ថ្នាក់​សិក្ខាសាលា
សេចក្តី​ណែនាំ​ស្តីពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ


« សេចក្ដី​ណែនាំ​ស្ដីពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ » ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២១ )

« សេចក្ដី​ណែនាំ » ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

យុវវ័យ​កំពុង​និយាយ​គ្នា

សេចក្តី​ណែនាំ​ស្តីពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

នៅក្នុង​ព្រះគម្ពីរ​មរមន ព្យាការី​ហេលេមិន​បាន​បង្រៀន​កូនប្រុស​របស់​លោក​ថា « គឺ​នៅលើ​សិលា​នៃ​ព្រះដ៏​ប្រោសលោះ​នៃ​យើង គឺ​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់គ្រឹះ​របស់​កូន » ( ហេលេមិន ៥:១២ ) ។ ការសង់គ្រឹះ​មួយ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ—ដែល​រួមមាន​ទាំង​ការយល់ ការជឿ និង​ការរស់នៅ​ស្របតាម​គោលលទ្ធិ​របស់​ទ្រង់—នឹង​ធ្វើឲ្យ​ការផ្លាស់​ប្រែចិត្ត​ជឿ និង​ការតាំងចិត្ត​របស់​យើង​ក្នុងនាម​ជា​សិស្ស​របស់​ទ្រង់​កាន់តែ​ស៊ីជម្រៅ ការពារ​យើង​ពី​ឥទ្ធិពល​របស់​មារសត្រូវ ហើយ​ជួយ​យើង​ឲ្យ​ផ្ដល់ពរ​ដល់​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត ។

វិធីមួយ​ដែល​យើង​សម្រេច​បាន​កិច្ចការ​នេះ គឺ​តាមរយៈ​ការសិក្សា​បទគម្ពីរ​តាម​លំដាប់​លំដោយ​ជាមួយ​គ្នា​នៅក្នុង​ថ្នាក់ ។ វិធី​មួយទៀត​ដែល​យើង​សង់គ្រឹះ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ គឺ​តាមរយៈ​កិច្ចខិតខំ​មួយ​ដែល​ហៅថា​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ផ្ដោត​ទៅលើ​លទ្ធផល​ចំនួន​ពីរ ៖

  1. រៀន និង​ អនុវត្ត​គោលការណ៍​ដ៏ទេវភាព​ទាំងឡាយ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ ព្រះវរបិតាសួគ៌​បាន​បើក​សម្ដែង​គោលការណ៍​ទាំងឡាយ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ គោលការណ៍​ទាំងនេះ​រួមមាន​ទាំង​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ការពិនិត្យ​មើល​គោលគំនិត និង ​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ និង​ការស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព ។ យើង​ចេះ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​កាន់តែ​ខ្លាំង នៅពេល​យើង​អនុវត្ត​គោលការណ៍​ទាំងនេះ​ទាំង​នៅក្នុង​ថ្នាក់រៀន និង​ ក្រៅ​ថ្នាក់រៀន ហើយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​គោលលទ្ធិ សំណួរ​ផ្ទាល់ខ្លួន សំណួរ​ពី​សង្គម និង​ សំណួរ​ខាង​ប្រវត្តិសាស្ត្រ​នានា​តាម​របៀប​មួយ ដែល​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។

  2. ចេះចាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​វគ្គ​បទគម្ពីរ​នោះ​បង្រៀន ។ លទ្ធផល​នេះ​សម្រេច​បាន​ដោយសារ ៖

    1. ការស្គាល់​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

    2. ការពន្យល់​គោលលទ្ធិ​បាន​ច្បាស់ៗ ដោយ​ប្រើ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​ទាក់ទង ។

    3. ការអាច​ចងចាំ និង ​រកឃើញ​ទីតាំង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​ទន្ទេញចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ ។

    4. ការអនុវត្ត​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ក្នុង​ការជ្រើសរើស​ប្រចាំ​ថ្ងៃ​របស់​យើង និង ​ក្នុង​ការឆ្លើយតប​ចំពោះ​សំណួរ និង​ បញ្ហា​ផ្ទាល់ខ្លួន ខាង​គោលលទ្ធិ ខាង​សង្គម និង ​ខាង​ប្រវត្តិសាស្ត្រ​នានា ។