« មេរៀនទី ១៦៤—ការពង្រឹងមូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់អ្នក » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការពង្រឹងមូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់អ្នក » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៦៤ ៖ ចំណេះចំណានខាងគោលលទ្ធិ ៖ ការស្វែងរកចម្លើយចំពោះសំណួររបស់ខ្ញុំ
ការពង្រឹងមូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់អ្នក
សេចក្តីណែនាំស្តីពីចំណេះចំណានខាងគោលលទ្ធិ
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ យើងប្រឈមមុខនឹងគ្រោះថ្នាក់ និងការលំបាកខាងវិញ្ញាណជាច្រើន ។ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់មារសត្រូវ យើងត្រូវតែកសាងជីវិតរបស់យើងនៅលើគ្រឹះដ៏រឹងមាំតែមួយគត់ គឺព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះនឹងជួយសិស្សឲ្យយល់អំពីរបៀបដែលចំណេះចំណានខាងគោលលិទ្ធរបស់ពួកគេអាចប្រទានពរដល់ជីវិតរបស់ពួកគេ ហើយជួយពួកគេស្ថាបនាគ្រឹះខាងវិញ្ញាណរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀននេះអាចត្រូវបានប្រើដើម្បីណែនាំសិស្សអំពីគោលបំណងនៃចំណេះចំណានខាងគោលលិទ្ធ ។ វាក៏អាចត្រូវបានប្រើដើម្បីរំឭកដល់សិស្សដែលស្គាល់ពីចំណេះចំណានខាងគោលលិទ្ធអំពីតម្លៃនៃផ្នែកដ៏សំខាន់នៃបទពិសោធន៍ថ្នាក់សិក្ខាសាលារបស់ពួកគេផងដែរ ។ អ្នកអាចបង្រៀនមេរៀននេះតាមប្រតិទិននៅដើមឆ្នាំថ្មី ប៉ុន្តែអ្នកក៏អាចរំឭកវាឡើងវិញផងដែរប្រសិនបើអ្នកបង្រៀនក្រុមសិស្សថ្មី ។
ការ « បំពាក់បំប៉នចំណេះចំណានខាងគោលលទ្ធិ » សម្រាប់គ្រូបង្រៀនអាចជាធនធានដ៏មានប្រយោជន៍មួយដើម្បីយល់អំពីរបៀបអនុវត្តចំណេះចំណានខាងគោលលទ្ធិទៅក្នុងការបង្រៀនរបស់អ្នក ។ ការបំពាក់បំប៉ននេះអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ។
គ្រឹះខាងវិញ្ញាណរបស់យើង
សូមជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃការស្ថាបនាគ្រឹះខាងវិញ្ញាណរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចធ្វើបែបនេះដោយធ្វើការពិភាក្សាអំពីការជួសជុលព្រះវិហារបរិសុទ្ធ សលត៍ លេក ដោយសង្កត់ធ្ងន់លើការងារដែលបានធ្វើឡើងដើម្បីពង្រឹងគ្រឹះទប់ទល់ទៅនឹងការរញ្ជួយដី និងគ្រោះថ្នាក់ដែលអាចកើតមានផ្សេងទៀត។ អ្នកអាចបង្ហាញរូបភាពទាងនេះ ។ អ្នកក៏អាចបង្ហាញវីដេអូ « President Nelson—Temple Foundation » ( ២:០៣ ) ផងដែរ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាយើងបានចំណាយពេលវេលា និងធនធានជាច្រើនដើម្បីជួសជុលព្រះវិហារបរិសុទ្ធ សលត៍ លេក និងការធ្វើឲ្យគ្រឹះរបស់វាមានភាពប្រសើរឡើង ?
-
តើយើងអាចប្រៀបធៀបអ្វីដែលបានធ្វើចំពោះព្រះវិហារបរិសុទ្ធទៅនឹងជីវិតផ្ទាល់ខ្លួនរបស់យើងដោយរបៀបណា ?
សូមអាន ហេលេមិន ៥:១២ ដោយស្វែងរកសេចក្ដីពិត និងគោលការណ៍ទាំងឡាយដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីតម្រូវការនៃការស្ថាបនាគ្រឹះខាងវិញ្ញាណទៅលើព្រះយេស៊ូវគ្រីស្ទ ។
-
តើខគម្ពីរនេះបានជួយអ្នកឲ្យយល់អ្វីខ្លះអំពីមូលហេតុដែលយើងត្រូវការកម្លាំងដែលមកពីព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្វីជាសេចក្ដីពិតដែលអ្នកបានរៀនមកពីខគម្ពីរនេះអំពីអ្វីដែលអាចកើតឡើងនៅពេលយើងផ្តោតជីវិតរបស់យើងទៅលើព្រះអង្គសង្គ្រោះ ?
អ្នកអាចសុំឲ្យសិស្សសរសេរនូវអ្វីដែលពួកគេបានរៀន ជាសេចក្តីថ្លែងការណ៍មួយនៅលើក្ដារខៀន ។ បន្ទាប់មក អ្នកអាចផ្ដល់ឱកាសឲ្យពួកគេពន្យល់ចម្លើយរបស់ពួកគេ ។ ពួកគេអាចនិយាយអ្វីមួយដូចជា ប្រសិនបើយើងស្ថាបនាគ្រឹះខាងវិញ្ញាណរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងមិនអាចដួលបានទេ ។
-
តើអ្នកគិតថាការស្ថាបនាគ្រឹះរបស់យើងលើព្រះយេស៊ូវគ្រីស្ទមានន័យបែបណា ?
សិស្សអាចចែកចាយគំនិតដូចជា ការដាក់ព្រះយេស៊ូវគ្រីស្ទជាចំណុចសំខាន់នៅក្នុងជិវិតរបស់យើង និងការបង្រៀនរបស់ទ្រង់ ការធ្វើតាមគំរូរបស់ទ្រង់ និងការប្រែចិត្តជាទៀងទាត់ជាដើម ។
ប្រធាន រ័សុល អិម ណិលសុន បានរៀបរាប់អំពីហេតុផលដែលយើងត្រូវតែស្ថាបនាគ្រឹះរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ៖
ដូចគ្នានេះដែរឥឡូវដល់ពេលដែលយើងម្នាក់ៗត្រូវអនុវត្តនូវវិធានការដ៏អស្ចារ្យ—ប្រហែលជាវិធានការដែលយើងពុំធ្លាប់ធ្វើពីមុនមក—គឺជាការពង្រឹងគ្រឹះ ខាងវិញ្ញាណផ្ទាល់ខ្លួន របស់យើង ។ យើងត្រូវប្រើវិធីសាស្រ្តថ្មីៗដើម្បីដោះស្រាយការលំបាកសម័យថ្មី ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ សម័យនេះ គឺជា សម័យចុងក្រោយហើយ ។ បើសិនបងប្អូន និងខ្ញុំត្រូវយកឈ្នះលើគ្រោះថ្នាក់ និងសម្ពាធនានាក្នុងពេលខាងមុខ នោះវាចាំបាច់ណាស់ដែលយើងម្នាក់ៗត្រូវមានគ្រឹះ ដ៏រឹងមាំ ខាងវិញ្ញាណដែលសង់នៅលើគ្រឹះនៃព្រះអង្គសង្រ្គោះដែលជាព្រះយេស៊ូវគ្រីស្ទរបស់យើង ។…
ព្រះអម្ចាស់បានប្រកាសថា ទោះជាមានឧបសគ្គដែលមិនធ្លាប់មានពីមុនមកក្តី ក៏អស់អ្នកដែលសង់គ្រឹះនៅលើព្រះយេស៊ូវគ្រីស្ទហើយរៀនប្រើប្រាស់ព្រះចេស្តារបស់ទ្រង់ពុំចាំបាច់ចុះចាញ់នឹងការថប់បារម្ភប្លែកៗនៅយុគសម័យនេះដែរ ។ ( រ័សុល អិម ណិលសុន « ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩៣ )
-
តើសេចក្តីថ្លែងការណ៍នេះជួយអ្នកឲ្យយល់អំពីតម្រូវការរបស់អ្នកចំពោះគ្រឹះខាងវិញ្ញាណដ៏រឹងមាំមួយយ៉ាងដូចម្ដេច ?
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេកំពុងជួបប្រទះក្នុងជីវិត ដែលជួយពួកគេឲ្យទទួលស្គាល់អំពីតម្រូវការនៃការស្ថាបនាគ្រឹះរបស់ពួកគេនៅលើព្រះអង្គសង្គ្រោះ ។ ក្រោយមក សូមអញ្ជើញពួកគេឲ្យវាយតម្លៃពីកម្លាំងនៃគ្រឹះខាងវិញ្ញាណរបស់ពួកគេ ។ វិធីមួយដើម្បីធ្វើបែបនេះគឺបង្ហាញអំពីការវាយតម្លៃលើខ្លួនឯងដូចខាងក្រោម ដែលទាក់ទងទៅនឹងលទ្ធផលផ្សេងៗនៃចំណេះចំណានខាងគោលលិទ្ធដែលសិស្សនឹងរៀននៅក្នុងមេរៀននេះ ។ សិស្សអាចវាយតម្លៃលើខ្លួនឯងដោយស្ងៀមស្ងាត់ ឬសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សម្រាប់សេចក្តីថ្លែងការណ៍នីមួយៗដូចខាងក្រោមនេះ សូមវាយតម្លៃលើខ្លួនឯងក្នុងរង្វាស់ពី ១ ( មិនឯកភាពសោះ ) ទៅដល់ ៥ ( ឯកភាពទាំងស្រុង ) ។
-
ខ្ញុំពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់នៅពេលខ្ញុំត្រូវបានល្បួង ឬទទួលឥទ្ធិពលពីមារសត្រូវ ។
-
ខ្ញុំដឹងអំពីរបៀបទទួលចម្លើយចំពោះសំណួរទាក់ទងនឹងគោលលិទ្ធ ផ្ទាល់ខ្លួន សង្គម ឬប្រវត្តិសាស្ត្ររបស់ខ្ញុំ ។
-
ខ្ញុំអាចពន្យល់អំពីគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទទៅដល់អ្នកដទៃ ។
-
ខ្ញុំអាចរកឃើញវគ្គបទគម្ពីរសំខាន់ៗដែលមានគោលលទ្ធិរបស់ព្រះគ្រីស្ទ ។
-
ខ្ញុំពឹងផ្អែកលើគំរូ និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីជួយខ្ញុំឲ្យធ្វើការជ្រើសរើសប្រចាំថ្ងៃ ។
ចំណេះចំណានខាងគោលលទ្ធិ
សូមពន្យល់ថា វិធីមួយក្នុងចំណោមវិធីជាច្រើនដែលសិស្សអាចស្ថាបនាគ្រឹះរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទតាមរយៈបទពិសោធន៍របស់ពួកគេក្នុងថ្នាក់សិក្ខាសាលា គឺតាមរយៈចំណេះចំណានខាងគោលលិទ្ធ ។ ប្រសិនបើអ្នកមានសិស្សដែលធ្លាប់បានចូលរួមក្នុងថ្នាក់សិក្ខាសាលាពីមុនហើយ សូមពិចារណាសួរពួកគេឲ្យពន្យល់នូវអ្វីដែលពួកគេដឹងអំពីចំណេះចំណានខាងគោលលិទ្ធ ។ អ្នកក៏អាចណែនាំសិស្សអំពីចំណេះចំណានខាងគោលលិទ្ធដោយបង្ហាញវីដេអូ « What Is Doctrinal Mastery? » ( ៣:៥៦ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមអានផ្នែក « សេចក្តីណែនាំស្ដីពីណេះចំណានខាងគោលលទ្ធិ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ សូមគិតអំពីរបៀបដែលការចូលរួមក្នុងចំណេះចំណានខាងគោលលទ្ធិអាចជួយអ្នកស្ថាបនាគ្រឹះដ៏រឹងមាំមួយនៅលើព្រះយេស៊ូវគ្រីស្ទ ។
អ្នកអាចសុំឲ្យសិស្សអានជាមួយគ្នានៅក្នុងក្រុមតូចៗ ។ សិស្សម្នាក់អាចទទួលខុសត្រូវលើការចាត់តាំងសិស្សនៅក្នុងក្រុមឲ្យអានកថាខណ្ឌផ្សេងៗគ្នា សិស្សម្នាក់ទៀតអាចត្រូវបានចាត់តាំងឲ្យរាយបញ្ជីការរកឃើញចំណុចសំខាន់ៗ ហើយសិស្សម្នាក់ទៀតអាចរាយការណ៍អំពីការរកឃើញរបស់ក្រុមទៅកាន់ថ្នាក់រៀន ។
-
តើលទ្ធផលចម្បងពីរនៃចំណេះចំណានខាងគោលលិទ្ធគឺជាអ្វី ?
សូមប្រាកដថាសិស្សយល់ថាលទ្ធផលទាំងនេះគឺ ( ១ ) ការរៀនសូត្រ និងអនុវត្តគោលការណ៍សម្រាប់ការទទួលបានចំណេះដឹងខាងវិញ្ញាណ ហើយ ( ២ ) ការចេះស្ទាត់លើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងគោលលទ្ធិនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលពួកគេបង្រៀន ។
វាប្រហែលជាមានប្រយោជន៍ក្នុងការពន្យល់ថា សិស្សនឹងរៀនមេរៀនពេញមួយឆ្នាំដែលផ្តោតលើលទ្ធផលទាំងនេះ ។ ពួកគេនឹងមានឱកាសពន្យល់អំពីគោលលទ្ធិតាមពាក្យសម្តីផ្ទាល់ខ្លួនរបស់ពួកគេ ទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិ និងប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីអនុវត្តគោលលទ្ធិនេះទៅនឹងស្ថានភាពជីវិតពិតប្រាកដ ។
-
តើអ្នកគិតថាចំណេះចំណានខាងគោលលទ្ធិអាចជួយអ្នកឲ្យស្ថាបនាគ្រឹះរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ យ៉ាងដូចម្ដេច ?
-
តើការចូលរួមក្នុងចំណេះចំណានខាងគោលលទ្ធិអាចការពារអ្នកពីឧបសគ្គនាពេលអនាគត និងការវាយប្រហាររបស់មារសត្រូវដោយរបៀបណា ?
សូមជួយសិស្សឲ្យយល់ថាការខិតខំប្រឹងប្រែងដើម្បីចូលរួមយ៉ាងសកម្មក្នុងចំណេះចំណានខាងគោលលទ្ធិអាចជួយពួកគេឲ្យងាកទៅរកព្រះយេស៊ូវគ្រីស្ទដោយមានទំនុកចិត្តកាន់តែខ្លាំងឡើង ។ សូមពិចារណាសួរសិស្សដែលធ្លាប់បានចូលរួមក្នុងចំណេះចំណានខាងគោលលទ្ធិពីមុនឲ្យចែកចាយអំពីរបៀបដែលវាបានប្រទានពរដល់ជីវិតរបស់ពួកគេ ។ សូមថ្លែងទីបន្ទាល់ថា នៅពេលដែលពួកគេពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ នោះពួកគេនឹងអាចទប់ទល់នឹងឧបសគ្គដែលពួកគេប្រឈមមុខនៅថ្ងៃនេះ និងរៀបចំខ្លួនសម្រាប់ឧបសគ្គទាំងឡាយដែលនឹងមកដល់នៅពេលអនាគត ។