែលមានអារម្មណ៍សោកសៅ ឬធ្លាក់ទឹកចិត្ដ
-
អ្វីដែលអ្នកអាចនិយាយទៅកាន់នរណាម្នាក់ដែលកំពុងជួបការលំបាក ហើយឆ្ងល់ថាតើគាត់គួរតែស្វែងរកអ្នកទីប្រឹក្សាផ្នែកសុខភាពផ្លូវចិត្តដែរឬទេ
សូមពិចារណារំឭកសិស្សថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាច « ជូតអស់ទាំងទឹកភ្នែកចេញពីភ្នែក [ របស់យើង ] » ( វិវរណៈ ២១:៤ ) និង « នឹងឱបក្រសោប [ យើង ] ក្នុងពាហុនៃសេចក្ដីស្រឡាញ់ [ របស់ទ្រង់ ] » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:២០ ) ។