« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៩ ៖ ការទន្ទេញ ការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៩ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៤២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៩–១៣២
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៩
ការទន្ទេញ ការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យស្ថាបនាគ្រឹះសម្រាប់ជីវិតរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះនឹងផ្ដល់ឱកាសដល់សិស្សក្នុងការអនុវត្តការទន្ទេញសេចក្តីយោងនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដែលទាក់ទងនឹងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងនោះ ។ វាក៏នឹងជួយពួកគេរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ ទន្ទេញ
សូមពិចារណាបង្ហាញថូទឹកទទេ និងពែងជាច្រើនដែលមានទឹកពេញ ។ ចាក់ទឹកបំពេញពែងទាំងនោះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសូត្រឡើងវិញនូវសេចក្ដីយោងនៃបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាមួយ និងឃ្លាបទគម្ពីរគន្លឹះដែលគេបានទន្ទេញ ។ សម្រាប់រាល់វគ្គបទគម្ពីរដែលបានសូត្រឡើងវិញ សិស្សអាចចាក់ទឹកមួយពែងចូលទៅក្នុងថូទឹកនោះ ។
-
តើអ្នកគិតថាការទន្ទេញបទគម្ពីរអាចប្រៀបដូចជាទឹកដែលបម្រុងទុកសម្រាប់ពេលវេលាដែលត្រូវការយ៉ាងដូចម្ដេច ?
-
តើស្ថានភាពណាខ្លះដែលអ្នកអាចយោងទៅព្រះគម្ពីរដែលបានទន្ទេញចាំ ?
សូមពិចារណាសួរសិស្សឲ្យស្វែងរកនៅក្នុងការចងចាំរបស់ពួកគេនូវគ្រាមួយដែលពួកគេបានគិតឃើញបទគម្ពីរមួយ ។ ប្រហែលជាពួកគេនឹកឃើញពាក្យជាក់លាក់ចំពោះខគម្ពីរ ឬការបង្រៀនទូទៅមួយ ។ សូមអញ្ជើញសិស្សឲ្យចែកចាយអំពីបទពិសោធន៍របស់ពួកគេ ។
សូមចង្អុលបង្ហាញថានៅពេលយើងស្គាល់វគ្គបទគម្ពីរនៅក្នុងព្រះគម្ពីរ ព្រះវិញ្ញាណបរិសុទ្ធអាចនាំបទគម្ពីរនោះមកក្នុងចិត្តរបស់យើងក្នុងគ្រាដែលយើងត្រូវការបាន ( សូមមើល យ៉ូហាន ១៤:២៦ ) ។ សូមឲ្យសិស្សដឹងថាថ្ងៃនេះអ្នកនឹងចំណាយពេលខ្លះដើម្បីស្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយចំនួន ។ ខាងក្រោមនេះគឺជាវិធីមួយដើម្បីធ្វើកិច្ចការនេះ ។ យោបល់នៃការទន្ទេញបន្ថែមអាចរកបាននៅក្នុងឧបសម្ព័ន្ធនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។
សកម្មភាពទន្ទេញ
សូមសម្រេចចិត្តថា តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាមួយដែលអ្នកចង់ឲ្យសិស្សពិនិត្យឡើងវិញ ។ សកម្មភាពនេះនឹងដំណើរការបានល្អបំផុតដោយប្រើវគ្គបទគម្ពីរពីពីរទៅបួន ។
ចែកក្រដាសសដល់សិស្សម្នាក់ៗ ។ សូមអញ្ជើញពួកគេឲ្យសរសេរវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗ និងឃ្លាគន្លឹះនៅលើក្រដាស ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យកាត់ពាក្យនីមួយៗសម្រាប់សេចក្ដីយោង និងឃ្លាគន្លឹះមួយ ។ បន្ទាប់មក សិស្សអាចច្របល់បំណែកក្រដាសទាំងនោះ ហើយរៀបវាតាមលំដាប់លំដោយវិញ ។ ពេលដែលពួកគេអាចសម្រេចកិច្ចការនោះបានយ៉ាងងាយស្រួលហើយ សូមអញ្ជើញពួកគេឲ្យធ្វើដំណើរការនោះឡើងវិញជាមួយនឹងវគ្គបទគម្ពីរបន្ទាប់ និងឃ្លាគន្លឹះបន្ទាប់ ។ ប្រសិនបើពួកគេរៀនវគ្គបទគម្ពីរ និងឃ្លាគន្លឹះបានល្អគ្រប់គ្រាន់ហើយ នោះពួកគេអាចច្របល់បំណែកក្រដាសទាំងអស់មកពីវគ្គបទគម្ពីរ និងឃ្លាគន្លឺះផ្សេងគ្នា ហើយព្យាយាមរៀបវាតាមលំដាប់លំដោយវិញ ។
ជាជម្រើស អ្នកអាចអញ្ជើញសិស្សឲ្យប្រើកម្មវិធីចំណេះចំណានខាងគោលលិទ្ធដើម្បីហាត់ទន្ទេញ ។
ប្រសិនបើអ្នកមានពេលគ្រប់គ្រាន់ អ្នកអាចអញ្ជើញសិស្សមួយចំនួនឲ្យឡើងចែកចាយវគ្គបទគម្ពីរ និងឃ្លាគន្លឹះដែលបានទន្ទេញ ហើយចាក់ទឹកមួយពែងចូលទៅក្នុងថូទឹក ។
ធ្វើសកម្មភាពការទន្ទេញនេះរយៈពេលតែ ១០–១៥ នាទីប៉ុណ្ណោះដើម្បីអនុញ្ញាតឲ្យមានពេលគ្រប់គ្រាន់សម្រាប់ការអនុវត្តចំណេះចំណានខាងគោលលទ្ធិនៅពេលក្រោយក្នុងមេរៀននេះ ។
រៀន និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ប្រសិនបើអ្នកមានអារម្មណ៍ថាសិស្សរបស់អ្នកត្រូវការពិនិត្យឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមចំណាយពេលខ្លះដើម្បីពិនិត្យមើល កថាខណ្ឌ ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សកម្មភាពរំឭកឡើងវិញដែលបានផ្ដល់យោបល់រួមមាននៅក្នុងឧបសម្ព័ន្ធ « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។
សូមអញ្ជើញសិស្សឲ្យជ្រើសរើសសាច់រឿងណាមួយដូចខាងក្រោម ឬសាច់រឿងផ្សេងទៀតដែលអ្នកបង្កើតដែលបំពេញតាមតម្រូវការសិស្សរបស់អ្នក ។ បន្ទាប់ពីសិស្សជ្រើសរើសសាច់រឿងមួយហើយ សូមពិភាក្សាអំពីមូលហេតុដែលមនុស្សម្នាក់អាចមានអារម្មណ៍បែបនេះ ។ ការធ្វើបែបនេះអាចជួយឲ្យសិស្សមានអារម្មណ៍ថាសាច់រឿងកាន់តែពិតចំពោះពួកគេ ។
អ្នកក៏អាចពិចារណាអំពីប្រធានបទនៃសាច់រឿងផ្សេងទៀតនៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៅចុងបញ្ចប់នៃមេរៀននេះ ។
សាច់រឿង ទី១ ៖ ស្រមៃថាអ្នកមានមិត្តម្នាក់ដែលមិនប្រាកដក្នុងការរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ គាត់គិតថាអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធមានតម្រូវការច្រើន ហើយជាការប្តេជ្ញាចិត្តដ៏ធំមួយ ។ គាត់ព្រួយបារម្ភអំពីការរំពឹងទុកគ្រប់យ៉ាងដែលមានមកលើរូបគាត់ ។
សាច់រឿង ទី២ ៖ មិត្តម្នាក់សួរអ្នកថា « តើការរៀបអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធពិតជាចាំបាច់មែនឬ ? តើវាមិនគ្រប់គ្រាន់ទេឬ សម្រាប់គូស្វាមីភរិយាដែលត្រូវរៀបការស៊ីវិលប្រសិនបើពួកគេពិតជាស្រឡាញ់គ្នានោះ ? »
ដើម្បីជួយសិស្សឲ្យទទួលខុសត្រូវចំពោះការរៀនសូត្រដោយខ្លួនឯង សូមផ្ដល់ពេលខ្លះដល់ពួកគេដើម្បីគិត និងឆ្លើយតបទៅនឹងសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណណាខ្លះដែលអ្នកគិតថានឹងមានប្រយោជន៍បំផុត ? ហេតុអ្វី ?
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលិទ្ធណាខ្លះដែលអាចជួយបាន ?
ពេលសិស្សមានពេលដើម្បីរៀបចំចម្លើយ សូមពិចារណាបែងចែកពួកគេទៅជាក្រុមតូចៗ ។ វាអាចមានប្រយោជន៍ក្នុងការចាត់តាំងមេក្រុមម្នាក់ដើម្បីសម្របសម្រួលការពិភាក្សានេះ ។ មេក្រុមអាចសម្រេចចិត្តថានរណានឹងចែកចាយមុន ឬលំដាប់ដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនឹងត្រូវពិភាក្សា ។ សូមអញ្ជើញក្រុមឲ្យចែកចាយ និងពិភាក្សាចម្លើយរបស់ពួកគេចំពោះសំណួរពីមុនៗ ។ សូមផ្តល់ពេលវេលាគ្រប់គ្រាន់ដល់សមាជិកក្រុមម្នាក់ៗដើម្បីចែកចាយ ។
បន្ទាប់មកអ្នកអាចអញ្ជើញក្រុមឲ្យកំណត់គោលការណ៍ណាមួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណដែលមិនត្រូវបានជ្រើសរើស ហើយពិភាក្សាអំពីរបៀបដែលគោលការណ៍ទាំងនោះក៏អាចអនុវត្តចំពោះសាច់រឿងនានាផងដែរ ។
ដើរមើលតាមក្រុមដើម្បីវាស់វែងសមត្ថភាពរបស់ពួកគេក្នុងការពិភាក្សាអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមប្រើសំណួរខាងក្រោមនេះដើម្បីជួយសិស្សឲ្យមានការពិភាក្សាដ៏មានអត្ថន័យមួយ បើចាំបាច់ ។
ធ្វើសកម្មភាពដោយសេចក្តីជំនឿ
-
តើមនុស្សម្នាក់អាចស្វែងរកជំនួយមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានយ៉ាងដូចម្ដេច ប្រសិនបើពួកគេមានការសង្ស័យ កង្វល់ ឬសំណួរអំពីអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ?
-
តើបុគ្គលដែលមានការព្រួយបារម្ភចំពោះអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធអាចធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ដែលអាចជួយដល់សាច់រឿងនេះបាន ?
-
តើអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធអាចជះឥទ្ធិពលដល់ជីវិតរបស់មនុស្សម្នាក់នាពេលបច្ចុប្បន្ននេះ និងក្នុងភាពអស់កល្បជានិច្ចយ៉ាងដូចម្ដេច ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើគោលលទ្ធិដែលបានបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣១:១–៤ អាចជួយដល់សាច់រឿងដែលអ្នកបានជ្រើសរើសយ៉ាងដូចម្ដេច ?
-
តើបទគម្ពីរ ឬសេចក្តីថ្លែងការណ៍ផ្សេងទៀតណាខ្លះមកពីពួកព្យាការីអាចជួយបាន ? ( ឧទាហរណ៍ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:១៩, កូរិនថូស ទី១ ១១:១១, លោកុប្បត្តិ ២:២៤ ) ។ ( អ្នកក៏អាចស្រាវជ្រាវរក « Eternal Marriage » នៅក្នុងបណ្ណាល័យដំណឹងល្អបានផងដែរ ) ។
-
តើធនធានព័ត៌មានអ្វីខ្លះដែលអាចមានឥទ្ធិពលលើការសន្មត់របស់បុគ្គលនេះ ?
សូមជួយសិស្សឲ្យវាយតម្លៃបទពិសោធន៍របស់ពួកគេដោយប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សំណួរខាងក្រោមនេះអាចមានអត្ថប្រយោជន៍ ៖
-
តើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណជួយអ្នកឲ្យឆ្លើយតបទៅនឹងសាច់រឿងនេះយ៉ាងដូចម្ដេច ?
-
តើអ្នកបានជួបប្រទះឧបសគ្គអ្វីខ្លះពេលដែលអ្នកបានព្យាយាមអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណចំពោះសាច់រឿងទាំងនោះ ?
-
តើអ្នកបានរៀន ឬមានអារម្មណ៍អ្វីខ្លះអំពីអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ចដែលអ្នកគិតថាមានសារៈសំខាន់ដើម្បីចងចាំ ?